Top row, from left to right: Gen. Kun Kim, RCAF Deputy Supreme Commander; Gen. Mok Chito, Deputy Supreme Commissioner of National Police; Gen. Neth Savoeun, Supreme Commissioner of National Police; Gen. Pol Saroeun, RCAF Supreme Commander. Middle row, from left to right: Gen. Sao Sokha, Commander of National Gendarmerie; General Sok Phal, Supreme Director of the Supreme Directorate for Immigration; Lt. Gen. Bun Seng, Deputy Army Commander, Commander of Military Region 5; Lt. Gen. Chap Pheakdey, Deputy Army Commander, Brigade 911 Commander. Bottom row, from left to right: Lt. Gen. Choeun Sovantha, Deputy Army Commander, Commander of Military Region 2; Lt. Gen. Rat Sreang, National Gendarmerie Deputy Commander, Phnom Penh Gendarmerie Commander; General Chuon Sovan, National Police Deputy Supreme Commissioner; Gen. Chea Mon, Deputy Army Commander, Commander of Military Region 4.

© 2018 Human Rights Watch
(ទីក្រុងញូយ៉ក) – អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ (Human Rights Watch) ថ្លែងក្នុងរបាយការណ៍ថ្មីនៅថ្ងៃនេះថា កម្ពុជា កាន់តែក្លាយទៅជារបបផ្ដាច់ការ និងការដឹកនាំដោយឯកបក្ស ដោយសារតែពួកឧត្ដមសេនីយ៍ ក្នុងជួរកងកម្លាំងសន្តិសុខ ដែលទទួលខុសត្រូវចំពោះការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា (CPP) បានប្រយោជន៍ជាច្រើនពីការ​គាំទ្រយ៉ាងច្បាស់ឥតសង្ស័យពីក្រុមមន្ត្រីក្នុងជួរកងទ័ព កងរាជអាវុធហត្ថ និងនគរបាល ដើម្បីកម្ចាត់​ចោលរាល់សមាសភាពប្រឆាំង និងរម្លាយគណបក្សប្រឆាំងធំមួយយ៉ាងមានប្រសិទ្ធភាព ដើម្បីដាក់​ចេញការបោះឆ្នោតជាតិដោយគ្មានន័យមួយ នៅខែកក្កដា ឆ្នាំ ២០១៨។

ត្រង់ទំព័រ 213 (ទំព័រទី២០) នៃរបាយការណ៍ថ្មីមានចំណងជើង "ប្រវត្តិរំលោភសិទ្ធិមនុស្សដ៏យូរអង្វែង​របស់នាយឧត្តមសេនីយ៍នៃលោក ហ៊ុន សែន ប្រទេសកម្ពុជា" គឺជាការឆ្លុះបញ្ចាំងមន្ត្រីសន្តិសុខ ១២ រូប ដែលជាខ្នងបង្អែកនៃរបបនយោបាយរំលោភបំពាន និងផ្ដាច់ការ។ ម្នាក់ៗ នៃមន្ត្រី ដែលបាន​បុណ្យ​ស័ក្ដិខ្ពស់ និងមុខតំណែងខ្លាញ់ទាំងនេះ សុទ្ធតែជំពាក់គុណលោក ហ៊ុន សែន និងមានទំនាក់​ទំនងនឹងគ្នារាប់សឹបឆ្នាំមកហើយ។ ម្នាក់ៗ សុទ្ធតែបង្ហាញពីឆន្ទៈរំលោភបំពានសិទ្ធិមនុស្សជំនួស​លោក ហ៊ុន សែន។ មន្ត្រីទាំងនេះបំពេញការងារការពារលោក ហ៊ុន សែន ដែលកាន់អំណាចអស់​ជាង ៣៣ ឆ្នាំមកហើយនោះ ជាជាងការបំពេញការងារបំរើសាធារណៈ។ ពួកគេម្នាក់ៗ ក្រៅពីមាន​វិជ្ជាជីវៈបម្រើការងារនៅក្នុងរដ្ឋាភិបាល ដែលទទួលបានប្រាក់ខែគួរសមហើយ ពួកគេនៅមានទ្រព្យ​សម្បត្តិអាថិកំបាំងដែលមិនអាចពន្យល់បានយ៉ាងច្រើនសម្បើមទៀត។

លោក ប៊្រែដ អាដាមស៍ នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ាយ វ៉ច្ឆ ប្រចាំតំបន់អាស៊ី មានប្រសាសន៍ថា កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ លោក ហ៊ុន សែន បានបង្កើតក្រុមមន្ត្រីសន្តិសុខស្នូលដែលសាហាវឃោរឃៅមួយក្រុមសម្រាប់អនុវត្តបទបញ្ជារបស់គាត់។ ជាសំខាន់ ក្រុមឧត្ដមសេនីយ៍កម្ពុជាទាំងនេះ បានបង្ហាញឱ្យឃើញច្បាស់ជាបណ្ដើរៗ ហើយ ដែលជាយុទ្ធនាការធ្វើដោយចំហសំរាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុនការបោះឆ្នោតខែកក្កដាមកដល់ ដូចជាពួកគេពាក់ព័ន្ធនឹងការបង្ក្រាបអ្នកកាសែត អ្នកនយោបាយប្រឆាំង និងអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលជាដើម។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចងក្រងទុកជាឯកសារនូវកំណត់ត្រានៃការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងររបស់លោក ហ៊ុន សែន តាំងពីយូរលង់មក។ ចាប់តាំងពីពេលលោក ហ៊ុន សែន ឡើងកាន់អំណាចរយៈពេលជាងបីទសវត្សមកនេះ មានអ្នកប្រឆាំង អ្នកកាសែត មេដឹកនាំសហជីព មនុស្សផ្សេងទៀតរាប់រយនាក់ ត្រូវបានគេសម្លាប់ក្រោមហេតុផលនយោបាយ។ ទោះជាក្នុងករណីជាច្រើន គេបានស្គាល់ថា អ្នកដែលទទួលខុសត្រូវក្នុងការសម្លាប់នោះជាសមាជិកកងកម្លាំងសន្តិសុខក្ដី ក៏គ្មានករណីណាមួយ ត្រូវបានគេស៊ើបអង្កេត និងកាត់ទោសបានម៉ត់ចត់គួរទុកចិត្តបានទេ គឺគេទុកឲ្យអ្នកនោះនៅរួចខ្លួនផុតពីការកាត់ទោស។ ករណីខ្លះ អ្នកកេះកៃកាំភ្លើង ឬអ្នកដែលគេទម្លាក់កំហុសដាក់ ត្រូវបានគេកាត់ឲ្យជាប់ទោស រីឯថ្នាក់លើ គេទុកអោយនៅរួចខ្លួនដោយមិនអាចប៉ះពាល់បាន។ កងកម្លាំងសន្តិសុខ បានចាប់ខ្លួន វាយដំ យាយីរំខាន និងបំភិតបំភ័យ អ្នករិះគន់រដ្ឋាភិបាលជាច្រើននាក់ ដូចជាបុគ្គលិកសិទ្ធិមនុស្ស សកម្មជនសិទ្ធិការងារ សកម្មជនខាងដីធ្លី អ្នកសរសេរប្លុក (blogger) និងមនុស្សមួយចំនួនផ្សេងទៀត ដែលបញ្ចេញមតិទស្សនៈរបស់ខ្លួនតាមអនឡាញ (Online) ជាដើម។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch អោយដឹងថា លោក ហ៊ុន សែន ដឹកនាំការគាបសង្កត់របស់ខ្លួន ដោយការដំឡើងបុណ្យស័ក្ដិដល់នរណាដែលស្មោះស្ម័គ្រគាត់ ជាជាងការដំឡើងតាមគុណសម្បត្តិការងារ ដែលគេបានបម្រើការជាផ្លូវការនៅតាមក្រសួងស្ថាប័ននានា ដូចជាទាហាន កងរាជអាវុធហត្ថ នគរបាលជាដើម។

របាយការណ៍នេះ រៀបរាប់លម្អិតអំពីមន្ត្រីជាន់ខ្ពស់ក្នុងកម្លាំងសន្តិសុខចំនួន ១២ នាក់ ដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីទសវត្សឆ្នាំ ១៩៧០ រហូតមកដល់បច្ចុប្បន្ន (មន្ត្រីខ្លះបានសម្រាក ឬសុំលាលែង ដើម្បីទៅឈរឈ្មោះជាបេក្ខជននៅក្នុងការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៨)៖

  • ឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (ខ.ម)
  • ឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ (ខ.ម) និងជានាយ​សេនាធិការចម្រុះ
  • ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ (ខ.ម) និងជាមេ​បញ្ជាការកងរាជអាវុធហត្ថ (អ.ហ)
  • ឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ (ន.ប)
  • ឧត្ដមសេនីយ៍ទោ ជា ម៉ន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ (ខ.ម) និងជាមេ​បញ្ជាការយោធភូមិភាគទី ៤
  • ឧត្ដមសេនីយ៍ទោ ប៊ុន សេង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ (ខ.ម) និង​ជា​មេបញ្ជាការយោធភូមិភាគទី ៥
  • ឧត្ដមសេនីយ៍ទោ ជឿន សុវន្ថា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ (ខ.ម) និងជា​មេបញ្ជាការយោធភូមិភាគទី ២
  • ឧត្ដមសេនីយ៍ទោ ចាប ភក្ដី នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ (ខ.ម) និងជាមេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង ៩១១ (ខ.ម)
  • ឧត្ដមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេ​បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ (អ.ហ)
  • ឧត្ដមសេនីយ៍ សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ (ន.ប)
  • ឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន (ន.ប) និង
  • ឧត្ដមសេនីយ៍ទោ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល​រាជធានីភ្នំពេញ (ន.ប)

បើទោះជាមន្ត្រីទាំងនេះ មានការទទួលខុសត្រូវតាមច្បាប់តំណាងឲ្យរដ្ឋ ជាជាងតំណាងឲ្យគណបក្ស​នយោបាយ ហើយត្រូវបំពេញតួនាទីរបស់ខ្លួនដោយមិនលំអៀង និងដោយភាពអព្យាក្រឹតក្ដី ក៏រាល់​សកម្មភាពជាចំហ គឺគេធ្វើក្នុងលក្ខណៈនិយមគណបក្សខ្លាំងតែម្ដង។ ម្នាក់ៗ នៃមន្ត្រីទាំង ១២ រូបនេះ ជាសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណៈកម្មាធិការជាន់​ខ្ពស់បំផុត សម្រាប់ធ្វើគោលនយោបាយគណបក្ស។ សមាជិកគណៈកម្មាធិការកណ្ដាលបក្ស ត្រូវតែ​អនុវត្តរាល់គោលនយោបាយរបស់គណបក្ស។ ការតម្រូវរបៀបនេះ ជាបញ្ហាទំនាស់ទៅនឹងបទដ្ឋាន​សិទ្ធិមនុស្សអន្តរជាតិ។ តាមគោលការណ៍ សមាជិកកងកម្លាំងប្រដាប់អាវុធ មានសិទ្ធិបោះឆ្នោត និង​មានសិទ្ធិបញ្ចេញមតិឯកជនរបស់ខ្លួន ប៉ុន្តែក្នុងពេលបំពេញការងារវិជ្ជាជីវរបស់ខ្លួន ពួកគេមិនអាច​លម្អៀងខាងនយោបាយណាទេ បើមិនដូច្នេះទេ សាធារណជននឹងមើលឃើញថា កងកម្លាំងប្រដាប់​អាវុធទាំងនោះ កាន់ជើងគណបក្សមួយនេះ ឬមួយនោះមិនខានឡើយ។

ដូចគ្នានឹងលោក ហ៊ុន សែន ដែរ អ្នកទាំងនេះភាគច្រើន ជាសមាជិកនៃរបបខ្មែរក្រហម ចន្លោះពីខែមេសា ឆ្នាំ ១៩៧៥ ដល់ខែមករា ឆ្នាំ ១៩៧៩ ដែលទទួលខុសត្រូវចំពោះការស្លាប់ពលរដ្ឋខ្មែរចំនួនប្រមាណ ១លាន ២ សែននាក់ទៅ ២ លាន ៨ សែននាក់។

កាលពីថ្ងៃទី ១២ ខែមិថុនា សមាជិកជាន់ខ្ពស់ទី ១៣ នៃកងកម្លាំងសន្តិសុខម្នាក់ គឺឧត្ដមសេនីយ៍

ហ៊ីង ប៊ុនហៀង ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងក្នុងការធ្វើដំណើរ។ឧត្ដមសេនីយ៍ផ្កាយមាស ៤ ហ៊ីង ប៊ុនហៀង  ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សផ្ទាល់ខ្លួនលោក ហ៊ុន សែន ជាយូរមកហើយ។ ក្រសួងរតនាគារសហរដ្ឋអាមេរិកលើកឡើងថា កងអង្គរក្សនេះពាក់ព័ន្ធនឹងការវាយប្រហារលើពលរដ្ឋកម្ពុជា ដែលគ្មានអាវុធច្រើនឆ្នាំមកហើយ ហើយក៏ជាប់ពាក់ព័ន្ធនឹងហេតុការណ៍ដែលថា កងកម្លាំងយោធា ត្រូវបានគេប្រើអោយទៅគំរាមកំហែងបង្ក្រាបការជួបជុំគ្នារបស់អ្នកតវ៉ា និងអ្នកនយោបាយប្រឆាំងកាលពីឆ្នាំ១៩៩៧ ដែរ ដោយរាប់ទាំងហេតុការណ៍ ដែលធ្វើឱ្យពលរដ្ឋអាមេរិកម្នាក់ ត្រូវរបួសដោយអំបែងគ្រាប់បែកផង។ នោះគឺ ហេតុការណ៍វាយប្រហារដោយគ្រាប់បែកដៃទៅលើការប្រមូលរបស់គណបក្សប្រឆាំង ដឹកនាំដោយលោក សម រង្ស៊ី ដែលបណ្ដាលឲ្យមនុស្ស ១៦ នាក់ស្លាប់ និងរបួសជាង ១៥០ នាក់។

លោក ប៊្រែដ អាដាមស៍ ថ្លែងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើមន្ត្រីកំពូលៗ និងមនុស្សជំនិតរបស់លោក ហ៊ុន សែន ចំពោះការរំលោភបំពានថ្មីៗ និងការវាយប្រហារដោយគប់គ្រាប់បែកដៃលើអ្នកប្រឆាំងពីរទសវត្សមកហើយនោះ គឺជាការពញ្ញាក់ដល់មន្ត្រី និងមេបញ្ជាការទាំងអស់។ លោក ហ៊ុន សែន នឹងមិនអាចការពារពួកគេបានរហូតទេ ប្រសិនបើគេប្រព្រឹត្តអំពើសោកនាដកម្មឃោរឃៅលើពលរដ្ឋកម្ពុជា។

លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ ១៩៨៥។ ចាប់តាំងពីឆ្នាំ ២០១៥ គាត់បានក្លាយជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងអំណាចតាំងពីឆ្នាំ ១៩៧៩។ ដោយលោក រ៉ូប៊ើត មូហ្កាបេ  (Robert Mugabe) មេដឹកនាំប្រទេសហ៊្សីមបាវេ ធ្លាក់ពីអំណាចបាត់ទៅ ឥឡូវនេះ គឺលោក ហ៊ុន សែន ជាមេដឹកនាំម្នាក់នៅក្នុងចំណោមប្រាំនាក់ ដែលដឹកនាំបែបផ្ដាច់ការយូរជាងគេក្នុងពិភពលោក។ លោក ហ៊ុន សែន ថ្លែងជាសាធារណៈថា គាត់ជាមនុស្សទីបី ហើយព្យាយាមបង្កើតវប្បធម៌បុគ្គលិកលក្ខណៈមួយយកឈ្មោះខ្លួនឯងទៅដាក់នៅតាមសាលារៀនផ្សេងៗ ជាច្រើន (ដែលកសាងដោយលុយពីម្ចាស់ជំនួយ)។ គោរមងាររបស់លោក ហ៊ុន សែន ជាភាសាខ្មែរ គឺ "សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន" ដែលបកសម្រាយមកភាសាធម្មតាថា សម្តេច មេទ័ពកំពូល ដ៏មហាខ្លាំងក្លាអស្ចារ្យប្រកបដោយគតិគុណ និងជ័យជម្នះ។ លោក ហ៊ុន សែន ហៅខ្លួនឯងថា ជាឧត្ដមសេនីយ៍ផ្កាយមាសប្រាំផុតលេខជាអមតៈ។

លោក ប៊្រែដ អាដាមស៍ ថ្លែងថា គ្មានមេដឹកនាំផ្ដាច់ការណាឡើងដល់កំពូលបានដោយគ្មានការជួយជ្រោមជ្រែងគាំទ្រពីក្រុមមនុស្សសាហាវឃោរឃៅផ្សេងទៀតនោះទេ។ នៅខាងក្រោមលោក ហ៊ុន សែន មានក្រុមស្នូលនៃឧត្ដមសេនីយ៍មួយក្រុម ដែលជាក្រុមរំលោភបំពាន និងបំភិតបំភ័យពលរដ្ឋកម្ពុជា ហើយមានចិត្តគំនិតប្រមាថមើលងាយលទ្ធិប្រជាធិបតេយ្យពហុបក្ស ដូចតែលោក ហ៊ុន សែន បានបង្ហាញពេញរយៈពេលដែលគាត់កាន់អំណាចជាង ៣៣ ឆ្នាំកន្លងមកនេះ។ ក្រុមឧត្ដមសេនីយ៍ទាំងនេះ ក៏ដូចចៅហ្វាយរបស់ពួកគេដែរ ត្រូវតែហៅអោយចេញមកទទួលខុសត្រូវចំពោះឧក្រិដកម្មជាច្រើនដែលពួកគេបានប្រព្រឹត្ត។