នាយឧត្តមសេនីយ៍បាតដៃកខ្វក់ ១២ រូប

ប្រវត្តិរំលោភសិទ្ធិមនុស្សដ៏យូរអង្វែងរបស់នាយឧត្តមសេនីយ៍នៃលោក ហ៊ុន សែន

របាយការណ៍សង្ខេប

ក្រោមការដឹកនាំរបស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន សិទ្ធិមនុស្ស នៅ ក្នុង ប្រទេស កម្ពុជា ធ្លាក់ ដាំ ក្បាល ចុះ។ បើទោះ កិច្ចព្រម សន្តិភាព ទីក្រុង ប៉ារីស ឆ្នាំ១៩៩១ និង រដ្ឋធម្មនុញ្ញ កម្ពុជា ឆ្នាំ១៩៩៣ មាន ចែង យ៉ាង ជាក់ ច្បាស់ នូវ បទបញ្ញត្តិ ស្តីពី សិទ្ធិមនុស្ស និង ជំនួយ អភិវឌ្ឍន៍ រាប់ ពាន់ លាន ដុល្លា ដែល ក្នុង នោះ បាន ចំណាយ យ៉ាង សន្ធឹក សន្ធាប់ ទៅ លើ ផ្នែក បច្ចេកទេស លើក ស្ទួយ នីតិរដ្ឋ សិទ្ធិមនុស្ស និង កំណែ ទម្រង់ ប្រព័ន្ធ តុលាការក្តី កម្ពុជា កំពុង បោះ ពួយ ត្រឡប់ ថយ ក្រោយ យ៉ាង លឿន ឆ្ពោះ ទៅ រក របប ឯកបក្ស។

ល្បឿន នៃ ការ ធ្លាក់ ដាំ ក្បាល ចុះ នេះ ក៏ បាន ធ្វើ ឲ្យ កក្រើក រំពើក ដល់ ប្រជាធិបតេយ្យ និង សិទ្ធិ ជា មូលដ្ឋាន ដែល មាន តែ សំបក ក្រៅ នោះ ទៀត ផង។

ក្នុង ឆ្នាំ កន្លង ទៅ គណបក្ស សង្រ្គោះ ជាតិ ត្រូវ បាន រំលាយ ហើយ ប្រធាន គណបក្ស នេះ គឺ លោក កឹម សុខា ត្រូវ បាន ចាប់ ដាក់ គុក ពី បទ ក្បត់ ជាតិ ដែល ជា បទ ចោទ មិន ត្រឹមត្រូវ។ ចំណែកលោកសម រង្សី មេ ដឹក នាំ ស្ថាបនិក នៃ គណបក្ស សង្រ្គោះ ជាតិ ត្រូវ បាន ចោទ ប្រកាន់ និង កាត់ ទោស ផ្ទួនៗ រាប់ មិន អស់ ពី បទ ព្រហ្មទណ្ឌ ហើយ ដើម្បី គេច ពី ការ ជាប់ ពន្ធនាគារ លោក បាន និរទេស ខ្លួន ទៅ នៅ ក្រៅ ប្រទេស ចាប់ តាំង ពី ឆ្នាំ២០១៦។

ក្នុងខែកញ្ញា ឆ្នាំ ២០១៧ ព្រឹត្តប័ត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ត្រូវបង្ខំចិត្តបិទការ ផ្សាយ។ បន្ទាប់មកក្នុងឧសភា ឆ្នាំ ២០១៨ ម្ចាស់កាសែត ភ្នំពេញប៉ុស្តិ៍ ត្រូវ បានគាបសង្កត់ដោយ រដ្ឋាភិបាល កម្ពុជា ឲ្យលក់កាសែតនេះ ទៅឲ្យក្រុមហ៊ុនម៉ាឡេស៊ី ដែលមានចំណងមេត្រីភាពជាមួយ លោក ហ៊ុន សែន។ រដ្ឋាភិបាលបានចេញបញ្ជាបិទ វិទ្យុអេហ្វអឹម (FM) ក្នុងស្រុក ដែលផ្សាយបន្ត កម្មវិធី របស់វិទ្យុអាស៊ីសេរី និងសំឡេង សហរដ្ឋអាមេរិក (VOA)។ អតីតអ្នកយកព័ត៌មានអាស៊ីសេរី ពីរ នាក់ ត្រូវបានចាប់ឃុំខ្លួន និងចោទប្រកាន់តាមទំនើងចិត្តពីបទលួចផ្តល់ព័ត៌មានទៅឲ្យអង្គការ បរទេស។

សំឡេងរិះគន់ទាំងអស់ ត្រូវបានខ្ទាតចេញពីប្រព័ន្ធផ្សព្វព័ត៌មានក្នុងប្រទេស។ បុគ្គលិក ៥នាក់ នៃ សមាគម ការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) ដែលជា អង្គការមួយទទួលបានការគោរពខ្ពស់ ត្រូវបានចាប់ដាក់ គុក ដែលអ្នកទាំង ៥ បច្ចុប្បន្ន ត្រូវបាន អនុញ្ញត ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន រង់ចាំ ការជម្រះក្តីនោះ គឺជាសំណុំរឿងចោទ ប្រកាន់បង្កប់ ទៅ ដោយ មូលហេតុនយោបាយ។ ជាការឆ្លើយតប អង្គការសិទ្ធិមនុស្សនានា និងបណ្តាអ្នករិះគន់ រដ្ឋាភិបាល កម្ពុជា បាន ធ្វើការត្រួតពិនិត្យបំបិទខ្លួនឯងក្នុងការបញ្ចេញមតិ ដើម្បីគេចចេញ ពី គោលដៅ ស៊ីប របស់រដ្ឋាភិបាល។

 

