Skip to main content

ប្រទេសកម្ពុជា៖ គ្មានយុត្តិធម៌សម្រាប់ជនរងគ្រោះពីការវាយប្រហារគប់គ្រាប់បែកកាលពី២០ឆ្នាំមុន

អេហ្វប៊ីអាយ គួរបើកការស៊ើបអង្កេតឡើងវិញ ហើយម្ចាស់ជំនួយគួរទាមទារឲ្យមានគណនេយ្យភាព

រូបថត​ជនរងគ្រោះ​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅក្នុង​ពិធី​រំលឹក​ដល់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​នៅក្បែរ​មន្ទីរ​រ​ដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ © 2006 Reuters

(ទីក្រុងញូវយ៉ក) - អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានអះអាងនៅថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជាបានការពារ និងដំឡើងតំណែងដល់ជនទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងករណីបោកគ្រាប់បែកដ៏ផ្តាច់ផ្តិលជីវិតចូលទៅក្នុងហ្វូងបាតុករគណបក្សប្រឆាំងកាលពី ២០ឆ្នាំមុន ដែលបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៦ នាក់ស្លាប់ និងជាង ១៥០ នាក់ផ្សេងទៀតរងរបួស។ ការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក អេហ្វប៊ីអាយ (FBI) ដែលបានលូកដៃចូលក្នុងករណីនេះដោយសារជនជាតិអាមេរិកាំង លោក រ៉ន អាប់នី (Ron Abney) បានរងរបួសធ្ងន់ គួរតែស៊ើបអង្កេតសំណុំរឿងគប់គ្រាប់បែកដែលជាការវាយប្រហារទៅលើប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ឲ្យចប់សព្វគ្រប់ បន្ទាប់ពីបានផ្អាកការស៊ើបអង្កេតរបស់ខ្លួនអស់រយៈពេលជាយូរមកហើយ។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រ៊ែ​ដ អាដាម (Brad Adams) បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “ភស្តុតាងច្បាស់ៗដែល​បង្ហាញ​ពី​ការជាប់​ពាក់ព័ន្ធ​របស់​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​អំពើ​ដ៏​សាហាវឃោរឃៅ​នេះ គឺ​មានន័យថា ការស៊ើបអង្កេត​ផ្ទៃក្នុង​ដ៏​ម៉ត់ចត់​មួយ គឺ​មិនបាន​កើតឡើង និង​គ្មាន​ថ្ងៃ​កើតឡើង​នោះទេ។ អង្គការសហប្រជាជាតិ និង​ម្ចាស់ជំនួយ​ប្រទេស​កម្ពុជា​ដែល​បានផ្ដល់​ជំនួយ​ថវិកា​ដែលមាន​ភាគរយ​ច្រើន​ក្នុង​ថវិកាជាតិ គួរ​ទាមទារ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​អំពើ​ឧក្រិដ្ឋ ដែល​រុញច្រាន​ប្រជាធិបតេយ្យ​កម្ពុជា ឲ្យ​ដើរ​ចេញពី​គន្លង”

កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ហ្វូងមនុស្ស​មួយក្រុម​ដែលមាន​គ្នា​ប្រមាណ ២០០ នាក់​ជា​អ្នកគាំទ្រ​គណបក្សប្រឆាំង គឺ​គណបក្ស​ជាតិខ្មែរ (KNP) ដឹកនាំ​ដោយ​លោក សម រង្ស៊ី ដែលជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​សួនច្បារ​ទល់មុខ​មន្ទីរ​រដ្ឋសភា​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រឆាំងនឹង​កង្វះ​ឯករាជភាព និង​អំពើពុករលួយ​ក្នុង​វិស័យ​យុត្តិធម៌។

នៅក្នុង​ការវាយប្រហារ​ដែលមាន​ការសម្របសម្រួល​ដ៏​ល្អ​នោះ ជនអនាមិក​បាន​គប់​គ្រាប់បែក​ចំនួន ៤ គ្រាប់​ចូលទៅក្នុង​ហ្វូងមនុស្ស ក្នុង​បំណង​សម្លាប់​លោក សម រង្ស៊ី នោះ បានសម្លាប់​បាតុករ និង​អ្នក​ដែល​ឈរ​ក្បែរ​នោះ ដោយ​រួមទាំង​កុមារ និង​បាន​ខ្ទាត​អំបែង​គ្រាប់​ទៅលើ​អ្នកលក់ដូរ​នៅតាម​ផ្លូវ។ នៅក្រោយ​គ្រាប់បែក​ទី១ បាន​ផ្ទុះឡើង កងការពារ​របស់លោក សម រង្ស៊ី ឈ្មោះ ហាន មុនី បាន​យក​ខ្លួន​ទៅ​ពាំង​ការពារ​លោក សម រង្ស៊ី។ គាត់​រង​នូវ​គ្រាប់បែក​បន្ទាប់​ដែល​ផ្ទុះ​ពេញទំហឹង ហើយ​បាន​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ។ លោក សម រង្ស៊ី បានគេច​ខ្លួន​រួច​ដោយ​របួសស្រាល​នៅ​ជើង។

នគរបាល​ដែល​ពីមុនមក​ធ្លាប់តែ​បង្ហាញ​វត្តមាន​យ៉ាងច្រើន​នៅក្នុង​អំឡុងពេល​តវ៉ារ​បស់​គណបក្សប្រឆាំង​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រំខាន​ពួកគេ បែរ​ជាមាន​វត្តមាន​តិចតួច​ខុសពី​ធម្មតា​នៅ​ថ្ងៃកើតហេតុ​នោះ​ទៅវិញ។ កង​អង្គរក្ស​បែរជា​ឈរជើង​នៅ​ជ្រុង​ម្ខាង ជាជាង​នៅក្នុង​សួន​ផ្ទាល់។ កង​អង្គភាព​នគរបាល​ផ្សេងទៀត​មាន​វត្ត​មាននៅ​ប៉ុស្តិ៍នគរបាល​ក្បែរ​នោះ​ក្នុងស្ថានភាព​បំពាក់​ដោយ​សម្ភារ​ឧបករណ៍​បង្ក្រាប​កុប្បកម្ម​និង​ប្រុង​ជើងការ​ខ្ពស់ ដែលជា​សញ្ញា​ប្រុងប្រយ័ត្ន​ខុសពី​ធម្មតា​បង្ហាញថា​ពួកគេ​ពិតជា​បានដឹង​មុន​ថា​នឹងមាន​អំពើហិង្សា​នៅក្នុង​អំឡុងពេល​បាតុកម្ម​នោះ។ ទោះជា​យ៉ាងនេះ​ក្តី កងពលតូច​លេខ ៧០ ដែលជា​កង​អង្គរក្ស​ផ្ទាល់ខ្លួន​របស់លោក ហ៊ុន សែន មាន​វត្តមាន​នៅក្នុង​សួនច្បារ បំពាក់​ដោយ​សម្ភារ​ឧបករណ៍​បង្ក្រាប​កុប្បកម្ម​ពេញលេញ។ វា​ជា​លើកទីមួយ​ហើយ​ដែល​កង​អង្គរក្ស​បាន​លេចមុខ​នៅក្នុង​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង។

សាក្សី​ជាច្រើន​បាន​រាយការណ៍​ថា ជន​ដែល​បាន​ចោល​គ្រាប់បែក​ចូលក្នុង​ហ្វូង​អ្នក​តវ៉ា​នោះ បាន​រត់​សំដៅទៅ​ក្រុម​កង​អង្គរក្ស​លោក ហ៊ុន សែន ដែល​ត្រូវគេ​ដាក់ពង្រាយ​នៅ​ខ្សែការពារ​ផ្នែក​ខាងលិច​សួន ពោលគឺ​នៅ​ពីមុខ​បរិវេណ​បណ្តុំ​និវេសនដ្ឋាន​ដែល​មានការ​យាមកាម​តឹងរឹង​បិទ​ជិត ក្នុងនោះ​ក៏មាន​ផ្ទះ​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ផងដែរ។ សាក្សី​ក៏បាន​ប្រាប់​អ្នកស៊ើប​អង្កេត​របស់​អង្គការសហប្រជាជាតិ និង​អេ​ហ្វ​ប៊ី​អាយ​ថា កង​អង្គរក្ស​បាន​បើក​ខ្សែការពារ​ឲ្យ​ឃាតក​រត់​ចូលទៅក្នុង​បរិវេណ​នេ​វសនដ្ឋាន​នោះ។ ក្រុម​អង្គរក្ស​នោះ​ទៀតសោត​បាន​ភ្ជង់​កាំភ្លើង​តម្រង់​សមាជិក​នៃ​ក្រុមបាតុករ​ដែល​កំពុង​ដេញតាម​ជន​គប់​គ្រាប់បែក និង​បាន​គំរាម​បាញ់​អ្នក​ដែល​មិន​ព្រម​ដកថយ។

ជំនួស​ឲ្យ​ការស៊ើបអង្កេត​ម៉ត់ចត់ លោក ហ៊ុន សែន បាន​អំពាវនាវភ្លាមៗឲ្យ​ចាប់ខ្លួន​អ្នកដឹកនាំ​ការតវ៉ា និង​ដាក់បទបញ្ជា​ដល់​នគរបាល​រារាំង​មិន​ឲ្យ​ពួកគេ​ចាក​ចេញពី​ប្រទេស​កម្ពុជា។ លោក រង្ស៊ី បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “យើង​ទទួលបាន​ការអនុញ្ញាត តើ​គេ​អាច​បន្ទោស​យើង​ចំពោះ​ការស្លាប់​ទាំងនេះ​យ៉ាងដូច​ម្តេចទៅ? ពិតជា​គួរ​ឲ្យ​ឆ្ងល់​ខ្លាំងណាស់។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពី​ខែមិថុនា ឆ្នាំ១៩៩៧ លោក ហ៊ីង ប៊ុន​ហៀ​ង អតីត​មេបញ្ជាការរង​កង​អង្គរក្ស​របស់លោក ហ៊ុន សែន នៅពេលនោះ និង​ជា​បុគ្គល​ដែល​គេ​រាយការណ៍​ថា​ជា​អ្នកគ្រប់គ្រង​ប្រតិបត្តិការ​កង​អង្គរក្ស បាន​គំរាម​សម្លាប់​អ្នកសារព័ត៌មាន​ណា​ដែល​ចោទប្រកាន់ថា អង្គរក្ស​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​ករណីនេះ។ លោក​ត្រូវបាន​ស្រង់​សម្តី​ថា ៖ “ចុះផ្សាយ​រឿងនេះ​ទៅ ៖ ប្រាប់​ពួកគេ​ថា​ខ្ញុំ​ចង់​សម្លាប់​ពួកគេ...ចុះផ្សាយ​ទៅ​ថា ខ្ញុំ​ប្រធាន​កង​អង្គរក្ស បាន​និយាយ​ដូច្នេះ។ ខ្ញុំ​ចង់​សម្លាប់... ខ្ញុំ​ខឹង​ខ្លាំងណាស់។

បាតុកម្ម​កាលពី​ថ្ងៃទី៣០ ខែមីនា គឺជា​បាតុកម្ម​លើកទីមួយ​ហើយ​ដែល​គណបក្សប្រឆាំង​ទទួលបាន​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​រៀបចំ​បាតុកម្ម បន្ទាប់ពី​មានការ​បដិសេធ​ម្តង​ហើយ​ម្តងទៀត។

លោក អាដាម បាន​និយាយថា “ការអនុម័ត​របស់រ​ដ្ឋា​ភិ​បាល​ដែល​មិន​ធ្លាប់មាន​ពីមុនមក បាន​ជំរុញ​ឲ្យ​មានការ​សង្ស័យថា បាតុកម្ម​នោះ​ត្រូវបាន​អនុញ្ញាត ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​វាយប្រហារ។ អាជ្ញាធរ​មិនដែល​បានផ្តល់​ការពន្យល់​ដែល​អាច​ទុកចិត្តបាន​ចំពោះ​ការដាក់​ពង្រាយ​អង្គរក្ស ឬ​ចំណាត់ការ​របស់​ពួកគេ នៅក្នុង​ការអនុញ្ញាត​ឲ្យ​អ្នក​គប់​គ្រាប់បែក​គេចខ្លួន​នោះទេ។

អ្នកស៊ើប​អង្កេត​នាំមុខ​របស់ អេ​ហ្វ​ប៊ី​អាយ បាន​សម្ភាស​ទាហាន និង​មន្ត្រី​តាម​ឋានានុក្រម​នៃ​អំណាច​ពីក្រោម​ឡើងលើ។ មេបញ្ជាការ​កងពលតូច​លេខ ៧០ នៅពេលនោះ​ឈ្មោះ ហ៊ុយ ពិសិដ្ឋ បាន​សារភាព​ប្រាប់ អេ​ហ្វ​ប៊ី​អាយ ថា លោក​បាន​បញ្ជា​ឲ្យ​ដាក់ពង្រាយ​កម្លាំង​កងពល​តូច​លេខ ៧០ ទៅកាន់​កន្លែងកើតហេតុ​នៅថ្ងៃនោះ។ អ្នកស៊ើប​អង្កេត អេ​ហ្វ​ប៊ី​អាយ បាន​សន្និដ្ឋានថា មានតែ​លោក ហ៊ុន សែន ប៉ុណ្ណោះ​ដែល​អាច​បញ្ជា​ឲ្យ​កង​អង្គរក្ស​ចូលទៅក្នុង​សួន និង​បាន​និយាយថា ប្រសិនបើ​លោក​មាន​ពេលវេលា​ច្រើន លោក​ជឿថា លោក​អាច​ប្រមូល​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​រឿងក្ដី​ដល់​ព្រះរាជអាជ្ញា​ដើម្បី​ដាក់ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ។ ជា​អកុសល នៅ​ខែឧសភា ឆ្នាំ១៩៩៧ ឯកអគ្គរដ្ឋទូត​អាមេរិក​នៅពេលនោះ គឺ​លោក ខេន​ណិ​ត ឃី​ន (Kenneth Quinn) បាន​បញ្ជា​ឲ្យ​លោក​ចាក​ចេញពី​ប្រទេស​កម្ពុជា។

លោក អា. ជេ​ហ្វ​ហ្វ្រី ស្មី​ត (R. Jeffrey Smith) បាន​សរសេរ​នៅក្នុង​កាសែត វ៉ាស៊ីនតោន​ប៉ុស្តិ៍ នា​ខែមិថុនា ឆ្នាំ ១៩៩៧ ថា ៖ “នៅក្នុង​របាយការណ៍​ស​ម្ងា​ត់​មួយ​ដែល​អាច​បង្កបញ្ហា​ឈឺក្បាល​ខ្លះ​សម្រាប់​អ្នករៀបចំ​គោលនយោបាយ​អាមេរិក អេ​ហ្វ​ប៊ី​អាយ​បានដាក់​ការទទួលខុសត្រូវ​ចំពោះ​ការ​គប់​គ្រាប់បែក និង​ការជ្រៀតជ្រែក​ជា​បន្តបន្ទាប់ ទៅលើ​កង​អង្គរក្ស​ផ្ទាល់ខ្លួន​របស់លោក ហ៊ុន សែន ដែលជា​នាយករដ្ឋមន្ត្រី​ទី​ពីរ​នៃ​ប្រទេស​កម្ពុជា ដោយ​ផ្អែកទៅលើ​ប្រភព​ចំនួន ៤ របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ដែល​ដឹង​អំពី​ព័ត៌មាន​នោះ។ ការិយាល័យ​នេះ​បាន​ឲ្យ​ដឹងថា ការស៊ើបអង្កេត​របស់​ខ្លួន​កំពុង​បន្ត​នៅឡើយ ប៉ុន្តែ​បណ្តា​ភ្នាក់ងារ​ដែល​ពាក់ព័ន្ធ ត្រូវបាន​រាយការណ៍​ថា​បានធ្វើការ​ត្អូញត្អែរថា អ្នកផ្តល់​ព័ត៌មាន​បន្ថែ​ម​នៅទីនេះ​មានការ​ភ័យខ្លាច​ពេក​ក្នុង​ការចេញមុខ”

នៅ​ថ្ងៃទី៩ ខែមករា ​ឆ្នាំ២០០០ លោក ច​ច ថេ​ណិ​ត (George Tenet) ដែលជា​នាយក​ទីភ្នាក់ងារ​ចារកម្ម​កណ្តាល បាន​និយាយថា សហរដ្ឋអាមេរិក​នឹងមិន​ភ្លេច​អំពើ​ភេរវកម្ម​ប្រឆាំង​ពលរដ្ឋ​ខ្លួនឯង​នោះទេ ហើយនឹង​នាំ​អ្នក​ដែល​ទទួលខុសត្រូវ​ទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ “មិន​ថា​ត្រូវការ​រយៈពេល​យូរ​ប៉ុណ្ណា​នោះទេ។ ទោះជា​យ៉ាងនេះ​ក្តី អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ​បាន​និយាយថា ការស៊ើបអង្កេត​របស់​អេ​ហ្វ​ប៊ី​អាយ​ទៅលើ​ការវាយប្រហារ​ដោយ​គ្រាប់បែក ត្រូវបាន​លុបចោល​ជា​ស្ថាពរ​ហើយ។ ភស្តុតាង​របស់ អេ​ហ្វ​ប៊ី​អាយ អំពី​តួនាទី​របស់លោក ហ៊ុន សែន នៅក្នុង​ការវាយប្រហារ​នោះ​នៅតែមាន​នៅក្នុង​ឯកសារ​របស់​ការិយាល័យ​នេះ​ដដែល ប៉ុន្តែ អេ​ហ្វ​ប៊ី​អាយ បាន​បដិសេធ​មិន​ផ្តល់​ការសហការ​ពេញលេញ​ជាមួយនឹង​ការសាកសួរ​នៅ​សភា ឬ​បន្ត​ការស៊ើបអង្កេត​បឋមរ​បស់​ខ្លួន​នោះទេ។

លោក អាដាម បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “អេ​ហ្វ​ប៊ី​អាយ ហៀបនឹង​បញ្ចប់​ដំណើរការ​ដោះស្រាយ​សំណុំ​រឿងនេះ​ទៅហើយ​នៅពេលដែល​អ្នកស៊ើប​អង្កេត​នាំមុខ​របស់ខ្លួន​ត្រូវបាន​បញ្ជា​ឲ្យ​ចាក​ចេញពី​ប្រទេស [កម្ពុជា] ភ្លាម។ សហរដ្ឋអាមេរិក​មិនគួរ​ផ្តល់​អាទិភាព​ដល់​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ជន​ផ្តាច់ខ្លួន​ដូច​លោក ហ៊ុន សែន ជាជាង​យុត្តិធម៌ និង​នីតិរដ្ឋ​នៅ​កម្ពុជា​នោះទេ ហើយ​គួរ​បញ្ជា​ឲ្យ អេ​ហ្វ​ប៊ី​អាយ បញ្ចប់​ការងារ​ដែល​ការិយាល័យ​នេះ​បានចាប់ផ្តើម​កន្លងមក។

កង​អង្គរក្ស​លោក ហ៊ុន សែន មាន​ភាពល្បីល្បាញ​នៅ​ប្រទេស​កម្ពុជា​ខាង​ប្រើ​អំពើហិង្សា អំពើពុករលួយ និង​និ​ទណ្ឌ​ភាព​ដែល​ខ្លួន​បានទទួល​ក្នុងនាម​ជា​កងទ័ព​ឯកជន​តាម​ព្រឹត្តិ​ន័យ​របស់លោក​នាយករដ្ឋមន្ត្រី។ របាយការណ៍​ ឆ្នាំ២០០៧ របស់​អង្គការ​មិនមែន​រដ្ឋាភិបាល Global Witness បាន​និយាយថា ៖ “កងពលតូច​លេខ ៧០ នៃ​កងយោធពល​ខេមរភូមិន្ទ [ឈ្មោះ​ផ្លូវការ​របស់​កង​អង្គរក្ស] ដ៏​ល្បីល្បាញ​អាច​រកចំណូលបាន​ចន្លោះ​ពី ២ លាន​ដុល្លារ​ទៅ ២,៥ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​តាមរយៈ​ការដឹកជញ្ជូន​ឈើ​ប្រណីត និង​ទំនិញរត់ពន្ធ​ខុសច្បាប់។ ប្រាក់ចំណេញ​មួយផ្នែកធំ​ដែល​បានមកពី​សកម្មភាព​ទាំងនេះ បាន​ទៅលើ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ីង ប៊ុន​ហៀង មេបញ្ជាការ​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី “។

ចាប់តាំងពី​ពេលនោះ​មក លោក ហ៊ុន សែន បាន​ដំឡើង​តំណែង​លោក ហ៊ីង ប៊ុន​ហៀ​ង ឲ្យ​ធ្វើជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ។ លោក ហ៊ុយ ពិសិដ្ឋ អតីត​មេបញ្ជាការ​កងពលតូច​លេខ ៧០ បាន​ក្លាយជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ។ នៅ​ឆ្នាំ២០១៥ អ្នក​ទាំងពីរ​ត្រូវបានតែងតាំង​ចូល​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​របស់​គណបក្ស​កាន់អំណាច។ លោក អាដាម បាន​និយាយថា “ការដំឡើង​តំណែង​ដល់​ជន​ដែល​ពាក់ព័ន្ធ​នឹង​ការសម្លាប់​រង្គាល​ក្រុមអ្នកតវ៉ា​ដែល​បានធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី បង្ហាញ​ពី​ការមើល​ងាយ​ដ៏​ឃោរឃៅ​ចំពោះ​ជនរងគ្រោះ។ សារ​នេះ​ចង់​បង្ហាញថា អ្នករំលោភ​សិ​ទិ្ធ​មនុស្ស មិន​ថា​ពួកគេ​ប្រព្រឹត្ត​អំពើអាក្រក់​យ៉ាងណា​នោះទេ នឹងមិន​ត្រឹម​តែមាន​សេរីភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​រង្វាន់​ទៀតផង”

ការវាយប្រហារ​ឆ្នាំ១៩៩៧ បានកើត​ឡើង​នៅពេល​ដែលមាន​ភាព​តានតឹង​ផ្នែក​នយោបាយ​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា។ រដ្ឋាភិបាលចម្រុះ​រវាង​គណបក្ស​រាជានិយម ហ្វ៊ុន ស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក ហ៊ុន សែន រង​ការ​រង្គោះរង្គើ បន្ទាប់ពី​ការប៉ះទង្គិច​ប្រដាប់អាវុធ​នៅ​ខេត្តបាត់ដំបង​កាលពី​មួយ​ខែ​មុន។ គណបក្ស​របស់លោក សម រង្ស៊ី ត្រូវបាន​គេ​មើលឃើញថា​ជាការ​គំរាមកំហែង​មួយ​នៅក្នុង​ការបោះឆ្នោតជាតិ​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​បន្ទាប់។ លោក​និង​សមាជិក​គណបក្ស​របស់​លោក​បាន​រង​ការវាយប្រហារ និង​ការគំរាមកំហែង​ពី​សំណាក់​មន្ត្រី និង​ភ្នាក់ងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង​មួយឆ្នាំ។

រដ្ឋប្រហារ​បង្ហូរឈាម​ដោយ​កងកម្លាំង​របស់លោក ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​ខែកក្កដា ​ឆ្នាំ១៩៩៧ ដោយបាន​សម្លាប់​មនុស្ស​ជាង ១០០ នាក់ និង​បាន​បង្ខំ​ឲ្យ​អ្នកនយោបាយ និង​សកម្មជន​នយោបាយ​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​ដោយសារ​ភ័យខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ពួកគេ។ បើទោះបីជា​អង្គការសហប្រជាជាតិ​បានផ្តល់​ឯកសារ​យ៉ាង​លម្អិត​អំពី​យុទ្ធនាការ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធតុលាការ​ក្តី ក៏​គ្មាន​នរណាម្នាក់​ត្រូវបាន​គេ​ចាប់​ឲ្យ​ទទួលខុសត្រូវ​លើ​ការរំលោភបំពាន​ដែល​ទាក់ទង​នឹង​រដ្ឋប្រហារ​នេះឡើយ។

លោក អាដាម បាន​និយាយថា “ការវាយប្រហារ​ដោយ​គ្រាប់បែក​បាន​ចាក់​ស្រមោល​ដិតដាម​យ៉ាងយូរ​ទៅលើ​នយោបាយ​កម្ពុជា​ដែល​នៅតែ​បន្ត​មាននៅ​ថ្ងៃនេះ។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ លោក ហ៊ុន សែន បានធ្វើ​រដ្ឋប្រហារ​មួយ​ដែល​បាន​ពង្រឹង​ការ​កាន់អំណាច​ដ៏​យូរ​របស់លោក​ដែលមាន​រយៈពេល​ជាង ៣២ ឆ្នាំ​ហើយ និង​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ខាង​រាងកាយ និង​ការបង្កើន​ការចោទប្រកាន់​ទៅលើ​គណបក្សប្រឆាំង។ អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់បែក​នេះ​បាន​រួច​ពីបទ​មនុស្សឃាត ហេតុដូច្នេះ​ហើយ​បានជា​ថ្ងៃទី៣០ ខែមីនា ត្រូវបាន​មនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ហៅថា ‘ទិវា​និ​ទណ្ឌ​ភាព’ ។ ”

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed