Skip to main content

សេចក្ដីថ្លែងការណ៍រួម: សេចក្ដីព្រាងច្បាប់ស្ដីពី សណ្ដាប់ធ្នាប់សាធារណៈ ដែលរំលោភបំពានសិទ្ធិស្រ្តី

ទម្លាក់ចោលសេចក្ដីព្រាងច្បាប់ បញ្ឈប់ការស្តីបន្ទោសជនរងគ្រោះនៃអំពើហិង្សា

យើង​ខ្ញុំជាតំណាងអង្គការ និងសមាគមដែលកំពុងបំពេញបេសកកម្មដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមសម្តែងកង្វល់យ៉ាងខ្លាំងចំពោះមាត្រាជាច្រើនដែលមានចែងនៅក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ (DLPO) ដែលរំលោភបំពានសិទ្ធិស្រ្តី។ យើងខ្ញុំក៏ចូលរួមគាំទ្រសំណើ​ឱ្យទម្លាក់ចោលសេចក្ដីព្រាងច្បាប់នេះដែលបានលើកឡើងនៅក្នុង សេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល​​ ដែលបា​នផ្ញើជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ផងដែរ។ 

          យើងខ្ញុំទទួលស្គាល់ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការវិជ្ជមានមួយចំនួន ដើម្បីដោះស្រាយបញ្ហា​វិសមភាពយេនឌ័រ តាមរយៈការផ្ដួចផ្ដើមគំនិតក្នុងការបង្កើតគោលនយោបាយជាច្រើន រួម​មាន​ ​​ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ដំណាក់កាលទីបី (NAPVAW III) ដែល​នឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ និងផែនការយុទ្ធសាស្ត្រលើកទីប្រាំ ដើម្បីសមភាពយេនឌ័រ ​និងការបង្កើនភាពអង់អាចដល់​ស្ត្រីក្នុងប្រទេសកម្ពុជា (យុទ្ធសាស្ត្រ​នារីរតនៈទីV)។ ទោះជាយ៉ាងនេះក្ដី សេចក្ដីព្រាងច្បាប់នេះ​ បានធ្វើឱ្យពួកយើងមានការខ្វល់ខ្វាយយ៉ាងខ្លាំង ពីផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់នេះ ក្នុងការដាក់ទណ្ឌកម្មស្ត្រីចំពោះការស្លៀកពាក់ និងអាកប្បកិរិយា ដែលត្រូវបានបកស្រាយថាមានការបំពានលើក្រឹត្យក្រមសង្គមដែលមានលក្ខណៈរើសអើងទាក់ទងទៅនឹងការស្លៀកពាក់ និងការប្រព្រឹត្តរបស់ស្រ្តី។

យើងខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនអាចបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសម្រេចឱ្យបានសមភាពយេនឌ័រនោះទេ ខណៈដែល​រាជរដ្ឋាភិបាលនៅតែបន្តបន្ទាបតម្លៃស្រ្តី និងដាក់ទោសទណ្ឌមកលើស្រ្តី ព្រោះតែស្រ្តីមិនប្រតិបត្តិតាមក្រមសីលធម៌ និងស្តង់ដារនៃការស្លៀកពាក់ ដែលមានចរិតបែបអភិរក្សនិយម និងរឹតត្បឹត ក្រោមលេសចោទប្រកាន់ថាស្រ្តីហាក់កំពុងបង្កគ្រោះថ្នាក់ដល់សង្គម ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលក៏មិនអាចដោះស្រាយបញ្ហាអំពើហិង្សាផ្លូវភេទ និងការបៀតបៀនផ្លូវភេទក្នុងសង្គមដែលកំពុងតែមាន​​អត្រា​ដ៏​ខ្ពស់បានដែរ  បើសិនជារាជ​រដ្ឋាភិបាល​មិនមានការលើកកម្ពស់សិទ្ធិអំណាចពេញលេញរបស់ស្ត្រីក្នុងការគ្រប់គ្រងលើរាងកាយ និង​ស្វ័យភាព​ផ្នែក​ផ្លូវភេទ​ដោយស្រ្តី​ខ្លួនឯង មិនថ្កោលទោស និងផ្តន្ទាទោស​ជនប្រព្រឹត្តអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់នោះ។ អនុសាសន៍​ខាងលើនេះ ក៏ត្រូវបានគណៈកម្មាធិការទទួលបន្ទុកអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងលើស្ត្រី (គណៈកម្មាធិការ ស៊ីដ) លើកឡើង​នៅ​ក្នុងសេចក្ដីសង្កេតសន្និដ្ឋានឆ្នាំ ២០១៩ ជាពិសេស​នៅ​ក្នុង​កថាខណ្ឌទី ១១(ង) ទី២៤(ក) និងទី ២៥។ 

