សេចក្តីសង្ខេប
អាជ្ញាធរបានបំភិតបំភ័យពួកយើង ប៉ុន្តែ ខ្ញុំមិនបារម្ភអំពីការចាប់ខ្លួនសារជាថ្មីទេ។ បើទោះជាខ្ញុំស្ថិតនៅក្រៅពន្ធនាគារ ក៏ខ្ញុំមិនអាចអនុវត្តសិទ្ធិរបស់ខ្ញុំជាមេដឹកនាំសហជីពដដែល។ ខ្ញុំមិនអាចចុះចាញ់ដោយខ្លាចការគំរាមទាំងនោះទេ។ ខ្ញុំត្រូវតែតស៊ូដើម្បីសិទ្ធិកម្មករ។ នេះជាការលើកឡើង ពីសំណាក់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ កាលពីខែ មេសា ឆ្នាំ ២០២២។
រយៈពេលជាច្រើនឆ្នាំហើយ កម្មករខ្មែរ ជាពិសេសកម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ថាជាចលនាសហជីពដ៏រស់រវើក។ អំឡុងទសវត្សរ៍ ២០០០ ពួកគេបានធ្វើសកម្មភាពនៅជួរមុខគេក្នុងចលនាទាមទារការគោរពសិទ្ធិមនុស្សដ៏ធំនៅកម្ពុជា តាមរយៈការចុះផ្លូវតវ៉ាទាមទារប្រាក់ឈ្នួលអប្បរមាឱ្យបានសមរម្យ លក្ខខណ្ឌការងារប្រសើរ និងការគោរពសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ និងអំពើយុត្តិធម៌ជាច្រើនទៀត។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរយៈពេលយូររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគាបសង្កត់ ជាចំហទៅលើចលនាវិស័យការងារ រួមជាមួយចលនានយោបាយរបស់បក្សប្រឆាំង បណ្តាញផ្សាយព័ត៌មាន និងចលនាសង្គមស៊ីវិលផ្សេងៗទៀត។ តាំងពីការចាប់ផ្តើមនៃការរាតត្បាតពីជំងឺកូវីដ ១៩ នាដើមឆ្នាំ ២០២០ រៀងមក រដ្ឋាភិបាលបានបង្កើនការបង្ក្រាបទៅលើក្រុមសហជីពឯករាជ្យ តាម រយៈប្រើប្រាស់បញ្ហាសុខភាពសាធារណៈ និងបញ្ហាផ្សេងៗទៀត ជាលេសសម្រាប់ការបង្ក្រាបទាំងនោះ។ និយោជកជាច្រើនបានប្រើប្រាស់នូវវិធានការទាំងនេះក្នុងការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ ក្រោមហេតុផលលែងមានការងារធ្វើ ហើយដែលនាំឱ្យមានការបង្រ្កាបទៅលើសហជីពឯករាជ្យ។
របាយការណ៍នេះ មានមូលដ្ឋានពីកិច្ចសម្ភាសន៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក្នុងចន្លោះពេលពី ខែ មិនា ដល់ខែមិថុនា ឆ្នាំ ២០២២ ជាមួយមេដឹកនាំសហជីពឯករាជ្យចំនួន ៣២ នាក់ និងសមាជិកសកម្មជនក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យទេសចរណ៍នៅកម្ពុជា និងការចែករំលែកព័ត៌មានគ្នាជាមួយ អ្នកតស៊ូមតិវិស័យការងារនៅថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងការទំនាក់ទំនងទៅកាន់បណ្តាក្រុមហ៊ុននានា។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស រកឃើញ និងកត់ត្រានូវការរំលោភសិទ្ធិរបស់កម្មករក្នុងការចុះបញ្ជី ការចងក្រង និងការចូលជាសមាជិកសហជីពឯករាជ្យនៅតាមបណ្តារោងចក្រ បនកាស៊ីណូ និងទីកន្លែងពាណិជ្ជកម្មផ្សេងៗទៀត។ យើងបានកត់ត្រាករណីបណ្តេញចេញ និងការកាត់រំសាយការងារទ្រង់ទ្រាយធំចំនួន ៥ ករណីដែលមិនយុត្តិធម៌ សំដៅចំពោះមេដឹកនាំសហជីព និងសមាជិកសកម្មជន ដែលនេះវាបានបន្ថែម បញ្ហាដែលកម្ពុជាមានមកជាយូរហើយទាក់ទងដល់ការបំពានលើការងារសហជីព។
ក្នុងករណីដែលក្រុមហ៊ុនល្បែងកាស៊ីណូ NagaWorld នៅភ្នំពេញបានរំសាយបុគ្គលិករបស់ខ្លួនយ៉ាងច្រើន អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានរកឃើញនិងកត់ត្រានូវការប្រើប្រាស់វិធានសុខាភិបាលទាក់ទងនឹងការរីករាលដាលជំងឺកូវីដ ១៩ ដើម្បីរារាំងកម្មករកុំអោយអាចអនុវត្តសិទ្ធិធ្វើកូដកម្មរបស់ខ្លួន។ អាជ្ញាធរហាក់មានការព្រងើយ និងចាត់ទុកកូដកម្មជាអំពើ “ខុសច្បាប់” ហើយប៉ូលីស និងភ្នាក់ងារសន្តិសុខគ្មានឯកសណ្ឋាន និងកម្លាំងសន្តិសុខផ្សេងៗទៀតបានប្រើប្រាស់កំលាំងមិនសមាមាត្រក្នុងការបង្ក្រាបកូដករ និងប្រើប្រាស់ កំលាំងរុញ និងចាប់កូដកររុញចូលរថយន្តក្រុង ហើយដឹកទៅកាន់ទីកន្លែងមួយនៅជាយរាជធានីភ្នំពេញ។
កូដករត្រូវបានគេទុកចោលឱ្យរកវិធីមកកាន់កណ្តាលក្រុងវិញដោយខ្លួនឯង ឬត្រូវបាននាំទៅកាន់មណ្ឌលធ្វើចត្តាឡីស័ក សម្រាប់ការធ្វើតែស្តរកមើលមេរោគ កូវីដ ១៩ ហើយត្រូវស្នាក់នៅទីនោះមួយយប់ដោយមិនបានអនុវត្តវិធានគម្លាតសង្គម ឬការរក្សាអនាម័យ។
ក្នុងករណីទាំងបួនដែលបានចងក្រងទុកដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ គេបានរកឃើញថា អាជ្ញាធរ និងក្រុមហ៊ុនបានប្រើប្រាស់ ឬគំរាមប្រើប្រាស់ប្រព័ន្ធតុលាការកម្ពុជា ក្នុងការចោទប្រកាន់ជាបទព្រហ្មទណ្ឌមានលក្ខណៈនយោបាយ ដើម្បីបំបិទមាត់មេដឹកនាំសហជីព និងសមាជិកសកម្មជន តាមការចាប់ខ្លួន ការឃុំឃាំងតាមអំពើចិត្ត ការកាត់ទោស ឬគំរាមកាត់ទោស បើមិនបានបញ្ឈប់សកម្មភាព។ គេបានលើកឡើងពីការចោទប្រកាន់ពីបទល្មើសទាំងមិនពិតមួយចំនួនដូចជា “ញុះញង់ឱ្យប្រព្រឹត្តិបទល្មើសមានស្ថានទម្ងន់ទោស” និងការរំលោភបំពានដែលមិនបានបញ្ជាក់ ចំពោះច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលចម្រូង ចម្រាសរបស់កម្ពុជា (“ច្បាប់កូវីដ ១៩”) ដែលមានការដាក់ទោសដែលមិនសមាមាត្រធ្ងន់ធ្ងរទៅលើបុគ្គលដែលត្រូវចោទថាបានបំពានចំពោះច្បាប់នេះ។
វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ក៏ដូចជាវិស័យទេសចរណ៍ និងវិស័យសេវាកំសាន្តរបស់កម្ពុជារងនូវការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដោយជំងឺឆ្លង កូវីដ ១៩ ជាសកល។ ការធ្លាក់ចុះនៃតម្រូវការ សម្រាប់ទំនិញសំលៀកបំពាក់បណ្តាលមកពីការបិទហាងលក់សំលៀកបំពាក់ម៉ាកល្បីៗ ដោយសារការបិទខ្ទប់នៅជុំវិញពិភពលោក និងផលវិបាកផ្នែកសេដ្ឋកិច្ចបណ្តាលពីជំងឺឆ្លងសកលនេះនាំឱ្យម្ចាស់ម៉ាកល្បីៗរបស់អន្តរជាតិ ដែលជាអ្នកនាំយកផលិតផលពីរោងចក្រនានានៅប្រទេសកម្ពុជា និងទីផ្សេងទៀត បានបញ្ឈប់ កាត់បន្ថយ ឬព្យួរការបញ្ជាទិញរបស់ខ្លួន។ ម្យ៉ាងវិញទៀត បណ្តាសណ្ឋាគារក្នុង វិស័យទេសចរណ៍ និងសេវាកំសាន្តនៅកម្ពុជា ដែលបានអនុវត្តការកាត់រំសាយបុគ្គលិកក្នុងទ្រង់ទ្រាយធំអំឡុងការរីករាលដាលនៃជំងឺកូវីដ ១៩ មិនបានឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះសេរីភាពជួបជុំ និងការរំលោភបំពានសិទ្ធិការងាររបស់អ្នកព័ន្ធរបស់ខ្លួនទេ។
***
សកម្មភាពពាណិជ្ជកម្មនៅកម្ពុជាត្រូវបានបែងចែកយ៉ាងខ្លាំងតាំងពីដំបូងនាទសវត្សរ៍១៩៩០ មកម្លេះ រវាងសហជីពឯករាជ្យ និងសហជីពមានពណ៌លឿង ឬ ត្រូវបានគេហៅថា “សហជីពមីកញ្ចប់”។
សហជីពពណ៌លឿងមានទំនោរកាន់ជើង ឬត្រូវបានគ្រប់គ្រងដោយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ឬក្រុមថៅកែ។ ជាទូទៅក្រុមសហជីពនេះមានភាពងាយស្រួលក្នុងការចងក្រង និងចុះឈ្មោះ ហេតុដូច្នេះ ទើបគេបានប្រៀបប្រដូចដំណើរការចងក្រង និងចុះឈ្មោះសហជីពរបស់ពួកគេ ដូចជាការចំណាយពេលតែ ២ នាទីក្នុងការឆុងមីមួយកញ្ចប់។
ជាច្រើនឆ្នាំកន្លងមក ក្រុមសហជីពដែលមិនបានស្វះស្វែងរកការទាក់ទងផ្នែកនយោបាយ ឬការគាំទ្រពីគណបក្សប្រឆាំងធំជាងគេ ដែលកាលនោះគឺគណបក្សសង្គ្រោះជាតិ ត្រូវបានគេទទួលស្គាល់ជារួមថាជា សហជីពឯករាជ្យនៅក្នុងបរិបទកម្ពុជា។ សម្រាប់គណបក្សនយោបាយប្រឆាំង សហជីពឯករាជ្យទាំងនេះរងនូវការវាយប្រហារពីគណបក្សប្រជាជនកម្ពុជា ដែលបានចោទពួកគេថា ជាផ្នែកមួយនៃចលនាបដិវវត្តន៍ពណ៌ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនចោទប្រកាន់ដោយគ្មានមូលដ្ឋានថា គណបក្សប្រឆាំងបានរៀបចំការផ្តួលរំលំរដ្ឋាភិបាល។ ដំណើរការចុះបញ្ជីសហជីពដែលតម្រូវចាំបាច់ដោយច្បាប់ស្តីពី សហជីពនៅឆ្នាំ ២០១៦ ខ្វះតម្លាភាព និងការបំពានកាន់តែខ្លាំងដោយអាជ្ញាធរ នាំអោយការចងក្រង និងចុះបញ្ជីរបស់សហជីពកាន់តែយឺតយ៉ាវជាងមុន ហើយបង្កអោយមានលេសច្រើនជាងមុនចំពោះការបដិសេធការចុះបញ្ជីរបស់សហជីពឯករាជ្យ។
