Skip to main content
Would you like to read this page in English?
Yes

សេចក្ដីថ្លែងការណ៍រួម ស្ដីពី ប្រទេសកម្ពុជា៖ ភាពចាំបាច់ដើម្បីការពារអ្នកជាប់ឃុំពីជំងឺកូវីដ១៩

Map showing data on prison overcrowding in 18 out of 28 of Cambodia's prisons. © LICADHO

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ (Amnesty​ International)​ អង្គការឃ្លាំមើល​សិទ្ធិមនុស្ស ​(Human Rights Watch)​ និងសម្ព័ន្ធខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស ​លីកាដូ ​(LICADHO)​ សូមស្នើសុំដោយ​ទទូច​ឱ្យ រាជរដ្ឋាភិបាល​កម្ពុជា​ ចាត់វិធានការ​ឱ្យបានឆាប់​ ដើម្បី​ការពារសិទ្ធិ​ទទួលបានសេវា​សុខភាព​របស់អ្នកជាប់ឃុំ​ក្នុងពន្ធនាគារ​ មន្រ្តីពន្ធនាគារ​ និងសហគមន៍​នៅខាងក្រៅ ​ដោយការ​ធ្វើតេស្ត​រកមេរោគ​កូវីដ១៩​ដោយប្រុងប្រយ័ត្ន​សម្រាប់​អ្នកដែល​នៅក្នុងពន្ធនាគារ​ អនុវត្ត​វិធានការ​អនាម័យ​និងរក្សាគម្លាត​សង្គម​នៅក្នុងពន្ធនាគារ​ប្រកបដោយប្រសិទ្ធភាព​ និងចាត់វិធានការ​ភ្លាមៗ​ដើម្បីកាត់បន្ថយភាព​ចង្អៀតណែន​នៅក្នុងពន្ធនាគារ ។ ​

នៅរយៈពេល​ប៉ុន្មានសប្ដាហ៍​ថ្មីៗនេះ ​មន្ត្រីពន្ធនាគារ​ជាច្រើន​ក្នុងនោះ​មានឯកឧត្ដម ​ឆែម សាវុធ​ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ពន្ធនាគារ​ ដែលបាន​ធ្វើតេស្ដ​រកឃើញ​មាន ​វិជ្ជមាន​វីរុសកូវីដ១៩ ។ ​ដោយហេតុថា​មន្រ្តីទាំងនេះ​បានចុះទៅធ្វើការនៅ​ពន្ធនាគារ​ ក្នុងពេល​មួយដែល​ពួកគាត់​អាចនឹងមាន​ឆ្លងវីរុសនេះ​រួចហើយនោះ​ ស្ថានភាពនេះ​អាចបង្ក​ជាហានិភ័យខ្ពស់​ក្នុងការចម្លងជំងឺនេះ​ទៅអ្នកជាប់ឃុំ ។​ ដោយសារ​ពន្ធនាគារ​នៅក្នុង​ប្រទេសកម្ពុជា​មានភាពចង្អៀតណែនខ្លាំង[1]​ កង្វះនូវការទទួលបាន​សេវាថែទាំ​និងព្យាបាលជំងឺ​ ក៏ដូចជា​តម្រូវការ​មូលដ្ឋាន​ដូចជា សាប៊ូ​ និងទឹកស្អាត​ ដើម្បី​អនុវត្តវិធានការ​អនាម័យ​ អ្នកជាប់ឃុំ​ក្នុងពន្ធនាគារ​នៅកម្ពុជា​ជិត ៤ម៉ឺននាក់​ គឺកំពុងតែប្រឈម​យ៉ាងខ្លាំង​ពីការឆ្លងវីរុសកូវីដ១៩​ ដែលអាច​បណ្ដាល​ឱ្យមានការ​ស្លាប់បាត់បង់​ជីវិត​ដោយសារ​ការឆ្លងវីរុសនេះ ។​

ខណៈដែល​មន្ត្រីពន្ធនាគារ​ជាង ២៥០នាក់​ មកពី​មណ្ឌលអប់រំកែប្រែទី១​ ត្រូវបាន​រាយការណ៍ថា​ បានធ្វើ​តេស្តរកមេរោគ​កូវីដ១៩​[2] ប៉ុន្តែគ្មាន​អ្នកជាប់ឃុំ​ណាម្នាក់​នៅក្នុងពន្ធនាគារនេះ​ត្រូវបាន​ធ្វើតេស្ដ​នោះទេ ​ទោះបីជា​អ្នកទាំងនោះ​អាចនឹងមាន​ការប៉ះពាល់​ជាមួយនឹង​ឯកឧត្ដម​អគ្គនាយក​ពន្ធនាគារ​ដែលបាន​រកឃើញ​មានវិជ្ជមាន​វីរុសកូវីដ១៩​ក៏ដោយ ។​ ដោយសារ​វីរុសកូរ៉ូណាជា​ប្រភេទជំងឺ​ដែលងាយ​ឆ្លងតាមរយៈ​ការប៉ះពាល់គ្នា​ ជាពិសេសនៅក្នុង​បន្ទប់បិទជិត​ អាជ្ញាធរ​អាចបង្កើត​ និងអនុវត្ត​ផែនការ​សកម្ម​ ដើម្បី​តាមដាន​ការឆ្លងវីរុសនេះ​ដែលអាចកើត​មានចំពោះ​អ្នកជាប់ឃុំ​ក្នុងពន្ធនាគារ ​។

វិធានការ​ការពារស្ដីពី​ ការត្រៀមខ្លួន​ ការទប់ស្កាត់​ និងការគ្រប់គ្រង​រីរុសកូវីដ១៩​ក្នុងពន្ធនាគារ​ និងទីកន្លែងឃុំខ្លួន​ផ្សេងទៀត​ ដែលចេញផ្សាយ​ដោយអង្គការ​សុខភាពពិភពលោក​ (WHO)​ កាលពីខែមីនា​ ឆ្នាំ២០២០​ បានណែនាំ​ដល់រដ្ឋាភិបាល​ប្រទេសនីមួយៗ​ឱ្យពិចារណា​ជាបន្ទាន់​លើការដោះលែង​អ្នកជាប់ឃុំ​ដែលប្រឈមនឹង​ហានិភ័យខ្ពស់​ក្នុងការ​ឆ្លងវីរុសកូវីដ១៩​ដូចជា ​មនុស្សចាស់​ អ្នកដែល​មានបញ្ហាសុខភាព​ធ្ងន់ធ្ងរ​ និងស្រ្តីមានផ្ទៃពោះ ​បន្ថែមលើ​វិធានការ​កាត់បន្ថយ​ចំនួន​អ្នកជាប់ឃុំ​ក្នុងពន្ធនាគារ​ដោយពិចារណា​ពីការដោះលែង​បណ្ដោះអាសន្ន​ ឬមានលក្ខខណ្ឌ​ ចំពោះ​អ្នកជាប់ឃុំ​ដែលរង់ចាំ​សវនាការ​ អ្នកដែល​ប្រព្រឹត្ត​បទល្មើសស្រាល​ ឬអ្នកដែល​បាន​អនុវត្តទោស​ជិតចប់​ ក៏ដូចជា​ស្រ្តីជាប់ពន្ធនាគារ​ដែលមាន​កូនតូចនៅជាមួយ​ និង​អ្នកជាប់ឃុំ​អាយុក្រោម១៨ឆ្នាំ​ ជាដើម ។​

យើងខ្ញុំ ​សូមរំលឹកថា​ សិទ្ធិទទួលបាន​សេវាសុខភាព​ គឺមាន​សម្រាប់មនុស្ស​គ្រប់រូបស្មើៗគ្នា​ ដោយអ្នកជាប់ឃុំ​ក្នុងពន្ធនាគារ​ក៏មានសិទ្ធិទទួលបាន​សេវាថែទាំសុខភាព​គ្រប់គ្រាន់​ ដូច​សហគមន៍​ដែលមាន​សេរីភាព​នៅខាងក្រៅដែរ​ ហើយរដ្ឋ​គឺជាអ្នកទទួលខុសត្រូវ​ដើម្បីផ្ដល់សេវា​ថែទាំសុខភាព​ ដល់អ្នកដែល​ត្រូវបាន​ដកហូតសេរីភាព​ទាំងនេះ ។​

ប្រសិន​បើមានការ​ចម្លងវីរុសកូវីដ១៩​នៅក្នុងពន្ធនាគារ​ដែលមានភាព​ចង្អៀតណែនខ្លាំង​ និងខ្វះ​សម្ភារៈ​បរិក្ខារនេះ ​គឺអាច​នឹងធ្វើឱ្យ​មានគ្រោះថ្នាក់​ធ្ងន់ធ្ងរ ។​ នៅតាម​ពន្ធនាគារ​មួយចំនួន​ អ្នកជាប់ឃុំ​ម្នាក់អាច​មានទីកន្លែង​ផ្ទាល់ខ្លួនតិចជាង​ ១ម៉ែត្រការ៉េប៉ុណ្ណោះ​ក្នុងបន្ទប់ឃុំឃាំងមួយ​ ហើយការផ្គត់ផ្គង់​ទឹកស្អាតគឺមាន​កម្រិតណាស់ ។​ ស្ថានភាពនេះ​ធ្វើឱ្យការ​អនុវត្ត​វិធានការ​សុវត្ថិភាព​ជំងឺកូវីដ១៩​​ដូចជា ​ការរក្សាគម្លាតសង្គម​ និងការលាង​សម្អាតដៃ​ឱ្យបានញឹកញាប់​ ស្ទើរតែ​មិនអាចធ្វើទៅបានឡើយ ។​

ជាការឆ្លើយតប​ទៅនឹងវីដេអូខ្លីមួយ​ដែលលាតត្រដាង​ពីស្ថានភាព​ចង្អៀតណែនខ្លាំង​នៅក្នុង​ពន្ធនាគារ​កម្ពុជា ​ដែលបាន​ផ្សព្វផ្សាយ​កាលពីខែមេសា ​ឆ្នាំ២០២០​ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ​លោក នុត សវនា​ បានទទួលស្គាល់ថា ​វិបត្តិភាព​ចង្អៀតណែន​ខ្លាំងនៅក្នុងពន្ធនាគារ​គឺជា ​“បញ្ហាប្រឈមធំ” ​ក្នុងពេល​មានការរីករាល​ដាល​នៃវីរុសកូវីដ១៩ ​។[3]

ចាប់តាំង​ពី​ពេលនោះ​មកគឺមានរយៈពេល​ជិត៧ខែហើយ​ ប៉ុន្តែ​អាជ្ញាធរ​នៅតែមិនទាន់​អាចដោះស្រាយ​បញ្ហា​ចង្អៀតណែន​ក្នុងពន្ធនាគារ​ ធ្វើតេស្ត​អ្នកជាប់ឃុំ​ដែលអាច​មានការ​ប៉ះពាល់​នឹងជំងឺកូវីដ១៩​ ឬផ្ដល់ជំនួយ​គ្រប់គ្រាន់​ផ្សេងៗ​ដល់អ្នកជាប់ឃុំ​ដើម្បី​អនុវត្តវិធានការ​សុវត្ថិភាព​នៅឡើយទេ ។​ នេះអាច​បណ្ដាល​ឱ្យមាន​វិបត្តិសុខភាព​សាធារណៈ ​និងបញ្ហាសិទ្ធិមនុស្សធំ​ ដែល​មិនគួរកើតមាន​ និង​គួរតែ​អាចទប់ស្កាត់បាន ។​

ពន្ធនាគារ​នៅក្នុង​ប្រទេសកម្ពុជា​គឺមាន​ស្ថានភាព​ចង្អៀតណែន​ដ៏គ្រោះថ្នាក់​ជាយូរមកហើយ ។​ កាលពីខែឧសភា​ ឆ្នាំ​២០២០​ ឯកឧត្តម​ កើត រិទ្ធ ​រដ្ឋមន្រ្តីថ្មីនៃ​ក្រសួងយុត្តិធម៌​ បានប្រកាស​ពីការកែទម្រង់​ជាច្រើន​នៅក្នុងប្រព័ន្ធយុត្តិធម៌​ ក្នុងគោល​បំណង​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅតុលាការ​ និង​បញ្ហាចង្អៀតណែនខ្លាំង​នៅក្នុងពន្ធនាគារ ។​ វិធានការ​ទាំងនេះ​រួមមាន​ ការអនុវត្ត​ជម្រើស​ផ្សេងក្រៅ​ពីការឃុំខ្លួន​ដូចជា​ ការដោះលែង​ឱ្យនៅក្រៅឃុំ ​និងការព្យួរទោស​ ក៏ដូចជា​ការដោះលែង​មុនពេល​កំណត់​ និងដោយ​មានលក្ខខណ្ឌ​នូវអ្នកជាប់ឃុំ​បច្ចុប្បន្ន ។[4]​ ប៉ុន្តែ​គួរឱ្យសោកស្ដាយ​ដែលវិធានការ​ទាំងនេះ​កន្លងមក​ នៅតែមិនទាន់​ត្រូវបាន​យកមកអនុវត្ត​ ដើម្បី​កាត់បន្ថយ​ឱ្យបានច្រើន​នៃបញ្ហា​ចង្អៀតណែន​ក្នុងពន្ធនាគារ​ ដោយសារ​ការបន្តកើនឡើង​នៃអ្នកជាប់ឃុំថ្មី​ ហើយ​វិធានការ​ចាំបាច់ផ្សេងៗទៀត​គឺចាំបាច់ខ្លាំង​ ដើម្បី​កាត់បន្ថយ​ចំនួន​អ្នកជាប់ឃុំ​ដែលកំពុង​មានស្ថានភាព​អាក្រក់នេះ ។​

នៅក្នុង​របាយការណ៍​ឆ្នាំ២០២០​ ដាក់​ទៅក្រុមប្រឹក្សា​សិទ្ធិមនុស្ស ​អ្នកស្រី Rhona Smith​ អ្នករាយការណ៍​ពិសេស​នៃអង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ផ្នែកសិទ្ធិមនុស្ស​នៅកម្ពុជា​ បានកត់សម្គាល់ថា ​អត្រាអ្នកជាប់ឃុំ​ក្នុងពន្ធនាគារ​នៅកម្ពុជា​គឺច្រើនជាង​សមត្ថភាព​ដែល​ពន្ធនាគារ​អាចផ្ទុកបាន​រហូតដល់​ ៣០០% ឯណោះ ។​ អ្នកស្រី ​ក៏បានលើកឡើងដែរថា​ ក្នុងចំណោម​អ្នកជាប់ឃុំ​ក្នុងពន្ធនាគារ​ជិត​៤ម៉ឺននាក់ ​អ្នកជាប់ឃុំ​ជាងមួយភាគបី​គឺកំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំសវនាការ​នៅឡើយ ។[5] ការប្រើប្រាស់​ច្រើនលើសលុប​នៃវិធានការ​ឃុំខ្លួន​បណ្ដោះអាសន្ន​គឺជាហេតុផល​ចម្បងមួយ​ក្នុងការ​រួមចំណែក​នាំឱ្យមាន​ភាពចង្អៀតណែនខ្លាំង​នៅក្នុងពន្ធនាគារ​ និងជារឿយៗ​បានរំលោភសិទ្ធិ​របស់ជនជាប់ចោទ​ក្នុងការ​ទទួលបានការ​ជំនុំជម្រះក្ដី​ដោយយុត្តិធម៌ ។​

យើងខ្ញុំ​ សូមស្នើសុំ​ដោយទទូច​ឱ្យអាជ្ញាធរ​ ចាត់វិធានការ​ឱ្យបានឆាប់​ ដើម្បីការពារ​សិទ្ធិ​ក្នុងការ​រស់រានមានជីវិត​ និងសិទ្ធិ​ក្នុងការ​ទទួលបាន​សេវាសុខភាព​របស់មនុស្សគ្រប់រូប​ដែលត្រូវបាន​ដកហូត​សេរីភាព​នៅក្នុងប្រទេសកម្ពុជា ។​ យើងខ្ញុំ ​ក៏សូមសំណូមពរ​ឱ្យអាជ្ញាធរគោរព​ និងការពារសិទ្ធិ​ក្នុងការ​ទទួលបាន​ការជំនុំជម្រះក្ដី​ដោយយុត្តិធម៌​រួមមាន​ សិទ្ធិទទួលបាន​ការសន្មតថា​គ្មានទោស ​របស់​មនុស្ស​គ្រប់គ្នា​ដែលត្រូវបានចោទ​ប្រកាន់ពី​បទល្មើស​ព្រហ្មទណ្ឌ ​និងដើម្បី​ធានាថា​ វិធានការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​គឺអាចធ្វើទៅបាន​ សម្រាប់តែ​ជាជម្រើសចុងក្រោយ​តែប៉ុណ្ណោះ ។​ មនុស្ស​ដែលត្រូវបាន​កាត់ទោស​ពីបទល្មើស​ស្រាល ​អ្នកជាប់ឃុំ​ដែលបាន​អនុវត្តទោស​ជិតចប់​ មនុស្សចាស់​ អ្នកជាប់ឃុំ​ដែលមាន​បញ្ហាសុខភាព​ធ្ងន់ធ្ងរ​ ស្ត្រីជាប់ឃុំ​ដែលមានកូនតូច​នៅជាមួយ​ អ្នកជាប់ឃុំ​ជាស្រ្តីមានផ្ទៃពោះ ​និងអនីតិជន​ គួរត្រូវបាន​ផ្ដល់អាទិភាព​សម្រាប់ធ្វើការ​ដោះលែង ។​

អង្គការ​លើកលែង​ទោសអន្តរជាតិ​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​និងអង្គការ​លីកាដូ​ សូមស្នើសុំ​ដោយទទូចឱ្យអាជ្ញាធរ​ សម្រេច​ដោះស្រាយ​វិបត្តិ​សិទ្ធិមនុស្ស​ដែលផ្ដល់​ផលលំបាក​ក្នុងពន្ធនាគារនេះ ។​ យើងខ្ញុំ ​ សូមសំណូមពរ​ឱ្យរាជរដ្ឋាភិបាល​ ចាត់វិធានការ​មួយចំនួន​ដូចជា៖​

  • អាចធ្វើតេស្ត​រកវីរុសកូវីដ១៩​ឱ្យបាន​ទូលំទូលាយ​ និងកំណត់​អត្តសញ្ញាណ​អ្នកជាប់ឃុំ​នៅតាមបណ្ដាពន្ធនាគារនានា ​ដែលអាច​មានការ​ប៉ះពាល់​ជាមួយ​អ្នកមានវិជ្ជមានវីរុសកូវីដ១៩ ។​
  • អាចអនុវត្ត​វិធានការអនាម័យ​ និង​ការរក្សា​គម្លាតសង្គម​ប្រកបដោយ​ប្រសិទ្ធភាព​រួមមាន ​ការផ្ដល់សាប៊ូ​ សម្ភារៈសម្រាប់​ការពារខ្លួន​ គ្រឿង​សម្រាប់​លាងសម្អាត ​និងម៉ាស ​សម្រាប់​អ្នកជាប់ឃុំ​ទាំងអស់ ។​
  • សម្រាប់ការ​ចូលទៅក្នុងពន្ធនាគារ​ និងកន្លែងឃុំខ្លួន​ផ្សេងទៀត ​បុគ្គលទាំងអស់​គួរមាន​ការពិនិត្យ​សុខភាព​ដោយយកចិត្ត​ទុកដាក់​ ជាពិសេស​ទៅលើរោគសញ្ញា​ផ្សេងៗ​នៃជំងឺកូវីដ១៩​ ឬប្រសិនបើ​អ្នកទាំងនោះបាន​ធ្វើរោគវិនិច្ឆ័យ​ជំងឺកូវីដ១៩​រួចហើយ ​ប៉ុន្តែ​នៅតែមាន​រោគសញ្ញា ​អ្នកទាំងនោះ​គួរត្រូវដាក់​ឱ្យនៅដាក់ដោយ​ឡែក​រហូត​ដល់មានការ​វាយតម្លៃ​ពីគ្រូពេទ្យ​ ឬការធ្វើតេស្ដ​លើកក្រោយទៀត ។​ វិធានការនេះ​គួរត្រូវបាន​ធ្វើឡើង ​ដោយធានាថា​ការធ្វើចត្តាឡីស័ក្ក​គឺត្រូវមាន​ពេលវេលា​កំណត់ច្បាស់លាស់​ ដែលមិនមែន​ជាការដាក់ទោស​នរណាម្នាក់​ឱ្យនៅដាច់ដោយឡែក​ ហើយ​អ្នកជាប់ឃុំ​ទទួលបានអាហារ​ ទឹកប្រើប្រាស់​និងបរិភោគ​ សម្រាប់​អនុវត្ត​វិធានការ​អនាម័យ​និងសុវត្ថិភាព​ ទទួលបាន​សេវាថែទាំ​សុខភាព​ និងការហាត់ប្រាណ ។​
  • អាចអនុវត្ត​វិធានការ​ដើម្បី​ជំរុញ​ឱ្យមានការ​ដោះលែង​មុនពេល​កំណត់ ​ការដោះលែង​បណ្ដោះអាសន្ន ​ឬដោយមាន​លក្ខខណ្ឌ​នៃអ្នកជាប់ឃុំ​ជាច្រើន​ដែលត្រូវបាន​កាត់ទោស​ពីបទមជ្ឈិម​ឬបទល្មើស​ដែលគ្មានហិង្សា​ អ្នកជាប់ឃុំ​ដែលបាន​អនុវត្តទោស​ជិតចប់​ និងអ្នកជាប់ឃុំ​ដែលងាយរងគ្រោះ​ដូចជា​ មនុស្សចាស់​ អ្នកដែល​មានបញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ស្រ្ដីមានផ្ទៃពោះ ​ស្ដ្រីដែលមាន​កូនតូចនៅជាមួយ​ និងអនីតិជន​ ជាដើម ។​
  • អាចដោះលែង​ឱ្យបានឆាប់​នូវអ្នកជាប់ឃុំ​ដែលត្រូវបាន​ឃុំខ្លួន​ដោយគ្មានមូលដ្ឋាន​ច្បាប់គ្រប់គ្រាន់​រួមមាន​ អ្នកដែល​ត្រូវបាន​ឃុំខ្លួន​ដោយមិនត្រឹមត្រូវ​ នៅក្នុងមជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​ និងអ្នកដែល​ត្រូវបាន​ឃុំខ្លួន​ក្រោមហេតុផល​នយោបាយ ។​
  • អាចធានាពី​វិធានអប្បបរមា​តាមស្ដង់ដា​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​អ្នកជាប់ឃុំ ​(វិធាន​របស់លោក​ Nelson Mandela)​ និង​វិធាន​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​អ្នកជាប់ឃុំ​ជាស្រ្តី ​និងវិធានការ​មិនឃុំខ្លួន​សម្រាប់​ជនល្មើស​ជាស្រ្តី ​(វិធានបាងកក)​ គឺត្រូវបាន​គោរព​ ហើយ​សេចក្ដី​ថ្លៃថ្នូរ ​សុវត្ថិភាព​ និងសុខុមាលភាព​របស់មនុស្ស​ទាំងអស់​ដែលត្រូវបាន​ដកហូត​សេរីភាព​គឺត្រូវបាន​ការពារ ។​
  • អាចធានា​ការគោរព​នូវការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ស្ដីពី ​ការត្រៀមខ្លួន​ ការទប់ស្កាត់​ និងការគ្រប់គ្រង​រីរុសកូវីដ១៩​ក្នុងពន្ធនាគារ​ និងទីកន្លែង​ឃុំខ្លួន​ផ្សេងទៀត
  • អាច​ធានាថា ​មិនមាន​ការរឹតត្បិត​ការចូល​ក្នុងពន្ធនាគារ​របស់​អ្នកឃ្លាំមើល​ឯករាជ្យ​រួមមាន ​មន្ត្រីសង្គមស៊ីវិល ​និងតំណាង​បេសកកម្ម​ការទូត​ និងអ្នកដែលផ្ដល់​តម្រូវការ​ចាំបាច់​ដល់អ្នកជាប់ឃុំ ​៕

