Skip to main content

ប្រទេសកម្ពុជា ៖ ប្រើប្រាស់ថ្ងៃខួបដើម្បី “ដោះលែងអ្នកទាំងប្រាំ” (“FreeThe5KH”)

អ្នកការពារសិទិ្ធមនុស្ស ៥នាក់ ឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Martin Ennals Award

អ្នក​ជាប់ឃុំ​ដែល​ត្រូវបាន​កត់ត្រា​ជា "ដោះលែង​អ្នក​ទាំង​ប្រាំ" (“FreeThe5KH”) ត្រូវបាន​ជាប់​ជា​អ្នកឈ្នះ​ចុងក្រោយ​សម្រាប់​ពានរង្វាន់ Martin Ennals Award សម្រាប់​អ្នកការពារ​សិ​ទិ្ធ​មនុស្ស នៅ​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។ © 2017 Private

(ទីក្រុងញូវយ៉ក) - អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយនៅថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជាគួរតែដោះលែងអ្នកការពារសិទ្ធិមនុស្ស ៥នាក់ជាបន្ទាន់ ដែលបានចំណាយពេលមួយឆ្នាំនៅក្នុងគុកដោយសារការចោទប្រកាន់ពាក់ព័ន្ធនឹងនយោបាយ។ សមាជិកបច្ចុប្បន្ន ៤រូប និងអតីតសមាជិកមួយរូបនៃសមាគមការពារសិទិ្ធមនុស្សនិងអភិវឌ្ឍន៍កម្ពុជា (អាដហុក) ត្រូវបានឃុំឃាំងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ និងក្រោយមកទៀតត្រូវបានចោទប្រកាន់យ៉ាងខុសឆ្គងពីបទ “សូកប៉ាន់សាក្សី” ។

អ្នក​ជាប់ឃុំ​ដែល​ត្រូវបាន​កត់ត្រា​ជា "ដោះលែង​អ្នក​ទាំង​ប្រាំ" (“FreeThe5KH”) ត្រូវបាន​ជាប់​ជា​អ្នកឈ្នះ​ចុងក្រោយ​សម្រាប់​ពានរង្វាន់ Martin Ennals Award សម្រាប់​អ្នកការពារ​សិ​ទិ្ធ​មនុស្ស នៅ​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។ ពានរង្វាន់​នេះ​នឹងត្រូវ​បង្ហាញ​នៅ​ថ្ងៃទី១០ ខែតុលា នៅ​ទីក្រុង​ហ្សឺ​ណែវ។ អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ម្ចាស់ជំនួយ​នៃ​ប្រទេស​កម្ពុជា និង​សាធារណជន​ទូទៅ ឲ្យ​ចូលរួម​ក្នុង​យុទ្ធនាការ #ដោះលែង​អ្នក​ទាំង​ប្រាំ (#FreeThe5KH) នៅ https://freethe5kh.net/

លោក ប្រ៊ែ​ដ អាដាម (Brad Adams) នាយក​តំបន់​អាស៊ី បាន​និយាយថា "ម្ចាស់ជំនួយ​នៃ​ប្រទេស​កម្ពុជា​គួរ​អំពាវនាវ​ជា​សាធារណៈ​ឱ្យមាន​ការដោះលែង​និង​ទម្លាក់​ការចោទប្រកាន់​ក្លែងក្លាយ​ប្រឆាំងនឹង​សមាជិក​អាដហុក​ប្រាំ​នាក់ (‘ADHOC Five’) ដែល​ត្រូវបាន​ជំរុញ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បំភិតបំភ័យ និង​កៀបសង្កត់​ការងារ​សិ​ទិ្ធ​មនុស្ស។ អ្នកការពារ​សិ​ទិ្ធ​មនុស្ស​ទាំងនេះ​កំពុងស្ថិត​ក្នុង​ពន្ធនាគារ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដើម្បី​បំផ្លាញ​គណបក្សប្រឆាំង និង​បំភ័យ​បុគ្គលិក​សិ​ទិ្ធ​មនុស្ស​កម្ពុជា​ឲ្យ​បិទមាត់"។

បុគ្គលិក​អាដហុក​ប្រាំ​នាក់ មានឈ្មោះ ណាយ វ៉ាន់ដា, នី សុខា, យី សុខ​សាន, លឹម មុនី, និង​អតីត​បុគ្គលិក​សមាគម​អាដហុក​ម្នាក់​ឈ្មោះ នី ចរិយា ដែលជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

នៅ​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ លោក ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​មួយ​ថា អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ក្នុង​រឿងក្តី​នេះ គួរ​ត្រូវ​ជាប់គុក។ នៅ​ថ្ងៃ​បន្ទាប់ ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ពីបទ “សូកប៉ាន់​សាក្សី” ទៅលើ​ជន​ជាប់ឃុំ ៤នាក់។ លោក នី ចរិយា ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត។ បទ "សូកប៉ាន់​សាក្សី" ត្រូវ​បានចែង​នៅក្នុង​មាត្រា៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ប្រទេស​កម្ពុជា​ថា ជា "ការផ្តល់ជូន​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​នៃ​អំណោយ ការផ្តល់ជូន ការសន្យា ឬ​ផលប្រយោជន៍ ទៅដល់​សាក្សី​ដើម្បី (១) មិនឱ្យ​ធ្វើជា​សាក្សី, (២) ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ” ។ បទល្មើស​នេះ​អាច​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥ ទៅ ១០ ឆ្នាំ។ ជន​សមគំនិត​ដែលមាន​ទោស ត្រូវ​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​ដូចគ្នា។

ដូចដែល​យុទ្ធនាការ #ដោះលែង​អ្នក​ទាំង​ប្រាំ បានបញ្ជាក់, មនុស្ស ៥នាក់​នេះ “ត្រូវបាន​ឃុំឃាំង​ទាក់ទង​នឹង​ការផ្តល់​ដំបូន្មាន និង​ការផ្តល់​សំណង​ស្របច្បាប់​ទៅលើ​ថ្លៃ​ម្ហូបអាហារ​និង​ការដឹកជញ្ជូន​ដែល​ផ្តល់ជូន​ស្ត្រី​ដែល​ត្រូវបាន​ចោទប្រកាន់ថា​មាន​ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​អាពាហ៍ពិពាហ៍ ជាមួយ​អនុប្រធាន​គណបក្សប្រឆាំង។

តុលាការ​រាជធានី​ភ្នំពេញ សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល បាន​បដិសេធ​ការធានា​ឲ្យ​នៅក្រៅ​ឃុំ​ដល់​ជន​ទាំង​ប្រាំ​នាក់។ ការ​ឃុំឃាំង​បណ្តោះអាសន្ន​យ៉ាងយូរ​អង្វែង លើ​សមាជិក​អាដហុក​ទាំ​ង​ប្រាំ​នាក់ គឺ​រំលោភ​លើ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ (ICCPR) ដែល​ប្រទេស​កម្ពុជា​គឺជា​ភាគី​មួយ​ដែរនោះ។ មាត្រា ៩ (៣) ចែងថា “វា​មិនមែនជា​ច្បាប់​ទូទៅ​ទេ​ដែលថា​អ្នក​ដែល​រង់ចាំ​ការជំនុំជម្រះ​នឹងត្រូវ​ឃុំ​នៅក្នុង​មន្ទីរឃុំឃាំង” ។ គណៈកម្មាធិការ​សិ​ទិ្ធ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ដែលជា​អង្គភាព​ជំនាញ​អន្តរជាតិ​ដែល​ឃ្លាំមើល​ការអនុលោម​តាម​រដ្ឋ​ជាមួយនឹង ICCPR បាន​ថ្លែងថា “ការឃុំខ្លួន​បណ្តោះអាសន្ន​គួរតែ​ជា​ករណី​លើកលែង និង​មាន​រយៈពេល​ខ្លី​បំផុត​តាម​ដែល​អាច​ធ្វើបាន” ។ ការឃុំខ្លួន​បណ្តោះអាសន្ន​មិនគួរ​ត្រូវបាន​ប្រើ​ជា​ទំរង់​នៃ​ការដាក់ទណ្ឌកម្ម​ឡើយ។ គណៈកម្មាធិការ​​សិទិ្ធ​​មនុស្ស​បាន​បញ្ជាក់ថា ការ​ឃុំឃាំង​បណ្តោះអាសន្ន​ហួស​កំរិត អាចជា​ការរំលោភ​សិទ្ធិ​សេរីភាព​និង​ការ​សន្មត​ថា​គ្មាន​ទោស។

នៅក្នុង​សេចក្តីសម្រេច​នៅក្រៅ​ឃុំ តុលាការ​កំពូល​បានលើកឡើង​នូវ​មាត្រា២០៥ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដោយ​និយាយថា វា​គឺជា​ការចាំបាច់​ក្នុងការ​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​និង​ទប់ស្កាត់​ការជ្រៀតជ្រែក​ដោយមាន​សាក្សី​និង​ជនរងគ្រោះ។ ទោះជា​យ៉ាងនេះ​ក្តី គេ​មិនបាន​ផ្តល់ព័ត៌មាន​ជាក់លាក់​អំពី​ភាពចាំបាច់​នៃ​ការ​ឃុំឃាំង​បណ្តោះអាសន្ន​យូរអង្វែង​នេះ​ទេ, ហើយក៏​គ្មាន​ការពន្យល់​ឱ្យដឹងថា​តើ​ហេតុអ្វី​បានជា​វិធាន​ការដែល​មិនចាំបាច់​មានការ​ឃុំឃាំង គឺ​មិន​គ្រប់គ្រាន់​ដើម្បី​ធានាថា​ពួកគេ​មាន​វត្តមាន​នៅក្នុង​តុលាការ ឬ​ដើម្បី​ទប់ស្កាត់​ការជ្រៀតជ្រែក​ណាមួយ​ចំពោះ​រដ្ឋបាល​យុត្តិធម៌។

លោក អាដាម និយាយថា “ជាថ្មី​ម្តងទៀត តុលាការ​កម្ពុជា​បាន​ស្តាប់​តាម​បញ្ជា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុងការ​គៀបសង្កត់​លើ​សង្គម​ស៊ីវិល។ "ការហ្វឹកហ្វឺន និង​ការបណ្តុះបណ្តាល​អន្ដរជាតិ រាប់លាន​ដុល្លារ ត្រូវបាន​ខ្ជះខ្ជាយ នៅពេលដែល​តុលាការ​នៅតែ​ជា​ឧបករណ៍​នៃ​ភាពអយុត្តិធម៌" ។

មាត្រា១២ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​អ្នកការពារ​សិ​ទិ្ធ​មនុស្ស បាន​ចែងថា រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការការពារ​សម្រាប់​អ្នកការពារ​សិទ្ធិមនុស្ស​ពី “អំពើហិង្សា, ការគំរាមកំហែង, ការសង​សឹក, ការរើសអើង​បែប​អវិជ្ជមាន​ជា​ជាក់ស្តែង​ឬ​តាមផ្លូវ​ច្បាប់, ការគៀបសង្កត់ ឬ​សកម្មភាព​បំពាន​ណាមួយ​ផ្សេងទៀត" ដែល​ពាក់ព័ន្ធ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ក្នុងការ​ការពារ​និង​លើកកម្ពស់​សិទ្ធិមនុស្ស​និង​សេរី​ភាពជា​មូលដ្ឋាន។ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិ​ទិ្ធ​មនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​ថ្លែងថា ការសាកល្បង​ដ៏​សំខាន់​សម្រាប់​កិច្ចការ​សិ​ទិ្ធ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​គឺថា តើ​វា​មាន​គោលដៅ “ធ្វើការ​គាំទ្រ​ដល់​ជនរងគ្រោះ​ពី​ការរំលោភបំពាន​សិទ្ធិមនុស្ស” ដែរឬទេ ដោយ​រាប់ទាំង​ការផ្តល់​ប្រឹ​ិ​ក្សា​និង​ជំនួយ​ដទៃទៀត ដល់​អ្នក​ដែល​អាចជា​ជនរងគ្រោះ​ពី​ការបំពាន​សិទ្ធិមនុស្ស។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាចរ​បស់​គាត់ បាន​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​ហេតុផល​នយោបាយ ទៅលើ​គណបក្សប្រឆាំង បុគ្គលិក​សិ​ទិ្ធ​មនុស្ស សកម្មជន​សង្គម និង​បញ្ញវន្ត​សាធារណៈ​នៅ​កម្ពុជា ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការប្រឆាំង(ផ្នែក​នយោបាយ)នឹង​រដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ ដែល​អ្នកប្រឆាំង​ទាំងនោះ​អាចជា​ក្រុមប្រឆាំង​ពិតប្រាកដ ឬ​អ្នក​ដែល​យល់ឃើញ​ដោយ​ខ្លួនឯង។ ការរំលោភបំពាន​ទាំងនេះ​មើលទៅ​ដូចជា​មាន​គោលដៅ​ដើម្បី​បង្ការ​ជ័យជម្នះ ឬ​ដើម្បី​បង្កើត​លក្ខខណ្ឌ​សម្រាប់​ត្រឡប់​ជ័យជម្នះ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​និង​ថ្នាក់ជាតិ​នៅ​ឆ្នាំ២០១៧ និង២០១៨ ។

លោក អាដាម បាន​និយាយថា “ឥឡូវនេះ​ប្រទេស​កម្ពុ​ជាមាន​អ្នកទោសនយោបាយ​រាប់សិប​នាក់ ដែល​នេះ​គួរតែ​ជា​ក្តី​អាម៉ាស់​មួយ​ចំពោះ​ប្រទេស​ទាំងឡាយ​ដែល​ជំនួយ​បរទេស​របស់​ពួកគេ ជួយ​ដល់​រដ្ឋាភិបាល​ដែលមាន​អំណាច​ផ្តាច់ការ​និង​អំពើពុករលួយ​ខ្លាំង​ឡើង​ដូចនេះ។ គ្មាន​នរណាម្នាក់​គួរ​យល់ច្រឡំ​ចំពោះ​ការផ្តន្ទាទោស​ទាំងនេះ ថា​ជា​អ្វី​ផ្សេងទៀត​ក្រៅពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក ហ៊ុន សែន ក្នុងការ​លុបបំបាត់​ការងារ​ជាច្រើន​ទសវត្ស​របស់​អ្នកការពារ​សិទ្ធិមនុស្ស​កម្ពុជា​ដ៏​ក្លាហាន​ដើម្បី​លើកកម្ពស់​សិទ្ធិ​និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​របស់​ពួកគេ” ។