រដ្ឋាភិបាល និងនិយោជកដែលចង់អោយសហជីពគ្រប់គ្រងដោយរដ្ឋាភិបាល ឬស្និតជាមួយថៅកែ បានដាក់គោលដៅបង្ក្រាបដល់សហជីពឯករាជ្យជាយូរមកហើយ។ និន្នាការនេះមានជាបន្តតាំងពីការរីករាលដាលនៃជំងឺកូវីដ ១៩។ សហជីពឯករាជ្យដែលបានដាក់ពាក្យបណ្តឹងចំពោះការបំពានលើសកម្មភាព សហជីព ឬការស្វែងរកការធ្វើជាតំណាងកម្មករ ដែលទទួលរងការបំពានសិទ្ធិការងារ ជាទូទៅមិនទទួលបានសេវាយុត្តិធម៌ពីយន្តការដោះស្រាយទំនាស់ដែលមានស្រាប់របស់រដ្ឋណាមួយទេ។
ក្នុងករណីដែលមេដឹកនាំសហជីព និងសមាជិកសកម្មជនត្រូវបានចាប់ខ្លួន និងដោះលែងដោយមានប្រាក់ធានាពីការឃុំខ្លួនមុនកាត់ក្តី ការចោទប្រកាន់មិនត្រូវបានទំលាក់ចោលទេ ដែលនេះពួកគាត់នៅមានហានិភ័យចំពោះការចាប់ខ្លួនជាថ្មី។ ពេលដែលសហេជីពឯករាជ្យបានធ្វើកូដកម្ម ឬបានរិះគន់រដ្ឋាភិបាល ឬនិយោជក អាជ្ញាធរកម្ពុជា និងក្រុមនិយោជកទាំងនោះ ជាញឹកញាប់បានសងសឹងដោយការចាប់ខ្លួន និងឃុំឃាំងមុនការកាត់ក្តី គំរាមបង្ករបួសស្នាម សម្លាប់ និងចាប់បញ្ជូនទៅកាត់ទោស និងទម្រង់ផ្សេងៗទៀតនៃការគំរាមកំហែង។
ជាក់ស្តែង កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព ទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណា ហ្កាវើលដ៍ ត្រូវបានឃុំខ្លួនមុនការកាត់ក្តីចំនួន ៧៤ ថ្ងៃ ក្រោមការចោទប្រកាន់ប្រឌឹតថាបាន “ញុះញង់ឱ្យប្រព្រឹត្តិបទល្មើសមានស្ថានទម្ងន់ទោស” ធ្វើឡើងចន្លោះពីខែមករា ដល់ខែមិនា ឆ្នាំ ២០២២ នៅពេលដែលនាង និងសហជីពរបស់គាត់បានរៀបចំកូដកម្មមួយដើម្បីទាមទារយកកម្មករចំនួន ៣៦៥ នាក់ចូលធ្វើការវិញ និងការសងសំណងសមរម្យពីក្រុមហ៊ុនណាហ្កាវើលដ៍ នៅរាជធានីភ្នំពេញ ដោយសារក្រុមហ៊ុនបានប្រកាសកាត់រំសាយបុគ្គលិកចំនួន ១៣២៩ នៅខែ មេសា ឆ្នាំ ២០២១។
រដ្ឋាភិបាលបរទេស អង្គការពលកម្មអន្តរជាតិ និងសហភាពសហជីពអន្តរជាតិបានថ្កោលទោសការចោទប្រកាន់ និងការចាប់ឃុំកញ្ញា ឈឹម ស៊ីថរ រួមជាមួយសមាជិកថ្នាក់ដឹកនាំ និងសកម្មជនសហជីព ១០នាក់ទៀតរបស់ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្កាវើលដ៍ ។ ទោះជាយ៉ាងណា វិវាទការងារនោះនៅមិនទាន់បានដោះស្រាយនៅឡើយ ហើយការរំលោភសិទ្ធិនៅក្រុមហ៊ុន ណាហ្កាវើលដ៍នៅបន្តមាននៅឡើយដោយអាជ្ញាធររដ្ឋាភិបាល។
***
តាំងពីឆ្នាំ ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ជាច្រើនដែលចាំបាច់សម្រាប់ការរឹតបន្តឹងសិទ្ធិសំដែងមតិ ការប្រមូលផ្តុំ ដោយសន្តិវិធី និងការបង្កើតសមាគម។ ច្បាប់ទាំងនោះរួមមាន ច្បាប់ស្តីពីសហជីព ដែលបានដាក់កំហិត និងបន្ថែមនីតិវិធីស្មុគស្មាញជុំវិញការស្នើសុំចុះបញ្ជីសហជីព និងការរិតត្បិតលើសហជីពនូវសិទ្ធិធ្វើកូដកម្ម និងការចរចាជាសមូហភាពរបស់កម្មករ។ ច្បាប់នេះតម្រូវនូវកាព្វកិច្ចក្នុងការចុះបញ្ជីរបស់សហជីព។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាញឹកញាប់បានបដិសេធការស្នើសុំចុះបញ្ជីសហជីពឯករាជ្យ ដោយសំអាងកំហុសឆ្គងតិចតួច ឬជាកំហុសអក្ខរាវិរុទ្ធ ធ្វើជាឧបសគ្គរារាំងសកម្មភាពរួមរបស់កម្មករ។និយោជកក៏បានគំរាមផងដែរដល់កម្មករណាដែលហ៊ានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងសហជីព។
នៅខែមិនា ឆ្នាំ ២០២១ អាជ្ញាធរបានបន្ថែមច្បាប់ដ៏តឹងរឹងមួយទៀត ក្រោមហេតុផលវិបត្តិសុខភាពសាធារណៈបណ្តាលពីការរីករាលដាលនៃជំងឺកូវីដ ១៩។ តាមរយៈច្បាប់នេះវានៅបានបន្តបំពាន និងធ្វើ អោយការជួបប្រជុំ និងការបង្កើតសមាគមដោយសន្តិវិធីក្លាយជាបទព្រហ្មទណ្ឌ។ ច្បាប់កូវីដ ១៩ មានប្រការមួយចំនួនមានន័យទូលំទូលាយ និងមិនមានចែងអំពីការត្រួតពិនិត្យប្រកបដោយឯករាជ្យ ឬនីតិវិធីការពារ ដែលអាចបើកផ្លូវដល់អាជ្ញាធររំលោភបំពាន ពេលត្រូវបានយល់ថាការប្រមូលផ្តុំ និងចងក្រងជាសមាគមអាចរឹតត្បិតក្រោមហេតុផលវិធានការសុខាភិបាល។
***
ច្បាប់ស្តីពីការងាររបស់ប្រទេសកម្ពុជា អនុញ្ញាតអោយនិយោជកផ្តល់កិច្ចសន្យាការងារក្នុងរយៈពេលមានកំណត់ ឧទាហរណ៍ ពីរយៈពេល២ ទៅ ៦ខែ ហើយអាចបន្តរហូត ២ ឆ្នាំ។ ក្រោយពីរយៈពេលនេះ ច្បាប់ តម្រូវថា កម្មករនឹងទទួលបានកិច្ចសន្យាការងាររយៈពេលមិនមានការកំណត់ និងទទួលបាននូវការការពារ និងផលប្រយោជន៍មួយចំនួន។ ប៉ុន្តែ រោងចក្រខ្លះបន្តធ្វើកិច្ចសន្យាការងារមានរយៈពេលកំណត់ដល់កម្មករ បើទោះជាផុតរយៈពេល ២ ឆ្នាំហើយក៏ដោយ ដែលរបៀបនេះធ្វើអោយកម្មកររងនូវការភ័យខ្លាចជាប្រចាំពីការមិនបន្តកិច្ចសន្យារបស់ពួកគាត់ បើត្រូវបានរកឃើញថាពួកគាត់ធ្វើសកម្មភាពណាមួយប្រឆាំងបំណងរបស់និយោជក។
ការប្រើប្រាស់កិច្ចសន្យាមានកាលកំណត់មិនត្រឹមត្រូវបន្តជាបញ្ហាយ៉ាងធ្ងន់ធ្ងរមួយនៅកម្ពុជា ដោយហេតុថា មាននិយោជកជាច្រើនបានប្រើប្រាស់វាដើម្បីរារាំងកម្មករពីការប្រើប្រាស់ និងគេចវេសពីការបង់ប្រាក់បំណាច់បញ្ចប់ការងារ ដែលមានចែងដោយច្បាប់ស្តីពីការងារ។ មេដឹកនាំសហជីពបានចោទថា កិច្ចសន្យាការងារមានពេលកំណត់របស់កម្មករជាញឹកញាប់ត្រូវបានកាត់ផ្តាច់ ដោយមិនមានមូលហេតុ ឬជូនដំណឹង ពេលកម្មករបានធ្វើសកម្មភាពសហជីព។
ជាជាងលុបបំបាត់ការប្រើប្រាស់កិច្ចសន្យាការងារមានពេលកំណត់មិនត្រឹមត្រូវ និងអនុវត្តប្រការនានាក្នុងច្បាប់ស្តីពីការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឆ្នាំ ២០១៩ បានចេញសារាចរណ៍ណែនាំលេខ ០៥០ មានលក្ខណៈផ្ទុយទៅនឹងប្រការទី ៦៧ នៃច្បាប់ស្តីពីការងារ ដោយហេតុថាសារា ចរណ៍នេះបានចែងថា រយៈពេលអតិបរិមារបស់កិច្ចសន្យាមានកាលកំណត់ដំបូងអាចមានច្រើនជាង ២ ឆ្នាំ ហើយរយៈពេលនៃការបន្តកិច្ចសន្យាមានកាលកំណត់មិនអាចលើស ២ឆ្នាំបានទេ ដែលនេះអាច អោយនិយោជក អនុវត្តការបន្តកិច្ចសន្យាមានកាលកំណត់បានរហូត ៤ឆ្នាំ។
ក្នុងចំណោមករណីនៃការបណ្តេញចេញ និងការកាត់រំសាយការងារទំហំធំៗដែលរងការចោទថា មិនយុត្តិធម៌ទំាងប្រាំករណីពាក់ព័ន្ធមេដឹកនាំសហជីព និងសមាជិកសកម្មជន អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរកឃើញថា មានតែ ២ ករណីប៉ុណ្ណោះដែលនិយោជកបានទទួលយកពួកគេទាំងអស់ ឬពួកគាត់ខ្លះអោយចូលធ្វើការវិញក្នុងចំណោមមេដឹកនាំសហជីព និងសមាជិកសកម្មជនទាំងអស់ ដែលរងការ បណ្តេញចេញពីការងារ។ ក្នុងកិច្ចសម្ភាន៍ទាំងអស់ជាមួយមេដឹកនាំសហជីព ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ពួកគាត់បានឆ្លើយប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សដោយជឿថា ឈ្មោះរបស់ពួកគាត់ត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅ និងត្រូវរារាំង ពីការទទួលអោយចូលធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ផ្សេងទៀតណាមួយទេ។
ប្រទេសកម្ពុជាមិនមានតុលាការការងារទេ បើទោះជាច្បាប់ស្តីពីការងារតម្រូវក៏ដោយ ហេតុដូច្នេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាស្ថាប័នតែមួយគត់ជាជម្រើសសម្រាប់ការដោះស្រាយវិវាទការងារកន្លងមក។
រាប់ចាប់ពីការសម្រុះសម្រួលដោយក្រសួងការងារ ដល់ការកាត់សេចក្តីដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល សហជីពឯករាជ្យជាញឹកញាប់ត្រូវបានរារាំងពីការទទួលបាននូវយុត្តិធម៌តាមរយៈឧបសគ្គច្បាប់ និងយុទ្ធវិធីផ្សេងៗ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាត់ទុកទាំងមិនត្រឹមត្រូវចំពោះវិវាទការងាររួមដែលប៉ះពាល់ដល់សមាជិកសហជីពច្រើនជាងម្នាក់ ថាជា វិវាទការងារបុគ្គល ដែលនេះវាបានរារាំងពួកគេពីការកាត់សេចក្តីដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលស្ថានភាពនេះបន្តមានរហូតទាល់តែមានវិសោធនកម្មច្បាប់ស្តីពីការងារថ្មីៗនេះ ដែលចែងពីដែនយុត្តាធិការសម្រាប់ការកាត់ត្តីវិវាទការងាររួម។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថែមទាំងបានបដិសេធក្នុងការបញ្ជូនសំណុំរឿងក្តីទាក់ទងនឹងការទទួលអោយចូលធ្វើការងារវិញរបស់មេដឹកនាំសហជីព និងការបង់ប្រាក់សំណងបញ្ចប់ការងារទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលនេះបានរារាំងសហជីពនូវលទ្ធភាពទទួលបានការកាត់ក្តីបណ្តឹងរបស់ពួកគាត់ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។
សហជីកមូលដ្ឋានឯករាជ្យក៏បានលើកឡើងផងដែរថា សហព័ន្ធសហជីពរបស់ពួកគេមិនត្រូវបានអនុញ្ញាត អោយធ្វើជាតំណាងពួកគេក្នុងការសម្រុះសម្រួល និងសវនាការកាត់ក្តីនៅមូលដ្ឋានទេ ដែលនេះនាំអោយមានកង្វះខាត “ភាពជាតំណាងភាគច្រើន” ដែលជាក់ស្តែង សហជីពភាគច្រើនទទួលបានលើមូលដ្ឋាន កំណត់អោយមាននូវការគាំទ្រចាប់ពី ៣០%ឡើងទៅពីក្នុងចំណោមកម្មករទាំងអស់ ដែលជាអត្រាកំណត់ច្រើនខ្លាំង ស្ទើតែមិនមានសហជីពឯករាជ្យណាធ្លាប់ទទួលបាន។ បើទោះជាសហជីពឯករាជ្យទទួលបានជោគជ័យក្នុងការបើកសវនាការលើវិវាទការងាររបស់ខ្លួនដោយក្រុមប្រឹក្សាអាជ្ញា កណ្តាលក៏ដោយ ក៏ក្រុមប្រឹក្សានេះ ជាទូទៅបដិសេធមិនកាត់សេចក្តីលើបញ្ហាណាដែលមិនស្របគ្នាទៅនឹងការបកស្រាយមិនត្រឹមត្រូវរបស់ក្រសួងការងារលើច្បាប់ស្តីពីការងារកម្ពុជាទេ។
***
ការអនុវត្តដូចដែលបានលើកឡើងខាងលើនេះ វាបានបង្កនូវការគំរាមដល់ស្ថិរភាពនៃសហជីពឯករាជ្យ មួយផ្នែកត្រូវប្រឈមឧបសគ្គរដ្ឋបាល និងច្បាប់ដែលររាំងពួកគាត់ពីការអនុវត្តការងារពេញលេញ និងមួយផ្នែកទៀតត្រូវរងនូវការធ្វើទុក្ខបុកម្នេញដល់សមាជិករបស់គេ។ សេរីភាពសមាគម រួមមានសិទ្ធិធ្វើកូដកម្ម និងការចរចារួមនៃសហជីពឯករាជ្យ ដូចមានចែងក្នុងកាតព្វកិច្ចរបស់កម្ពុជាក្រោមច្បាប់អន្តរជាតិកំពុងរងនូវការវាយប្រហារ។
ការដែលរាជរដ្ឋាភិបាលកម្ពុជាខកខានមិនបានចាត់វិធានការគ្រប់គ្រាន់ក្នុងការដោះស្រាយការរំលោភសិទ្ធិការងារដ៏ធ្ងន់ធ្ងរទាំងនេះ ទើបមានការចោទសួរយ៉ាងច្រើនពីសំណាក់សហគមន៍អន្តរជាតិ។
អង្គការពលកម្មអន្តរជាតិ បានឆ្លើយតបចំពោះការអនុវត្តមិនពេញលេញនូវអនុសញ្ញារបស់ខ្លួន ទាក់ទងនឹងសេរីភាពសមាគម និងការការពារសិទ្ធិក្នុងការចងក្រងសហជីព (អនុសញ្ញា លេខ ៨៧) សិទ្ធិរៀបចំ និងការចរចា អនុសញ្ញារួម (អនុសញ្ញាលេខ ៩៨) និងលើកឡើងអំពីការរំលោភសិទ្ធិនានា ដែលប្តឹងដោយសហជីពឯករាជ្យរបស់កម្ពុជាចំនួន ២ លើកក្នុងរយៈពេល ៥ឆ្នាំកន្លងមកពីសំណាក់ស្ថានបេសកកម្មដើម្បីអោយមានការអនុវត្តអនុសាសន៍របស់អង្គការ ពលកម្មអន្តរជាតិ។
បណ្តាអនុសាសន៍រួមមានទាំងការស្នើអោយមានការស៊ើបអង្កេតលើការធ្វើឃាត លោក ជា វិជ្ជា (ខែមករា ២០០៤) លោក រស់ សុវណ្ណារ៉េត (ខែឧសភា ២០០៤) ហ៊ី វុទ្ធី (កុម្ភៈ ២០០៧) និងអំពីនិទណ្ឌភាពនែសកម្មភាពហិង្សាប្រឆាំងសកម្មជនសហជីពឯករាជ្យ។
រដ្ឋាភិបាលបានច្រានចោលម្តងហើយម្តងទៀតចំពោះការចោទប្រកាន់ចំពោះការរំលោភសេរីភាពសមាគម។ អាជ្ញាធរបានអះអាងថា ច្បាប់ស្តីពីសហជីពមានគោលបំណងលើកស្ទួយ និងការពារសេរីភាពសមាគម និងថា មេដឹកនាំសហជីព និងសកម្មជនរបស់ខ្លួន មិនមែនត្រូវបានចាប់ខ្លួន ឬចោទប្រកាន់តាមផ្លូវច្បាប់ដោយសារតែសកម្មភាពសហជីពស្របច្បាប់របស់គេទេ ប៉ុន្តែ ពួកគេត្រូវបានចាប់ខ្លួន និងចោទប្រកាន់ដោយសារតែបទល្មើសដែលពួកគាត់បានប្រព្រឹត្តប៉ុណ្ណោះ។
ប្រទេសមួយចំនួនផ្សេងទៀតបានកត់សំគាល់អំពីការរំលោភសិទ្ធិ និងកំណត់ត្រាសិទ្ធិការងារមិនល្អរបស់ រដ្ឋាភិបាលកម្ពុជា ហើយបានថ្កោលទោសអំពីការបង្រ្កាបទាំងនោះ ក្នុងអង្គប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនាទីក្រុងហ្សឺណែវ ប្រទេសស្វីស។ សហភាពអ៊ឺរ៉ុប រដ្ឋសមាជិករបស់ខ្លួន និងសហរដ្ឋអាមេរិក បានរួមគ្នាស្នើអោយមានវិធានការចំពោះកម្ពុជាអោយបញ្ឈប់ការរំលោភបំពាននេះ។
សហភាពអ៊ឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកស្ថិតក្នុងចំណោមប្រទេសដែលមានទីផ្សារធំជាងគេ ដែលកម្ពុជានាំចេញផលិតផលយកទៅលក់។ ប្រទេស និងក្រុមប្រទេសទាំងបីនេះ សុទ្ធតែមានកម្មវិធីអនុគ្រោះ សម្រាប់បណ្តាប្រទេសមានប្រាក់ចំណូលទាបដូចជាប្រទេសកម្ពុជា តាមរយៈការផ្តល់នូវការអនុគ្រោះពន្ធ សម្រាប់ការនាំចូលទំនិញ ក្នុងអត្រាពន្ធទាប ឬមិនយកពន្ធទាំងស្រុង។ ប៉ុន្តែ ឋានៈអនុគ្រោះនេះក៏មានភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្សដែលបណ្តាប្រទេសទាំងនោះត្រូវអនុវត្តមុនទទួលបានផលប្រយោជន៍នេះ។
នៅឆ្នាំ ២០២០ សហភាពអ៊ឺរ៉ុបបានព្យួរមួយផ្នែកនូវកម្មវិធីអនុគ្រោះផ្នែកពាណិជ្ជកម្ម “អ្វីៗលើកលែង សព្វាវុទ្ធ” (EBA) របស់កម្ពុជា។ ស្នងការអ៊ឺរ៉ុបបានសំអាងការព្យួរនេះ លើរបកគំហើញរបស់ខ្លួនថា កម្ពុជាមានការរំលោភលើសិទ្ធិពលរដ្ឋ នយោបាយ និងសិទ្ធិការងារយ៉ាងធ្ងន់ធ្ងរ។
ចក្រភពអង់គ្លេស នៅពេលចាកចេញពីសហភាពអ៊ឺរ៉ុបនៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ បានដាក់ ឋានៈកម្ពុជាជាស្វ័យប្រវត្តិជាប្រទេសមានការអនុគ្រោះផ្នែកពាណិជ្ជកម្មក្រោយការចាកចេញពីសហភាពអ៊ឺរ៉ុប ប៉ុន្តែ បានបញ្ឈប់ការព្យួរការអនុគ្រោះនេះមួយផ្នែក ដែលខ្លួនចូលរួមអនុម័តកាលនៅជាសមាជិកមួយរបស់សហភាពអ៊ឺរ៉ុប។ ចក្រភពអង់គ្លេស ចាប់ពីឆ្នាំ ២០២៣ តទៅ និងប្តូរឈ្មោះកម្មវិធីអនុគ្រោះផ្នែកពាណិជ្ជកម្មរបស់ខ្លួនទៅជា គម្រោងពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ Developing Countries Trading Scheme (DCTS) ដែលគេរំពឹងថា អាចមានការបន្ថយនូវលក្ខខណ្ឌខ្លះលើការទទួលបានឋានៈអនុគ្រោះនេះ ប៉ុន្តែក៏នៅរក្សាលក្ខខណ្ឌមួយចំនួនស្រដៀងគ្នានឹងកម្មវិធីអនុគ្រោះពាណិជ្ជកម្មរបស់សហភាពអ៊ឺរ៉ុបដែរ ដែលនេះអាចអោយចក្រភពអង់គ្លេសពិចារណាព្យួរឋានៈនេះ បើត្រូវបានរកឃើញថាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
សហរដ្ឋអាមេរិកបានរក្សាកម្មវិធីអនុគ្រោះពាណិជ្ជឈ្មោះ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ខ្លួន។ កម្មវិធីនេះបានផុតកំណត់កាលពីចុងឆ្នាំ ២០២០ ហើយរង់ចាំការបន្ត ក្រោមលក្ខខណ្ខតម្រូវអោយ កម្ពុជាពិនិត្យមើលបទដ្ឋាន ពន្ធគយ និងការអនុម័តដោយស្ថាប័ននិតិបញ្ញត្តិសហរដ្ឋអាមេរិក។ គួរកត់សំគាល់ផងដែរថា ក្នុងបរិបទប្រទេសកម្ពុជា កម្មវិធីអនុគ្រោះទូទៅនេះរបស់សហរដ្ឋអាមេរិក មិនបានរួមបញ្ចូលផលិតផលសម្លៀកបំពាក់ទេ ហើយដែលផលិតផលនេះ ជាទំនិញមួយផ្នែកធំដែលកម្ពុជានាំចេញទៅសហរដ្ឋអាមេរិក។
នៅខែ វិច្ឆិកា ២០២១ ដោយសារកម្មវិធីអនុគ្រោះទូទៅរបស់កម្ពុជាមិនទាន់បន្តឡើងវិញនៅឡើយ រដ្ឋ បាលប្រធានាធិបតី ចូ បៃដឹន បានប្រកាសថា តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងធ្វើការប៉ាន់ប្រមាណឡើងវិញអំពីឋានៈអនុគ្រោះរបស់កម្ពុជា។ ការពិនិត្យមើលឡើងវិញនេះនឹងត្រូវចាប់ផ្តើម ពេលមានការអនុម័តឡើងវិញពីស្ថាប័នសភាសម្រាប់កម្មវិធីអនុគ្រោះទូទៅ ប៉ុន្តែ មន្ត្រីរបស់តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានពិនិត្យយ៉ាងសកម្មអំពីកំណត់ត្រាសិទ្ធិមនុស្សរបស់កម្ពុជា និងបានធ្វើទស្សនកិច្ចមកកាន់កម្ពុជាកាលពីខែ សីហា ឆ្នាំ ២០២២។
រួមគ្នាជាមួយការប្រកាសរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្រសួងការបរទេសសហរដ្ឋអាមេរិក ក្រសួងរតនាគារជាតិ និងក្រសួងពាណិជ្ជកម្មបានចេញនូវអនុសាសន៍ផ្នែកពាណិជ្ជកម្មអោយមានការ ប្រុងប្រយ័ត្នអំពីការធ្វើជំនួញនៅកម្ពុជា “ត្រូវមានការប្រុងប្រយ័ត្នអំពីការទំនាក់ទំនងរបស់ខ្លួនជាមួយ ស្ថាប័ន និងវិស័យ ដែលមានសក្តានុពលជាប់ពាក់ព័ន្ធជាមួយការរំលោភសិទ្ធិមនុស្ស សកម្មភាពឧក្រិដ្ឋកម្ម និងជំនួញពុករលួយ”។ អនុសាសន៍ជំនួយញនេះ បានលើកឡើងថា “ការប្រកបអាជីវកម្មដែលអាចមានសក្តានុពលជាប់ពាក់ព័ន្ធជាមួយស្ថាប័ននៅកម្ពុជាដែលបានរំលោភសិទ្ធិមនុស្ស សកម្មភាពឧក្រិដ្ឋកម្ម ឬអំពើពុករលួយ អាចនឹងមានផលវិបាកផ្នែកកេរ្តិ៍ឈ្មោះ សេដ្ឋកិច្ច និងហានិភ័យផ្លូវច្បាប់”។
ការបង្កើនការបង្ក្រាបទៅលើសហជីពឯករាជ្យរបស់រដ្ឋាភិបាលកម្ពុជា នាំមកទាំងផលវិបាកធនធានមនុស្ស និងផ្នែកសេដ្ឋកិច្ច។
រាជរដ្ឋាភិបាលកម្ពុជាគួរធ្វើវិសោធនកម្មច្បាប់ និងវិធានការនានាដែលបង្កជាឧបសគ្គផ្នែកច្បាប់ និងរដ្ឋ បាល ក្នុងការអនុវត្តសិទ្ធិចងក្រងសហជីព ការចរចាអនុសញ្ញារួម និងការធ្វើកូដកម្មដោយមិនមានការភ័យខ្លាចការសងសឹកដល់កម្មករ។ កំណែទម្រង់ទាក់ទងនឹងការទទួលបានយុត្តិធម៌ដែលត្រូវការក្នុងយន្តការដោះស្រាយវិវាទការងារ ដោយមិនមានការជ្រៀតជ្រែកពីរដ្ឋាភិបាល និងមានសហជីពឯករាជ្យ។ អង្គការពលកម្មអន្តរជាតិ គួរត្រួតពិនិត្យ និងដាក់ទណ្ឌកម្មដល់ការមិនបានអនុលោមតាមកាតព្វកិច្ចរបស់ កម្ពុជាចំពោះអនុសញ្ញាអន្តរជាតិស្តីពីការងារ។
ក្រុមហ៊ុនម៉ាកល្បីៗក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ និងវិស័យសណ្ឋាគារគួររួមគ្នាដាក់សម្ពាធអោយមានកំណែទម្រង់ ច្បាប់ស្តីពីសហជីព និងតម្រូវអោយរក្សានូវឯករាជ្យភាពនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ជាបណ្តោះអាសន្ន ក្រុមហ៊ុនទាំងនោះគួរពង្រឹងការយកចិត្តទុកដាក់អំពីការរំលោភសិទ្ធិទាក់ទងសេរីភាពបង្កើតសមាគ និងការចចារអនុសញ្ញារួមនៅកម្ពុជា និងចាត់ជាអាទិភាពក្នុងការបង្កើតយន្តការដោះស្រាយបណ្តឹងសារទុក្ខ ដែលដំណើរការនៅថ្នាក់ជាតិ បង្កើតឡើងដោយមានការពិភាក្សាជាមួយអង្គការសង្គមស៊ីវិល និងសហជីពឯករាជ្យ។
អនុសាសន៍សំខាន់ៗ
សូមអានផ្នែកអនុសាសន៍ទាំងអស់នៅចុងបញ្ចប់នៃរបាយការណ៍នេះ
អនុសាសន៍សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ត្រូវធានាថាកម្មករអាចចុះបញ្ជីសហជីពតាមដំណើរការសាមញ្ញ សត្យានុម័ត រហ័ស និងមានតម្លាភាព និងចាត់វិធានការចាំបាច់មួយចំនួនដើម្បីធានាថាការចុះបញ្ជី ជាដំណើរការផ្លូវការ មិនមានអ្វីជំទាស់ជាមួយអាជ្ញាធរ ឬមិនតម្រូវអោយសុំការអនុញ្ញាតជាមុន។
- ដកចេញនូវឧបស័គ្គចំពោះការចរចាអនុសញ្ញារួម រួមមានតម្រូវការអោយមាន សេចក្តីបញ្ជាក់អំពីភាពជាតំណាងភាគច្រើន ដែលនេះជាការបង្កបន្ទុក បង្កើតនូវឆន្ទានុសិទ្ធិ និងនីតិវិធីមាន លក្ខណៈនយោបាយ និងរារាំងដល់សហជីកឯករាជ្យពីការទទួលបាននូវឋានៈសម្រាប់ការពារសិទ្ធិសមាជិករបស់ខ្លួនក្នុងដំណើរការដោះស្រាយវិវាទការងារ។
- បញ្ឈប់ការចេញសារាចរណ៍ណែនាំដែលមានការបកស្រាយមិនត្រឹមត្រូវលើច្បាប់ស្តីពីការងារ ដែលនេះជាការបដិសេធទាំងស្រុងនូវសិទ្ធិរបស់កម្មករ។
- ត្រូវកំណត់ និងចាត់ទុកវិវាទការងារ ដែលពាក់ព័ន្ធសហជីពជាវិវាទការងាររួមក្នុងការការពារសិទ្ធិសហជីពដើម្បីទទួលបានការកាត់ក្តីវិវាទការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
សម្រាប់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌
- ត្រូវបញ្ឈប់ការប្រើប្រាស់ដីការតុលាការ និងការចាប់ខ្លួន ឃុំឃាំង និងការកាត់ក្តីព្រហ្មទណ្ឌដល់មេដឹកនាំសហជីព និងសមាជិកសកម្មជន ដើម្បីដាក់កំហិតសិទ្ធិធ្វើកូដកម្ម និងសេរីភាពសមាគម។
សម្រាប់រាជរដ្ឋាភិបាល
- ត្រូវធ្វើវិសោធនកម្ម ឬលុបចោល ដោយមានការពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល គ្រប់ច្បាប់ទាំងអស់ដែលមានលក្ខណៈដាក់កម្រិតសេរីភាពបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងសេរីភាពបង្កើតសមាគម ដែលជំទាស់ទៅនឹងកាតព្វកិច្ចសិទ្ធិមនុស្សជាអន្តរជាតិរបស់កម្ពុជា ដែលរួមមានទាំងច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ទាក់ទងនឹងសុខភាពសាធារណៈដ៏ចម្រូងចម្រាស់ (ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសនាគ្រាអាសន្ន) និងប្រការនានាដែលចែងមានលក្ខណៈទូលំទូលាយក្នុងក្រមព្រហ្មទណ្ឌទាក់ទងនឹង “បទញុះញង់អោយប្រព្រឹត្តិបទល្មើស” បទបរិហារកេរ្តិ៍ជាសាធរណៈ” ឬ “បទបរិហារកេរ្តិ៍មន្ត្រីសាធរណៈ” ជាដើម។
សម្រាប់អង្គការពលកម្មអន្តរជាតិ មានការិយាល័យតំណាងថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វឹក និងជាផ្នែកមួយនៃក្រុមប្រចាំប្រទេសកម្ពុជារបស់អង្គការសហប្រជាជាតិ
- ថ្កោលទោសជាសាធរណៈចំពោះកម្ពុជាដែលបន្តមិនអនុលោមជាមួយអនុសញ្ញាអង្គការ ពលកម្មអន្តរជាតិ ក្នុងការការពារសេរីភាពបង្កើតសមាគម។
- ដាក់សម្ពាធអោយអង្គការពលកម្មអន្តរជាតិនូវតួនាទីជាភាគីទី ៣ ក្នុងការសង្កេតលើការដោះស្រាយវិវាទការងារ ដើម្បីធានាលើភាពយុត្តិធម៌ និងដំណោះស្រាយទាន់ពេលវេលាចំពោះវិវាទ ការងារ។
ចំពោះសហភាពអ៊ឺរ៉ុប
- បន្តស្នើអោយរាជរដ្ឋាភិបាលកម្ពុជា អនុវត្តតាមលក្ខខណ្ឌដែលកំណត់ក្នុងបរិបទនៃការព្យួរមួយផ្នែករបស់កម្មវិធីអនុគ្រោះពន្ធទំនិញ “អ្វីៗទាំងអស់ក្រៅពីសព្វាវុទ្ធ” របស់កម្ពុជា និងការថ្កោលទោសរដ្ឋាភិបាលដែលខកខានមិនបានអនុវត្តនូវកាតព្វកិច្ចសិទ្ធិមនុស្ស និងសិទ្ធិការងារ។
- ត្រូវធានាថាមានការប្រកាន់យកនូវគោលការណ៍ដ៏តឹងតែងរបស់សហភាពអ៊ឺរ៉ុបស្តីពីការអនុលោមភាពចំពោះនិរន្តរភាពសាជីកម្ម (CS DDD) ជាមួយសង្គមស៊ីវិល ពីសំណាក់ក្រុមហ៊ុនដែលធ្វើអាជីវកម្មនៅសហភាពអ៊ឺរ៉ុប ឬមានប្រភពពីប្រទេសដូចជាកម្ពុជា ដែលនេះវាស្របទៅនឹងទំនួលខុសត្រូវរបស់ពួកគេក្រោមគោលការណ៍ណែនាំស្តីពីពាណិជ្ជកម្ម និងសិទ្ធិមនុស្ស។
ចំពោះសមាគមនិយោជក រួមទាំងសភាពាណិជ្ជកម្ម និងសមាគមក្នុងវិស័យផ្សេងៗ
- ត្រូវត្រួតពិនិត្យ និងធ្វើអន្តរាគមន៍ ដើម្បីធានាថាសមាជិករបស់ខ្លួនបានបំពេញការអនុលោមតាមបទបញ្ជាទាំងឡាយពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសលិខិតពីនាយកដ្ឋានវិវាទការងារ ឬសាលដីការពីក្រមប្រឹក្សាអាជ្ញាកណ្តាល ដែលបញ្ជាអោយមានការទទួលយកមេដឹកនាំសហជីពចូលបំរើការងារវិញ។ ថ្កោលទោសជាសាធារណៈ និងដាក់ទណ្ឌកម្ម រួមទាំង បណ្តេញចេញពីសមាគមនូវសមាជិកណាដែលបដិសេធមិនព្រមបញ្ឈប់ការរើសអើងប្រឆាំងសហជីព។
ចំពោះក្រុមហ៊ុនម៉ាកល្បីៗ និងហាងលក់រាយអន្តរជាតិ
- ត្រូវដាក់ចេញនូវការលើកទឹកចិត្តសម្រាប់អ្នកផ្គត់ផ្គងណាដែលបានគោរពសេរីភាពសមាគម និងការចរចាអនុសញ្ញារួមរបស់កម្មករ និងការកំណត់អាទិភាពក្នុងការបង្កើតយន្តការដោះស្រាយ បណ្តឹងសារទុក្ខក្នុងប្រទេស ដែលរួមមានទាំងកិច្ចព្រមព្រៀងផ្លូវច្បាប់ជាមួយក្រុមសង្គមស៊ីវិលក្នុងស្រុក និងសហជីពឯករាជ្យ។
ចំពោះក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ
អំពីការចុះបញ្ជីសហជីព និង “ឋានៈតំណាងភាគច្រើន”
- ត្រូវធានាថាកម្មករអាចចងក្រង និងចុះបញ្ជីសហជីពតាមដំណើរការងាយៗ ប្រកបដោយសត្យានុម័ត រហ័ស និងមានតម្លាភាព ហើយត្រូវចាត់វិធានការចាំបាច់ក្នុងការធានាថា ការចុះបញ្ជីជាដំណើរការផ្លូវការ និងមិនមានការតម្រូវអោយមានការសម្រេច ឬការសុំអនុញ្ញាតជាមុន ដែលនេះវាស្របទៅនឹងអនុសាសន៍របស់អង្គការពលកម្មអន្តរជាតិ អំឡុងការពិនិត្យឡើងវិញការអនុលោមរបស់កម្ពុជាទៅនឹងអនុសញ្ញាអង្គការ ពលកម្មអន្តរជាតិ លេខ ៨៧។
- ជម្រុញដំណើរការភ្លាមៗនូវការចុះបញ្ជី ដើម្បីបន្តអាណត្តិសហជីពក្រោយការបោះឆ្នោតសហជីព ដោយមិនមានការពន្យាពេល និងមិនមានការជ្រៀតជ្រែកផ្នែកនយោបាយ។
- ដកចេញរាល់ឧបសគ្គរារាំងការចរចាអនុសញ្ញារួម ដោយលុបបំបាត់ តម្រូវការអោយមានការបញ្ជាក់ដោយតំណាងភាគច្រើន ដែលនាំមកនូវបន្ទុកស្មុគស្មាញ បង្កើតនូវឆន្ទានុសិទ្ធិ និងនីតិវិធី នយោបាយ រារាំងសហជីពឯករាជ្យពីការទទួលបាននូវការបញ្ជាក់ឋានៈតំណាងភាគច្រើនក្នុងការ ការពារសិទ្ធិសមាជិករបស់ខ្លួនក្នុងការដោះស្រាយវិវាទការងារ។
- តាមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ត្រូវធ្វើវិសោធនកម្មជាចាំបាច់ ឬលុបចោលមាត្រា៥៤ ដល់ ៥៦ នៃច្បាប់ស្តីពីសហជីព ចាត់ជាបញ្ញត្តិនូវដំណើរការ និងនីតិវិធីបញ្ជាក់សម្រាប់ឋានៈតំណាងភាគច្រើន ដោយដាក់នីតិវិធីនេះអោយស្ថាប័នឯករាជ្យមួយអនុវត្តដើម្បីធានាអោយមាន តម្លាភាព និងប្រសិទ្ធភាព និងអាចអោយសហជីពដែលមិនមានតំណាងភាគច្រើនអាចធ្វើជាតំណាងកម្មករក្នុងការដាក់ពាក្យបណ្តឹងតវា ក្នុងកិច្ចប្រជុំផ្សះផ្សាវិវាទការងារនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬក្នុងវិវាទការងារនានា មុនការកាត់ក្តីនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ឬតុលាការ និងការចរចារអនុសញ្ញារួម។
ចំពោះការផ្សះផ្សាដោយយុត្តិធម៌
- ត្រូវធានាថាអ្នកផ្សះផ្សាវិវាទការងារអាចបំពេញកិច្ចការរកដំណោះស្រាយវិវាទប្រកបដោយភាពឯករាជ្យ និងមិនលំអៀងដើម្បីទទួលបានលទ្ធផលប្រកបដោយយុត្តិធម៌សម្រាប់កម្មករដែលមានវិវាទ និងពិនិត្យមើលឡើងវិញដោយដិតដល់ការបំពេញការងាររបស់មន្ត្រីពាក់ព័ន្ធនឹងការងារនេះ។
- កំណត់គោលការណ៍ណែនាំសម្រាប់អ្នកផ្សះផ្សាវិវាទការងារ អោយបញ្ជូនរាល់វិវាទការងារទាំងអស់ទៅក្រុមប្រឹក្សាអជ្ញាកណ្តាល ទាក់ទងដល់ការបោះឆ្នោតជ្រើសរើសតំណាងកម្មករ ការកាត់រំសាយបុគ្គលិក ឬកម្មករទ្រង់ទ្រាយធំ និងការបណ្តេញមេដឹកនាំសហជីពពីការងារ ដែលតម្រូវអោយមានការអនុញ្ញាតជាមុនពីក្រុមអធិការកិច្ចការងារ។
- អនុម័តប្រកាសថ្នាក់ក្រសួង ដើម្បីបញ្ជាក់អោយបានច្បាស់ថា វិវាទការងារដែលពាក់ព័ន្ធជាមួយសហជីពជាវិវាទការងាររួម ដែលនេះអាចជៀសវាងការបកស្រាយខុសជាប្រព័ន្ធអំពីការវិវាទការងាររួមថាជាវិវាទបុគ្គលដោយក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ហើយបានបដិសេធសិទ្ធិរបស់គេ ក្នុងការទទួលបានការកាត់ក្តីវិវាទការងារប្រកដោយប្រសិទ្ធភាព។
ការសម្រេចក្តីវិវាទការងារប្រកបដោយឯករាជ្យ និងយុត្តិធម៌
- ត្រូវចេញសេចក្តីប្រកាសថ្នាក់ក្រសួង ដើម្បីបង្កើតនីតិវិធីអនុវត្តការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដែលដាក់បញ្ចូលដំណោះស្រាយវិវាទការងារបុគ្គលជាវិវាទអាចដោះស្រាយនៅក្រុមប្រឹក្សាអជ្ញាកណ្តាល។
- ត្រូវអនុញ្ញាតអោយក្រុមប្រឹក្សាអាជ្ញាកណ្តាលពិនិត្យសើរើការសម្រេចចិត្តរបស់មន្ត្រីការងារបន្ទាប់ពីការលើកឡើងអំពីសកម្មភាព ឬសេចក្តីសម្រេចចិត្តនៃមន្ត្រីទាំងនោះ ដោយរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បញ្ឈប់ការប្រើប្រាស់ខុសឆ្គងចំពោះកិច្ចសន្យាការងារមានរយៈពេលកំណត់
- ត្រូវលុបចោលភ្លាមៗ និង/ឬកែតម្រូវសេចក្តីណែនាំលេខ ០៥០/១៩ ស្តីអំពីការកំណត់ប្រភេទកិច្ចសន្យាការងារ ដែលអនុញ្ញាតអោយបន្តប្រើប្រាស់កិច្ចសន្យាការងារមានរយៈពេលកំណត់នេះ អោយស្របតាមមាត្រា ៦៧ នៃច្បាប់ស្តីពីការងាររបស់កម្ពុជាវិញ និងការបកស្រាយផ្លូវច្បាប់ ដោយក្រុមប្រឹក្សាអជ្ញាកណ្តាល ដែលថា ការប្រើប្រាស់កិច្ចសន្យាការងារមានរយៈពេលកំណត់មិនអាចបន្តលើសរយៈពេលពីរឆ្នាំទេ។
ចំពោះក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌
ការធ្វើទុក្ខបុកម្នេញលើសហជីពឯករាជ្យ
- បញ្ឈប់រាល់ការចាប់ខ្លួន ការឃុំខ្លួន និងការកាត់ទោសតាមអំពើចិត្តដល់មេដឹកនាំសហជីព និងសមាជិករបស់ពួកគេ ដោយសារតែសកម្មភាពសហជីពស្របច្បាប់របស់ពួកគាត់តំណាងអោយកម្មករ
- ត្រូវបញ្ឈប់ការចេញដីការដើម្បីរំខានតាមអំពើចិត្តចំពោះសិទ្ធិធ្វើកូដកម្មរបស់កម្មករ តាមរយៈការចាត់ទុករាល់ការធ្វើកូដកម្មទាំងអស់សុទ្ធតែ “ខុសច្បាប់”។
- អនុវត្តរាល់នីតិវិធីទាំងឡាយដែលចាំបាច់ដើម្បីដោះស្រាយ តាមផ្លូវច្បាប់ប្រឆាំងក្រុមសហជីពពាក់ព័ន្ធព្រឹត្តិការណ៍បាតុកម្មកាលពីខែមករា ឆ្នាំ ២០១៤។
- ត្រូវធានាថាមិនមានការកាត់ទោសព្រហ្មទណ្ឌ ឬទណ្ឌកម្មណាមួយទៅលើសកម្មភាពសហជីពស្របច្បាប់ រួមមានការធ្វើបាតុកម្មដោយសន្តិវិធី និងទម្លាក់ចោលបទចោទទាំងអស់ចំពោះសកម្មជនសហជីព ពាក់ព័ន្ធបាតុកម្ម ខែមករា ឆ្នាំ ២០១៤។
- ត្រូវចាត់រាល់វិធានការនានាដើម្បីបញ្ឈប់ការចាប់ខ្លួន ឃុំខ្លួន និងកាត់ទោសសកម្មជនសហជីព សម្រាប់ការអនុវត្តសកម្មភាពសហជីពស្របច្បាប់របស់ពួកគាត់។
- ត្រូវទំលាក់ចោលករណីផ្លូវច្បាប់ប្រឆាំង ប្រធានសហព័ន្ធសហជីពសេរី ឯករាជ្យ សយ ចន្ធូ និងការបណ្តេញពីការងារនូវមេដឹកនាំតំណាងសហជីពខាងលើ រួមមាន នូ ចន្ថា និង អឿន ចន្នីដែលបានធ្វើសកម្មភាពសហជីពស្របច្បាប់របស់គេ។
- ទម្លាក់ចោលបទចោទ “ញុះញង់” ប្រឆាំងមេដឹកនាំ និងសកម្មជន សហជីពប្រទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ កញ្ញា ឈឹមស៊ីថរ ឈឹម សុខន ហៃ សុភាព ឃ្លាំង សុបិន្ត រី សុវណ្ឌី ស៊ុន ស្រីពេជ្រ ទូច ស្រីមាស និង សុខ ណារិទ្ធិ។
- ទម្លាក់ចោលបទចោទប្រឆាំងសមាជិកសហជីពប្រទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ រួមមាន ជួប ចន្ទណាត សៅ សម្បត្តិ និង សេង វណ្ណរិទ្ធិពីបទបំពានវិធានកូវីដ ១៩ និងត្រូវបញ្ឆប់បទចោទព្រហ្មទណ្ឌប្រឆាំង ខេង ចិន្តា អ៊ុក សុភមូល្លីកា ម៉េង កន្នីកា និង អេង ស្រីបូ ក្នុងបទចោទស្រដៀងគ្នានេះដែរ។
- ត្រូវបញ្ឈប់ការធ្វើទុក្ខបុកម្នេញផ្លូវច្បាប់ដល់ប្រធាន សម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ន ដែលធ្វើសកម្មភាពក្នុងនាមជាមេដឹកនាំសហជីព រួមមានការគំរាមផ្លូវច្បាប់ ក្រោយអ្នកស្រីបានចូលរួមធ្វើកូដកម្មមួយនៅភ្នំពេញនៅឆ្នាំ ២០២២។
- ត្រូវបញ្ឈប់ប៉ូលីស និងមន្ត្រីពីការកម្រិតសិទ្ធិធ្វើកូដកម្មរបស់សហជីពឯករាជ្យ។ បញ្ឈប់ការប្រើប្រាស់កងកម្លាំង មិនចាំបាច់និងច្រើនហួសហេតុ ទំាងកម្លាំងប៉ូលីសមានឯកសណ្ឋាន និងភ្នាក់ងារសន្តិសុខគ្មានឯកសណ្ឋាន និងមន្ត្រីផ្សេងៗទៀតប្រឆាំងកូដករ។
- ត្រូវស៊ើបអង្កេត និងដាក់អោយទទួលខុសត្រូវមន្ត្រីដែលបានប្រើប្រាស់ ឬបញ្ជាកងកម្លាំងមិនចាំបាច់ និងច្រើនហួសប្រមាណប្រឆាំងកូដករក្រុមហ៊ុន ណាហ្កាវើលដ៍ និងកូដករផ្សេងៗទៀត។
ចំពោះរាជរដ្ឋាភិបាលកម្ពុជា
- អនុវត្តពេញលេញនូវកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា ក្រោមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ និងត្រូវធានាថា គ្រប់សកម្មភាពទាំងអស់របស់មន្ត្រីអនុវត្តច្បាប់ស្របទៅនឹងសិទ្ធិរបស់ កម្មករ និងនិយោជក ក្រោមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ រួមមានសេរីភាពបង្កើតសមាគម និងការការពារសិទ្ធិចងក្រងអនុសញ្ញារួមឆ្នាំ ១៩៤៨ (លេខ ៨៧) សិទ្ធិដើម្បីរៀបចំ និងការចរចាអនុសញ្ញារួម ឆ្នាំ ១៩៥៩ (លេខ ៩៨) និងអនុសញ្ញាស្តីពីការរើសអើង (ការងារ និងអាជីព) ឆ្នាំ ១៩៥៨ (លេខ ១១១)។
- ត្រូវធ្វើវិសោធនកម្ម ឬលុបចោលប្រការមួយចំនួនក្នុងច្បាប់ទាំងឡាយណាដែលដាក់កម្រិតសិទ្ធិសេរីភាពបង្កើតសមាគម ដែលផ្ទុយទៅនឹងកាតព្វកិច្ចច្បាប់សិទ្ធិមនុស្សជាអន្តរជាតិរបស់កម្ពុជា(រួមមានច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ទាក់ទងនឹងសុខភាពសាធារណៈ (ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត) និងប្រការនៃច្បាប់ដែលចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជា ដែលរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ដូចជា “បទញុះញង់” “បទបរិហារកេរ្តិ៍” “បទបរិហារជាសាធារណៈ ឬ”បទបរិហារកេរ្តិ៍មន្ត្រីសាធារណៈ” និង “ការបំពានទាំងឡាយណាដែលពាក់ព័ន្ធការស៊ើបអង្កេត និងការសម្រេចក្តី”។
- ត្រូវអនុវត្តអោយបានពេញលេញ និងទូលំទូលាយនូវយុទ្ធសាស្រ្តអភិវឌ្ឍរបស់រាជរដ្ឋាភិបាល កម្ពុជា កាលពីពេលថ្មីៗនេះ លើវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរសម្រាប់រយៈពេលពីឆ្នាំ ២០២២ ដល់ ២០២៧” ប្រកបដោយតម្លាភាព និងបើកចំហ និងមានការចូលរួមប្រកបដោយបរិយាប័ន្នពីសំណាក់ស្ថាប័នតំណាងកម្មករ និងនិយោជក និងការអនុវត្តប្រកបដោយ យុទ្ធសាស្ត្រ និងទាន់ពេលវេលា។ ចាត់រាល់វិធានការដើម្បីពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពសេវា បេឡាជាតិរបបសន្តិសុខសង្គមដើម្បីដាក់បញ្ចូលការធានារ៉ាប់រ៉ងសង្គមជូនដល់កម្មករដែលបាត់បងការងារ ទាំងផ្លូវការ និងមិនផ្លូវការ ក្នុងកាលទេសៈវិបត្តិសេដ្ឋកិច្ចដែលមិនអាចព្យាករណ៍ និងនាំផលប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់។
ចំពោះសមាគមនិយោជក រួមមានទាំងសភាពាណិជ្ជកម្ម និងសមាគមក្នុងវិស័យផ្សេងៗ
បញ្ចប់សកម្មភាពប្រឆាំងសហជីព
- ត្រូវជួយបញ្ចប់ការដាក់ចូលក្នុងបញ្ជីខ្មៅនៃមេដឹកនាំសហជីព និងសមាជិកសកម្មជនសហជីឯករាជ្យ ធ្វើឡើងដោយក្រុមពាណិជ្ជករ និងត្រូវថ្កោលទោសជាសាធារណៈចំពោះទង្វើរំលោភសិទ្ធិទាំងនោះ។
- ត្រូវថ្កោលទោសការប្រើប្រាស់វិបត្តិសុខភាពសាធារណៈដើម្បីដាក់កម្រិតសិទ្ធិ សេរីភាពសមាគម និងសេរីភាពជួបជុំរបស់សហជីឯករាជ្យ ដែលរារាំងពួកគាត់ពីការចងក្រង ចុះបញ្ជី មានវត្តមាន និងប្រតិបត្តិការងារនៅកន្លែងធ្វើការ។
- ត្រូវជំទាស់ជាសាធារណៈរាល់ការចោទប្រកាន់បទព្រហ្មទណ្ឌប្រឆាំងមេដឹកនាំសហជីព និងសមាជិករបស់ពួកគាត់ សម្រាប់ការអនុវត្តសកម្មភាពសហជីពស្របតាមច្បាប់ (ឧ.ហ បទល្មើសដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយគឺបទ “ញុះញង់ឱ្យប្រព្រឹត្តបទល្មើសមានស្ថានទម្ងន់ទោស”) ដែលជាការអនុលោមតាមសិទ្ធិដែលត្រូវបានការពារជាអន្តរជាតិ រួមមានសេរីភាពសំដែងមតិ ការបង្កើតសមាគម និងការជួបជុំដោយសន្តិវិធី។
- ថ្កោលទោសជាសាធរណៈ និងដាក់ទណ្ឌកម្មដល់សមាជិក រួមមានការបញ្ដេញចេញពីសមាជិក នូវការអនុវត្តណាមួយដែលប្រឆាំងសកម្មភាពសហជីព។
អនុលោមតាមសេចក្តីសម្រេចអំពីការផ្សះផ្សា និងសាលដីការសម្រេចរបស់ក្រុមប្រឹក្សាអជ្ញាកណ្តាល
- ត្រូវត្រួតពិនិត្យឱ្យបានដឹតដល់ និងធ្វើអន្តរាគមន៍ដើម្បីធានាថាសមាជិកសមាគមនិយោជកបានអនុលោមពេញលេញទៅនឹងបទបញ្ជាពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសលិខិតពីនាយកដ្ឋានវិវាទការងារ ដែលបង្គាប់ឱ្យទទួលយកមេដឹកនាំសហជីពចូលធ្វើការវិញ។
- ត្រូវចរចាឱ្យមានការបន្តអនុសារណៈនៃការយោគយល់គ្នារវាងសមាគមនិយោជក និងសហព័ន្ធសហជីពដែលបានកំណត់ថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាសេចក្តីសម្រេចជាធរមានបញ្ញាតិ។
- ត្រូវត្រួតពិនិត្យឱ្យបានដឹតដល់ និងធ្វើអន្តរាគមន៍ដើម្បីធានាថាសមាជិកសមាគមនិយោជកបានអនុលោមពេញលេញទៅនឹងសាលដីការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
អំពីការអនុវត្តយុទ្ធសាស្រ្តវិស័យកាត់ដេរសម្លៀកបំពាក់ថ្មីស្តីពី ការកែលំអលក្ខខណ្ឌការងារ និងពង្រឹងការគាំពារសេវាសង្គម
- ចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល តាមរយៈកិច្ចសហការជាមួយសមាជិកសមាគមនិយោជក និងដៃគូផ្សេងទៀត ដើម្បីធានាការអនុវត្តពេញលេញនូវវិធានការរយៈពេលខ្លី និងមធ្យមដែលមានក្នុងយុទ្ធសាស្រ្ត “អភិវឌ្ឍវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជារបស់រដ្ឋាភិបាលឆ្នាំ ២០២២-២០២៧”។ ការអនុវត្តទាំងនោះមិនត្រូវមានកំណត់រួមមាន៖
- កែលំអលក្ខខណ្ឌការងារ និងសុខុមាលភាពកម្មករក្នុងវិស័យ
- ពង្រឹងយន្តការដោះស្រាយវិវាទការងារ រួមមានទាំងសមត្ថភាពផ្សះផ្សា នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ផ្តល់នូវលំហសម្រាប់ការចរចាកិច្ចព្រមព្រៀងការងាររួម
- ពង្រឹងឯករាជ្យភាព និងប្រសិទ្ធភាពនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល
- គាំទ្រពេញទំហឹងនូវគំនិតផ្តួចផ្តើម និងកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការពិនិត្យមើលឡើងវិញ និងកែលំអមូលនិធិបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីបញ្ចូលផលប្រយោជន៍អំឡុងបាត់បង់ការងាររបស់កម្មករ ក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចមិនអាចព្យាករណ៍បាន ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។
ការប្រើប្រាស់កិច្ចសន្យាការងារមានកាលកំណត់លើសដែនកំណត់
- ត្រូវលើកកំពស់ការយល់ដឹងក្នុងចំណោមសមាជិកសមាគមនិយោជកអំពីមាត្រាទី ៦៧ នៃច្បាប់ស្តីពីការងារ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទាក់ទងនឹងកិច្ចសន្យាការងារមានកាលកំណត់ ដើម្បីជួយដល់ការលុបបំបាត់ការប្រើប្រាស់កិច្ចសន្យាការងាររយៈពេលខ្លីមិនត្រឹមត្រូវ ជាឧបករណ៍គំរាម និងបំបាក់ទឹកចិត្តកម្មករពីការចូលរួមជាសមាជិកសហជីព។
- ត្រូវលើកកំពស់ការយល់ដឹងក្នុងចំណោមសមាជិកសមាគមនិយោជកថា ការប្រើកិច្ចសន្យាការងារមានរយៈពេលកំណត់នឹងនាំអោយមានការអនុវត្តរើសអើងនៅតាមរោងចក្រនានា រួមមានការរើសអើងទាក់ទងកម្មករមានផ្ទៃពោះ និងបម្រាមមួយចំនួនផ្សេងទៀត។
- លើកកំពស់ការយល់ដឹងអំពីការការពាដោយច្បាប់សម្រាប់មេដឹកនាំសហជីព ក្រោមច្បាប់ស្តីពីសហជីព ដែលមានចែងអំពីការមិនអាចបដិសេធនូវសិទ្ធិទាំងនេះ ដោយការប្រើប្រាស់កិច្ចសន្យាមានកាលកំណត់ទេ។
អំពីសំណងពេលកាត់រំសាយការងារ
- បង្កើតពិធីការអន្តរាគមន៍ និងជួយកម្មករដែលប្រឈមបញ្ហាសេដ្ឋកិច្ច ក្រោយរោងចក្របិទទ្វារ និងបញ្ឈប់កម្មករពីការងារទ្រង់ទ្រាយធំ។
ក្រមប្រតិបត្តិ
Codes of Conduct
- ត្រូវធានាថាសមាជិកសមាគមនិយោជកបានអនុម័ត និងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយសាជីវកម្មផ្អែកលើសិទ្ធិមនុស្ស មានដូចជា ក្រមប្រតិបត្តិ ដើម្បីសម្រេចបាននូវការទទួលខុសត្រូវរបស់ខ្លួន ក្រោមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ ស្តីអំពីធូរកិច្ច និងសិទ្ធិមនុស្ស រួមមានការបង្កើត និងអាចប្រើប្រាស់យន្តការដោះសា្រយបណ្តឹងប្រកបដោយប្រសិទ្ធភាព ចំពោះរាល់ការរំលោភសិទ្ធិពីសំណាក់និយោជក។
សម្រាប់ក្រុមហ៊ុនកាស៊ីណូ ណាហ្កាវើលដ៍
To NagaWorld Casino
- ត្រូវទទួលស្គាល់ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្កាវើលដ៍ ជាសហជីពដែលបានចុះបញ្ជីត្រឹមត្រូវសម្រាប់ក្រុមហ៊ុន និងមិនតម្រូវឱ្យមានការបញ្ជាក់ពីឋានៈមតិភាគច្រើនសម្រាប់សហជីពនេះទេ។
- ត្រូវដោះស្រាយឱ្យបានឆាប់ និងប្រកបដោយសុឆន្ទនូវវិវាទការងារជាមួយ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្កាវើលដ៍ ដោយពិនិត្យលើការទាមទារធ្វើឡើងដោយសហជីព និងអញ្ជើញតំណាងអង្គការពលកម្មអន្តរជាតិ ក្នុងនាមជាភាគីទី ៣ អោយសង្កេតការ ដើម្បីធានានូវដំណោះសា្រយវិវាទការងារប្រកបដោយយុត្តិធម៌។
ចំពោះអង្គការពលកម្មអន្តរជាតិ មានការិយាល័យតំណាងថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វឹក នៃក្រុមការងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា
ការិយាល័យថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វឹក នៃអង្គការពលកម្មអន្តរជាតិ/គណកម្មាធិការរបស់អង្គការពលកម្មអន្តរជាតិស្តីពីសិទ្ធិសេរីភាពសំដែងមតិ និងសមាគម
- ត្រូវចាត់វិធានការជាក់លាក់ ប្រកបដោយតម្លាភាពក្នុងការឆ្លើយតបចំពោះការបន្តមិនអនុលោមតាមរបស់កម្ពុជាចំពោះអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ស្តីពីការការពារសេរីភាពសមាគម រួមមានការពិនិត្យឡើងវិញជាសាធារណៈទៅលើច្បាប់ស្តីពីការងាររបស់កម្ពុជា និងបទបញ្ញាតិ្តផ្សេងៗ ដែលអង្គការពលកម្មអន្តរជាតិធ្លាប់បានផ្តល់អនុសាសន៍កែលំអ និងការថ្កោលទោសជាសាធារណៈនូវការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើសហជីពឯករាជ្យ និងការអនុម័តច្បាប់ឃោរឃៅផ្សេងៗដែលរំលោភកាតព្វកិច្ចរបស់ខ្លួនចំពោះអង្គការពលកម្មអន្តរជាតិ និងអនុសញ្ញាសិទ្ធិមនុស្សផ្សេងៗទៀត។
- ត្រូវដាក់សំម្ពាធសម្រាប់តួនាទីរបស់អង្គការពលកម្មអន្តរជាតិ ក្នុងនាមជាភាគីទី ៣ ក្នុងវិវាទការងារ ដើម្បីធានានូវការដោះស្រាយវិវាទការងារទាន់ពេលវេលា និងប្រកបដោយយុត្តិធម៌
- ត្រូវបោះពុម្ភផ្សាយរបកគំហើញនៃតំណាងបេសកកម្មទំនាក់ទំនងផ្ទាល់ និងពន្យល់អំពីជំហានដែលត្រូវអនុវត្តដោយភាគីទី ៣ និងភាគីពាក់ព័ន្ធផ្សេងៗទៀតនៅកម្ពុជាទាក់ទងនឹងរបក គំហើញទាំងនេះ ហើយក្នុងពេលជាមួយគ្នានេះ ត្រូវដាក់សម្ពាធឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្ត បណ្តាអនុសាសន៍ទាំងឡាយដែលមានចែងក្នុងរបកគំហើពនៃតំណាងបេសកកម្មទំនាក់ទំនងផ្ទាល់នេះ។
ក្រុមការងារប្រចាំប្រទេសកម្ពុជានៃអង្គការសហប្រជាជាតិ រួមមានទាំងអង្គការពលកម្មអន្តរជាតិ
- ដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញដល់សហជីពពីការអនុវត្តអោយមានការបញ្ជាក់ដោយតំណាងសមាជិករបស់ពួកគេ ក្នុងវិវាទការងារ និងការពារសិទ្ធិកម្មករ។ ដាក់សម្ពាធឱ្យមានការលុបចោល ឬធ្វើវិសោធនកម្មច្បាប់ និងវិធានការផ្សេងៗទៀតដែលប្រើប្រាស់ដើម្បីបង្ក្រាបមិនឱ្យអនុវត្តសិទ្ធិធ្វើកូដកម្ម និងការចុះអនុសញ្ញាការងាររួម (រួមមាន “ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងត្រូវបញ្ឈប់រាល់ការប្រើប្រាស់កងកម្លាំងខុសច្បាប់ប្រឆាំងការធ្វើកូដកម្ម។
- ត្រូវឆ្លើយតបចំពោះសេរីភាពសមាគមទាក់ទងករណីជាបុគ្គល ដើម្បីធានាថា កម្មករត្រូវបានការពារពីការចាត់វិធានការស្រេចតែចិត្ត ឬការរើសអើងពីនិយោជក។
ចំពោះសហភាពអ៊ឺរ៉ុប
- ត្រូវថ្កោលទោសជាសាធារណៈលើការខកខានមិនបានគោរពរបស់រដ្ឋាភិបាលកម្ពុជានូវ សិទ្ធិសេរីភាពសមាគម ការធ្វើទុក្ខបុកម្នេញសហជីពឯករាជ្យ ការវាយប្រហារសិទ្ធិធ្វើកូដកម្ម និងការចរចាការងាររួម និងត្រូវដាក់សម្ពាធអាជ្ញាធរកម្ពុជាអោយអនុវត្តបណ្តាអនុសាសន៍ទាំងឡាយដែលចែងក្នុងរបាយការណ៍នេះ។
- បន្តទទូចអោយរដ្ឋាភិបាលកម្ពុជាអនុវត្តអោយបានតាមគោលដៅដែលកំណត់ក្នុងបរិបទនៃការព្យួរមួយផ្នែករបស់សហភាពនូវការអនុគ្រោះពន្ធដល់កម្ពុជា “អ្វីៗលើកលែងតែសព្វាវុទ្ធ” និងថ្កោលទោសជាសាធារណៈចំពោះរដ្ឋាភិបាលដែលបន្តមិនអនុលោមតាមកាព្វកិច្ចគោរពសិទ្ធិមនុស្ស និងសិទ្ធិការងាររបស់ខ្លួន។
- សម្របសម្រួលជាមួយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបណ្តាដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត ដើម្បីរួមគ្នាដាក់សម្ពាធលើកម្ពុជាដូចមានលំអិតខាងក្រោម។
- បន្តគាំទ្រ និងចូលរួមជាមួយក្រុមសង្គមស៊ីវិលកម្ពុជា រួមមានក្រុមសហជីពឯករាជ្យ និងការិយាល័យតំណាងអង្គការសហប្រជាជាតិគឺ ស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស ដើម្បីប៉ាន់ប្រមាណស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងលើកស្ទួយអនុលោមភាពជាមួយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
- ត្រូវធានាអនុវត្តរាល់គោលការណ៍សិទ្ធិមនុស្សពាក់ព័ន្ធទាំងអស់ របស់សហភាពអ៊ឺរ៉ុប និងផែនការសកម្មភាពរបស់សហភាពអ៊ឹរ៉ុបស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ រួមមានតាមរយៈសកម្មភាពទាំងឡាយធ្វើឡើងដោយស្ថានតំណាងការទូត សហភាពអ៊ឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួននៅកម្ពុជា ម្យ៉ាងវិញេទៀត ក៏អាចត្រូវសម្របសម្រួលជាមួយដៃគូផ្សេងៗទៀតផងដែរ រួមមាន៖
- ការត្រួតពិនិ្យ និងថ្កោលទោសភ្លាមៗរាល់ករណីរំលោភបំពានសិទ្ធិសេរីភាពសមាគម ធ្វើឡើងដោយអាជ្ញាធរកម្ពុជា
- គាំទ្រសិទ្ធិសហជីពក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន និងការទទួលបានរបស់ពួកគាត់នូវយុត្តិធម៌ តាមរយៈការជួប្រជុំជាមួយពួកគាត់ជាប្រចាំ ធ្វើអន្តរាគមន៍ករណីបំពារបំពានជាបុគ្គល និងសកម្មភាពប្រឆាំងសហជីពដោយនិយោជក។
- ផ្តល់ការគាំទ្រមូលនិធិសម្រាប់ពួកគាត់អាចទទួលបានយុត្តិធម៌ និងពង្រឹងសកម្មភាពរបស់ពួកគាត់
- ទំនាក់ទំនងជាមួយបណ្តារដ្ឋាភិបាលបរទេសផ្សេងៗទៀតដើម្បីសម្របសម្រួលក្នុងការពង្រឹងសមត្ថភាពសហជីឯករាជ្យទាំងនេះ។
- ត្រូវធានាការអនុវត្តសេចក្តីណែនាំអំពីនិរន្តរភាពសាជីវកម្មរបស់សហភាពអឺរ៉ុប អោយមានការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី សម្រាប់ក្រុមហ៊ុនដែលធ្វើជំនួញនៅសហភាពអ៊ឺរ៉ុប និងមានប្រភពពាណិជ្ជមកពីប្រទេសដូចជាកម្ពុជា។ ច្បាប់គួរមានចែងតម្រូវអោយក្រុមហ៊ុនម៉ាកល្បីៗមានប្រភពនាំចូលពីប្រទេស ដូចកម្ពុជាត្រូវឆ្លងកាត់ការត្រួតពិនិត្យលើការអនុវត្តការបញ្ជាទិញរបស់ខ្លួន និងដាក់អោយទទួលខុសត្រូវសម្រាប់ការខកខានរបស់ពួកគេដើម្បីការពារ និងសងសំណងអំពើរំលោភសិទ្ធិមនុស្សកើតមានក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន ស្របតាមទំនួលខុសត្រូវក្រោមគោលការណ៍ណែនាំស្តីពីការធ្វើជំនួញ និងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក
- អនុម័តជំហររបស់ខ្លួនស្តីពីការកំណត់ខ្នាតគំរូដែលរដ្ឋាភិបាលកម្ពុជាត្រូវអនុវត្តអោយបានក្នុងការដោះស្រាយការរំលោភសិទ្ធិការងារ ដែលរួមមានការបញ្ចប់ការចាប់ខ្លួន ឃុំឃាំង ការធ្វើទុក្ខបុកម្នេញតាមអំពើចិត្ត និងការកាត់ទោសបទព្រហ្មទណ្ឌនូវមេដឹកនាំ និងសមាជិកសហជីព បញ្ឈប់ការប្រើប្រាស់មិនត្រឹមត្រូវនូវដីការតុលាការដើម្បីកំណត់ការធ្វើកូដកម្មរបស់សហជីពថា “ខុសច្បាប់” និងត្រូវធ្វើកំណែទម្រង់ផ្នែកច្បាប់អោយបានត្រឹមត្រូវ។
- ត្រូវចរចាជំហានរួមគ្នាជាមួយសហភាពអ៊ឺរ៉ុប ចក្រភពអង់គ្លេស ប្រទេសជប៉ុន និងបណ្តាទីផ្សារនាំចេញសំខាន់ៗផ្សេងទៀត ដើម្បីបង្កើតបញ្ជីគោលដៅតម្រូវ និងការកំណត់លទ្ធផលត្រូវសម្រេចឱ្យបានជាចាំបាច់សម្រាប់កម្ពុជា ក្នុងការទទួលបានការបង្កើនកូតាសម្រាប់ទីផ្សារនាំចេញទំនិញ។ ជំហានទាំងនោះគួរមានចែងអំពីវិធានការដាក់ពិន័យដែលធ្លាប់អនុវត្តកន្លងមក ឬក្រោមរូបភាស្រដៀងគ្នាទៅនឹងការព្យួរឋានៈទទួលបានការអនុគ្រោះពន្ធរបស់សហភាពអ៊ឺរ៉ុប ដំបូន្មានផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប និងលទ្ធភាពព្យួរសិទ្ធិនេះធ្វើឡើងនាពេលអនាគត ដោយសហរដ្ឋអាមេរិក ពេលមានការពិនិត្យមើលឡើងវិញអំពីឋានៈអនុគ្រោះពន្ធទូទៅរបស់កម្ពុជា ហើយលក្ខខណ្ឌនេះនឹងមិនត្រូវបានលុបចោលរហូតទាល់តែ រដ្ឋាភិបាលកម្ពុជាបានសម្រេចតាមគោលដៅកណត់នេះ។
- លើកទឹកចិត្ត សហភាពអ៊ឺរ៉ុបរក្សាការព្យួរមួយផ្នែកនៃឋានៈអនុគ្រោះពន្ធទូទៅ និងបន្តទំនាក់ទំនងជាមួយកម្ពុជាអំពីការកំណត់លទ្ធផលគោលដៅសំខាន់ៗ។
- ទទូចអោយរដ្ឋាភិបាលចក្រភពអង់គ្លេសដាក់បញ្ចូលឡើងវិញនូវការព្យួរមួយផ្នែកកាលខ្លួននៅជាសមាជិកសហភាពនេះ ហើយដកចេញវិញក្រោយចាកចេញរបស់អង់គ្លេសពីសហភាពអ៊ឺរ៉ុប ធ្វើដូច្នេះ ការព្យួរនូវឋានៈអនុគ្រោះពន្ធរបស់ចក្រភពអង់គ្លេស វាស៊ីសង្វាក់គ្នាជាមួយការព្យួរ ឋានៈអនុគ្រោះពន្ធទូទៅរបស់សហភាពអ៊ឺរ៉ុប និងត្រូវគ្នាទៅនឹងការកំណត់គោលដៅសម្រេចទាំងឡាយខាងលើ។
- ទទួចអោយប្រទេសកាណាដារួមបញ្ចូលការកំណត់គោលដៅសម្រេចលទ្ធផលដូចចែងខាងលើទៅក្នុងរាល់កិច្ចព្រមប្រៀងពាណិជ្ជកម្មពាក់ព័ន្ធប្រទេសកម្ពុជា។
- បន្តទំនាក់ទំនងជាមួយកម្ពុជា ហើយលើកឡើងថា បើរដ្ឋាភិបាលមិនបានដោះស្រាយក្តីកង្វល់ទាក់ទងនឹងសិទ្ធិការងារទេ នៅពេលស្ថាប័នសភាសហរដ្ឋអាមេរិកប្រជុំអនុម័តកម្មវិធីអនុគ្រោះពន្ធទូទៅ ដោយសារការនាំចេញទំនិញរបស់កម្ពុជា តាមរយៈសេចក្តីប្រកាសកាលពី ឆ្នាំ ២០២១ ថានឹងត្រូវពិនិ្យសើរើភ្លាមៗ ក្រោយផុតកំណត់ ដែលនេះអាចនឹងនាំអោយកម្ពុជាបាត់បង់ឋានៈអនុគ្រោះផ្នែកពាណិជ្ជកម្ម។ រដ្ឋាភិបាលសហរដ្ឋអាមេរិកគួរតែប្រាប់កម្ពុជាថា ខ្លួននឹងមិនទទួលបានឋានៈអនុគ្រោះផ្នែកពាណិជ្ជកម្មទេ បើមិនមានការផ្លាស់ប្តូរ និងកំណែទម្រង់សំខាន់ៗទេ។
- ទំនាក់ទំនងទៅរដ្ឋាភិបាលកម្ពុជាថា បើទោះជាមានសកម្មភាពទាំងអស់ផ្សេងៗទៀតក៏ដោយ បើសហរដ្ឋអាមេរិកបានកំណត់ថា រដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តជំហានសំខាន់ៗក្នុងការកែទម្រង់ទេ តំណាងពាណិជ្ជកម្ម នឹងស្នើការស៊ើបអង្កេតការអនុវត្តផ្នែកការងាររបស់កម្ពុជាក្នុងប្រការទី ៣០១ នៃច្បាប់ស្តីពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាដំណើរការអាចធ្វើអោយមានការដាក់ពិន័យបន្ថែមផ្នែកពន្ធគយ លើទំនិញកម្ពុជាទាំងអស់ រួមមានទាំងទំនិញសម្លៀកបំពាក់ ដែលជាទំនិញមួយផ្នែកធំដែលកម្ពុជានាំចេញទៅសហរដ្ឋអាមេរិក។ ក្នុងស្ថានភាពនេះ តំណាងពាណិជ្ជកម្មត្រូវប្រាប់ទៅកម្ពុជាថា ពួកគេនឹងធ្វើការជាមួយស្ថាប័នសភា ដើម្បីធានាថា ការបន្តទទួលបានផលប្រយោជន៍ពីឋានៈអនុគ្រោះពន្ធទូទៅក្នុងរយៈពេលរង់ចាំបច្ចុប្បន្ននឹងមិនអាចទទួលបានត្រឡប់ថយក្រោយទេ។
- ទទួចអោយស្ថាប័នសភា ដាក់បញ្ចូលមាត្រាមួយក្នុងច្បាប់អនុញ្ញាតបន្តឋានៈអនុគ្រោះពន្ធទូទៅឡើង នូវការរាំងខ្ទប់កម្ពុជា និងរដ្ឋាភិបាលផ្សេងទៀតដែលកំពុងពិនិត្យមើលឡើងវិញពីការទទួលបានផលប្រយោជន៍អនុគ្រោះពន្ធត្រឡប់ថយក្រោយ បើទោះជាមានអន្តរាគមន៍ពីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកក៏ដោយ បើពួកគេមិនបានធ្វើអោយសម្រេចតាមការកំណត់គោលដៅសម្រេចដូចលើឡើងខាងលើ។
ចំពោះរារដ្ឋាភិបាលប្រទេសជប៉ុន
- ត្រូវអនុម័តច្បាប់ដែលតម្រូវអោយក្រុមហ៊ុនជប៉ុន ទីភ្នាក់ងាររដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុគាំទ្រដោយរដ្ឋ អនុវត្តការកណត់ត្រួតពិនិត្យផ្នែកសិទ្ធិមនុស្សជាប្រចាំ ទៅលើប្រតិបត្តិការក្នុងស្រុក និងនៅអន្តរជាតិ រួមមាននៅប្រទេសកម្ពុជាផងដែរ។
- ត្រូវធានាថា ជំនួយរដ្ឋាភិបាលជប៉ុនដល់រដ្ឋាភិបាលកម្ពុជា បានភ្ជាប់នូវការអនុលោមតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្ស ហើយបើមានការខកខានមិនបានអនុលោមតាម ជំនួយទាំងនេះនឹងត្រូវពិនិត្យសើរើឡើងវិញ។
- ចាត់វិធានការចាំបាច់ដើម្បីឆ្លើយតបចំពោះរបាយការនៃការប្រើកម្លាំងយ៉ាងលើសលប់ និងមិនចាំបាច់ដោយអាជ្ញាធរកម្ពុជា ក្នុងការបង្ក្រាបកូដកម្មរបស់កម្មករក្រុមហ៊ុន ណាហ្កាវើលដ៍ ហើយចាត់វិធានការរារាំងការប្រើប្រាស់រថយន្តក្រុងដែលជាជំនួយរបស់ទីភ្នាក់ជំនួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន (JICA) ដល់សាលារាជធានីភ្នំពេញក្នុងការដឹកកូដករចេញពីកន្លែងធ្វើកូដកម្មរបស់កម្មករ។
- ត្រូវអំពាវនាអោយរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការរំលោភបំពានសិទ្ធិ សេរីភាពសមាគមនៃមេដឹកនាំសហជីព និងសមាជិករបស់ខ្លួន។
- ថ្កោលទោសជាសាធារណៈដល់រដ្ឋាភិបាលកម្ពុជាដែលមិនយកចិត្តទុកដាក់គោរពសិទ្ធ សេរីភាពសមាគម ការបន្តធ្វើទុក្ខបុកម្នេញសហជីឯករាជ្យ និងការវាយប្រហារសិទ្ធិរបស់ពួកគាត់ក្នុងការធ្វើកូដកម្ម និងការចរចាអនុសញ្ញារួម។
ចំពោះបណ្តាប្រទេសផ្សេងៗទៀត ដែលមានពាណិជ្ជកម្មជាមួយកម្ពុជា រួមមានប្រទេសអាឡឺម៉ង់ កាណាដា ចក្រភពអង់គ្លេស អូស្ត្រាលី និងកូរេខាងត្បូង
- ត្រូវធានាថាគ្រប់កិច្ចព្រមព្រៀងសេដ្ឋកិច្ច ឬការអនុគ្រោះផ្នែកពាណិជ្ជកម្មទាំងអស់ដែលផ្តល់ជូនកម្ពុជា មានភ្ជាប់លក្ខខណ្ឌគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ និងអាចត្រូវដកហូតវិញ បើត្រូវបានរកឃើញថារដ្ឋាភិបាលកម្ពុជាមិនបានអនុលោមតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន
- ត្រូវដាក់ចេញនូវសេចក្តីណែនាំដល់បណ្តាក្រុមហ៊ុនកំពុងធ្វើជំនួញនៅកម្ពុជានូវ ហានិភ័យផ្នែក កេរ្តិ៍ឈ្មោះ សេដ្ឋកិច្ច និងផ្នែកច្បាប់សម្រាប់ការចូលរួមធ្វើជំនួញជាមួយក្រុមហ៊ុននៅកម្ពុជាមានការជាប់ពាក់ពន្ធនឹងការរំលោភសិទ្ធិមនុស្ស។
- អនុម័តច្បាប់សម្រាប់ការអង្កេតក្រុមសាជីវកម្ម ដោយដាក់អោយមានការទទួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានប្រភពដើមពី ឬមានមូលដ្ឋាននៅកម្ពុជា សម្រាប់ការបំពាន ឬខកខានមិនបានរារាំងការរំលោភបំពានសិទ្ធិមនុស្សក្នុងខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួន។
- ត្រូវថ្កោលទោសជាសាធរណៈដល់រដ្ឋាភិបាលកម្ពុជា សម្រាប់ការមិនអើពើលើការគោរពសិទ្ធិសេរីភាពសមាគម ការបន្តធ្វើទុក្ខបុកម្នេញសហជីពឯករាជ្យ និងការវាយប្រហារលើសិទ្ធិធ្វើកូដកម្ម និងការចរចារួមរបស់កម្មករ។
ចំពោះក្រុមហ៊ុនម៉ាកល្បីៗ និងហាងលក់រាយអន្តរជាតិ
- ដាក់សម្ពាធអោយមានកំណែទម្រងច្បាប់បន្ថែមទៀត ជាពិសេសច្បាប់ស្តីពីសហជីព និងចុះបញ្ជីសហជីព ដែលរួមមានទាំងការកាត់បន្ថយលក្ខខណ្ឌកំណត់សម្រាប់ការបង្កើតសហជីព និងការធ្វើវិសោធនកម្មទៅលើលក្ខខណ្ឌតម្រូវអោយមានតំណាងមតិភាគច្រើន និងលក្ខខណ្ឌតម្រូវជាមុន នៃការចុះបញ្ជីសម្រាប់ការចរចាអនុសញ្ញាការងាររួមនៅកម្រិតរោងចក្រ។
ដាក់ចេញនូវការលើកទឹកចិត្តផ្នែកពាណិជ្ជកម្មសម្រាប់អ្នកផ្គត់ផ្គង់ដែលបានគោរពសិទ្ធិសេរីភាពសមាគម និងការចាអនុសញ្ញាការងារួមរបស់កម្មករ និងចាត់ជាអាទិភាពនូវការបង្កើតអោយមានយន្តការដោះស្រាយបណ្តឹងថ្នាក់ជាតិ រួមទាំងកិច្ចព្រមព្រៀងស្របច្បាប់ជាមួយសង្គមស៊ីវិលក្នុងស្រុកដែលអាចទុកចិត្ត និងសហជីពឯករាជ្យ។