សេចក្ដីព្រាងច្បាប់​ដែលត្រូវបានស្នើឡើងនេះ អាចធ្វើឱ្យ​ស្ត្រី​បាត់បង់លទ្ធភាព​ទទួលបានសិទ្ធិរបស់ខ្លួន តាមរូបភាព​ពីរបែបសំខាន់ៗ ៖

          ទីមួយ សេចក្ដីព្រាងច្បាប់នេះ​មានការរឹតត្បិតសិទ្ធិសេរីភាពរបស់ស្រ្តីក្នុងការសម្តែងចេញ និងពង្រឹងផ្នត់គំនិតយេនឌ័រដែលផ្តល់ផលអវិជ្ជមាន។ សេចក្ដីព្រាងច្បាប់នេះ បានបដិសេធសិទ្ធិរបស់ស្ត្រីក្នុងការជ្រើសរើសសម្លៀកបំពាក់ផ្ទាល់ខ្លួន ដោយធ្វើការចោទប្រកាន់នូវជម្រើសនៃសម្លៀកបំពាក់របស់ពួកគេថា "សម្លៀកបំពាក់ដែលបញ្ចេញសាច់" មាន "ផលប៉ះពាល់អវិជ្ជមាន" ដល់ "ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់ជាតិ"។ ថ្វីត្បិតថាសេចក្ដីព្រាង​ច្បាប់នេះក៏បានព្យាយាមដាក់កំហិតលើជម្រើសនៃការស្លៀកពាក់របស់បុរសផងដែរក្ដី វាជាភស្តុតាង​ដែលបង្ហាញពីបរិបទច្បាប់ក្នុងសង្គមកម្ពុជា និងជាពិសេសផ្សាភ្ជាប់ទំនាក់ទំនងជាមួយស្ថានភាពគំរាមកំហែង​ និងការចាប់ខ្លួនស្ត្រីកម្ពុជា ទៅលើការស្លៀកសម្លៀកបំពាក់ដែល​បើក​បង្ហាញរាងកាយ​របស់ពួកគេ នៅក្នុងពេលលក់ផលិតផលតាម​អនឡាញ​នាពេល​ថ្មីៗនេះ ការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ពង្រាងច្បាប់នេះកំណត់គោលដៅលើស្ត្រី ច្រើនជាងបុរស។ សកម្មភាពកាត់ទោសដោយផ្អែកលើការរើសអើងនេះ ក៏បង្ហាញឱ្យឃើញយ៉ាងច្បាស់នូវទង្វើរំលោភបំពានមកលើ​សិទ្ធិ​​សេរីភាពក្នុងការបញ្ចេញមតិរបស់ស្រ្តី ដែលមានចែងក្នុងមាត្រា ៣១ និង៤៥ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកកម្ពុជា និង មាត្រា ២ និងមាត្រា ៥ នៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី (ស៊ីដ) ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន។ សេចក្តីព្រាងច្បាប់នេះ នឹងធ្វើឱ្យឥរិយាបទភេទ ចាក់ឫសកាន់តែជ្រៅនៅក្នុងបទដ្ឋានគតិយុត្តិ ស្តីពីការស្លៀកពាក់ និងការប្រព្រឹត្តរបស់ស្រ្តី ហើយផ្តល់សិទ្ធិដល់អាជ្ញាធរក្នុងការធ្វើគោលនយោបាយដែលរំលោភបំពានលើរូបរាងកាយ និងជម្រើសរបស់ស្រ្តី និងពង្រឹងវប្បធម៌នៃការរើសអើងផ្អែកលើភេទកាន់តែទូលំទូលាយថែមទៀត។ ប្រហាក់ប្រហែលគ្នានេះដែរ សេចក្តីព្រាងច្បាប់នេះ ទំនងជាត្រូវបានយកមកប្រើដោយមិនស្មើភាពគ្នាប្រឆាំងនឹងសហគមន៍​អ្នកស្រលាញ់ភេទដូចគ្នា ជាពិសេសសិល្បករសម្តែង ដែលមានដូចជាអ្នករាំជាបុរសតុបតែងខ្លួនជានារី (ដ្រេកឃ្វីន ) អ្នករបាំសហសម័យ និងតារាបង្ហាញម៉ូត។ 

          ទីពីរ សេចក្ដីព្រាង​ច្បាប់នេះ​ មានការរើសអើងទៅលើក្រុមដែលប្រឈមមុខនឹងហានិភ័យខ្ពស់នៅក្នុងសង្គម ជាពិសេសគឺស្រ្តី។​ សេចក្ដីព្រាង​ច្បាប់នេះដាក់ទោសទណ្ឌចំពោះ​សកម្មភាពក្នុងគ្រួសារ សកម្មភាព​ផ្នែក​សង្គម និងសេដ្ឋកិច្ចមួយចំនួន ដែលភាគច្រើននៃអ្នកទទួលបន្ទុកចម្បងនៃកិច្ចការទាំងនោះនៅក្នុងបរិបទប្រទេសកម្ពុជាគឺជាស្រ្តី។ កម្លាំងពលកម្មនៅក្នុងវិស័យក្រៅប្រព័ន្ធភាគច្រើន ត្រូវបានបង្កើតឡើងដោយស្ត្រី ដែលរួមមានស្ត្រីប្រកបរបរផ្លូវភេទ និងអ្នកលក់ដូរតាមចិញ្ចើមផ្លូវ ដែលវិជ្ជាជីវៈទាំងនេះ នឹងត្រូវហាមឃាត់ និងពិន័យ។ ថ្វីបើសេចក្តីព្រាងច្បាប់នេះមិន​ផ្ដោត​ចំៗ​លើ​ស្ត្រី និង​ក្មេងស្ត្រីក៏ដោយ ​ក្នុងន័យ​នេះសេចក្តីព្រាងច្បាប់នេះនឹងផ្តល់​ផលប៉ះពាល់ជាក់ស្តែង ដោយមិនស្មើភាពគ្នាមកលើស្រ្តី​ច្រើនជាងបុរស ចំពោះលទ្ធភាពក្នុងការទទួលបាន និងប្រើប្រាស់សិទ្ធិមនុសុ្សដោយពេញលេញ ដូចមានចែងក្នុងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសគឺ​អនុសញ្ញាស៊ីដ កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) និងច្បាប់ស្ដីពីការការពារ និងលើកកម្ពស់សិទ្ធិជនពិការ។ 

បន្ថែមពីលើសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាដោយអង្គការសង្គមស៊ីវិលចំនួន ៧៩ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ កន្លងមកនោះ យើងខ្ញុំសូម​លើកឡើងអំពីក្តីបារម្ភជាក់លាក់ដែលទាក់ទងទៅនឹងយេនឌ័រ លើសេចក្តីព្រាងច្បាប់នេះដូចតទៅ៖

មាត្រា ១ ​បញ្ជាក់​ថា ច្បាប់នេះមានគោលបំណង "ធានាការគ្រប់គ្រងណ្តាប់ធ្នាប់សាធារណៈ ឱ្យមានរបៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម ថែរក្សាប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋ"។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ពង្រាងច្បាប់នេះនាំឱ្យមានការរឹតត្បិតលើសេរីភាព​របស់ស្រ្តី ដោយផ្អែកទៅលើ​លក្ខណៈវិនិច្ឆ័យមិនច្បាស់លាស់ដូចជា ទៅលើពាក្យ “ប្រពៃណីជាតិ និង សេច​ក្តីថ្លៃថ្នូរ” “សោភ័ណភាព” “ភាពស្ងប់ស្ងាត់” និង“ស្ថេរភាពសង្គម” មិនមានលក្ខខណ្ឌរឹតត្បិតស្របច្បាប់ណាមួយ ចំពោះសិទ្ធិមនុស្សក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិទេ។

មាត្រា ៩ និង ១១ មិនស្មើភាពគ្នាទៅលើអ្នកប្រកបរបរផ្លូវភេទ និងអ្នកធ្វើការក្នុងគ្រឹះស្ថានសេវាកំសាន្ត ព្រមទាំង​កម្មករនិយោជិតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសអ្នកលក់ដូរ​តាមដងផ្លូវ។ មុខរបរទាំងនេះ ភាគច្រើនគឺជាមុខរបររបស់ស្ត្រី ដែលត្រូវប្រើប្រាស់ទីសាធារណៈដើម្បីរកចំណូល។​​ ការរឹតបន្តឹងដូចដែលបានចែងឡើងក្នុងសេចក្ដីព្រាងច្បាប់នេះ​ នឹងរឹតបន្ដឹងយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិប្រកបការងាររបស់ស្ត្រីទាំងនោះ។ បន្ថែមលើនេះទៀត សេចក្តីព្រាងច្បាប់នេះនឹងផ្ដល់អំណាចដល់អាជ្ញាធរមូលដ្ឋានក្នុងការរឹបអូសជាបណ្ដោះអាសន្ននូវសម្ភារៈ ឬភស្តុតាងពាក់ព័ន្ធជាមួយបទល្មើស ប្រសិនបើបុគ្គលល្មើស​មិនអាចបង់ប្រាក់ពិន័យ ឬអវត្តមាន ឬមិនអាចកែតម្រូវបញ្ហាបាន។ មាត្រាទាំងនេះ ក៏ដាក់បន្ទុកក្នុង​ការរក្សាសណ្ដាប់ធ្នាប់​មកលើពលរដ្ឋជាបុគ្គល ជំនួសឱ្យមានការទាមទារក្នុងការបំពេញការទទួលខុសត្រូវរបស់រដ្ឋាភិបាល ដោយផ្តល់ឱ្យបានគ្រប់គ្រាន់នូវសុវត្ថិភាព បង្គន់អនាម័យដែលមានគុណភាពល្អ ធុងសំរាម និងបុគ្គលិក/អ្នកជាប់កិច្ចសន្យាគ្រប់គ្រាន់ដើម្បីសម្អាតទីសាធារណៈ និងប្រមូលសំរាម។ 

មាត្រា ១៦ មានអានុភាពបង្កគ្រោះថ្នាក់បន្ថែមទៀតដល់អ្នករងគ្រោះពីអំពើហិង្សាក្នុងគ្រួសារ ដោយបង្ករឱ្យកាន់តែលំបាកក្នុងការស្វែងរកជំនួយ ហើយមានទោសទៅវិញ។ បទបញ្ញត្តិនេះបានចែងចំពោះការប្រើពាក្យ​
សម្តីឮ សំឡេងខ្លាំង  ឬការស្រែកឡូឡា ថាជាបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ និងកំណត់និយមន័យ
"ទីសាធារណៈ" យ៉ាងទូលាយដោយរួមបញ្ចូលទាំងផ្ទះឯកជនផងដែរ ប្រសិនបើសំឡេងនៅខាងក្នុងផ្ទះអាចឱ្យគេឮពីខាងក្រៅបាន។ ការចែងបែបនេះបង្កជាហានិភ័យ ដែលអាជ្ញាធរអាចចាត់ថ្នាក់សំឡេងច្រឡំចំពោះការស្រែករកជំនួយ ឬស្រែកតតាំងនឹងជនប្រព្រឹត្តបទល្មើស ថាជាបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ជំនួសឱ្យជាអំពើហិង្សាក្នុងគ្រួសារដូចមានចែងនៅក្រោមច្បាប់ស្ដីពីការទប់ស្កាត់​អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។ ការណ៍នេះក៏អាចបង្ករគ្រោះភ័យដល់ស្រ្តីដែលធ្លាប់ទទួលរងនូវអំពើហិង្សា ហើយស្វែងរកជំនួយ ពីព្រោះ ប៉ូលីសអាចលើកឡើងពីហេតុផលច្បាប់ក្នុងការដាក់ទោសពួកគេទៅវិញ ចំពោះការបំពានលើច្បាប់ស្តីពី សណ្តាប់ធ្នាប់សារធារណៈនេះ ដោយមិនមានការដោះស្រាយលើករណីអំពើហិង្សា ដែលក្រុមស្រ្តីកំពុងជួបប្រទះឡើយ។​

មាត្រា ២០ ហាមឃាត់ "ការចូលទៅក្នុងផ្ទះជនដទៃ អគារ ស្ថាប័នសាធារណៈ និងស្ថាប័នឯកជនដោយប្រើឧបករណ៍បិទបាំងមុខ ដែលមិនអាចកំណត់អត្តសញ្ញាណបាន។ ចំណុចនេះ មិនត្រឹមតែអាចបំពានសិទ្ធិស្ត្រីដែលពាក់ក្រណាត់​រុំមុខដើម្បីឱ្យត្រូវតាមជំនឿសាសនារបស់ខ្លួនតែ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កហានិភ័យ​ផ្នែកសុខភាពសាធារណៈបន្ថែមទៀត តាមរយៈការហាមឃាត់ការពាក់ម៉ាសនៅក្នុងអំឡុងពេលជំងឺកូវីដ១៩ នេះផងដែរ។

មាត្រា ២៥ មិនត្រឹមតែរើសអើងអ្នកមានពិការភាពផ្នែក​សតិបញ្ញាតែប៉ុណ្ណោះទេ ប៉ុន្តែក៏មានផលប៉ះពាល់ដោយមិនស្មើភាពមកលើស្ត្រី ដោយនៅ​ក្នុងប្រទេសកម្ពុជា ស្ត្រីជាអ្នកទទួលខុសត្រូវផ្ដល់ការថែទាំចម្បងដល់អ្នកមានពិការភាព តាមរយៈការទាមទារឱ្យពួកគេត្រូវរារាំងមិនឱ្យអ្នកមានពិការភាពផ្នែកសតិបញ្ញាអាចដើរហើរបានដោយសេរី។ 

មាត្រា ២៩ អាចប៉ះពាល់ដល់ស្ត្រី និងកុមារដែលត្រូវរស់នៅក្នុងបរិវេណការដ្ឋានសំណង់ ប្រសិនបើច្បាប់ដាច់ដោយឡែកមួយទៀតស្ដីពីការគ្រប់គ្រងសំណង់ ខកខានមិនបានពិចារណាឱ្យបានត្រឹមត្រូវ អំពីការផ្ដល់លំនៅដ្ឋាន​ចាំបាច់សម្រាប់ស្ត្រី និងកុមារនៅការដា្ឋនសំណង់។ 

មាត្រា ៣៦ ហាមឃាត់បុរសដោះអាវក្នុងទីសាធារណៈ និងហាមឃាត់ស្ត្រីស្លៀកសម្លៀកបំពាក់ “ខើចលើខើចក្រោម” ឬ “ស្តើងអាចមើលឃើញ ឬបង្ហាញផ្នែកខ្លះនៃកេរ្តិ៍ភេទ” ។ បទបញ្ញត្តិនេះរំលោភលើសិទ្ធិសេរីភាពក្នុងការសម្តែងចេញរបស់ស្ត្រី ធ្វើឱ្យប៉ះពាល់ដល់ស្វ័យភាពផ្ទាល់ខ្លួន និងធ្វើឱ្យមានការរើសអើងប្រឆាំងនឹងស្ត្រីដែលបានប្រឈមនឹងផ្នត់គំនិតយេនឌ័រ និងបទដ្ឋានសង្គមបែបអវិជ្ជមានដែលចាក់ឫសជ្រៅក្នុងសង្គម។ រាជ
រដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចត្រូវគោរព ការពារ និងធានាសិទ្ធិបុគ្គលគ្រប់រូបទាំងអស់ក្នុងការស្ដែងចេញនូវអត្តសញ្ញាណរបស់ខ្លួន និងចាំបាច់ត្រូវបង្កើតបរិយាកាសដែលជនគ្រប់រូបអាចធ្វើការជ្រើសរើសអំពីការស្លៀកពាក់របស់ខ្លួនដោយសេរី ដោយគ្មានការបង្ខិតបង្ខំ។ ការបកស្រាយរបស់រដ្ឋអំពីសាសនា វប្បធម៌ ឬប្រពៃណីពុំអាចបង្ហាញពីភាពត្រឹមត្រូវក្នុងការបង្កើតឱ្យមានវិធានការច្បាប់ស្ដីពីការស្លៀកពាក់មកលើអ្នកដែលជ្រើសរើសយកការស្លៀកពាក់ខុសប្លែក​ពីជនដទៃនោះឡើយ មិនថានៅក្រៅប្រព័ន្ធអ៊ីនធឺណិត ឬនៅតាមអនឡាញក្ដី។[1] ស្រ្តីនៅកម្ពុជាប្រឈមមុខនឹងការគម្រាមកំហែងជាញឹកញាប់ និងការដាក់ពន្ធនាគារដោយសារតែជម្រើសនៃសម្លៀកបំពាក់របស់ពួកគេ។ ឧទាហរណ៍ ជារឿយៗតែង​មាន​ការ​ស្ដីបន្ទោស​មក​លើអ្នករងគ្រោះពីអំពើបៀតបៀន និងអំពើរំលោភសេពសន្ថវៈ​ថាបាន “ទាក់ទាញ” ជនប្រព្រឹត្ត តាមរយៈការស្លៀកពាក់ ឬទង្វើរបស់ខ្លួន ហើយមានការផ្ដោតការយកចិត្តទុកដាក់តិចតួចលើការដាក់ទណ្ឌកម្មជនប្រព្រឹត្តអំពើបៀតបៀនផ្លូវភេទតាមដងផ្លូវ ឬអំពើហិង្សាផ្លូវភេទប្រឆាំងស្ត្រី និងក្មេងស្រី។ សេចក្តីព្រាងច្បាប់នេះអាចបង្កើតនូវទស្សនៈខុសឆ្គងស្ដីពីបុព្វហេតុឫសគល់នៃអំពើហិង្សាប្រឆាំងស្ត្រី និងក្មេងស្រីនៅក្នុងប្រទេសកម្ពុជា ។

 ជាងនេះទៅទៀត ​មាត្រា ៣៦ នេះគឺមិនចាំបាច់​ទាល់តែសោះ ពីព្រោះក្រមព្រហ្មទណ្ឌរបស់ប្រទេស  កម្ពុជា បានដាក់ទោស " ការបង្ហាញកេរ្តិ៍ភេទនៅក្នុង​ទីសាធារណៈ" រួចមកហើយ (​នៅក្នុងមាត្រា ២៤៩)។ ជាចុងក្រោយ មាត្រា ៣៦ នេះមិនបានកំណត់លក្ខខណ្ឌនៃកម្មវត្ថុ នៅក្នុងសេចក្តីព្រាងនេះទេ ដែលអាចជាចន្លោះប្រហោងក្នុងការអនុវត្តដោយមិនស្មើភាពគ្នា និងនាំឱ្យមានអំពើពុករលួយក្នុងការអនុវត្តច្បាប់។

មាត្រា ៣៧ រឹតត្បិតសេរីភាពក្នុងការសម្តែងចេញ ទាំងតាមប្រព័ន្ធអ៊ីនធឺណេត និងក្រៅប្រព័ន្ធអ៊ីនធឺណេត និងពង្រីកអំណាចរបស់អាជ្ញាធរក្នុងការគ្រប់គ្រងប្រព័ន្ធទំនាក់ទំនងសង្គមរបស់ស្ត្រី និងស្រ្តីអ្នកប្តូរភេទដែលអាជ្ញាធរ​បានផ្តន្ទាទោសរួចទៅហើយចំពោះការលក់ផលិតផលតាមអ៊ីនធឺណេត ដោយផ្អែកលើការចោទប្រកាន់ថាបានបង្ហាញភាពសិចស៊ីជ្រុលដែលអាចបង្កឱ្យមានការស្រើបស្រាលផ្លូវភេទ។

ជារួមនៃសេចក្តីថ្លែងការណ៍នេះ យើងខ្ញុំស្នើសូមយ៉ាងទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជារក្សាកាតព្វកិច្ចរបស់រដ្ឋទៅតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិទាំងអស់ នៅក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ មាត្រា ៥ នៃអនុសញ្ញាស៊ីដ បានទាមទារឱ្យប្រទេសកម្ពុជាត្រូវតែចាត់វិធានការសមស្របទាំងអស់ ដើម្បីកែសម្រួលទម្រង់អាកប្បកិរិយាផ្នែកសង្គម និងផ្នែកវប្បធម៌របស់បុរស និងស្ត្រីក្នុងបំណងសម្រេចឱ្យបាននូវការលុបបំបាត់
បុរេនិច្ឆ័យ និងទំនៀមទម្លាប់ ព្រមទាំងការអនុវត្តទាំងអស់ដទៃទៀតដែលផ្អែកលើគំនិតប្រកាន់ភាពតូចទាបជាង ឬប្រកាន់ភាពខ្ពង់ខ្ពស់ជាងរបស់ភេទណាមួយ ឬការប្រកាន់តួនាទីតាមផ្នត់គំនិតចាស់គំរឹលសម្រាប់ស្ត្រី និងបុរស។ យើងខ្ញុំសូមអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាអនុវត្ត សេចក្ដីសង្កេតសន្និដ្ឋានឆ្នាំ២០១៩ របស់
គណៈកម្មាធិការស៊ីដ រួមមានវាក្យខណ្ឌ ១១(គ) ២៤(ក) និង២៥ ដែលទាមទារឱ្យរាជរដ្ឋាភិបាលត្រូវ "វាយ​តម្លៃ​​ជា​លក្ខណៈ​ប្រព័ន្ធទៅលើ​ផល​ប៉ះពាល់នៃវិ​ធាន​ការ​នានា ​ដែល​បានដាក់ចេញ ​ដើម្បី​ប្រ​យុទ្ធ​​ប្រ​​ឆាំង​នឹង​អំពើហិង្សា​ផ្អែក​លើ​យេនឌ័រទៅ​​ស្ត្រី​​ និង​ក្មេង​ស្រី​ និងបន្ត​ស្វែង​រក ​និងដាក់ចេញ​នូវ​វិធី​សាស្ត្រថ្មីៗ ដើម្បី​ដោះ​ស្រាយ​នូវឬស​គល់​អំពើ​ហិង្សា​ផ្អែក​លើ​យេន​ឌ័រ​ប្រ​ឆាំង​ស្ត្រី​ និង​ក្មេង​ស្រី" បន្ថែមលើនេះទៀត នៅក្នុង​សេចក្ដីសង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការស៊ីដ ត្រង់កថាខណ្ឌ ៩(ខ) បានផ្ដល់អនុសាសន៍មករាជរដ្ឋាភិបាលកម្ពុជាថា "ត្រូវធ្វើការវាយតម្លៃប៉ាន់ប្រមាណផលប៉ះពាល់យេនឌ័រជាលក្ខណៈប្រព័ន្ធ នៅពេល​​អនុម័ត ធ្វើវិសោធនកម្មច្បាប់នានា និងធានាថាការធ្វើវិសោធនកម្មច្បាប់ទាំងនោះ នឹងជួយលើកកម្ពស់ និងការពារសិទ្ធិស្ត្រី " ។ ខ្លឹមសារនៃសេចចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សារធារណៈ បច្ចុប្បន្ននេះ បានបង្ហាញឱ្យឃើញថារាជរដ្ឋាភិបាល កម្ពុជា បរាជ័យក្នុងការវាយតម្លៃពីផលប៉ះពាល់អវិជ្ជមានដែលអាចមានមកលើស្ត្រី ហើយធ្វើឱ្យមានការថយចុះ និងប៉ះពាល់ធ្ងន់ធរចំពោះការប្រើប្រាស់សិទ្ធិស្រ្តី ដែលផ្ទុយទៅនឹងកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអនុសញ្ញា ស៊ីដ។

យើងខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យទម្លាក់ចោលនូវសេចក្ដីព្រាងច្បាប់ស្ដីពី សណ្ដាប់ធ្នាប់សាធារណៈ នេះទាំងស្រុង និងជាបន្ទាន់។  ផ្ទុយទៅវិញរាជរដ្ឋាភិបាលគួរតែចាត់ទុកជាអាទិភាពបន្ទាន់ដើម្បីដោះស្រាយរាល់ទម្រង់នៃការរើសអើងយេនឌ័រ រួមមានអំពើហិង្សាផ្អែកលើយេនឌ័រ និងការរើសអើងក្នុងប្រព័ន្ធអប់រំ ការចូលរួមផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយតាមរយៈ កំណែទម្រង់ច្បាប់ និងការផ្លាស់ប្តូរគោល នយោបាយ។

សេចក្តីថ្លែងការណ៍រួម​នេះ​គាំទ្រ​ដោយ៖

១)​ អង្គការអាក់សិនអេតកម្ពុជា

២) អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ

៣) ក្រុមការងារដើម្បីដោះស្រាយទំនាស់

៤) អង្គការលើកលែងទោសអន្តរជាតិ

៥) សមាគមអ្នកបម្រើការងារតាមផ្ទះ

៦) សមាគមគាំពារស្ត្រីងាយរងគ្រោះ

៧) អង្គការបន្ទាយស្រី

៨) អង្គការអភិវឌ្ឍន៍សំលេងសហគមន៍

៩) មជ្ឈមណ្ឌលកម្ពុជាដើម្បីព័ត៌មានឯករាជ្យ

១០) មជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ

១១) អង្គការសម្ពន្ធសិទិ្ធកុមារកម្ពុជា

១២) បណ្ដាញយុវជនកម្ពុជា

១៣) អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ

១៤) សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា

១៥) សហភាពការងារកម្ពុជា

១៦) ក្រុមអនាគតយុវជនកម្ពុជាអាស៊ាន

១៧) មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា

១៨) មជ្ឍមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា

១៩) គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា (ខុម​ហ្វ្រែល)

២០) ហ្វាន់ដាស៊ាន់ អាឡូឡា

២១) អង្គការយេនឌ័រ​ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា

២២) អង្គការឃ្លាំមើលសិទ្ធិមនុស្ស

២៣) សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

២៤) ទីភ្នាក់ងារអភិវឌ្ឍន៍ស្ត្រីអន្តរជាតិ

២៥) សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍

២៦) អង្គការ ក្លាហាន

២៧) ក្រុមសន្សំប្រាក់នារី

២៨) អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី

២៩) អង្គការការពារសិទ្ធិជនជាតិភាគតិច

៣០) ផ្លេនេត អង់ហ្វង់ ឌីវេឡុបមិន

៣១) អង្គការសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់)

៣២) សានវូមិនអាក់សិនណេតវើក

៣៣) អង្គការស្ត្រីតាអាង

៣៤) សមាគមន៍វេសអារីអារីរ៉ូកូតានីកេនី

៣៥) អង្គការនារីដើម្បីសន្តិភាព

៣៦) អង្គការចំរើនស្រ្តី

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country