Skip to main content

ប្រទេសថៃ៖ អ្នកនយោបាយបក្សប្រឆាំងរបស់កម្ពុជាត្រូវគេធ្វើឃាត

បើកការស៊ើបអង្កេតជាបន្ទាន់ទៅលើឃាតកម្មលោក លីម គីមយ៉ា នារាជធានីបាងកក

សមាជិកការិយាល័យស៊ើបអង្កេតកណ្តាលថៃឈរនៅជិតកន្លែងដែលលោក លឹម គឹមយ៉ា អតីតសមាជិកសភាកម្ពុជាត្រូវបានបាញ់សម្លាប់នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី 7 ខែមករា ឆ្នាំ 2025។  ©️ 2025 Lillian Suwanrumpha/AFP តាមរយៈ Getty Images

(ពីរាជធានីបាងកក) អាជ្ញាធរថៃគួរចាប់ផ្តើមធ្វើការស៊ើបអង្កេតជា បន្ទាន់ ពេញលេញ និងអាចជឿទុកចិត្តបាន ទៅលើការធ្វើឃាត នៃអតីតអ្នកនយោបាយបក្សប្រឆាំងរបស់កម្ពុជានៅទីក្រុង​បាងកក នេះជាការលើកឡើងដោយ អង្គការឃ្លាំមើលសិទ្ធិមនុស្ស នៅថ្ងៃនេះ។

កាលពីថ្ងៃទី ៧ ខែមករា ២០២៥ នាក្បាលព្រលប់ ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ លោក លីម គីមយ៉ា អាយុ ៧៤​ឆ្នាំ អតីតសមាជិករដ្ឋសភាជាតិកម្ពុជា មកពីគណៈបក្សសង្គ្រោះជាតិកម្ពុជា ដែលត្រូវគេ​រំលាយចោល នៅក្បែរវត្ត​ ប៊ូវន្តវត្ត Wat Bowonniwet ទីក្រុងបាងកក ប្រទេសថៃ។ លោក និងភរិយាបានធ្វើដំណើរមកដល់ទីក្រុងបាងកក ពីទីក្រុងសៀមរាប នៃប្រទេសកម្ពុជា តាមរថយន្តក្រុង។      អាជ្ញាធរថៃ ក្រោយមក បានកំណត់អត្តសញ្ញាណឃាតករ ឈ្មោះ អាកាឡាក់ ភីណយ Aekaluck Paenoi អតីតទាហានម៉ារីនថៃ និងបានចេញដីការចាប់ខ្លួន។ បណ្តាសារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា អាជ្ញាធរកម្ពុជា បានចាប់ខ្លួន ឃាតករ អាកាឡាក់ នៅខេត្តបាត់ដំបង ក្រោយបានរត់គេចខ្លួនទៅកាន់ប្រទេសកម្ពុជា ហើយអាជ្ញាធរកម្ពុជា នឹងបញ្ជូនឃាតករ​នេះទៅកាន់ប្រទេសថៃវិញ។

កាសែត ឌឺនេសិន Nation បានរាយការណ៍ថា តុលាការព្រហ្មទណ្ឌប្រទេសថៃបានចេញ ដីកាចាប់​ខ្លួន បុរសជនជាតិខ្មែរ ឈ្មោះ ពេជ្រ គីមស្រ៊ិន អនុប្រធានផ្សារសារធារណៈមួយ នៅទីក្រុងភ្នំពេញ ក្រោមបទចោទ មានការពាក់ព័ន្ធចំពោះអំពើឃាតកម្មនេះ។ លោក ឧត្តមសេនីប៉ូលីស្ត៍ ថេរ៉ាដេជ ថាម៉ាស៊ូធី Theeradej Thammasuthee ប្រធានស្នងការប៉ូលីស្ត៍ផ្នែកស៊ើបអង្កេតប្រចាំក្រុងបាងកក ថ្លែងថា បុរសឈ្មោះ ពេជ្រ គីមស៊្រីន បានធ្វើដំណើរទៅកាន់ប្រទេសថៃរួមរថយន្តក្រុងជាមួយ លោក គីមយ៉ា។ តាម​រូបភាពកាម៉េរ៉ាសុវត្ថិភាព បានបង្ហាញថា បុរសឈ្មោះ ពេជ្រ បានរួមដំណើរក្នុងរថយន្តក្រុងជាមួយ លោក គីមយ៉ាទៅកាន់ទីក្រុងបាងកកដូចគ្នា។ លោក ថេរ៉ាដេត បានបន្តលើកឡើងទៀតថា ពេជ្រ ធ្វើដំណើរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញតាមយន្តហោះ ពីព្រលានយន្តហោះអន្តរជាតិទីក្រុងបាងកក ក្រោយឃាតកម្មនេះ។​ 

“ការលបធ្វើឃាតដ៏សាហាវ ទៅលើអ្នកនយោបាយប្រឆាំងកម្ពុជា ដ៏លេចធ្លោរ នៅកណ្តាលទីក្រុងបាងកក បាននាំអោយមានក្តីបារម្ភយ៉ាងធំធេង ចំពោះការពាក់ព័ន្ធ ពីរដ្ឋាភិបាលបរទេស ក្នុងអំពើឃាត​កម្មពាក់ព័ន្ធនយោបាយ នៅលើទឹកដីថៃ”។ នេះជាការលើកឡើងដោយ អេឡែន ភាស័ន Elaine Pearson, នាយិកាប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស។ គាត់បន្តទៀតថា “អាជ្ញាធរថៃ ត្រូវតែបើកការស៊ើបអង្កេតពេញលេញ ទៅលើឃាតកម្មលោក លីម គីមយ៉ា និងត្រូវធ្វើយ៉ាងណានាំយកអ្នកទទួលខុសត្រូវទាំងអស់មកកាត់ទោស”។

អាជ្ញាធរកម្ពុជា បានគាបសង្កត់ជាប្រព័ន្ធចំពោះការរិះគន់រដ្ឋាភិបាល ពីសំណាក់អ្នកនយោបាយបក្ស​ប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល ក្នុងនោះរួមមាន ការធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងការញុះញង់អោយមានអំពើហិង្សា ការចាប់ខ្លួន និងឃុំខ្លួនក្រៅច្បាប់ ការកាត់ក្តីដោយអយុត្តិធម៌ និងដាក់ ទោសជាប់ពន្ធនាគារដោយគ្មានមូលដ្ឋាន។ តាំងពីតុលាការកំពូល ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ ២០១៧ មក អាជ្ញាធរកម្ពុជា បានតាមប្រមាញ់ និងចោទប្រកាន់មានលក្ខណៈនយោបាយ នូវរាល់​អតីតសមាជិកបក្សនេះទាំងឡាយ ក្នុងនោះ រួមមានទាំងអ្នកដែលកំពុងរស់នៅប្រទេសជិតខាងដូចជាប្រទេសថៃនេះជាដើមផង។

នាពេលបច្ចុប្បន្ន កម្ពុជានៅមានឃុំខ្លួនអ្នកទោសនយោបាយចំនួន ៣៨ រូប នេះបើតាមរបាយការណ៍ របស់អង្គការកាពារសិទ្ធិមនុស្សកម្ពុជា លីកាដូ LICADHO.

លោក គីមយ៉ា នាពេលថ្មីៗនេះ បានរិះគន់នៅលើបណ្តាញសង្គម Facebook ទៅលើលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្អូនប្រុស លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់ការចំណាយប្រាក់យ៉ាងច្រើន ដើម្បីរៀបចំកម្មវិធីអបអរសាទរ ថ្ងៃបុណ្យចូលឆ្នាំថ្មី ទី ១ មករា​ ថា “មិនមា​ន ផលប្រយោជន៍ណាមួយ ដល់ប្រជាជនកម្ពុជា”។ លោក គីមយ៉ាបានសរសេរថា រាជរដ្ឋាភិបាលជាជាង ចំណាយប្រាក់លើការរៀបចំកម្មវិធីនេះ ប៉ុន្តែត្រូវផ្តោតលើការគោរពសិទ្ធិមនុស្សវិញ”។ 

ឃាតកម្មលើលោក គីមយ៉ា ដែលមានសញ្ជាតិកម្ពុជា និងបារាំង ហើយជាអតីតមន្ត្រីរដ្ឋការបារាំងផង បានផ្ញើសារយ៉ាងច្បាស់ថា អ្នកហ៊ានរិះគន់ទាំងអស់ទៅលើ រដ្ឋាភិបាលកម្ពុជា មិនមានសុវត្ថិភាពទេ ទោះគេស្ថិតនៅទីណាក៏ដោយ។ នេះជាការលើកឡើងរបស់អង្គការ ឃ្លាំមើលសិទ្ធិមនុស្ស។

អ្នករិះគន់កម្ពុជាជាច្រើននាក់ផ្សេងទៀត ដែលបានរត់គេចខ្លួនទៅស្នាក់នៅប្រទេសថៃ ត្រូវបានកំណត់ មុខសញ្ញាសម្រាប់អ្វីដែលគេហៅថា ការគាប់សង្កត់ឆ្លងព្រំដែន ពោលគឺការរំលោភសិទ្ធិមនុស្ស ដែលធ្វើ ឡើងឆ្លងព្រំដែនប្រទេស ដើម្បីបំបាត់សំឡេងរិះគន់ ទាន់ពេលវេលា ដោយមានកិច្ចសហការពីសំណាក់​អាជ្ញាធរថៃ។

សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់គឺ លោក ផន ផាន់ណា បានរាយការណ៍ប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សកាលពី ខែ សីហា ២០២៣ ថា អ្នកវាយប្រហារលោក បានតាមឈ្លប និងតាមដានគាត់  នៅជុំវិញអ្នកជិតខាងគាត់នៅខេត្ត រ៉ាយយ៉ង ប្រទេសថៃ ក្នុងនោះរួមមានការលួចថតរូបភាពគាត់ ពីក្នុងរថយន្តពួកគេ បន្ទាប់មកបានចាប់ផ្តើមវាយប្រហាលើរាងកាយគាត់តែម្តង។ ការថតបានដោយកាម៉េរ៉ាសុវត្ថិភាពដែលមានក្នុងហាងក្បែរនោះបង្កាញថា កម្មករសំណង់ ១០ នាក់ ដែល​នៅធ្វើការក្បែរនោះ បានឃើញហេតុការណ៍ផ្ទាល់ភ្នែក ហើយបានចេញមកសង្គ្រោះលោក ផាន់ណាទាន់ពេល។

អ្នកដឹកនាំកម្ពុជា បន្តគំរាមកំហែង លោក ផាន់ណា ខណៈលោករង់ចាំការចាកចេញ ទៅតាំងទីលំនៅថ្មីនៅឯសហរដ្ឋ អាមេរិក។ វិទ្យុអាស៊ីសេរីបានរាយការណ៍ថា ក្នុងឃ្លីបសំឡេងមួយដែលបែកធ្លាយក្នុង  បណ្តាញសង្គម Facebook បង្ហាញថា កាលពីខែ កញ្ញា ឆ្នាំ ២០២៤ ថា អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបច្ចុប្បន្ន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាថា “ក្រុមការងារយើងនៅប្រទេសថៃ ត្រូវតែសហការ ជាមួយប៉ូលីស្ត៍ ថៃ ដើម្បីលុបបំបាត់ចោលក្រុមអ្នករិះគន់កំពុងរស់នៅប្រទេសថៃ ក្នុងនោះ ម្នាក់ឈ្មោះ ផន ផាន់ណា...កម្លាំងយើងត្រូវតែនាំខ្លួនមកអោយបាន ទោះក្នុងតម្លៃណាក៏ដោយ និងទោះស្លាប់ ឬរស់ក៏ដោយ”។

នៅខែធ្នូ ២០១៩ អ្នកវាយប្រហារនិយាយភាសាខ្មែរពីរនាក់ បានវាយប្រហារសកម្មជនបក្សសង្គ្រោះ​ជាតិ គឺលោក សួន ចំរើន នៅផ្សារ 7- Eleven មួយកន្លែង ចម្ងាយតែប៉ុន្មានជំហានពីអាគារដែល លោកស្នាក់នៅ នាទីក្រុងបាងកក។ គេវាយប្រហារគាត់ដោយដំបងឆក់ រយៈពេល ១៥នាទី ដោយ ព្យាយាមធ្វើអោយគាត់សន្លប់ រួចអូសគាត់ចេញពីហាង និងវាយក្បាល ខ្នង និងដៃរបស់គាត់។ ពេលដែលបុគ្គលិកផ្សារ 7-Eleven បានស្រែកអះអាងថាគេបានហៅទូរស័ព្ទ ទៅកាន់ប៉ូលីស្ត៍ ទើបជនវាយប្រហារបានរត់គេចខ្លួនបាត់។

អាជ្ញាធរថៃក៏បានរំលោភបំពានសិទ្ធិមនុស្សទៅលើ អ្នកប្រឆាំងកម្ពុជា ដែលអាចជាប់ពាក់ព័ន្ធជាមួយ​    រដ្ឋាភិបាលកម្ពុជាផងដែរ។ ជាក់ស្តែង កាលពីខែ វិច្ឆិកា ២០២៤ អាជ្ញាធរថៃ បានបំពានច្បាប់អន្តរជាតិ ដោយបានបណ្តេញចេញដោយបង្ខំ សកម្មជននយោបាយប្រឆាំងកម្ពុជាចំនួន ប្រាំមួយនាក់ និងកុមារម្នាក់ត្រឡប់ទៅកម្ពុជាវិញ ដែលនេះបានដាក់ពួកគេស្ថិតក្នុងហានិភ័យពីការធ្វើបាប និងកាត់ទោស ដោយអយុត្តិធម៌នៅកម្ពុជា។ 

ក្នុងរបាយការណ៍មួយសម្រាប់ឆ្នាំ ២០២៤ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលាតត្រដាងនូវសណ្ឋាននៃការធ្វើទុក្ខបុកម្នេញឆ្លងព្រំដែន ក្នុងនោះអាជ្ញាធរថៃ បានជួយរដ្ឋាភិបាលជិតខាងខ្លួន ធ្វើ​កម្មភាពខុសច្បាប់ទៅលើអ្នកប្រឆាំង និងសកម្មជននានា ដែលស្វះស្វែងរកការការពារនៅក្នុង​ប្រទេសថៃ។ ជាថ្នូរមកវិញ អាជ្ញាធរថៃទទួលបានកិច្ចសហការកំណត់មុខសញ្ញាអ្នករិះគន់ រដ្ឋាភិបាលថៃ កំពុងរស់នៅប្រទេសកម្ពុជា ឡាវ និងប្រទេស វៀតណាម ដែលជាផ្នែកមួយនៃយុទ្ធវិធី “ដូរដៃគ្នា” ប្រឆាំងអ្នកភៀសខ្លួន និងអ្នកប្រឆាំងពីសំណាក់រដ្ឋាភិបាលទាំងនោះ។

“ការឆ្លើយតបដោយប្រទេសថៃ លើករណី ឃាតកម្ម លោក លីម គីមយ៉ា នឹងបង្ហាញអោយឃើញថាតើ អាជ្ញាធរថៃ នឹងទទួល ឬបដិសេធចោល នូវឧក្រិដ្ឋកម្មដ៏គួរអោយតក់ស្លុតនេះ ថាអាចជាអំពើគាបសង្កត់ឆ្លងព្រំដែនឬទេ។ នេះជាការលើកឡើងដោយ អេឡែន ភាស័ន។ “គាត់បញ្ជាក់បន្ថែមថា “ប្រទេសបារាំង និងមិត្តរបស់ប្រទេស​ថៃផ្សេងទៀត គួរជម្រុញអោយរដ្ឋាភិបាល បើកការស៊ើបអង្កេតប្រកបដោយភាពជឿទុកចិត្តបាន និងនាំយកអ្នកទទួលខុសត្រូវទាំងអស់មកកាត់ទោស”។

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed