Skip to main content

ប្រទេសកម្ពុជា ៖ ការបោះឆ្នោតឃុំ-សង្កាត់មិនបានធ្វើឡើងដោយសេរី ឬយុត្តិធម៌ទេ

ការបំភិតបំភ័យ តុលាការលម្អៀង យន្តការបោះឆ្នោត រាំងស្ទះដល់ដំណើរការបោះឆ្នោត

 

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សំឡឹងមើល​ហឹប​ឆ្នោត ក្រោយពី​បាន​បោះឆ្នោត​រួច​ក្នុងអំឡុង​ការបោះឆ្នោត​ឃុំ-សង្កាត់ នៅក្នុង​ខេត្តកណ្តាល ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ © 2017 Reuters

(ទីក្រុងញូវយ៉ក) - អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានអះអាងនៅថ្ងៃនេះថា ការបោះឆ្នោតឃុំ-សង្កាត់នៅប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ បានប្រព្រឹត្តទៅក្នុងបរិយាកាសគំរាមកំហែងទៅដល់សិទ្ធិបញ្ចេញមតិ និងការចូលរួមក្នុងនយោបាយដែលអាចចាត់ទុកការបោះឆ្នោតនេះថា មិនបានធ្វើឡើងដោយសេរី និងយុត្តិធម៌នោះទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈថា លោកមានឆន្ទៈ “កម្ចាត់មនុស្ស ១០០នាក់ ឬ ២០០នាក់” ប្រសិនបើបក្សកាន់អំណាចរបស់លោក (គណបក្សប្រជាជនកម្ពុជា - CPP) “មិនឈ្នះការបោះឆ្នោតនៅគ្រប់ដំណាក់កាលទេនោះ” ដែលការណ៍នេះកាន់តែបង្កឲ្យមានបរិយាកាសគំរាមកំហែង និងភាពភ័យខ្លាចទៅដល់អ្នកសារព័ត៌មាន សកម្មជននយោបាយ និងពលរដ្ឋផងដែរ។

ការបោះឆ្នោត​នេះ​បានធ្វើ​ឡើង​ស្រប​ពេលដែល​សមាជិក និង​សកម្មជន​គណបក្សប្រឆាំង​រាប់សិប​នាក់​កំពុង​ជាប់ពន្ធនាគារ ក្នុងនោះ​រួមមាន​ទាំង​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ផងដែរ បន្ទាប់ពី​ពួកគេ​ត្រូវ​ចោទប្រកាន់​ក្រោម​ហេតុផល​នយោបាយ​ដោយ​តុលាការ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ មាន​មនុស្ស​ជាច្រើន​ទៀត កំពុង​រង​ការគំរាមកំហែង​ពីបទ​ចោទប្រកាន់​ដូចគ្នានេះ ខណៈដែល​លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង (គណបក្ស​សង្គ្រោះ​ជាតិ - CNRP) នៅតែ​និរទេស​ខ្លួន​ឲ្យ​នៅក្រៅ​ប្រទេស បន្ទាប់ពី​បាន​រង​ការចោទប្រកាន់​ជាច្រើន​ករណី។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រ៊ែ​ដ អាដាម (Brad Adams) បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ “វា​មិនមែនជា​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ឡើយ ប្រសិនបើ​គណបក្សកាន់អំណាច​គ្រប់គ្រង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ទាំងអស់ ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ថិតក្រោម​គ្រប់គ្រង​ដោយ​គណបក្សកាន់អំណាច ហើយ​សមាជិក​គណបក្ស​ប្រឆាំង​ជាច្រើន ត្រូវ​ប្រឈម​នឹង​ការគំរាមកំហែង​ដល់​អាយុជីវិត​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី។ ដូច្នោះ វា​គ្មាន​ស្តង់ដារ​ទាល់តែសោះ ដែល​អាច​កំណត់ថា ការបោះឆ្នោត​នោះ​ធ្វើឡើង​ដោយ​សេរី ត្រឹមត្រូវ ឬ​យុត្តិធម៌ បើ​បញ្ហា​ទាំងអស់នេះ​នៅតែ​បន្ត​កើតមាន។

បើទោះជា​ថ្ងៃ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី​យ៉ាងណាក្ដី អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​រកឃើញថា ដំណើរការ​បោះឆ្នោត​មានបញ្ហាសំខាន់ៗ ដូចជា គណបក្សប្រឆាំង​ពុំមាន​សិទ្ធិ​ស្មើ​គណបក្សកាន់អំណាច​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​និង​ក្នុងស្រុក​លំអៀង​ទៅរក​គណបក្សកាន់អំណាច ព្រមទាំង​កង្វះខាត​យន្ត​ការដោះស្រាយ​ជម្លោះ​ដោយ​ឯករាជ្យ និង​អព្យាក្រឹត។

ដោយឡែក​ការគំរាមកំហែង និង​ការបំភិតបំភ័យ​ពី​សំណាក់​អាជ្ញាធរ​ទៅលើ​គណបក្សប្រឆាំង និង​អ្នកគាំទ្រ​គណបក្សប្រឆាំង បានកើត​មាន​ជា​ហូរហែ។ នៅក្នុង​ការសារភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ មន្ត្រី​ក្រសួងមហាផ្ទៃ បាន​ទទួលស្គាល់ថា ការគំរាមកំហែង​មុន​ការបោះឆ្នោត​ទៅលើ​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ខាង​សិទ្ធិមនុស្ស និង​សមាជិក​សង្គម​ស៊ីវិល​ដទៃទៀត គឺជា​ផ្នែក​មួយ​នៃ​គម្រោងការ​ដ៏​ច្បាស់លាស់​មួយ​ដើម្បី​បំភិតបំភ័យ​ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ​មិន​ឲ្យ​តាមដាន​ការបោះឆ្នោត។ លោក​បាន​ថ្លែងថា “ខ្ញុំ​គ្រាន់តែ​និយាយថា ក្រសួងមហាផ្ទៃ​បានចាប់ផ្តើម​ដំណើរការ​ស៊ើបអង្កេត​មួយ ពីព្រោះ​យើង​ចង់​គំរាម​អង្គការ​ទាំងនោះ​ឲ្យ​ភិតភ័យ។

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​កងកម្លាំង​សន្តិសុខ​បាន​ក្រើនរំលឹកជារឿយៗពីសារ “សង្គ្រាម” ប្រសិន​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត ហើយ​សមាជិក​ជាន់ខ្ពស់​នៃ​កងកម្លាំង​សន្តិសុខ​បានចេញ​ធ្វើ​យុទ្ធនា​ការឃោសនា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​គគ្រឹកគគ្រេង។ មន្ត្រី​រដ្ឋ​ជាច្រើន​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចូលរួម​ជាមួយ​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស ដែលជា​អគ្គបញ្ជាការ​នគរបាល និង​កងទ័ព ដើម្បី​ចេញ​ធ្វើ​យុទ្ធនា​ការឃោសនា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​បើកចំហ។

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ដែលមាន​អ្នកសង្កេតការណ៍​ផ្ទាល់​រាប់រយ​នាក់ បាន​រាយការណ៍​ថា ទីតាំង​ការិយាល័យ​បោះឆ្នោត​ចំនួន ២៥ ភាគរយ មាន​វត្តមាន​បុគ្គល​ដែល​ពុំមាន​សមត្ថកិច្ច​ខាង​ការងារ​បោះឆ្នោត នៅក្បែរ​ទីតាំង​បោះឆ្នោត​ទាំងនោះ ហើយ​អ្នក​ទាំងនោះ​គឺជា​មេភូមិ​តែងតាំង​ដោយ​រដ្ឋាភិបាល និង​មន្ត្រីប៉ូលិស ដែល​សុទ្ធសឹងតែ​ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ សាក្សី​ជាច្រើន​នៅ​ទីតាំង​បោះឆ្នោត​មួយចំនួន​នៅ​ភ្នំពេញ​បាន​រាយការណ៍​ប្រាប់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ថា មាន​ទាហាន​ចេញពី​អង្គភាព​ឆត្រយោង​កងពល​លេខ ៩១១ និង ៧០ បាន​ឈរ​តម្រង់​ជួរ​គ្នា​នៅតាម​ការិយាល័យ​បោះឆ្នោត ដែល​ត្រួតត្រា​ដោយ​ប្រធាន​អង្គភាព​របស់​ពួកគេ ហើយ​ទាហាន​ទាំងនោះ​មួយចំនួន គឺ​ស្ថិតក្នុង​ឯកសណ្ឋាន​ជា​យោធា​ទៅទៀត។

ចំណែកឯ​ការរំលោភច្បាប់​ស្ដីពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​វិញ គណបក្សនយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នេះ មិនមាន​សិទ្ធិ​ស្មើគ្នា​ក្នុងការ​ប្រើប្រាស់​វិទ្យុ និង​ទូរទស្សន៍ ដែលជា​ប្រភពព័ត៌មាន​ដ៏​សំខាន់បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​ភាគច្រើន​នោះទេ។ គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ទើរ​ផ្ដាច់មុខ ដែល​ធ្វើ​ឲ្យ​មាន​ភាពអយុត្តិធម៌​ជាខ្លាំង​សម្រាប់​គណបក្សនយោបាយ​ដទៃទៀត និង​កំហិត​សិទ្ធិ​ទទួលបាន​ព័ត៌មាន​សម្រាប់​ម្ចាស់ឆ្នោត ដែល​ភាគច្រើន​ពឹងផ្អែក​ទៅលើ​ព័ត៌មាន​ផ្សាយ​ចេញពី​ទូរទស្សន៍ និង​វិទ្យុ។ ទូរទស្សន៍​ជាតិ​កម្ពុជា (ទ.ទ.ក) របស់​រដ្ឋ និង​ស្ថានីយ​ឯកជន​ជាច្រើន​ទៀត បាននាំគ្នា​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​និង​ការឃោសនា​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​បានធ្វើ​ការរិះគន់ ឬ​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ។

បើទោះបីជា​ធ្លាប់​ទទួលរង​ការចោទប្រកាន់​ដែល​គួរ​ឲ្យ​ជឿជាក់​បាន​ថា ការបោះឆ្នោតជាតិ​ឆ្នាំ ២០១៣ បាន​ជួប​បញ្ហា​បោះពុម្ព​សន្លឹកឆ្នោត​លើស​តម្រូវការ​ដ៏​ច្រើនក្តី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅតែ​បោះពុម្ព​សន្លឹកឆ្នោត​ច្រើនជាង​តួលេខ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សរុប​រហូតដល់ ១,៥លាន​សន្លឹក។ ស្ថាប័ន គ.ជ.ប នៅតែ​ទិញ​ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ដៃ​ម៉ាក​ដដែល​សម្រាប់​សម្គាល់​អ្នក​បាន​បោះឆ្នោត​រួច ទោះបីជា​លទ្ធផល​នៃ​ការធ្វើ​តេស្ត​បាន​បង្ហាញថា គេ​អាច​លាងជម្រះ​ទឹក​ថ្នាំ​ខ្មៅ​នោះបាន​ដោយ​ការប្រើ​ផលិតផល​ថែទាំ​សក់ ដែល​ធ្វើ​ឲ្យ​មានឱកាស​កើតមាន​បញ្ហា​មិន​ប្រក្រតី​ជា​បន្តទៀត។ ទឹក​ថ្នាំ​ខ្មៅ​នោះ​ក៏បាន​បង្ក​ឲ្យ​មាន​បញ្ហា​ស្រដៀង​គ្នា​នេះដែរ​កាលពី​ឆ្នាំ២០១៣។

យោងតាម​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឲ្យ​ដឹងថា ប្រជាជន​កម្ពុជា​បាន​ចេញទៅ​បោះឆ្នោត​ក្នុង​ចំនួន​កំណត់ត្រា ៨៩,៥ ភាគរយ​នៃ​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​សរុប ៧,៨៦ លាន​នាក់ សម្រាប់​គណបក្សនយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​អាសនៈ ១១.៥៧២ នៅក្នុង​ឃុំ-សង្កាត់ ១.៦៤៦ ទូទាំងប្រទេស​កម្ពុជា។ ស្ថាប័ន គ.ជ.ប បានដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចុះឈ្មោះ​អ្នកបោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ទើបបាន​កែលម្អ​កាលពីពេលថ្មីៗនេះ និង​បាន​អនុវត្ត​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១៥ ដែល​ណែនាំ​ពី​នីតិវិធី​បោះឆ្នោត ដែល​ចំណុច​ទាំងពីរ​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ឆ្លើយតប​នឹង​ការរិះគន់​នៅក្រោយ​ការបោះឆ្នោត​សកល​ឆ្នាំ ២០១៣ ដែល​ពោរពេញ​ដោយ​បញ្ហាចម្បង។

ទោះបីជា​នីតិវិធី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ហាក់​មាន​ប្រសិទ្ធភាព​សម្រាប់​ការចុះឈ្មោះ​អ្នកបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​ក្តី ក៏ប៉ុន្តែ​នីតិវិធី​នេះ​មិនអាច​ឲ្យ​ពលករ​ចំណាកស្រុក​ក្នុង​ចំនួន​ដ៏​ច្រើន​នៅក្រៅ​ប្រទេស ដូចជា​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ចុះឈ្មោះ​បោះឆ្នោត​បានទេ។ កម្មករ​កាត់ដេរ​ជាច្រើន ដែលមាន​ប្រវត្តិ​ធ្លាប់​បង្ហាញ​សមានចិត្ត​ចំពោះ​គណបក្សប្រឆាំង និង​ជា​អ្នកបោះឆ្នោត​ភាគច្រើន​នៅតាម​ឃុំ-សង្កាត់​ជាច្រើន មិនត្រូវ​បានផ្ដល់​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ ដើម្បី​ទៅ​បោះឆ្នោត​នោះទេ រហូត​ធ្វើ​ឲ្យ​កម្មករ​ទាំងនេះ ត្រូវ​បង្ខំចិត្ត​ជ្រើសរើស​រវាង​ការរក​ប្រាក់កម្រៃ​ដែលជា​តម្រូវ​ការចាំបាច់ និង​ការ​ចេញទៅ​បោះឆ្នោត។

ទោះ​ជាមាន​ភាពមិនប្រក្រតី​កើតឡើង​ច្រើន​យ៉ាងនេះ​ក្ដី សំឡេងឆ្នោត​មាន​ភាព​ប្រកៀក​ប្រកិត​គ្នា​ខ្លាំង​រវាង​គណបក្សធំៗទាំងពីរ។ លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​បានបង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេង ៥១,៣៩ភាគរយ ទល់នឹង ៤៤,២២ ភាគរយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ។ តួលេខ​នេះ​បាន​បង្ហាញថា គណបក្សកាន់អំណាច​បា​ត់​បង់​សំឡេង​ដ៏​ច្រើន​សម្បើម​ទៅ​គណបក្សប្រឆាំង បើ​ប្រៀបធៀប​ទៅនឹង​ការបោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ២០១២ ។

ក្នុងនាម​ប្រទេស​កម្ពុជា​គឺជា​រដ្ឋ​ភាគី​មួយ​នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ ដូច្នេះ​កម្ពុជា​ត្រូវ​ធានាថា ប្រជាពលរដ្ឋ​គ្រប់រូប​មានឱកាស​ចូលរួម​បោះឆ្នោត​ដោយ​សេរី​យ៉ាងពិត​ប្រាកដ និង​ដោយ​គ្មាន​ការរើសអើង​ដោយសារ​និន្នាការ​នយោបាយ​ឡើយ។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​បាន​លើកឡើងថា ខណៈដែល​អាចមាន​បទ​បញ្ញត្តិ​សមស្រប​ហើយ “អ្នក​ដែលមាន​សិទ្ធិ​បោះឆ្នោត ត្រូវតែមាន​សេរីភាព​ក្នុងការ​បោះឆ្នោត​ជូន​បេក្ខជន​ដែល​ខ្លួន​ពេញចិត្ត ...និង​សេរីភាព​ក្នុងការ​គាំទ្រ ឬ​ជំទាស់​នឹង​រដ្ឋាភិបាល ដោយ​មិន​ទទួលរង​សម្ពាធ​មិន​សមស្រប ឬ​ការបង្ខិតបង្ខំ​គ្រប់​ប្រភេទ ដែល​រំខាន​ឬ​ប​ន្ទុ​ច​បង្អាក់​សិទ្ធិ​បញ្ចេញ​ឆន្ទៈ​ដោយ​សេរី​របស់​ម្ចាស់ឆ្នោត។ អ្នកបោះឆ្នោត​ត្រូវមាន​សិទ្ធិ​បញ្ចេញមតិ​ដោយ​ឯករាជ្យ គ្មាន​អំពើហិង្សា ឬ​ការ​គំរាម​ប្រើ​ហិង្សា ការបង្ខិតបង្ខំ ការជំរុញ​ទឹកចិត្ត ឬ​ការជ្រៀតជ្រែក​គ្រប់​ប្រភេទ”  

លោក អាដាម បាន​អះអាងថា “លទ្ធផល​នៃ​ការបោះឆ្នោត​ឃុំ-សង្កាត់​នេះ បង្ហាញ​យ៉ាងច្បាស់​ថា ការបោះឆ្នោតជាតិ​ឆ្នាំ២០១៨ ខាងមុខ នឹងមាន​ការប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ និង​ធ្វើ​ឲ្យ​ការបោះឆ្នោត​លើក​ក្រោយនេះ​សំខាន់​ជាងពេលណាៗទាំងអស់ ដើម្បី​អនុវត្ត​កំណែទម្រង់​ចាំបាច់​ជាបន្ទាន់។ អង្គការសហប្រជាជាតិ និង​ប្រទេស​ម្ចាស់ជំនួយ​របស់​កម្ពុជា​ទាំងអស់ ជាពិសេស​ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប ដែល​ធ្វើ​ការងារ​ដោយផ្ទាល់​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គួរតែ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ថា ប្រសិនបើ​ការបោះឆ្នោតជាតិ​ឆ្នាំ​ក្រោយនេះ ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ដូចគ្នានេះ នោះ​ការបោះឆ្នោត​នោះ​នឹងមិន​ត្រូវបាន​ចាត់ទុក​ថា​សេរី និង​យុត្តិធម៌​ឡើយ” 

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed