Skip to main content

កម្ពុជា៖ រោងចក្រកាត់ដេរប្រឆាំងទាស់នឹងសហជីព[1]

រដ្ឋាភិបាលគួរអនុវត្តសិទិ្ធរបស់កម្មករក្នុងការធ្វើសហជីព និងធ្វើបាតុកម្ម ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៤

(បាងកក) - រដ្ឋាភិបាលកម្ពុជា[2]គួរធានាថា រោងចក្រកាត់ដេរឈប់បំភិតបំភ័យ និងគំរាមកំហែងកម្មករដែលចង់បង្កើតសហជីពនិងសំដែងសិទិ្ធការងាររបស់ពួកគេ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថ្ងៃនេះ។ រដ្ឋាភិបាលគួរឈប់ដាក់បំរាមមិនឲ្យធ្វើបាតុកម្មជាសាធារណៈ និងប្រើកម្លាំងសន្តិសុខដើម្បីបំបែកការតវ៉ារបស់កម្មករ ហើយជាជំនួសដាក់ឲ្យអនុវត្តច្បាប់ការងាររបស់ប្រទេសវិញ ។

រោងចក្រកាត់ដេរកម្ពុជាផ្គត់ផ្គង់ដល់យីហោអន្តរជាតិនានា តែងតែប្រើការគំរាមកំហែង ការ បណ្តេញ​ចោល និងការផ្អាកមិនបន្តកិច្ចសន្យាការងារជាបណ្តោះអាសន្ន ដើម្បីជ្រៀតជ្រែកដល់សិទិ្ធរបស់កម្មករក្នុងការបង្កើត និងចូលរួម ក្នុងសហជីពឯករាជ្យ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយ ។ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៤ យីហោអន្តរជាតិនានាបានសរសេរលិខិត[3]ជាសាធារណៈមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រសិទិ្ធរបស់កម្មករក្នុងការបង្កើតសហជីព តែពួកគេគួរធ្វើច្រើនជាងនេះថែមទៀតដើម្បីធានាឲ្យអ្នកផ្គត់ផ្គង់ពួកគេ ធ្វើតាមច្បាប់ និងបញ្ឈប់ការអនុវត្តប្រឆាំងសហជីព ។

“រដ្ឋាភិបាលកម្ពុជា​ គួរធានាថា រោងចក្រកាត់ដេរឈប់ប្រើយុទ្ធសាស្ត្រកំទេចសហជីព និងគោរព សិទិ្ធរបស់កម្មករ” លោក ប្រាដ អាដាំ នាយកផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ។​ “យីហោសម្លៀកបំពាក់សកល ត្រូវតែធ្វើឲ្យបានប្រាកដប្រជាថា អ្នកផ្គត់ផ្គង់ពួកគេអនុញ្ញាតឲ្យកម្មករបង្កើតសហជីពឯករាជ្យ ដោយពុំមានការជ្រៀតជ្រែក និងថា តំណាងរបស់សហជីពអាចស្ថិតនៅក្នុងរោងចក្រដោយពុំមានការគំរាមកំហែង និងការសងសឹក” ។

នៅចុងឆ្នាំ ២០១៣ អង្គការឃ្លាំមើលសិទិ្ធមនុស្សបានសម្ភាសន៍ជាមួយកម្មកររោងចក្រកាត់ដេរកម្ពុជាជិត ២០០ នាក់ និងតំណាងសហជីពមកពីរោងចក្រចំនួន ៥៥ ។ ពួកគេបាននិយាយលំអិតបញ្ហានៃការរើសអើងប្រឆាំងសហជីព ការធ្វើទុក្ខបុកម្និញដោយអ្នកគ្រប់គ្រង វិធីជាក់ស្តែងជួលអ្នកធ្វើការងារមិនស្របច្បាប់ និងលក្ខខណ្ឌធ្វើការមិនល្អ ។ អង្គការឃ្លាំមើលសិទិ្ធមនុស្សបានស្រាវជ្រាវចងក្រងជាឯកសារអំពីការអនុវត្តជាក់ស្តែងប្រឆាំងសហជីព ក្នុងរោងចក្រយ៉ាងហោចណាស់ចំនួន ៣៥ នៃរោងចក្រចំនួន ៥៥ នេះ នៅចន្លោះឆ្នាំ ២០១២ និង ២០១៣ ។ នៅពេលដែលកម្មករជាច្រើននាក់បានចូលរួមសហជីព កម្មករដទៃទៀតបាននិយាយថាពួកគេចង់បង្កើត ឬចូលរួម សហជីពឯករាជ្យដែរ តែខ្លាចបាត់បង់ការងារពួកគេបើសិនជាធ្វើដូច្នេះ។ សកម្មភាពប្រឆាំងសហជីព បានប៉ះពាល់ដល់សិទិ្ធនៃសេរីភាពក្នុងការធ្វើសមាគម អនុលោមតាមច្បាប់ជាតិនិងអន្តរជាតិ និងបានរួមចំណែកធ្វើឲ្យកម្មករមិនសប្បាយចិត្ត និងធ្វើកូដកម្មពលករ ។

“[ពួកអ្នកគ្រប់គ្រងរោងចក្រ] បានប្រាប់ពួកយើងឲ្យផ្តិតមេដៃលើលិខិតមួយសរសេរថា យើងនឹងមិនបង្កើតសហជីពទេ” កម្មករម្នាក់បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្ស រៀបរាប់អំពីកិច្ចប្រជុំមួយក្នុងឆ្នាំ ២០១៣ ។ “ពួកគេបានប្រាប់យើងថា បើសិនជាយើងបង្កើតសហជីព យើងនឹងត្រូវគេដេញចោល” ។

នៅដើមខែមករា ឆ្នាំ ២០១៤​ កម្លាំងសន្តិសុខកម្ពុជា រួមមានអង្គភាពរៀបរយនៃកងទ័ព និងកងរាជអាវុធហត្ថ បានប្រើកម្លាំងហួសហេតុ និងមិនសមមាត្រ ដើម្បីបំបែកបាតុកម្មក្នុងទីក្រុងភ្នំពេញដែលទាម​ទារប្រាក់ខែគោលអប្បបរិមាខ្ពស់ជាង សម្រាប់កម្មកររោងចក្រកាត់ដេរ ។ កម្លាំងសន្តិសុខបានបាញ់ទៅលើ និងវាយពួកបាតុករ សម្លាប់យ៉ាងហោចណាស់ ៥ នាក់ និងធ្វើឲ្យរបួសរាប់សិបនាក់ផ្សេងទៀត ក្នុងចំណោមនេះយ៉ាងហោចណាស់ ៣៩ នាក់ត្រូវដេកពេទ្យ ។ កម្លាំងសន្តិសុខក៏បានចាប់ខ្លួនសកម្មជន និងកម្មករ ២៣ នាក់ ដែលទាំងអស់គ្នានេះ រហូតមកទល់ពេលនេះ ត្រូវបានបដិសេធការសុំនៅក្រៅឃុំ និងប្រឈមមុខនឹងការកាត់ទោសដោយតុលាការត្រួតត្រាដោយរដ្ឋាភិបាល ។

ក្នុងបរិបទនៃការតវ៉ាកាន់តែរីកធំឡើងៗ[4] ដោយការប្រឆាំងខាងប្រឆាំងនៅក្នុងទីក្រុងភ្នំពេញ តាំងពីពេលនោះមក រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យួរការជួបជុំគ្នាជាសាធារណៈទាំងអស់ ដោយរំលោភលើច្បាប់អន្តរជាតិ ។ អាជ្ញាធរបានអនុវត្តការហាមឃាត់នេះ ដោយចាប់ឃុំជាបណ្តោះអាសន្នពួកអ្នកប្រមូលផ្តុំគ្នានៅទីកន្លែងសាធារណៈ និងដោយបញ្ចេញកម្លាំងសន្តិសុខ កម្លាំង”សណ្តាប់ធ្នាប់សាធារណៈ” ជំនួយជាស៊ីវិល ព្រមទាំងកម្លាំងបង្ក្រាបក្រៅផ្លូវការគាំទ្រដោយរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបំបែកពួកអ្នកតវ៉ា ។ នៅថ្ងៃទី ២៦ ខែមករា កម្លាំងបែបនេះ បានវាយបំបែកដោយហឹង្សា ការប៉ុនប៉ងប្រមូលផ្តុំគ្នាមួយនៃសហជីពករកម្មករ និងអ្នកដទៃទៀតនៅទីលានប្រជាធិបតេយ្យក្នុងទីក្រុងភ្នំពេញ ដែលបានបណ្តាលឲ្យមានរបួសក្នុងចំណោមពួកអ្នកតវ៉ា កម្លាំងសន្តិសុខ និងពួកអ្នកត្រូវចោទថាជាភ្នាក់​ងារស៊ើបការណ៍រដ្ឋាភិបាល មួយចំនួនតូច ។

តាមសេចក្តីរាយការណ៍សារព័ត៌មាន ថៅកែរោងចក្រជាង ១០០ មានបំណងចង់ប្តឹងសហជីព ដែលពួកគេចោទថាគាំទ្រពួកអ្នកតវ៉ា ។ រហូតដល់ថ្ងៃនេះ តំណាងសហជីពការងារ[5] និងកម្មករ ជាង ១០០ ត្រូវបានបណ្តេញចោល ដោយសារពួកគេបានចូលរួមធ្វើបាតុកម្ម ។

ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី ១៧ ខែមករា ជូនលោក ហ៊ុន សែន ពួកអ្នកមានយីហោអន្តរជាតិជាច្រើនបានសំដែង “សេចក្តីព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការប្រើកម្លាំងបណ្តាលឲ្យស្លាប់ ប្រឆាំងកម្មករជាអ្នកតវ៉ា បានអំពាវនាវឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតជាបន្ទាន់ និងដោយហ្មត់ចត់ និងបានធ្វើអនុសាសន៍ដើម្បីដោះស្រាយ “មូលហេតុប្ញសគល់នៃជម្លោះបច្ចុប្បន្ន និងពីអតីតកាល” ដែលមាននៅក្នុងរោងចក្រ ។

