(ពីក្រុងបាងកក) រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគាបសង្កត់យ៉ាងធ្ងន់ធ្ងរដល់លំហសង្គមស៊ីវិល ការចូលរួមក្នុងសកម្មភាពនយោបាយ និងសេរីភាពជាមូលដ្ឋានគ្រឹះផ្សេងៗទៀតនៅឆ្នាំ ២០២៤ នេះ។ នេះជាការលើកឡើងនៅ ថ្ងៃនេះ ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស ក្នុងរបាយការណ៍ពិភពលោកប្រចាំឆ្នាំ ២០២៥ របស់ខ្លួន អំពីកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា។ អាជ្ញាធរ បានបង្កើន ការកាត់បន្ថយនូវសិទ្ធិសំដែងមតិដោយសេរី សេរីភាពផ្សព្វផ្សាយព័ត៌មាន និងសិទ្ធិជួបជុំដោយសន្តិវិធី និងបានបង្កើនការចាប់ខ្លួនដោយមូលហេតុនយោបាយ និងឃុំឃាំងក្រុមប្រឆាំង និងអ្នកហ៊ានរិះគន់រដ្ឋាភិបាល។
សម្រាប់របាយការណ៍ពិភពលោកកម្រាស់ ៥៤០ ទំព័រ លើកទី ៣៥ របស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាន ពិនិត្យមើលឡើងវិញនូវការប្រតិបត្តិសិទ្ធិមនុស្ស នៅលើជាង ១០០ ប្រទេស។ ក្នុងនោះមានប្រទេសភាគច្រើន បើតាមការលើកឡើងរបស់នាយិកាប្រតិបត្តិ ទីរ៉ាណា ហាសាន់ Tirana Hassan ក្នុងសំណេរលំនាំដើមរបាយការរបស់គាត់ថា រដ្ឋាភិបាលបានបង្ក្រាប និងចាប់ខ្លួនខុសច្បាប់ និងដាក់ពន្ធនាគារ អ្នកនយោបាយបក្សប្រឆាំង សកម្មជន និងអ្នកសារព័ត៌មានជាច្រើននាក់។ ក្រុមប្រដាប់អាវុធ និងកម្លាំងរដ្ឋាភិបាល បានធ្វើឃាតក្រៅច្បាប់លើជនស៊ីវិល បណ្តេញពួកគេចេញពីផ្ទះសម្បែង និងបានបិទខ្ទប់ពីការទទួលបានជំនួយមនុស្សធម៌។ ក្នុងចំណោមការបោះឆ្នោតជាតិលើ ៧០ ប្រទេសនៅឆ្នាំ ២០២៤ មានភាគច្រើន ដែលមេដឹកនាំកាន់អំណាចផ្តាច់ការបានជោគជ័យពីការប្រើប្រាស់វោហារស័ព្ទនិងគោលនយោបាយ ប្រកបដោយការរើសអើងជាតិសាសន៍។
“នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបន្តដើរតាមលំអានរបស់ឪពុកលោក ដោយបង្កើនការប្រើប្រាស់ច្បាប់ដែលមានលក្ខណៈគាបសង្កត់ និងប្រព័ន្ធតុលាការដែលលំអៀងផ្នែកនយោបាយ ក្នុងការបំបិទសំឡេងអ្នកហ៊ានរិះគន់ និងក្រុមអ្នកការពារសិទ្ធិមនុស្ស។ នេះជាការលើកឡើងរបស់ ប្រាយអូនី លូ Bryony Lau នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស។ គាត់បានបន្តទៀតថា “ប្រជាធិបតេយ្យនៅកម្ពុជា ពិតណាស់មានតែឈ្មោះ ហើយមានលំហតែបន្តិចបន្តួបប៉ុណ្ណោះ ដែលនៅសេសសល់សម្រាប់ទស្សនៈរិះគន់ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ និងធ្វើឡើងក្រោមការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញជាប្រចាំ”។
- អំឡុងពេលខិតជិតមកដល់ការបោះឆ្នោត ព្រឹទ្ធសភា នាខែកុម្ភៈ អង្គការឃ្លាំមើលសិទ្ធិមនុស្សបាន ចេញរបាយការណ៍ស៊ើបង្កេត ដែលបង្ហាញអំពី ការទទួលរងនូវការបំភិតបំភ័យ និងគំរាមកំហែងបូករួមនឹងការសូកប៉ាន់ និងការទាក់ទាញខុសច្បាប់ផ្សេងៗទៀតពីសំណាក់មន្ត្រីរាជរដ្ឋាភិបាល ក៏ដូចជាចាប់ខ្លួនមានលក្ខណៈនយោបាយ ចំពោះសមាជិកបក្សប្រឆាំងសិងពេញមួយឆ្នាំ។
- តំណាងកម្ពុជាបានចូលរួមប្រជុំនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាទីក្រុងហ្សឺណែវ នៅខែឧសភា សម្រាប់ការពិនិត្យមើលជាប្រចាំនូវ កំណត់ត្រាសិទ្ធិមនុស្សជាសកលលើកទីបួនរបស់ខ្លួន។ តាំងពីការពិនិត្យមើលចុងក្រោយនាឆ្នាំ ២០១៩ រៀងមក រាជរដ្ឋាភិបាលខកខានមិនបានធ្វើឱ្យប្រសើរឡើងនូវបណ្តាអនុសាសន៍ទាំងឡាយដែលខ្លួនទទួលយកមកកែលម្អនោះទេ។
- អាជ្ញាធរបានចាប់ខ្លួនដោយបំពានមនុស្ស យ៉ាងហោចណាស់ចំនួន ៩៤ នាក់ កាលពីចុងខែកក្កដា ដោយសារតែពួកគេបានរិះគន់ជាសាធារណៈដល់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ។ យ៉ាងហោចណាស់នៅមានមនុស្សចំនួន ៣៣ នាក់ដែលប្រឈមការចោទប្រកាន់ពីបទប៉ះបោរ និងបទញុះញង់ និងអាចជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។
- អាជ្ញាធរនៅបន្តកំណត់គោលដៅ និងចាប់ខ្លួន សកម្មជនបរិស្ថាន អ្នកសារព័ត៌មាន និងអ្នកតស៊ូមតិសិទ្ធិការងារ សម្រាប់ការងារពួកគេក្នុងការលើកកំពស់ការគោរពសិទ្ធិមនុស្ស។
ដៃគូអភិវឌ្ឍន៍ និងរដ្ឋាភិបាលផ្សេងៗទៀត ដែលបានវិនិយោគនៅកម្ពុជា គួរមានការអំពាវនាវរួមគ្នា និងជាសាធារណៈអោយមានការបញ្ចប់ចំពោះការវាយប្រហារប្រឆាំងការសម្តែងមតិដោយសេរី ការចូលរួមក្នុងសកម្មភាពនយោបាយ និងការជួបជុំដោយសន្តិវិធី។ នេះជាការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិ មនុស្ស។ រាជរដ្ឋាភិបាលរបស់ ហ៊ុន ម៉ាណែត គួរតែបង្វែការខិតខំប្រឹងប្រែងរបស់ខ្លួន លើការកាត់បន្ថយសេរីភាពជាមូលដ្ឋានគ្រឹះ និងអនុវត្តតាមការសន្យារបស់ខ្លួនក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។