[1] របាយការណ៍អង្គការលីកាដូស្ដីពី “ពេល​ដែល​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ៖ បញ្ឈប់​​ការ​​ឃុំ​​ខ្លួន​​បណ្តោះ​​អាសន្ន​​មិន​​ចាំ​​បាច់” ចេញផ្សាយខែតុលា ឆ្នាំ២០១៨ (https://www.licadho-cambodia.org/reports.php?perm=227&khmer)

[2] វិទ្យុសំឡេងប្រជាធិបតេយ្យ៖ “គ្មានអ្នកជាប់ឃុំណាម្នាក់ត្រូវបានធ្វើតេស្ត ទោះបីជាអាចមានការប៉ះពាល់ជាមួយអគ្គនាយកពន្ធនាគារ” ចេញផ្សាយខែធ្នូ ឆ្នាំ២០២០ (https://vodenglish.news/no-prisoners-tested-despite-contact-with-covid-19-infected-director/ )

[3] សារព័ត៌មាន Al Jazeera៖ វីដេអូរបស់អង្គការលើកលែងទោសអន្តរជាតិបង្ហាញពី “ភាពចង្អៀតណែនខ្លាំងក្នុងពន្ធនាគារនៅកម្ពុជា” ចេញផ្សាយខែមេសា ឆ្នាំ២០២០ (https://www.aljazeera.com/news/2020/4/11/amnesty-video-shows-extreme-overcrowding-in-cambodia-prison)

[4] វិទ្យុសំឡេងសហរដ្ឋអាមេរិក៖ “កំណែទម្រង់របស់ក្រសួងយុត្តិធម៌នឹងពន្លឿននីតិវិធីនៅតុលាការដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ” ចេញផ្សាយខែឧសភា ឆ្នាំ២០២០ (https://www.voacambodia.com/a/justice-ministry-reforms-will-hasten-court-procedures-to-reduce-prison-overcrowding-/5425872.html)

[5] របាយការណ៍របស់ការិយាល័យឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស៖ “ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា”ចេញផ្សាយខែសីហា ឆ្នាំ២០២០ (https://cambodia.ohchr.org/sites/default/files/Annual-reports/A_HRC_45_51_AEV%20(1).pdf)

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country
Topic