- រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់ជាប្រព័ន្ធនូវការបង្ខិតបង្ខំ និងការផ្សព្វផ្សាយជាសាធារណៈអំពី ការសារភាពកំហុសរបស់សមាជិក និងសកម្មជនគណបក្សប្រឆាំងដែលត្រូវបានឃុំខ្លួន ដើម្បីធ្វើឱ្យប៉ះពាល់ដល់ជំហរនយោបាយរបស់ពួកគេ ។
- តាមរយៈការបង្ខិតបង្ខំសកម្មជនឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច អាជ្ញាធរមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះពួកគេ និងពង្រឹងអំណាចគ្រប់គ្រងបែបឯកបក្សឱ្យកាន់តែរឹងមាំថែមទៀត ។
- រាជរដ្ឋាភិបាលកម្ពុជា គួរតែទម្លាក់ចោលនូវបទចោទដែលមានចេតនានយោបាយ លុបបំបាត់ការផ្ដន្ទាទោសដែលអយុត្តិធម៌ ព្រមទាំងដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ចំពោះសកម្មជន និងអ្នកនយោបាយប្រឆាំងដែលត្រូវបានឃុំខ្លួនខុសច្បាប់ ។
(ទីក្រុងបាងកក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦)៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើងនៅថ្ងៃនេះថា រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់ជាប្រព័ន្ធនូវការបង្ខិតបង្ខំ និងផ្សព្វផ្សាយជាសាធារណៈអំពីការសារភាពកំហុសរបស់សមាជិក និងសកម្មជនគណបក្សប្រឆាំងដែលត្រូវបានឃុំខ្លួន ដើម្បីធ្វើឱ្យប៉ះពាល់ដល់ជំហរនយោបាយរបស់ពួកគេ ។ ការប្រព្រឹត្តិមិនគប្បីនេះគឺស្ថិតក្នុងបរិបទនៃយុទ្ធនាការក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយរបស់រដ្ឋាភិបាល ប្រឆាំងនឹងគូប្រជែងនយោបាយ ដោយមានការគាំទ្រពីប្រព័ន្ធតុលាការដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាល ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរកម្ពុជា បានដាក់បណ្ដឹងព្រហ្មទណ្ឌដោយគ្មានមូលដ្ឋានជាញឹកញាប់ទៅលើសមាជិក និងសកម្មជនគណបក្សប្រឆាំង ដើម្បីដាក់សម្ពាធពួកគេឱ្យធ្វើការសុំទោសជាសាធារណៈ និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (CPP) ជាថ្នូរនឹងការដោះលែងពីការឃុំខ្លួន ។ ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាល បានផ្សព្វផ្សាយជាប្រចាំនូវវីដេអូ ឬសេចក្ដីថ្លែងការណ៍នៃការសារភាពក្រោមការបង្ខិតបង្ខំទាំងនោះ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកគេ ។
លោកស្រី Bryony Lau នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានមានប្រសាសន៍ថា “គណបក្សកាន់អំណាចនៅកម្ពុជា ប្រើប្រាស់បទចោទព្រហ្មទណ្ឌដែលគ្មានហេតុផលសមរម្យ ដើម្បីគំរាមកំហែងសកម្មជននយោបាយ ហើយបន្ទាប់មកបង្ខំពួកគេឱ្យសារភាពកំហុសចំពោះបទល្មើសដែលមិនបានប្រព្រឹត្ត ដើម្បីទទួលបានការដោះលែងឱ្យមានសេរីភាពវិញ” ។ លោកស្រីបានបន្ថែមទៀតថា “តាមរយៈការបង្ខិតបង្ខំសកម្មជនទាំងនេះឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា អាជ្ញាធរមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកគេ និងពង្រឹងអំណាចគ្រប់គ្រងបែបឯកបក្សឱ្យកាន់តែរឹងមាំថែមទៀត ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានពិនិត្យមើលឡើងវិញនូវ វីដេអូ និងសេចក្ដីរាយការណ៍ជាង ១៤០ ដែលពាក់ព័ន្ធនឹងការសុំទោស និងការសារភាពកំហុសជាសាធារណៈរបស់សកម្មជន ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ និងបានសម្ភាសន៍មនុស្សចំនួន ៩នាក់ រួមមាន សកម្មជន និងសមាជិកគណបក្សនយោបាយប្រឆាំង សមាជិកគ្រួសារអ្នកជាប់ឃុំ និងមេធាវីកាពារក្ដីឱ្យជនជាប់ចោទ ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស មិនធ្វើការបង្ហាញជាសាធារណៈនូវអត្តសញ្ញាណរបស់អ្នកដែលបានផ្ដល់បទសម្ភាសន៍នោះទេ ដើម្បីការពារសុវត្ថិភាពរបស់ពួកគេ ។
ការសារភាពកំហុសក្រោមការបង្ខិតបង្ខំ ជារឿយៗត្រូវបានថតជាវីដេអូ ហើយនៅក្នុងវីដេអូជាច្រើន សកម្មជនត្រូវបានឃើញឈរមុខកាមេរ៉ា ដោយស្លៀកពាក់ឯកសណ្ឋានជាជនជាប់ឃុំដែលមានពណ៌ទឹកក្រូច ឬពណ៌ខៀវ ។ នៅក្នុងវីដេអូមួយចំនួន បានបង្ហាញថា សកម្មជនទំនងជាកំពុងអានសេចក្ដីថ្លែងការណ៍ដែលបានព្រាងទុកជាមុន ។ ការសារភាពកំហុសទាំងនេះ ជារឿយៗតែងមានភ្ជាប់ជាមួយនឹងការសុំទោសចំពោះការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងសកម្មភាពនយោបាយរបស់ពួកគេ ព្រមទាំងការស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ។
