Skip to main content

កម្ពុជា / ម៉ាឡេស៊ី ៖ ពលករធ្វើការតាមផ្ទះប្រឈមនឹងការរំលោភបំពាន

សូមពង្រីកកិច្ចការពារខាងការងារដល់ស្រ្តីនិងកុមារីចំណាកស្រុកនៅក្នុងប្រទេសនិងក្រៅប្រទេស

(ភ្នំពេញ, ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១១) -អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានចុះផ្សាយក្នុងរបាយការណ៍​ថ្ងៃនេះថា​ ការខកខានរបស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីដាក់បទប្បញ្ញត្តិ​គ្រប់គ្រង លើអ្នកជ្រើសរើសនិងនិយោជក ធ្វើឲ្យពលករចំណាកស្រុកធ្វើការតាមផ្ទះជាតិកម្ពុជា ទទួលរងនូវការ រំលោភដ៏រីក​រាលដាល។ ស្រ្តីនិងកុមារីកម្ពុជាជាច្រើនពាន់នាក់ ដែលធ្វើចំណាកស្រុកទៅកាន់ប្រទេស ម៉ាឡេស៊ី ទទួលបាននូវការការពារបន្តិចបន្តួច ពីការបង្ខាំងខ្លួននៅក្នុងមណ្ឌល ពីបន្ទុកបំណុល​ដ៏ធ្ងន់ធ្ងរ និងពីល័ក្ខខ័ណ្ឌការងារមានលក្ខណៈកេងប្រវ័ញ្ច។

របាយការណ៍ដែលមាន១០៥ទំព័រស្តីពី “ពួកគេបោកប្រាស់យើងគ្រប់ជំហាន៖ ការរំលោភលើអ្នកធ្វើការ តាម​ផ្ទះជាតិកម្ពុជា ដែលធ្វើចំណាកស្រុកទៅកាន់ប្រទេសម៉ាឡេស៊ី” ជារបាយការណ៍ដែលចងក្រង បទពិសោធន៍របស់​ពលករធ្វើការតាមផ្ទះជាតិកម្ពុជា ក្នុងអំឡុងពេលជ្រើសរើស អំឡុងពេលធ្វើការនៅ ក្រៅប្រទេស និង​ពេលវិលត្រឡប់មកកាន់មាតុភូមិរបស់ពួកគេវិញ។ របាយការណ៍នេះធ្វើឡើងផ្អែក លើការសម្ភាសន៍​ចំនួន៨០លើក ជាមួយពលករចំណាកស្រុកធ្វើការតាមផ្ទះ គ្រួសាររបស់ពួកគេ មន្រ្តីរដ្ឋាភិបាល អង្គការ​មិនមែនរដ្ឋាភិបាល និងទីភ្នាក់ងារជ្រើសរើសពលករ។ របាយការណ៍នេះ គូសបង្ហាញពីឧបសគ្គមួយ​ចំនួនដែលធ្វើឲ្យស្រ្តី និងកុមារីដែលទទួលរងការធ្វើបាប មិនទទួលបាន យុត្តិធម៌ និងការដោះស្រាយ ក្នុង​ប្រទេសកម្ពុជានិងប្រទេសម៉ាឡេស៊ី។

យូណា ពូយ៉ាល់ ជាអ្នកស្រាវជ្រាវអំពីសិទិ្ធស្រ្តីនៅឯអង្គការឃ្លាំមើលសិទិ្ធមនុស្ស បានមានប្រសាសន៍ថា​”កម្ពុជាបានយកចិត្តទុកដាក់ក្នុងការជំរុញឲ្យមានការធ្វើចំណាកស្រុកពលករ ប៉ុន្តែប្រទេសនេះ​បានខក​ខានផ្តល់កិច្ចការពារជាមូលដ្ឋានដល់ស្រ្តីនិងកុមារីចំណាកស្រុក។ រដ្ឋាភិបាលគួរតែបញ្ឈប់ការប្រគល់​ការទទួលខុសត្រូវគ្រប់យ៉ាងទៅឲ្យទីភ្នាក់ងារជ្រើសរើសពលករដែលមិនស្មោះត្រង់ និងត្រូវតែបោស​សម្អាតឲ្យអស់នូវអំពើកេងប្រវ័ញ្ចនិងអំពើរំលោភបំពាន។”

ចាប់តាំងពីឆ្នាំ២០០៨មក ស្រ្តីនិងកុមារីកម្ពុជាចំនួនសែសិបទៅហាសិបពាន់នាក់ បានធ្វើចំណាកស្រុក​ទៅកាន់ប្រទេសម៉ាឡេស៊ី ជាអ្នកធ្វើការតាមផ្ទះ។ ភ្នាក់ងារជ្រើសរើសពលករមួយចំនួននៅក្នុងប្រទេស​កម្ពុជា បានក្លែងប្រឌិតឯកសារអត្តសញ្ញាណក្លែងក្លាយ ដើម្បីជ្រើសរើសកុមារ និងផ្តល់គ្រឿងទាក់ ទាញទឹកចិត្តជា​ប្រាក់កាសនិងជាអាហារ ដែលនាំឲ្យពលករចំណាកស្រុក និងគ្រួសាររបស់ពួកគេជាប់ បំណុលយ៉ាងធ្ងន់​ធ្ងរ ធ្វើឲ្យពួកគេយល់ខុសអំពីការទទួលខុសត្រូវចំពោះការងាររបស់ពួកគេនៅក្នុង ប្រទេសម៉ាឡេស៊ី និង​យកថ្លៃឈ្នួលជ្រើសរើសច្រើនហួសប្រមាណ។

ពលករធ្វើការតាមផ្ទះបានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា ភ្នាក់ងារបានបង្ខំបង្ខាំងអ្នក​ដែល​បាន​ជ្រើស​រើសរយៈពេលបីខែ ឬក៏យូរជាងនេះនៅក្នុងមណ្ឌលហ្វឹកហ្វឺនដោយមិនមានអាហារ ទឹក និង ការថែទាំ​ផ្នែកពេទ្យឲ្យបានគ្រប់គ្រាន់ឡើយ។ ភ្នាក់ងារជ្រើសរើសពលករមួយចំនួន បង្ខំស្រ្តីនិងកុមារ ឲ្យធ្វើ​ចំណាកស្រុក ទោះជាពួកគេលែងមានបំណងទៅធ្វើការនៅក្រៅប្រទេសតទៅទៀតក៏ដោយចុះ។ អ្នក​ធ្វើការដែលភៀសខ្លួនពីមណ្ឌលហ្វឹកហ្វឺន ប្រឈមមុខនឹងការសងសឹកចំពោះការរត់គេចខ្លួន ឬ ចំពោះ​ការខកខានសងបំណុល ដែលពាក់ព័ន្ធនឹងដំណើរការជ្រើសរើសពលករ។

ប្តីរបស់អ្នកធ្វើការតាមផ្ទះមួយរូប ដែលបានបានភៀសខ្លួនចេញពីមណ្ឌលហ្វឹកហ្វឺន បានប្រាប់អង្គការ​ឃ្លាំមើលសិទិ្ធមនុស្សថា ៖

តំណាងពីក្រុមហ៊ុនបាននិយាយថា ប្រសិនបើប្រពន្ធរបស់ខ្ញុំមិនវិលត្រឡប់មកវិញទេ គាត់នឹងដាក់លក់ឡាយឡុងផ្ទះនិងដីនេះ។ ប្រសិនបើការលក់ឡាយឡុងមិនគ្រប់គ្រាន់​ទេនោះ ពួកគេនឹងចាប់ខ្ញុំដាក់គុក។ 

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរកឃើញថា នៅគ្រប់ពេលទាំងអស់ កិច្ចសហការរបស់រដ្ឋាភិបាល​កម្ពុជា​​ជាមួយទីភ្នាក់ងារជ្រើសរើសពលករឯកជន​ បានធ្វើឲ្យពលករមិនអាចស្វែងរកការដោះស្រាយ​ប្រកប​ដោយប្រសិទិ្ធភាពបានឡើយ។ ពលករធ្វើការតាមផ្ទះមួយរូបបានមានប្រសាសន៍ថា ស្រ្តីពីររូប បានប៉ុន​ប៉ងធ្វើអត្តឃាតនៅក្នុងមណ្ឌលហ្វឹកហ្វឺនក្នុងប្រទេសកម្ពុជា បន្ទាប់ពីទីភ្នាក់ងារបានច្រានចោល ការស្នើ​សុំរបស់ពួកគេត្រឡប់ទៅផ្ទះវិញ។

ក្រោយមក ភ្នាក់ងារបានរៀបចំការប្រជុំជាមួយអ្នកដែលបានជ្រើសរើសទាំងអស់។ នគរបាលពីររូប ក៏ មាន​វត្តមាននៅទីនោះដែរ។

ពលករមួយរូបបាននិយាយថា “មន្រ្តីនគរបាលបានប្រាប់យើងថា ប្រសិនបើយើង [មានបំណង] ធ្វើអត្ត​ឃាត នោះពួកគេនឹងដាក់គុកពួកយើង។ ពួកគេបាននិយាយផងដែរថា ពួកយើងមិនគួរព្យាយាមរត់​គេច​ខ្លួន​នោះទេ។ ទោះជាយើងរត់គេចខ្លួនក៏ដោយ ក៏ប៉ូលីសនឹងរក [ពួកយើង] ហើយយើងនៅតែត្រូវ បញ្ជូន​ទៅកាន់ប្រទេសម៉ាឡេស៊ីដដែល។”

ក្នុងការកាត់ទោសប្រកបដោយជោគជ័យជាលើកដំបូងលើទីភ្នាក់ងារជ្រើរើសមួយនោះ តុលាការ​កម្ពុជា​ក្នុងខែកញ្ញា ២០១១ បានកាត់ទោសអ្នកគ្រប់គ្រងម្នាក់របស់ទីភ្នាក់ងារជ្រើសរើសពលករឈ្មោះ វីស៊ីមែន​ផាវឹ ឲ្យជាប់គុករយៈពេល ១៣ ខែចំពោះការឃុំឃាំងពលករជាកុមារ ដោយខុសច្បាប់។ ប៉ុន្តែ យ៉ាង​ណាក៏ដោយ រដ្ឋាភិបាលបានខកខានក្នុងការនាំយកភ្នាក់ងារជ្រើសរើសពលករដទៃទៀត ដែល ពាក់ព័ន្ធ​នឹងអំពើរំលោភស្រដៀងគ្នានេះមកកាត់ទោស ហើយរដ្ឋាភិបាលក៏មិនបានដកហូតអាជ្ញាប័ណ្ណ ពីទីភ្នាក់ងារណាមួយ​ក៏ទេដែរ។

ពូយ៉ាល់បានមានប្រសាសន៍ថា “ទោះជាមានការកាត់ទោសភ្នាក់ងារមួយរូបដែលប្រព្រឹត្តិរំលោភបំពាន នោះ​ហើយក៏ដោយ ក៏វានៅតែមានការលើកលែងមួយជាដដែល។ រដ្ឋាភិបាលកម្ពុជា ត្រូវតែបញ្ចប់ការ កេង​ប្រវ័ញ្ចជាប្រព័ន្ធលើពលករធ្វើការតាមផ្ទះ ដោយធានាថាភ្នាក់ងារទាំងអស់នឹងដាក់ឲ្យទទួលខុស ត្រូវ​ចំពោះអំពើរបស់ពួកគេ។”

កាលនៅក្នុងប្រទេសម៉ាឡេស៊ី ស្រ្តីនិងកុមារីកម្ពុជា ជាញឹកញយត្រូវតែប្រគល់លិខិតឆ្លងដែនរបស់​ពួក​គេឲ្យទៅភ្នាក់ងាររបស់ពួកគេ ឬឲ្យទៅនិយោជករបស់ពួកគេ ដែលប្រការនេះធ្វើឲ្យពួកគេពិបាកចាក​ចេញ ប្រសិនបើពួកគេត្រូវបានគេធ្វើបាន។ ពលករជាច្រើននាក់ធ្វើការពី​១៤ម៉ោង ទៅ២១ម៉ោងក្នុង មួយថ្ងៃ ដោយ​គ្មានពេលឈប់សម្រាក ឬថ្ងៃឈប់សម្រាកនោះទេ។ ហើយពលករជាច្រើននាក់ត្រូវបាន គេបង្ខាំងដោយបង្ខំ​ ឲ្យនៅ​តែកន្លែងធ្វើការ មិនបានទទួលអាហារគ្រប់គ្រាន់ និងទទួលរងនូវការរំលោភ លើរាងកាយ និងរំលោភ​ដោយ​ពាក្យសម្តី។ អ្នកខ្លះត្រូវនិយោជករំលោភខាងផ្លូវភេទ។ ពលករដែល អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានសម្ភាសន៍ គ្មានពលករណាម្នាក់និយាយថាពួកគេបានទទួលប្រាក់ ខែពេញលេញនោះទេ។

អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថា ច្បាប់ការងាររបស់ប្រទេសម៉ាឡេស៊ី ផាត់ចោលពលករ​ចំណាកស្រុកធ្វើការតាមផ្ទះពីកិច្ចការពារ​សំខាន់ៗ ដូចជាថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ សម្រាក​ប្រចាំ​ឆ្នាំ និងការកម្រិតម៉ោងធ្វើការងារ។ ច្បាប់​អន្តោ​​​ប្រវេសន្ត៍ ចងភ្ជាប់ការស្នាក់នៅរបស់ពលករធ្វើការតាម​ផ្ទះជា​មួយ​នឹងនិយោជក ដែលការធ្វើបែបនេះ ​នាំឲ្យនិយោជក អាចបញ្ចប់កិច្ចសន្យារបស់​ពលករធ្វើការ​តាម​ផ្ទះតាមបំណងខ្លួន និងមិនអនុញ្ញាតឲ្យពួកគេផ្ទេរការ​ងារ។ គោលនយោបាយទាំងនេះ ដាក់កំហិត ដល់លទ្ឋភាព​របស់​ពលករ​ធ្វើការតាមផ្ទះ ដោយមិនឲ្យពួកគេ​អាចស្វែងរកការកែប្រែ និងផ្លាស់ប្តូរ និយោជក ក្នុងករណីជួប​ប្រទះ​ការរំលោភបំពាន។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចងក្រងករណីជាច្រើនដែលនៅក្នុងនោះមាន ការបោកបញ្ឆោត និង​ការ​ដាក់ឲ្យជាប់បណុល ក្នុងអំឡុងពេលជ្រើសរើស ការបង្ខាំងដោយបង្ខំ ការមិនផ្តល់ប្រាក់បៀរវត្ស ការគំរាមកំហែងសងសឹកចំពោះការរត់គេចខ្លួន ឬការខកខានសងបំណុលដែលនាំទៅរកការងារបង្ខិត​បង្ខំ រួមទាំងការជួញដូរ និងការធ្វើជាទាសករសងបំណុល។ ពលករដែលរងការរំលោភ ជាញឹកញយ​ត្រូវគេបញ្ជូនត្រឡប់ទៅកាន់ភ្នាក់ងារនៅមូលដ្ឋានរបស់ក្រុមហ៊ុនជ្រើសរើសពលកររបស់ពួកគេ ពីព្រោះ វាជាទីកន្លែងទាក់ទងតែមួយគត់ ដែលពលករមានក្នុងប្រទេសម៉ាឡេស៊ី ក៏ប៉ុន្តែពលករច្រើននាក់ ប្រឈមការ​បំភិតបំភ័យ និងការបញ្ជូនត្រឡប់ទៅកាន់និយោជកដែលប្រព្រឹត្តរំលោភដដែលជាដែល។ ស្ថានទូត​កម្ពុជានៅកូឡាឡាំពួរ ដែលជារាជធានីប្រទេសម៉ាឡេស៊ី បានបញ្ជូនពលករ មានជាអាទិ៍​ ពលករដែល​ទទួល​រងការរំលោភខាងផ្លូវភេទ និងផ្លូវកាយ ឲ្យវិលត្រឡប់មកកាន់ទីភ្នាក់ងារជ្រើសរើស ពលកររបស់​ពួកគេ ឬនិយោជករបស់ពួកគេ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សនិយាយថា រដ្ឋាភិបាលកម្ពុជាត្រូវបង្កើតច្បាប់ទូលំទូលាយមួយស្តីពី​ចំណាក​ស្រុក ត្រូវពង្រឹងការឃ្លាំមើលទីភ្នាក់ងារ​ជ្រើសរើសពលករ និងដាក់ទោសជាចាំបាច់ ខណៈ​ពេល​ដែលមានការរំលោភកើតឡើង។ រដ្ឋាភិបាលម៉ាឡេស៊ី ត្រូវកែប្រែច្បាប់ស្តីពីការងារ និងការធានា របស់​ខ្លួនដើម្បីពង្រឹងកិច្ចការពារដល់ពលករធ្វើការតាមផ្ទះ។ ប្រទេសទាំងពីរគួរបង្កើនសេវាកម្មគាំទ្រ​សម្រាប់ពលករដែលទទួលរងការរំលោភបំពាន រួមមានជំនួយផ្នែកច្បាប់ និងសេវាចិត្តសាស្រ្តសង្គម។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានជំរុញផងដែរឲ្យប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ផ្តល់សច្ចាប័ន​លើអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិស្តីពីការងារតាមផ្ទះ។ សន្ធិសញ្ញាតម្រូវឲ្យរដ្ឋាភិបាលធានា​ឲ្យមានល័ក្ខខណ្ឌការងារសមស្រប កំណត់អាយុអប្បបរមា សម្រាប់ពលករធ្វើការងារតាមផ្ទះ និង ការពារ​ពលករធ្វើការតាមផ្ទះពីអំពើហិង្សា និងការអនុវត្តន៍ការជ្រើសរើសបែបកេងប្រវ័ញ្ច។

ពូយ៉ាល់បានមានប្រសាសន៍ថា “ខណៈពេលដែលស្ថានទូតកម្ពុជាក្នុងប្រទេសម៉ាឡេស៊ី បញ្ជូនពលករ​ដែលទទួលរងការរំលោភ ត្រឡប់ទៅកាន់ទីភ្នាក់ងារជ្រើសរើសពលកររបស់ពួកគេវិញ វាកំពុងតែធ្វើឲ្យ​ស្រ្តីដែលបានទទួលរងការឈឺចាប់យ៉ាងអាក្រក់ទៅហើយនោះ កាន់តែស្ថិតនៅក្នុងគ្រោះថ្នាក់នៃអំពើ​រំលោភជាបន្តទៀត។ ប្រទេសកម្ពុជានិងម៉ាឡេស៊ី ត្រូវផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការពលកម្ម​អន្តរជាតិស្តីពីការងារតាមផ្ទះ ក៏ប៉ុន្តែប្រទេសទាំងពីរនេះ គួរតែចាប់ផ្តើមអនុវត្តបទប្បញ្ញត្តិនានារបស់អនុ​សញ្ញានេះ ថ្វើបើធ្វើមុនការផ្តល់សច្ចាប័នក៏ដោយ ដែលវាជាការបំពេញនូវកិច្ចការពារសិទិ្ធរបស់ពលករ​ធ្វើការតាមផ្ទះ។”

 

សាច់រឿងដែលបានជ្រើសរើសពីជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេដែលបានសម្ភាសន៍សម្រាប់​របាយការណ៍នេះ ៖​

ឈ្មោះពិតរបស់អ្នកផ្តល់បទសម្ភាសន៍ មិនបានប្រើទេ ដើម្បីការពារអត្តសញ្ញាណរបស់ពួកគេ។

សន ស្រី​ល័ក្ខ ជាពលករធ្វើការតាមផ្ទះ បានពិពណ៌នាអំពីបទពិសោធន៍របស់នាងនៅឯមណ្ឌលហ្វឹកហ្វឺន ដូច្នេះថា ៖

ពីរអាទិត្យ ក្រោយពីការចាប់ផ្តើមរស់នៅក្នុងមជ្ឈមណ្ឌល ខ្ញុំធ្លាក់ខ្លួនឈឺ។ ខ្ញុំហៅម្តាយ ខ្ញុំ និងសុំឲ្យគាត់យកលុយមកសងបំណុលគេ ដើម្បីឲ្យខ្ញុំ [អាច] ត្រឡប់ទៅផ្ទះ​វិញ។ ប៉ុន្តែក្រុមហ៊ុនបង្គាប់ឲ្យម្តាយខ្ញុំសងពួកគេ ៤៥០ ដុល្លារ។ យើងអត់មានលុយទេ។ តើយើងសងពួកគេយ៉ាងម៉េចទៅ?

ចេន ចន្នី ជាពលករធ្វើការតាមផ្ទះ ដែលបានចាប់ផ្តើមងើបធ្វើការងាររៀងរាល់ថ្ងៃ នៅម៉ោង ៥:០០ព្រឹក និងចូលទៅដេកបាន នៅម៉ោង ៣:០០ ព្រឹក មិនដែលមានឱកាសសម្រាកទេ។ នាងបានពិពណ៌​នា​អំពីបទពិសោធរបស់នាងនៅឯលំនៅដ្ឋានរបស់និយោជករបស់នាងក្នុងប្រទេសម៉ាឡេស៊ីដូច្នេះថា ៖

ប្រសិនជាខ្ញុំបញ្ចប់ការងាររបស់ខ្ញុំលឿន ថៅកែខ្ញុំឲ្យខ្ញុំសម្អាតផ្ទះម្តងទៀត។ ប្រពន្ធ​ថៅកែស្រែកដាក់ខ្ញុំ និងវាយខ្ញុំរាល់ថ្ងៃ។ គាត់ទាត់ [ខ្ញុំ] ទះខ្ញុំ ទាញសក់ខ្ញុំ និងវាយ​ខ្លួនសព្វទីកន្លែងអស់ហើយ... ថៅកែប្រុសក៏យកដៃវាយខ្ញុំដែរ និងទាត់ខ្ញុំ។ ខ្ញុំអត់​ដែល​បានទទួលប្រាក់ខែទេ។

ធី ធីប អាយុ ១៦ ឆ្នាំ និងជាពលករធ្វើការតាមផ្ទះដែលត្រៀមចាកចេញ បានរំឭកពីបទពិសោធន៍របស់​នាងអំឡុងពេលជ្រើសរើសនៅក្នុងប្រទេសកម្ពុជា ដូច្នេះថា ៖

ខ្ញុំបានប្រាប់មេខ្យល់ថា ខ្ញុំមិនទាន់គ្រប់អាយុទេ។ មេខ្យល់ប្រាប់ខ្ញុំថា មុខមាត់រាងរៅខ្ញុំ មើលទៅចាស់ជាងអាយុ បើមិនទាន់ពេញវ័យ ក៏មិនជាអ្វីដែរ។ ខ្ញុំ​បាន​ដាក់ពាក្យធ្វើការ ក្នុងប្រទេសម៉ាឡេស៊ី រកប្រាក់ជួយគ្រួសារ។ គ្រួសារខ្ញុំក្រណាស់។

សុខ សែន បានពិពណ៌នានូវអ្វីដែលបានកើតឡើង បន្ទាប់ពីភរិយារបស់គាត់រត់ចេញពីមណ្ឌល​ហ្វឹកហ្វឺនមួយ ដូច្នេះថា ៖

ប្រពន្ធខ្ញុំគាត់ត្រឡប់មកផ្ទះវិញ ប៉ុន្តែក្រុមហ៊ុនទាមទារឲ្យប្រពន្ធខ្ញុំសងលុយ ១,០០០​ដុល្លារ... ខ្ញុំព្យាយាមតាមរកប្រពន្ធខ្ញុំដែរ តែអត់ដឹងថាគាត់នៅឯណា... តំណាង ក្រុមហ៊ុន​និយាយថា បើប្រពន្ធខ្ញុំមិនត្រឡប់មកវិញទេ ពួកគេនឹងលក់ឡាយឡុងផ្ទះ និងដីនេះ។ បើលក់ឡាយឡុងហើយ បានលុយមិនគ្រប់ចំនួន ពួកគេនឹងចាប់ខ្ញុំ ដាក់គុក។

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.