Skip to main content

ប្រទេសកម្ពុជា៖ តុលាការបារាំងកាត់ទោសមនុស្សជំនិតរបស់ លោក ហ៊ុន សែន

ការចេញដីកាចាប់ខ្លួនឧត្តមសេនីជាប់ពាក់ព័ន្ធការវាយប្រហារដោយគ្រាប់បែកដៃលើសមាជិកបក្សប្រឆាំង ដែលសម្លាប់មនុស្ស ១៦ នាក់ និងរបួស ១៥០នាក់ កាលពីឆ្នាំ ១៩៩៧

A survivor points to a picture of herself on the 11th anniversary of the March 30, 1997 grenade attack in Phnom Penh, Cambodia, March 30, 2008. © 2008 Tang Chhin Sothy/AFP via Getty Images

(ទីក្រុងប៉ារីស) – តុលាការមួយនៅប្រទេសបារាំងបានចេញដីការកចាប់ខ្លួនឧត្តមសេនីយ៍ថ្នាក់ខ្ពស់ពីររូប សម្រាប់តួនាទីរបស់ពួកគាត់ ក្នុងការវាយប្រហារដោយគ្រាប់បែកដៃលើ បាតុករបក្សប្រឆាំងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី​ ៣០ ខែមិនា ឆ្នាំ ១៩៩៧ សម្លាប់មនុស្ស ១៦ នាក់ និងជាង ១៥០ នាក់ផ្សេងទៀតរងរបួស នេះបើតាមការចុះផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុសុ្ស នៅថ្ងៃនេះ។ សាលដីកាបានលើកឡើងថា ការកោះហៅមួយបានបង្គាប់អោយលោក ហ៊ុន សែនមកបំភ្លឺសម្រាប់តួនាទីរបស់គាត់ពាក់ព័ន្ធនឹងការវាយប្រហារនេះ ប៉ុន្តែ រដ្ឋាភិបាលបារាំងបានរារាំងមិនអោយបញ្ជូនការកោះហៅនេះ ក្រោមហេតុផលថាគាត់មានអភ័យឯកសិទ្ធិលំដាប់អ្នកដឹកនាំប្រទេស។

ដីកាកោះបានចេញនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ ដោយចៅក្រម សាប៊ីន ឃែរីស (Sabine Kheris) ជាអនុប្រធានផ្នែកស៊ើបសួរនៃតុលាការក្រុងប៉ារីស (Tribunal Judiciaire de Paris (Judicial Court of Paris). យោងតាមសាលដីកាបានសរសេរថា ដីកាចាប់ខ្លួនត្រូវបានចេញនៅថ្ងៃទី ១៩ ខែ​មិនា ឆ្នាំ ២០២០ ប្រឆាំងលោកឧត្តមសេនីយ៍ ហ៊ុយ ពិសិទ្ធិ កាលនោះ ជាប្រធានកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង កាលនោះជាអនុប្រធានកងអង្គរក្ស សម្រាប់តួនាទី​របស់ពួកគាត់ក្នុងការរៀបចំផែនការ និងដឹកនាំការវាយប្រហារ។

លោក ប្រេដ អាដាម នាយកប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើងថា “រាជរដ្ឋាភិបាលកម្ពុជា មិនដែលបានចាត់វិធានការប្រឆាំងអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់ បែកដៃទៅលើអ្នកដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់គាត់ទេ ពីព្រោះ មាន ភស្តុតាងជាច្រើនបង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមឧត្តមសេនីយ៍ស្និទ្ធិនឹងលោក ជាអ្នកនៅពីក្រោយអំពើដ៏ឃោរឃៅនេះ”។ “រដ្ឋាភិបាលបារាំង គួរស្នើសុំដីការកចាប់ខ្លួនពីសហភាពអឺរ៉ុប និងចេញនិវេទន៍ក្រហមរបស់ប៉ូលីសអាំងទែប៉ូល សម្រាប់នាំខ្លួនឧត្តមសេនីយ៍ ហ៊ុយ ពិសិទ្ធិ​ និងហ៊ីង ប៊ុនហៀងដាក់ឃុំឃាំង និងកសាងសំណុំរឿង មុនបើកសាវនាការនៅទីក្រុងប៉ារីស”។