“មានតែពួកអ្នកមានយីហោសម្លៀកបំពាក់សកលទេ ដែលធ្វើឲ្យប្រាកដថា រោងចក្រកាត់ដេរ កម្ពុជានឹងលើកតម្កើងប្រព្រឹត្តកម្មលើកម្មករដោយត្រឹមត្រូវ និងការពារសេរីភាពក្នុងការធ្វើសហជីពរបស់ពួកគេ”លោក អាដាំ បាននិយាយ ។ “ដើម្បីបូរណភាពនៃយីហោរបស់ពួកគេ ក៏ដូចជាសិទិ្ធរបស់កម្មករដែរ ពួកគេគួរបង្ហាញជាសាធារណៈឈ្មោះពួកអ្នកទទួលកិច្ចសន្យា និងបង្កើតរបបអធិការកិច្ចមួយ ដើម្បីកំណត់អត្តសញ្ញាណពួកអ្នកម៉ៅការបន្តឲ្យឃើញ ដែលជាកន្លែងដែលការរំលោភដ៏អាក្រក់អាក្រីបំផុតមួយចំនួន បានកើតមាននោះ” ។

ការជ្រៀតជ្រែករបស់រោងចក្រទៅលើសកម្មភាពរបស់សហជីពឯករាជ្យ

ថៅកែ និងអ្នកគ្រប់គ្រងរោងចក្រកាត់ដេរកម្ពុជា បានរិះរកបិទខ្ទប់យ៉ាងមានះនូវការបង្កើត និងកិច្ចការរបស់សហជីពឯករាជ្យ ។ កម្មករកាត់ដេរ និងតំណាងសហជីពមកពីរោងចក្យចំនួន ៣៥ បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា ចន្លោះឆ្នាំ ២០១២ និង ២០១៣ អ្នកគ្រប់គ្រងបានយកវិធានការសងសឹក ឬសកម្មភាពដទៃទៀត ប្រឆាំងកម្មករដែលបានសាកល្បងបង្កើត ឬចូលរួមក្នុងសហជីពឯករាជ្យ ។ រោងចក្រក៏បានបង្កើត “សហជីព” លំអៀងខាងការគ្រប់គ្រង ដែលបានធ្វើអ្វីៗតែបន្តិចបន្តួចដើម្បីដោះស្រាយ ការឈឺចាប់របស់កម្មករ ហើយបន្ទាប់មកគាបសង្កត់ឲ្យកម្មករចូលសហជីពទាំងនេះ ជាជាងចូលខាងសហជីពឯករាជ្យ ។

រោងចក្រតែងតែដេញចោលកម្មករភ្លាមៗ បន្ទាប់ពីពួកគេបានរៀបចំ ឬចូលរួមសហជីពឯករាជ្យ ដោយយកលេសថាពួកគេជា “កម្មករគ្មានបានផលិតអ្វី” ។ ឧទាហរណ៍ ក្នុងខែតុលា ឆ្នាំ ២០១៣ កម្មករកាត់ដេរ ៥ នាក់ ដែលបានធ្វើការដើម្បីបង្កើតសហជីពកម្មករឯករាជ្យមួយនៅក្នុងរោងចក្រមួយ ត្រូវបានបង្ខំឲ្យលាឈប់ពីការងាររបស់ពួកគេ-ក្នុងពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេបានជូនដំណឹងដល់រោងចក្រ អំពីការបោះឆ្នោតសហជីពនាពេលខាងមុខ ។ មន្ត្រីសហព័ន្ធសហជីពមួយ បានប្រាប់អង្គការសិទិ្ធមនុស្ស៖

“សកម្មជនសហជីពទាំង ៥ នាក់នោះ ត្រូវបានកោះហៅឲ្យចូលរួមក្នុងការប្រជុំមួយ ... ហើយបានសុំឲ្យពួកគេផ្តិតមេដៃលើលិខិតមួយច្បាប់ចែងថាពួកគេបានសុំឈប់ធ្វើការ ។ ពួកគេបានបដិសេធមិនព្រមធ្វើតាម ។ ពួកគេត្រូវបានរុញច្រានឲ្យចេញពីទីនោះ ។ ពេលពួកគេសួរថា ពួកគេបានធ្វើអ្វីខុស គេបានប្រាប់ថា មិនបាច់សួរទេ ហើយកុំត្រឡប់មករោងចក្រទៀត” ។

