An aerial view of a village partially underwater

នៅក្រោមផ្ទែទឹក

ផលប៉ះពាល់សិទ្ធិមនុស្សពីគម្រោងផ្លូវមួយ ខ្សែក្រវាត់មួយនៅកម្ពុជា របាការណ៍សង្ខេប

The former village of Srekor in northeastern Cambodia, among several that were submerged after the completion of the Lower Sesan 2 hydroelectric dam in 2018. © 2018 Sergey Ponomarev/New York Times/Redux

“លោក ដាវ” ជាជនជាតិភាគតិចឡាវ មានអាយុ ជាង ៤០ ឆ្នាំ ធ្លាប់រស់នៅក្នុងជីវភាពដែលស្វ័យភាពបរិបូរក្នុងភូមិ ស្រែគ ខេត្តស្ទឹងត្រែង ភាគឦសាននៃប្រទេសកម្ពុជា។​ គាត់ប្រកបរបរនេសាទក្នុងទន្លេសេសាន និងធ្វើស្រែចំការ នៅលើដីដ៏មានជីជាតិតាមដងទន្លេ។ គ្រួសាររបស់លោក ចេញទៅរករុក្ខជាតិ ផ្សិត ជ័រទឹក រុក្ខជាតិឱសថផ្សេងៗពីព្រៃសហគមន៍ក្នុងភូមិ និងលក់នៅទីផ្សារក្នុងស្រុក។

ប៉ុន្តែ ដូចប្រជាសហគមន៍ជាច្រើនទៀតដែលរស់នៅក្នុងសហគមន៍គាត់ និងតំបន់មួយចំនួននៅជិតទីនោះ ជីវិតរបស់លោក ដាវ ត្រូវបានផ្លាស់ប្តូរយ៉ាងគំហុក នៅឆ្នាំ ២០១៧ បន្ទាប់ពីការសាងសង់ទំនប់​ វារីអគ្គីសនី សេសានក្រោម ២ នៅផ្នែកខាងក្រោមនៃទីប្រសព្វគ្នារវាងទន្លេសេសាន និងស្រែពក ជាផ្នែកខាងលើ ដែលទន្លេសេសានហូរចាក់ទៅកាន់ទន្លេមេគង្គ។

លោក ដាវ បាននិយាយថា​ក្រុមហ៊ុន វៀតណាម ដែលពីដំបូងបានសិក្សាអំពីគម្រោង បានពិគ្រោះយោបល់ខ្លះៗជាមួយសហគមន៍របស់គាត់ ប៉ុន្តែ ក្រុមហ៊ុនចិនមួយទៀត ដែលបានទទួលយកគម្រោងបន្តពីក្រុមហ៊ុនវៀតណាមនៅឆ្នាំ ២០១២ មិនបានធ្វើការពិគ្រោះយោបល់ពេញលេញជាមួយសហគមន៍របស់លោកទេ តាំងពីឆ្នាំ ២០១២។ លោកបានមានប្រសាសន៍ថា “មិនមាននរណាម្នាក់បានមកពិគ្រោះជាមួយសហគមន៍ទេ” បន្ទាប់ពីក្រុមហ៊ុនវៀតណាមបានចាកចេញទៅ។  លោកបន្ថែមទៀតថា បន្ទាប់ពីការចាប់ផ្តើមសាងសង់ មិនមានការពិភាក្សាណាមួយ អំពីផលប៉ះពាល់ពីគម្រោង ឬការផ្តល់សំណងណាមួយត្រូវបានធ្វើឡើងជាមួយរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិននោះទេ ពេលខ្លះមានការដាក់សំពាធ​ចំពោះលោក ដាវ និងសហគមន៍របស់គាត់ឱ្យយល់ព្រមតាមលក្ខខណ្ឌដែលបានកំណត់ទុកជាមុន។

ការសាងសង់ទំនប់វារីអគ្គីសនីចាប់ផ្តើមនៅឆ្នាំ ២០១៣។ ម្ចាស់គម្រោង បានផ្តល់សំណងតាមរយៈការ ផ្លាស់ប្តូរទីកន្លែងរស់នៅថ្មីរបស់គ្រួសារលោក ដាវ ទៅតំបន់ផ្សេង ដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រ ប៉ុន្តែ ទីតាំងដី និងលំនៅឋានដែលគេផ្តល់ជូន មានសភាពអន់ថយជាងខ្លាំង ធៀបទៅនឹងអ្វីដែលគ្រួសារលោកមានក្នុងភូមិ ហើយសំណងទៀតសោតសម្រាប់ការបាត់បង់ប្រាក់ចំណូល មានចំនួនតិចតួចបំផុត ហេតុនេះលោក បានបដិសេធមិនទទួលយក។

ទ្វារទំនប់វារីអគ្គីសនីចាប់ផ្តើមបិតនៅឆ្នាំ ២០១៧ ហើយជំនន់ពីអាងស្តុកទឹកបានបង្កឱ្យមានការលិចលង់ផ្ទះរបស់លោក ដាវ។ គាត់ត្រូវបានគេបង្ខំឱ្យចាកចេញ។ លោក​ ដាវ បានចំណាយប្រាក់រាប់ពាន់ដុល្លារ ដើម្បីកសាងផ្ទះថ្មីក្រៅតំបន់ទឹកជំនន់ ចំណូលគ្រួសារបស់លោកពីការនេសាទ កសិកម្ម និងការប្រមូលអនុផលព្រៃឈើទាំងអស់ត្រូវបានបាត់បង់។  លោកមានប្រសាសន៍ថា “ពូជត្រីដែលមានតំលៃថ្លៃត្រូវបានបាត់បង់”។ “យើងឃើញនៅមានសល់ត្រីដែលមានតំលៃទាប និងទំហំតូចៗ...ចុងក្រោយយើងមាន​ត្រីសម្រាប់តែការបរិភោគក្នុងគ្រួសារប៉ុណ្ណោះ”។

ទំនប់សេសានក្រោម ២ បានបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ ២០១៨ ជាលទ្ធផលវាបានធ្វើឱ្យមានការផ្លាស់​ទីលំនៅរបស់មនុស្សជិត ៥០០០នាក់ ដែលពួកគាត់ភាគច្រើនជាជនជាតិដើមភាគតិច និងជនជាតិដើមផ្សេងៗទៀតរួមមាន ប៊ូនង ព្រៅ គួយ ចារាយ គ្រឹង កាវែត និងជនជាតិកាចក់ ដែលបានរស់ក្នុងភូមិនានាតាមបណ្តោយទន្លេសេសាន និងស្រែពករាប់សិបជំនាន់មកហើយ។

លើសពីនេះទៀត គម្រោងបង្កផលប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់ផ្សេងទៀតដែលរស់នៅខ្សែទឹកខាងលើ និងខ្សែទឹកខាងក្រោមនៃទំនប់ ដែលរស់នៅពឹងអាស្រ័យលើការនេសាទសម្រាប់ប្រភពអាហារ និងប្រាក់ចំណូល។ គម្រោងនេះក៏ប្រហែលជាបានរួមចំណែកនាំឱ្យមានការធ្លាក់ចុះនូវទិន្នផលនេសាទ នៅក្នុងប្រព័ន្ធទន្លេមេគង្គទាំងមូល ដែលនាំជាផលប៉ះពាល់យ៉ាងធំធេង ដោយហេតុថា មានមនុស្សរាប់សិប លាននាក់នៅកម្ពុជា វៀតណាម ថៃ និងឡាវ រស់នៅពឹងអាស្រ័យលើផលនេសាទនៅក្នុងប្រព័ន្ធទន្លេមេគង្គសម្រាប់ជាប្រភបអាហារ។ សម្រាប់ប្រជាជនកម្ពុជា ជាមធ្យម ត្រីជាប្រភពប្រូតេអ៊ីន ប្រហែល ៦០ ទៅ ៧៥ ភាគរយនៃរបបអាហាររបស់គេ។

ការសាងសង់ទំនប់វារីអគ្គីសនី សេសានក្រោម ២ ពីឆ្នាំ ២០១៣ ដល់ ២០១៨ ជាផ្នែកមួយនៃ “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” របស់រដ្ឋាភិបាលចិន ជាការវិនិយោគមានទឹកប្រាក់មួយទ្រីលានដុល្លារ និងជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្តួចផ្តើមឡើងដោយប្រធានាធិបតី ស៊ី ជីងពីង ឆ្នាំ ២០១២ ដើម្បី ​​    ជម្រុញការអភិវឌ្ឍន៍ និងធានាផលប្រយោជន៍គោលនយោបាយការបរទេសចិននៅទូទាំងពិភពលោក។ ប្រព័ន្ធឃោសនាចិនបានចាត់ទុកគម្រោងវារីអគ្គីសនីសេសានក្រោម ២ ថាជា “គម្រោងយ៉ាងសំខាន់” មួយក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ហើយថានេះជាគម្រោងមួយក្នុងចំណោមគម្រោងទាំងអស់ចំនួន ៧ នៃគម្រោងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនៅកម្ពុជា។

គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ជាច្រើននៅអាស៊ី និងនៅកន្លែងផ្សេងទៀតរងនូវការរិះគន់ថា ខ្វះតម្លាភាព មិនស្តាប់ពីកង្វល់របស់សហគមន៍ និងអាចនាំនូវផលប៉ះពាល់ជាអវិជ្ជមានដល់បរិស្ថាន។

ក្រុមហ៊ុន China Huaneng Group (CHNG) ជាក្រុមហ៊ុនផលិតអគ្គីសនីរដ្ឋចិនមួយទទួលខុសត្រូវកសាងទំនប់វារីអគ្គីសនី បានពិពណ៌នាគម្រោងនេះថាជា “គម្រោងលេចធ្លោរ” មួយក្នុងគំនិតផ្តួចផ្តើមខ្សែ​ក្រវាត់ និងផ្លូវ។ ក្រុមហ៊ុន CHNG តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Hydrolancang International Energy មានភាគហ៊ុន ៥១% ជាភាគហ៊ុនដែលខ្លួនអាចគ្រប់គ្រងក្រុមហ៊ុន។ ក្រុមហ៊ុន Royal Group ជាក្រុមហ៊ុនដ៏ធំមួយ និងមានជាប់ពាក់ព័ន្ធយ៉ាងសំខាន់ដល់នយោបាយកម្ពុជា កាន់កាប់ភាគហ៊ុនចំនួន ៣៩%។ ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនវៀតណាម Electricity of Vietnam (EVN)ក្រុមហ៊ុន EVN International Joint Stock Company (EVNI) មានចំណែកភាគហ៊ុនដែលនៅសល់ចំនួន ១០% នៃទុនវិនិយោគទាំងអស់របស់គម្រោង។ ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន និងធនាគារនាំចេញ-នាំចូលចិន (Eximbank) បានផ្តល់ផ្នែកដ៏សំខាន់នៃហិរញ្ញប្បទានរបស់គម្រោង។ ថវិការបស់គម្រោងនេះត្រូវបានគេរាយការណ៍ថាមានប្រមាណ ៨០០ លានដុល្លារ។

ក្រុមហ៊ុន CHNG ប្រកាសថា ទំនប់វារីអគ្គីសនីអាចមានសមត្ថភាពខ្ពស់បំផុត ផលិតថាមពលអគ្គីសនីចំនួន ៤០០ មេកាវ៉ាត់ និងប្រហែល ១៩៩៨ គីកាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលចំនួននេះប្រហែលជា ១ ភាគ ៦​ នៃផលិតផលអគ្គីសនីនៅទូទាំងប្រទេសដែលកម្ពុជាអាចផលិតបាននាពេលបច្ចុប្បន្នក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណា ដូចដែលរបាយការណ៍នេះបានលំអិត កម្រិតផលិតកម្មពិតប្រាកដប្រហែលជា តិចជាងចំនួននេះឆ្ងាយ ពោលគឺប្រហែលជា ១ ភាគ ៣ នៃកម្រិតដែលបានប្រកាស និងប្រហែលជា​តិចជាង ៧០ លានដុល្លារនៃតម្លៃថាមពលអគ្គីសនីក្នុងមួយឆ្នាំ។
 

***

របាយការណ៍នេះ ធ្វើឡើងផ្អែកលើកិច្ចសម្ភាសន៍មនុស្សច្រើនជាង ៦០រូប ក្នុងរយៈពេលពីរឆ្នាំ បានបង្ហាញអំពីរបៀបដែលមន្ត្រីក្នុងរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន CHNG និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន មិនបានពិគ្រោះយោបល់ឱ្យបានគ្រប់គ្រាន់អំពីផលប៉ះពាល់ចំពោះសហគមន៍ និងគ្រួសារ មុន និងអំឡុង ពេលសាងសង់ទំនប់សេសានក្រោម ២ទេ។ របាយការណ៍ក៏បានបង្ហាញអំពីមន្ត្រីទាំងនោះ មិនបានយកចិត្តទុកដាក់អំពីកង្វល់ និងការជំទាស់ទាំងឡាយរបស់សហគមន៍ ទាត់ចោលការស្នើសុំដើម្បីពិភាក្សាអំពីជំរើសនៃការតាក់តែងគម្រោង និងមិនបានផ្តល់សំណងឱ្យបានគ្រប់គ្រាន់ចំពោះផលប៉ះពាល់ដល់​  សហគមន៍ និងខកខានមិនបានបង្កើតយន្តការដោះស្រាយបណ្តឹងចំពោះទំនាស់។ មន្ត្រីរាជរដ្ឋាភិបាល និងក្រុមហ៊ុនមិនបានស្វះស្វែងអនុវត្ត “ការពិគ្រោះយោបល់ ជាមុន ដោយសេរី និងស្ម័គ្រចិត្ត” ពីជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ ដូចដែលមានចែងក្នុងសេចក្តីប្រកាស់របស់អង្គការសហប្រជាជាតិ​ស្តីពីសិទ្ធិជនជាតិដើមភាគតិចទេ។

ផលវិបាករបស់គម្រោងពិតជាធ្ងន់ធ្ងរ។ គម្រោងទំនប់សេសានក្រោម ២ ផ្តល់នូវផលប៉ះពាល់យ៉ាងជ្រាលជ្រៅដល់សហគមន៍មូលដ្ឋាន ពួកគេធ្លាក់ខ្លួនកាន់តែក្រីក្រ និងរងទុក្ខលំបាក។ វាបានបង្កនូវការខូចខាតដល់ប្រព័ន្ធអេកូឡុស៊ីរបស់ទន្លេ ទាំងនៅខែ្សទឹកខាងលើ និងខាងក្រោមនៃគម្រោង ដែលនេះនាំឱ្យមានការខូចខាតយ៉ាងធំធេងដល់បរិមាណត្រីក្នុងទន្លេ។

រដ្ឋាភិបាល និងអ្នកកសាងទំនប់វារីអគ្គីសនី ហាក់មិនបង្ហាញនូវការយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះការខូចខាត និងផលវិបាកដ៏ធំធេងកើតឡើងចំពោះប្រជាសហគមន៍ដែលស្ថិតនៅខ្សែទឹកខាងលើ និងខាងក្រោមទេ។ អំឡុងពេលនៃការអនុវត្តគម្រោង រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនដងបានមើលស្រាលលើមតិជំទាស់នានាចំពោះគម្រោង ខកខានមិនបានចាត់វិធានការគ្រប់គ្រាន់ក្នុងការការពារសិទ្ធិមនុស្សដែលរងផលប៉ះពាល់ដោយគម្រោងសាងសង់ទំនប់ ហើយតាំងពីការសាងសង់ត្រូវបានបញ្ចប់ គេមិនបានអនុវត្តជំហានគ្រប់គ្រាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីគម្រោងទេ។

រដ្ឋាភិបាលកម្ពុជា មានទំនួលខុសត្រូវដើម្បីការពារសិទ្ធិមនុស្សនៃពលរដ្ឋរបស់ខ្លួន និងធានាថា គម្រោង អភិវឌ្ឍន៍ និងការអនុវត្តដំណើរការតាំងលំនៅឋានថ្មី អនុលោមតាមបទដ្ឋានក្នុងស្រុក និងអន្តរជាតិ។ រដ្ឋធម្មនុញកម្ពុជា និងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលខ្លួនបានផ្តល់សច្ចាប័ន ចែងអំពីការផ្តល់នូវការធានាការពារសិទ្ធិជាមូលដ្ឋានគ្រឹះ រួមមានសិទ្ធិទទួលបានស្តង់ដាររស់នៅសមរម្យ សិទ្ធិលំនៅឋាន អាហារ ទឹក សុខភាព និងសិទ្ធិទទួលបានការអប់រំ។ គោលការណ៍សំខាន់នៃកាតព្វកិច្ចរបស់រដ្ឋាភិបាល ក្រោមច្បាប់អន្តរជាតិ គឺធានាវឌ្ឍនភាព និងភាពជឿនលឿននៃសេដ្ឋកិច្ច សង្គម និងសិទ្ធិវប្បធម៌។ សិទ្ធិទាំងឡាយត្រូវតែគោរពដោយមិនរើសអើងចំពោះស្ត្រី ក្រុមបាត់បង់ឱកាស និងជនជាតិដើមភាគតិច។

ម៉្យាងវិញទៀត រដ្ឋាភិបាលចិនក៏មានកាព្វកិច្ចចំពោះសិទ្ធិទាំងនោះដែរ។ ការរំលោភសិទ្ធិមនុស្សដែលចែងលំអិតក្នុងរបាយការណ៍នេះ មានភាពស្រដៀងគ្នាទៅនឹងការរំលោភបំពានផ្សេងទៀតដែលអង្គការ ឃ្លាំមើលសិទ្ធិមនុស្សបានកត់ត្រាពីគម្រោង ខ្សែក្រវាត់ និងផ្លូវ ចម្ងាយរាប់ពាន់គីឡូម៉ែត្រពីទីនោះ។ នៅខែមេសា ឆ្នាំ​២០២០ យើងបានលើកឡើងពីក្តីបារម្ភយ៉ាងធ្ងន់ធ្ងរអំពីការរំលោភបំពានទាក់ទងនឹងការផ្លាស់ទីលំនៅដ៏ធំមួយរបស់ប្រជាជននៅការដ្ឋានសាងសង់ទំនប់ Souapiti នៅប្រទេស ហ្គីនេ Guinea ដែលបង្កនូវការបំផ្លិចបំផ្លាញជីវភាព និងសន្តិសុខស្បៀងដល់មនុស្សរាប់ពាន់នាក់។ ដូចដែលបានលើក​ឡើងក្នុងរបាយការណ៍នោះ និងក្នុងសេចក្តីថ្លែងការណ៍មុនវេទិកា ខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីពីរ ឆ្នាំ ២០១៩ រដ្ឋាភិបាលចិនមិនបានចាត់វិធានការចាំបាច់ណាមួយ ដើម្បីធានាថា ក្រុមហ៊ុនពាក់ព័ន្ធក្នុងគម្រោង ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវទំហំធំៗ បានអនុវត្ត និងបង្ហាញឱ្យឃើញនូវរបាយការណ៍ប៉ាន់ប្រមាណហេតុប៉ះពាល់សង្គម និងបរិស្ថាន និងមិនបានអនុវត្តការពិគ្រោះយោបល់ប្រកបដោយអត្ថន័យជាមួយសហគមន៍មូលដ្ឋាន ដែលរងផលប៉ះពាល់ពីគម្រោង អំឡុងពេលរៀបចំផែនការ និងដំណើរការសាងសង់ទេ។

តាមរយៈរបាយការណ៍នេះ បានបង្ហាញថារដ្ឋាភិបាលចិន ដែលទទួលបានមូលនិធិចំនួនច្រើនមហិមាសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដោយមិនតម្រូវឱ្យមានបទដ្ឋាន​ពេញលេញ ដើម្បីការពារសមហគមន៍ងាយរងគ្រោះ និងសិទ្ធិរបស់ពួកគេ បានបើកផ្លូវឱ្យមានការរំលោភបំពានកើតឡើយយ៉ាងធំធេង។ មិនមានភស្តុតាងណាមួយដែលបង្ហាញថា រដ្ឋាភិបាលចិនធ្លាប់បានដាក់ចេញនូវកាតព្វកិច្ចណាមួយដល់ក្រុមហ៊ុនចិន និងកម្ពុជា ដែលសាងសង់ទំនប់ឱ្យគោរពបទដ្ឋានអន្តរជាតិ និងទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម​ ឬការផ្តល់សំណងសមរម្យ សម្រាប់ការខូចខាតពីគម្រោង ឬសូម្បីបទដ្ឋានណាមួយដែលខ្លួនធ្លាប់អនុវត្ត ពេលសាងសង់ទំនប់នៅប្រទេសចិនទេ។

សម្រាប់ក្រុមហ៊ុន ទោះជាបរទេស ឬក្រុមហ៊ុនក្នុងស្រុក ក៏មានទំនួលខុសត្រូវក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដើម្បីគោរពសិទ្ធិមនុស្សក្នុងប្រតិបត្តិការធូរៈកិច្ចរបស់ខ្លួនដែរ។ ក្នុងនាមជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុនដែលសាងសង់ ប្រតិបត្តិការ និងបន្តទទួលបានផលប្រយោជន៍សេដ្ឋកិច្ចពីគម្រោងទំនប់វារីអគ្គីសនី CHNG ក៏មានទំនួលខុសត្រូវជាបន្ត ដើម្បីធានាថា រាល់ការតាំងលំនៅឋាន និងដំណើរការទូទាត់សំណងត្រូវអនុលោមតាមបទដ្ឋានសិទ្ធិមនុស្ស។

របកគំហើញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានជៈឥទ្ធិពលទូលំទូលាយសម្រាប់គោលនយោ​បាយកម្ពុជាស្តីពីឋាមពលវារីអគ្គីសនី តួនាទីប្រទេសចិនក្នុងការលើកទឹកចិត្ត និងផ្តល់មូលនិធិដល់គម្រោងអភិវឌ្ឍន៍ធំៗ នៅកម្ពុជា និងនៅទីផ្សេងទៀត និងកាន់តែទូលំទូលាយជាងនេះទៀតគឺ តំលៃនៃមនុស្សជាតិ និងបរិស្ថានដែលរងផលប៉ះពាល់ពី គម្រោងអភិវឌ្ឍន៍ ដែលធ្វើឡើងក្រោមបរិការនៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់​ និងផ្លូវ។

គ្រប់គ្នាដែលពាក់ព័ន្ធក្នុងគម្រោងទំនប់វារីអគ្គីសនីសេសានក្រោម ២ រាប់ចាប់ពីមន្ត្រីក្រុមហ៊ុនក្នុងស្រុក រហូតដល់សមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលចិន និងកម្ពុជា គួរតែបានដឹង និងទទួលស្គាល់ថាសកម្មភាព និងការធ្វេសប្រហែសរបស់ខ្លួនមួយចំនួន បាននាំមកនូវការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលបានកត់ត្រាក្នុងរបាយការណ៍នេះ។ អង្គភាពទទួលខុសត្រូវ គួរតែអនុវត្តជំហាននៃដំណោះស្រាយដែលបានលើកឡើងក្នុងអនុសាសន៍ខាងក្រោម ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលកើតឡើង និងកំណត់នូវកំណែទម្រង់ជាប្រព័ន្ធ ដើម្បីធានាថា មិនមានការរំលោភបំពានដូចនេះកើតមានឡើងនាពេលអនាគត។

 

ផលវិបាកត្រូវគេព្យាករដឹងជាមុន

រដ្ឋាភិបាល និងក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងគម្រោងទំនប់សេសានក្រោម ២ បានដឹងអំពីផលប៉ះពាល់នានា ដែលកើតឡើងពីគម្រោងមុនគេចាប់ផ្តើមសាងសង់ទំនប់ទៀត។

ការសិក្សាហេតុប៉ះពាល់បរិស្ថានឆ្នាំ ២០០៨ ដែលធ្វើឡើងដោយដៃគូមួយរបស់គម្រោងគឺ ក្រុមហ៊ុន EVN បង្ហាញអំពីបញ្ហាចម្បងៗរួមមាន៖ មនុស្សជាច្រើននឹងត្រូវផ្លាស់ទីលំនៅទៅកាន់តំបន់ ដែលដីមិនសូវមានជីជាតិ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងអចិន្ត្រៃយ៍ទៅលើចំណូលរបស់ពួកគេពីការនេសាទ និងកសិកម្ម បង្កផលអវិជ្ជមានទៅលើជីវភាពរបស់សហគមន៍នេសាទ ទាំងនៅខ្សែទឹកខាងលើ និងខាងក្រោម និងបង្កការខូចខាតដល់តំបន់ផ្សេងទៀតរហូតដល់ព្រំដែនវៀតណាម និងខ្សែទឹកខាងក្រោមរហូតដល់ដងទន្លេមេគង្គ ហើយវាបានបង្កផលប៉ះពាល់ “ជាប្រយោល ដល់មនុស្សប្រហែល ៣០០ ០០០នាក់”​។

ដោយបានឃើញរបាយការណ៍នេះ ក្រុមហ៊ុន CHNG ក្រោយមកបានបង្កើតរបាយការណ៍សិក្សាហេតុប៉ះពាល់ បរិស្ថានបន្ថែម និងបន្តបន្ទាប់មកទៀត រួមជាមួយផែនការកាត់បន្ថយផលប៉ះពាល់ និងការទូទាត់សំណងផ្ទៃក្នុងជាច្រើន ប៉ុន្តែ គេមិនបានចែករំលែកការសិក្សា និងផែនការទាំងនោះទៅសហគមន៍ដែលរងផលប៉ះពាល់ ឬក្រុមអង្គការសង្គមស៊ីវិលទេ។

ការសិក្សាមួយ ចែកផ្សាយដោយ បណ្ឌិតសភាជាតិនៃវិទ្យាសាស្ត្រ នៅសហរដ្ឋអាមេរិក នៅឆ្នាំ ២០១២ បានព្យាករថា ទំនប់សេសានក្រោម ២ នឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផលត្រីនៅក្នុងប្រព័ន្ធទន្លេមេ គង្គទាំងមូល ដែលមានស្ទើតែ ១០% នៃការខូចខាតនូវជីវម៉ាស់ត្រី “នៅទូទាំងអាង”។ អ្វីដែលគួរកត់សំគាល់គឺ ការព្យាករនេះសម្រាប់តែគម្រោងទំនប់សេសានក្រោម ២ ប៉ុណ្ណោះ លោកបានលើកឡើងថា ការសាងសង់ទំនប់ផ្សេងទៀតនៅក្នុងប្រព័ន្ធទន្លេមេគង្គ ដែលជាក់ស្តែងកំពុងសាងសង់ជាបន្តបន្ទាប់ នឹងនាំបង្កបញ្ហាស្មុកស្មាញបន្ថែមទៀត។ (ដូចដែលរបាយការណ៍នេះបង្ហាញថា ទំនប់សេសានក្រោម ២ ពិតជាបានបង្កផលប៉ះពាល់យ៉ាងធំធេងដល់បរិមាណត្រីក្នុងទន្លេមេគង្គ។)

សហគមន៍ដែលរងផលប៉ះពាល់ជាច្រើន ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងក្រុមសកម្មជនបរិស្ថាន ក៏ធ្លាប់បានលើកឡើពីកង្វល់សិទ្ធិមនុស្សសំខាន់ៗទាក់ទងនឹងទំនប់វារីអគ្គីសនី មុនសំណើសាងសង់ត្រូវបានអនុម័តផងដែរ។

ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានពិគ្រោះយោបល់ខ្លះជាមួយសហគមន៍មូលដ្ឋានដែលរងការបណ្តេញចេញ បាត់បង់មុខរបរ និងវប្បធម៌ បានអនុម័តសំណើសាងសង់ទំនប់វារីអគ្គីសនីនៅឆ្នាំ ២០១២។

 

ការប្រឆំាងជំំទាស់របស់់សហគមន៍

មុនការសាងសង់ទំនប់សេសានក្រោម​ ២ អ្នកភូមិនៅតំបន់ក្បែៗនោះ បានរស់នៅក្នុងជីវភាពដែលមានចីរភាព ពួកគាត់រស់នៅក្នុងផ្ទះឈើ ហើយបើទោះជាក្រីក្រ និងមិនទទួលបានសេវាថែទាំ​សុខភាព និងការអប់រំក្តី តែពួកគាត់អាចចាត់ចែងយ៉ាងមានប្រសិទ្ធភាពនូវជីវភាពគ្រួសារ តាមរយៈមុខរបរនេសាទ ធ្វើស្រែចំការ និងការប្រមូលអនុផលពីព្រៃសមូហភាព។ អ្នកភូមិភាគច្រើនជា ជនជាតិដើមភាគតិចរស់នៅជាសហគមន៍។

ក្រៅពីនេសាទត្រីសម្រាប់បរិភោគក្នុងគ្រួសារ ពួកគេជាច្រើនយកត្រីដែលសល់ពីនេះ ជាពិសេសត្រីធំៗ ទៅលក់នៅផ្សារក្នុងទីប្រជុំជនក្បែរៗនោះ។ ពួកគេក៏លក់អង្ករដែលផលិតបានច្រើន និងកសិផល     ផ្សេងៗទៀតដូចជា ដូង គ្រាប់ស្វាយចន្ទី និងផ្លែចេក ក៏ដូចជា ផ្កា រុក្ខជាតិស្មៅ រុក្ខជាតិឱសថ  ផ្សិត ជ័រទឹក និងផ្លែឈើព្រៃ។ ពួកគេរស់នៅជាសហគមន៍ ធ្វើការ និងប្រើប្រាស់ដីរួមគ្នា គោរពជំនឿសាសនាដែលមានទំនាក់ទំនងទៅនឹងជីវិតពួកគេរស់នៅក្នុងព្រៃ ដែលដូនតារបស់គេ បានរស់នៅ ស្លាប់ និងកប់សពទីនោះ និងដែលពួកគេមានជំនឿថា ព្រលឹងវិញ្ញាញរបស់ព្រៃបានការពារ និងផ្តល់អ្វីៗដល់ពួកគេ។

“ខ្ញុំមិនអាចទុកដូនតារបស់ខ្ញុំនៅទីនេះទេ” នេះជាការលើកឡើងរបស់ ណាត សុថា ជាចាស់ព្រិទ្ធាចារក្នុងក្រុមអំបូរប៊ូនង។ “ខ្ញុំមិនអាចបោះបង់ចោលព្រលឹងរបស់ពួកគាត់ទេ។ បើខ្ញុំបោះបង់ពួកគាត់ចោល ខ្ញុំនឹងបាត់បង់អត្តសញ្ញាណរបស់ខ្ញុំ...ខ្ញុំនឹងមិនដឹងថា តើខ្ញុំជានរណា”។

ការប្រឆាំងជំទាស់ទៅនឹងគម្រោងទំនប់សេសានក្រោម ២ ពិតជាធំធេង និងជាប់លាប់តាំងពីគ្រាដំបូងដែលប្រជាសហគមន៍បានដឹងអំពីគម្រោងនេះមកម្លេះ ពោលគឺមួយទសវត្សរ៍មុនបញ្ចប់ការសាសង់។ ការសិក្សាស្រាវជ្រាវមួយ នាឆ្នាំ ២០០៩ របស់អង្គការសង្គមស៊ីវិល បានសម្ភាសន៍អ្នកភូមិដែលរស់នៅក្នុងសហគមន៍រងផលប៉ះពាល់ ហើយបានរងឃើញថា “១០០% នៃអ្នកដែលបានចូលរួមប្រជុំភូមិ...បានសំដែងនូវការជំទាស់របស់គេទៅនឹងទំនប់សេសាន ២”។

ដូចដែលអ្នកភូមិ ស្រែគ ម្នាក់បានប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សថា៖ “បន្ទាប់ពីបានដឹងអំពីគម្រោង យើងបានបដិសេធភ្លាម។ យើងបាននិយាយថា “ទេ”។ នៅពេលនោះគេ (អាជ្ញាធរមូលដ្ឋាន)បានសួរយើងថា “បើនរណាមិនយល់ព្រមចំពោះការសាងសង់ទំនប់ សូមលើកដៃ” ពេលនោះអ្នកភូមិទាំងអស់ បានលើកដៃឡើងព្រមគ្នា”​។

ជាងមួយទសវត្សរ៍ អាជ្ញាធរកម្ពុជា បានលាបពណ៌អ្នករិះគន់ដល់គម្រោងទំនប់សេសានក្រោម ២ និងគ្រួសារដែលតវ៉ា និងបដិសេធការផ្លាស់ទីលំនៅ ថាជាអ្នកបង្កបញ្ហា និងជាអ្នកមកពីខាងក្រៅ។ ជាញឹកញាប់ពួកមន្ត្រីនិយាយថា ការពិគ្រោះយោបល់ជាមួយសហគមន៍ត្រូវបានអនុវត្ត ផ្អែកតាមច្បាប់ និងបានធ្វើគ្រប់គ្រាន់ ហើយថា​ សមាជិកសហគមន៍ភាគច្រើនពេញចិត្តចំពោះគម្រោងតាំងលំនៅឋានថ្មី និងស្ម័គ្រចិត្តទទួលយកការទូទាត់សំណង។

នៅក្នុងពិធីបើកសម្ពោធទំនប់វារីអគ្គីសនីនៅឆ្នាំ ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនមានប្រសាសន៍ថា៖ “ខ្ញុំចង់គូសបញ្ជាក់ថា ប្រជាជនមូលដ្ឋានភាគច្រើននៅទីនេះ បានគាំទ្រគម្រោងសាងសង់ទំនប់។ មានតែមនុស្សមួយចំនួនតូចទេ ដែលបានបង្កបញ្ហាដល់គម្រោងនេះ។ អ្នកបង្កបញ្ហាទាំងនោះត្រូវបានញុះញង់ពីបរទេស”។

ប៉ុន្តែ ដូចដែលរបាយការណ៍នេះបានបង្ហាញ រាជរដ្ឋាភិបាលកម្ពុជាពិតជាចង់អនុម័តគម្រោងនេះ ដោយមិនគិតពីទស្សនៈរបស់សហគមន៍ និងការជំទាស់យ៉ាងច្រើនពីអ្នកភូមិ និងអ្នកដឹកនាំរបស់គេក៏ដោយ។

មន្ត្រី​រដ្ឋាភិបាលកម្ពុជា និងតំណាងក្រុមហ៊ុនបុត្រសម្ព័ន្ធ CHNG នៅកម្ពុជាបានជូនដំណឹងជាច្រើនលើកទៅអ្នកភូមិថា គម្រោងនឹងនៅបន្តទៅមុខ ហើយថា ពួកគេមិនមានជំរើស ប៉ុន្តែ ត្រូវទទួលយកការទូទាត់សំណងដែលផ្តល់ជូន និងការផ្លាស់ទីលំនៅ។ ការប្រជុំជាមួយសហគមន៍មិនត្រូវបានធ្វើឡើងពេញលេញទេ ពួកគេគ្រាន់តែធ្វើ “ការអង្កេត” ដែលអ្នកភូមិត្រូវបានសួរអំពីទ្រព្យសម្បត្តិ និងប្រាប់ថា អ្នកភូមិសំណងនឹងទទួលបានសំណង។

“លោក ញុយ” អ្នកភូមិក្បាលរមាស តាមបណ្តោយទន្លេសេសាន បាននិយាយថា៖ “យើងទាំងអស់គ្នាបានបដិសេធ។ ពួកយើងប្រាប់គេថា យើងមិនចង់ឃើញការសាងសង់ទំនប់ទេ...នៅក្នុងការពិគ្រោះយោបល់ គេបានកំណត់អ្វីៗសម្រាប់ពួកយើង។ គេមិនបានសួរយើងថា​ ចង់បាន​ ឬត្រូវការអ្វីទេ”។

ការទូទាត់សំណងសម្រាប់ការផ្លាស់ទីលំនៅ ពិតជាតិចតួចណាស់ ម៉្យាងវិញទៀត ម្ចាស់គម្រោងមិនដែលផ្សព្វផ្សាយផែនការនៃការផ្លាស់ទីលំនៅចុងក្រោយ និងទូលំទូលាយទេ អង្គការឃ្លាំមើលសិទ្ធិមនុស្ស អាចកត់ត្រានូវការរៀបចំជាមូលដ្ឋានពីការពិភាក្សាជាច្រើនជាមួយសមាជិកសហគមន៍ និងសកម្មជន។

ក្រុមហ៊ុន CHNG បានទូទាត់សំណងដល់អ្នកដែលត្រូវបង្ខំឱ្យផ្លាស់ទីលំនៅ ជាដីឡូត៍ មួយកន្លែងនៅតំបន់តាំងទីលំនៅថ្មី ដែលមានទំហំប្រហែល ៥ ហិចតា រួមជាមួយផ្ទះសង់រួចជាស្រេចមួយខ្នង ឬទឹកប្រាក់ចំនួន ៦០០០ដុល្លា សម្រាប់គ្រួសារប្រើប្រាស់ដើម្បីសាងសង់ផ្ទះថ្មីដោយខ្លួនឯង។ តំបន់តាំងទីលំនៅថ្មីមានចំងាយជាច្រើនគីឡូម៉ែត្រពីទីដែលអ្នកភូមិធ្លាប់ប្រកបរបរនេសាទ និងស្ថិតនៅក្នុងតំបន់ដែនមានដីហួតហែង និងសម្បូរថ្ម មិនសូវមានជីជាតិ ហើយពិបាកភ្ជួរាស់ជាងតំបន់ដែលគេធ្លាប់រស់នៅ។ ពលរដ្ឋភាគច្រើននិយាយថា ផ្ទះសាងសង់ស្រាប់ដែលគេផ្តល់ជូនមានគុណភាពទាបជាងផ្ទះរបស់ពួកគាត់ ហើយសំណងជាទឹកប្រាក់ ៦០០០ ដុល្លាមិនគ្រប់គ្រាន់សម្រាប់សាងសង់ផ្ទះសមរម្យមួយទេ។ “សំភី” អ្នកភូមិក្បាលរមាស បានលើកឡើងថា៖ “គុណភាពដីចាស់របស់យើង ប្រសើរជាងខ្លាំងធៀបទៅនឹងដីដែលគេសងជូន ពីព្រោះវាស្ថិតនៅក្បែទន្លេ។ ដីចាស់របស់យើង មានសំណើម ងាយស្រួលភ្ជួរ ហើយមានល្បាប់ដែលមានជីជាតិច្រើនជាង”។

ការផ្តល់សេវាជាមូលដ្ឋានក្នុងតំបន់តាំងលំនៅថ្មីក៏មិនបានគ្រប់គ្រាន់។ លោក ញុយ អ្នកភូមិក្បាលរមាស បានលើកឡើងថា បុគ្គលិកពេទ្យមិនទាន់ត្រូវបានបញ្ជូនមកប្រចាំការនៅមណ្ឌលសុខភាពក្នុងតំបន់តាំងទីលំនៅថ្មីក្បាលរមាស រហូតដល់ឆ្នាំ ២០១៩ ហើយកាលណោះ ដំបូលមណ្ឌលសុខភាពមានលិចទឹក ហើយត្រូវប្រមូលលុយតាមរយៈវិភាគទានពីសហគមន៍ដើម្បីជួសជុល។ “ដំបូលមណ្ឌលសុខភាពរបស់យើងបានធ្លុះធ្លាយ។ ជញ្ជាំងខ្លះនៃសាលារៀនយើងបានខូចខាត។ អណ្តូងស្នប់ស្ទើរទាំងអស់ប្រើការលែងកើត ដូច្នេះ យើងទិញទឹក​ (ទឹកដែលគេបូមពីស្រះក្បែរនោះ) សម្រាប់ហូប និងចំអិនអាហារ។

ដោយសារទន្លេ ឥឡូវមានចំងាយរាប់សិបគីឡូម៉ែត្រ អ្នកភូមិនៅតំបន់តាំងលំនៅថ្មី ពិបាក ឬមិនអាចនេសាទត្រីបានទេ ហើយអ្នកភូមិជាច្រើន បានរាយការណ៍ពីការធ្លាក់ចុះទិន្នផលត្រី មិនយូរប៉ុន្មានបន្ទាប់ពីគម្រោងសាងសង់ទំនប់ត្រូវបានបញ្ចប់។

ក្រុមហ៊ុន បានធ្វើការជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់សំណងដល់គ្រួសារដែលត្រូវផ្លាស់ទីលំនៅ ជាសាច់ប្រាក់សម្រាប់ការបាត់បង់ចំណូល ប៉ុន្តែ ការទូទាត់សំណងសម្រាប់តែការបាត់បង់ចំណូលពីការនេសាទ និងសម្រាប់រយៈពេលតែមួយឆ្នាំ ពោលគឺមិនបានរួមបញ្ចូលសំណងអំពីបាត់បង់ចំណូលពីកសិកម្មដែលមានជាបន្ត បណ្តាលមកពីការបាត់បង់ដំណាំមានអាយុច្រើនឆ្នាំ។ នេះមានន័យថា គ្រួសារ​ភាគច្រើនទទួលបានសំណងតែម្តង ហើយមានតំលៃតិចជាងការបាត់បង់ជាក់ស្តែងរបស់គេយ៉ាងច្រើន។ កញ្ចប់សំណងមិនបានរួមបញ្ចូលជំនាញថ្មីៗ ឬការបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្តល់ប្រាក់កំចី ឬហិរញ្ញប្បទាន ដើម្បីជួយអ្នកភូមិទទួលបានឱកាសការងារថ្មីទេ។ មិនមានអ្វីត្រូវភ្ញាក់ផ្អើលទេ ដែលមានអ្នកភូមិជាច្រើនពីដំបូងបានបដិសេធកញ្ចប់សំណងសម្រាប់ផ្លាស់ទីលំនៅ។

ក្នុងពេលអនុវត្តការសាងសង់ទំនប់កំពុងដំណើរការទៅពេញទំហឹង នៅឆ្នាំ ២០១៥ មន្ត្រីរាដ្ឋាភិបាល​ កម្ពុជា បានគំរាម និងដាក់សំពាធលើប្រជាជនមូលដ្ឋានឱ្យទទួលយកសំណង និងកញ្ចប់តាំងលំនៅថ្មី បើមិនដូច្នេះទេ គេនឹងបញ្ឈប់រាល់សេវាផ្សេងៗរបស់រដ្ឋាភិបាល ឬសំណងណាមួយ។ លោក ញុល បានលើកឡើងថា មានពេលមួយ មន្ត្រីរដ្ឋាភិបាលបានប្រាប់អ្នកភូមិលោកថា៖ “បើអ្នកមិនព្រមរើចេញ ពេលដែលទំនប់វារីអគ្គីសនីចាប់ផ្តើមដំណើរការ ភូមិរបស់អ្នកនឹងត្រូលិចលង់។ ប្រសិនបើអ្នកមិនផ្លាស់ទៅរស់នៅលើទីខ្ពស់ទេ ពេលនោះពស់ខិតខំរស់ដោយពស់ កង្កែបខំប្រឹងរស់ដោយកង្កែប…ប្រសិនបើអ្នកមិនស្តាប់យើងទេយើងមិនទទួលខុសត្រូវចំពោះការស្លាប់ណាមួយឡើយ” ។

“ពួកយើងមិនមានផ្លូវត្រូវជ្រើសរើសទេ” ជាការលើកឡើងដោយ សំភី។ គាត់បានបន្តថា “ខ្ញុំចង់ប្រឈមមុខចំពោះគេ...ប៉ុន្តែ ប្រហែលមិនបានផលទេ...ពីព្រោះ យូរ ឬឆាប់គេគង់តែសាងសង់ទំនប់ដដែល។”
 

រាល់ការជំទាស់ត្រូវបានគេមិនអើពើ ដូច្នេះផលប៉ះពាល់ពិតជាធ្ងន់ធ្ងរ

អ្នកភូមិបានដឹកនាំការជំទាស់តវាជាច្រើនប្រឆាំងការសាងសង់ទំនប់ រយៈពេលពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៨។ កាលណោះ ប៉ូលីសបានគំរាមកំហែងអ្នករៀបចំការតវ៉ា ឬកោះហៅពួកគេទៅសាកសួរអំពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ” ។

នៅឆ្នាំ ២០១៤ និង ២០១៥ មេដឹកនាំជនជាតិដើមភាគតិចបានសរសេរលិខិតជំទាស់នឹងគម្រោងផ្ញើទៅកាន់ក្រុមហ៊ុនពាក់ព័ន្ធ មន្ត្រីរដ្ឋាភិបាលកម្ពុជា និងមន្ត្រីចិន នៅកម្ពុជា និងនៅទីក្រុងប៉េកាំង។

បើទោះជាមានគ្រួសាររាប់ពាន់ជាដំបូងទទួលយកកញ្ចប់សំណងសម្រាប់ការតាំងលំនៅថ្មីក៏ដោយ ប៉ុន្តែ មានគ្រួសារជាង ១០០ គ្រួសារ ដែលរស់នៅក្នុងតំបន់លិចទឹកដោយសារទំនប់បានបដិសេធ។ នៅឆ្នាំ ២០១៧ ពេលដែលក្រុមហ៊ុនបានបញ្ចប់ការសាងសង់ទ្វារទំនប់ ហើយចាប់ផ្តើមបិទ ធ្វើឱ្យលិចភូមិ មានគ្រួសារ ៧០០​ គ្រួសារទៀតបានព្រមទទួលយកកញ្ចប់សំណង ប៉ុន្តែ នៅមាន ១៨០ គ្រួសារទៀតនៅតែបដិសេធ។ អ្នកដែលបានបដិសេធភាគច្រើនបានរើទីលំនៅទៅកាន់តំបន់តូចមួយដែលនៅសេសសល់ ជាដីផ្នូរដូនតាស្ថិតនៅក្បែរតំបន់អាងស្តុកទឹកដែលលិចលង់ថ្មី។ ពួកគេចាប់ផ្តើមសាងសង់លំនៅឋាន ហើយក្រោយមកព្យាយាមចុះបញ្ជីជាដីសមូហភាពពីរដ្ឋាភិបាល។ ទោះជាយ៉ាងណា មកដល់ត្រឹមខែ    មីនា ២០២១ មិនមានសហគមន៍ណាមួយដែលបដិសេធទទួលយកសំណងតាំងលំនៅថ្មីទទួលបាន   ប័ណ្ណកាន់កាប់ដីធ្លីថ្មីទេ។

នៅដើមឆ្នាំ ២០១៨ ពេលការសាងសង់ទំនប់ត្រូវបានបញ្ចប់ ការភ័យខ្លាចរបស់អ្នកភូមិ ទាំងអ្នកដែលព្រមទទួលយកសំណងផ្លាស់ប្តូរទីលំនៅ និងអ្នកដែលបដិសេធ ចាប់ផ្តើមក្លាយជាការពិត។ ស្ទើរតែគ្រប់គ្នាដែលរស់នៅជិតទំនប់ និងអ្នកដែលរស់នៅតំបន់តាំងលំនៅថ្មីរងនូវការបាត់បង់ចំណូល និងមុខរបររបស់ខ្លួន។ ពួកគាត់មិនអាចនេសាទ ឬដំាដំណាំទទួលបានទិន្នផលដូចពីមុនទេ ពួកគេភាគច្រើនត្រូវបង្ខំចិត្តទិញអាហារពីផ្សារក្នុងស្រុក និងអ្នកផ្សេងទៀតជាច្រើន មានការលំបាកក្នុងការចិញ្ចឹមគ្រួសាររបស់  ខ្លួន។

អ្នកភូមិក្នុងតំបន់តាំងលំនៅថ្មីផ្លូវការប្រាប់អំពីទឹកដែលមិនសមស្របសម្រាប់បរិភោគ ឬដាំស្ល។ វាមាន ក្លឹនមិនអាចផឹកបាន ហើយបើយកវាទៅចំអិនអាហារ វាបង្កកំណកក្នុងឆ្នាំង និងអាហារ។ អ្នកភូមិចាំបាច់ត្រូវចំណាយបន្ថែមដើម្បីទិញទឹកពីឡានដឹកទឹកលក់។ “យើងមានបាយហូប ប៉ុន្តែ ទឹក...តើមានប្រាក់ពីណាសម្រាប់ខ្ញុំ (ទិញទឹក)?”។ នេះជាការលើកឡើងរបស់ សំភី អ្នកភូមិជនជាតិ ប៊ូនង។ “ខ្ញុំនឹងស្លាប់នៅថ្ងៃណាមួយដោយសារទឹក”។

មានគ្រួសាររាប់សិបពាន់គ្រួសារផ្សេងទៀតនៅក្នុងសហគមន៍ ដែលរស់នៅក្រៅតំបន់ត្រូវផ្លាស់ទីលំនៅក៏រងផលប៉ះពាល់ ពីការធ្លាក់ចុះយ៉ាងគំហុកនូវប្រាក់ចំណូល ដូចដែលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន​បានព្យាករ។ គ្រាន់តែបញ្ចប់ការសាងសង់ទំនប់ភ្លាម ប្រជាសហគមន៍នៅខ្សែទឹកខាងលើត្រូវបានរាយការណ៍ថាបានធ្លាក់ចុះយ៉ាងគំហុកនូវទិន្នផលត្រី ហើយក្នុងករណីខ្លះ បានធ្លាក់ចុះច្រើនជា ២ ភាគ ៣ ដោយសារទំនប់បានធ្វើឱ្យរាំងស្ទះការចារាចរណ៍របស់ត្រី។

អ្នកភូមិនៅខ្សែទឹកខាងលើក៏រងគ្រោះផងដែរពីការខូចខាតផលដំណាំដែលមាននៅតាមដងទន្លេសេសាន ដែលបង្កនូវការលិចលង់ញឹកញាប់ និងធ្ងន់ធ្ងរជាងធម្មតា តាំងពីបញ្ចប់ការសាងសង់ទំនប់រួចរាល់ នៅឆ្នាំ ២០១៨។ ការខូចខាតទាំងនេះកើតមានទៅលើប្រព័ន្ធទន្លេមេគង្គទាំងមូល ហើយធនធានជនផល រងនូវសំពាធកាន់តែធ្ងន់ធ្ងរពីការសាងសង់ទំនប់ផ្សេងទៀតនៅផ្នែកខាងលើទន្លេ នៅប្រទេសឡាវ និងប្រទេសចិន ការប្រែប្រួលអាកាសធាតុ និងកំណើនទឹកដែលបង្វែចេញពីការធ្វើកសិកម្ម និងការប្រើប្រាស់របស់មនុស្ស។ អ្នកជំនាញផ្នែកជលផល ជឿថា ទំនប់សេសានក្រោម ២ បានរួមចំណែកនាំមកនូវផលប៉ះពាល់នេះយ៉ាងធំធេង។
 

ការរំលោភបំពានគឺជាការរំលោភលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ

ដូចដែលរបាយការណ៍នេះ បានបង្ហាញ អំឡុងពេលធ្វើផែនការ និងការអនុវត្តគម្រោងទំនប់សេសានក្រោម ២ រដ្ឋាភិបាលចិន និងកម្ពុជាបានធ្វើសកម្មភាពតិចតួចបំផុតចំពោះសិទ្ធិមនុស្សនៃពលរដ្ឋដែល​រងផលប៉ះពាល់ផ្ទាល់ និងដោយប្រយោលពីគម្រោង។ សិទ្ធិទាំងនោះរួមមានសិទ្ធិទទួលបានបទដ្ឋានរស់នៅសមរម្យ សិទ្ធិអាហារ ទឹក លំនៅឋាន និងសិទ្ធិចូលរួម និងទទួលសំណង។ រដ្ឋាភិបាល និងក្រុមហ៊ុនដែលមានចំណែកពាក់ព័ន្ធគម្រោងទាំងអស់ មានកាតព្វកិច្ចដោះស្រាយសំណង ការរំលោភបំពានដែលបានកើតឡើង និងកំពង់កើតមាន។

ច្បាប់សិទ្ធិមនុស្សអន្តរជាតិ កាពារសិទ្ធិបុគ្គលទាំងអស់ ដើម្បីទទួលបានបទដ្ឋាននៃការរស់នៅសមរម្យ រួមមានអាហារ ទឹក និងលំនៅឋាន។ អ្នកទាំងឡាយដែលមិនស្ម័គ្រចិត្តទទួលយកការតាំងទីលំនៅថ្មី “មានសិទ្ធិទទួលបានព័ត៌មានពាក់ព័ន្ធ ការពិគ្រោះយោបល់ពេញលេញ និងបានចូលរួមក្នុងដំណើរការទាំងមូល” ក៏ដូចជា ការទូទាត់សំណងស្របតាមបទដ្ឋានសិទ្ធិមនុស្ស។  ការទូទាត់សំណងគួរតែផ្តល់ជូន ជាអប្បរមាទៅនឹងទំហំខូចខាតនៃរចនាសម្ព័នរូបវន្ត និងដីធ្លីដែលបាត់បង់ និងអ្នកដែលទទួលយកសំណងផ្លាស់ទីលំនៅ គួរទទួលបានប្រហាក់ប្រហែល ឬស្មើនឹងប្រភពមុខរបរ និងប្រាក់ចំណូល ទាំងផ្លូវការ និងមិនផ្លូវការ ហើយការទូទាត់សំណងក៏ត្រូវរួមទាំងការបាត់បង់ណាមួយនៃមុខរបរ និងប្រាក់ចំណូលក្នុងកំរិតដែលវាមិនត្រូវបានជំនួស។

ប្រជាជនដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់មានសិទ្ធិទទួលបានព័ត៌មានពិស្តារពីគម្រោង ដើម្បី ពួកគេអាចលើកឡើងនូវក្តីបារម្ភ ចរចារកជម្រើស និងពិភាក្សារកដំណោះស្រាយដើម្បីកាត់បន្ថយហេតុប៉ះពាល់ជាអវិជ្ជមាន។ ដើម្បីអនុវត្តសិទ្ធិទាំងនេះ រដ្ឋាភិបាលកម្ពុជា គួរតែសម្របសម្រួលឱ្យពលរដ្ឋទទួលបាននូវការពិគ្រោះផ្លូវច្បាប់សម្រាប់សហគមន៍រងផលប៉ះពាល់។

រដ្ឋាភិបាល មានការទទួលខុសត្រូវជាពិសេស សម្រាប់ការគោរព ការពារ និងលើកស្ទួយសិទ្ធិជនជាតិ ភាគតិច រួមមានសិទ្ធិចូលរួមក្នុងការសម្រេចចិត្តអំពីបញ្ហាដែលប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ ហើយដូចដែលបានលើកឡើងខាងលើ ត្រូវពិគ្រោះយោបល់ប្រកបដោយសុឆន្ទៈ ដើម្បី “ទទួលបានការយល់ព្រម ដោយសេរី និងជាមុន” ដូចបានចែងក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមភាគតិច។

ដូចមានចែងជាក់លាក់ក្នុងសេចក្តីប្រកាស រដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ច ផ្តល់នូវយន្តការប្រកបដោយ ប្រសិទ្ធភាពដើម្បីការពារ និងផ្តល់ការដោះស្រាយសម្រាប់សកម្មភាពណាមួយដែលនាំឱ្យមានការដកហូតពីជនជាតិភាគតិចនូវ “សុចរិតភាពរបស់ពួកគេ ជាក្រុមមនុស្សដោយឡែក ឬគុណតម្លៃនៃវប្បធម៌របស់គេ” ឬការរឹបអូសយកពីពួកគាត់នូវ “ដីធ្លី ដែនដី ឬធនធាន”។ ជនជាតិដើមភាគតិច មានសិទ្ធិប្រតិបត្តិ និងរក្សាប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន។ ក្រោមច្បាប់កម្ពុជា ជនជាតិដើមភាគតិច និងជនជាតិភាគតិចរស់នៅជាសហគមន៍ ក៏មានសិទ្ធិទទួលបានការកាន់កាប់ដីធ្លីជាសមូហភាពផងដែរ។

រដ្ឋាភិបាលកម្ពុជា និងចិនគួរតែតម្រូវឱ្យក្រុមហ៊ុន និងអ្នកផ្តល់ហិរញ្ញប្បទានពាក់ព័ន្ធក្នុងការអភិវឌ្ឍគម្រោងសំខាន់ រួមមានគម្រោងទំនប់សេសានក្រោម ២ ពិនិត្យមើលឡើងវិញអំពីផលប៉ះពាល់នៃគម្រោងទៅលើបុគ្គល និងសហគមន៍ ហើយផ្តល់សំណងជាប្រាក់ និងដីធ្លីឱ្យបានសមរម្យចំពោះអ្នក ទាំងឡាយណាដែលមិនទាន់បានទទួល និងផ្តល់សេវាចាំបាច់ដូចជា សុខភាព ការអប់រំ មធ្យោបាយធ្វើដំណើរ និងសេវាកម្មការងារ ដើម្បីប៉ះប៉ូវសងការខូចខាតបណ្តាលពីគម្រោង។ សេវាទាំងនេះរួមមានទាំងការ ធានាលើសុវត្ថិភាពកាន់កាប់ដីធ្លីសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ផងដែរ។

សម្រាប់គម្រោងផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវទៅអនាគត វាជាប្រការយ៉ាងសំខាន់ដែលរដ្ឋាភិបាលចិនមិនត្រូវឱ្យមានការរំលោភបំពាន ដូចដែលមានក្នុងគម្រោងនេះទេ។​​ រដ្ឋាភិបាលចិន នៅពេលអនាគត ត្រូវអនុវត្តការត្រួតពិនិត្យឱ្យបានសមរម្យ ទៅលើការអនុវត្តរបស់ក្រុមហ៊ុនចិន ចំពោះគម្រោងខ្សែក្រវាត់ និងផ្លូវ និងបណ្តាអ្នកម៉ៅការបន្តរបស់ខ្លួន ដើម្បីការពារពីការរំលោភបំពានដូចដែលមានកត់ត្រាក្នុងគម្រោងនេះ។

រដ្ឋាភិបាលចិនត្រូវកែលំអគោលនយោបាយ និងបទប្បញ្ញត្តិទាំងឡាយ ទាក់ទងនឹងគម្រោងដែលខ្លួន​  វិនិយោគនៅបរទេស ដូចជាគម្រោងទំនប់សេសានក្រោម ២ និងអនុលោមតាមបទដ្ឋាន អន្តរជាតិ ដែលការពារមនុស្សដែលរងផលប៉ះពាល់ដោយគម្រោង។

ទោះជាយ៉ាងណា ឯកសារផ្លូវការ មានផ្តល់ការណែនាំតិចតួចអំពីការការពារសិទ្ធិមនុស្ស និងមិនមានយន្តការពង្រឹងច្បាប់ ទាក់ទងនឹងការអនុវត្តគម្រោងផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវទេ។ ឯកសារពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានចែងថាក្រុមហ៊ុនចិន វិនិយោគនៅក្រៅប្រទេសត្រូវយកចិត្តទុកដាក់លើកង្វល់ផ្នែកបរិស្ថានរបស់ប្រជាសហគមន៍ ហើយមានការលើកឡើងដដែលៗនូវពាក្យស្លោកដូចជា “ទស្សនៈបៃទង”  “ចំណងរវាងប្រជាជន និងប្រជាជន” “ផលប្រយោជន៍ទៅវិញទៅមក និងស្ថានភាពឈ្នះៗ” និង “ការចែករំលែកផលប្រយោជន៍គ្នា”ជាដើម ប៉ុន្តែ អភិក្រមទាំងនេះ មិនត្រូវបានកំណត់ឱ្យបានច្បាស់លាស់ និងមិនបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ជនងាយរងគ្រោះរស់នៅក្នុងតំបន់ដែលគម្រោងអនុវត្តនោះទេ។
 

ពួកមន្ត្រីបានដឹងអំពីផលប៉ះពាល់របស់គម្រោង

នៅខែឧសភា ២០២១ ក្រុមហ៊ុន CHNG បញ្ចេញ “របាយការណ៍និរន្តរភាព” របស់ទំនប់ ដែលរៀបចំដោយក្រុមអ្នកស្រាវជ្រាវកម្ពុជា Asian Vision Institute បានទទួលស្គាល់បញ្ហាភាគច្រើនដែលលើកឡើងក្នុងរបាយការណ៍នេះ។ ទោះជាយ៉ាងណា គេបានសម្រាលភាពធ្ងន់ធ្ងរនៃបញ្ហា និងធ្វើសេចក្តីសន្និដ្ឋានដែលមិនមានការពន្យល់ច្បាស់លាស់ថា គម្រោងបានកែលំអជីវភាពរស់នៅរបស់ពលរដ្ឋដែលបានផ្លាស់ទីលំនៅ។ (គេមិនបានវែកញែកអំពីផលប៉ះពាល់កើតមានលើប្រជាសហគមន៍នៅខ្សែទឹកខាងលើ និងខាងក្រោមនៃតំបន់រងការលិចលង់ទេ)។

អ្វីដែលគួរឱ្យកត់សំគាល់គឺរបាយការណ៍របស់ក្រុមហ៊ុន មិនបានលើកឡើងអ្វីដែលផ្ទុយ ឬបដិសេធចំពោះ បណ្តឹងតវ៉ាជារួមរបស់ពលរដ្ឋភាគច្រើន ដែលរងការផ្លាស់ទីលំនៅដោយសារគម្រោងទេ វាគ្រាន់តែសម្រាលបញ្ហា ដោយសង្កត់ធ្ងន់ថា អ្នកភូមិដែលបានផ្លាស់ទីលំនៅថ្មី ត្រូវបានផ្តល់ជូននូវ “ផ្ទះថ្មី” និង “ដីទំហំ៥ហិចតា” មាន “សាលារៀនថ្មី” ទទួលបាន “ផ្លូវថ្នល់ល្អ” និងជិតទីប្រជុំជន។ របាយការណ៍ បានទទួលស្គាល់ថា ប្រាក់ចំណូល របស់អ្នកភូមិតាំងលំនៅថ្មីភាគច្រើនបានធ្លាក់ចុះ ហើយថា ភាគច្រើនកង្វះខាតទឹកស្អាត ប្រើប្រាស់ និងបរិភោគ ម៉្យាងទៀត របៀបរស់នៅជាសមូហភាព និង​ “ស្វ័យភាព” ត្រូវរងនូវការរំខាន។

បន្ទាប់ពីបានរើទៅកាន់ភូមិថ្មី ពួកគាត់មានការលំបាកក្នុងការរកចំណូល ព្រៃដែលពួកគាត់ធ្លាប់អាស្រ័យផល ត្រូវរងការលិចលង់ ហើយទន្លេ ក៏លែងងាយស្រួសម្រាប់ការនេសាទតទៅទៀតដែរ។ អ្នកភូមិនៅទីលំនៅថ្មី និយាយថា ភូមិឋានថ្មីមានចំងាយឆ្ងាយពីទន្លេ។ ម្យ៉ាងវិញទៀត អ្នកភូមិក៏មានការប្រឈមនៅឡើយពីការទទួលបានទឹកស្អាតប្រើប្រាស់ ហើយត្រូវចំណាយបា្រក់ក្នុងតម្លៃខ្ពស់ម្រាប់ការទិញទឹក (មួយសាទែន)មកប្រើប្រាស់។

ផលិតផលជលផល និងព្រៃឈើកាន់តែពិបាករក ខណៈដែលការចំណាយសម្រាប់ការបរិភោគប្រចាំថ្ងៃបានកើនឡើងខ្ពស់ប៉ុន្មានឆ្នាំមកនេះ ដោយហេតុថា ពួកគាត់ត្រូវចំណាយប្រាក់ទិញរបស់សព្វបែបយ៉ាង រួមមាន ថ្លៃអគ្គីសនី ត្រីសាច់ បន្លែ និងសូម្បី​     ទឹក។ កាលពីមុនពួកគាត់មិនដែលចំណាយលើរបស់ទាំងនេះទេ។

បើទោះជាមានការលើកឡើងយ៉ាងដូច្នោះក៏ដោយ ក្រុមហ៊ុន CHNG នៅបានទាញយកនូវការសន្និដ្ឋានក្នុងរបាយការណ៍របស់ខ្លួនថា ជីវភាពរបស់អ្នកភូមិនៅទីលំនៅថ្មីមានការប្រសើរជាងមុន។ របាយការណ៍ បានអះអាងទាំងមិនមានភស្តុតាងថា គម្រោងបានជួយធានាលើ “ការអភិរក្ស ប្រពៃណី វប្បធម៌ លើកស្ទួយយុត្តិធម៌សង្គម និងការពារជីវភាពរបស់គេឱ្យមាននិរន្តរភាព”។ ការអះអាងបែបនេះផ្ទុយស្រឡះទៅនឹងរបាយការណ៍របស់ខ្លួនពីមុន ដែលពិពណ៌នាអំពីជនជាតិដើមភាគតិច និងសហគមន៍ជនជាតិ ត្រូវគេបង្ខំឱ្យបោះបង់វប្បធម៌ស្វ័យភាពរបស់ខ្លួន (ដែលរបាយការណ៍លើកឡើងថា “មិនមែនជាការងាយស្រួលទេ”) ហើយ “ប្រឈម” ចំពោះការធ្វើឱ្យមានសេដ្ឋកិច្ចស្ថិតស្ថេរមួយសម្រាប់ជីវិតថ្មីរបស់គេ និង “កង្វះ” លទ្ធភាពទទួលបាន “ទឹកស្អាត និងមានសុវត្ថិភាព” របស់ពួកគេ។

របាយការណ៍ក្រុមហ៊ុនក៏មានចែងក្នុងផ្នែកខ្លីមួយ ដែលបាន “ស្នើ” ក្រុមហ៊ុន CHNG និងរាជរដ្ឋាភិបាល​កម្ពុជា “គួរបន្តរកគ្រប់លទ្ធភាព និងធនធានទាំងអស់ដែលមានក្នុងការផ្តល់នូវដំណោះស្រាយសមរម្យ និងប្រកបដោយប្រសិទ្ធភាព រួមមាន បញ្ហាទឹកស្អាត ស្ថេរភាពមុខរបរ និងសុវត្ថិភាពស្បៀង និងដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ និងក្តីកង្វល់ទាំងឡាយរបស់អ្នកភូមិមូលដ្ឋាន”។

 

Former shrine in the village of Srekor, northeastern Cambodia, inundated after the completion of the Lower Sesan 2 hydroelectric dam. © 2019 Human Rights Watch

អនុសាសន៍

គ្រប់គ្នាដែលមានចំណែកពាក់ព័ន្ធ នឹងគម្រោងទំនប់សេសានក្រោម ២ រាប់ចាប់ពីមន្ត្រីក្រុមហ៊ុន រហូតដល់សមាជិករដ្ឋាភិបាលកម្ពុជា និងចិន គួរតែដឹង និងទទួលស្គាល់ចំពោះ សកម្មភាព និងការខ្ជះខ្ជាយទាំងឡាយ ដែលនាំឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងរបាយការណ៍នេះ។ អង្គភាពទទួល​ខុសត្រូវគួរចាត់រាល់វិធានការទាំងឡាយដើម្បីឆ្លើយតបចំពោះអនុសាសន៍ខាងក្រោមដើម្បីកាត់បន្ថយ ផលប៉ះពាល់។ ពួកគេក៏គួរតែអនុវត្តការកែទម្រង់ជាប្រព័ន្ធផងដែរ ដើម្បីធានាថា រាល់ការរំលោភបំពាន និងកំហុសទាំងឡាយដូចដែលបានកត់ត្រក្នុងរបាយការណ៍នេះ នឹងមិនកើតមានឡើងនៅគម្រោងនាពេឡអនាគត។

អនុសាសន៍ចំពោះក្រុមហ៊ុន

China Huaneng Group និងក្រុមហ៊ុនទំនប់វារីអគ្គីសនី សេសានក្រោម ២

  • វាយតម្លៃ និងប៉ាន់ប្រមាណឡើងវិញ និងត្រូវចរចាឡើងវិញអំពីការតាំងលំនៅថ្មី និងកញ្ចប់សំណង សម្រាប់សហគមន៍ និងបុគ្គលដែលរងផលប៉ះពាល់ពីទំនប់សេសានក្រោម ២។
    • ឆាប់អនុវត្តការប៉ាន់ប្រមាណជាថ្មី លើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសន្តិសុខស្បៀងនៃប្រជាជនរងផលប៉ះពាល់ដោយទំនប់ ទាំងសហគមន៍ដែលត្រូវផ្លាស់ទីលំនៅបណ្តាលពីការសាងសង់ទំនប់ និងអាងស្តុកទឹក និងសហគមន៍ផ្សេងទៀតរស់នៅផ្នែកខាងក្រោម និងខ្សែទឹកខាងលើទំនប់ដែលរងនូវការបាត់បង់ចំណូលពីការនេសាទ និងកសិកម្មដោយសារការសាងសង់ទំនប់។
    • ក្នុងក្របខ័ណ្ឌនៃការប៉ាន់ប្រមាណឡើងវិញនេះ ត្រូវមានការពិគ្រោះយោបល់ជាមួយសហគមន៍រងផលប៉ះពាល់ និងក្រុមអង្គការសង្គមស៊ីវិលប្រកបដោយអត្ថន័យ បើកចំហ តម្លាភាព និងដំណើរការប្រកបដោយការពិភាក្សាគ្នា។
    • ផ្អែកតាមរបកគំហើញពីការប៉ាន់ប្រមាណជាថ្មីនេះ ត្រូវផ្តល់នូវកញ្ចប់សំណងសមរម្យ និងគ្រប់គ្រាន់ជូនដល់អ្នករងផលប៉ះពាល់ដែលរស់នៅទាំងផ្នែកខាងលើ និងខាងក្រោមនៃទំនប់ ដើម្បីប៉ះប៉ូវការខូចខាតផលរបរ បណ្តាលពីការធ្លាក់ចុះនៃទិន្នផលជលផល និងកសិកម្ម។
  • ផ្តល់ដល់ពួកគេនូវការទទួលបានព័ត៌មានអំពីផែនការ និងការប៉ាន់ប្រមាណពីអតីតកាល និងអនាគត
    • ផ្សព្វផ្សាយផែនការពីមុន ទាក់ទងនឹងការផ្លាស់ទីលំនៅ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងផែនការគ្រប់គ្រងសង្គម
    • បង្ហាញឆន្ទៈក្នុងការផ្សព្វផ្សាយរាល់ការប៉ាន់ប្រមាណ និងផែនការស្តីពីការផ្លាស់ទីលំនៅថ្មី ឬផែនការដែលបានកែតម្រូវ។
    • ត្រូវបកប្រែរបាយការណ៍សង្ខេប និងលំអិតសម្រាប់កម្រិតសហគមន៍ ទៅជាភាសាក្នុងតំបន់ ហើយបង្ហោះឯកសារទាំងនោះលើប្រព័ន្ធអនឡាញ និងបិតផ្សាយឯកសារនៅអាគារសាធារណៈ និងនៅសហគមន៍ដែលរងផលប៉ះពាល់
    • ត្រូវចាត់មន្ត្រី ដើម្បីបង្ហាញសេចក្តីសង្ខេបខ្លឹមសារសំខាន់ៗនៃឯកសារគម្រោងផ្ទាល់មាត់ និងជាភាសាក្នុងតំបន់ នៅក្នុងកិច្ចប្រជុំជាមួយប្រជាពលរដ្ឋដែលរងការផ្លាស់ទីលំនៅ។
  • ធានាមុខរបរ និងសិទ្ធិមនុស្សរបស់ប្រជាសហគមន៍រងផលប៉ះពាល់
    • នៅសហគមន៍ដែលបានតាំងលំនៅឋានថ្មីរួចរាល់ជាផ្លូវការហើយ ត្រូវចរចា និងចុះកិច្ចព្រមព្រៀងជាថ្មីជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយចែងអំពីវិធានការដែលក្រុមហ៊ុន CHNG (ឬក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុនទំនប់វារីអគ្គីសនីសេសានក្រោម ២) ត្រូវធ្វើឱ្យប្រសើរឡើងមណ្ឌលតាំងលំនៅថ្មី លើបញ្ហា លំនៅឋាន មុខរបរ ទឹកស្អាត និងបញ្ហាទាក់ទងនឹងការរស់នៅផ្សេងទៀតដែលមានក្នុងតំបន់តាំងលំនៅថ្មី។ ត្រូវធានាថា អ្នកភូមិបានយល់ច្បាស់អំពីខ្លឹមសារនៃកិច្ចសន្យា និងសិទ្ធិរបស់គេ នៅអំឡុងពេលនៃការចរចា។
    • សម្រាប់សហគមន៍ដែលមិនរងនូវការផ្លាស់ទីលំនៅ ប៉ុន្តែ បានជួបការធ្លាក់ចុះផ្នែកជីវភាព       បណ្តាលពីការធ្លាក់ចុះទិន្នផលជលផល និងកសិកម្ម ត្រូវចរចា និងចុះកិច្ចសន្យាជាមួយគ្រួសាររងផលប៉ះពាល់ ដោយកំណត់ច្បាស់នូវការទូទាត់សំណងជាប្រាក់ និងជំហាននានាដើម្បីស្តារមុខរបរឡើងវិញ។
    • អនុញ្ញាតឱ្យមានការចូលរួមពីក្រុមអង្គការសង្គមស៊ីវិល ដើម្បីជួយចរចា ឬការចរចាឡើងវិញអំពីសំណង និងផែនការផ្លាស់ប្តូរទីលំនៅ
    • បង្កើតគណៈកម្មការសម្រាប់ការផ្លាស់ទីលំនៅមួយរបស់គម្រោង ដើម្បីទទួលពាក្យបណ្តឹងពីសមាជិកសហគមន៍រងផលប៉ះពាល់។ គណៈកម្មការនេះគួរតែឯករាជ្យ និងមិនជាប់ពាក់ព័ន្ធជាមួយអ្នកធ្វើសេចក្តីសម្រេចចិត្ត ក្នុងការអភិវឌ្ឍ និងអនុវត្តផែនការផ្លាស់ទីលំនៅ និងសំណង ដើម្បីខ្លួនអាចបំពេញមុខងាររបស់ខ្លួនប្រកបដោយអត្ថន័យ និងជៀសវាងអំពើពុករលួយ និង   កង្វះឯករាជ្យភាព។
    • ផ្តល់ឯកសារជាលាយលក្ខណ៍អក្សរនៅកម្រិតសហគមន៍ អំពីប្រការទាំងឡាយនៃកិច្ចព្រមព្រៀង រវាងប្រជាជនរងផលប៉ះពាល់ និងគម្រោង ក៏ដូចជាកំណត់ហេតុប្រជុំពិភាក្សា និងចរចាលក្ខខណ្ឌ។
  • សម្រាប់ការវាយតម្លៃឡើងវិញអំពីសំណងសម្រាប់សហគមន៍រងផលប៉ះពាល់ ត្រូវធានាថា គ្រប់គ្រួសារដែលរងផលប៉ះពាល់ទាំងអស់ ទទួលបានការទូទាត់សំណងសមរម្យតាមតម្លៃទីផ្សារ សម្រាប់ការបាត់បត់ដីធ្លី ផលដំណាំ និងទ្រព្យសម្បត្តិផ្សេងៗទៀត និងការបាត់បង់មុខរបរ និងសេវាសង្គមដែលបានសន្យា។
    • ផ្តល់សំណងហិរញ្ញវត្ថុសមរម្យសម្រាប់ដីធ្លីដែលត្រូវបានលិចលង់ ឬបង្ហាញថាលែងអាចប្រើប្រាស់បាន បណ្តាលពីទំនប់សេសានក្រោម ២ អាងស្តុកទឹករបស់វា ឬ ហេដ្ឋារចនាសម្ព័នពាក់ព័ន្ធ រួមទាំងដីសមូហភាពផងដែរ។
    • ធានាថារាល់សំណងពិតជាឆ្លុះបញ្ចាំងពីតម្លៃពិតនៃដីធ្លី និងផលកសិកម្ម និងចំណូលប្រចាំឆ្នាំដែលបាត់បង់។ ពិនិត្យឡើងវិញ ការផ្តល់សំណងដល់ប្រជាជនដែលទទួលយកសំណងរួចហើយ ដើម្បីធានាថា វាបានឆ្លុះបញ្ចាំងពីតំលៃទាំងនេះ។ ធានាឱ្យមានការសងសំណងចំពោះការបាត់​បង់ដីធ្លីសមូហភាព។
    • សហការជាមួយរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិល និងអ្នកជំនាញបរិស្ថាន ដើម្បីកំណត់នូវការខូចខាតផលរបរផ្នែកនេសាទ និងកសិកម្មក្នុងសហគមន៍នៅខ្សែទឹកខាងក្រោម និងខាងលើ បើទោះជាមិនមានការផ្លាស់ទីលំនៅក៏ដោយ ហើយចរចាអំពីកិច្ចព្រមព្រៀងកាត់បន្ថយផលប៉ពាល់ និងសំណង ដល់ប្រជាសហគមន៍រងផលប៉ះពាល់ ដើម្បីធានាថាផលរបរ និងប្រាក់ចំណូលរបស់ពួកគេត្រូវបានស្តារឡើងវិញ។
    • ត្រូវប្តេជ្ញាចិត្តផ្តល់ការគាំទ្រអាហារ និងថវិកាដល់អ្នកដែលរងផលប៉ះពាល់ រហូតទាល់តែមុខរបររបស់ពួកគេត្រូវបានស្តារឡើងវិញ យ៉ាងហោចណាស់ក្នុងកម្រិតអាប្បរមានៃមុខរបរ មុនការផ្លាស់ទីលំនៅដែរ។
    • ត្រូវធានាថាបទដ្ឋានសំណងមានតម្លាភាព និងអនុវត្តដូចៗគ្នាសម្រាប់គ្រប់គ្នារស់នៅក្នុង    សហគមន៍ដែលរងផលប៉ះពាល់
    • ត្រូវធានាឱ្យមានទឹកដែលមានសុវត្ថិភាពនៅតំបន់តាំងលំនៅថ្មីផ្លូវការ។ ត្រូវធ្វើតេស្តរកមើលក្រែងមានមេរោគក្នុងទឹកនៅតំបន់តាំងលំនៅថ្មី ជូនដំណឹងអំពីលទ្ធផលតេស្តទៅសហគមន៍ក្នុងតំបន់តាំងលំនៅថ្មី និងប្តេជ្ញាចិត្តផ្តល់ឱ្យពួគេនូវសេវាទឹកស្អាត និងទឹកអាចបរិភោគបាន រួមទាំងតាមរយៈការផ្តល់ជម្រើសប្រភពទឹកផ្សេងៗ ឬប្រើប្រាស់ការសំអាតប្រភពទឹកដែលមានស្រាប់ ផងដែរ។
    • សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថា សាលារៀននៅតំបន់តាំងលំនៅថ្មី មានគ្រូដែលមានសមត្ថភាពបង្រៀនគ្រប់គ្រាន់ និងមណ្ឌលសុខភាពមានបុគ្គលិកពេទ្យប្រចំាការ និងមានសំភារៈគ្រប់គ្រាន់។
  • កសាងផែនការស្តារមុខរបរថ្មី និងត្រូវធានា មុខរបររបស់ពលរដ្ឋដែលរងផលប៉ះពាល់ត្រូវបានស្តារឡើងវិញយ៉ាងហោចណាស់ក្នុងកម្រិតអាប្បរមានៃមុខរបររបស់គេ មុនការផ្លាស់ទីលំនៅ។
    • សហការកសាងជាមួយសហគមន៍រងផលប៉ះពាល់ ហើយបន្ទាប់មកផ្សព្វផ្សាយជាសាធារណៈ នូវផែនការថ្មីមួយសម្រាប់ការស្តារមុខរបរ ដែលក្នុងនោះរួមមានតារាងម៉ាទ្រឹកនៃសិទ្ធិទទួលបាន នូវសេវានានាដែលអាចរកបាន សម្រាប់ប្រជាសហគមន៍រងផលប៉ះពាល់ លក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានដែលកំណត់ថា នរណាខ្លះនឹងអាចទទួលបានសេវាទាំងនេះ តារាងពេលវេលាសម្រាប់ការអនុវត្ត និងប្រព័ន្ធមួយសម្រាប់ការត្រួតពិនិត្យប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនេះ។
    • ធានាថាពលរដ្ឋដែលរងផលប៉ះពាល់ មេដឹកនាំសហគមន៍ អាជ្ញាធរមូលដ្ឋាន ក្រុមអង្គការសង្គមស៊ីវិល និងអ្នកឯកទេស និងមានបទពិសោធន៍ជាមួយលក្ខខណ្ឌក្នុងតំបន់ បានចូលរួមក្នុងការកំណត់សកម្មភាពនៃការស្តារមុខរបរឡើងវិញ នៅកម្រិតសហគមន៍។
    • ជាផ្នែកមួយនៃផែនការស្តារមុខរបរឡើងវិញ ត្រូវពិនិត្យមើលអំពីរបៀបដែលពលរដ្ឋរងគ្រោះអាចប្រើប្រាស់ផ្ទៃដីកសិកម្មដែលផ្តល់ជូនឱ្យបានល្អ ឬឱ្យគេចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចថ្មីផ្សេងទៀតដើម្បី​ស្តារប្រាក់ចំណូលឡើងវិញ។ ដើម្បីសម្រេចបាន តម្រូវឱ្យមានការចរចាជាថ្មីជាមួយក្រុមហ៊ុន China Huaneng Group និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ដល់សហគមន៍រងផលប៉ះពាល់នូវដីកសិកម្មថ្មី ឬដីសម្រាប់អាជីវកម្ម។
    • គម្រោងស្តារមុខរបរ គួររួមបញ្ចូលការបណ្តុះបណ្តាលវិជ្ជាជីវៈ និងហិរញ្ញប្បទានសេដ្ឋកិច្ច ដើម្បីឱ្យពួកគាត់ដែលមានមុខរបរនេសាទ និងកសិកម្ម ហើយដែលលែងមានប្រាក់ចំណូលពីមុខរបរនេះតទៅទៀត អាចទទួលបានជំនាញវិជ្ជាជីវៈថ្មី សម្រាប់សកម្មភាពការងារ ឬអាជីវកម្មថ្មី និងប្រើប្រាស់ជំនាញទាំងនោះក្នុងការផលិតប្រាក់ចំណូល។ ការបណ្តុះបណ្តាលមុខជំនាញទាំងនេះគួរតែផ្តល់ដល់សហគមន៍ទាំងអស់ដែលរងផលប៉ះពាល់ពីគម្រោងសាងសង់ទំនប់ បើទោះជាអ្នកមិនបានរងនូវការផ្លាស់ទីលំនៅក៏ដោយ។
    • ត្រូវបើប្រាស់ពេលយ៉ាងហោចណាស់ ៥ឆ្នាំ ដើម្បីឃ្លាំមើលភាពជោគជ័យពីកម្មវិធីស្តារមុខរបរ ក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច និងបទដ្ឋានរស់នៅរបស់ពលរដ្ឋដែលបានផ្លាស់ទីលំនៅថ្មី។ ការអន្តរាគមន៍គាំទ្របន្ថែមត្រូវធ្វើឡើង សម្រាប់គ្រួសារ ឬសហគមន៍​ ដែលបទដ្ឋានរស់នៅរបស់ពួកគាត់មិនទាន់បានកែលំអ។
    • ត្រូវធានាថាស្ត្រី ទទួលបានសេវាស្តារមុខរបរឡើងវិញស្មើភាពគ្នា និងគ្រប់គ្រាន់ដូចបុរសដែរ
  • ត្រូវប្តេជ្ញាចិត្តការពារសិទ្ធិជនជាតិដើមភាគតិចឱ្យបានត្រឹមត្រូវ
    • ដោយទទួលស្គាល់ថា សហគមន៍រងផលប៉ះពាល់រួមមានទាំងជនជាតិដើមភាគតិច និងបានទទួលស្គាល់ជាសាធរណៈថា ពួកគេមានសិទ្ធិជាក់លាក់ រួមមានសិទ្ធិកាន់កាប់ផ្ទៃដីសមូហភាព ដែលសំណងត្រូវតែផ្តល់ជូនវិញ នូវដីសមូហភាពដែលរងផលប៉ះពាល់ មិនថាសហគមន៍ពីមុនបាន ឬមិនទទួលបានប្លង់កាន់កាប់ជាផ្លូវការក្រោមច្បាប់កម្ពុជាក៏ដោយ ហើយធ្វើការជាមួយសហគមន៍ទាំងនេះក្នុងការទទួលបានប្លង់កាន់កាប់ដីពីរដ្ឋាភិបាលកម្ពុជា។
  • បង្កើយន្តការបណ្តឹងសារទុក្ខប្រកបដោយប្រសិទ្ធភាព
    • បង្កើតយន្តការបណ្តឹងសារទុក្ខមួយដែលច្បាស់លាស់ និងមានតម្លាភាព ស្របតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ ស្តីពីអាជីវកម្ម និងសិទ្ធិមនុស្ស ដែលអ្នកតាំងលំនៅថ្មី និងអ្នកឯទៀតដែលរងផលប៉ះពាល់ពីគម្រោងទំនប់សេសានក្រោម ២ អាចដាក់ពាក្យបណ្តឹង និងការពិនិត្យពាក្យបណ្តឹង ហើយដោះស្រាយទាន់ពេលវេលា​ និងមិនលំអៀង។
    • ជូនដំណឹងដល់ពលរដ្ឋរងគ្រោះអំពីយន្តការបណ្តឹងសារទុក្ខ និងរបៀបនៃការដាក់ពាក្យបណ្តឹងរកដំណោះស្រាយ
    • ត្រូវធានាថាយន្តការបណ្តឹងសារទុក្ខ រួមមានដំណើរការសម្រាប់តវ៉ាអំពីការគណនាតម្លៃដែលត្រូវទូទាត់សង ចំពោះការខូចខាតផ្ទះសំបែង ផលដំណាំ ដើមឈើ និងចំនួននៃសំណងដែលបានកត់ត្រា។
  • ត្រូវបង្កើនការត្រួតពិនិត្យដំណើរការតាំងលំនៅថ្មី
    • ចាត់តាំងគណៈកម្មការឯករាជ្យមួយ ដើម្បីធ្វើសវនកម្មលើការកាត់បន្ថយផលប៉ះពាល់ ការទូទាត់សំណង និងដំណើរការតាំងលំនៅថ្មី ដើម្បីកំណត់ការខកខានណាមួយពីការអនុលោម តាមច្បាប់ និងបទដ្ឋាននានា និងផ្តល់អនុសាសន៍សម្រាប់កែលំអ។ ត្រូវផ្សព្វផ្សាយរបាករណ៍ សវនកម្មជាសាធារណៈ។

 

អនុសាសន៍សម្រាប់រដ្ឋាភិបាលកម្ពុជា

  • ជំរុញការអនុវត្តក្របខ័ណ្ឌច្បាប់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ និងច្បាប់ទាំងអស់ទាក់ទងសិទ្ធិជន ជាតិដើមភាគតិច និងបរិស្ថាន
    • ត្រូវអនុវត្តពេញលេញនូវច្បាប់ និងក្រិត្យទាំងឡាយដែលមានជាធរមាន ក្នុងនោះរួមមាន មាត្រាពាក់ព័ន្ធក្នុងច្បាប់កម្ពុជាស្តីពីការការពាសហគមន៍ និងបុគ្គលពីអស្សាមិករណ៍ និងការរំលោភយកដីធ្លី ការការពារសិទ្ធិជនជាតិដើមភាគតិច និងមាត្រាដែលតម្រូវឱ្យគម្រោងអភិវឌ្ឍន៍ និង  ការវិនិយោគ ត្រូវពិនិត្យពិច័យហ្មត់ចត់ ចំពោះការប៉ាន់ប្រមាណហេតុប៉ះពាល់បរិស្ថាន ស្រប​តាមកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ក្រោមច្បាប់អន្តរជាតិ។ រដ្ឋាភិបាលកម្ពុជាគួរធ្វើ​វិសោធ​នកម្មច្បាប់ដែលមានស្រាប់ និងអនុម័តច្បាប់ថ្មីបន្ថែម ដើម្បីធានានូវក្របខ័ណ្ឌច្បាប់សម្រាប់ការពារប្រកបដោយប្រសិទ្ធភាព និងអនុវត្តកាត់បន្ថយឱ្យនៅជាអាប្បរមាផលប៉ពាល់អវិជ្ជមានពីគម្រោងអភិវឌ្ឍន៍ និងវិនិយោគ ស្រាបតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។
  • ត្រូវធានាឱ្យមានកញ្ចប់សំណង និងការតាំងលំនៅថ្មីសមរម្យ សម្រាប់សហគមន៍ និងបុគ្គលពាក់ព័ន្ធ ទំនាស់ដីធ្លីជាមួយគម្រោងទំនប់សេសានក្រោម ២
    • ត្រូវចាត់រាល់វិធានការសមស្របទាំងអស់ ដើម្បីបង្ខំក្រុមហ៊ុន China Huaneng Group ឱ្យវាយតម្លៃ ប៉ាន់ប្រមាណ និងចរចាឡើងវិញនូវកញ្ចប់សំណងរបស់ខ្លួនដូចមានចែងជាក់លាក់ខាងលើ។
    • បញ្ជាអាជ្ញាធរមូលដ្ឋានឱ្យចាប់ផ្តើមដំណើរការ និងផ្តល់ប្លង់កាន់កាប់ដីធ្លីឱ្យបានឆាប់ ដល់សហគមន៍រងការផ្លាស់ទីលំនៅ និងពលរដ្ឋដែលរស់នៅក្បែតំបន់អាងស្តុកទឹក
    • ត្រូវទទួលស្គាល់ថា សហគមន៍រងផលប៉ពាល់រួមមានទាំងជនជាតិដើមភាគតិច ដូច្នេះត្រូវ     អនុម័ត​គោលនយោបាយទាក់ទងនឹងក្រុមជនជាតិដើម ឱ្យស្របទៅនឹងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមភាគតិច។
    • ពិនិត្យឡើងវិញការប្រតិបត្តិពីអតីតកាល និងផ្តល់នូវសំណង ឬប៉ះប៉ូវឡើងវិញដល់ជនជាតិដើម ដែលរងផលប៉ះពាល់ពីគម្រោងសាងសង់ទំនប់ ត្រូវប្រកាន់យកគោលការនៃការ “ពិគ្រោះយោបល់ដែលធ្វើឡើងប្រកបដោយការយល់ព្រម ដោយសេរី និងជាមុន”។
    • ត្រូវទទួលស្គាល់ជាសាធារណៈថា ក្រុមជនជាតិដើមភាគតិចពិតជាមានសិទ្ធិជាក់លាក់ រួមមានសិទ្ធិកាន់កាប់ដីធ្លីជាសមូហភាព ហើយដែលដីធ្លីទាំងនេះ ត្រូវបានលិចលង់ដោយទំនប់ ដូច្នេះគេត្រូវទូទាត់សំណង ទោះជាពីមុន សហគមន៍បាន ឬមិនបានទទួលបានប្លង់កាន់កាប់ផ្ទៃដីនេះជាផ្លូវការក្រោមច្បាប់កម្ពុជាក៏ដោយ។
  • ត្រូវធានាថាសិទ្ធិមនុស្ស និងការគិតគូហ្មត់ចត់ដល់បរិស្ថាន ត្រូវបានសមាហរណកម្មយ៉ាងល្អទៅក្នុងគម្រោងទំនប់វារីអគ្គីសនីនាពេលអនាគត។
    • គម្រោងអភិវឌ្ឍន៍នាពេលអនាគត ត្រូវធានាឱ្យមានការប៉ាន់ប្រមាណហេតុប៉ះពាល់បរិស្ថានឱ្យបានហ្មត់ចត់ ធ្វើឡើងនៅដំណាក់កាលតាក់តែងផែនការ និងមុនការចាប់ផ្តើមសាងសង់ ដើម្បី កាត់បន្ថយការរំលោភសិទ្ធិមនុស្ស និងហានិភ័យផ្សេងៗ និងបញ្ចៀសបាន ផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសង្គម និងបរិស្ថាន
    • ត្រូវធានាថារាល់របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ត្រូវបានធ្វើឡើងហ្មត់ចត់ និងមានការពិនិត្យមើលទិដ្ឋភាពទូទៅនៃគម្រោង វិធីសាស្ត្រ និងទំហំនៃការសិក្សាស្រាវជ្រាវ សេចក្តី​សង្ខេបក្របខ័ណការងារពាក់ព័ន្ធ ការពិពណ៌នាលំអិត និងផែនការសកម្មភាព ការពិពណ៌នាធនធានបរិស្ថានដែលមានស្រាប់ (រួមមានធនធានរូបវន្ត ប្រព័ន្ធអេកូឡូស៊ី និងធនធានសង្គម និងបរិស្ថាន) ព័ត៌មានពិស្តារអំពីលទ្ធផលនៃការពិគ្រោះយោបល់ជាសាធារណៈ វិធានការដោះស្រាយការធ្វើចំណាកស្រុកបណ្តាលពីការប៉ះពាល់ផ្នែកបរិស្ថាន ផែនការគ្រប់គ្រងបរិស្ថាន ការវិភាគសេដ្ឋកិច្ច ដោយប្រៀបធៀបតម្លៃនៃបរិស្ថាន និងសេចក្តីសន្និដ្ឋាន និងអនុសាសន៍។
    • បញ្ឈប់រាល់គម្រោងអភិវឌ្ឍន៍ណាដែលមិនបានអនុវត្តតាមតម្រូវការទាំងនេះ
    • ធានាអនុលោមតាមគោលការណ៍ ពិគ្រោះយោបល់ប្រកបដោយ “ការយល់ព្រម ដោយសេរី និងជាមុន” នៅពេលដែលជនជាតិដើមភាគតិចរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍។
    • ទំនាក់ទំនងឱ្យបានច្បាស់ទៅក្រុមហ៊ុនដែលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ បច្ចុប្បន្ន និងទៅអនាគត ថាការទូទាត់សំណងសមរម្យត្រូវតែផ្តល់ជូនដល់គ្រួសារ និងសហគមន៍ដែលកាន់កាប់ដីធ្លីជាសមូហភាព ហើយថា ក្រុមហ៊ុនត្រូវតែធានាថា ការទិញដូរដីធ្លីដែលមិនស្ម័គ្រចិត្ត មិនបានផ្តល់ផលអវិជ្ជមានដល់មុខរបររបស់ពួកគេ។
  • អនុវត្តការសើរើគោលនយោបាយនៅទូទាំងប្រទេស ស្តីពីគម្រោងទំនប់វារីអគ្គីសនីនៅកម្ពុជា
    • ចាត់ឱ្យមានការប៉ាន់ប្រមាណឯករាជ្យទៅលើរាល់ផលប៉ះពាល់សិទ្ធិមនុស្ស សង្គម និងបរិស្ថានពីអតីតកាលទាំងអស់ និងសក្តានុពលប៉ះពាល់ ទៅអនាគតនៃគម្រោងទំនប់វារីអគ្គីសនីនៅ  កម្ពុជា ដោះស្រាយផលប៉ះពាល់បច្ចុប្បន្ន និងសក្តានុពលទៅអនាគតរបស់ទំនប់ លើទិន្នផលជលផល និងសេដ្ឋកិច្ចនៅទូទាំងប្រទេស និងការពិភាក្សាអំពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ទៅលើគម្រោងទំនប់ដែលមានស្រាប់ និងទំនប់ដែលស្ថិតក្នុងផែនការនៅឡើយ ព្រមទាំងឥទ្ធិពលរបស់ទំនប់ទៅលើការប្រែប្រួលអាកាសធាតុវិញ ដោយថ្លឹងថ្លែងប្រៀបធៀបទៅនឹងប្រភពឋាមពល កកើតឡើងផ្សេងៗទៀត។
  • កែលំអក្របខ័ណ្ឌច្បាប់កម្ពុជាស្តីពី គម្រោងអភិវឌ្ឍន៍ទំហំធំ
    • កែទម្រង់ច្បាប់ និងបទបញ្ញាតិទាំងឡាយរបស់កម្ពុជា ដើម្បីបង្កើតបទដ្ឋាន និងកែលំអដំណើរការសម្រាប់ការតាំងលំនៅថ្មី និងការទូទាត់សំណងដល់ពលរដ្ឋរងការបាត់បង់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ទំហំធំ មិនថាជាដីលំនៅឋាន ឬដីសម្រាប់កសិកម្មទេ និងទូទាត់សងដល់ពលរដ្ឋផ្សេងទៀតដែលរងផលប៉ះពាល់ពីគម្រោងទាំងនេះ។ ច្បាប់ និងបទបញ្ញាតិថ្មី រួមមានច្បាប់ថ្មីស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន គួរតាក់តែងឡើងដោយមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញបរិស្ថាន ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍រងផលប៉ះពាល់។
    • ដូចដែលបានស្នើឡើងដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា៖ “ត្រូវសម្រាយនិតិវិធីសម្រាប់ការចុះបញ្ជីកាន់កាប់ដីសមូហភាព ដើម្បីអាច ឱ្យជនជាតិដើមភាគតិច ទទួលបានការទទួលស្គាល់ និងអះអាងកាន់កាប់ដីធ្លីរបស់ខ្លួន ហើយការពារជនជាតិដើមភាគតិចពីការវាយប្រហារ និងគំរាមកំហែង ដោយភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុន ខណៈគេស្វះស្វែងរកការប្រើប្រាស់សិទ្ធិទាក់ទងនឹងដីសមូហភាពរបស់គេ”។[1]
    • ត្រូវបន្តធ្វើសេចក្តីព្រៀង និងអនុម័ត ក្រមបរិស្ថានទូលំទូលាយមួយ ដែលរួមមានចែងច្បាស់អំពីលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ស្របតាមបទដ្ឋានអន្តរជាតិ។ ច្បាប់នេះត្រូវរៀបចំតាក់តែងដោយមានការពិភាក្សាជាមួយអ្នកជំនាញបរិស្ថាន ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍រងផលប៉ះពាល់។
    • ជាផ្នែកមួយនៃដំណើរការកែទម្រង់ដីធ្លីទូលំទូលាយ និងដោយមានការចូលរួមពីក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍រងផលប៉ះពាល់ ត្រូវធ្វើសកម្មភាពជាប្រញាប់ក្នុងការកំណត់ ធានាអះអាង និងវាស់វែងព្រំដីបុគ្គល និងដីសមូហភាព ជាពិសេសដីនៅតំបន់ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍ទំហំធំ។ ការធានាសិទ្ធិលើដីធ្លី ប្រៀបដូចជា បានផ្តល់ឱ្យបុគ្គល និងសហគមន៍នូវលទ្ធភាពការពារសិទ្ធិទាំងនោះក្នុងប្រព័ន្ធច្បាប់។
       

អនុសាសន៍សម្រាប់ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន និងធនាគារ

  • ត្រូវណែនាំស្ថាប័នត្រួតពិនិត្យទ្រព្យសម្បត្តិរដ្ឋ និងស្នងការរដ្ឋបាល ធ្វើសវនកម្មប្រកបដោយតម្លាភាព ទៅលើគម្រោងវារីអគ្គីសនីសេសានក្រោម ២ និងជាពិសេសពិនិត្យមើលជាក់លាក់ដំណើរការទូទាត់សំណង និងការតាំងលំនៅថ្មី។
  • បង្កើត និងអនុម័តបទបញ្ញាតិមួយចំនួន ដើម្បីផ្តល់នូវគោលការណ៍ណែនាំប្រតិបត្តិរបស់ក្រុមហ៊ុនចិន​ ដែលធ្វើប្រតិបត្តិការនៅក្រៅប្រទេស និងការផ្តល់ហិរញ្ញប្បទានរបស់ធនាគារសម្រាប់ការវិនិយោគក្រៅប្រទេស រួមទាំងការតម្រូវឱ្យក្រុមហ៊ុនចិនត្រូវផ្ទៀងផ្ទាត់ផ្នែកសិទ្ធិមនុស្ស ដើម្បីកំណត់ ការពារ កាត់បន្ថយ និងរកដំណោះស្រាយផលប៉ះពាល់ណាមួយចំពោះសិទ្ធិមនុស្ស រួមទាំងផលប៉ះពាល់ដែលបន្តយូរអង្វែងផងដែរ។
  • ណែនាំស្នងការកែទម្រង់ជាតិ និងការអភិវឌ្ឍ និងក្រសួងពាណិជ្ជកម្ម ឱ្យអនុម័តតែការវិនិយោគនៅក្រៅប្រទេសណាដែលបានផ្ទៀងផ្ទាត់ហេតុប៉ះពាល់សិទ្ធិមនុស្សហ្មត់ចត់។
  • កែសម្រួលលក្ខណៈវិនិច្ឆ័យទៅតាមសំណើវិនិយោគក្រៅប្រទេស ដែលត្រូវបានវិនិច្ឆ័យ តាមរយៈ វិធានការរដ្ឋបាលសម្រាប់ ការវិនិយោគក្រៅស្រុក ដោយសហគ្រាស (ផ្តល់ជូនដោយស្នងការកែទម្រង់ជាតិ និងការអភិវឌ្ឍ) និងវិធានការរដ្ឋបាលសម្រាប់ ការវិនិយោគក្រៅស្រុក​(ផ្តល់ជូនដោយក្រសួងពាណិជ្ជកម្ម) ឱ្យមានការដាក់បញ្ចូនបទដ្ឋានសិទ្ធិមនុស្ស។ ខណៈពេលរង់ចំាការកែប្រែ វិធានការទាំងនេះ ត្រូវធានាថា ស្នងការកែទម្រង់ជាតិ និងការអភិវឌ្ឍ និងក្រសួងពាណិជ្ជកម្ម អនុវត្តបទដ្ឋានដែលមានស្រាប់ និងមិនត្រូវអនុម័តគម្រោងវិនិយោគក្រៅប្រទេសណា ដែលមិនបានធ្វើតាមបទដ្ឋាននោះទេ។
  • បញ្ចូលបទដ្ឋានសិទ្ធិមនុស្ស រួមទាំប្រការជាក់លាក់ទាំងទឹងនឹងការតាំងលំនៅថ្មី ទៅក្នុងវិធានការ សម្រាប់ ការត្រួតពិនិត្យ និងរដ្ឋបាលការវិនិយោគក្រៅប្រទេសដោយសហគ្រាសមជ្ឈឹម ក្នុងនោះរួម​មានការពិពណ៌នាអំពីរបៀបដែលសហគ្រាសរដ្ឋមជ្ឈឹមគួរប្រតិបត្តិនៅក្រៅប្រទេស។ ខណៈពេលរង់ចំាការកែប្រែវិធានការទាំងនេះ ត្រូវធានាថា ស្នងការត្រួតពិនិត្យទព្យសម្បត្តិរដ្ឋ និងរដ្ឋបាល អនុវត្តបទដ្ឋានដែលមានស្រាប់ រួមមានការធ្វើអធិការកិច្ចដល់សហគ្រាសរដ្ឋដែលប្រតិបត្តិការនៅក្រៅប្រទេសផងដែរ។
  • ណែនាំក្រុមហ៊ុន China Huaneng Group ឱ្យ៖
    • ធានាថា គ្រប់គម្រោងវារីអគ្គីសនីទាំងអស់ នាពេលអនាគត បានអនុវត្តការវាយតម្លៃ ហានិភ័យ និងផលប៉ះពាល់សិទ្ធិមនុស្ស រួមមានវិធានការ ការពា ការកាត់បន្ថយហេតុប៉ះពាល់ និងវិធានការដោះស្រាយ។
    • អនុវត្តការត្រួតពិនិត្យហ្មត់ចត់ដំណើរការ ចរចាសំណង និងការតាំងលំនៅថ្មី សម្រាប់គម្រោងទំនប់សេសានក្រោម ២ រួមមានតាមរយៈកិច្ចប្រជុំជាមួយក្រុមអង្គការសង្គមស៊ីវិល និងពិភាក្សា បញ្ហាដែលរកឃើញក្នុងរបាយការណ៍នេះ អនុវត្តការចុះមូលដ្ឋានជាប្រចាំ និងតម្រូវឱ្យមានសវនកម្មដោយភាគីទីបី ទៅលើគោលនយោបាយ និងនីតិវិធីតាំងលំនៅថ្មីរបស់គម្រោង។
    • ធានាថា ដំណើរការទូទាត់សំណង និងការផ្លាស់ទីលំនៅថ្មី ឬបានកែសម្រួល ពិតជាបានគោរពច្បាប់ជាតិ បទដ្ឋានឧស្សាហកម្ម ទាក់ទងនឹងការផ្លាស់លំនៅថ្មី និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
       

អនុសាសន៍សម្រាប់ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន និងធនាគារ China Exim

  • ធានាថាគម្រោងដែលស្នើសុំមូលនិធិ ពិតជាបានវាយតម្លៃហានិភ័យ និងផលប៉ះពាល់សិទ្ធិមនុស្សរួមមានវិធានការ ការពា ការកាត់បន្ថយហេតុប៉ះពាល់ និងវិធានការដោះស្រាយ។ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថាន បណ្តាលពីគម្រោងដែលខ្លួនផ្តល់ហិរញ្ញប្បទានដល់ការសាងសង់។
  • ជួបជាមួយក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍រងផលប៉ះពាល់នៅកម្ពុជា ដើម្បីពិភាក្សាលើ បញ្ហាដែលរកឃើញក្នុងរបាយការណ៍នេះ។
  • សម្រាប់គម្រោងទំនប់សេសានក្រោម​ ២ ត្រូវកំណត់នូវខ្សែបន្ទាត់ជាក់លាក់មួយចំនួនដែលក្រុមហ៊ុន China Huaneng Group ត្រូវអនុវត្ត ក្នុងដំណើរការចរចាទូទាត់សំណង និងការផ្លាស់លំនៅសារជាថ្មី ក្នុងនោះរួមមាន៖
    • ការ​បង្ហាញ​ពេញ​លេញ ជាលាយលក្ខអក្សរ និងតាមការផ្សព្វផ្សាយផ្ទាល់មាត់ដល់សហគមន៍រងផលប៉ះពាល់ នូវផែនការសកម្មភាពថ្មីសម្រាប់ការផ្លាស់ទីលំនៅ ក្របខ័ណ្ឌនៃសំណង និងផែនការសម្រាប់ការស្តារមុខរបរឡើងវិញ។
    • ផ្តល់សំណងសមរម្យសម្រាប់ការបាត់បង់ដីធ្លី
    • បង្កើតផែនការទូលំទូលាយមួយ សម្រាប់ការស្តារមុខរបរ ដែលរួមមានតារាងម៉ាទ្រឹកពិពណ៌នាអំពីសេវាកម្មទាំងឡាយដែលរកបានសម្រាប់សមាជិកសហគមន៍ លក្ខណៈវិនិច្ឆ័យដែលកំណត់ នរណាខ្លះ ដែលមានសិទ្ធិទទួលបានសេវាទាំងនោះ ពេលវេលាសម្រាប់ការអនុវត្ត និងប្រព័ន្ធមួយ សម្រាប់ការត្រួតពិនិត្យប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី។
    • យន្តការបណ្តឹងសារទុក្ខមួយប្រកបដោយប្រសិទ្ធភាព
  • បង្កើតកាលវិភាគចុះពិនិត្យមូលដ្ឋាន និងកត់ត្រា ហើយប៉ាន់ប្រមាណវឌ្ឍនភាពឆ្ពោះទៅសម្រេចតាមខ្សែបន្ទាត់ដែលបានកំណត់។

អនុសាសន៍សម្រាប់ក្រុមធនាគារពិភពលោក

  • ធានាថា ការិយាល័យទីប្រឹក្សាអនុលោមភាព (CAO) ជាយន្តការគណនេយ្យភាពសម្រាប់សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានពន្លឿនការបន្តការវាយតម្លៃពាក្យបណ្តឹងរបស់ខ្លួនសម្រាប់គម្រោងទំនប់សេសានក្រោម ២ និងបានជួយកោះអញ្ជើញភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលឱ្យបានប្រសើរឡើងនូវការទូទាត់សំណង និងការសម្រាលទុក្ខលំបាកដល់អ្នកដែលរងផលប៉ះពាល់ពីគម្រោង។

អនុសាសន៍សម្រាប់អ្នកផ្តល់ជំនួយអន្តរជាតិ

  • ផ្តល់ការគាំទ្រដល់ក្រុមអង្គការសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីពួកគេអាចផ្តល់នូវការគាំទ្រដល់សហគមន៍រងផលប៉ះពាល់ ក្នុងរយៈពេល និងក្រោយដំណើរការចាត់ចែងការផ្លាស់ទីលំនៅ ក្នុងនោះរួមមានទាំងជំនួយក្នុងការដាក់ពាក្យបណ្តឹងផងដែរ។
  • ផ្តល់ជំនួយដល់សហគមន៍ដែលរងផលប៉ះពាលផ្ទាល់​ ឬប្រយោល ពីការសាងសង់ទំនប់ ដើម្បីពួកគាត់ទទួលបានតំណាងផ្លូវច្បាប់ដែលគេជ្រើសរើស។
  • ផ្តល់ការគាំទ្រដល់ក្រុមសហគមន៍ រួមមានអ្នកតំណាងក្រុមស្រ្តី និងយុវជន ដើម្បីពួកគេអាចសម្រប សម្រួលទំនាក់ទំនងរវាងសហគមន៍រងផលប៉ះពាល់ និងក្រុមហ៊ុន និងមន្ត្រីរដ្ឋាភិបាល។
  • ជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើត និងអនុវត្តច្បាប់ និងការប្រតិបត្តិនានាដូចបានពិពណ៌នាខាងលើ។
  • ដាក់សំពាធលើរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ឱ្យធានាថា សិទ្ធិរបស់សហគមន៍ងាយរងគ្រោះ រួមមានសិទ្ធិជនជាតិដើមភាគតិចត្រូវបានការពារ និងឆ្លុះបញ្ចាំងក្នុងសេចក្តីសម្រេចចិត្ត និងការតាក់តែងគោលនយោបាយទៅអនាគត ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ទំហំធំៗ តាមរយៈការប្រកាស ជាសាធារណៈ និងរំលេចឱ្យឃើញនូវផលប៉ះពាល់សិទ្ធិមនុស្សនៃគម្រោងដែលបានកត់ត្រាក្នុងរបាយការណ៍នេះ។

សម្រាប់របាយការណ៍ពិស្តារជាភាសាអង់គ្លេសសូមចូលទៅកាន់តំណភ្ជាប់.....នេះ

Several families from the village of Srekor who refused relocation into official resettlement areas built makeshift bridges over newly flooded land and moved to nearby forest areas. © 2019 Human Rights Watch
 

[1] របាយការណ៍អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ខែសីហា ឆ្នាំ ២០២០, https://cambodia.ohchr.org/sites/default/files/Annual-reports/A_HRC_45_51_AEV%20(1).pdf.

 

Region / Country