បញ្ជីនៃករណីវាយប្រហារលើសិទ្ធិ និងសេរីភាពជាមូលដ្ឋាន នៅតែបន្តមានជាប់ជានិច្ច

លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ ១៩៨៥ ហើយចាប់តាំងពីឆ្នាំ ២០១៥ បាន ក្លាយ ជា ប្រធាន គណបក្ស ប្រជាជន កម្ពុជា (CPP) ដែល គ្រប់គ្រង អំណាច តាំង ពី ឆ្នាំ ១៩៧៩។ [១]  ដោយ លោក រ៉ូប៊ើត មូហ្កាបេ  (Robert Mugabe) មេដឹកនាំ ប្រទេស ហ៊្សីមបាវេ ធ្លាក់ពីអំណាច បាត់ ទៅ ឥឡូវនេះ គឺលោក ហ៊ុន សែន ជា មេដឹកនាំម្នាក់ នៅក្នុងចំណោមប្រាំនាក់ ដែលដឹកនាំផ្ដាច់ការយូរ ជាង គេ ក្នុងពិភព លោក។ ដូច គ្នា នឹង ជន ផ្ដាច់ការ ដទៃ ទៀត ដែរ លោក ហ៊ុន សែន បាន និយាយ ខ្លួន ឯង ថា លោក ជា មនុស្ស ទី បី ហើយ បាន ព្យាយាម បង្កើត វប្បធម៌ បុគ្គលិកលក្ខណៈ មួយ ដោយរាប់ទាំង ការដាក់ឈ្មោះខ្លួនឯងនៅតាមសាលារៀន (ដែលជាសាលាកសាង ដោយលុយជំនួយជាច្រើន)។ គោរមងាររបស់លោកជាភាសាខ្មែរ គឺ "សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន" ដែលបក សម្រាយមកភាសាធម្មតាថា សម្តេច មេទ័ពកំពូល ដ៏មហាខ្លាំងក្លាអស្ចារ្យប្រកបដោយគតិគុណ និង ជ័យជម្នះ។ លោក ហ៊ុន សែន បច្ចុប្បន្នពាក់ស័ក្តិឲ្យខ្លួនឯងជាឧត្ដមសេនីយ៍ផ្កាយមាសប្រាំផុតលេខ ជាអមតៈ។

កត្តាដែលជំរុញលោក ហ៊ុន សែន ចាត់វិធានការបង្រ្កាប បង្ហាញថា គាត់ និងគណបក្ស ប្រជាជន ភ័យ ខ្លាច ថា បើ មិនប្រើធម៌ក្តៅ បែប នេះ ទេ ពួកគេ ប្រាកដ ជា មិន ឈ្នះ ការ បោះឆ្នោត ដែល ត្រូវ បាន កំណត់ ធ្វើ នៅ ខែ កក្កដា ឆ្នាំ ២០១៨ នោះ ឡើយ។ គណបក្ស សង្គ្រ ជាតិ បាន ឈ្នះ ឆ្នោត ដោយ មិន បាន គ្រោង ទុក កាល ពី ក្នុង ពេល បោះ ឆ្នោត ជាតិ ឆ្នាំ ២០១៣ បើ ទោះ បីជា មាន ភាព លំអៀង និង ការ បន្លំ ជា ប្រព័ន្ធ និង រចនាសម្ព័ន្ធក៏ដោយ។ ជ័យជម្នះ គណបក្ស នេះ បាន កើត ឡើង ម្ដង ទៀត នៅ ក្នុង ការ បោះ ឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ ២០១៧។ អ្នក បោះ ឆ្នោត ជា ពលរដ្ឋ កម្ពុជា នៅ តាម ជនបទ និង យុវជន ដែល មាន អត្រា ភាគ រយ កើន ឡើង ក្នុង ចំណោម ពលរដ្ឋ សរុប បាន គាំទ្រ គណបក្ស ប្រឆាំង យ៉ាង ខ្លាំងក្លា។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើន មិនខុសពីប្រជា ពលរដ្ឋនៅប្រទេសដទៃទៀតទេ កាល បើបានរស់នៅក្រោមរបបផ្ដាច់ការជ្រក់ជ្រេញ យូរហើយនោះ គឺគេស្រេកឃ្លានចង់ផ្លាស់ប្ដូរខ្លាំង ណាស់។

លោក ហ៊ុន សែន ឆ្លើយតបថា ការចូលរួមក្នុងនយោបាយប្រឆាំង និងរិះគន់លោក អំពី គណបក្ស ប្រជាជនកម្ពុជា ឬរដ្ឋាភិបាល គឺជាទម្រង់ក្បត់ជាតិហើយ។ ពេលដែលគ្មាន ភស្តុតាង សម្រាប់ ការ ចោទ ប្រកាន់ នេះ លោក ហ៊ុន សែន បាន ខំ បង្កើត ឈុតឆាក ជា បដិវត្តន៍ពណ៌ មួយ ឡើង ដើម្បី ចោទ សហរដ្ឋអាមេរិក មហាអំណាច បរទេស និង អង្គការ មិនមែន រដ្ឋាភិបាល ផ្សេង ទៀត ថា មាន គម្រោង ផ្ដួល រំលំ រាជរដ្ឋាភិបាល។ ការ វាយប្រហារអ្នករិះគន់ធ្ងន់ធ្ងរបែបនេះ ដែលកើតឡើងចាប់ តាំង ពីការ ធ្វើ រដ្ឋ ប្រហារ កម្ចាត់ ដៃគូ រដ្ឋាភិបាល ចម្រុះ នៅឆ្នាំ ១៩៩៧ (គឺ គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ដឹកនាំ ដោយព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ) នោះ គឺជាសញ្ញាបង្ហាញឲ្យឃើញពីការដឹកនាំ របស់លោក ហ៊ុន សែន ដែលមិនចូលចិត្តលទ្ធិប្រជាធិបតេយ្យ ពហុបក្ស ជាយូរមក ហើយ។

អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស បាន ចងក្រង ទុក ជា ឯកសារ នូវ កំណត់ត្រា រំលោភ បំពាន សិទ្ធិមនុស្ស ធ្ងន់ធ្ងរ របស់ លោក ហ៊ុន សែន តាំង ពី មុនៗ មក។ ចាប់ តាំង ពី ពេល លោក ហ៊ុន សែន ឡើង កាន់ អំណាច មក មាន អ្នក ប្រឆាំង អ្នក កាសែត មេ ដឹក នាំ សហជីព មនុស្ស ផ្សេង ទៀត រាប់ រយ នាក់ ត្រូវ បាន គេសម្លាប់ ក្រោម ហេតុផល នយោបាយ។ ទោះ ជាក្នុងករណីជាច្រើន គេបានស្គាល់អ្នក ដែល ទទួល ខុស ត្រូវ ក្នុង ការ សម្លាប់ នោះ ក្ដី ក៏ គ្មានករណីណាមួយ គេស៊ើបអង្កេត និងកាត់ទោស្យបានម៉ត់ចត់ទេ គឺ គេ ទុក ឲ្យ អ្នក នោះ នៅ រួច ខ្លួន ដោយ សេរី តែ ម្ដង។ ករណី ខ្លះ អ្នក កេះ កៃកាំភ្លើង ឬ អ្នក ដែល គេ ទម្លាក់ កំហុស ដាក់ ត្រូវ បាន គេ កាត់ ឲ្យ ជាប់ ទោស ឯថ្នាក់លើគេទុកឲ្យនៅដោយមិនអាច ប៉ះពាល់ បាន។ អ្នក រិះគន់ ជា ច្រើន នាក់ ត្រូវ បាន ចាប់ ខ្លួន វាយ ដំ យាយី រំខាន និង បំភិតបំភ័យ ដូច ជា បុគ្គលិក សិទ្ធិមនុស្ស មេ ដឹក នាំ កម្មករ សកម្មជន និង សមាជិក សហជីព សកម្មជន ខាង ដីធ្លី សមាជិក អ្នក សរសេរ ប្លុក (blogger) ជំនាន់ ថ្មី និង មនុស្ស មួយ ចំនួន ទៀត ដែល បញ្ចេញ មតិ តាម អនឡាញ (Online) ជាដើម។ តុលាការដែល នៅ ក្រោម ការ ត្រួតត្រា របស់ គណបក្ស ប្រជាជន កម្ពុជា បាន ចោទប្រកាន់ មនុស្ស ដែល មិន បាន ប្រព្រឹត្ត ខុស ឬ ចោទប្រកាន់ តាម ហេតុផល នយោបាយរាប់រយ នាក់។

ពេល ដែល លោក ហ៊ុន សែន ដឹកនាំ ការ បង្ក្រាប ទាំងនេះ ហើយនៅបន្ត កាន់ អំណាច បាន គឺតាមរយៈ ការបង្កើតក្រុមសមមិត្តឃោរឃៅនៅ ក្នុង ជួរកងកម្លាំងសន្តិសុខ ដើម្បី អនុវត្តទស្សនៈ និងបញ្ជារបស់ គាត់។ លោក ហ៊ុន សែន ធ្វើ បែប នេះ តាម រយៈ ការ ដំឡើង បុណ្យ ស័ក្ដិ ដល់ មនុស្ស ដែល ស្មោះស្ម័គ្រ នឹង គាត់ ជា ជាង ការ ដំឡើង តាម ក្រសួង ស្ថាប័ន ដែល គេ បាន បម្រើ ការ ឲ្យតាមផ្លូវការ ដូច ជា ទាហាន កងរាជអាវុធហត្ថ និង នគរបាល ជា ដើម។

របាយការណ៍ នេះ រៀបរាប់លម្អិត អំពី មន្ត្រី ជាន់ ខ្ពស់ ក្នុង កម្លាំង សន្តិសុខចំនួន ១២ នាក់ ដែល រំលោភ សិទ្ធិមនុស្ស ធ្ងន់ធ្ងរ នៅ ក្នុង ប្រទេស កម្ពុជា ចាប់ តាំង ពី ទសវត្ស ឆ្នាំ ១៩៧០ រហូត មក ដល់ បច្ចុប្បន្ន៖

  • ឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ កងយោធពលខេមរភូមិន្ទ (ខ.ម)
  • ឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការ រង នៃ កងយោធពលខេមរភូមិន្ទ (ខ.ម) និង ជា នាយសេនាធិការ ចម្រុះ
  • ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង នៃ កងយោធពលខេមរភូមិន្ទ (ខ.ម) និង ជា មេបញ្ជាការ កងរាជអាវុធហត្ថ (អ.ហ)
  • ឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាល ជាតិ (ន.ប)
  • ឧត្ដមសេនីយ៍ទោ ជា ម៉ន អគ្គមេបញ្ជាការ រង នៃ កងយោធពលខេមរភូមិន្ទ (ខ.ម) និង ជា មេបញ្ជាការ យោធភូមិភាគ ទី ៤
  • ឧត្ដមសេនីយ៍ទោ ប៊ុន សេង អគ្គមេបញ្ជាការ រង នៃ កងយោធពលខេមរភូមិន្ទ (ខ.ម) និង ជា មេបញ្ជាការ យោធភូមិភាគ ទី ៥
  • ឧត្ដមសេនីយ៍ទោ ជឿន សុវន្ថា អគ្គមេបញ្ជាការ រង នៃ កងយោធពលខេមរភូមិន្ទ (ខ.ម) និង ជា មេបញ្ជាការ យោធភូមិភាគ ទី ២
  • ឧត្ដមសេនីយ៍ទោ ចាប ភក្ដី នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរ ភូមិន្ទ (ខ.ម) និង ជា មេបញ្ជាការ កងពលតូច ទ័ពពិសេស ឆត្រ យោង ៩១១ (ខ.ម)
  • ឧត្ដមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការ រង កងរាជអាវុធហត្ថ លើ ផ្ទៃប្រទេស និង ជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ (អ.ហ)
  • ឧត្ដមសេនីយ៍ សុខ ផល អគ្គស្នងការ រង នគរបាល ជាតិ និង ជាអគ្គនាយក នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ (ន.ប)
  • ឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការ រង នគរបាល ជាតិ និង ជា អគ្គលេខាធិការ អាជ្ញាធរ ជាតិ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន (ន.ប) និង
  • ឧត្ដមសេនីយ៍ទោ ជួន សុវណ្ណ អគ្គស្នងការ រង នគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ (ន.ប)

បុគ្គល ទាំង ១២ រូបនេះ គឺជាឆ្អឹងខ្នងបង្អែក នៃរបបនយោបាយផ្ដាច់ការរំលោភសិទ្ធិ មនុស្ស ដែល ធ្វើ ឲ្យ ការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន រឹតតែផ្ដាច់ការ។ ម្នាក់ៗ នៃ បុគ្គល ទាំង នេះ សុទ្ធតែ មាន ទំនាក់ទំនងនយោបាយ និងទំនាក់ទំនងផ្ទាល់ ខ្លួនជិតស្និទ្ធនឹងលោក ហ៊ុន សែន ដែលជួយធ្វើ ឲ្យ ប្រាកដថា កងទ័ព អាវុធហត្ថ និង នគរបាល បំពេញ តួនាទី នយោបាយមួយ ធានា ដល់ ការ គ្រប់គ្រង អំណាច របស់ គណបក្ស ប្រជាជន បន្ត ទៅ ទៀត។ ពួកគេម្នាក់ៗ សុទ្ធតែបម្រើអាជីពការងារនៅក្នុង រដ្ឋាភិបាល ដែល ទទួល បាន ប្រាក់ខែ សមគួរ ហើយនៅមានទ្រព្យសម្បត្តិអាថិកំបាំង ដែលមិនអាច ពន្យល់ បានយ៉ាងច្រើនសម្បើមទៀត។

បើ ទោះ ជា ម្នាក់ៗ នៃ បុគ្គល ទាំង ១២ រូប នេះ មាន ការ ទទួល ខុសត្រូវ ខាង ផ្លូវ ច្បាប់ តំណាង ឲ្យ រដ្ឋ ជា ជាង តំណាងឲ្យគណបក្ស ហើយ ត្រូវ បំពេញ តួនាទី របស់ ខ្លួន ដោយ មិន លំអៀង និងដោយអព្យាក្រឹតក្ដី ក៏ប៉ុន្តែរាល់សកម្មភាពជាចំហ គឺគេធ្វើក្នុងលក្ខណៈ និយមគណបក្សខ្លាំងតែម្ដង។ បុគ្គលទាំង ១២ រូប នេះ ជា សមាជិក គណៈកម្មាធិការ កណ្ដាល របស់ គណបក្ស ប្រជាជន កម្ពុជា ដែលជា គណៈកម្មាធិការ ជាន់ ខ្ពស់បំផុត សម្រាប់ធ្វើគោលនយោបាយគណបក្ស។ សមាជិក គណៈកម្មាធិការ កណ្ដាលបក្ស ត្រូវ តែ អនុវត្ត រាល់ គោលនយោបាយ របស់ គណបក្ស។ ការតម្រូវរបៀបនេះ គឺជា បញ្ហា ទំនាស់ ទៅ នឹង បទដ្ឋាន សិទ្ធិមនុស្ស អន្តរជាតិ។ តាមគោលការណ៍ កងកម្លាំងប្រដាប់ អាវុធ មានសិទ្ធិ បោះឆ្នោត និង មានសិទ្ធិបញ្ចេញមតិឯកជនរបស់ខ្លួន ប៉ុន្តែក្នុងពេល បំពេញការងារវិជ្ជាជីវរបស់ខ្លួន ពួកគេមិនអាច លម្អៀងនយោបាយទេ បើមិនដូច្នោះទេ សាធរណជននឹងមើលឃើញថា កងកម្លាំងប្រដាប់អាវុធ ទាំង នោះកាន់ជើងគណបក្ស មួយនេះ ឬមួយនោះហើយ។ ការ ធ្វើ បែប នេះ វាក៏ជាការរំលោភមាត្រា ៩ នៃ ច្បាប់ កម្ពុជា ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃ កងយោធពលខេមរភូមិន្ទ (ឆ្នាំ ១៩៩៧) ដែរ ដែល ចែងថា "យោធិន ត្រូវ មាន អព្យាក្រឹតភាព ក្នុង មុខ នាទី ក្នុង សកម្មភាព ការងារ និង ហាមឃាត់ ការ ប្រើ មុខ ងារ និង សម្ភារៈ របស់ រដ្ឋ ដើម្បី សកម្មភាព នយោបាយ ណា មួយ"។

ការ រំលោភ បំពាន ដែល អ្នក ទាំង ១២ រូប ជាប់ ពាក់ព័ន្ធ រួម មាន អំពើ រំលោភ សិទ្ធិមនុស្ស, ឧក្រិដ្ឋកម្ម សង្គ្រាម និង ឧក្រិដ្ឋកម្ម ប្រឆាំង មនុស្សជាតិ ដែល បាន ប្រព្រឹត្ត តាំង ពី ទសវត្ស ឆ្នាំ ១៩៧០ រហូត មក ដល់ បច្ចុប្បន្ន។ ភាគ ច្រើន នៃ អ្នក ទាំង ១២ នាក់ នេះ បាន ជាប់ ពាក់ព័ន្ធ នឹង ការ ប្រើប្រាស់ កម្លាំង មិន ចាំបាច់ ជ្រុល ហួសហេតុ ដែលរហូតពេលខ្លះធ្វើឲ្យ ស្លាប់អ្នកដែល តវ៉ាអំពីការបោះឆ្នោត ដែលមិន សេរី និង មិន ត្រឹមត្រូវ អំពី ការ រឹបអូស ដីធ្លី ការ រំលោភ សិទ្ធិការងារ និង អំពី បញ្ហា ប្រាក់ឈ្នួល តិច។ បុគ្គល ទាំង នេះ ភាគច្រើន ក៏ ពាក់ព័ន្ធ នឹង ការ រំលោភ បំពាន ដែល មិន មែន ជា នយោបាយ ដែរ ប្រឆាំង នឹង ពលរដ្ឋ ធម្មតា ដូច ជា ការ រឹបអូស ដីធ្លី ដោយ រំលោភ បំពាន ការសម្លាប់ ការធ្វើទារុណកម្ម និងការ ឃុំឃាំង តាម អំពើចិត្ត។ អ្នក ទាំង នេះ ខ្លះ បាន ចូលរួម នៅ ក្នុង របប ខ្មែរក្រហម របស់ ប៉ុល ពត ចន្លោះ ពី ខែ មេសា ឆ្នាំ ១៩៧៥ ដល់ ខែ មករា ឆ្នាំ ១៩៧៩។ បុគ្គល ទាំង អស់ នេះ សុទ្ធតែ មាន តួនាទី រៀងៗ ខ្លួន ក្នុង រយៈ ពេល បន្តបន្ទាប់ គឺ៖ ពី សម័យ សាធារណរដ្ឋ ប្រជាមានិត កម្ពុជា ពី ខែ មករា ឆ្នាំ ១៩៧៩ ដល់ ខែ មេសា ឆ្នាំ ១៩៨៩, សម័យ រដ្ឋ កម្ពុជា ពី ខែ មេសា ឆ្នាំ ១៩៨៩ ដល់ ខែ មិថុនា ឆ្នាំ ១៩៩៣ រាប់ ទាំង សម័យ អ៊ុនតាក់ (UNTAC) គ្រប់គ្រង ប្រទេស ពីខែមីនា ឆ្នាំ ១៩៩២ ដល់ខែមិថុនា ឆ្នាំ ១៩៩៣, សម័យរដ្ឋាភិបាល អន្តរកាល និង បន្ត មក រាជរដ្ឋាភិបាល កម្ពុជា ពី ខែ កក្កដា ឆ្នាំ ១៩៩៣ រហូត មក ដល់ សម័យបច្ចុប្បន្ន។

ម្នាក់ៗ នៃ បុគ្គល ទាំង ១២ រូប នេះ ជាអង្គរក្ស ផ្ទាល់ របស់ លោក ហ៊ុន សែន។ អ្នកទាំង ១២ រូប សុទ្ធតែ ជំពាក់ គុណបុណ្យ លោក ហ៊ុន សែន ចំពោះ តួនាទី មុខតំណែង ជាន់ ខ្ពស់ ដែល គេ មានក្នុងកងកម្លាំង សន្តិសុខ។ ពួកគេមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយលោក ហ៊ុន សែន រាប់ទសវត្សមកហើយ ហើយ ឆន្ទៈរបស់ពួកគេ គឺការរំលោភបំពានសិទ្ធិមនុស្ស។ លោក ប៉ុល សារឿន និង គន់ គីម គឺជាសមាជិក ឧបករណ៍ សន្តិសុខយោធាខ្មែរ ក្រហម ដូចលោក ហ៊ុន សែន ដែរ។ អ្នក ទាំង បី សុទ្ធតែ ជា កម្មាភិបាល ខ្មែរក្រហម នៅ ភូមិភាគ បូព៌ា។ លោក ហ៊ុន សែន បាន ឆ្លង ទៅ ប្រទេស វៀតណាម នៅ ឆ្នាំ ១៩៧៧ ហើយ បាន ក្លាយ ជា បុគ្គល គន្លឹះសំខាន់មួយរូប នៅក្នុងអង្គការចាត់តាំងយោធា ដែល ទំនុកបម្រុង ដោយ វៀតណាម ក្នុង ឆ្នាំ ១៩៧៨។ គាត់មានតួនាទី ផ្សេង ទៀត នៅ ក្នុង រដ្ឋាភិបាលរបស់ ប៉ុល ពត ហើយ ក៏ ជា រដ្ឋមន្ត្រី ការ បរទេស របស់ របប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា ដែល ជា រដ្ឋមន្ត្រី ក្មេង ជាង លើ ពិភព លោក។ លោក ប៉ុល សារឿន ដែល ទៅ ដល់ ប្រទេស វៀតណាម នៅ ក្នុង ឆ្នាំ ១៩៧៨ ក៏ ជា តួអង្គ សំខាន់ មួយ ដែរ ក្នុង មុខ តំណែង ដែល គាំទ្រ ដោយ វៀតណាម នៅ សម័យ នោះ។ លោក សៅ សុខា, ជា ម៉ន និង ជឿន សុវន្ថា ជា ជំនួយ ការ លោក ហ៊ុន សែន ផង និង ក្លាយ ជា សមាជិក កង កម្លាំង ប្រដាប់អាវុធតូចមួយ ដែល ត្រូវ បាន បង្កើត ឡើង នៅ ពេល នោះ ដែរ។ លោក គន់ គីម, នេត សាវឿន និង សុខ ផល បាន ក្លាយ ជា មនុស្ស ជំនិត លោក ហ៊ុន សែន យ៉ាង ហោច ណាស់ នៅ ដើម ទសវត្ស ឆ្នាំ ១៩៩០ ហើយ លោក ចាប ភក្ដី យ៉ាងហោច ណាស់ ពាក់ កណ្ដាល ទសវត្ស នោះ នៅ ពេល ដែល អ្នក ទាំង នេះ ដើរ តួនាទី សំខាន់ នៅ ក្នុង ការ ធ្វើ រដ្ឋប្រហារ របស់ លោក ហ៊ុន សែន នៅ ឆ្នាំ ១៩៩៧។ លោក ជួន សុវណ្ណ និង រ័ត្ន ស៊្រាង ជាកូនចៅរបស់លោក គន់ គីម ដែលជាមនុស្សមានទំនាក់ទំនងជិតស្និទ្ធ នឹង លោក ហ៊ុន សែន។

 

បទរំលោភបំពាននានា នៅក្នុងសម័យខ្មែរក្រហម

ឧត្ដមសេនីយ៍ ពីរ រូប ដែល មាន កំណត់ត្រា ពី ការ រំលោភ សិទ្ធិមនុស្ស យូរ ជាង គេ គឺ លោក ប៉ុល សារឿន និង គន់ គីម។ អ្នក ទាំង ពីរ ជា សមាជិក ឧបករណ៍នៃសន្តិសុខយោធា បក្ស កុម្មុយនិស្ត កម្ពុជា របស់ ប៉ុល ពត (ដែល គេ ស្គាល់ថា ខ្មែរក្រហម)។ ក្នុងពេលកំពុងកាន់ អំណាច ខ្មែរក្រហម ជា អ្នក ទទួល ខុស ត្រូវ ចំពោះ ការ ស្លាប់ របស់ពលរដ្ឋចំនួនប្រមាណ ពី ១ លាន ២ សែន នាក់ ទៅ ២ លាន ៨ សែន នាក់ ដោយ សារ ការសម្លាប់ អត់បាយ និង ជំងឺ។ ចំនួននេះ គឺចន្លោះពី ១៣ និង ៣០ភាគរយនៃពលរដ្ឋសរុប។ ក្នុង នោះ ក៏រាប់ ចូលទាំងការស្លាប់ពាក់ព័ន្ធនឹងកាទទួលខុសត្រូវរបស់លោក ប៉ុល សារឿន និង លោក គន់ គីម នៅកន្លែងសន្តិសុខរបស់ខ្មែរក្រហម ដែល ជា មណ្ឌល សួរ ចម្លើយ ធ្វើការ ធ្ងន់ និង សម្លាប់ ចោល។ លោក ប៉ុល សារឿន ជាអនុលេខា នៃសេនាធិការ យោធា ភូមិភាគ បូព៌ា ដែល គ្រប់គ្រង លើ មន្ទីរ សន្តិសុខ តំបន់ ឈ្មោះ ស-៧៩។ លោក គន់ គីម ជា ប្រធាន មន្ទីរ សន្តិសុខ ស្រុក ត្បូង ឃ្មុំ នៃ តំបន់ ២១។

 

អំពើរំលោភបំពាន នៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសម័យ រដ្ឋកម្ពុជា

គោលនយោបាយ និង ការ អនុវត្ត របស់ ខ្មែរ ក្រហម ធ្វើ ឲ្យ ខ្ទេចខ្ទាំ សង្គម កម្ពុជា ហើយ បង្កលក្ខណៈ ងាយ ស្រួល សម្រាប់ ជ័យជម្នះ នៃ ការ ឈ្លានពាន របស់វៀតណាម នៅ ក្នុង ខែ ធ្នូ ឆ្នាំ ១៩៧៨ និងឈាន ទៅបង្កើតបានរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅ ក្នុង ខែ មករា ឆ្នាំ ១៩៧៩។ រដ្ឋាភិបាលថ្មីមិន មែន ដាក់បញ្ចូលតែលោក ប៉ុល សារឿន និង គន់ គីម ប៉ុណ្ណោះទេ គឺមានអតីតខ្មែរក្រហមនៅ គ្រប់ ជាន់ ថ្នាក់ផ្សេងៗ ទៀត។ ក្នុង នោះ ក៏ មាន លោក ហ៊ុន សែន ដែល ជា សមាជិក ឧបករណ៍ សន្តិសុខ យោធា ខ្មែរក្រហម ម្ដង ម្នាក់ ដែរ។ លោក ហ៊ុន សែន ធ្លាប់ ជា មេបញ្ជាការ យោធា ខ្មែរក្រហម នៅ ពេល នោះ ដែល ដើរ តួនាទី មិន ច្បាស់លាស់ នៅ ក្នុង តំបន់ ដែល មាន ឧក្រិដ្ឋកម្ម ប្រឆាំង មនុស្សជាតិ បាន កើត ឡើង។

សាធារណរដ្ឋ ប្រជាមានិត កម្ពុជា ត្រូវបានប្រយុទ្ធប្រឆាំងដោយក្រុមខ្មែរក្រហម ដែល បានកែ ទម្រង់ ហើយ បន្តប្រយុទ្ធ តាម របៀប ទ័ព ព្រៃ ប្រឆាំង នឹង រដ្ឋាភិបាល កម្ពុជាជាប់ រហូត ចាប់ ពី ឆ្នាំ ១៩៧៩ ដល់ ឆ្នាំ ១៩៩៨ ជាពេល ដែល ប៉ុល ពត ស្លាប់ និងក្នុងពេល ដែល ចលនា ខ្មែរ ក្រហម បែកបាក់ និង ដួល រលំ។ របបសាធារណរដ្ឋ ប្រជាមានិត កម្ពុជា ក៏ ត្រូវ បានប្រយុទ្ធ ប្រឆាំង ដោយ ចលនា អ្នក តស៊ូ មិន មែន កុម្មុយនិស្ត ផ្សេង ទៀត ដែល គេ ស្គាល់ ឈ្មោះ ថា រណសិរ្ស រួបរួម ជាតិកម្ពុជា ដើម្បី ឯករាជ្យ អព្យាក្រឹត សន្តិភាព និង សហប្រតិបត្តិការ ហៅ កាត់ ថា ហ៊្វុនស៊ិនប៉ិច (FUNCINPEC) ដែល ត្រូវ បាន បង្កើត ឡើង នៅ ក្នុង ឆ្នាំ ១៩៨១ ដោយ អតីត ព្រះមហាក្សត្រសម្ដេច ព្រះ នរោត្ដម សីហនុ ហើយ បន្ទាប់ មក រណសិរ្ស នេះ ត្រូវ បាន ដឹកនាំ ដោយ បុត្រា របស់ ព្រះ គឺ ព្រះអង្គម្ចាស់ នរោត្ដម  រណឫទ្ធិ។

របប ឯកបក្ស នៃ របបសាធារណរដ្ឋ ប្រជាមានិត កម្ពុជា ត្រូវ បាន បង្កើត ឡើង និង ពង្រឹង ការ គ្រប់គ្រង អំណាច របស់ ខ្លួន តាម រយៈ នយោបាយ ដាក់ គុក ទូទាំង ប្រទេស ដោយ គ្មាន ការ ចោទប្រកាន់ ឬ ជំនុំ ជម្រះ និង តាម ប្រព័ន្ធ ធ្វើ ទារុណកម្ម អ្នក ជាប់ ឃុំ ផ្នែក នយោបាយ រាប់ ពាន់ នាក់។ ជន ជាប់ ឃុំ ទាំង នោះ ជា ច្រើន នាក់ បាន ស្លាប់ ដោយសារ ការ ធ្វើបាប និង ស្ថានភាព ឃុំឃាំងដ៏អាក្រក់ហួសប្រមាណទាំង នោះ។

ប្រវត្តិ បុគ្គល ១០ រូប ក្នុង ចំណោម ១២ រូប នៅ ក្នុង របាយការណ៍ នេះ គឺ ជាប់ ពាក់ព័ន្ធ អំពើ រំលោភ ទាំង នេះ តាមរយៈតួនាទីរបស់ ខ្លួន នៅ ក្នុង សេវា ផ្សេងៗ ទាំងនៅក្នុងរបប សាធារណរដ្ឋ ប្រជាមានិតកម្ពុជា និងបន្ត មក របប រដ្ឋកម្ពុជា ដូច ជា ក្នុង ផ្នែក នយោបាយ យោធា ផ្នែកស្រាវជ្រាវចារកិច្ច និង អង្គភាព នគរបាល ហើយ ផ្នែក ទាំង នេះ ជាស្ថាប័នមូលដ្ឋាននាំអ្នកទាំងនោះ មក កាន់ តួនាទីកង កម្លាំង សន្តិសុខ លេច ធ្លោ នៅពេលបច្ចុប្បន្ននេះ។ អំពើ រំលោភ បំពាន នានា ត្រូវបានប្រព្រឹត្ត ឡើង នៅ ក្នុង ការ បង្ក្រាប អ្នក ងើប តវ៉ា មិន ពេញ ចិត្ត នឹង របប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា ដោយ មាន វៀតណាម ជា ខ្នង បង្អែក ផង គឺ មាន ការ ឃុំឃាំង ផ្នែក នយោបាយ តាម អំពើ ចិត្ត និងការធ្វើ ទារុណកម្ម ជា ប្រចាំ នៅ ពន្ធនាគារ ខេត្ត ដែល ឋិតនៅក្រោម អំណាច លោក ប៉ុល សារឿន នៅជា អភិបាល ខេត្តនោះ។ ពន្ធនាគារ ក្រុងភ្នំពេញ នៅពេលនោះ មាន លោក នេត សាវឿន ជាមន្ត្រី នគរបាលជាន់ ខ្ពស់ ហើយឧបករណ៍ សន្តិសុខ នយោបាយ របស់ ក្រសួងមហាផ្ទៃ ពេល នោះ មាន លោក សុខ ផល ជាកម្មាភិបាល សំខាន់មួយរូប នៅទីនោះដែរ។
 

អំពើ រំលោភ បំពាន នៅ ក្នុង អំឡុង សម័យ អ៊ុនតាក់ (UNTAC)

នៅ ឆ្នាំ ១៩៩១ រដ្ឋ កម្ពុជា និង ហ៊្វុនស៊ិនប៉ិច (FUNCINPEC) ដែល ជា ក្រុម អ្នក តស៊ូ មិន មែន កុម្មុយនិស្ត ទី ពីរ (មួយ ទៀត គឺ រណសិរ្ស ជាតិ រំដោះ ប្រជាពលរដ្ឋ ខ្មែរ (KPNLF) និង ក្រុម ខ្មែរក្រហម ប៉ុល ពត បាន រួមគ្នា ចុះ ហត្ថលេខា លើ កិច្ច ព្រមព្រៀង ទីក្រុង ប៉ារីស ដែល ជា កិច្ចព្រមព្រៀង មួយស្ដីពី ដំណោះស្រាយ នយោបាយ រួម នៃ ជម្លោះ កម្ពុជា។ ក្នុង នោះ មានរដ្ឋាភិបាល អន្តរជាតិ ចំនួន ១៨ ប្រទេស ផ្សេង ទៀត ក៏ បាន ចុះ ហត្ថលេខា លើ កិច្ចព្រមព្រៀង នេះ ដែរ។ កិច្ចព្រមព្រៀង ទីក្រុង ប៉ារីស មាន ចែង អំពី អាណត្តិ ការងារ របស់ អាជ្ញធរ បណ្ដោះអាសន្ន របស់ អង្គការ សហប្រជាជាតិ នៅ ប្រទេស កម្ពុជា (ហៅ កាត់ ថា អ៊ុនតាក់) ដើម្បី រំសាយ កម្លាំង ប្រដាប់ អាវុធ នៅ តាម តំបន់ភាគច្រើន របស់ កម្ពុជា និង គ្រប់គ្រង ផ្ទាល់ នូវ ផ្នែក សំខាន់ៗ ផ្នែករដ្ឋបាលដែល មាន ពេល នោះ ដើម្បី បង្កើត បរិយកាស នយោបាយ អព្យាក្រឹត មួយ សម្រាប់ ឲ្យ អង្គការ សហប្រជាជាតិ រៀបចំ ការ បោះ ឆ្នោត ដែល ធ្វើ ឡើង កាល ពី ខែ ឧសភា ឆ្នាំ ១៩៩៣ នោះ។