ដីកាបង្គាប់ត្រូវបានចេញក្នុងសំណុំរឿងក្តីប្តឹងដោយលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងជាគោលដៅវាយប្រហារ ដែលរងរបួសដោយអំបែងគ្រាប់បែកដៃផងដែរ។ អង្គរក្សរបស់លោកបានបាត់​បង់ជីវិតក្រោយទទួលរងគ្រាប់បែកមួយគ្រាប់ក្នុងចំណោមនោះ ខណៈគាត់បានព្យាយាមការពារ និងយកខ្លួនពាំងគ្រាប់ជំនួសលោក សម រង្ស៊ី។

ក្នុងសាលដីកាបានសរសេរថា៖

“ភស្តុតាងបានបង្ហាញថា លោក ហ៊ុយ ពិសិទ្ធិ និង លោក ហ៊ីង ប៊ុនហៀង មានតួនាទីជាប្រធាន និងអនុប្រធាន កងអង្គរក្សពិសេសរបស់លោកនាយករដ្ឋមន្ត្រី បានរៀបចំ និងអនុវត្តការវាយប្រ ហារដោយគ្រាប់បែកដៃនៅ ថ្ងៃទី ១០ ខែ មិនាឆ្នាំ ១៩៩៧ នៅរាជធានីភ្នំពេញ (ព្រះរាជាណាចក្រកម្ពុជា) ដោយកំណត់យក លោក សម រង្ស៊ី ជាគោលដៅ។ លោក ពិសិទ្ធិ ហ៊ុយ បានដាក់ពង្រាយទាហានរបស់គាត់ ដែលបំពាក់អាវុទ្ធគ្រប់ដៃ និងស្ថិតក្នុងការប្រុងជើងការប្រយុទ្ធ។ គាត់បានបញ្ជាដល់ទាហាន រៀបចំខ្សែត្រៀមនៅទីតាំងមួយមិនឆ្ងាយពីកន្លែងដែលបាតុករប្រមូលផ្តុំតវ៉ា ដើម្បីអាចសម្របសម្រួលអោយជនដៃដល់បានដកថយ និងរត់គេចខ្លួនទៅកាន់ទីតាំងទាហានរបស់គណបក្សប្រជាជនកម្ពុជា និងរារាំងនរណាក៏ដោយពីការដេញតាមចាប់ខ្លួនពួកគេ។ ហ៊ីង ប៊ុនហៀងជាអ្នករកជនដៃដល់អនុវត្តការវាយប្រហារ.....បញ្ជាការអង្គរក្សរបស់លោក ហ៊ុន សែន កងវរសេនាតូចលេខ ២ ចំណុះវរសេនាធំទី ១៧ ស្ថិតក្រោមការបញ្ជាផ្ទាល់ដោយ លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី ឬដោយលោក ហ៊ុយ ពិសិទ្ធិ។ លោក ពិសិទ្ធិ ហ៊ុយ បាយរាយការណ៍ប្រាប់ភ្នាក់ FBI ថា គាត់បានទទួលបញ្ជាអោយដាក់ពង្រាយកម្លាំងយោធាពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ ការថ្លែងជាច្រើនទៀតដែលបានលើកឡើងរបស់លោកមានជាប់ពាក់ព័ន្ធនឹងចំណុចនេះ”។     

ជាជាងការធ្វើអោយមានស៊ើបអង្កេតមួយដែលត្រឹមត្រូវ និងឯករាជ្យទៅលើការវាយប្រហារ លោក ហ៊ុន​សែនបែរជាស្នើឡើងនូវការចាប់ខ្លួនជាបន្ទាន់ លោក សម រង្សី និងអ្នករៀបចំបាតុកម្មផ្សេងៗទៀត ហើយរារាំងពួកគេមិនអោយចាកចេញទៅក្រៅប្រទេស នេះបើតាមការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស។ តុលាការបានកត់សំគាល់ថា “កង្វះកិច្ចសហការពីអាជ្ញាធរកម្ពុជាក្នុងអំឡុងពេលនៃការស៊ើបអង្កេតរឿងក្តីនេះ បើទោះជាកន្លងមក អាជ្ញាធរកម្ពុជាធ្លាប់បានសហការជាមួយប្រព័ន្ធយុត្តិធម៌បារាំងក្នុងរឿងក្តីពាក់ព័ន្ធនឹងគ្រួសារបារាំងមួយរស់នៅប្រទេសកម្ពុជាក៏ដោយ”។

សាលដីកាលើកឡើងថា នៅថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ២០១៧ ចៅក្រម ឃែរីស បានចេញដីកាបង្គាប់អោយលោកហ៊ុន សែន មកកាន់តុលាការ។ ប៉ុន្តែ នៅថ្ងៃទី ៨ ខែសីហា ២០១៧ “ក្រសួង (បារាំង) សម្រាប់សហគមន៍អឺរ៉ុប និងកិច្ចការបរទេសបានជូនដំណឹងមកគាត់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាម ជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា លោកមានអភ័យឯកសិទ្ធិដាច់ខាតមួយពីដែនយុត្តាធិការតុលាការ ក្នុងន័យនេះអាចការពារគាត់ពីការកាត់ទោសនៅតុលាការបារាំង និងការរងវិធានការច្បាប់ណាមួយ រួមមានដូចជា ការកោះហៅឡើងតុលាការ ឬវិធានការនាំខ្លួនណាមួយដោយអាជ្ញាធរបារាំង”។

បើតាមលោក អាដាម “បើមិនមានអភ័យឯកសិទ្ធិទេ លោក ហ៊ុន សែនក៏អាចរងនូវការកាត់ទោសនៅប្រទេសបារាំងសម្រាប់តួនាទីរបស់លោក ក្នុងការវាយប្រហារយ៉ាងឃោរឃៅទៅលើបាតុករប្រកបដោយសន្តិភាពផងដែរ”។

Wounded opposition leader Sam Rainsy is rushed from the scene moments after a grenade attack on a political rally outside the parliament in Phnom Penh, Cambodia, March 30, 1997. © 1997 Reuters

នៅថ្ងៃទី ៣០​ មិនា ឆ្នាំ ១៩៩៧ អ្នកគាំទ្របក្សប្រឆាំងគឺ គណបក្សជាតិខ្មែរ ដឹកនាំដោយលោក សម រង្ស៊ី អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ប្រហែល ២០០ នាក់បានប្រមូលផ្តុំគ្នានាព្រឹកថ្ងៃអាទិត្យនៅលើសួនច្បារមុខអាគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ ដើម្បីតវ៉ាអំពីកង្វះឯករាជ្យភាពក្នុងប្រព័ន្ធយុត្តិធម៌ និងអំពើពុករលួយក្នុងវិស័យនេះ។ នៅក្នុងអ្វីដែលគេពណ៌នាថា ជាការវាយប្រហារដោយមានការរៀបចំយ៉ាងល្អ ជនដៃដល់ដែលគេមិនស្គាល់អត្តសញ្ញាណបានគប់គ្រាប់បែកចំនួន ៤ គ្រាប់ចូលទៅក្នុងហ្វូងមនុស្សកុះករ ក្នុងអ្វីដែលគេបង្ហាញភស្តុតាងថា ជាការប៉ុនប៉ងសម្លាប់លោក សម រង្ស៊ី ហើយភ្លាមៗបានសម្លាប់បាតុករ និងអ្នកនៅក្បែរៗនោះ រួមមានទាំងកុមារផង និងធ្វើអោយរបួសអ្នកលក់ដូរនៅតាមដងផ្លូវក្បែរនោះជាច្រើននាក់។

កងអង្គរក្ស លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានឯកសណ្ឋានប្រឆាំងកុប្បកម្មមានវត្តមានជាលើក ដំបូងនៅកន្លែងបាតុកម្ម។ សាក្សីជាច្រើនរាយការណ៍ថា ជនដៃដល់ដែលបានបោះគ្រាប់បែកចូលក្នុងហ្វូងបាតុករ ក្រោយមកបានរត់សំដៅកងអង្គរក្សលោក ហ៊ុន សែន ដែលបានដាក់ពង្រាយជាជួរនៅផ្នែក ខាងលិចនៃសួនច្បារ ស្ថិតនៅចំពីមុខ តំបន់លំនៅឋានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ហើយដែលមានការការពារយ៉ាងតឹងតែង។ សាក្សីបានប្រាប់ភ្នាក់​ងារអង្គការសហប្រជាជាតិ និងអ្នកស៊ើបអង្កេត FBI ថា ក្រុមកងអង្គរក្សបានអនុញ្ញាតអោយជនដៃដល់រត់គេចខ្លួនចូលក្នុងបរិវេណនោះ។ កងអង្គរក្សបានបញ្ឈប់ដោយភ្ជង់នឹងកាំភ្លើង សមាជិកបាតុករដែលព្យាយាមរត់ដេញចាប់ជនដៃដល់ ដោយគំរាមបាញ់ប្រហារ។

ប៉ូលីស ដែលធ្លាប់រក្សាវត្តមានជាប្រចាំពេលមានបាតុកម្ម ស្រាប់តែបង្ហាញវត្តមានតិចតួចខុសពីធម្មតានៅថ្ងៃទី​ ៣០ ខែមិនា។ កម្លាំងប៉ូលីសជាច្រើននាក់ មានវត្តមាននៅជ្រុងម្ខាងជាជាងស្ថិតក្នុងបរិវេណសួនច្បារ។ ប៉ូលីសមួយកងទៀតស្ថិតនៅឯស្ថានីប៉ូលីស ប្រកបដោយឯកសណ្ឋានប្រឆាំងកុប្បកម្ម ត្រូវបានដាក់អោយ ប្រុងជើងការខ្ពស់ ដូចជាបានដឹងថា នឹងមានហេតុការណ៍ហិង្សាកើតមានឡើង។

ការធ្វើបាតុកម្មរបស់បក្សប្រឆាំង ជាលើកដំបូងទទួលបានការអនុញ្ញាតជាផ្លូវការទាំងពីក្រសួងមហាផ្ទៃ និងពីសាលារាជធានីភ្នំពេញ ដើម្បីដង្ហែក្បួន ក្រោយពីត្រូវបានបដិសេធជាច្រើនលើក។ ការផ្លាស់ប្តូរជំហររបស់ រដ្ឋាភិបាលនាំអោយមានការសង្ស័យថា ការធ្វើបាតុកម្មត្រូវបានអនុញ្ញាតដើម្បីគេអាចធ្វើការវាយប្រហារ នេះបើតាមការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស។

នៅខែមិថុនា ១៩៩៧ ក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត ភ្នំពេញប៉ុស្តិ៍ លោក ហ៊ីង ប៊ុនហៀងបានគំរាមសម្លាប់អ្នកកាសែតដែលបានចោទប្រកាន់ថា កងអង្គរក្សនាយករដ្ឋមន្ត្រី ហ៊ុន សែនមានជាប់ពាក់ព័ន្ធការវាយប្រហារនេះ។

បញ្ជាការកងអង្គរក្សលោក ហ៊ុន សែន នៅតែល្បីល្បាញនៅកម្ពុជាលើរឿងប្រើអំពើហិង្សា ពុករលួយ និង    និទណ្ឌភាព ដោយហេតុថា នេះជាកងអង្គរក្សផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចាប់តាំងពីព្រឹត្តិ ការណ៍វាយប្រហារនេះមក លោក ហ៊ុន សែន បានដំលើងតំណែង និងឋានៈលោក ហ៊ីង ប៊ុនហៀងជាច្រើនដំណែង និងឋានៈ។ សព្វថ្ងៃ លោក ហៀងមានឋានៈជា ឧត្តមសេនីយ៍ឯក និងជាមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។ លោក ហ៊ុយ ពិសិទ្ធិ ដែលសារភាពប្រាប់ភ្នាក់ងារ FBI ថាបានបញ្ជាកម្លាំងកងពលតូចលេខ ៧០ ទៅដាក់ពង្រាយនៅក្បែរកន្លែងបាតុកម្មនៅថ្ងៃនោះ ឥឡូវបានមកកាន់     តួនាទីជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។

“ការដំឡើងឋានៈដល់បុគ្គលដែលសង្ស័យជាប់ពាក់ព័ន្ធការសម្លាប់រង្គាលដល់បាតុករអហិង្សា បានបង្ហាញនូវការមិនគោរពដល់ជីវិតជនរងគ្រោះ” នេះជាការលើកឡើងរបស់លោក អាដាម។ លោកបានបន្ថែមថា “សារដែលស្តែងចេញនៅទីនេះគឺថា អ្នករំលោភសិទ្ធិមនុស្ស មិនថាអំពើរំលោភបំពានរបស់ខ្លួនមានកម្រិតធ្ងន់ធ្ងរប៉ុណ្ណាទេ គេនៅតែមិនជាប់ទោស ថែមទាំងទទួលបានរង្វាន់ទៀតផង”។

ការស៊ើបអង្កេតរបស់ភ្នាក់ងារ FBI ធ្វើឡើងក្រោមច្បាប់សហរដ្ឋអាមេរិក ដែលផ្តល់យុត្តាធិការដល់អង្គភាពស៊ើបអង្កេត FBI កាលណាមានពលរដ្ឋអាមេរិកណាម្នាក់ត្រូវបានរងរបួសពីអំពើភេរវកម្ម។ ក្នុងព្រឹត្តិការណ៍នេះ លោក រ៉ន អាប់នី (Ron Abney) ជាពលរដ្ឋអាមេរិកម្នាក់បានរងរបួសធ្ងន់ពីការវាយប្រហារនេះ។ ប្រធានភ្នាក់ងារស៊ើបអង្កេតករណីនេះរបស់ FBI លោក ថូម៉ាស់ នីកូលេទី Thomas Nicoletti បានសម្ភាសន៍ទាហានកម្ពុជា និងនាយទាហានផ្សេងៗក្នុងអង្គភាព ហើយបានទាញបាននូវសេចក្តីសន្និដ្ឋានថា មានតែលោក ហ៊ុន សែនម្នាក់គត់ដែលបានបញ្ជាកងអង្គរក្សទៅរាយខ្សែត្រៀមនៅជិតកន្លែងកើតហេតុ។ លោក    នីកូលេសទី បាននិយាយថា បើគាត់មានពេលច្រើនទៀត លោកជឿថា គាត់ពិតជាអាចប្រមូលភស្តុតាងគ្រប់គ្រាន់ ដើម្បីបង្ហាញជូនរដ្ឋអាជ្ញាក្នុងការកសាងសំណុំរឿងក្តី។ ទោះជាយ៉ាងណា នៅខែ ឧសភា​ ឆ្នាំ ១៩៩៧ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក កាណែត   ឃ្វីន Kenneth Quinn បានបញ្ជាភ្នាក់ងារ FBI អោយចាកចេញពីប្រទេសកម្ពុជា។

អត្ថបទមួយនៅកាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍ Washington Post ចុះ

ផ្សាយនៅខែមិថុនា ឆ្នាំ ១៩៩៧ បានសរសេរថា “ក្នុងរបាយការណ៍សម្ងាត់មួយ បានលើកឡើងពីហានិភ័យប៉ះពាល់ដល់អ្នកតាក់តែងគោលនយោ បាយសហរដ្ឋអាមេរិក ដោយហេតុថាភ្នាក់ងារ FBI បានកំណត់ការទទួលខុសត្រូវបណ្តោះអាសន្ន និងអន្តរាគមន៍បន្តបន្ទាប់មកទៀត ទៅលើកងអង្គរក្សផ្ទាល់របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាលនោះជាសហនាយករដ្ឋមន្រ្តីកម្ពុជា។ បើតាមប្រភពចំនួនបួនពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលដឹងអំពីខ្លឹមសារនៃរបាយការណ៍នោះ....លើកឡើងថា ភ្នាក់ងារដែលជាប់ពាក់ព័ន្ធនឹងរឿងនេះបានលើកឡើងថា អ្នកត្រូវជួបសម្ភាសន៍បន្ថែម មានការភ័យខ្លាចមិនហ៊ានផ្តល់ចម្លើយបន្ត”។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចាត់ចំណាត់ថ្នាក់ការវាយប្រហារគប់គ្រាប់បែកនេះ ជាផ្លូវការ ថា ជាការវាយប្រហារភេរវកម្ម។ នៅថ្ងៃទី​៩ ខែមករា ឆ្នាំ ២០០០ លោក ចច ថែនែត George Tenet ដែលកាលនោះ ជានាយកការិយាល័យស៊ើបការសម្ងាត់សហរដ្ឋអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិក នឹងមិនដែលបំភ្លេចការវាយប្រហារភេរវកម្មប្រឆាំងពលរដ្ឋរបស់ខ្លួន និងនាំយកអ្នកទទួលខុសត្រូវមកកាត់ទោស “មិនថាត្រូវប្រើពេលវេលាយូរប៉ុណ្ណាទេ”។ ភ្នាក់ងារ FBI បានរក្សាទុកភស្តុតាងបញ្ជាក់អំពីតួនាទី របស់លោក ហ៊ុន សែន នៅក្នុងការវាយប្រហារនេះ ក្នុងសំណុំឯកសាររបស់ខ្លួន ប៉ុន្តែ FBI បានបដិសេធមិនសហការចំពោះការស៊ើបអង្កេតរបស់សភា។

“ភ្នាក់ងារ FBI ជិត​ដោះស្រាយ​ករណី​នេះ​ហើយ នៅ​ពេល​ដែល​ប្រធានអ្នក​ស៊ើបអង្កេត​ត្រូវ​បាន​បញ្ជា​ឲ្យ​ចាកចេញ​ពី​ប្រទេស​ភ្លាមៗ” នេះជាការលើកឡើងរបស់លោក អាដាម “ក្រុម FBI គួរណាស់បានបញ្ចប់ការងាររបស់ខ្លួនកាលណោះ”។

ការវាយប្រហារនៅឆ្នាំ ១៩៩៧ បានកើតឡើងចំពេលមានភាពតានតឹងផ្នែកនយោបាយយ៉ាងស្រួច​ស្រាល់នៅក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលចំរុះរវាងគណបក្សរាជានិយម Funcinpec និងគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន កំពុងមានជំលោះចាក់ស្រេះស្រាយមិនចេញ។ គណបក្សជាតិខ្មែរ របស់លោក សម រង្ស៊ីត្រូវបានគេគិតថា ជាគណបក្សមួយអាចបង្ករការគំរាមយកជ័យជំនៈនៅក្នុងការបោះឆ្នោតថ្នាក់ជាតិដែលគ្រោងធ្វើនៅឆ្នាំបន្ទាប់។ មន្ត្រីគណបក្សប្រជាជនកម្ពុជា និងភ្នាក់ងារបក្សរបស់ខ្លួនជាច្រើនឆ្នាំបានគំរាមកំហែង និងវាយប្រហារលើលោក រង្ស៊ី និងសមាជិកគណបក្សគាត់។ រដ្ឋប្រហារបង្ហូរឈាមមួយត្រូវបានធ្វើឡើដោយកម្លាំងប្រដាប់អាវុធរបស់ភាគីលោក ហ៊ុន សែន នៅខែ      កក្កដា ឆ្នាំ ១៩៩៧ ដោយបានធ្វើអោយបាត់បង់ជីវិតមនុស្សជាង ១០០ នាក់ និងបង្ខំអោយអ្នកនយោបាយ និងសកម្មជនផ្សេងទៀតបានភៀសខ្លួនទៅក្រៅប្រទេសពីការចាប់ខ្លួន។ បើទោះជាមានការកត់ត្រាយ៉ាងជាក់ច្បាស់ ដោយអង្គការសហប្រជាជាតិនូវករណីសម្លាប់ក្រៅប្រព័ន្ធតុលាការជាច្រើនក្តី ប៉ុន្តែ មិនមាននរណាម្នាក់ត្រូវបានដាក់អោយទទួលខុសត្រូវសម្រាប់ការបំពានទាក់ទងនឹងរដ្ឋប្រហារនេះទេ។

“ការវាយប្រហារដ៏គគ្លើននៅឆ្នាំ ១៩៩៧ ទាំងកណ្តាលថ្ងៃ បង្កនូវការដឹតដាមនូវនិទណ្ឌភាពនៅប្រទេសកម្ពុជា ជាងការវាប្រហារណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រក្រោយសម័យ ខ្មែរក្រហម” នេះជាការលើកឡើងរបស់លោកអាដាម លោកបន្តថា “ក្នុងប៉ុន្មានខែ ដែលលោក ហ៊ុន សែនធ្វើរដ្ឋប្រហារ ជាការពង្រឹង ការកាន់អំណាចរយៈពេលយូរ ដែលប្រការនេះនាំអោយមានការកាន់អំណាចផ្តាច់ការនៅកម្ពុជារហូតដល់សព្វថ្ងៃនេះ”។

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country