គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រកម្ពុជា
អាសយដ្ឋាន: វិមានសន្តិភាព , 38 មហាវិថី សហពន្ធ័រុស្ស៊ី (110)
រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ខែ ធ្នូ ឆ្នាំ ២០១៩

 

ច្បាប់ស្តីពី សហជីព និង ករណីចោទប្រកាន់ប្រឆាំងនឹងថ្នាក់ដឹកនាំសហជីព

 

សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរព

យើងខ្ញុំទាំងអស់គ្នាតំណាងឲ្យអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមានមានការព្រួយបារម្ភជាខ្លាំងចំពោះការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព​ដែលត្រូវបានអនុម័តដោយព្រឹទ្ធសភាកាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ​២០១៩។ ការស្នើធ្វើវិសោធនកម្មមានចំនួន​១០មាត្រា រួមមាន មាត្រា៣ មាត្រា១៧ មាត្រា២០​ មាត្រា២១​ មាត្រា២៧​ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ ដោយមិនបានអនុលោមទៅតាមបទដ្ឋានការងារអន្តរជាតិផ្នែកការងារ និងត្រូវបានអនុម័តដោយគ្មានដំណើរការពិគ្រោះយោបល់ឲ្យល្អិតល្អន់ជាមួយភាគីពាក់ព័ន្ធ។

បទប្បញ្ញត្តិជាច្រើននៅក្នុងច្បាប់ស្តីពីសហជីពតម្រូវឲ្យមានការកែប្រែទ្បើងវិញ។ កិច្ចពិគ្រោះយោបល់ស្តីពីការធ្វើវិសោ​ធ​ន​កម្មច្បាប់ស្តីពីសហជីពចុងក្រោយ នៅតែបន្តការរឹតត្បិតសិទ្ធិការងារ និងសិទ្ធិមនុស្ស តាមរយៈការកម្រិតសិទ្ធិសេរីភាពផ្នែកសមាគម សិទ្ធិក្នុងការចងក្រង និងសិទ្ធិក្នុងការចរចារជាសមូលហភាព។ យើងមានការកត់សម្គាល់ថាមានការធ្វើវិសោធនកម្មតិចតួចទៅលើច្បាប់នេះលើសំណេរដើមកន្លងមក​ ដោយមិនទាន់គ្រប់គ្រាន់នៅទ្បើយ និងមិនត្រូវបានដោះស្រាយចំពោះបញ្ហាផ្សេងទៀត។ គណៈកម្មការជំនាញក្នុងការតាមដានត្រួតពិនិត្យ ការអនុវត្តន៍អនុសញ្ញា និងផ្តល់អនុសាសន៍ទៅលើសិទ្ធិសេរីភាពផ្នែកសមាគម របស់អង្គការពលកម្មអន្តរជាតិផ្នែកការងារបានអំពាវនាវឲ្យមានការធ្វើវិសោ​ធ​ន​កម្មជាច្រើនលើកទៅលើច្បាប់ស្តីពីសហជីពដែលមិនបានធ្វើការឆ្លុះបញ្ចាំងទៅលើមាត្រាដែលបានស្នើទ្បើង។​ឧទាហរណ៍ រួមមានមាត្រា៣ មាត្រា១០ មាត្រា១២ មាត្រា១៣ មាត្រា២០​ មាត្រា២១ មាត្រា២៨ មាត្រា៣៨ មាត្រា៥៩ និងការដាក់ពិន័យជំពូក១៥។

ចំណុចព្រួយបារម្ភរបស់យើងខ្ញុំទៅលើសំណើរធ្វើវិសោ​ធ​ន​កម្មច្បាប់ស្តីពីសហជីពរួមមាន៖

១. ធ្វើវិសោធនកម្ម មាត្រា៣៖ មាត្រាបច្ចុប្បន្នមិនបានពង្រីកវិសាលភាពច្បាប់ស្តីពីសហជីពទៅដល់បុគ្គលដ៏ទៃទៀត ដែលត្រូវបានផ្តល់អនុសាសន៍ដោយការិយាល័យស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ មាត្រា៣ នៃច្បាប់ស្តីពីសហជីពបានចែងថា ច្បាប់នេះគ្របដណ្តបទៅដល់បុគ្គលទាំងទ្បាយណាដែលស្ថិតនៅក្រោមបទប្បញ្ញាត្តិនៃច្បាប់ស្តីពីការងារ ​ ចំណុចនេះរំលោភទៅលើមាត្រា៣៦ នៃច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាដែលធានាថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និងចូលជាសមាជិកសហជីពនេះ។ ការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីពនៅទីនេះមិនបានគ្របដណ្តប់ឲ្យបានទូលំទូលាយទៅដល់កម្មករស្វ័យនិយោជន៍ គ្រូបង្រៀន និងមន្ត្រីរាជការសាធារណៈដ៏ទៃទៀត។ ទាក់ទងទៅនិងចំណុចនេះ កម្មករបម្រើការងារផ្ទះ និងសហគ្រាសតូចៗដែលមានកម្មករនិយោជិតតិចតួចក្រោម ១០នាក់ មិនមានចំនួនគ្រប់គ្រាន់ទៅតាមលក្ខខណ្ឌដែលច្បាប់កំណត់ថាចំនួនកម្មករនិយោជិត ១០នាក់ ទើបអាចបង្កើតសហជីពមូលដ្ឋាន ចំណុចនេះមានចែងនៅក្នុងមាត្រា១០ នៃច្បាប់ស្តីពីសហជីពដែលជាការបដិសេធទៅសិទ្ទិរបស់ពួកគេចូលរួមជាមួយសហជីព។

២. មាត្រា៥ (មិនបានផ្លាស់ប្តូរ)៖ មាត្រានេះនិយាយអំពី កម្មករនិយោជិត និងនយោជក មានសិទ្ធិបង្កើតសហជីព ឫសមាគមនិយោជក តាមការជ្រើសរើសរបស់ខ្លួន ក្នុងគោលបំណងសម្រាប់តែការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាល ការលើកតម្កើងផលប្រយោជន៍ និងការការពារសិទ្ធិរបស់ខ្លួនតាមរយៈសហជីព។ ការិយាល័យស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានផ្តល់អនុសាសន៍ឲ្យដកចេញឃ្លា “ក្នុងគោលបំណងសម្រាប់តែ”  ឃ្លានេះអាចរឹតត្បិតសិទ្ធិរបស់ស្ថាប័នក្នុងការសម្រេចចិត្តដោយសេរីទៅលើសកម្មភាពនិងកម្មវិធីការងាររបស់ពួកគេ។

៣. មាត្រា​១២​ (មិនបានផ្លាស់ប្តូរ)៖ មាត្រានេះនិយាយអំពីលក្ខខណ្ឌតម្រូវសម្រាប់ក្នុងការស្នើចុះបញ្ជីសហជីពត្រូវបានយល់ព្រម ប្រសិនបើសំណើរសុំនោះបានបំពេញលក្ខខណ្ឌនោះគ្រប់គ្រាន់  រួមមាន លក្ខន្តិកៈ បទបញ្ជាផ្នែករដ្ឋបាលដែលគ្រប់គ្រងទៅលើការដឹកនាំ បញ្ជីរាយនាមថ្នាក់ដឹកនាំ កំណត់ត្រាសៀវភៅហិរញ្ញវត្ថុ កុងធានាគារ កំណត់ហេតុច្បាប់ដើមនៃការបោះឆ្នោតបង្កើតសហជីព។ មាត្រា១២ ដាក់លក្ខខណ្ឌខ្ពស់នៃការជ្រៀតជ្រែកសម្រេចដោយរដ្ឋាភិបាល និងកំណត់លក្ខខណ្ឌដាក់បន្ទុកទាមទារច្រើនសម្រាប់សហជីព។