សកម្មជន និងសមាជិកគណបក្សប្រឆាំង បានប្រឈមមុខកាន់តែខ្លាំងនូវបទចោទប្រឌិត និងការដាក់សម្ពាធឱ្យចុះចូល ចាប់តាំងពីមេដឹកនាំចាស់វស្សា លោក ហ៊ុន សែន បានចុះចេញពីតំណែងនាយករដ្ឋមន្ត្រី ហើយបានផ្ទេរតំណែងនេះឱ្យកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២៣ ដែលមានភាពមិនប្រក្រតីធ្ងន់ធ្ងរ ។ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានបន្តបង្រ្កាបក្រុមអ្នកនយោបាយប្រឆាំង សកម្មជនសង្គម សកម្មជនបរិស្ថាន និងគ្រប់ទម្រង់នៃសំឡេងមតិផ្ទុយនៅក្នុងប្រទេស ។ ការសារភាពកំហុសដោយបង្ខំ តែងតែត្រូវបានធ្វើឡើងជាញឹកញាប់ដោយផ្ទាល់សំដៅទៅកាន់លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងលោក ហ៊ុន ម៉ាណែត ។
សកម្មជនម្នាក់បាននិយាយថា “ពួកគេមកជួបខ្ញុំក្នុងពន្ធនាគារ ហើយប្រាប់ថា បើព្រមចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គេនឹងដោះលែងចេញពីទីនេះ” ។ មេធាវីម្នាក់ដែលការពារក្ដីឱ្យអ្នករិះគន់រដ្ឋាភិបាលជាច្រើនដែលកំពុងជាប់ឃុំ បានលើកឡើងថា “ចំពោះកូនក្ដីខ្ញុំជាសកម្មជននយោបាយ ១០០ភាគរយសុទ្ធតែទទួលរងសម្ពាធឱ្យសារភាព និងចូលរួមជាមួយគណបក្សកាន់អំណាច ដើម្បីទទួលបានការដោះលែង” ។
ការត្រួតត្រារបស់គណបក្សកាន់អំណាចទៅលើប្រព័ន្ធតុលាការ បានអនុញ្ញាតឱ្យមានការប្រើប្រាស់មិនត្រឹមត្រូវនូវបទចោទព្រហ្មទណ្ឌប្រឆាំងនឹងសកម្មជននយោបាយ ដែលជារឿយៗពួកគេតែងត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” ដែលអាចប្រឈមនឹងការការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ។ នៅក្នុងឆ្នាំ២០២២ ក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនតាមអំពើចិត្ត (UN Working Group on Arbitrary Detention) បានរកឃើញថា មាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌកម្ពុជាស្ដីពីបទញុះញង់ គឺមានលក្ខណៈ “មិនច្បាស់លាស់ និងទូលំទូលាយពេក” ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាល ក៏បានចោទប្រកាន់សកម្មជនប្រឆាំងពី “បទរួមគំនិតក្បត់ប្រព្រឹត្តឧបឃាតប្រឆាំងនឹងរដ្ឋ” ដែលជាបទល្មើសធ្ងន់ធ្ងរជាង ដោយត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ។
កង្វះប្រព័ន្ធតុលាការឯករាជ្យនៅកម្ពុជា បានជួយសម្រួលឱ្យមានការសារភាពកំហុសក្រោយការបង្ខិតបង្ខំ ដោយសារតុលាការ មិនធ្លាប់បានអន្តរាគមន៍ ដើម្បីបញ្ឈប់ការចោទប្រកាន់ដែលមានចេតនានយោបាយឡើយ ។ គណបក្សកាន់អំណាច បានគ្រប់គ្រងប្រព័ន្ធតុលាការកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយ ចៅក្រម និងព្រះរាជអាជ្ញា កាន់តួនាទីជាន់ខ្ពស់នៅក្នុងគណបក្សកាន់អំណាច ក្នុងនោះរួមមាន ប្រធានតុលាការកំពូលកម្ពុជា ដែលជាសមាជិកនៃគណៈកម្មាធិការកណ្ដាលដ៏មានឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា ផងដែរ ។
មេធាវីម្នាក់បាននិយាយថា “ចៅក្រម សុទ្ធតែជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ពួកគាត់សុទ្ធតែជាមន្ត្រីគណបក្សប្រជាជនទាំងអស់” ។ មេធាវីដដែលបានបន្ថែមថា “ដូច្នេះ គ្មានផ្លូវដែលអាចធានាយុត្តិធម៌ទេ” ។
នៅក្នុងដំណើរការត្រួតពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ថ្មីបំផុតមួយ ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានផ្ដល់អនុសាសន៍ឱ្យរដ្ឋាភិបាលកម្ពុជាកែលម្អឯករាជ្យភាពរបស់ចៅក្រម និងព្រះរាជអាជ្ញា ព្រមទាំងធានាសិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយយុត្តិធម៌ ដោយបានកត់សម្គាល់ថា សិទ្ធិទាំងនេះ មិនត្រូវបានគោរពនោះទេ ។ ទោះបីជារដ្ឋាភិបាល បានទទួលយកអនុសាសន៍មួយ អំឡុងពេលដំណើរការនៃការត្រួតពិនិត្យឡើងវិញ ដើម្បី “បន្តអនុវត្តវិធានការក្នុងគោលបំណងធានាឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ” ប៉ុន្តែជាក់ស្ដែង តុលាការកម្ពុជានៅតែស្ថិតក្រោមឥទ្ធិពល និងការគ្រប់គ្រងរបស់គណបក្សកាន់អំណាចដដែល ។
នៅពេលដែលសមាជិកគណបក្សប្រឆាំង និងសកម្មជនផ្សេងទៀត ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ពួកគេស្ទើរតែទាំងអស់ត្រូវបានដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន និងបដិសេធសិទ្ធិនៅក្រៅឃុំ ។ ពន្ធនាគារនៅកម្ពុជា ត្រូវបានស្គាល់យ៉ាងទូលំទូលាយថា មានស្ថានភាពចង្អៀតណែនណាន់តាន់តាប់ខ្លាំង ដោយអ្នកជាប់ឃុំជាច្រើនតែងរាយការណ៍ពីស្ថានភាពអាក្រក់ រួមមានបញ្ហាកង្វះអាហារ ទឹកស្អាត និងសេវាថែទាំសុខភាព ក៏ដូចជាការធ្វើទារុណកម្ម និងការប្រព្រឹត្តមិនគប្បីផ្សេងៗ ។
នៅក្នុងខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលត្រួតពិនិត្យការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) បានផ្ដល់អនុសាសន៍ឱ្យប្រទេសកម្ពុជា “កាត់បន្ថយឱ្យបានច្រើននូវភាពចង្អៀតណែនក្នុងពន្ធនាគារ” និង “បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពឃុំឃាំង” ។ ទោះបីជាយ៉ាងណា ចាប់តាំងពីពេលនោះមក ភាពចង្អៀតណែនក្នុងពន្ធនាគារមានស្ថានភាពកាន់តែអាក្រក់ជាងមុនថែមទៀត ។
សកម្មជនជាច្រើនបាននិយាយថា ស្ថានភាពអាក្រក់នៅក្នុងពន្ធនាគារ បានបន្ថែមសម្អាធថែមទៀតឱ្យពួកគេសារភាពកំហុស ។ សកម្មជននយោបាយម្នាក់បាននិយាយថា “យើងដេកតម្រៀបគ្នាដូចត្រីខកំប៉ុង អត់មានកន្លែងលាតខ្លួនដេកទេ” ដោយបានកត់សម្គាល់ថា គាត់ត្រូវបង់ប្រាក់សំណូកចន្លោះពី ២០០ ទៅ ២៥០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ដើម្បីទទួលបានអាហារហូបចុក និងសម្ភារៈអនាម័យគ្រប់គ្រាន់ ។
ការសុំទោស និងសារភាពកំហុសដោយបង្ខំជាច្រើន ត្រូវបានថតទុក និងក្រោយមកចេញផ្សាយដោយ ហ្វេ្រសញូវ (Fresh News) ជាប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាល ដែលបានបម្រើជាវេទិកាផ្សព្វផ្សាយឱ្យគណបក្សប្រជាជនកម្ពុជា ។ នៅក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ហ្វ្រេសញូវ បានចេញផ្សាយការសារភាពកំហុសយ៉ាងតិច ៩០ករណី ដែលភាគច្រើនត្រូវបានធ្វើឡើងនៅក្នុងពន្ធនាគារ ដោយមានសកម្មជនស្លៀកពាក់ឯកសណ្ឋានអ្នកជាប់ឃុំនៅក្នុងពន្ធនាគារ ។
សកម្មជនម្នាក់ដែលត្រូវបានចាប់ខ្លួន និងក្រោយមកបានសារភាពកំហុស ដើម្បីជាថ្នូរនៃការដោះលែងបាននិយាយថា ការផ្សព្វផ្សាយការសារភាពកំហុសរបស់គាត់ជាសាធារណៈ បានធ្វើឱ្យគាត់ប្រឈមនឹងការមិនទុកចិត្ត និងការរើសអើងពីអតីតមិត្តរួមការងារ និងមិត្តភក្ដិ៖ “មានការឃ្លាតឆ្ងាយ ឯកា និងអស់សង្ឃឹម... មនុស្សឈប់និយាយជាមួយយើង ឈប់ទាក់ទងជាមួយយើ់ង ។ យើងក្លាយជាមនុស្សក្នុងបញ្ជីខ្មៅ “។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស អំពាវនាវឱ្យ រាជរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទដែលមានចេតនានយោបាយ លុបចោលការផ្ដន្ទាទោសដែលអយុត្តិធម៌ ព្រមទាំងដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ចំពោះសកម្មជន និងអ្នកនយោបាយប្រឆាំងដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ ។
លោកស្រី Lau បានមានប្រសាសន៍ថា “ការបង្ខិតបង្ខំឱ្យសារភាពកំហុសរបស់អាជ្ញាធរកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនេះ បានធ្វើឱ្យសិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយយុត្តិធម៌ និងសេរីភាពនយោបាយនៅក្នុងប្រទេស ក្លាយជារឿងគួរឱ្យអស់សំណើច” ។ លោកស្រីបន្ថែមថា “ប្រសិនបើការសារភាពកំហុសដែលត្រូវបានរៀបចំឡើងសម្រាប់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋទាំងនេះនៅតែបន្ត នោះគ្មាននរណាម្នាក់នៅកម្ពុជា ឬនៅក្រៅប្រទេស យកចិត្តទុកដាក់ចំពោះការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២៧ ឬការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៨ ឡើយ” ។
ការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ
តុលាការនៅកម្ពុជា ដើរតួយ៉ាងសំខាន់ក្នុងការបង្កើតលក្ខខណ្ឌ ដែលអនុញ្ញាតឱ្យមន្ត្រីគណបក្សកាន់អំណាចបង្ខិតបង្ខំសកម្មជនឱ្យសារភាពកំហុស ។ នៅក្នុងរបាយការណ៍ឆ្នាំ២០២៤ របស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានកត់សម្គាល់ ថា “ការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ ជាទីដែលតុលាការប្រើប្រាស់ច្បាប់ ដើម្បីបំបិទសំឡេងតួអង្គនយោបាយ និងសិទ្ធិមនុស្ស ដែលត្រូវបានចាត់ទុកថាប្រឆាំងនឹងអាជ្ញាធរជាតិ កំពុងកើតមានយ៉ាងទូលំទូលាយក្នុងលំហពលរដ្ឋ និងនយោបាយ” ។
អាជ្ញាធរ បានបង្កើនការប្រើប្រាស់បទចោទ “រួមគំនិតក្បត់” តាមបញ្ញត្តិមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់គោលដៅលើសកម្មជននយោបាយ និងសកម្មជនបរិស្ថាន ។ នៅក្នុងខែតុលា ឆ្នាំ២០១៩ ខណៈពេលលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ព្យាយាមធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកប្រទេសកម្ពុជាវិញ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាពី “បទចោទថ្មី” មួយ ដែលរដ្ឋាភិបាលរបស់លោកនឹងប្រើប្រាស់ ដើម្បីចាត់វិធានការលើសកម្មជននយោបាយប្រឆាំងទាំងឡាយណា ដែលគាំទ្រការប៉ុនប៉ងធ្វើមាតុភូមិនិវត្តន៍នេះ ។
នៅក្នុងសុន្ទរកថានោះ លោក លោក ហ៊ុន សែន បានអំពាវនាវឱ្យសមាជិកគណបក្សប្រឆាំងសារភាពកំហុស ចំពោះអ្វីដែលលោកចាត់ទុកថាជាការរួមគំនិតក្បត់ប្រឆាំងនឹងរដ្ឋ ដោយនិយាយថា “អ្នកចូលរួមនឹងត្រូវមានទោស ហើយបើអ្នកបានជាជ្រុលចូលរួម អ្នកសារភាពឱ្យត្រង់នឹងរួចទោស” ។ នៅខែបន្ទាប់ លោក ហ៊ុន សែន បានអំពាវនាវម្ដងទៀតឱ្យអ្នកគាំទ្រគណបក្សប្រឆាំង ចេញមកសារភាព ដោយនិយាយថា “ច្រើនពេកហើយដែលប្រជាជនកម្ពុជាត្រូវឈឺចាប់ដោយសារតែអាពាក្យ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស” ។
អំឡុងពេលនោះ មានការកើនឡើងយ៉ាងខ្លាំងនៃការចោទប្រកាន់ជាច្រើនពាក់ព័ន្ធនឹងបទរួមគំនិតក្បត់ ។ នៅចន្លោះខែសីហា និងខែវិច្ឆិកា ឆ្នាំ២០១៩ មនុស្សយ៉ាងតិចណាស់ ៨៩នាក់ ត្រូវបានចោទប្រកាន់ជាមួយនឹងបទចោទនេះ ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស មិនអាចរកឃើញឧទាហរណ៍ណាមួយនៃការចោទប្រកាន់ពី “បទរួមគំនិតក្បត់” ប្រឆាំងនឹងសកម្មជននយោបាយ និងសកម្មជនសិទ្ធិមនុស្ស មុនឆ្នាំ២០១៩នោះទេ ។ ចាប់តាំងពីពេលនោះមក តុលាការ បានបន្តប្រើប្រាស់បទចោទនេះជាទូទៅ ប្រឆាំងនឹងសមាជិកគណបក្សនយោបាយប្រឆាំង អ្នករិះគន់រដ្ឋាភិបាល និងសកម្មជនបរិស្ថាន ។
ចៅក្រម និងមន្ត្រីតុលាការ ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការបង្ខិតបង្ខំសកម្មជនឱ្យសារភាពកំហុស ក្រោយពីពួកគេត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ។ សកម្មជនម្នាក់ បាននិយាយថា មន្រ្តីតុលាការម្នាក់បានណែនាំគាត់ឱ្យ “សុំទោស” លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប្រសិនបើគាត់ចង់ទទួលបានការដោះលែងពីពន្ធនាគារ ។
មេធាវីម្នាក់ដែលការពារក្ដីឱ្យជនជាប់ចោទបាននិយាយថា កូនក្ដីរបស់គាត់ម្នាក់ដែលបានទទួលរងសម្ពាធម្ដងហើយម្ដងទៀតឱ្យសារភាពកំហុស ដោយមានការសន្យាថានឹងទទួលបានការដោះលែងប្រសិនបើព្រមធ្វើតាម ត្រូវបានកោះហៅទៅតុលាការភ្លាមៗ ដោយពុំមានការជូនដំណឹងទៅកាន់មេធាវីការពារក្ដីនោះទេ ។ មេធាវីរូបនេះបាននិយាយថា ក្រោយមកកូនក្ដីនោះបានប្រាប់លោកថា ចៅក្រមបាននិយាយថា “ខ្ញុំចង់ដោះលែងអ្នកដែរ ប៉ុន្តែខ្ញុំគ្មានវិធីធ្វើទេ ។ អ្នកត្រូវតែធ្វើតាមអ្វីដែលពួកគេចង់ឱ្យអ្នកធ្វើ ខ្ញុំមិនចង់ឱ្យអ្នកបន្តជាប់ឃុំទៀតទេ” ។
មេធាវីដដែលបាននិយាយថា “នេះមិនមែនជាយុត្តិធម៌ទេ តែវាជាយុទ្ធសាស្រ្តមួយក្នុងការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ ដើម្បីបំបាត់ភាពសកម្មនិយមរបស់សកម្មជន” ។
“នៅជាប់ពន្ធនាគារ ឬសុំទោស ហើយបានចេញក្រៅ”
តាមរយៈការចាប់ខ្លួនសកម្មជនតាមអំពើចិត្ត ការដាក់បណ្ដឹងចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងពួកគេ និងការធានាឱ្យមានការផ្ដន្ទាទោសប្រសិនបើសំណុំរឿងបញ្ជូនទៅជំនុំជម្រះ រដ្ឋាភិបាលផ្ដល់ជម្រើសឱ្យសកម្មជនតែពីរប៉ុណ្ណោះគឺ សារភាពកំហុសជាសាធារណៈ និងចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ពុំនោះទេនឹងត្រូវអនុវត្តទោសជាប់ពន្ធនាគាររយៈពេលយូរនៅក្នុងពន្ធនាគារដែលមានស្ថានភាពចង្អៀតណែនណាន់តាន់តាប់ និងខ្វះខាតធនធាន ។
សមាជិកគណបក្សប្រឆាំងម្នាក់ បានពិពណ៌នាអំពីផលប៉ះពាល់នៃដំណើរវិលជុំលើការចាប់ខ្លួន និងការសារភាពកំហុសដោយបង្ខំ ចំពោះសកម្មភាពនយោបាយនៅកម្ពុជាថា៖
“រដ្ឋាភិបាលចោទប្រកាន់ [អ្នករិះគន់] ពីបទញុះញង់ និងចាប់ខ្លួនពួកគេ ឱ្យពួកគេមានការភ័យខ្លាច ។ តាមពិតទៅ ក្នុងចិត្តរបស់ពួកគេមិនចង់ចូលរួមជាមួយគណបក្សប្រជាជនទេ ប៉ុន្តែពួកគេចង់ចេញពីពន្ធនាគារ ។ គណបក្សកាន់អំណាច ប្រើប្រាស់យុទ្ធសាស្រ្តនេះ ដើម្បីបិទលំហនយោបាយ និងរារាំងយើងមិនឱ្យរិះគន់ស្ថាប័នណាមួយទេ ។ គេចង់បំបាក់ស្មារតីមនុស្សដែលមានគំនិតខុសពីពួកគេ“ ។
សកម្មជនម្នាក់បានពិពណ៌នាអំពីការឈឺចាប់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះថា “មនុស្សម្នាក់ៗត្រូវថ្លឹងថ្លែងមើលថាតើ វាមានតម្លៃប៉ុណ្ណា?” ដោយរៀបរាប់ពីបទពិសោធន៍របស់ខ្លួននៅក្នុងបន្ទប់ឃុំឃាំងដ៏ចង្អៀតណែនខ្លាំង ជាមួយអ្នកជាប់ឃុំចន្លោះពី ៩០ ទៅ ១០០ នាក់ ដែលប្រើប្រាស់បង្គន់រួមតែពីរ ជាកន្លែងដែលអ្នកជាប់ឃុំផ្សេងទៀតតែងតែត្រូវបានវាយដំជាប្រចាំ ខណៈដែលផ្សែងបារីហុយពេញបន្ទប់ឥតឈប់ឈរធ្វើឱ្យពិបាកដកដង្ហើម និងពិបាកគេង ។ សកម្មជនដដែលបានបន្ថែមថា “នៅជាប់ពន្ធនាគារ ឬសុំទោស ហើយបានចេញក្រៅពន្ធនាគារ?”
សកម្មជនជាច្រើនបានរៀបរាប់ពីបទពិសោធន៍របស់ពួកគេអំឡុងពេលឃុំខ្លួន និងបន្ទាប់មក ត្រូវបានដាក់សម្ពាធឱ្យសុំទោស សារភាពកំហុស និងចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ដើម្បីជាថ្នូរនឹងការដោះលែង ។ សកម្មជនម្នាក់បាននិយាយថា “ពួកគេមកជួបខ្ញុំនៅក្នុងពន្ធនាគារ ហើយបានដាក់សម្ពាធឱ្យខ្ញុំថតវីដេអូមួយ” ។ សកម្មជនដដែលបានបន្ថែមថា “ពួកគេប្រាប់ថា ពួកគេនឹងផ្ដល់តួនាទីជាទីប្រឹក្សាឱ្យខ្ញុំ ហើយខ្ញុំនឹងត្រូវដោះលែងភ្លាមៗ ដោយខ្ញុំគ្រាន់តែត្រូវឈប់ធ្វើនយោបាយប្រឆាំងប៉ុណ្ណោះ” ។ សកម្មជនម្នាក់ទៀតបានលើកឡើងថា មន្ត្រីរដ្ឋាភិបាល បានប្រើប្រាស់សមាជិកក្រុមគ្រួសាររបស់គាត់ ដើម្បីដាក់សម្ពាធគាត់ឱ្យសារភាពកំហុស និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានការដោះលែង ។
សមាជិកគណបក្សប្រឆាំងម្នាក់ទៀត បាននិយាយថា “ពួកគេប្រាប់ថា ពួកគេនឹងផ្ដល់តំណែងឱ្យយើង ឱ្យយើងក្លាយជាឯកឧត្ដម” ព្រមទាំងបានបន្ថែមថា “ប៉ុន្តែតាមពិត បើយើងចូលរួមជាមួយគេ យើងអត់មានសេរីភាពទេ...បើ ចូលរួម ដូចឱ្យយើងបាត់បង់សេរីភាពអីចឹង” ។
សកម្មជន និងសមាជិកគ្រួសារជាច្រើននាក់របស់សមាជិកគណបក្សប្រឆាំងដែលត្រូវបានឃុំខ្លួន បាននិយាយថា ពួកគេបានព្យាយាមបដិសេធការទាមទារឱ្យសារភាពកំហុសជាសាធារណៈ ។ សកម្មជនម្នាក់ដែលបានបដិសេធចំពោះការដាក់សម្ពាធឱ្យសារភាពកំហុស បាននិយាយថា “យើង [គណបក្សប្រជាជនកម្ពុជា និងខ្ញុំ] មានទស្សនៈនយោបាយខុសគ្នា ខ្ញុំមិនអាចកុហកខ្លួនឯងបានទេ” ។
សកម្មជនម្នាក់ទៀត បាននិយាយថា “ពួកគេបានបិទលំហនយោបាយ រំលាយគណបក្សប្រឆាំង ហើយឥលូវគេចាប់ខ្លួនយើងដោយសារយើងរិះគន់រដ្ឋាភិបាល អីចឹងហើយខ្ញុំមិនសារភាពដាច់ខាត” ។
កូនពេញវ័យរបស់សកម្មជនគណបក្សប្រឆាំងម្នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលជាង ៥ឆ្នាំមកហើយ បាននិយាយថា គេមានមោទនភាពចំពោះការសម្រេចចិត្តរបស់ឪពុកគេ ដែលបានបដិសេធចំពោះការដាក់សម្ពាធឱ្យសារភាពកំហុសម្ដងហើយម្ដងទៀត៖
“ពួកគេប្រាប់ថា បើគាត់ព្រមចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គាត់អាចទទួលបានការលើកលែងទោស ទទួលបានតំណែង ឬការងារ អ្វីក៏ដោយឱ្យតែគាត់ចង់បាន ប៉ុន្តែឪពុកខ្ញុំជាសមាជិកគណបក្សប្រឆាំងយូរមកហើយ ហើយគ្រប់យ៉ាងដែលគាត់ធ្វើគឺដើម្បីផលប្រយោជន៍សង្គម និងលទ្ធិប្រជាធិបតេយ្យ ។ អ្វីដែលគាត់បាននិយាយ និងធ្វើ អត់មានអីខុសទេ អីចឹងហើយគាត់ថា គាត់មិនអាចសុំទោសបានទេ ខ្ញុំពិតជាមានមោទនភាពចំពោះគាត់ខ្លាំងណាស់” ។
ពួកគេផ្សព្វផ្សាយ [ការសារភាពកំហុស] ជាសាធារណៈ ដើម្បីបញ្ឈប់ភាពសកម្មនិយម
ការផ្សព្វផ្សាយការសារភាពកំហុសជាសាធារណៈ ហាក់ដូចជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់អាជ្ញាធរកម្ពុជា ក្នុងការបំបែកគណបក្សនយោបាយប្រឆាំង និងបណ្ដាញសកម្មជននានា ។ តាមរយៈការផ្សព្វផ្សាយខ្សែវីដេអូសារភាពកំហុសនៅលើប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាល គណបក្សកាន់អំណាចធ្វើឱ្យសកម្មជនទាំងនេះពិបាក ក្នុងការបន្តសកម្មភាពនយោបាយប្រឆាំងរបស់ពួកគេ ក្រោយពីការដោះលែង ។
មេធាវីម្នាក់ដែលការពារក្ដីឱ្យជនជាប់ចោទបាននិយាយថា “កូនក្ដីខ្ញុំដែលសារភាពកំហុស ១០០ភាគរយ ត្រូវធ្វើវីដេអូមួយ ហើយស្ទើរតែ១០០ភាគរយនៃវីដេអូទាំងនោះ ចុងក្រោយត្រូវបានផ្សព្វផ្សាយជាសាធារណៈ” ។ លោក បានបន្ថែមថា “ពួកគេផ្សព្វផ្សាយជាសាធារណៈ ដើម្បីបញ្ឈប់ភាពសកម្មនិយមរបស់មនុស្សទាំងនោះ” ។
សមាជិកគណបក្សប្រឆាំងម្នាក់ បានយល់ស្របថា ការសារភាពកំហុសក្រោមការបង្ខិតបង្ខំ មានឥទ្ធិពលបង្កឱ្យមានការបែកបាក់នៅក្នុងចលនាប្រឆាំង ។ គាត់បាននិយាយថា “ក្រោយពីពួកគេសារភាព ខ្ញុំមិនអាចទុកចិត្តពួកគេបានទៀតទេ” ព្រមទាំងបានបន្ថែមថា “អ្នកខ្លះមានភាពក្លាហានវិលត្រឡប់មកវិញក្រោយពីសារភាព ហើយមកចូលរួមម្ដងទៀត [គណបក្សប្រឆាំង] ប៉ុន្តែអ្វីៗមិនដូចមុនទេ” ។
ការសារភាពកំហុសភាគច្រើន ត្រូវបានផ្សព្វផ្សាយដោយហ្វ្រេសញូវ ដែលទោះបីជាមិនមែនជាប្រព័ន្ធផ្សព្វផ្សាយ ផ្លូវការរបស់រដ្ឋក៏ដោយ ប៉ុន្តែក៏ដំណើរការជាវេទិកាផ្សព្វផ្សាយ សម្រាប់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ។ ជាទូទៅ សារព័ត៌មាននេះ ផ្សព្វផ្សាយវីដេអូនៃការសារភាពកំហុសដោយបង្ខំ ដែលបានថតនៅក្នុងពន្ធនាគារកម្ពុជា ។
សកម្មជនម្នាក់ដែលត្រូវបានថតនៅក្នុងវីដេអូសុំទោសមួយ ដែលក្រោយមកត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយហ្វ្រេសញូវ បានពិពណ៌នាពីអារម្មណ៍ឯកោ និងអស់កម្លាំងចិត្តយ៉ាងខ្លាំង ក្រោយពីវីដេអូនោះត្រូវបានផ្សព្វផ្សាយជាសាធារណៈ ។ គាត់បាននិយាយថា៖ “មានមនុស្សជាច្រើនដែលជឿ [ការសារភាពនោះ] សូម្បីតែអង្គការអន្តរជាតិ [អង្គការមិនមែនរដ្ឋាភិបាល] ឬអ្នកការទូតមួយចំនួន ពួកគេជឿថា យើងមិនអាចទុកចិត្តបានទៀតទេ” ។ គាត់បានបន្ថែមថា “អីចឹងហើយ យើងចាប់ផ្ដើមបាត់បង់ក្ដីសង្ឃឹម ហើយពេលយើងបាត់បង់ក្ដីសង្ឃឹម យើងត្រូវតែផ្លាស់ប្ដូរផ្លូវដើរ” ។
ការពិនិត្យមើលឡើងវិញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សទៅលើ គេហទំព័រ ទំព័រហ្វេសប៊ុក និងគណនីយូធ្យូបរបស់ហ្វ្រេសញូវ បានបង្ហាញថា សារព័ត៌មាននេះ បានផ្សព្វផ្សាយជាសាធារណៈនូវការសារភាពកំហុសជាង ៩០វីដេអូ ចាប់តាំងពីឆ្នាំ២០១៨មក ។ ឧទាហរណ៍ខាងក្រោមនេះ ដកស្រង់ចេញពីវីដេអូទាំងនោះ ការរាយការណ៍ព័ត៌មានពាក់ព័ន្ធ និងឯកសារផ្លូវការរបស់រដ្ឋាភិបាល ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស មិនបានសម្ភាសន៍បុគ្គលដែលកំពុងសារភាពកំហុសនោះទេ ដោយសារបារម្ភពីការតាមដាន និងភាពភ័យខ្លាចពីការធ្វើទុក្ខបុកម្នេញបន្ថែមទៀតពីសំណាក់អាជ្ញាធរកម្ពុជា ។
នៅក្នុងវីដេអូមួយដែលមានរយៈពេល ១៤នាទី ចេញផ្សាយដោយហ្វ្រេសញូវ កាលពីខែឧសភា ឆ្នាំ២០២៣ បានបង្ហាញពីបុរសចំនួន ១០នាក់ នៅក្នុងឯកសណ្ឋានជាជនជាប់ឃុំក្នុងពន្ធនាគារ កំពុងឈរជាជួរ នៅក្នុងពន្ធនាគារព្រៃស ដែលមានឈ្មោះជាផ្លូវការថា មណ្ឌលអប់រំកែប្រែទី១ ដែលស្ថិតនៅជាយរាជធានីភ្នំពេញ ។ បុរសទាំងនេះ សុទ្ធតែជាអតីតសមាជិកគណបក្សប្រឆាំងនៅកម្ពុជា ដែលត្រូវបានចាប់ខ្លួន ដោយសារតែភាពសកម្មនិយមដោយសន្តិវិធីរបស់ពួកគេ ។ ពួកគេម្នាក់ៗ បានធ្វើសេចក្ដីថ្លែងការណ៍សង្ខេប និងស្រដៀងគ្នា ។ ពួកគេ ណែនាំខ្លួន ជាអតីតអ្នកគាំទ្រគណបក្សប្រឆាំង ដែលត្រូវបានជាប់ពន្ធនាគារ ដោយសារជឿតាមការញុះញង់របស់មេដឹកនាំនៃអតីតគណបក្សប្រឆាំងដ៏ធំមួយ គឺគណបក្សសង្រ្គោះជាតិ ។
ពួកគេ បានបង្ហាញពីការសោកស្ដាយ និងទទួលស្គាល់កំហុស ចំពោះភាពសកម្មនិយមនយោបាយរបស់ពួកគេ ដែលពួកគេនិយាយថា បានបន្តសកម្មភាព សូម្បីតែក្រោយពេលតុលាការកំពូលបានរំលាយគណបក្សប្រឆាំងនេះនៅក្នុងឆ្នាំ២០១៧ ក៏ដោយ ។ បុរសម្នាក់ៗ បញ្ចប់ការថ្លែងសាររបស់ខ្លួន ជាមួយនឹងការអង្វរសុំឱ្យលោក ហ៊ុន សែន ដោះលែងពួកគេ និងអនុញ្ញាតឱ្យពួកគេបានត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ ។ នៅចំណុចជាច្រើនក្នុងវីដេអូ សំឡេងសើចត្រូវបានស្ដាប់ឮពីខាងក្រៅកាមេរ៉ា ។ នៅពេលមួយ សកម្មជនម្នាក់បានផ្អាកការនិយាយជាច្រើនវិនាទី ដោយសារតែគាត់ហាក់ដូចជាពិបាករកនឹកពាក្យនិយាយបន្ត ហើយសំឡេងរបស់មនុស្សប្រុសម្នាក់ ត្រូវបានស្ដាប់ឮថា កំពុងប្រាប់គាត់ពីពាក្យបន្ទាប់ដែលត្រូវនិយាយ នៅក្នុងការសារភាពកំហុសរបស់គាត់ ។ បុរសទាំងនេះ ត្រូវបានដោះលែងភ្លាមៗ ក្រោយពីវីដេអូនោះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ហើយក្នុងនោះមានបុរសយ៉ាងតិចម្នាក់ បានក្លាយជាមន្ត្រីគណបក្សកាន់អំណាច និងជាទីប្រឹក្សារបស់លោក ហ៊ុន សែន ។
នៅក្នុងឆ្នាំ២០២៤ សកម្មជនសង្គមអាយុ ១៩ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរួមគំនិតក្បត់ ក្នុងបរិបទមួយនៃការបង្ក្រាបទ្រង់ទ្រាយធំ ទៅលើការរិះគន់ជាសាធារណៈអំពីគម្រោងអភិវឌ្ឍន៍តំបន់មួយ ដែលបណ្ដាលឱ្យមានមនុស្ស ច្រើនជាង ៩៤នាក់ ត្រូវបានចាប់ខ្លួន ។ ត្រឹមតែប៉ុន្មានសប្ដាហ៍មុនពេលមានការចាប់ខ្លួននេះ សកម្មជនរូបនេះ បាននិយាយនៅលើកម្មវិធីវិទ្យុមួយ អំពីសារៈសំខាន់នៃការចូលរួមរបស់យុវជនក្នុងនយោបាយ ដោយបាននិយាយថា៖
យុវជនដែលចាប់ផ្ដើមនិយាយអំពីបញ្ហាសង្គម តែងតែឮពាក្យថា “ប្រយ័ត្នខ្លួន យើងខ្លាចថា អ្នកនឹងមានបញ្ហា!” ពាក្យទាំងនេះ មិនខុសនោះទេ ប៉ុន្តែវាប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិរបស់យើង ជាពិសេសសម្រាប់យុវជន និងសិស្ស-និស្សិត ។ វាធ្វើឱ្យយើងពិចារណាឈប់រៀន ឈប់ខ្វល់ពីបញ្ហាដែលប៉ះពាល់ដល់ប្រទេសយើង ឬអ្វីដែលបាត់បង់ពីប្រទេសយើង ។
ប្រមាណជា មួយខែ ក្រោយពីការចាប់ខ្លួន សកម្មជននេះបានបង្ហាញមុខនៅក្នុងវីដេអូមួយ នៅលើ ហ្វេ្រសញូវ ដោយស្លៀកពាក់ឯកសណ្ឋានជាជនជាប់ឃុំក្នុងពន្ធនាគារ ។ ភ្នែករបស់គាត់ធ្វើចលនាហាក់ដូចជាកំពុងអានសំណេរ ដោយការសុំទោស និងស្នើសុំលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យខ្លួនចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ សកម្មជនរូបនេះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំភ្លាមៗ ប៉ុន្តែបទចោទប្រឆាំងនឹងរូបគេ មិនត្រូវបានទម្លាក់ចោលនោះទេ ។ ក្រោយមក សកម្មជននេះបានបដិសេធជាសាធារណៈនៅក្នុងវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែនថា ការសារភាពកំហុសរបស់ខ្លួនមិនមានការបង្ខិតបង្ខំនោះទេ ។
- អតីតមន្ត្រីគណបក្សភ្លើងទៀនម្នាក់ដែលជាគណបក្សប្រឆាំង ត្រូវបាន លោកហ៊ុន សែន គំរាមកំហែងចំឈ្មោះដោយផ្ទាល់ ក្នុងការថ្លែងសុន្ទរកថាមួយ ក្នុងឆ្នាំ២០២៣ ដោយសារតែលោកបានរិះគន់ពីការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)របស់រដ្ឋាភិបាល ។ ក្នុងរយៈពេល ៧២ម៉ោង មន្ត្រីគណបក្សប្រឆាំងនេះ ត្រូវបានចាប់ខ្លួន ហើយបានបង្ហាញមុខនៅក្នុងវីដេអូមួយនៅលើហ្វ្រេសញូវ ដើម្បីសារភាពកំហុស និងសុំទោសទៅកាន់លោក ហ៊ុន សែន ព្រមទាំងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចទៀតផង ហើយលោកក៏ត្រូវបានដោះលែងពីការឃុំខ្លួន និងត្រូវបានតែងតែងជាទីប្រឹក្សា ដោយមានឋានៈជាអនុរដ្ឋលេខាធិការ ។
សកម្មជនគណបក្សនយោបាយមានបទពិសោធន៍ច្រើនឆ្នាំម្នាក់ ដែលបានដឹកនាំចលនាយុវជនរបស់គណបក្សប្រឆាំង ក្នុងចំណោមពលករចំណាកស្រុកនៅប្រទេសកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួននៅប្រទេសកម្ពុជា ក្នុងខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុករិះគន់លោក ហ៊ុន សែន ក្នុងការដែលលោកឈរក្បែរព្រះមហាក្សត្រខ្មែរ ដោយមិនបានសម្ដែងការគោរពព្រះមហាក្សត្រឱ្យបានសមរម្យ នៅអំឡុងពេលប្រារព្ធពិធីសាធារណៈមួយ ។ រយៈពេលមិនដល់មួយសប្ដាហ៍ផង ហ្វ្រេសញូវ បានផ្សព្វផ្សាយជាសាធារណៈនូវវីដេអូសកម្មជននោះនៅក្នុងមណ្ឌលអប់រំកែប្រែទី១ ដែលកំពុងស្លៀកពាក់ឯកសណ្ឋានជាជនជាប់ឃុំក្នុងពន្ធនាគារ និងកំពុងស្នើសុំទៅអតីតនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន ឱ្យជួយស្នើសុំព្រះរាជទានលើកលែងទោស សម្រាប់រូបលោក ។ នៅចុងបញ្ចប់នៃវីដេអូ សកម្មជននេះបាននិយាយថា “ខ្ញុំបាទសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបផងដែរថា សម្រាប់ការចេញមុខសុំទោសជាសាធារណៈរបស់ខ្ញុំបាទចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺស្ដែងចេញពីឆន្ទៈរបស់ខ្ញុំពិតៗ មិនមានជនណាមួយមកបង្ខិតបង្ខំ ឬជំរុញនោះទេ” ។
នៅថ្ងៃដែលការសារភាពកំហុសនេះ បានចេញផ្សាយជាសាធារណៈ សកម្មជនរូបនេះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ។ រយៈពេលមួយខែក្រោយមកបន្ទាប់ពីការចាប់ខ្លួនគឺខែមេសា សកម្មជននេះ បានសរសេរលិខិតមួយដាក់ទៅលោក ហ៊ុន សែន ដោយស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្យប្រជាជនកម្ពុជា ។ មួយថ្ងៃក្រោយមក លិខិតនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលលោក ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងការងារ ។ រយៈពេលតិចជាង ពីរសប្ដាហ៍ក្រោយមក លោកត្រូវបានតែងតែងជាទីប្រឹក្សារបស់លោក ហ៊ុន សែន ។ ក្រោយមកក្នុងឆ្នាំ២០២៣ លោកត្រូវបានដំឡើងតំណែងម្ដងទៀតឱ្យក្លាយជារដ្ឋលេខាធិការនៃក្រសួងការងារ ។
ការសារភាពកំហុសក្រោមការបង្ខិតបង្ខំ គឺជាទារុណកម្ម ឬការប្រព្រឹត្តមិនគប្បី ផ្អែកតាមកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មដទៃទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប ដែលកម្ពុជាបានផ្តល់សច្ចាប័នតាំងពីឆ្នាំ ១៩៩២ ។ ការផ្សព្វផ្សាយការសារភាពកំហុសក្រោមការបង្ខិតបង្ខំជាសាធារណៈ បណ្ដាលឱ្យជនរងគ្រោះទទួលរងនូវការឈឺចាប់ផ្លូវចិត្តបន្ថែមទៀត ដោយសារជនរងគ្រោះបានរាយការណ៍ថា ពួកគេមានអារម្មណ៍ថា អាម៉ាស់ ខូចចិត្ត ឯកោ និងខ្មាសអៀន ។ ទោះបីជាវាពាក់ព័ន្ធនឹងការបង្ខំឱ្យសារភាពក៏ដោយ ក៏អាចត្រូវបានចាត់ទុកថាជាផលប៉ះពាល់ដាច់ដោយឡែកពីសកម្មភាពនៃការបង្ខំឱ្យសារភាពកំហុសផងដែរ ។ ការឈឺចាប់នេះ ហាក់ដូចជាត្រូវបានបង្កឡើងដោយចេតនា ដើម្បីបំភិតបំភ័យអ្នកដែលត្រូវបានចោទប្រកាន់ទាំងនោះ ឱ្យបញ្ឈប់សកម្មភាពនយោបាយ ឬភាពសកម្មនិយមរបស់ពួកគេ ។ ការឈឺចាប់នេះ ត្រូវបានបង្កឡើងដោយ ឬដោយមានការយល់ព្រមពីមន្ត្រីសាធារណៈ រួមទាំងមន្ត្រីពន្ធនាគារ និងអាជ្ញាធរតុលាការ ដែលផ្តល់លទ្ធភាពឱ្យចូលជួបអ្នកជាប់ឃុំ និងសម្របសម្រួលការថតវីដេអូសារភាពកំហុសទាំងនោះ ។
ការផ្សព្វផ្សាយជាសាធារណៈនូវការសារភាពកំហុសក្រោមការបង្ខិតបង្ខំ យ៉ាងហោចណាស់ គឺជាការបន្តនៃការប្រព្រឹត្តមិនគប្បី ឬទារុណកម្ម ផ្អែកតាមអនុសញ្ញាប្រឆាំងទារុណកម្ម ។ វាក៏អាចត្រូវបានចាត់ទុកថាជាទង្វើនៃការប្រព្រឹត្តមិនគប្បីដាច់ដោយឡែកមួយផងដែរ ហើយប្រសិនបើការផ្សព្វផ្សាយនោះបង្កឱ្យមាន “ការឈឺចាប់ ឬទុក្ខវេទនាធ្ងន់ធ្ងរ មិនថាផ្លូវកាយ ឬផ្លូវចិត្ត” ហើយត្រូវបាន “ធ្វើឡើងដោយចេតនាចំពោះបុគ្គលម្នាក់” ក្នុងគោលបំណងជាក់លាក់ណាមួយ រួមទាំងការបំភិតបំភ័យ ឬការបង្ខិតបង្ខំ នោះវាអាចឈានដល់ការចាត់ទុកថាជាអំពើទារុណកម្មផ្អែកតាមអនុសញ្ញានេះ ៕