ព្រឹ​តិ្ត​ការណ៍ពាក់ព័ន្ធ

ករណី​នៃ​សមាគម​អាដ​ហុ​ទាំង​ប្រាំ​នេះ កើតឡើង​បន្ទាប់ពី​សមាគម​អាដហុក​បានផ្តល់​ដំបូន្មាន​និង​ជំនួយ​ផ្នែក​សិទ្ធិមនុស្ស​ដល់ក​ញ្ញា ខុម ចាន់​ដា​រា​ទី ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ជា​ស្រីមុំ ។ នាង​និង​ក្រុមគ្រួសារ​របស់​នាង បាន​មករក​ជំនួយ​ពី​សមាគម​អាដហុក​នៅ​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពី​គាត់​ត្រូវបាន “អញ្ជើញ” ឱ្យទៅ​ឆ្លើយ​សំណួរ ពី​សំណាក់​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នៃ​អគ្គនាយកដ្ឋាន​សន្តិសុខ​ជាតិ​របស់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ ឌី វិជ្ជា ដែលជា​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ប្រជាជន និង​ជា​កូនប្រសារ​របស់លោក ហ៊ុន សែន ។ ដីកា​កោះហៅ​មិនមាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​ណាមួយ​នោះទេ ប៉ុន្តែ​បានស្នើ​ឲ្យ​ស្រីមុំ​ផ្តល់​ការបញ្ជាក់​អំពី​ខ្សែអាត់​នៃ​ការសន្ទនា​គ្នា​រវាង​នាង​និង​លោក កឹម សុខា ដែល​ពេលនោះ​ជា​ប្រធានស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ (ឥឡូវនេះ​គាត់​គឺជា​ប្រធាន​ផ្លូវការ បន្ទាប់ពី​ប្រធាន​គណបក្ស​លោក សម រង្ស៊ី បាន​លាលែង​ពី​តំណែង ក្រោយ​ពេលដែល​គណបក្ស​ប្រជាជន​បាន​គំរាមកំហែង​រឹបអូស​គណបក្ស​នេះ​មុនពេល​ការបោះឆ្នោត​មកដល់)។ ខ្សែអាត់​សំឡេង​នេះ​ត្រូវបាន​សន្មត​ថា​នាង​និង​លោក កឹម សុខា មានការ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​អាពាហ៍ពិពាហ៍។ បាន​ចូលរួម​ក្នុង​កិច្ចការ​ក្រៅផ្លូវការ។ នៅ​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នៅពេល​សាកសួរ​ដោយ​មន្ត្រី​ប្រឆាំង​ភេរវកម្ម នាង​បាន​បដិសេធ​ការចោទប្រកាន់​ទាំងអស់។ នៅ​ថ្ងៃទី១៨ ខែមីនា នាង​បានទទួល​ការកោះហៅ​ជា​លើក​ទី​ពីរ, លើក​នេះ​ពី​ព្រះរាជ​អាជ្ញាសាលា​ក្រុងភ្នំពេញ ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់ថា នាង​បាន​កុហក​អង្គភាព​ប្រឆាំង​ភេរវកម្ម និង​ថា​ទំនាក់ទំនង​របស់​នាង​ជាមួយ​លោក កឹម សុខា គឺជា​អំពើ​ពេស្យាចារ។

ស្រីមុំ​បាន​បន្ត​ស្វែងរក​ជំនួយ​ពី​សមាគម​អាដហុក។ យោងតាម​កំណត់​ហេតុដែល​បានចេញ​ផ្សាយ​ដោយ​សមាគម​នេះ នាង​បាន​និយាយថា​ខ្សែអាត់​សំឡេង​ទាំងនេះ​គឺ​ក្លែងក្លាយ​ទេ, ហើយ​មិនមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​លោក កឹម សុខា ទេ, នាង​ត្រូវបាន​បំភិតបំភ័យ​ដោយ​អាជ្ញាធរ, ហើយ​រង​ភាពលំបាក​ក្នុងការ​រស់នៅ។ ដូចដែល​បានធ្វើ​ជាប្រចាំ​ចំពោះ​ជនរងគ្រោះ​នៃ​ពី​ការរំលោភបំពាន អាដហុក​បានផ្តល់​ឱ្យ​ស្រីមុំ នូវ​ប្រាក់ឧបត្ថម្ភ​បន្តិចបន្តួច​សម្រាប់​ការចំណាយ រួមទាំង​ជួយ​ឱ្យ​គាត់​ចូលរួម​ក្នុង​ដំណើរការ​តុលាការ និង​ផ្តល់​មេធាវី​ឱ្យ​គាត់។ នៅ​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ពេលដែល​នាង​បង្ហាញខ្លួន​ជាមួយ​មេធាវី​របស់​នាង​នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា នាង​បាន​ប្តូរ​ការបដិសេដ​របស់​នាង​ក្នុងការ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​លោក កឹម សុខា។ នៅ​ថ្ងៃទី២២ ខែមេសា នាង​បានចេញ​លិខិត​បើកចំហ​មួយ​ដោយ​ចោទប្រកាន់ថា​បុគ្គលិក​សមាគម​អាដហុក​ចំនួន ៤ នាក់ និង​បុគ្គលិក​អង្គការសហប្រជាជាតិ​លោក សុន សាលី បាន​លួង​លោមនាង​ឱ្យ​កុហក​អាជ្ញាធរ ដោយ​ប្រកាន់យក​សាច់រឿង​ដើម​របស់​នាង ហើយ​បាន​ស្នើថា​នាង​គួរតែ​ចាក​ចេញពី​កម្ពុជា។

នៅ​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ក្រសួងយុត្តិធម៌​ដែលមាន​ឥទ្ធិពល​គ្រប់គ្រង​លើ​ប្រព័ន្ធតុលាការ​កម្ពុជា បានលើកឡើង​ពី​លិខិត​របស់​ស្រីមុំ និង “បាន​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​នូវ​ទង្វើ​រំលោភ​លើ​ច្បាប់” នៃ​សមាគម​អាដហុក និង​អង្គការសហប្រជាជាតិ, ហើយ​បាន​អំពាវនាវ​ឱ្យ “អាជ្ញា​ធរមាន​សមត្ថកិច្ច” “ចាត់វិធានការ​ផ្លូវច្បាប់​ខ្លាំងក្លា​បំផុត” ប្រឆាំងនឹង​ពួកគេ។ សមាគម​អាដហុក​បាន​បដិសេធ​ជា​សាធារណៈ​នូវ​កំហុស​ណាមួយ ហើយ​បាន​ចែកចាយ​កំណត់ត្រា​ផ្ទៃក្នុង​ដែល​គាំទ្រ​ការអះអាង​របស់ខ្លួន​ដែលថា​បានធ្វើ​ឡើង​ដោយ​ស្របតាម​ទាំងស្រុង​ទៅនឹង​ស្តង់ដារ​ច្បាប់​និង​វិជ្ជាជីវៈ​សម្រាប់​កិច្ចការ​សិទ្ធិមនុស្ស។

នៅ​ថ្ងៃទី២៥ ខែមេសា បុគ្គលិក​បច្ចុប្បន្ន​និង​អតីត​របស់​សមាគម​អាដហុក​ចំនួន ៥ នាក់​ត្រូវបាន​កោះហៅ​ដើម្បី​បង្ហាញខ្លួន​នៅ​ថ្ងៃទី២៧ និង ២៨ ខែមេសា ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋា​​ភិ​បាល ដែលមាន​សមត្ថកិច្ច​នគ​របាល​យុត្តិធម៌​ក្នុងការ​ស៊ើបអង្កេត​ការចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី។ អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវបាន​ដឹកនាំ​ដោយ​លោក ឱម យិនទៀង ដែលជា​សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិម​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាម​នុស្ស​ជំនិត​ដ៏​យូរអង្វែង​របស់លោក ហ៊ុន សែន។ នៅ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឃុំខ្លួន​អ្នក​ទាំង៥ ហើយ​នៅ​ថ្ងៃទី១ ខែឧសភា តុលាការ​បាន​នាំ​ពួកគេ​ទៅ​តុលាការក្រុង​ភ្នំពេញ។ ក្នុងអំឡុងពេល​ឃុំខ្លួន​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពួកគេ​មិនបាន​ទទួល​ការប្រឹក្សា​ផ្លូវច្បាប់​ឡើយ។

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country