៤. មាត្រា១៧ (មិនបានផ្លាស់ប្តូរ) មាត្រានេះរំលោភទៅលើសិទ្ធិក្នុងការសម្រេចចិត្តផ្ទៃក្នុងរបស់សហជីព។ ការធ្វើវិសោធនកម្មដាក់បន្ថែម យន្តការត្រួតពិនិត្យសាវនកម្មឯករាជ្យ ប្រសិនបើ​ ១០ភាគរយនៃចំនួនសមាជិកសហជីព ឫ ៥ ភាគរយនៃម្ចាស់ជំនួយស្នើទ្បើង។​ យន្តការត្រួតពិនិត្យសាវនកម្មឯករាជ្យទាមទារឲ្យស្ថាប័នចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាដែលអាចជាត់ចោលការប្រើប្រាស់ស្ថាប័នសាវនកម្មឯករាជ្យមានឈ្មោះល្អដែលបានចុះបញ្ជីនៅក្រៅប្រទេស។ ការធ្វើវិសោធនកម្មមិនបានបន្ថយ ឫធ្វើឲ្យមានភាពងាយស្រួលសម្រាប់តម្រូវការឯកសារដែលតម្រូវឲ្យសហជីពដាក់របាយការណ៍ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នៅពេលដែលមាត្រា ១៧ អានភ្ជាប់ជាមួយមាត្រា ១៨ ច្បាប់នេះមានប្រសិទ្ធិភាពផ្តល់អំណាចទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើការលុបចោលបញ្ជិកាសហជីពប្រសិនបើសហជីពមិនបានបំពេញកាតព្វកិច្ចដែលបានកំណត់នៅក្នុងបទប្បញ្ញាត្តិតាមរយៈលិខិតព្រមានពីរលើក។

៥. មាត្រា ១៨​ (មិនបានផ្លាស់ប្តូរ) មាត្រានេះផ្តល់អំណាចទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្តឹងសហជីពទៅតុលាការដើម្បីរំលាយបញ្ជិកាសហជីព ប្រសិនបើសហជីពមិនបានបំពេញកាតព្វកិច្ចដែលបានកំណត់ដោយច្បាប់ស្តីពីសហជីព។ បើពីចារណាទៅលើទម្ងន់នៃឯកសារបែបបទរដ្ឋបាលទាមទារដោយច្បាប់ និងអ្នកអនុវត្តន៍ច្បាប់មានអំណាចកាន់តែលើសលុបក្នុងការធ្វើសេចក្តីសម្រេចថាតើលក្ខខណ្ឌតម្រូវទាំងនោះ​ត្រូវបានបំពេញ ដោយសហជីពរបស់កម្មករប្រឈមហានិភ័យរំលាយដោយផ្អែកលើមូលដ្ឋានអំណាច និងការស្នើសុំដោយមិនមានហេតុផល។

៦.​មាត្រា២០ មាត្រា​​២១ និងមាត្រា៣៨ បន្តដាក់បន្ទុកទៅលើសិទ្ធិសហជីពក្នុងការជ្រើសរើសអ្នកតំណាងក្នុងសិទ្ធិសេរីភាពពេញលេញ។

៧. មាត្រា៥៤(វិសោធនកម្ម) ការធ្វើវិសោធនកម្មមិនបានឲ្យច្បាប់នេះអនុលោមទៅតាមបទដ្ឋានអន្តរជាតិ ពីព្រោះមិនបានផ្តល់សិទ្ធិដល់ការចរចារជាសមូលហភាព​ និងការដោះស្រាយវិវាទរួមដល់សហជីពទាក់ទងទៅនឹងភាពជាតំណាងបំផុត។ នៅក្រោមច្បាប់ស្តីពីសហជីព សហជីពដែលមិនមានភាពជាតំណាងបំផុត បច្ចុប្បន្នត្រូវបានហាមឃាត់ពីការការពារផលប្រយោជន៍សមាជិករបស់ពួកគេ រួមទាំងត្រូវបានរារាំងពីការធ្វើជាតំណាងដោយអាណត្តិ ក្នុងការដោះស្រាយបណ្តឹងសារទុក្ខមុននីតិវិធីក្រុមប្រឹក្សាអជ្ញាកណ្តាល។

៨. នីតិវិធីស្នើសុំបញ្ជិកាសហជីព និងតម្រូវការលក្ខន្តិកៈសហជីព៖ តម្រូវការស្នើសុំបញ្ជិកាសហជីពមានភាពផ្ទុយគ្នាពីបទដ្ឋានអន្តរជាតិតាមរយៈការទាមទារការអនុញ្ញាតជាមុនដោយអាជ្ញាធរមានសមត្ថកិច្ច (​រំលោភទៅលើមាត្រា២ នៃអនុសញ្ញាស្នូលលេខ៨៧ របស់អង្គការពលកម្មអន្តរជាតិផ្នែកការងារ)​ ការដាក់បន្ទុកទៅលើសិទ្ធិសហជីពក្នុងការតាក់តែងធម្មនុញ្ញ និងបទបញ្ជារបស់ខ្លួន​ (​រំលោភទៅលើ មាត្រា៣ នៃអនុសញ្ញាស្នូល លេខ៨៧ របស់អង្គការពលកម្មអន្តរជាតិផ្នែកការងារ)​។​ ជាងនេះទៅទៀត​ ការកំណត់ចំពោះសហជីពដែលមានភាពជាតំណាងបំផុតគឺជាកម្មវត្ថុដើម្បីធ្វើការសម្រេចចិត្ត និងទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ចនៅពេលដែលឆន្ទានុសិទ្ធិនេះគួរកំណត់ដោយស្ថាប័នឯករាជ្យ។ ការធ្វើវិសោធនកម្មខកខានដើម្បីធានាឲ្យមានតម្លាភាព ប្រសិទ្ធិភាព និងដំណើរការងាយស្រួលក្នុងការស្នើសុំបញ្ជិកាសហជីពដែលធានាដល់សេរីភាពសមាគម សម្រាប់កម្មករនិយោជិត និងជាឧបសគ្គនៃការព្យួរបែបបទស្នើសុំបញ្ជិកាសហជីព។

៩. បច្ចុប្បន្នច្បាប់នេះមិនបានដាក់បញ្ជូលបទប្បញ្ញាត្តិ​ដើម្បីបង្កើនការការពារសម្រាប់កម្មករនិយោជិតដែលធ្វើការងារដោយប្រើប្រាស់កិច្ចសន្យាដែលមានថិរៈវេលាកំណត់ដើម្បីអនុវត្តន៍សិទ្ធិសេរីភាពខាងសមាគម។ មកទាល់ពេលនេះការរីករាលដាលនៃការប្រើប្រាស់កិច្ចសន្យាដែលមានថេរៈវេលាកំណត់បង្កើតឲ្យមានក្តីព្រួយបារម្ភចំណោមកម្មករនិយោជិតប្រសិនបើពួកគេចូលរួមជាមួយសហជីព អ្នកគ្រប់គ្រងនឹងមិនបន្តកិច្ចសន្យារបស់ពួកគេ។

យើងខ្ញុំទាំងគ្នាតំណាងឲ្យអង្គការសង្គមស៊ីវីលជាតិនិងអន្តរជាតិជំរុញសម្តេចនាយករដ្ឋមន្រ្តីធ្វើការពិចារណាទៅលើបទប្បញ្ញាត្តិក្នុងច្បាប់ស្តីពីសហជីពទាំងអស់នេះទ្បើងវិញ​ និងពិចារណាដោយយកចិត្តទុកដាក់ចំពោះអនុសាសន៍ដែលបានផ្តល់ដោយការិយាល័យស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ​​ និងអង្គការពលកម្មអន្តរជាតិផ្នែកការងារ។

តាមរយៈការធ្វើដូចនេះ រដ្ឋាភិបាលកម្ពុជាអាចធានាថាការកែប្រែបទប្បញ្ញតិ្តនៃច្បាប់ស្តីពីសហជីពទ្បើងវិញបញ្ជាក់ពីកាតព្វកិច្ចរបស់ខ្លួនស្ថិតក្រោមកាតិការសញ្ញាស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញាស្នូលអន្តរជាតិផ្នែកការងារនានា។

យើងទាំងអស់គ្នានិងធ្វេសប្រហែស ប្រសិនបើមិនបានលើកទ្បើងពីក្តីបារម្ភអំពីនីតិវិធីពិគ្រោះយោបល់ទៅលើច្បាប់ស្តីពីសហជីពនេះ។ កាលពីខែកក្កដា ឆ្នាំ​២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញលិខិតអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគី។ នៅក្នុងកិច្ចប្រជុំមានតំណាងសហជីពដែលគាំទ្ររាជរដ្ឋាភិបាល តំណាងរដ្ឋាភិបាល តំណាងនិយោជកចូលរួមច្រើនលើសលប់។ មានតំណាងសហជីពឯករាជ្យជាច្រើនមិនទទួលបានលិខិតអញ្ជើញឫត្រូវបានប្រាប់ថា ពួកគេត្រូវការលិខិតអញ្ជើញផ្ទាល់ពីក្រសួងការងារនិងបណ្តុំបណ្តាលវិជ្ជាជីវៈ។

តាំងពីមុននិងក្រោយការបោះឆ្នោតឆ្នាំ​២០១៨ អ្នកតស៊ូមតិផ្នែកការងារ​ មេដឹកនាំសហជីព និងសកម្មជនសហជីពគឺជាមុខសញ្ញារបស់រាជរដ្ឋាភិបាល។ ខណៈពេលដែលយើងបានសម្គាល់ឃើញថា រាជរដ្ឋាភិបាលបានមានចំណាត់ការលើករណីចោទប្រកាន់ផ្នែកព្រហ្មទណ្ឌប្រឆាំងលើមេដឹកនាំសហព័ន្ទសសហជីពមួយចំនួន ទទ្ទឹមនឹងនេះដែរ ករណីមួយចំនួនមិនអាចទទួលយកបាន ដូចជាករណី លោក គង់ អាទិត្យដែលបានរកឃើញថាមានទោសក្នុងករណីតវ៉ារបស់អ្នកបើកបរក្រុមហ៊ុន​កាពីតូលកាលពីឆ្នាំ ២០១៦ ។ យើងទាំងអស់គ្នាមានការបារម្ភដោយមានការវិវត្តនតិចតួច​ចំពោះករណីទម្លាក់ចោលបទចោទប្រកាន់ទៅលើថ្នាក់ដឹកនាំនៅតាមសហជីពមូលដ្ឋាន។ លទ្ធផលនៃការបង្រ្កាបនេះត្រូវបានប្រើប្រាស់ដើម្បីធ្វើអោយស្ងប់ស្ងាត់មតិរិះគន់របស់សហជីពឯករាជ្យ​និង ធ្វើឲ្យសាយភាយការភ័យខ្លាចក្នុងចំណោមសហជីពដែលហ៊ានក្រោកឈរទាមទារសិទ្ធិរបស់ពួកគេ។

បរិយាកាសនាពេលបច្ចុប្បន្នសម្រាប់អ្នកតស៊ូមតិផ្នែកការងារ មេដឹកនាំសហជីព សកម្មជនអង្គការសង្គមស៊ីវិលមិនទាន់បានដោះស្រាយដើម្បីធានាការធ្វើឲ្យប្រសើរទ្បើងដោយអាចជឿទុកចិត្តបានចំពោះស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា។ យើងជម្រុញដល់រាជរដ្ឋាភិបាលឲ្យមានវិធានការជាជំហានបន្តបន្ទាប់ដូចខាងក្រោម៖

១. ផ្តួចផ្តើមឲ្យមានការពិគ្រោះទ្បើងវិញប្រកបដោយតម្លាភាពទៅលើការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព នៅខែមករា ឆ្នាំ​២០២០ ដើម្បីធានាថាច្បាប់នេះត្រូវបានបានធ្វើវិសោធនកម្មអនុលោមពេញលេញទៅនឹងបទ្បដ្ឋានអន្តរជាតិផ្នែកការងារ និងសិទ្ធិមនុស្ស។ កិច្ចពិគ្រោះយោបល់នេះគួរធ្វើទ្បើងដោយមានការចូលរួមពីការិយាល័យស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អង្គការពលកម្មអន្តរជាតិផ្នែកការងារ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ជាពិសេសសហជីពឯករាជ្យ ​និងការដាក់លិខិតសម្រាប់ការអញ្ជើញចូលរួមគួរតែត្រូវបានចេញទុកមុន។ របាយការណ៍សរុប និងពង្រាងការធ្វើវិសោធនកម្មចុងក្រោយចេញពីកិច្ចពិគ្រោះយោបល់គួរត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងចែករំលែកជាមួយរដ្ឋសភាជាតិ និងព្រឹទ្ធឹសភាដើម្បីជម្រាបពីការកែប្រែទ្បើងវិញទៅលើការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព។

២. ទម្លាក់រាល់បទចោទប្រកាន់ប្រឆាំងលើមេដឹកនាំសហជីព កម្មករនិយោជិត និងសកម្មជនតស៊ូមតិលើសិទ្ធិការងារ។

៣. បញ្ឈប់រាល់ទម្រង់ការយាយីទៅលើមេដឹកនាំសហជីព កម្មករនិយោជិត និងសកម្មជនតស៊ូមតិលើសិទ្ធិការងារ។
 

អរគុណសម្រាប់ការពិចារណារបស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី។

 

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ
ចម្លងជូន
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