(ភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩) – ជនរស់រានមានជីវិតពីអំពើហិង្សាដោយអាស៊ីដនៅកម្ពុជា ត្រូវបានបដិសេធមិនផ្ដល់ជូននូវការព្យាបាលដោយគ្មានបង់ប្រាក់ ផ្ទុយពីច្បាប់ដែលបានចែង ហើយពួកគេក៏ប្រឈមនឹងសម្ពាធដែលធ្វើឲ្យពួកគេត្រូវបង្ខំចិត្តទទួលយកដំណោះស្រាយដែលមិនយុត្តិធម៌ នេះបើតាមការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សយូមែនរ៉ៃត៍វច្ឆ (Human Rights Watch) ក្នុងរបាយការណ៍មួយដែលត្រូវបានចេញផ្សាយនៅថ្ងៃនេះ។ រដ្ឋាភិបាលកម្ពុជាគួរអនុវត្តច្បាប់របស់ខ្លួនដែលតម្រូវឲ្យមានការផ្ដល់ជំនួយផ្នែកច្បាប់ សង្គមកិច្ច និងសុខាភិបាលដល់ជនរស់រានមានជីវិតពីការវាយប្រហារដោយអាស៊ីដ។
របាយការណ៍កម្រាស់៤២ទំព័រ ក្រោមចំណងជើងថា «ដូចរស់ក្នុងឋាននរក»៖ អំពើវាយប្រហារដោយអាស៊ីដនៅកម្ពុជា រៀបរាប់ពីការប្រើប្រាស់អាស៊ីដនីទ្រិក ឬ អាស៊ីដស៊ុលហ្វួរិក ដោយបុគ្គលឯកជន ដើម្បីបង្កការឈឺចាប់ និងបង្កស្លាកស្នាញជារៀងរហូតទៅលើជនរងគ្រោះ ព្រមទាំងរៀបរាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ជនរស់រានមានជីវិតពីការវាយប្រហារ ក្នុងការស្វះស្វែងរកយុត្តិធម៌ និង ការថែទាំព្យាបាលសុខភាព។ បន្ទាប់ពីមានករណីវាយប្រហារជាច្រើនត្រូវបានផ្សព្វផ្សាយយ៉ាងផុលផុសដល់សាធារណជននៅកម្ពុជាមក រដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងអាស៊ីដខ្លាំង នៅឆ្នាំ២០១២ ក្នុងបំណងទប់ស្កាត់ការចរាចរអាស៊ីដនៅលើទីផ្សារដែលត្រូវបានប្រើប្រាស់ក្នុងអំពើវាយប្រហារ និងក្នុងបំណងផ្ដល់ជំនួយផ្នែកសុខាភិបាល និង ផ្នែកច្បាប់ដល់ជនរងគ្រោះ។ ចាប់តាំងពីច្បាប់នោះត្រូវបានអនុម័តរួចមក អំពើវាយប្រហារដោយអាស៊ីដបានធ្លាក់ចុះ ហើយវត្តមានអាស៊ីដលើទីផ្សារក្នុងរាជធានីភ្នំពេញត្រូវបានកាត់បន្ថយ។ ទោះបីជាយ៉ាងនេះក្ដី អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ៃត៍វច្ឆ (Human Rights Watch) រកឃើញថា ជនរស់រានមានជីវិតពីអំពើវាយប្រហារជាច្រើន មិនទទួលបានសេវាថែទាំសុខាភិបាលឲ្យបានគ្រប់គ្រាន់ និងសំណងសមរម្យដែលធានាដោយច្បាប់នោះទេ ហើយជនប្រព្រឹត្តអំពើវាយប្រហារកម្រនឹងត្រូវបានយកមកផ្តន្ទាទោសតាមច្បាប់ណាស់។
លោក ប្រ៊ែដ អាដាមស៍ (Brad Adams) នាយកទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ៃត៍វច្ឆ (Human Rights Watch) លើកឡើងថា៖ «រដ្ឋាភិបាលកម្ពុជាបានបោះជំហានដ៏សំខាន់មួយ តាមរយៈការបង្កើតច្បាប់ស្ដីពីអាស៊ីដ ដោយបានធ្វើការសន្យាយ៉ាងច្បាស់ដល់ជនរស់រានមានជីវិតពីអំពើហិង្សាដោយការប្រើអាស៊ីដ។ លោកបន្តថា៖ «ការបរាជ័យរបស់រដ្ឋាភិបាលក្នុងការអនុវត្តច្បាប់នៅតាមបណ្ដាខេត្តក្រៅពីរាជធានីភ្នំពេញ ការបរាជ័យក្នុងការធ្វើឲ្យជនល្មើសទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ ឬ បរាជ័យក្នុងការធានាផ្ដល់ការព្យាបាល និងសំណងគ្រប់គ្រាន់ដល់ជនរងគ្រោះ បានធ្វើឲ្យការសន្យាទាំងនោះក្លាយជាការសន្យាទទេ ដោយបណ្ដាលឲ្យជនរងគ្រោះរងផលវិបាកអស់មួយជីវិត។»
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ៃត៍វច្ឆ (Human Rights Watch) បានជួបសម្ភាសន៍មនុស្សចំនួន៨១នាក់ រួមមានជនរស់រានមានជីវិតពីការវាយប្រហារដោយអាស៊ីដចំនួន១៧នាក់នៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម សាច់ញាតិរបស់ពួកគេ មេធាវី អ្នកជំនាញដែលធ្វើការងារផ្ដោតលើបញ្ហាអំពើហិង្សាដោយអាស៊ីដ និងអាជីវករលក់អាគុយម៉ូតូតាមផ្លូវ ព្រមទាំងអ្នកលក់អាស៊ីដដទៃទៀតក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
ទោះជាច្បាប់ស្ដីពីអាស៊ីដរបស់កម្ពុជាតម្រូវឲ្យមន្ទីរសុខាភិបាលរដ្ឋទាំងអស់ផ្ដល់ការព្យាបាល និង ថែទាំដោយមិនចាំបាច់បង់ប្រាក់ដល់ជនរងគ្រោះក្នុងអំពើវាយប្រហារដោយការប្រើអាស៊ីដក៏ដោយ គ្មានជនរងគ្រោះណាម្នាក់ក្នុងចំណោមជនរងគ្រោះទាំងអស់ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍វច្ឆ (Human Rights Watch) បានជួបសម្ភាសន៍ ទទួលបានការព្យាបាលដោយមិនចាំបាច់បង់ប្រាក់នោះឡើយ។ ផ្ទុយទៅវិញ ជនរងគ្រោះទាំងនោះបានរៀបរាប់ថា ពួកគេត្រូវបានគ្រូពេទ្យបដិសេធមិនព្យាបាលឲ្យ លុះត្រាតែពួកគេអាចរ៉ាប់រងថ្លៃព្យាបាលបានដោយខ្លួនឯង ឬ លុះត្រាតែមានភស្ដុតាងបញ្ជាក់ថា ពួកគេមានលទ្ធភាពបង់ប្រាក់ ទើបគ្រូពេទ្យយល់ព្រមផ្ដល់ការព្យាបាលជូនពួកគេ។ សូម្បីតែបុគ្គលិកនៅមន្ទីរពេទ្យដែលធំបំផុតនៅកម្ពុជា ដែលជាមន្ទីរពេទ្យតែមួយគត់មានអង្គភាពជំនាញខាងព្យាបាលការរលាក ក៏មិនបានដឹងថា ច្បាប់តម្រូវឲ្យផ្ដល់ការព្យាបាលដល់ជនរងគ្រោះដោយមិនចាំបាច់បង់ប្រាក់នោះដែរ។
ជនរងគ្រោះដែលរងការឈឺចាប់ខ្លាំងដោយសារការរលាកអាស៊ីដ ត្រូវប្រឈមនឹងបទប្បញ្ញត្តិបែបរឹតត្បិតខ្លាំងពេករបស់កម្ពុជាស្ដីពីការប្រើឱសថបំបាត់ការឈឺចាប់កម្រិតពីមធ្យមទៅខ្លាំង (opioid analgesics) រួមទាំងបទប្បញ្ញតិ្តដែលដាក់កំហិតថា វេជ្ជបញ្ជាឲ្យអ្នកជំងឺប្រើថ្នាំបន្ថយការឈឺចាប់ប្រភេទម័រហ្វីន (morphine) មានសុពលភាពត្រឹមតែ៧ថ្ងៃ។ គ្មានមន្ទីរពេទ្យរដ្ឋណាមួយដែលស្ថិតនៅក្រៅរាជធានីភ្នំពេញ មានថ្នាំគ្រាប់ម័រហ្វីនទុកក្នុងមន្ទីរពេទ្យឡើយ។ ជាលទ្ធផល លទ្ធភាពរបស់ពលរដ្ឋក្រីក្រនៅតាមទីជនបទក្នុងការទទួលបានថ្នាំបន្ថយការឈឺចាប់ត្រូវបានរាំងស្ទះដោយសារថ្លៃចំណាយខ្ពស់។ សូម្បីតែនៅក្នុងរាជធានីភ្នំពេញ ថ្នាំម័រហ្វីន រួមទាំងថ្នាំគ្រាប់ម័រហ្វីនផង នៅតែខ្វះខាតនៅឡើយ។
ករណីអំពើហិង្សាដោយការប្រើអាស៊ីដ ដែលល្បីខ្ទរខ្ទារបំផុតនៅកម្ពុជា ទំនងជាករណីវាយប្រហារលើអ្នកស្រី តាត ម៉ារីណា ក្នុងឆ្នាំ១៩៩៩ ដែលកាលណោះនាងមានវ័យ១៦ឆ្នាំនៅឡើយ។ លោក ស្វាយ ស៊ីថា ដែលកាលណោះមានអាយុ៤០ឆ្នាំកាន់តំណែងជាអនុរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកុហកម៉ារីណាថា ខ្លួនជាអ្នកជំនួញមកពីសហរដ្ឋអាមេរិក និង បានគំរាមកំហែងនាងតាមផ្លូវវាចា និង ផ្លូវកាយ បង្ខំឲ្យនាងបន្តរក្សាទំនាក់ទំនងជាមួយខ្លួន នេះបើតាមការលើកឡើងរបស់ម៉ារីណា។ នៅពេលភរិយារបស់លោកស្វាយ ស៊ីថា ដែលមានឈ្មោះ ឃួន សុផល បានដឹងពីទំនាក់ទំនងរវាងអ្នកទាំងពីរ នាងបានជួលបុរសមួយក្រុមឲ្យមកវាយធ្វើបាបម៉ារីណារហូតដល់បាត់បង់ស្មារតី ហើយស្រោចអាស៊ីដនីទ្រិកលើមុខរបស់នាង។ គ្មានបុគ្គលណាម្នាក់ត្រូវបានតុលាការយកមកកាត់ទោសចំពោះអំពើវាយប្រហារលើម៉ារីណាឡើយ — ទោះបីជាអំពើវាយប្រហារនោះបានកើតឡើងទាំងកណ្ដាលថ្ងៃ នៅផ្សារដែលមានមនុស្សម្នាយ៉ាងច្រើនកុះករ ហើយក្រុមជនល្មើសបានបន្សល់ទុកនូវភស្ដុតាងដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេនៅកន្លែងកើតហេតុក៏ដោយ — ហើយម៉ារីណាមិនទទួលបានសំណងជំងឺចិត្តអ្វីទាល់តែសោះ។ ចំណែក ស្វាយ ស៊ីថា ត្រូវបានលោក ហ៊ុន សែន តំឡើងតំណែងឲ្យនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្រ្តី និងជាទីប្រឹក្សានាយករដ្ឋមន្ត្រីដែលជាតំណែងកំពូលក្នុងជួររដ្ឋាភិបាល។
ជនរងគ្រោះភាគច្រើនដែលត្រូវបានសម្ភាសន៍ សម្រាប់របាយការណ៍នេះនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ ជនរងគ្រោះជាច្រើនបាននិយាយថា មន្ត្រីរដ្ឋាភិបាលបានដាក់សម្ពាធលើពួកគេឲ្យយល់ព្រមទទួលយកដំណោះស្រាយដែលមានលក្ខណៈមិនគ្រប់គ្រាន់ក្រៅផ្លូវតុលាការ។ ក្នុងចំណោមករណីមួយចំនួនតូចដែលបានប្ដឹងទៅតុលាការ មានករណីតិចតួចប៉ុណ្ណោះដែលបានឈានដល់ដំណាក់កាលតុលាការផ្ដន្ទាទោសជនល្មើស ហើយកាន់តែតិចតួចទៅទៀតដែលបានឈានដល់ដំណាក់កាលជនល្មើសអនុវត្តទោស។ គ្មានជនរងគ្រោះអ្នកណាម្នាក់ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សយូមែនរ៉ៃត៍វច្ឆ (Human Rights Watch) បានសម្ភាសន៍ ទទួលបានសំណងតាមផ្លូវតុលាការឡើយ ទោះបីជាក្រមនីតិវិធីព្រហ្មទណ្ឌ និង ក្រមរដ្ឋប្បវេណីរបស់កម្ពុជាចែងពីសិទ្ធិរបស់ជនរងគ្រោះក្នុងការទទួលបានសំណងផលប៉ះពាល់យ៉ាងណាក៏ដោយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សយូមែនរ៉ៃត៍វច្ឆ (Human Rights Watch) លើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរតែហាមឃាត់រាល់ការទូទាត់សំណងក្រៅផ្លូវការក្នុងករណីបទល្មើសព្រហ្មទណ្ឌ ហើយធ្វើឲ្យអំពើរារាំងដល់ដំណើរការអនុវត្តច្បាប់ ក្លាយជាបទល្មើសព្រហ្មទណ្ឌ។ ការរារាំងដល់ដំណើរការអនុវត្តច្បាប់គួរតែរួមបញ្ចូលការអន្តរាគមន៍ដោយមិនត្រឹមត្រូវពីសំណាក់នគរបាល មន្ត្រី ចៅក្រម ឬ ព្រះរាជអាជ្ញា។ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌កម្ពុជាគួរតែរួសរាន់ធ្វើឲ្យសេចក្ដីព្រាងច្បាប់ស្ដីពីការការពារជនរងគ្រោះ និងសាក្សី ដែលបានសន្យាជាយូរមកហើយនោះ ក្លាយជាច្បាប់។
លោក ប្រ៊ែដ អាដាមស៍ (Brad Adams) ថ្លែងថា៖ «រដ្ឋាភិបាលកម្ពុជាគួរតែទំនាក់ទំនងឲ្យបានច្បាស់ជាមួយមន្ទីរពេទ្យរដ្ឋទាំងអស់ អំពីប្បញ្ញត្តិនៃច្បាប់ដែលតម្រូវឲ្យផ្ដល់ការព្យាបាលដល់ជនរងគ្រោះដោយសារអាស៊ីដខ្លាំង ដោយឥតគិតថ្លៃ និងកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការទូទាត់ថ្លៃចំណាយដល់មន្ទីរពេទ្យ។» លោកបន្តថា៖ «រដ្ឋាភិបាលគួរតែធ្វើបច្ចុប្បន្នភាពចំពោះ បទប្បញ្ញត្តិស្ដីពីថ្នាំបំបាត់ការឈឺចាប់ (opioid analgesics) ដើម្បីធានាថា ថ្នាំកាត់បន្ថយការឈឺចាប់ប្រភេទនេះមានគ្រប់គ្រាន់ និងអាចឲ្យជនទាំងឡាយដែលត្រូវការប្រើប្រាស់ថ្នាំប្រភេទនេះមានលទ្ធភាពទទួលបាននៅពេលពួកគេត្រូវការ ដើម្បីជួយឲ្យជនរស់មានជីវិតពីការវាយប្រហារដោយអាស៊ីដ អាចរួចផុតពីជីវិតដែលពោរពេញដោយក្ដីឈឺចាប់៕»