Skip to main content

ប្រទេសកម្ពុជា៖ ការគាបសង្កត់លើបក្សប្រឆាំងមានការកើនឡើង

ត្រូវការសម្ពាធអន្តរជាតិដើម្បីកែលម្អស្ថានភាពសិទ្ធិមនុស្សឡើងវិញ

ពលករ​ដើរ​ហែរក្បួន​តាម​ដង​ផ្លូវ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៩។. © 2019 Tang Chhin Sothy/AFP via Getty Images
ទីក្រុង​បាងកក​ (ថ្ងៃទី​១៥ ខែ​មករា​ ឆ្នាំ​២០២០) – រដ្ឋាភិបាលកម្ពុជា​​បាន​បង្កើន​ការ​បង្ក្រាប​លើ​សមាជិក​ និង​សកម្មជន​បក្ស​ប្រឆាំងក្នុង​រយៈ​ពេល​មួយ​ឆ្នាំកន្លង​ទៅ​​នេះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) នៅ​ថ្ងៃ​នេះ ​ក្នុងរបាយការណ៍ជា​សកល​​​ឆ្នាំ​២០២០​របស់​ខ្លួន។

ក្នុង​​អំឡុង​ពេល​មួយនៅ​​ឆ្នាំ​២០១៩​ រដ្ឋាភិបាល​បាន​ឃុំខ្លួន​អ្នក​ទោស​នយោបាយ​ជិត​៩០​នាក់​នៅ​ទូទាំង​ប្រទេស​ ដែល​ភាគ​ច្រើន​មាន​ទំនាក់ទំនង​​នឹង​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល។ ចាប់​តាំង​ពី​ខែ​មករា ដល់​ពាក់កណ្ដាល​ឆ្នាំ​២០១៩ អាជ្ញាធរ​បាន​​បញ្ជា​ឱ្យ​ចេញ​ដីកា​ និងលិខិត​កោះហៅ​ជាង​១៥០​ ប្រឆាំង​នឹង​សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហ្វ៊ីល រ៉ូបឺត​សុន អនុប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ីនៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ថ្លែង​ថា៖ «ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​គណបក្ស​ប្រឆាំងបាន​កើត​មាន​លើសលប់​ក្នុង​​ឆ្នាំ​២០១៩ ដែល​បណ្ដាល​ឱ្យ​មាន​ការ​ឃុំខ្លួន​ដោយ​ខុស​ច្បាប់​រាប់​សិប​ករណី»។ លោក​បន្ត​ថា៖ «ការ​គាប​សង្កត់​របស់​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មក​លើ​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ក្រុម​សកម្មជន​ បាន​​ធ្វើ​ឱ្យលទ្ធិ​ប្រជាធិបតេយ្យ​របស់​​​កម្ពុជា​ក្លាយ​ជារដ្ឋ​ឯកបក្ស​ទាំងស្រុង»។​

នៅ​ក្នុង​របាយការណ៍​ជាសកល​ឆ្នាំ​២០២០ ​កម្រាស់​៣៣៥​ទំព័រ​ ដែលជា​​ការ​ចេញ​ផ្សាយ​លើក​ទី​៣០​របស់​ខ្លួន អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ពិនិត្យ​មើល​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ ក្នុង​បណ្ដា​ប្រទេស​ជិត​១០០។​ នៅ​ក្នុង​​សេចក្ដី​ផ្ដើមដោយ​នាយកប្រតិបត្តិ​គឺ​ លោក ខិនណិត​ រ៉ូសត៍ (Kenneth Roth) លោក​បាន​ថ្លែង​ថា រដ្ឋាភិបាល​ចិនដែល​ពឹងផ្អែក​លើ​ការ​គាប​សង្កត់​ដើម្បី​រក្សា​អំណាច​ កំពុង​ធ្វើ​ការ​វាយប្រហារ​យ៉ាង​សន្ធាប់​បំផុតក្នុង​រយៈពេលប៉ុន្មាន​​ទសវត្សរ៍មក​នេះ ​លើ​ប្រព័ន្ធ​សិទ្ធិ​មនុស្សសកល។ លោក​យល់​ថា ចំណាត់​ការ​របស់​ក្រុង​ប៉េកាំង ​លើក​ទឹកចិត្ត​ផង និង​ ទទួល​បាន​ការ​គាំទ្រផង​​ពី​សំណាក់​អ្នក​​នយោបាយ​ប្រជា​និយម​​ដែល​ដឹកនាំ​តាម​បែប​អត្តនោម័តិ​នៅ​ទូទាំង​ពិភពលោក ខណៈ​អាជ្ញាធរ​ចិន​ប្រើប្រាស់​អំណាច​សេដ្ឋកិច្ច​របស់​ពួកគេ​ក្នុង​ការ​រារាំង​ការ​រិះគន់​ពី​សំណាក់​រដ្ឋាភិបាល​ផ្សេង​​ៗទៀត។ វា​មាន​ភាព​បន្ទាន់​ក្នុង​ការ​ប្រឆាំង​តបត​នឹង​​ការ​រំលោភ​បំពាន​នេះ​ ដែល​គំរាម​កំហែង​ការ​វិវឌ្ឍអស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​នេះ​លើ​​ផ្នែក​សិទ្ធិ​មនុស្ស​ និង​អនាគត​របស់​ពួកយើង។

បន្ទាប់​ពីមេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា ពួកគេ​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​៩​ ខែ​វិច្ឆិកា​ មន្ត្រី​​មូលដ្ឋាន​បានចោទ​ប្រកាន់​សមាជិក​ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០​នាក់ ដែល​ក្នុង​នោះរួម​មាន ការ​ចោទ​ប្រកាន់​ថាប៉ុងប៉ង​ធ្វើ​រដ្ឋប្រហារ​ ការ​ញុះញង់​ និង​ការ​ធ្វើឱ្យ​បាត់​ជំនឿ​លើ​សេចក្ដី​សម្រេចរបស់តុលាការ ហើយមនុស្ស៦៥​នាក់ក្នុង​ចំណោម​ពួកគេ​ទាំងនោះ​ត្រូវ​បាន​​អាជ្ញាធរ​បាន​ឃុំខ្លួន​។ ​

រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​រារាំង​ការ​វិល​ត្រឡប់​មក​វិញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន ការ​ដាក់​ពង្រាយ​កង​ទ័ព​នៅ​តាម​តំបន់​ត្រួត​ពិនិត្យ​តាម​​ព្រំដែន​កម្ពុជា​-ថៃ ការ​ចេញ​បញ្ជា​ឱ្យ​​ចាប់​ខ្លួន​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ ការ​បញ្ជូន​ដីកា​ចាប់​ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​ទាំង១០​ក្នុង​តំបន់​អាស៊ាន​ និងការ​ណែនាំ​​​​ក្រុមហ៊ុន​អាកាសចរណ៍ឱ្យ​រារាំង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យ​ឡើង​យន្តហោះ​មក​កម្ពុជា​។

នៅ​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា អាជ្ញាធរ​បាន​ដក​លក្ខខណ្ឌ​ដ៏​រឹតត្បិត​យ៉ាង​ខ្លាំង​​នៃការ​ដាក់​​ឱ្យ​ស្ថិតក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវតុលាការ​ ដែល​ស្មើ​នឹង​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​ លើ​មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម​ សុខា ប៉ុន្តែ​​ការ​ចោទ​ប្រកាន់ក្រោម​ហេតុផល​​​នយោបាយ ​ពីបទ​ក្បត់​ជាតិ​​​នៅ​តែ​បន្ត។ លោក ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សំណុំ​រឿង​លោក​ សុខា នឹង​ត្រូវបញ្ជូន​ទៅ​ជំនុំ​ជម្រះ​ ហើយ​ថា ដំណើរ​ការ​កាត់​សេចក្ដី​ «នឹង​មិន​ចំណាយ​ពេល​ត្រឹម​មួយថ្ងៃ​​ ឬ​ ពីរ​ថ្ងៃ​ ឬក៏​មួយ​ខែ​ ឬ​ពីរ​ខែ​ប៉ុណ្ណោះ​ទេ -- វា​នឹង​ចំណាយ​​ពេលយ៉ាង​​យូរ»។ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ តុលាការ​ក្រុង​ភ្នំពេញក៏​​បាន​បញ្ជា​ឱ្យ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ។​

នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា លោក ហ៊ុន សែន​ បាន​ប្រកាស​ថា សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៧២​នាក់ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ​​គួរ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំបណ្ដោះ​អាសន្ន​ ហើយ​ មនុស្ស​​៧៤​នាក់​​ត្រូវ​បាន​ដោះលែង។ ទោះ​យ៉ាង​ណា​ ​​គ្មាន​បទព្រហ្មទណ្ឌ​​ណាមួយ​ប្រឆាំងនឹង​​ពួកគេ​ត្រូវ​បាន​ទម្លាក់​ចោល​​នោះឡើយ។

សហភាព​អឺរ៉ុប​បាន​ចាប់​ផ្ដើម​ការសើរើ​​ឡើង​វិញជា​ផ្លូវ​ការនូវ​​​ឋានៈ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធរបស់​កម្ពុជា ក្រោម​កម្មវិធី «ទំនិញ​សព្វសារពើ​លើក​លែង​តែ​អាវុធ» ហៅ​កាត់​ថា អ៊ី.ប៊ី.អេ (EBA)។ សេចក្ដី​សន្និដ្ឋាន​​​​​បឋម​ជា​សម្ងាត់​របស់​សហភាព​អឺរ៉ុប​​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា បង្ហាញ​ថា​ កម្ពុជា​បាន​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ និង​ជា​ប្រព័ន្ធ​លើ​សិទ្ធិ​បញ្ចេញ​មតិ​ ព្រមទាំង​​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ដទៃ​ទៀត​ ហើយ​បាន​បរាជ័យ​ក្នុង​ការ​ការពារ​សិទ្ធិ​ការងារ។

លោក រ៉ូបឺត​សុន (Robertson) មាន​ប្រសាសន៍​ថា៖ «សហភាព​អឺរ៉ុប​បាន​បញ្ជូន​សារ​ដ៏​ច្បាស់​មួយ​ដល់​កម្ពុជា​ថា ដើម្បី​រក្សា​​អត្ថប្រយោជន៍ក្នុង​វិស័យ​ពាណិជ្ជកិច្ច​ជាមួយ​សហភាព​អឺរ៉ុប កម្ពុជា​ត្រូវបញ្ឈប់​វិធានការនា​ពេល​ថ្មីៗនេះ​​ដែល​មាន​លក្ខណៈ​រឹតត្បិត ​ ហើយ​ដក​ចេញ​នូវ​ច្បាប់​ដែល​បំពាន​លើ​សិទ្ធិ​មនុស្ស»។ លោកបន្ថែម​ថា៖ «រដ្ឋាភិបាល​បរទេស​ ព្រម​ទាំង​ម្ចាស់​ជំនួយ​ គួរ​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធ្វើ​សកម្មភាព ​ដោយ​​ចាប់ផ្ដើមដោះលែង​ភ្លាមៗ ​​និង​ដោយ​ឥត​លក្ខខណ្ឌ​ រាល់​​​អ្នកជាប់​ឃុំទាំងអស់ដែល​​កំពុង​ត្រូវ​បាន​ឃុំ​ឃាំង​ដោយ​សារ​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ​ដោយ​សន្តិវិធី»។

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed