ពលករ​ដើរ​ហែរក្បួន​តាម​ដង​ផ្លូវ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៩។.

© 2019 Tang Chhin Sothy/AFP via Getty Images
ទីក្រុង​បាងកក​ (ថ្ងៃទី​១៥ ខែ​មករា​ ឆ្នាំ​២០២០) – រដ្ឋាភិបាលកម្ពុជា​​បាន​បង្កើន​ការ​បង្ក្រាប​លើ​សមាជិក​ និង​សកម្មជន​បក្ស​ប្រឆាំងក្នុង​រយៈ​ពេល​មួយ​ឆ្នាំកន្លង​ទៅ​​នេះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) នៅ​ថ្ងៃ​នេះ ​ក្នុងរបាយការណ៍ជា​សកល​​​ឆ្នាំ​២០២០​របស់​ខ្លួន។

ក្នុង​​អំឡុង​ពេល​មួយនៅ​​ឆ្នាំ​២០១៩​ រដ្ឋាភិបាល​បាន​ឃុំខ្លួន​អ្នក​ទោស​នយោបាយ​ជិត​៩០​នាក់​នៅ​ទូទាំង​ប្រទេស​ ដែល​ភាគ​ច្រើន​មាន​ទំនាក់ទំនង​​នឹង​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល។ ចាប់​តាំង​ពី​ខែ​មករា ដល់​ពាក់កណ្ដាល​ឆ្នាំ​២០១៩ អាជ្ញាធរ​បាន​​បញ្ជា​ឱ្យ​ចេញ​ដីកា​ និងលិខិត​កោះហៅ​ជាង​១៥០​ ប្រឆាំង​នឹង​សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហ្វ៊ីល រ៉ូបឺត​សុន អនុប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ីនៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ថ្លែង​ថា៖ «ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​គណបក្ស​ប្រឆាំងបាន​កើត​មាន​លើសលប់​ក្នុង​​ឆ្នាំ​២០១៩ ដែល​បណ្ដាល​ឱ្យ​មាន​ការ​ឃុំខ្លួន​ដោយ​ខុស​ច្បាប់​រាប់​សិប​ករណី»។ លោក​បន្ត​ថា៖ «ការ​គាប​សង្កត់​របស់​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មក​លើ​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ក្រុម​សកម្មជន​ បាន​​ធ្វើ​ឱ្យលទ្ធិ​ប្រជាធិបតេយ្យ​របស់​​​កម្ពុជា​ក្លាយ​ជារដ្ឋ​ឯកបក្ស​ទាំងស្រុង»។​

នៅ​ក្នុង​របាយការណ៍​ជាសកល​ឆ្នាំ​២០២០ ​កម្រាស់​៣៣៥​ទំព័រ​ ដែលជា​​ការ​ចេញ​ផ្សាយ​លើក​ទី​៣០​របស់​ខ្លួន អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ពិនិត្យ​មើល​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ ក្នុង​បណ្ដា​ប្រទេស​ជិត​១០០។​ នៅ​ក្នុង​​សេចក្ដី​ផ្ដើមដោយ​នាយកប្រតិបត្តិ​គឺ​ លោក ខិនណិត​ រ៉ូសត៍ (Kenneth Roth)  លោក​បាន​ថ្លែង​ថា រដ្ឋាភិបាល​ចិនដែល​ពឹងផ្អែក​លើ​ការ​គាប​សង្កត់​ដើម្បី​រក្សា​អំណាច​ កំពុង​ធ្វើ​ការ​វាយប្រហារ​យ៉ាង​សន្ធាប់​បំផុតក្នុង​រយៈពេលប៉ុន្មាន​​ទសវត្សរ៍មក​នេះ ​លើ​ប្រព័ន្ធ​សិទ្ធិ​មនុស្សសកល។ លោក​យល់​ថា ចំណាត់​ការ​របស់​ក្រុង​ប៉េកាំង ​លើក​ទឹកចិត្ត​ផង និង​ ទទួល​បាន​ការ​គាំទ្រផង​​ពី​សំណាក់​អ្នក​​នយោបាយ​ប្រជា​និយម​​ដែល​ដឹកនាំ​តាម​បែប​អត្តនោម័តិ​នៅ​ទូទាំង​ពិភពលោក ខណៈ​អាជ្ញាធរ​ចិន​ប្រើប្រាស់​អំណាច​សេដ្ឋកិច្ច​របស់​ពួកគេ​ក្នុង​ការ​រារាំង​ការ​រិះគន់​ពី​សំណាក់​រដ្ឋាភិបាល​ផ្សេង​​ៗទៀត។ វា​មាន​ភាព​បន្ទាន់​ក្នុង​ការ​ប្រឆាំង​តបត​នឹង​​ការ​រំលោភ​បំពាន​នេះ​  ដែល​គំរាម​កំហែង​ការ​វិវឌ្ឍអស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​នេះ​លើ​​ផ្នែក​សិទ្ធិ​មនុស្ស​ និង​អនាគត​របស់​ពួកយើង។

បន្ទាប់​ពីមេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា ពួកគេ​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​៩​ ខែ​វិច្ឆិកា​ មន្ត្រី​​មូលដ្ឋាន​បានចោទ​ប្រកាន់​សមាជិក​ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០​នាក់ ដែល​ក្នុង​នោះរួម​មាន ការ​ចោទ​ប្រកាន់​ថាប៉ុងប៉ង​ធ្វើ​រដ្ឋប្រហារ​ ការ​ញុះញង់​ និង​ការ​ធ្វើឱ្យ​បាត់​ជំនឿ​លើ​សេចក្ដី​សម្រេចរបស់តុលាការ ហើយមនុស្ស៦៥​នាក់ក្នុង​ចំណោម​ពួកគេ​ទាំងនោះ​ត្រូវ​បាន​​អាជ្ញាធរ​បាន​ឃុំខ្លួន​។ ​

រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​រារាំង​ការ​វិល​ត្រឡប់​មក​វិញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន ការ​ដាក់​ពង្រាយ​កង​ទ័ព​នៅ​តាម​តំបន់​ត្រួត​ពិនិត្យ​តាម​​ព្រំដែន​កម្ពុជា​-ថៃ ការ​ចេញ​បញ្ជា​ឱ្យ​​ចាប់​ខ្លួន​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ ការ​បញ្ជូន​ដីកា​ចាប់​ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​ទាំង១០​ក្នុង​តំបន់​អាស៊ាន​ និងការ​ណែនាំ​​​​ក្រុមហ៊ុន​អាកាសចរណ៍ឱ្យ​រារាំង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យ​ឡើង​យន្តហោះ​មក​កម្ពុជា​។

នៅ​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា អាជ្ញាធរ​បាន​ដក​លក្ខខណ្ឌ​ដ៏​រឹតត្បិត​យ៉ាង​ខ្លាំង​​នៃការ​ដាក់​​ឱ្យ​ស្ថិតក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវតុលាការ​ ដែល​ស្មើ​នឹង​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​ លើ​មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម​ សុខា ប៉ុន្តែ​​ការ​ចោទ​ប្រកាន់ក្រោម​ហេតុផល​​​នយោបាយ ​ពីបទ​ក្បត់​ជាតិ​​​នៅ​តែ​បន្ត។ លោក ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សំណុំ​រឿង​លោក​ សុខា នឹង​ត្រូវបញ្ជូន​ទៅ​ជំនុំ​ជម្រះ​ ហើយ​ថា ដំណើរ​ការ​កាត់​សេចក្ដី​ «នឹង​មិន​ចំណាយ​ពេល​ត្រឹម​មួយថ្ងៃ​​ ឬ​ ពីរ​ថ្ងៃ​ ឬក៏​មួយ​ខែ​ ឬ​ពីរ​ខែ​ប៉ុណ្ណោះ​ទេ --  វា​នឹង​ចំណាយ​​ពេលយ៉ាង​​យូរ»។ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ តុលាការ​ក្រុង​ភ្នំពេញក៏​​បាន​បញ្ជា​ឱ្យ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ។​

នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា លោក ហ៊ុន សែន​ បាន​ប្រកាស​ថា សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៧២​នាក់ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ​​គួរ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំបណ្ដោះ​អាសន្ន​ ហើយ​ មនុស្ស​​៧៤​នាក់​​ត្រូវ​បាន​ដោះលែង។ ទោះ​យ៉ាង​ណា​ ​​គ្មាន​បទព្រហ្មទណ្ឌ​​ណាមួយ​ប្រឆាំងនឹង​​ពួកគេ​ត្រូវ​បាន​ទម្លាក់​ចោល​​នោះឡើយ។

សហភាព​អឺរ៉ុប​បាន​ចាប់​ផ្ដើម​ការសើរើ​​ឡើង​វិញជា​ផ្លូវ​ការនូវ​​​ឋានៈ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធរបស់​កម្ពុជា ក្រោម​កម្មវិធី «ទំនិញ​សព្វសារពើ​លើក​លែង​តែ​អាវុធ» ហៅ​កាត់​ថា អ៊ី.ប៊ី.អេ (EBA)។ សេចក្ដី​សន្និដ្ឋាន​​​​​បឋម​ជា​សម្ងាត់​របស់​សហភាព​អឺរ៉ុប​​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា បង្ហាញ​ថា​ កម្ពុជា​បាន​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ និង​ជា​ប្រព័ន្ធ​លើ​សិទ្ធិ​បញ្ចេញ​មតិ​ ព្រមទាំង​​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ដទៃ​ទៀត​ ហើយ​បាន​បរាជ័យ​ក្នុង​ការ​ការពារ​សិទ្ធិ​ការងារ។

លោក រ៉ូបឺត​សុន (Robertson) មាន​ប្រសាសន៍​ថា៖ «សហភាព​អឺរ៉ុប​បាន​បញ្ជូន​សារ​ដ៏​ច្បាស់​មួយ​ដល់​កម្ពុជា​ថា ដើម្បី​រក្សា​​អត្ថប្រយោជន៍ក្នុង​វិស័យ​ពាណិជ្ជកិច្ច​ជាមួយ​សហភាព​អឺរ៉ុប កម្ពុជា​ត្រូវបញ្ឈប់​វិធានការនា​ពេល​ថ្មីៗនេះ​​ដែល​មាន​លក្ខណៈ​រឹតត្បិត ​ ហើយ​ដក​ចេញ​នូវ​ច្បាប់​ដែល​បំពាន​លើ​សិទ្ធិ​មនុស្ស»។ លោកបន្ថែម​ថា៖ «រដ្ឋាភិបាល​បរទេស​ ព្រម​ទាំង​ម្ចាស់​ជំនួយ​ គួរ​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធ្វើ​សកម្មភាព ​ដោយ​​ចាប់ផ្ដើមដោះលែង​ភ្លាមៗ ​​និង​ដោយ​ឥត​លក្ខខណ្ឌ​ រាល់​​​អ្នកជាប់​ឃុំទាំងអស់ដែល​​កំពុង​ត្រូវ​បាន​ឃុំ​ឃាំង​ដោយ​សារ​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ​ដោយ​សន្តិវិធី»។