Skip to main content

ប្រទេសកម្ពុជា៖ ការរីករាលដាលជាសកលនៃជម្ងឺកូវីដ ១៩ ត្រូវបានប្រើប្រាស់ជាលេសសម្រាប់ការបង្ក្រាបសកម្មភាពសហជីព

ការរឹតត្បិតយ៉ាងខ្លាំង មិនមានការដោះស្រាយការប្រឈមរបស់កម្មករ បុគ្គលិកក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យទេសចរណ៍

សមាជិកសហជីពតវ៉ាដោយមានកាន់រូប កញ្ញា ឈឹម ស៊ីថរ ​ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គ លិក​កម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូ ណាហ្កា​វើលដ៍ ទាមទារអាជ្ញាធរដោះលែងកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជិពជាច្រើននាក់ផ្សេងទៀត អំឡុងនៃការប្រមូលផ្តុំតវ៉ាមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមរា ឆ្នាំ ២០២២ កន្លងទៅ។ រូបថតរក្សាសិទិ្ធដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
  • រាជរដ្ឋាភិបាលកម្ពុជាCambodian បានប្រើប្រាស់ស្ថានភាពនៃការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ ដើម្បីចាប់ឃុំឃាំងសកម្មជនសហជីព រឹតត្បិតការចងក្រង និងចុះបញ្ជីសហជីព និងបានរារាំង សិទ្ធិធ្វើកូដកម្ម របស់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យទេសចរណ៍។
  • ច្បាប់ស្តីពីសហជីព បានបំពានកាតព្វកិច្ចច្បាប់ស្តីពីការងារអន្តរជាតិ សម្រាប់ការចុះបញ្ជីសហជីព ការចរចាអនុសញ្ញាការងាររួម និងការអនុវតសិទ្ធិធើ្វកូដកម្ម។
  • សហភាពអ៊ឺរ៉ុប សហរដ្ឋអាមេរិក​ និងដៃគូជំនួញផ្សេងៗទៀត គួរប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន និងបង្កើនការដាក់សម្ពាធដល់កម្ពុជាអោយអនុលោមតាមកាតព្វកិច្ចគោរពសិទ្ធិការងាររបស់ខ្លួន។

(បុរីញូយ៉ក) រាជរដ្ឋាភិបាលកម្ពុជាCambodian បានប្រើប្រាស់ស្ថាន​ភាពនៃការ​រីករាល​ដាលជា​សកលនៃជំងឺកូវីដ ១៩ ដើម្បីចាប់ឃុំឃាំងសកម្មជនសហជីព កម្រិតការចងក្រង និងចុះ​បញ្ជីសហជីព និងបានរារាំង សិទ្ធិធ្វើកូដកម្ម របស់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងវិស័យ​ទេសចរណ៍ នេះជាការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធមនុស្ស ក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយថ្ងៃនេះ។ អាជ្ញាធរក៏បានបើកដៃផងដែរអោយក្រុមនិយោជកបំពានលើបទបញ្ញាត្តិទាំងឡាយ ស្តីពីការងារ និងបានចូលរួមក្នុងការប្រព្រឹត្តភាពមិនយុត្តិធម៌ផ្នែកការងារ ដែលរំលោភដល់ច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ។

ក្នុងរបាយការណ៍កម្រាស ៩៧ ទំព័ររបស់ខ្លួនបានលើកឡើងថា “មានតែសហជីព “មីកញ្ចប់” ទេ​ដែលមិនរងការបំពាន៖ ការធ្វើទុក្ខបុកម្នេញសហជីពក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យ​ទេសចរណ៍របស់កម្ពុជា” ត្រូវបានកត់ត្រាអំពីរបៀបដែលរដ្ឋាភិបាលកម្ពុជា និងនិយោជក​ខ្លះបាន​ប្រើប្រាស់យុទ្ធវិធីផ្សេងៗផ្នែកច្បាប់ និងរដ្ឋបាល អំឡុងការរីករាលដាលជាសកលនៃជម្ងឺកូវីដ ១៩ ដើម្បីធ្វើឱ្យចុះខ្សោយនូវចលនាសហជីពឯករាជ្យ និងបានរំលោភសិទ្ធិកម្មករ។ វិធានការទាំងឡាយធ្វើឡើងសំដៅដោះស្រាយផលវិបាកផ្នែកសេដ្ឋកិច្ចពីការរីករាលដាលជាសកលនៃ ជម្ងឺកូវីដ ១៩​ ហាក់ដូចជាការដាក់ពិន័យដល់សហជីពឯករាជ្យ ផ្ទុយទៅវិញវិធានការនេះបានហុចផល ដល់បណ្តាសហជីពដែលស្និតជាមួយនិយោជក ដែលអាចចុះបញ្ជីបានរហ័សជាមួយរដ្ឋាភិបាល ដែល​មេដឹកនាំសហជីពលេចធ្លោខ្លះ ច្រើនប្រដូចទៅនឹង “ការឆុងមីមួយកញ្ចប់”។

“រដ្ឋាភិបាល និងនិយោជកខូចៗខ្លះ បានប្រើប្រាស់ការរីករាលដាលជាសកល នៃជម្ងឺកូវីដ ១៩ ជាលេស​បន្តដាក់កម្រិតលើសហជីពឯករាជ្យ ជាជាងគាំពារសុខុមាលភាព និងសិទ្ធិរបស់កម្មករអំឡុង​ពេលមាន​វិបត្តិ” នេះជាការលើកឡើងរបស់លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើល​សិទ្ធិមនុស្ស។ “ដោយហេតុថាស្ថានភាពសិទ្ធិការងារនៅកម្ពុជាកំពុងធ្លាក់ចុះ សហភាពអ៊ឺរ៉ុប សហរដ្ឋ​អាមេរិក និងដៃគូពាណិជ្ជកម្មផ្សេងៗទៀតគួរប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន និងបង្កើនការដាក់សម្ពាធដល់​កម្ពុជា​អោយ​អនុលោមតាមកាតព្វកិច្ចគោរពសិទ្ធិការងាររបស់ខ្លួន។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានធ្វើកិច្ចសម្ភាសន៍ជាមួយមេដឹកនាំសហជីព និងសមាជិកច្រើនជាង ៣០ នាក់ មកពីវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យទេសចរណ៍ និងជាមួយអ្នកជំនាញវិស័យការងារទាំង​ក្នុងស្រុក និងអន្តរជាតិ រួមមានតំណាងអង្គការពលកម្មអន្តរជាតិ នៅចន្លោះពីខែមិនា ដល់ខែ មិថុនា ឆ្នាំ ២០២២។ ទន្ទឹមនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សក៏បានផ្ញើលិខិត និងស្នើអោយមានការបំភ្លឺពីរដ្ឋា ភិ​បាលកម្ពុជា និងបណ្តាក្រុមហ៊ុននានានៅកម្ពុជា ផងដែរ ប៉ុន្តែ មានរោងចក្រតែ​មួយ​ប៉ុណ្ណោះបានឆ្លើយ​តប​ត្រឡប់វិញ។

ចាប់តាំងពីមានការរីករាលដាលជាសកលនៃជម្ងឺកូវីដ ១៩ នៅឆ្នាំ ២០២០​ រហូតមក រដ្ឋាភិបាល​កម្ពុជាបានបង្កើនការបង្រ្កាបទៅលើសហជីពឯករាជ្យ តាមរយៈការប្រើច្បាប់រំលោភសិទ្ធិ និងវិធានការ សុខភាពសាធារណៈថ្មី ជាលេសដើម្បីដាក់កម្រិតតាមអំពើចិត្តទៅលើសកម្មភាពសហជីព។ ច្បាប់ស្តីពី សហជីពដ៏ចម្រូងចម្រាសរបស់កម្ពុជាបានកំណត់ជាកាតព្វកិច្ច និងតម្រូវការកាន់តែស្មុគស្មាញសម្រាប់​ការចុះបញ្ជីសហជីព ការចរចាអនុសញ្ញាការងាររួម និងការអនុវត្តសិទ្ធិធ្វើកូដកម្ម។ និយោជកជាច្រើន ប្រើប្រាស់វិធានការកាត់បន្ថយកម្មករ តាមរយៈការរំសាយការងារទ្រង់ទ្រាយធំក្រោមហេតុផលវិបត្តិ​សេដ្ឋកិច្ច ក្នុងការបណ្តេញចេញមេដឹកនាំ និងសមាជិកសហជីព។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានកត់ត្រាករណីចំនួន ៥ ករណីជាប់ពាក់ព័ន្ធការបណ្តេញចេញ និងកាត់​រំសាយបុគ្គលិក កម្មករ ទ្រង់ទ្រាយធំដែលមិនយុត្តិធម៌ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យ​ទេសចរណ៍ សំដៅមេដឹកនាំ និងសមាជិកសហជីព ដែលនេះជាគំរូមួយទៀតនៃការបន្តនូវបញ្ហាដែល​មាន​មកជាយូរមកហើយរបស់កម្ពុជាទាក់ទងនឹងការបំពានលើសហជីព ហើយបានធ្វើអោយស្រអាប់​មុខមាត់ កម្ពុជាក្នុងប្រវត្តិវិស័យការងាររបស់ខ្លួន។ 

ក្នុងឧទាហរណ៍មួយ កាលពីខែ មេសា ឆ្នាំ ២០២១ ក្រុមហ៊ុនកាស៊ីណូ ណាហ្កាវើលដ៍ នៅភ្នំពេញបាន កាត់រំសាយបុគ្គលិក កម្មករចំនួន ១៣២៩ នាក់។ អាជ្ញាធរបានកំណត់ដោយបំពានថា ការបន្តធ្វើកូដកម្ម ជាអំពើខុសច្បាប់ និងដាក់វិធានរក្សាគម្លាតសង្គម និងវិធានការការពាការឆ្លងជម្ងឺកូវីដ ១៩ ផ្សេងៗទៀត ជាលេសក្នុងការចាប់បង្ខំកូដករដឹកចេញយកទៅដាក់ឃុំបណ្តោះអាសន្នសម្រាប់ការធ្វើតេស្ត៍រកមេរោគ។

“បន្ទាប់ពីយើងចាប់ផ្តើមធ្វើកូដកម្ម (តវ៉ាចំពោះក្រុមហ៊ុនកាស៊ីណូ ណាហ្កាវើល) រួចមកសហជីពក្លែង​ក្លាយថ្មីមួយស្រាប់តែលេចរូបរាងឡើងភ្លាម ដែលជាសហជីពដែលយើងហៅថា “សហជីពមីកញ្ចប់” ពីព្រោះវាត្រូវបានចុះបញ្ជីរួចរាល់ភ្លាមៗជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជា​ដំណើរការរហ័សប្រៀបដូចជាឆុងមីមួយកញ្ចប់ប្រើពេលពីរនាទី”។​​ នេះជាការលើកឡើងរបស់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូ ណាហ្កា​វើលដ៍។ “បុគ្គលិក កម្មករនៅក្រុមហ៊ុន ណាហ្កាវើលដ៍ មិនទាំងដឹងថាការបោះឆ្នោតជ្រើសរើសតំណាង​សហជីព ធ្វើនៅទីណា និងនរណាត្រូវបានជាប់ឆ្នោតជ្រើសរើសជាមេដឹកនាំពួកគាត់ផង”។

កញ្ញា ស៊ីថរ ត្រូវរងបទចោទ “ញុះញង់ឱ្យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌមានស្ថានទំងន់ទោស” ដោយសារ គាត់បានដឹកនាំកូដកម្មទាមទារឱ្យមានការទទួលយកចូលបំរើការងារវិញនូវបុគ្គលិក កម្មករដែលត្រូវ បណ្តេញពីការងារ ចំនួន ៣៦៥ នាក់ និងការសងសំណងសមរម្យ ពីសំណាក់ក្រុមកាស៊ីណូណា​ហ្កាវើលដ៍។ នាងត្រូវបានគេឃុំឃាំងមុនការកាត់ក្តីចំនួន ៧៤ ថ្ងៃ។ ក្រោយមកត្រូវបានដោះលែងវិញ​ដោយមាន​ការធានា ប៉ុន្តែ បទចោទប្រឆាំងនាងនៅមិនទាន់ទំលាក់ចោលទេ។

ក្រុមហ៊ុននៅកម្ពុជាក៏បានបន្តប្រើប្រាស់ផងដែរនូវកិច្ចសន្យាការងារមានកាលកំណត់ ដើម្បីបំបាក់ទឹកចិត្ត​កម្មករក្នុងចូលរួមចងក្រងសហជីព និងដើម្បីគេចវេសកាតព្វកិច្ចសងសំណងផ្លូវច្បាប់សម្រាប់ការកាត់​រំសាយកម្មករ។ និយោជក ជាញឹកញាប់បានបញ្ចប់កិច្ចសន្យាការងារមានកាលកំណត់ដោយមិនមាន​មូលហេតុ និងមិនបានជូនដំណឹង សំដៅចំពោះមេដឹកនាំ និសមាជិកសហជីព ដើម្បីសងសឹងចំពោះ​ការចូលរួមរបស់ពួកគាត់ក្នុងសកម្មភាពសហជីព។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បាន​ចេញសេចក្តីណែនាំមួយ ស្តីពីការអនុញ្ញាតបន្តកិច្ចសន្យាការងារមានកាលកំណត់ហួសរយៈពេល ២ឆ្នាំ​កំណត់ដោយច្បាប់​ ដែលជាក់ស្តែងបានបំពានទៅលើច្បាប់ស្តីពីការងារ។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល​ដែល​មានអំណាចចេញការស្រាយបំភ្លឺច្បាប់ស្តីពីការងារ ដែលជាផ្នែកមួយនៃការដោះស្រាយវិវាទ​ការងារ ជាញឹកញាប់បានបដិសេធមិនចេញសាលក្រមប្រឆាំងក្រសួងការងារទេ។

បើមិនមានកំណែទម្រង់ក្នុងក្រុមប្រឹក្សាអាជ្ញាកណ្តាលឯករាជ្យទេ សហជីឯករាជ្យ នឹងមិនអាទទួលបាន​ការកាត់សេចក្តីផ្លូវច្បាប់ និងប្រកបដោយយុត្តិធម៌ទេ។ នេះជាការលើកឡើងរបស់អង្គការឃ្លាំមើល​សិទ្ធិមនុស្ស។

នៅខែសីហា ឆ្នាំ ២០២០ សហភាពអ៊ឺរ៉ុបបានព្យួរមួយផ្នែកនៃឋានៈអនុគ្រោះផ្នែកពាណិជ្ជកម្ម របស់​កម្ពុជា “គម្រោងអ្វីៗ លើកលែងសព្វាវុទ្ធ” ដោយផ្អែកលើរបកគំហើញថា រដ្ឋាភិបាលកម្ពុជាបានបំពាន ជាប្រព័ន្ធលើសិទ្ធិពលរដ្ឋ និងនយោបាយ ក៏ដូចជាសិទ្ធិការងារ។ តំណាងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋ អាមេរិកថ្មីៗនេះ កំពុងពិនិត្យមើលឡើងវិញលើប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់ខ្លួន ហេតុដូច្នេះ ទើបមាន​ការ​ព្យួរ ការទទួលបានឋានៈអនុគ្រោះពន្ធនាំចូលទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ពីអ្នកទទួលផល​ទាំងអស់ ក្នុងនោះរួម​មាន​ទាំងកម្ពុជាផងដែរ។

“សហជីពឯករាជ្យរបស់កម្ពុជា និងសមាជិករបស់ពួកគាត់ ជាទូទៅមិនទទួលបានការដោះស្រាយ​ការរំលោភបំពានសិទ្ធិការងារពេញលេញ និងទាន់ពេលវេលាទេ” នេះជាការលើកឡើងរបស់លោក រ៉ូប៊ើតសុន។ “ដៃគូពាណិជ្ជកម្ម ក្រុមហ៊ុនសម្លៀកបំពាក់ម៉ាកល្បីៗអន្តរជាតិ មានប្រភពទំនិញពីកម្ពុជា និងអង្គការពលកម្មអន្តរជាតិ គួរធ្វើការរួមគ្នា ដើម្បីដាក់សម្ពាធ ឱ្យមានការបង្កើតយន្តការដោះស្រាយ​វិវាទការងារប្រកបដោយប្រសិទ្ធភាព និងគោរពសិទ្ធិកម្មករ”។

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed