(ទីក្រុងបាងកក) - កាលពីឆ្នាំដែលកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់ដែលមានលក្ខណៈគៀបសង្កត់ និងបានចាប់ឃុំតាមអំពើចិត្តសកម្មជនជាង ៦០នាក់ រួមមានអ្នកសារព័ត៌មាន និងសមាជិកអ្នកនយោបាយបក្សប្រឆាំង។ នេះជាការថ្លែងដោយអង្គការ ឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) នៅក្នុង របាយការណ៍ពិភពលោក សម្រាប់ឆ្នាំ ២០២១ របស់ខ្លួន។ អាជ្ញាធរកម្ពុជាបន្តហាមលោក កឹម សុខា និងលោក សមរង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវគេរំលាយចោល ពីការចូលរួមក្នុងសកម្មភាពនយោបាយ។
“លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតឱកាសពីវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ នៅលើពិភពលោកក្នុងការបង្កើនការបង្ក្រាបរបស់គាត់ ទៅលើសម្លេងប្រឆាំង និងសកម្មជន និងបង្កើតច្បាប់ដែលមានការគៀប សង្កត់បន្ថែមទៀត។ នេះបើតាមប្រសាសន័លោក ភីល រ៉ូប៊ើតសុន Phil Robertson នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស។ លោកបានបន្តទៀតថា “សហគមន៍អ្នកផ្តល់ជំនួយ រដ្ឋាភិបាលបរទេស និងអង្គការសហប្រជាជាតិ មានការទិះទានតែបន្តិចតួចបែបការទូត ខណៈប្រទេសនេះកំពុងរអិលធ្លាក់ខ្លួនយ៉ាងជ្រៅទៅក្នុងការគ្រប់គ្រងអំណាចបែបផ្តាច់ការ”។
ក្នុងទំព័រ 761 នៃរបាយការណ៍ពិភពលោកប្រចាំឆ្នាំ ២០២១ ជំនាន់ទី ៣១ របស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្ស ពិនិត្យមើលលើ ការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសជាង ១០០ ក្នុងលោក។ នៅក្នុងសេចក្តីផ្តើមនៃរបាយការណ៍នេះ នាយកប្រតិបត្តិ កែណែត រដ្ឋ Kenneth Roth បានលើកឡើងថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកគួរបញ្ចូលការគោរពសិទ្ធិមនុស្សទៅក្នុងគោលនយោបាយ ក្នុងស្រុក និងបរទេសរបស់ខ្លួនក្នុងរបៀបមួយដែលអាចការពាររដ្ឋបាលសហរដ្ឋអាមេរិកក្រោយៗទៀត ពីការចាត់ទុកសិទ្ធិមនុស្សជារឿងមិនសំខាន់។ លោក រដ្ឋ បានគូសបញ្ជាក់បន្ថែមថា បើទោះជារដ្ឋបាលលោក ត្រាំ ភាគច្រើនបានបោះបង់ចោល ការការពារសិទ្ធិមនុស្សក៏ដោយ ក៏នៅមាន រដ្ឋាភិបាលផ្សេងទៀតបានបោះជំហានទៅមុខក្នុងការលើកស្ទួយសិទ្ធិមនុស្ស។ រដ្ឋបាលលោក ចូ បៃដិន គួរចូលរួមជាមួយរដ្ឋាភិបាលទាំងនោះ ជាជាងមើលរំលងកិច្ចខិតខំប្រឹងប្រែងរួមគ្នាថ្មីនេះ។
អាជ្ញាធរកម្ពុជាបានប្រើប្រាស់ការចោទប្រកាន់ទាំងមិនមានភស្តុតាងជាច្រើនទាក់ទងនឹង ការញុះញង់ អំពើឃុប ឃិត និងបទល្មើសផ្សេងៗទៀតធ្វើជាមូលដ្ឋានក្នុងការបង្ក្រាបរបស់ខ្លួន។ សកម្មជនរួមមាន មេដឹកនាំសហជីព្វ អ្នករិះគន់តាមបណ្តាញសង្គម និងអ្នកផ្សេងទៀតកំពុងប្រឈមនឹងការគំរាមកំហែង កង្កត់សង្កិន និងការចាប់ខ្លួនតាមអំពើចិត្ត។ គិតត្រឹមខែ វិច្ឆិកា ២០២០ មានសកម្មជនជាង ៣០ នាក់ហើយត្រូវបានចាប់ឃុំខ្លួន ខណៈនៅរវាង ខែ កក្កដា និងខែកញ្ញា មានយុវជន និងសកម្មជនបរិស្ថានចំនួន ១៤ នាក់ត្រូវបានចោទប្រកាន់ដោយមិនមានភស្តុតាង ពីបទញុះញង់ដោយសារតែបានធ្វើសកម្មភាពតវាដោយសន្តិវិធី។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បន្តរងជាប់ចោទពីបទក្បត់ជាតិដែល ចោទប្រកាន់ដោយរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ ២០១៧។ បន្ទាប់ពីចាប់ផ្តើមបើកសវនាការនៅខែមករា តុលាការ មិនមានភស្តុតាងគ្រប់គ្រាន់ ហើយបានលើកពេលជំនំជម្រះក្តីនៅខែ មិនា ដោយមិនកំណត់ទៅឆ្នាំ ២០២១។ នៅខែតុលា មេធាវីរបស់លោក កឹម សុខា បានស្នើសុំបើកដំណើរការសវនាការឡើងវិញ។
គណបក្សកាន់អំណាច បក្សប្រជាជនកម្ពុជា (CPP) បានពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីអនុម័តច្បាប់ ដែលមានការគាបសង្កត់មួយចំនួន។ នៅខែមេសា រដ្ឋាភិបាលបានអនុម័តច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលនេះជាការផ្តល់ឱ្យដល់លោក នាយករដ្ឋមន្ត្រី និងអាជ្ញាធរផ្សេងទៀតនូវអំណាចដោយមានការកំណត់ ក្នុងការឈ្លបយកការណ៍ការទំនាក់ទំនងទូរគមនាគមន៍ជាឯកជន និងហាមប្រាមការចែកចាយព៍ត៌មាន និងរិតត្បិតសិទ្ធិការជួបប្រជុំ និងបង្កើតសមាគមន៍ដោយសន្តិវិធីជាទូទៅ។
នៅខែមិថុនា រដ្ឋាភិបាលបានរៀបចំសេចក្តីព្រៀងច្បាប់ស្តីពី សណ្ដាប់ធ្នាប់សាធារណៈ ដែលធ្វើឡើងដើម្បីបោសសំអាត និងរក្សាសណ្តាប់ធ្នាប់លើសកម្មភាពសាមញ្ញៗ និងហាមប្រាមអាកប្បកិរិយាជាឯកជន និងសាធារណៈដ៏ទូលំទូលាយមួយ។ រដ្ឋាភិបាលក៏បានព្រៀងនិយ័តកម្មច្រកទ្វាអឹនធើណែតជាតិមួយដែលផ្តល់អំណាចឱ្យរដ្ឋាភិ បាល ដើម្បីរារាំង ឬកាត់ផ្តាច់បណ្តាញទំនាក់ទំនង ដែលខ្លួនយល់ថាបានប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ គេក៏កំពុងជម្រុញទៅមុខនូវដំណើរការតាក់តែងច្បាប់ស្តីពី ឧក្រិដ្ឋកម្មប្រព័ន្ធព័ត៌មានវិជ្ជា ដែលច្បាប់នេះបង្កការគំរាមដល់សិទ្ធិសំដែងមតិ សិទ្ធិឯកជន និងសិទ្ធិទទួលបានព័ត៌មាន។ បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស ច្បាប់នេះ មើលទៅហាក់ដូចជាមានគោលដៅក្នុងការបន្តបង្រួមលំហការបញ្ចេញមតិ តាមប្រព័ន្ធព័ត៌មានវិជ្ជារបស់ប្រជាជនកម្ពុជាប៉ុណ្ណោះ។
នៅខែសីហា បន្ទាប់ពីបរាជ័យរបស់ លោក ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហារំលោភសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ រួមមានសិទ្ធិដីធ្លី និងសិទ្ធិការងារ ដែលសិទ្ធិទាំងនេះ សហភាពអឺរ៉ុបបានកំណត់ថាជាផ្នែកមួយនៃកម្មវិធីផ្តល់ការអនុគ្រោះផ្នែកពាណិជ្ជកម្មមានឈ្មោះថា “គ្រប់មុខទំនិញទាំងអស់ លើកលែងតែសពាវុទ្ធ” តាមរយៈនេះសហភាពអឺរ៉ុប បានសម្រេចដកផ្នែកខ្លះនៃឋានៈអនុគ្រោះផ្នែកពាណិជ្ជកម្មដល់កម្ពុជា ដើម្បីនាំចូលទំនិញ ក្រោមគម្រោងនេះទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ។
លោក ភីល រ៉ូប៊ើតសុន បានបន្តទៀតថា “ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលបណ្តាលឱ្យប្រជាជនកម្ពុជារាប់រយពាន់នាក់បាត់បង់ការងារ និងមុខរបររបស់ខ្លួនរួចស្រេចហើយ ឥឡូវបន្ថែមដោយវិបត្តិសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលបរទេស ភ្នាក់ងារអង្គការសហប្រជាជាតិ និងសហគមន៍អ្នកផ្តល់ជំនួយបានរួមចំណែកដោះស្រាយតិចតួច។ លោកបន្តថា “នៅឆ្នាំ ២០២១ ពួកគេគួរកំណត់ឱ្យបានច្បាស់ និងមានសុចនាករជាក់លាក់សម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យមានការអនុលោមតាមកាតព្វកិច្ចច្បាប់អន្តរជាតិ និងត្រូវកំណត់ផលវិបាកជាក់លាក់សម្រាប់ការខកខានមិនបានអនុលោមតាមការកំណត់នេះ។