Skip to main content

ប្រទេសកម្ពុជា

Events of 2024

សកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី ត្រូវប៉ូលីស្តិ៍ចាប់គ្រៀក ក្រោយការប្រកាសសាលក្រម រកឃើញកំហុស ក្នុងសាវនាការព្រហ្មទណ្ឌប្រឆាំងសកម្មជនមាតាធម្មជាតិចំនួន ១០រូប នៅសាលាដំបូងរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី ២ កក្កដា ឆ្នាំ ២០២៤។ រូបថត 

© 2024 AP Photo/Heng Sinith ដោយ ហេងស៊ីនិត។

កាលពីឆ្នាំ ២០២៣ លោក ហ៊ុន សែន ដែលកាន់តំណែងជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ ១៩៨៥ មក បានរៀបចំការផ្ទេរតំណែងនាយករដ្ឋមន្ត្រីនេះ ទៅកូនប្រុសលោក គឺលោក ហ៊ុន ម៉ាណែត។ ប្រទេសកម្ពុជា នៅតែជារដ្ឋឯកបក្ស ដែលមានការបោះឆ្នោតដែលគេអាចគ្រប់គ្រង និងមានការកំណត់លទ្ធផលជាមុន និងគ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងគ្រប់គ្រងស្ថាប័នរដ្ឋទាំងអស់ រួមទាំងស្ថាប័នតុលាការផងដែរ។ រដ្ឋាភិបាលកម្ពុជា បន្តធ្វើទុក្ខបុកម្នេញ និងកាត់ទោសអ្នកហ៊ានរិះគន់ខ្លួន រួមទាំងអ្នកដែលកំពុងរស់នៅក្រៅប្រទេស​ ផងដែរ។ រដ្ឋាភិបាល ក៏រឹតត្បិតយ៉ាងតឹងរ៉ឹងនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី។

ការបោះឆ្នោតដែលមានគុណវិបត្តិ

អំឡុងពេលខិតជិតមកដល់ការបោះឆ្នោត ព្រឹទ្ធសភា នាខែកុម្ភៈ អាជ្ញាធរកម្ពុជា កាល់ពីខែមករា បានចាប់ខ្លួនមន្ត្រី និងសមាជិកបក្សប្រឆាំងចំនួន បួននាក់។ អ្នកនយោបាយបក្សប្រឆាំងទាំងនោះ ត្រូវគេរាយការណ៍ថា ទទួលរងនូវការបំភិតបំភ័យ និងគំរាមកំហែង បូករួមនឹងការសូកប៉ាន់ និងការទាក់ទាញខុសច្បាប់ផ្សេងៗទៀតពីសំណាក់មន្ត្រីរាជរដ្ឋាភិបាល ដើម្បីអោយពួកគេដកការគាំទ្រជាបេក្ខភាពពីបក្សប្រឆាំង។ ក្រោយការបោះឆ្នោត សមាជិកព្រឹទ្ធសភា បានបោះឆ្នោតអនុម័ត​លោក ហ៊ុន សែន ដែលនៅរក្សាតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា អោយកាន់តំណែងជាប្រធានព្រឹទ្ធសភាជាតិនៃកម្ពុជា។

នៅខែមេសា អាជ្ញាធរបានចាប់ខ្លួនសកម្មជនបក្សប្រឆាំងចំនួន ប្រាំមួយរូប ក្រោមបទចោទគ្មានមូលដ្ឋាន ទាក់ទងនឹងការរៀបចំ​បញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់បោះឆ្នោត ឃុំ សង្កាត់របស់ប្រទេសកម្ពុជានាខែឧសភា។ លោក រ៉ុង ឈុន ទីប្រឹក្សារបស់ ”គណបក្សអំណាចជាតិ”​ ប្រឈម ទោសជាប់ពន្ធធនាគាររហូត ប្រាំមួយឆ្នាំ បើតុលាការរកឃើញទោសកំហុសពីបទចោទប្រកាន់មានចរិត នយោបាយ។

មិនមានកំណែទម្រង់ទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសន្យាពង្រឹងប្រជាធិបតេយ្យ និងនីតិរដ្ឋ ប៉ុន្តែ រដ្ឋាភិបាល​របស់លោកនៅរក្សាការរឹតបន្តឹងសេរីភាពជាមូលដ្ឋានគ្រឹះ បង្កើនការចោទប្រកាន់ក្រុមប្រឆាំង និងបង្កើនការកាត់ទោសព្រហ្មទណ្ឌប្រឆាំងនឹងការហ៊ានតវ៉ាដោយសន្តិវិធីនៅឆ្នាំ ២០២៤។

នាខែឧសភា តំណាងកម្ពុជាបានចូលរួមប្រជុំនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ សម្រាប់ការពិនិត្យមើលជាប្រចាំនូវ កំណត់ត្រាសិទ្ធមនុស្សជាសកលលើកទីបួនរបស់​ខ្លួន។ តាំងពីការពិនិត្យមើលចុងក្រោយនាឆ្នាំ ២០១៩ រៀងមក រាជរដ្ឋាភិបាលខកខាន​មិនបានធ្វើឱ្យប្រសើរឡើងនូវបណ្តាអនុសាសន៍ទាំងឡាយដែលខ្លួនទទួលយកមកកែលម្អទេ។ ផ្ទុយពីនេះ រដ្ឋាភិបាលថែមទាំងបន្តធ្វើទុក្ខបុកម្នេញអ្នកហ៊ានរិះគន់ សូម្បីនៅក្នុងខែដែលខិតជិត ដល់ពេលវេលា នៃការពិនិត្យមើលកំណត់ត្រាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិក៏ដោយ។

នៅក្នុងសុន្ទរកថាបិទបញ្ចប់បេសកកម្មរបស់លោក នាខែកក្កដា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានទទួលយកមកអនុវត្ត នូវអនុសាសន៍ដែលត្រូវការជាចាំបាច់ ជាច្រើនពីការពិនិត្យមើលនេះ ដើម្បីធ្វើការកែទម្រង់ទេ។ “ជាក់ស្តែង អនុសាសន៍សម្រាប់ ការបើកលំហសង្គមស៊ីវិល និងនយោបាយ និងការ​ដោះលែងអ្នកទោសនយោបាយ/សកម្មជនសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ”។

ការគំរាមកំហែង និងចាប់ខ្លួនក្រុមអ្នកប្រឆាំង

អាជ្ញាធរ នៅបន្តដាក់គោលដៅចំពោះអ្នកនយោបាយ និងសកម្មជនប្រឆាំងទាំងនៅក្នុងប្រទេស និងនៅប្រទេសថៃទាំងឡាយណាដែលហ៊ានតស៊ូមតិដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ក្នុងកាលៈទេសៈជាច្រើន លោក ហ៊ុន សែន បានបញ្ចេញការគំរាមជាសាធារណៈប្រឆាំង ដល់អ្នកទាំងឡាយណាដែលហ៊ានរិះគន់គណបក្សប្រជាជនកម្ពុជា។

នៅខែ មករា សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបដិសេធន៍ សំណើសុំពិនិត្យមើលឡើងវិញ ស្តីពីការឃុំខ្លួនក្នុងគេហដ្ឋានរបស់ អតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដែលជាការចាប់ផ្តើម បណ្ដឹងឧទ្ធរណ៍របស់លោកប្រឆាំងសាលក្រមក្បត់ជាតិ។ មុនចេញសាលក្រមទោសកំហុសនៅឆ្នាំ ២០២៣ លោក កឹម សុខា ត្រូវបានឃុំខ្លួន និងរង់ចាំកាត់ក្តីអស់រយៈពេល ពីរឆ្នាំ ដែលអំពើនេះ ត្រូវបានក្រុមការងាររបស់អង្គការសហប្រជាជាតិ ស្តីពីការឃុំខ្លួនតាមអំពើចិត្ត ចាត់ទុកថាជាការ​ “បំពាន” និង “មានចរិតនយោបាយ”។ អ្នកជំនាញខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិមួយក្រុមក៏បានលើកឡើងផងដែរថា “គេមានមូលដ្ឋានយ៉ាងរឹងមាំ ដើម្បីជឿថា បទចោទ ក្បត់ជាតិ ប្រឆាំងលោក កឹម សុខា ជាបទចោទមានលក្ខណៈនយោបាយ”។ បណ្តឹងឧទ្ធរណ៍របស់ លោក កឹម សុខា នៅមិនទាន់មានវឌ្ឍនភាពនៅឡើយទេ រហូតមកដល់សរសេររបាយការណ៍នេះ។

ចាប់តាំងពីខែឧសភាមក យ៉ាងហោចណាស់សមាជិកគណបក្សប្រឆាំងដ៏គួរឱ្យកត់សម្គាល់ចំនួន១១នាក់ មកពីគណបក្សនយោបាយប្រឆាំងធំៗទាំងបី ត្រូវបានចោទប្រកាន់ កាត់ទោស ឬការ ផ្តន្ទាទោសរបស់ពួកគាត់ ត្រូវរក្សាដោយតុលាការកំពូល ក្រោមហេតុផលនយោបាយ ក្នុងនោះរួមមាន ស៊ុន ចន្ធី ពូ សុវណ្ណថា សៀម ភ្លុក ទាវ វ័នណុល អ៊ុក សុវណ្ណឆន តុក ដារា បួន សារ៉ុម ជៀម សាវឿន ថាច់ សេដ្ឋា មើ សេងហូ និង រ៉ុង ឈុន។

នៅខែកុម្ភៈ នគរបាលថៃ បានចាប់ខ្លួន សកម្មជនបក្សប្រឆាំងចំនួន បីរូបនៅទីក្រុងបាងកក រួមមាន ឆន សុខឿន ឆន ចាន់នី និង ភាព ចាន់សុផេន។ ការចាប់ខ្លួនទាំងនេះ ធ្វើឡើងមុនទស្សនៈកិច្ច របស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅប្រទេសថៃ។ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសំដែងការដឹងគុណជាខ្លាំង ដល់នាយករដ្ឋមន្ត្រីថៃនាពេលនោះ គឺលោកនាយករដ្ឋមន្ត្រី ស៊្រីថា ថាវីស៊ីន សម្រាប់ការប្តេជ្ញាចិត្តមិនអនុញ្ញាតអោយជនល្មើសណា “ធ្វើសកម្មភាពគ្រោះថ្នាក់” ណាមួយប្រឆាំងប្រទេសជិត​ខាងខ្លួន។

ក្នុងខែដដែល អាជ្ញាធរថៃបានឃុំខ្លួនអតីតសមាជិកបក្សភ្លើងទៀន៣នាក់ គឺលោក គង់ រីយ៉ា ផន ផាន់ណា និង ឡឹម សុខា ដែលអ្នកទាំងនេះ បានរត់គេចខ្លួនទៅកាន់ប្រទេសថៃ ពីការរកចាប់ខ្លួន ដោយហេតុផលនយោបាយ។ រាជរដ្ឋាភិបាលកម្ពុជា បានប៉ុនប៉ងម្តងហើយម្តងទៀត ក្នុងការបំបិទសំឡេង និងគំរាមកំហែងអ្នករិះគន់ និងក្រុមអ្នកប្រឆាំងរស់នៅក្រៅប្រទេស ដូចជាប្រទេសថៃ និងប្រទេសជប៉ុន។

 

ការធ្វើទុក្ខបុកម្នេញ និងកំណត់គោលដៅបង្រ្កាបមេដឹកនាំសហជីព​ និងសកម្មជនការងារ

ក្រុមសហជីពដែលមាននិន្នាការស្និតជាមួយ រដ្ឋាភិបាលកម្ពុជា បានវាយប្រហារ និងគំរាមចាត់វិធានការផ្លូវច្បាប់ ប្រឆាំងអង្គការធ្វើការងារខាងសិទ្ធិការងារ “មជ្ឈមណ្ឌលសម្ព័នភាពការងារ និងសិទ្ធិមនុស្ស”​ សង់ត្រាល់ និងថ្នាក់ដឹកនាំអង្គការនេះ ក្រោយពីពួកគេ បានចេញរបាយការណ៍ស្តីពីការបំពានលើសេរីភាពជួបជុំ នៅកម្ពុជា។ នៅខែ កញ្ញា មានក្រុមអ្នកបញ្ជាទិញទំនិញសម្លៀក បំពាក់ ស្បែកជើង និងសំភារៈធ្វើដំណើរ ពីប្រទេសកម្ពុជា ចំនួន ១៨ ស្ថាប័ន បានចេញសេចក្តីថ្លែងការ ទទូចដល់រដ្ឋាភិបាលកម្ពុជា “ក្នុងលក្ខខណ្ឌដ៏ខ្លាំងបំផុត” ឱ្យលុបចោលជាបន្ទាន់នូវការធ្វើសវនកម្មលើអង្គការ CENTRAL ដឹកនាំដោយក្រសួងមហាផ្ទៃ។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្កាវើលដ៍ ត្រូវបានដោះពីពន្ធនាគារនៅខែ កញ្ញា ក្រោយបញ្ចប់ការអនុវត្តទោសនៅក្នុងពន្ធនាគារពេញ រយៈពេល ពីរឆ្នាំ ក្រោមបទចោទញុះញង់។ ការចោទប្រកាន់មានលក្ខណៈនយោបាយនេះ កើតមានឡើង ក្រោយពីកញ្ញា ស៊ីថរ និងការងារសហជីពរបស់នាង បានការពារសិទ្ធិកម្មករ។

ការរឹតបន្តឹង សេរីភាពបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយ

អាជ្ញាធរបានចាប់ខ្លួនដោយបំពាន មនុស្ស យ៉ាងហោចណាស់ចំនួន ៩៤ នាក់កាលពីចុងខែកក្កដា ដោយសារតែពួកគេបានរិះគន់ជាសាធារណៈដល់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ដែលគម្រោងអភិវឌ្ឍន៍នេះរៀបចំឡើងរួមគ្នារវាងប្រទេសទាំងបីកាលពីឆ្នាំ ២០០៤ ក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការផ្នែកជំនួញ និងការឆ្លងដែន។ យ៉ាងហោចណាស់នៅមានមនុស្សចំនួន ៥៩ នាក់ដែលស្ថិតក្នុងការឃុំខ្លួនខុសច្បាប់ និងរងនូវបទចោទទាំង​បំពាន ដោយហេតុតែបានសម្តែងមតិរបស់ខ្លួនដោយសន្តិវធី។

នៅខែ កញ្ញា អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានអំពាវនាវអោយមានការព្យួរទុក ក្រមវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងបានសម្តែងក្តីបារម្ភអំពីវិសាលភាពនៃការអនុវត្តក្រមនេះ ថាមិនបានជួយដោះស្រាយចំពោះអ្នកសារព័ត៌មាន ពេលពួកគេមានកំហុសលើការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួននោះទេ។ ក្រមសារព័ត៌មាន ក៏មានបញ្ចូលប្រការមួយចំនួនដែលមិនច្បាស់លាស់ អាចអោយគេប្រើប្រាស់ ដើម្បីបកស្រាយដោយអយុត្តិធម៌ ក្នុងការរឹតត្បឹតសេរីភាពនៃការបញ្ចេញមតិ និងការរិះគន់ធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។

នៅខែ កញ្ញា អាជ្ញាធរកម្ពុជា បានចាប់ខ្លួន និងចោទប្រកាន់លោក មេច ដារា អ្នកកាសែតទទួលបានពានរង្វាន់អ្នកកាសែតឆ្នើម ជាការសងសឹងជាក់ស្តែងចំពោះការធ្វើរបាយការណ៍ ស៊ើបអង្កេតរបស់លោក ចំពោះការពាក់ព័ន្ធរបស់មន្ត្រីរដ្ឋាភិបាលមួយចំនួន ក្នុងការជួញដូរមនុស្ស និងឧក្រិដ្ឋ កម្មតាមប្រព័ន្ធអ៊ឺនធឺណិត។ លោក ដារា ក្រោយមកត្រូវបានដោះលែងអោយនៅក្រៅឃុំ ក្រោយមានការរិះគន់ពីអន្តរជាតិទាក់ទងនឹងករណីរបស់គាត់ និងក្រោយពីបានបង្ខុំអោយសុំទោស និងទទួលស្គាល់ថាមានកំហុសចំពោះការចោទប្រកាន់នេះ។

សិទ្ធិជនជាតិដើមភាគតិច និងអ្នកការពារបរិស្ថាន

សហគមន៍ជនជាតិដើមភាគតិច នៅកម្ពុជា បានតស៊ូយ៉ាងស្វិតស្វាញដើម្បីអោយគេទទួលស្គាល់ និងមានសិទ្ធិកាន់កាប់ដីធ្លីជាសមូហភាព ដោយសារដំណើរការ និងនីតិវិធីនេះ ក្រោមច្បាប់កម្ពុជា ដែលលំបាក និងស្មុគស្មាញ។ រដ្ឋាភិបាលកម្ពុជា និងអង្គការសម្ព័ន្ធភាពការពារសត្វព្រៃ Wildlife Alliance, ដែលបានអភិវឌ្ឍន៍រួមគ្នានូវគម្រោងឥណទាន កាបោន ដ៏ធំនៅកម្ពុជា មិនបាអនុវត្តការពិគ្រោះយោបល់អោយ​បានគ្រប់គ្រាន់ជាមួយសហគមន៍ ជនជាតិដើមភាគតិច​ ដែលនេះនាំអោយមានការធ្វើទុក្ខបុកម្នេញ ការចាប់ខ្លួន និងដាក់ពន្ធនាគារ ដល់នរណាដែលបានចូលព្រៃដើម្បី បរបាញ់សត្វ និងកាប់ឆ្ការព្រៃធ្វើកសិកម្មនៅក្នុង “ដែនអភិរក្ស”នានា។ រហូតមកទល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងបែងចែកផលប្រយោជន៍បានពីឥណទានកាបោននេះ ណាមួយ ជាមួយសហគមន៍ជនជាតិដើមភាគតិចទាំងនោះនៅឡើយទេ។

ការអនុវត្ត ការផ្តល់ប្រាក់កម្ចីនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ក៏កំពុងបង្កជាគ្រោះថ្នាក់ដល់ជនជាតិដើមភាគតិច ដោយពួកគេមានគោលដៅយកដីធ្លីរបស់ជនជាតិដើមភាគតិចទាំងនោះ ដើម្បីផលចំណេញ។ ការិយាល័យ ទីប្រឹក្សាសម្រាប់អនុលោមភាព/ការិយាល័យប្រជាពលរដ្ឋ របស់ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)បានរកឃើញក្នុងការវាយតម្លៃ ដល់ស្ថាប័នអ្នកផ្តល់ប្រាក់កម្ចី មីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ថាមាន “សញ្ញាណហានិភ័យជាបថម” សម្រាប់អ្នកខ្ចីប្រាក់ និងបានរំលោភបទដ្ឋានប្រតិបត្តិ របស់ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC មួយចំនួន រួមមានផលប៉ះពាល់​របស់វាទៅលើសហគមន៍ជនជាតិដើមភាគតិច ដូចជា ធ្វើអោយមានកាត់បន្ថយអាហារ ការបង្ខំ​លក់ដីជាកម្មសិទ្ធិខ្លួន ពលកម្មកុមារ និងការធ្វើអត្តឃាតជាប់ទាក់ទងនឹងបំណុលជាដើម។

នៅខែ កក្កដា សាលាដំបូងរាជធានី ភ្នំពេញ បានកាត់ទោស សកម្មជនចំនួន ១០ រូប របស់អង្គការ​មាតាធម្មជាតិ ជាក្រុមសកម្មជនបរិស្ថាន ដឹកនាំ ដោយយុវជនកម្ពុជា ដែលទទួលបានពានរង្វាន់​ឆ្នើមខាងការពារបរិស្ថាន។ សកម្មជនទាំងនោះ ប្រឈមជាប់ពន្ធធនាគារ រវាងពី ៦ ទៅ ៨​ ឆ្នាំក្នុងម្នាក់ៗ សម្រាប់សកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីបរិស្ថាន និងការការពារសិទ្ធិមនុស្ស ពីបទ បរិហារកេរ្តិ៍ ប្រមាថ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៊ីនធឺណេត

តាមរបាយការណ៍របស់ការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ មជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិត បានជួញដូរមនុស្សធ្វើការដូចជាទាសករជាង ១០០,០០០នាក់នៅ​កម្ពុជា នៅបន្តប្រតិបត្តិការដោយមិនញញើតច្បាប់ បើទោះជារដ្ឋាភិបាល បានប្រកាសអះអាង ថាមន្ត្រីអនុវត្តច្បាប់របស់ខ្លួនបានចុះបង្ក្រាបតាមទីតាំងនានាជាច្រើនហើយក៏ដោយ។ នៅខែ កញ្ញា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសអំពី ការដាក់ទណ្ឌកម្ម ប្រឆាំងមហាសេដ្ឋីកម្ពុជាម្នាក់គឺ លោក លី យ៉ុង ផាត់ ដោយហេតុថា សេដ្ឋីរូបនេះ តាមរយៈសម្ព័ន្ធក្រុមហ៊ុន L.Y.P Group Co. រួមមាន រមណីយដ្ឋាន អូស្មាច់ និងសណ្ឋាគារចំនួនបីផ្សេងទៀតរបស់គាត់ សម្រាប់តួនាទីរំលោភ​សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ទាក់ទងនឹងពលកម្មដោយបង្ខុំ និងការប្រតិបត្តិការឆបោកតាមអនឡាញ។