កម្មករទាំងនោះ បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា រោងចក្រកាត់ដេរប្រើល្បិចផ្សេងទៀត ដើម្បីជ្រៀតជ្រែកដល់លទ្ធភាពដែលពួកគេចូលរួមជាមួយសហជីពឯករាជ្យ រួមមាន បង្ខំពួកគេឲ្យចុះហត្ថលេខាលើលិខិតសន្យាថា ពួកគេនឹងមិនចូលរួមក្នុងសហជីព និងយោគយល់ដល់កម្មករដែលមិនបានរួមចំណែកក្នុងសហជីពឯករាជ្យចំពោះការចង់បានការធ្វើការងារម៉ោងបន្ថែមខ្ពស់ ។ តំណាងសហជីព ក៏បាននិយាយផងដែរថា រោងចក្រទាំងនោះ បានប្រើការមានប្រៀបនៃការិយាធិបតេយ្យសម្រាប់ការចុះឈ្មោះធ្វើសហជីព ។ រោងចក្រខ្លះ បានបដិសេធមិនទទួលការជូនដំណឹងអំពីការបង្កើតសហជីព ដែលបបណ្តាលឲ្យពន្យារពេល។ អ្នកគ្រប់គ្រងរោងចក្រ បានបណ្តេញមេដឹកនាំ ឬបេក្ខជនសហជីព ក្នុងថ្ងៃបន្ទាប់ពីការទទួលបានសេចក្តីជូនដំណឹងអំពីការបោះឆ្នោតសហជីព ឬអនុវត្តការផ្ទេរជាទណ្ឌកម្មតំណាងសហជីពឲ្យទៅធ្វើការនៅសាខាផ្សេងទៀត ឬផ្នែកផ្សេងទៀត នៅក្នុងរោងចក្រដដែល ។

កិច្ចសន្យាមានរយៈពេលកំណត់ត្រូវបានប្រើដើម្បីបំភិតបំភ័យកម្មករ

កម្មករជាច្រើននាក់បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា​ អ្នកគ្រប់គ្រងរោងចក្របានគំរាមកំហែងមិនបន្តកិច្ចសន្យាការងាររបស់ពួកគេ បើសិនជាពួកគេមានជាប់ពាក់ព័ន្ធជាមួយសហជីពឯករាជ្យ ។ កម្មករ​១០​ នាក់ នៃរោងចក្រមួយ ជាឧទាហរណ៍ បានរាយការណ៍ថាពួកគេត្រូវបានព្រមានព្រមានមិនឲ្យចូលរួមធ្វើសកម្មភាពសហជីពនៅពេលពួកគេចុះហត្ថលេខាលើកិច្ចសន្យារបស់ពួកគេ ។ ពួកគេបានពន្យល់ថា នៅពេលសហការីរបស់គេម្នាក់នៅផ្នែកស្តុក បានចូលរួមជាមួយសហជីពឯករាជ្យមួយ ប្រតិបត្តិការក្នុងរោងចក្រនោះ កិច្ចសន្យាមានរយៈពេលកំណត់មិនត្រូវបានបន្តឲ្យទេ ។

ច្បាប់កម្ពុជាអនុញ្ញាតឲ្យរោងចក្រជួលកម្មករដោយកិច្ចសន្យាមានរយៈពេលកំណត់-តាមបែបផែនពី ២ ខែ ទៅ ៦ ខែ-ដែលអាចបន្តបានរហូតដល់ ២ ឆ្នាំ ។ បន្ទាប់ពីនោះ ច្បាប់តម្រូវឲ្យកម្មករត្រូវបានចាត់ថ្នាក់ជា “និយោជិកអចិន្ត្រៃយ៍” ដោយមានការការពារ និងកម្រៃកាន់តែខ្ពស់ ។ តែរោងចក្រខ្លះបានពន្យារពេលកិច្ចសន្យាមានរយៈពេលកំណត់ស្រំដែលៗ លើសពីព្រំដែនពីរឆ្នាំ ទុកឲ្យកម្មករមានការភិតភ័យជាប្រចាំ អំពីការមិនបន្តកិច្ចសន្យារបស់ពួកគេ បើសិនជាពួកគេត្រូវបានសន្មត់ថាធ្វើអំពើប្រឆាំងនឹងបំណងរបស់និយោជករបស់ពួកគេ ។

តំណាងមកពីសហព័ន្ធសហជីពឯករាជ្យនានា និងសកម្មជនសិទិ្ធការងារដទៃទៀត ដែលធ្វើការជាមួយកម្មករកាត់ដេរ បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា កិច្ចសន្យាមានរយៈពេលកំណត់ គឺជាឧបសគ្គចំបងមួយដើម្បីធ្វើសហជីព ។ អ្នកទាំងនេះ រួមមានតំណាងសហជីពមកពីសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាស៊ីខាវឌូ (CCAWDU), សម្ព័ន្ធសហជីពកម្មកម្ពុជា (CATU), សហព័ន្ធសហជីពវាយនភ័ណ្ឌឯករាជ្យជាតិកម្ពុជា (NIFTUC), និងសម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ (CUMW) និងសកម្មជនសិទិ្ធការងារដទៃទៀតមកពី មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍(CLEC) និងមជ្ឈមណ្ឌលព័ត៌មានសម្រាប់កម្មករ (WIC)។ សមាគមសិទិ្ធកម្មករ ដែលជាអង្គការសិទិ្ធការងារអន្តរជាតិ បានធ្វើការវាយតម្លៃថា រោងចក្រ ៧២ ភាគរយ នៃរោងចក្រកម្ពុជា​ ១៧២ ដែលខ្លួនបានធ្វើការស្ទាបស្ទង់ក្នុងឆ្នាំ ២០១៣ បានរំលោភច្បាប់ស្តីពីកិច្ចសន្យាមានរយៈពេលកំណត់, រោងចក្រទាំងនេះចំនួន ១១៩ ជាសមាជិកនៃសមាគមរោងចក្រកាត់ដេរនៅប្រទេសកម្ពុជា (GMAC) ដែលជាក្រុមពាណិជ្ជកម្មមួយ ។

របាំងនៃសហជីពភាវូបនិយកម្មក្នុងរោងចក្រអ្នកទទួលម៉ៅការបន្ត

រោងចក្រធំៗ ដែលមានសហជីពឯករាជ្យ តែងតែប្រគល់ការងារម៉ៅការឲ្យទៅជារោងចក្រតូចៗ ដែលនៅទីនោះការបំភិតបំភ័យប្រឆាំងសហជីព មានជាទូទៅច្រើនថែមទៀតផង បើយោងតាមតំណាងសហជីព ។

កម្មករមកពីរោងចក្រម៉ៅការតូចៗ ក្នុងទីក្រុងភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តព្រៃវែង បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា រោងចក្រពួកគេ ឬមួយមិនមានសហជីព ឬមួយដំឡើងរបាំងគួរឲ្យកត់សំគាល់ប្រឆាំងការធ្វើសហជីព ។ ជាញឹកញយ រោងចក្រតូចៗ ទាំងនេះ មិនទាំងមានស្លាកសញ្ញាសំគាល់ ឬផ្តល់អត្តសញ្ញាណឲ្យកម្មករ ដែលមានឈ្មោះរោងចក្រផង និងអាចបិទដោយជូនដំណឹងក្នុង រយៈពេលខ្លី ទុកឲ្យកម្មករអត់ការងារធ្វើ ។ តំណាងសហជីពបាននិយាយថា ការអនុវត្តបែបនេះ​ធ្វើឲ្យមានការលំបាកជាពិសេសដើម្បីរៀបចំសហជីព ។

ការខ្វះតម្លាភាពក្នុងខ្សែរយៈផ្គត់ផ្គង់

ការជីកយកចេញនូវព័ត៌មានអំពីការទាក់ទងរបស់អ្នកម៉ៅការបន្តក្នុងខ្សែរយៈផ្គត់ផ្គង់ គឺសំខាន់ណាស់ បើយីហោអន្តរជាតិនានាគាបសង្កត់ប្រកបដោយប្រសិទ្ធភាព ដើម្បីកែលំអលក្ខខណ្ឌ​សម្រាប់កម្មករខ្មែរ និងបញ្ចប់ការអនុវត្តការប្រឆាំងសហជីព ។ យីហោអន្តរជាតិជាច្រើន -ដូចជា Adidas, H&M, Levi’s, Nike and Puma- បានចាត់នូវជំហាន ដោយបង្ហាញជាសាធារណៈនូវឈ្មោះរបស់ពួកអ្នកផ្គត់ផ្គង់ផ្ទាល់របស់ពួកគេ ។ ការបើកបង្ហាញបែបនេះ បានជួយដល់អ្នកការពារសិទិ្ធការងារ និងសហជីព ឲ្យតាមដានបានកាន់តែប្រសើរឡើងនូវការអនុវត្តតាមគោលនយោបាយរបស់យីហោទាំងនោះ និងច្បាប់ការងារ ។ ជាអកុសល ពួកអ្នកផ្គត់ផ្គង់ខ្លួនឯងមិនសូវបង្ហាញអំពីការសម្របសម្រួសរបស់ពួកអ្នកម៉ៅការបន្តដែលពួកគេមានចំពោះរោងចក្រតូចៗទេ ដែលប្រឆាំងទាស់ទៅនឹងការពិនិត្យពិច្ច័យដោយជិតដិតនូវការគោរពសិទ្ធិកម្មករពេញមួយខ្សែរយៈបន្ត ។

ច្បាប់អន្តរជាតិ និងច្បាប់កម្ពុជា

ប្រទេសកម្ពុជាបានផ្តល់សច្ចាប័ណ្ណដល់ កតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋ និងសិទ្ធិនយោ​-បាយ កតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធ៌ម និងអនុសញ្ញាលេខ ៨៧ នៃអង្គការការងារអន្តរជាតិស្តីពីសេរីភាពក្នុងការធ្វើសមាគម និងការការពារសិទិ្ធរៀបចំ ដែលទាំងអស់នេះ មានការគោរពសិទិ្ធរបស់កម្មករ ដើម្បីបង្កើតឬចូលរួមហជីពតាមការជ្រើសរើសរបស់ពួកគេ ។

រដ្ឋធម្មនុញ្ញកម្ពុជាធានាដល់សិទិ្ធបង្កើតសហជីពកម្មករ សេរីភាពធ្វើសមាគម និងសិទិ្ធធ្វើកូដកម្ម និងធ្វើបាតុកម្មដោយអហឹង្សា ។

ច្បាប់ការងារឆ្នាំ ១៩៩៧ ការពារសេរីភាពក្នុងការធ្វើសមាគម និងហាមឃាត់ការរើសអើងប្រឆាំងសហជីពដោយនិយោជក តែរដ្ឋាភិបាលខកខានមិនបានអនុវត្តច្បាប់ដោយប្រសិទ្ធភាពទេ ។ មាត្រា ២៧១ នៃច្បាប់ការងារ ធានាសេរីភាពរបស់កម្មករដើម្បីបង្កើតសហជីពមួយតាមការជ្រើសរើសរបស់ពួកគេដោយគ្មានការរើសអើង លើមូលដ្ឋានភេទ អាយុ និងសញ្ជាតិ ។ វិធីប្រឆាំងសហជីពរបស់រោងចក្ររំលោភមាត្រា ២៧៩ ដែលចែងថា “និយោជក ត្រូវហាមឃាត់មិនត្រូវយកមកពិចារណានូវខ្សែរយៈ ឬការចូលរួមសកម្ម​ភាពរបស់សហជីព នៅពេលធ្វើសេចក្តីសម្រេចអំពីការជ្រើសរើស ការគ្រប់គ្រង និងការចាត់តាំងឲ្យធ្វើការងារ ការដំឡើងតួនាទី ប្រាក់ខែ និងការផ្តល់អត្ថប្រយោជន៍ ការដាក់វិធានការវិន័យ និងការបណ្តេញ​ចោល”។ ការបង្កើតសហជីពត្រួតត្រាដោយរោងចក្រ រំលោភលើមាត្រា ២៨០ ដែលហាមមិនឲ្យនិយោ​ជកជ្រៀតជ្រែកចូលក្នុងសហជីពកម្មករ ដើម្បីធានាថាពួកគេមិនត្រូវបានគ្របសង្កត់ ឬ ត្រួតត្រា ដោយនិយោ​-ជក ។

អនុសាសន៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស  ចំពោះសមាគមរោងចក្រកាត់ដេរនៅកម្ពុជា

ណែនាំសមាជិកឲ្យឈប់គ្រប់រូបភាពនៃការរើសអើងប្រឆាំងសហជីព បញ្ឈប់ការគំរាមកំហែងប្រឆាំងសហជីព និងសមាជិក សហជីពឯករាជ្យ និងបញ្ចប់ការប្រើមិនត្រឹមត្រូវការិយាធិបតេយ្យនៃនីតិវិធីចុះឈ្មោះសហជីព ។ ប្រតិបត្តិតាមច្បាប់ការងារកម្ពុជាស្តីពីកិច្ចសន្យាការងារមានរយៈពេលកំណត់ ចេញឲ្យនូវកិច្ចសន្យាសម្រាប់ “ការងារអចិន្ត្រៃយ៍” ដល់កម្មករដែលបានធ្វើការលើសពីពីរឆ្នាំ ។

ចំពោះយីហោសម្លៀកបំពាក់អន្តរជាតិ៖

បង្ហាញអពីរោងចក្រផ្គត់ផ្គង់ និងពួកអ្នកម៉ៅការបន្ត ទាំងអស់ និងធ្វើបច្ចុប្បន្នភាពជាទៀងទាត់ ។

គាបសង្កត់ពួកផ្គត់ផ្គង់ឲ្យបញ្ឈប់សកម្មភាពប្រឆាំងសហជីព និងចេញ “កិច្ចសន្យាអចិន្ត្រៃយ៍” ឲ្យកម្មករដែលបានធ្វើការលើសពីពីរឆ្នាំ ។

អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យដកចេញវិញ ការហាមឃាត់របស់ខ្លួនមិនឲ្យធ្វើការតវ៉ា និងដោះលែងនិងទម្លាក់ចោលការចោទប្រកាន់ ប្រឆាំងបុគ្គលទាំងអស់ដែលត្រូវបានចាប់ខ្លួនដោយសារតែការតវ៉ាសិទិ្ធការងាររបស់ពួកគេ ។

ដល់រដ្ឋាភិបាលកម្ពុជា៖

លុបចោលភ្លាមការហាមឃាត់មិនឲ្យធ្វើការតវ៉ា ។

ដោះលែងបុគ្គលទាំងអស់ ដែលត្រូវចាប់ដោយសារតែការតវ៉ារបស់ពួកគេឲ្យបានប្រាក់ខែប្រសើរជាង ឬសិទិ្ធជាមូលដ្ឋានដទៃទៀត ។ អនុវត្តដោយប្រសិទ្ធភាពច្បាប់ការងារឆ្នាំ ១៩៩៧ ជាពិសេសសិទិ្ធរបស់កម្មកក្នុងការបង្កើតសហជីព និងកិច្ចការពារពីសកម្មភាពប្រឆាំងសហជីព ។

បទសម្ភាសន៍ និងសក្ខីកម្ម

ឈ្មោះរោងចក្រ និងសហព័ន្ធសហជីព មិនត្រូវបានបង្ហាញនៅទីនេះទេ ដើម្បីការពារកម្មករ

រោងចក្រទី ១

កម្មករកាត់ដេរម្នាក់ បាននិយាយថា អ្នកគ្រប់គ្រងរោងចក្ររបស់ខ្លួន បានបណ្តេញខ្លួនចោល ភ្លាមៗបន្ទាប់ពីពួកគេត្រូវបានទទួលការជូនដំណឹងថា រូបខ្លួនត្រូវបានជ្រើសរើសទៅក្នុងសហជីពថ្មីមួយដែលរូបខ្លួនបានជួយបង្កើតវាឡើង ។ រូបគេបាននិយាយថា៖

ការបោះឆ្នោតបានធ្វើឡើងនៅក្នុងខែតុលា ឆ្នាំ ២០១៣ ហើយរូបខ្ញុំត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធាន ។ យើងបានបញ្ជូនលិខិតជូនដំណឹងមួយច្បាប់ទៅឲ្យរោងចក្រ ។ ពួកគេមិនទទួលយកលិខិតនោះទេ ។ ជាជំនួស គូស្វាម៉ីភរិយាចិនជាថៅកែ បានកោះហៅខ្ញុំឲ្យទៅជួបប្រជុំជាមួយពួកគេ ហើយបានសួរខ្ញុំថាប្រាកដជាចង់បង្កើតសហជីពមែនទេ ។ ខ្ញុំមានការភ័យខ្លាច ហើយឆ្លើយថាអត់ទេ ។ ពួកគេបានឲ្យខ្ញុំត្រឡប់ទៅធ្វើការវិញនៅថ្ងៃនោះ ។ ពួកគេបានកោះហៅខ្ញុំជាថ្មីម្តងទៀតទៅប្រជុំនៅថ្ងៃបន្ទាប់ និងមានមនុស្សប្រុសម្នាក់ទៀតនៅក្នុងបន្ទប់ ។ គេបានណែនាំខ្លួនគេថាជាមន្ត្រីមកពីក្រសួងមហាផ្ទៃ ។ គេបានសួរខ្ញុំថា តើខ្ញុំចង់បានលុយប៉ុន្មានដើម្បីចាកចេញពីរោងចក្រ ។ ខ្ញុំមិនបានទទួលលុយទេ ។ ថ្ងៃបន្ទាប់មក អ្នកគ្រប់គ្រងរោងចក្របានកោះហៅខ្ញុំ អនុប្រធាន [សហជីព] និងលេខា​ធិការ[សហជីព] ហើយបានប្រាប់យើងថា យើងធ្វើការងារមិនបានល្អ ហើយពួកយើងត្រូវលែងឲ្យធ្វើការតទៅទៀតហើយ ។ ពួកគេបានណែនាំពួកអ្នកយាមសន្តិសុខមិនឲ្យពួកយើងចូលក្នុងរោងចក្រនៅថ្ងៃបន្ទាប់ទេ ។

រោងចក្រទី ២

កម្មការីនីធ្វើការមានកិច្ចសន្យាមានរយៈ ៤ ខែ ម្នាក់ បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា ពួកអ្នកគ្រប់គ្រងរោងចក្ររបស់ខ្លួនបានបណ្តេញមេដឹកនាំសហជីពឯករាជ្យចោល នៅពាក់កណ្តាល​ឆ្នាំ ២០១៣ ហើយបានបង្កើត “សហជីព” លំអៀងទៅខាងអ្នកគ្រប់គ្រង គេបាននិយាយ៖

មុននេះ យើងមានសហជីពមួយផ្សេង - រោងចក្របានកំចាត់មេដឹកនាំសហជីពមុនៗទាំងអស់ និងបានបង្កើតសហជីពថ្មីមួយ ។ ទាំងអស់នេះបានកើតឡើងប៉ុន្មានខែបន្ទាប់ពីខ្ញុំបានចូលរួមឆ្នាំនេះ [២០១៣] ... មេដឹកនាំសហជីពបានបាត់បង់ការងាររបស់ពួកគេ ។ ទី ១ រោងចក្រមិនអនុញ្ញាតឲ្យមេដឹកនាំសហជីពណាម្នាក់ធ្វើការ ហើយពួកកម្មករបានបធ្វើកូដកម្ម ។ ពួកគេយកកម្មករនោះត្រឡប់មកវិញ តែមួយរយៈពេលក្រោយមក មេដឹកនាំសហជីពទាំងអស់ត្រូវបានបណ្តេញចោល ។

រោងចក្រទី ៣

កម្មករមានកិច្ចសន្យារយៈពេលកំណត់ពីរនាក់ បាននិយាយថារោងចក្រពួកគេ បានបណ្តេញកម្មករដែលបានប៉ុនប៉ងបង្កើតសហជីព នៅក្នុងឆ្នាំ ២០១២ ។ “ចាប់តាំងពីពេលនោះមក អ្នកដឹកនាំក្រុម និងបុគ្គលិករដ្ឋបាល តែងតែព្រមានយើងជាបន្តបន្ទាប់ថា កិច្ចសន្យារបស់យើងនឹងមិនត្រូវបន្តឲ្យ​ទេ បើសិនជាយើងបង្កើតសហជីព” កម្មករម្នាក់បាននិយាយ ។ ពួកគេនិយាយថា រោងចក្រអនុញ្ញាតឲ្យមានតែសហជីពលំអៀងទៅខាងការគ្រប់គ្រងប៉ុណ្ណោះ ។

រោងចក្រទី ៤

កម្មករពីរនាក់បានរាយការណ៍ថា ពួកអ្នកគ្រប់គ្រងបានអនុញ្ញាតឲ្យតែកម្មករដែលមិនមែនជាសមាជិកសហជីពឯករាជ្យ ទទួលបានលុយបន្ថែមដោយធ្វើការបន្ថែមម៉ោង ។

រោងចក្រទី ៥

កម្មករ ២ នាក់ ដែលបានជួយបង្កើតសហជីពឯករាជ្យមួយ បានរាយការណ៍ថា ក្នុងឆ្នាំ ២០១៣ រដ្ឋបាលរោងចក្រ បានបង្ខំឲ្យកម្មករប្រុសពីរនាក់ ចុះហត្ថលេខាលើលិខិតមួយច្បាប់ សន្យាថាមិនបង្កើតសហជីពទេ ។ កម្មករម្នាក់បាននិយាយថា៖

បុគ្គលិករដ្ឋបាល បានកោះហៅកម្មករប្រុសជាច្រើននាក់ និងសុំឲ្យពួកយើងផ្តិតមេដៃលើលិខិតមួយច្បាប់ចែងថា យើងនឹងមិនបង្កើតសហជីពទេ ។ ពួកគេបានប្រាប់យើងថា បើសិនជាយើងបង្កើតសហជីព ពួកយើងនឹងត្រូវបណ្តេញចោល ។ អ្នកគ្រប់គ្រងបានសុំឲ្យមេក្រុមបញ្ជូនមនុស្សប្រុសទាំងនោះ [ទៅកាន់ការិយាល័យដើម្បីចុះហត្ថលេខាលើលិខិត] ដែលសកម្មក្នុងរោងចក្រ-ពួកដែលមានវោហារ និងរករឿងជាមួយពួកគ្រប់គ្រង ។

បញ្ហាក្នុងរោងចក្រអ្នកម៉ៅការបន្ត

អ្នកម៉ៅការបន្តទី ១

កម្មករម្នាក់ដែលធ្វើការតាំងពីឆ្នាំ ២០១៣​ នៅក្នុងរោងចក្រតូចមួយ ដែលម៉ៅការបន្តពីរោងចក្រធំ បាននិយាយថា៖

ខ្ញុំបានទៅធ្វើការក្នុងផ្នែកដេរនៃរោងចក្រតូចនោះ ។ យើងបានផលិតសម្រាប់រោងចក្រធំៗដទៃទៀត-ខ្ញុំមិនបានដឹងថារោងចក្រណាមួយទេ តែអ្នកគ្រប់បានប្រាប់យើងថា យើងបញ្ជូនផលិតផលទៅឲ្យរោងចក្រដទៃទៀត ។ ពួកគេបានជួលយើងដោយឲ្យប្រាក់ឈ្នួលប្រចាំថ្ងៃ ។ រោងចក្រមិនមានសហជីពទេ ។ លក្ខខណ្ឌធ្វើការងារនៅទីនោះអាក្រក់​។ គ្មានកម្មករណាដែលអាចបង្កើតសហជីពនៅទីនោះបានទេ ។ សូម្បីតែកម្មករនិយាយគ្នាក៏មិនត្រូវបានអនុញ្ញាតដែរ ... ក្នុងរោងចក្រ ។

 អ្នកម៉ៅការបន្តទី ២

កម្មករម្នាក់មកពីរោងចក្រម៉ៅការបន្តក្នុងខេត្តកណ្តាល បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា រូបគេត្រូវបានគម្រាមកំហែងដោយផ្ទាល់មាត់ជាប្រចាំ និងបានព្រមានប្រឆាំងការបង្កើតសហជីព។កម្មករដទៃទៀតនៃរោងចក្រម៉ៅការបន្តក្នុងខេត្តកណ្តាល បាននិយាយថា រោងចក្រពួកគេគ្មានសហជីពទេ ហើយកម្មករមានការខ្លាចខ្លាំងណាស់ក្នុងការចាប់ផ្តើមបង្កើតសហជីព ។

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed