(ទីក្រុងបាងកក)—រដ្ឋអំណាចកម្ពុជាកំពុងប្រើប្រាស់ការរាតត្បាតនៃជម្ងឺ កូវីត ១៩ ជាលេសក្នុងការចាប់ខ្លួនតាមអំពើចិត្ត ទៅលើក្រុមអ្នកគាំទ្របក្សប្រឆាំង និងអ្នកហ៊ានរិះគន់រដ្ឋាភិបាល នេះបើតាមការចេញផ្សាយនៅថ្ងៃនេះ ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch។ រដ្ឋអំណាចបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ចំនួន ៣០ នាក់ ដែលក្នុងនោះរួមមាន ១២នាក់ មានការជាប់ពាក់ព័ន្ធជាមួយគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានគេរំលាយ ក្រោមបទចោទថា បានផ្សព្វផ្សាយ “ព័ត៌មានក្លែងក្លាយ” នឹងបទល្មើសផ្សេងៗទៀតតាំងពីការចាប់ផ្តើមផ្ទុះនូវការរាតត្បាតនៃជម្ងឺកូវីត១៩ (Covid-19) នៅទូទាំងពិភពលោក។
រដ្ឋាភិបាលកម្ពុជា គួរតែទំលាក់ចោលការចោទប្រកាន់ភ្លាមៗ និងដោយឥតល័ក្ខខ័ណ្ឌ ប្រឆាំងអ្នកទាំងនោះពីបទល្មើសព្រហ្មទណ្ឌ ដែលនេះជាការបំពានសិទ្ធិរបស់ពួកគេ លើសេរីភាពនៃការបញ្ចេញមតិ សិទ្ធិជួបប្រជុំ និងការប្រមូលផ្តំ។ ការចាប់ខ្លួនទាំងនេះ ធ្វើឡើងស្ថិតក្រោមបរិបទនៃការចាប់ផ្តើមឡើងវិញនូវការបង្ក្រាបរបស់រដ្ឋាភិបាលលើការរប្រើប្រាស់សិទ្ធិពលរដ្ឋ និងនយោបាយ។ ស្ថិតក្រោមលេសឆ្លើយតបចំពោះការរាតត្បាតនៃ ជម្ងឺកូវីត ១៩(Covid19) រដ្ឋាភិបាលកំពុងជំរុញបង្កើតឱ្យមានច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលច្បាប់នេះនឹងផ្តល់ឱ្យនូវអំណាចដល់រដ្ឋាភិបាលក្នុងការគាបសង្កត់បន្ថែមទៀត ដល់ការប្រើប្រាស់សិទ្ធិបញ្ចេញមតិ សិទ្ធិបង្កើតសមាគម និងការជួបប្រជុំឬសិទ្ធិក្នុងការប្រមូលផ្តុំ។
“លោក នាយករដ្ឋមន្ត្រី កំពុងជាប់រវល់ក្នុងការពង្រឹងអំណាចរបស់គាត់ បាននិងកំពុងចាប់ខ្លួនឥស្សរជនបក្សប្រឆាំង និងអ្នករិះគន់សំខាន់ៗដាក់ពន្ធនាគារ ខណៈពេលដែលពិភពលោកទាំងមូលកំពុងវក់វីចំពោះការរាតត្បាតនៃជម្ងឺកូវីត ១៩” នេះជាការលើកឡើងដោយលោក Phil Robertson នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch។ “ការធ្វើសកម្មភាពនយោបាយដោយសន្តិវិធី និងការទិះទានរដ្ឋាភិ បាលមិនមែនជាបទល្មើសទេ ហើយដែលនេះរួមទាំងការធ្វើសកម្មភាពទាំងនោះអំឡុងពេលនៃការរាតត្បាតនៃជម្ងឺឆ្លងផង។ អាជ្ញាធរគួរតែទម្លាក់ចោលការចោទប្រកាន់ក្លែងក្លាយទាំងនោះ ហើយដោះលែងអ្នកដែលកំពុងស្ថិតក្នុងការឃុំឃាំងទាំងនោះ”។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានកត់ត្រាការឃាត់ខ្លួនមនុស្សតាមអំពើចិត្តចំនួន ៣០ ករណី ដែលកើតមានឡើងចន្លោះពីចុងខែមករា ដល់ខែ មេសា ឆ្នាំ ២០២០។ មនុស្សចំនួន ១៤ នាក់ដែលកំពុងត្រូវឃុំខ្លួនបណ្តោះអាសន្ន ជាក់ស្តែងណាស់ក្រោមបទចោទប្រកាន់ដោយគ្មានមូលដ្ឋានផ្សេងៗ រួមមានបទញុះញង់ បទរួមគំនិតក្បត់ បទញុះញង់បុគ្គលិកយោធាមិនឱ្យស្តាប់បទបញ្ជា និងបទផ្សព្វផ្សាយព័ត៌មានមិនពិត ឬ “ព័ត៌មានក្លែងក្លាយ”។ ក្នុងចំណោមអ្នកត្រូវចាប់ឃុំខ្លួនទាំងនោះ ក្រៅពីសកម្មជនបក្សប្រឆាំង ក៏មានផងដែរអ្នកសារព័ត៌មានម្នាក់ត្រូវចាប់ខ្លួនពីបទស្រង់សំដីនាយករដ្ឋមន្ត្រី និងប្រជាជនកម្ពុជាសាមញ្ញ ដែលបានរិះគន់ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការរាតត្បាតនៃជម្ងឺកូវីត ១៩។ អាជ្ញាធរបានដោះលែងឱ្យនៅក្រៅឃុំបុគ្គលចំនួន ២នាក់ ដែលក្នុងនោះម្នាក់បានចូលសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ។ ទោះជាយ៉ាងណាការចោទប្រកាន់របស់ពួកគេមិនត្រូវបានទំលាក់ចោលនៅឡើយទេ។
គិតត្រឹមថ្ងៃទី ២៨ មេសា ប្រទេសកម្ពុជាបានរាយការណ៍ថាមានអ្នកឆ្លងជម្ងឺកូវីត ១៩ ចំនួន ១២២ ករណី និងមិនមានករណីឆ្លងថ្មីជាប់ៗគ្នាចំនួន ១៦ ថ្ងៃ។ ការមិនមានការកើនឡើងនូវករណីឆ្លងបន្ថែមថ្មីៗនេះ បានបង្កើតនូវការមន្ទឹលសង្ស័យជាច្រើន ថាអាចបណ្តាលមកពីរដ្ឋាភិបាលមិនបានធ្វើតេស្តរកមើលមេរោគកូរ៉ុណាគ្រប់គ្រាន់ ឬអាចបណ្តាលមកពីបុគ្គលិកសុខាភិបាលភ័យខ្លាចការធ្វើទុក្ខទោសដោយសារការរាយការណ៍លទ្ធផលឆ្លងថ្មី។
ក្នុងសន្ទរកថាថ្ងៃទី ៩ មិនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមចាប់ខ្លួន លោក ឡុង ផារី ជាសមាជិក គណបក្សសង្គ្រោះជាតិមួយរូប ពីខេត្តព្រៃវែង ដោយផ្អែកលើសារសន្ទនាជាឯកជនរបស់គាត់តាមខ្សែទូរស័ព្ទទាក់ទងនឹងជម្ងឺកូវីត ១៩។ ប្រាំបួនថ្ងៃក្រោយមកអាជ្ញាធរបានចាប់ឃាត់ខ្លួនលោក ផារី។ សកម្មជនគណបក្យសង្គ្រោះជាតិផ្សេងទៀតដែលត្រូវបានចាប់ឃាត់ខ្លួនរួមមាន លោកពុទ្ធនា ឡន លោក ឃុត ច្រឹក និង ងឹន ខៀន។
នៅថ្ងៃទី ២០ មិនា ប៉ូលីសបានចាប់ឃាត់ខ្លួនលោក ហ៊ិន ឆន អតីតសមាជិកក្រុមប្រឹក្សាស្រុកមកពី គណបក្ស សង្គ្រោះជាតិ ពីខេត្តស្វាយរៀង។ អាជ្ញាធរបានចោទប្រកាន់លោកពីបទ ផ្សព្វផ្សាយព័ត៌មាន “ក្លែងក្លាយ” អំពីជម្ងឺកូវីត ១៩ នៅលើទំព័រ ហ្វេសប៊ុក Facebook របស់គាត់ និងចោទប្រកាន់គាត់ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ មានស្ថានទំងន់ទោស” តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ អំឡុងពេលចាប់ឃុំខ្លួន លោក ឆន ធ្លាក់ខ្លួនឈឺ ដែលក្រោយមកទៀត ត្រូវបានគេកំណត់រោគវិនិច្ឆ័យថាមានជម្ងឺស្ទះសរសៃឈាមខួរក្បាល។ លោកត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យ ហើយបានសន្លប់មិនដឹងខ្លួន (Coma) ជាច្រើនថ្ងៃ។ នៅថ្ងៃទី ៦ ខែមេសា អាជ្ញាធរ បានសម្រេចដោះលែងគាត់ឱ្យនៅក្រៅឃុំ ហើយតម្រូវឱ្យគាត់បង្ហាញមុខរៀងរាល់ខែនៅចំពោះមុខប៉ូលីស។ ទោះជាយ៉ាងណា ការចោទប្រកាន់លើរូបគាត់មិនត្រូវបានទំលាក់ចោលនៅឡើយទេ។
នៅថ្ងៃទី ៧ មេសា នរគរបាលក្រុងភ្នំពេញបានចាប់ខ្លួន លោក សុវណ្ណ រិទ្ធី ជាអ្នកសារព័ត៌មានអនឡាញម្នាក់ ពីបទចោទ “បង្កចលាចលតាមរយៈការស្រង់សំដីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន” “បើអ្នករត់ម៉ូតូ ឌុបខ្ស័យធន (ព្រោះតែការរាតត្បាតនៃជម្ងឺកូវីត ១៩) ឱ្យគេលក់ម៉ូតូចាយទៅ។ រដ្ឋាភិបាលមិនមានលទ្ធភាពជួយគេទេ” អាជ្ញាធរបានចោទប្រកាន់លោក រិទ្ធីពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ មានស្ថានទំងន់ទោស” ហើយបានបញ្ជាឱ្យគេឃុំខ្លួនលោកនៅមន្ទីរឃុំឃាំង នៃស្នងការដ្ឋាននរគរបាលរាជធានីភ្នំពេញ។ ក្រសួងព័ត៌មានបានដកហូតអាជ្ញា ប័ណ្ណគេហទំព័រផ្សព្វផ្សាយព័ត៌មានអនឡាញរបស់លោកឈ្មោះ TVFB ដោយចោទប្រកាន់ថាបានផ្សព្វផ្សាយព័ត៌មាន “បង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម”។
បទប្បញ្ញត្តិនានានៃច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នថ្មី ដែលបង្កើនក្តីបារម្ភ ជាពិសេសចំពោះសិទ្ធិមនុស្ស រួមមានទាំងការផ្តល់លទ្ធភាពនៃការពន្យារយៈពេលប្រទេសក្នុងគ្រាអាសន្នមិនកំណត់វិសាលភាពគ្មានកំណត់នៃ អំណាច អាជ្ញាសិកដែលផ្តល់ដល់រដ្ឋាភិបាលដោយមិនមានអ្នកត្រួតពិនិត្យឯករាជ្យ និងការរឹតត្បិតគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៅលើសិទ្ធិពលរដ្ឋ តាមរយៈការផ្តល់អំណាចឱ្យមានការលួចស្តាប់តាមអំពើចិត្តទៅលើការទំនាក់ទំនងឯកជននិងការបំបិតសម្លេងផ្សព្វផ្សាយព័ត៌មានឯករាជ្យ។
នៅថ្ងៃទី ២៧ មេសា ក្រុមប្រឹក្សាធម្មនុញ្ញ បានអនុម័តជាឯកច្ឆ័នចំពោះសេចក្តីព្រៀងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយនៅរង់ចាំតែការឡាយព្រហសលេខាប្រកាសឱ្យប្រើប្រាស់ច្បាប់នេះពីព្រះមហាក្សត្រ ឬប្រធានព្រឹទ្ធសភាក្នុងនាមព្រះមហាក្សត្រជាជំហានចុងក្រោយក្នុងការអនុម័តច្បាប់នេះ។
នៅថ្ងៃទី ១៧ មេសា អ្នករាយការពិសេសនៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានមានប្រសាសន៍ថា ច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់កម្ពុជា “ មានហានិភ័យរំលោភលើសិទ្ធិឯកជន បំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងចាត់ទុកការប្រមូលផ្តុំដោយសន្តិវិធីជាបទល្មើស”។ លោកស្រីមានប្រសាសន៍បន្ថែមទៀតថា “ស្ថានភាពប្រទេសក្នុងគ្រាអាសន្នគួរគោរពតាមគោលការណ៍សិទ្ធិមនុស្ស ហើយទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គេមិនគួរប្រើស្ថានភាពនេះជាលេសដើម្បីកំចាត់ក្រុមអ្នកប្រឆាំង ឬអំពើមិន សមាមាត្រណាមួយនិងមិនបង្កផលប៉ះពាល់អវិជ្ជមានទៅលើក្រុមណាមួយទេ”។
តាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ គេទទួលស្គាល់ថា ក្នុងបរិបទនៃការគំរាមកំហែងសុខភាពសាធារណៈ និងក្នុងគ្រាអាសន្នសាធារណៈ ហើយមានហានិភ័យដល់អាយុជីវិតជាតិ នោះគេអាចធ្វើការរឹតត្បិតលើសិទ្ធិខ្លះមួយចំនួន។
ទោះជាយ៉ាងនេះក្តី ដើម្បីធ្វើដូច្នោះបាន គេត្រូវផ្អែកលើមូលដ្ឋានច្បាប់ ហើយត្រូវសំអាងយ៉ាងច្បាស់លាស់លើភស្តុតាងលក្ខណៈវិទ្យាសាស្រ្ត និងត្រូវអនុវត្តមិនមែនស្រេចតែចិត្ត ឬរើសអើង មានពេលវេលាកំណត់ គោរពសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ អាចពិនិត្យឡើងវិញបាន និងមានភាពសមាមាត្រទៅនឹងការសម្រេចតាមគោលដៅច្បាស់លាស់។
នៅថ្ងៃទី ១៦ មិនា អ្នកជំនាញសិទ្ធិនុស្សអង្គការសហប្រជាជាតិមួយក្រុមបានលើកឡើងថា “ការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នដោយមូលហេតុនៃការផ្ទុះរាលដាលនៃជម្ងឺកូវីត ១៩ មិនគួរត្រូវគេប្រើប្រាស់ជា លេសក្នុងការកំណត់គោលដៅចំពោះក្រុមណាមួយ ក្រុមជនភាគតិច ឬបុគ្គលណាមួយនោះទេ។ គេមិនគួរអនុវត្តវាជាមូលដ្ឋានដើម្បីគាបសង្កត់ ក្រោមលេសការពារសុខភាព...និងមិនគួរប្រើគ្រាន់តែដើម្បីកំចាត់ក្រុមប្រឆាំងនោះទេ”
“ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននឹងបង្កមហន្តរាយដល់សិទ្ធិមនុស្សនៃប្រជាជនកម្ពុជា ពួកគេនឹងជួបនូវការដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់គេ” នេះបើតាមការលើកឡើងរបស់លោក រ៉ូប៊ើតស័ន Robertson។ លោកបានបន្ថែមទៀតថា “រដ្ឋាភិបាលបរទេស និងបណ្តាម្ចាស់ជំនួយ គួរតែទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ចាត់អាទិភាពសុខភាពសាធារណៈក្នុងគ្រាមានវិបត្ត ជាជាងបន្តគាបសង្កតបន្ថែមលើសិទ្ធិជាមូលដ្ឋាន”។