នៅ ក្នុង សម័យ អ៊ុនតាក់ ប្រវត្តិ អ្នក ទាំង ១២ រូប បាន ពាក់ព័ន្ធ ច្រើន ក្នុង អំពើ ហិង្សា នយោបាយ របស់ រដ្ឋកម្ពុជា ដែល រាប់ ទាំង ឃាតកម្ម នយោបាយ សំដៅ គណបក្ស ហ៊្វុនស៊ិនប៉ិច និង អ្នក នយោបាយ ប្រឆាំង អហិង្សាផ្សេងទៀត ហើយ កំណត់ ទិសដៅ ធានា ឲ្យ គណបក្ស ប្រជាជន កម្ពុជា ឈ្នះ ក្នុង ការ បោះ ឆ្នោត ដែល រៀបចំ ដោយ អង្គការ សហប្រជាជាតិ នៅ ខែ ឧសភា ឆ្នាំ ១៩៩៣ នោះ។ តាម របាយការណ៍ មួយ របស់ អ៊ុនតាក់ បង្ហាញ ថា របបរដ្ឋ កម្ពុជា ជា អ្នក ទទួល ខុស ត្រូវ ចំពោះ ព្រឹត្តិការណ៍ សម្លាប់ អ្នក នយោបាយ ប្រឆាំង ចំនួន ៣៩ ករណី ដែល បាន ធ្វើ ឲ្យ មាន គ្រោះថ្នាក់ មនុស្ស ចំនួន ៤៦ នាក់ និង ការ សម្លាប់ ២៥ នាក់ ផ្សេង ទៀត។ គោល បំណង សំខាន់ នៃ ការ សម្លាប់ នេះ គឺ ដើម្បី បំភិតបំភ័យ ពលរដ្ឋ ហើយ មាន ការ សម្លាប់ ភ្លាមៗ សរុប ៤០ នាក់។ របាយការណ៍ នោះ ក៏ បាន រាយ បញ្ជី ករណី រំលោភ បំពាន របស់ រដ្ឋ កម្ពុជា រាប់ រយ ករណី ទៀត រួម មាន ការ បាត់ ខ្លួន ដោយ បង្ខំ និង ការ ធ្វើ ទារុណកម្មផង។ តួលេខ នៅ ក្នុង របាយការណ៍ នេះ មិន បាន រាយ ចំនួន ករណី រំលោភ បំពាន ឲ្យ អស់ ទេ ព្រោះ អ៊ុនតាក់ មិន អាច ស៊ើបអង្កេត បាន គ្រប់ ករណី ទេ ឬ ក៏ បញ្ជាក់ បាន ថា នរណា ជា អ្នក ទទួល ខុសត្រូវ ចំពោះ ករណី ទាំង អស់ ដែល មិន បាន ស៊ើបអង្កេត នេះ ដែរ។ [២]

ទោះ ជា យ៉ាង នេះ ក្ដី នៅ ក្នុង ការ បោះ ឆ្នោត គណបក្ស ហ៊្វុនស៊ិនប៉ិច បាន ឈ្នះ លើគណបក្ស ប្រជាជន កម្ពុជា។ ប៉ុន្តែ ក្រុម គណបក្ស ប្រជាជន កម្ពុជា ដែល ដឹក នាំ ដោយ លោក ហ៊ុន សែន គំរាមប្រើហិង្សា ជំទាស់ លទ្ធផលឆ្នោត។ ដោយឈរ លើ មូលដ្ឋាន នេះ គណបក្ស ប្រជាជប ក៏បានទាមទារដោយជោគ ជ័យ ឲ្យ អង្គការ សហប្រជាជាតិ បង្កើត សម្ព័ន្ធភាព សហ នាយករដ្ឋមន្ត្រី រវាង ហ៊្វុនស៊ិនប៉ិច-ស៊ីភីភី (CPP) ដោយ ឲ្យ សម្ដេចក្រុមព្រះជា នាយក រដ្ឋមន្ត្រីទី១ ហើយ លោក ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី ទី២។ ងារ មានន័យ ខុស គ្នា បន្តិចបន្តួច ប៉ុន្តែ ម្នាក់ៗ មាន អំណាចខាងផ្លូវច្បាប់ដូចគ្នា។

 

ការ រំលោភ បំពាន ចាប់ តាំង ពី សម័យ អ៊ុនតាក់ (ឆ្នាំ ១៩៩៣ រហូត មក ដល់ បច្ចុប្បន្ន)

បន្ទាប់ ពី អាជ្ញាធរ អ៊ុនតាក់ ចាកចេញ នៅ ឆ្នាំ ១៩៩៣ អំពើ ហិង្សា នយោបាយ របស់ គណបក្ស ប្រជាជន កម្ពុជា បានបញ្ចេញ ផ្កា ភ្លើង ម្ដង ទៀត។ នោះ គឺ ការ ប្រឆាំង នឹង អ្នក សារព័ត៌មាន រិះគន់ និង គណបក្ស ជាតិ ខ្មែរ ដែល ទើប បង្កើត ថ្មី និង ដឹក នាំ ដោយ លោក សម រង្ស៊ី ជា អតីត រដ្ឋមន្ត្រី ក្រសួង ហិរញ្ញវត្ថុ របស់ គណបក្ស ហ៊្វុនស៊ិនប៉ិច ត្រូវ បាន គេ កំណត់គោលដៅ តាម ធ្វើ ឃាត។ សម្ព័នភាព សហនាយករដ្ឋមន្ត្រី ដែល ត្រូវ បាន រៀបចំ ឡើង នៅ ឆ្នាំ ១៩៩៣ នោះ បាន បញ្ចប់ នៅ ឆ្នាំ ១៩៩៧ គឺ នៅ ពេល ដែល លោក ហ៊ុន សែន បណ្ដេញ ព្រះអង្គ ម្ចាស់ នរោត្ដម រណឫទ្ធិ ចេញ ពី អំណាច តាម រយៈ រដ្ឋប្រហារ មួយ។

ភាគ ច្រើន នៃ បុគ្គល ទាំង ១២ រូប បាន ជាប់ ពាកព័ន្ធ នឹង អំពើ ហិង្សា នយោបាយ ពី ឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៨ ជា ពិសេស លោក គន់ គីម, ចាប ភក្ដី, ជា ម៉ន, ប៊ុន សេង, ជឿន សុវន្ថា, នេត សាវឿន និង សៅ សុខា។ ភាគ ច្រើន នៃ បុគ្គល ទាំង នេះ បាន ដើរ តួនាទី យ៉ាង សំខាន់ នៅ ក្នុង រដ្ឋប្រហារ របស់ លោក ហ៊ុន សែន នៅ ថ្ងៃ ទី៥ និង ទី៦ ខែ កក្កដា ឆ្នាំ ១៩៩៧ ប្រឆាំង ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែលជា នាយករដ្ឋមន្ត្រី ទី១ និង គណបក្ស ហ៊្វុនស៊ិនប៉ិច របស់ ព្រះអង្គ។ រដ្ឋប្រហារ នេះ បាន សម្លាប់ សមាជិក ដែល មាន ភក្ដីភាពបំផុត ចំពោះ គណបក្ស រាជានិយម ចំនួន ជាង ១០០ នាក់។ ក្នុង របាយការណ៍ របស់ ការិយាល័យ សិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ ខែ សីហា ឆ្នាំ ១៩៩៧ បាន ចងក្រង ឯកសារ អ្នក ស្លាប់ ថា មាន ចំនួន ៤១ នាក់ ហើយ ថា ចំនួន នេះ អាច មានដល់ ៦០ នាក់ ដែល ត្រូវ បាន គេ សម្លាប់ ដោយ ហេតុផល នយោបាយ ក្រៅ ប្រព័ន្ធ តុលាការ បន្ទាប់ ពី រដ្ឋប្រហារ ហើយ។[៣] តំណាង ពិសេស របស់ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ សម្រាប់ បញ្ហា សិទ្ធិមនុស្ស ប្រចាំ នៅ កម្ពុជា លោក ថូម៉ាស ហ៊ែមម៉ាប៊ើគ (Thomas Hammarberg) ថ្លែង ក្រោយ មក ទៀតថា ក្នុង ហេតុការណ៍នោះ មាន មនុស្ស រាប់សិប នាក់ ត្រូវ គេ ប្រហារ ជីវិត ភ្លាមៗ ព្រមទាំងករណី ឃាតកម្ម និងបាត់ ខ្លួន ក្រោយ រដ្ឋប្រហារ។

ការ សម្លាប់ នោះ បាន បណ្ដាល ឲ្យ អ្នក នយោបាយ ប្រឆាំង និង សកម្មជន និរទេស ខ្លួន ទៅ ក្រៅ ប្រទេស ដោយសារ បារម្ភ អំពី អាយុ ជីវិត របស់ ខ្លួន។ ទោះជាដូច្នេះក្ដី អ្នក នយោបាយ បាន ត្រឡប់ មក ប្រទេស វិញ ក្រោម កិច្ច សម្របសម្រួល ចរចា ដោយ ប្រទេស ជប៉ុន សហរដ្ឋ អាមេរិក និង អង្គការ សហប្រជាជាតិ ដើម្បី ចូលរួម ការ បោះឆ្នោត នៅ ខែ កក្កដា ឆ្នាំ ១៩៩៨ ដែល ជា ដំណើរ ការ បោះ ឆ្នោត មួយ ប្រកប ដោយ អំពើ ហិង្សា និង មាន គុណវិបត្តិ។

រដ្ឋប្រហារ ឆ្នាំ ១៩៩៧ និង សន្លឹក ឆ្នោត នៅ ឆ្នាំ ១៩៩៨ នោះ បាន បន្ត ឲ្យ មាន ការ បោះ ឆ្នោតរដ្ឋសភា ក្រោម អំណាច ត្រួតត្រា និងការបន្លំរបស់ គណបក្ស ប្រជាជន កម្ពុជា នៅ ឆ្នាំ ២០០៣, ២០០៨ និង ឆ្នាំ ២០១៣។ គណបក្ស ប្រជាជនកម្ពុជា អះអាង ថា ខ្លួនបាន ឈ្នះ ដោយ ពិត ប្រាកដ ពេលដែល គណបក្ស កាន់អំណាចមួយនេះ បានបន្សាបឥទ្ធិពល គណបក្ស ហ៊្វុនស៊ិនប៉ិច ហើយ ផ្ដល់ សម្បទាន នយោបាយ ឲ្យ វិញ ខ្លះ ក្នុង ពេល ដែល ជីវិតនយោបាយរបស់គណបក្សនេះបម្រុងនឹងស្លាប់ទៅហើយនោះ។

ទង្វើរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា មិនបានក្លាយជាឧបសគ្គ ឬប៉ះពាល់ ដល់ ការត្រូតត្រារបស់លោក ហ៊ុន សែន និង គណបក្ស ប្រជាជន កម្ពុជា ទេ។ ហើយ បញ្ហានេះ ក៏ មិន បាន បញ្ឈប់ ពួក គេ ពី ការ ពឹង ផ្អែក លើ ការ លូតលាស់ អំណាច សេដ្ឋកិច្ច តាម រយៈ ក្រុម អ្នកមានអំណាច រឹប អូស ដីធ្លី និង ការ កេង ប្រវ័ញ្ច លើ កម្មករ រោងចក្រ ដែល មាន ប្រាក់ ខែ តិច នោះដែរ។ ពី ឆ្នាំ ១៩៩៨ មក ដល់ ឆ្នាំ ២០០៨ ឧបសគ្គ ចំពោះ លោក ហ៊ុន សែន និង គណបក្ស ប្រជាជន កម្ពុជា ផ្នែក នយោបាយ គឺ ការលេច ចេញ វត្តមាន ប្រជាប្រិយភាព របស់ គណបក្ស សម រង្ស៊ី (SRP) ដែល ចេះ តែរីកធំឡើង។  គណបក្ស សម រង្ស៊ី ចេះតែ កើន ឡើង ប្រជាប្រិយភាព តាមរយៈចូលរួមធ្វើបាតុកម្ម ប្រឆាំង នឹង ការ បាត់ បង់ ដីធ្លី ផ្ទះសម្បែង ហើយ ភាគ ច្រើន សហជីព កម្មករ ដឹក នាំ ការ ធ្វើ កូដកម្ម ទាមទារ ប្រាក់ឈ្នួល និង លក្ខខណ្ឌ ការងារឲ្យបានល្អប្រសើរ។

ក្នុង ឆ្នាំ ២០១២ លោក សម រង្ស៊ី និង កឹម សុខា ដែល ជា ប្រធាន គណបក្ស សិទ្ធិមនុស្ស បាន ច្របាច់ បញ្ចូល គ្នា ទៅ ជា គណបក្ស សង្គ្រោះ ជាតិ (CNRP) មួយ ដើម្បី ប្រកួត ជាមួយ គណបក្ស ប្រជាជន កម្ពុជា ក្នុង ការ បោះ ឆ្នោត នៅ ឆ្នាំ ២០១៣។ ការ បោះ ឆ្នោត នេះ មាន លក្ខណៈ មិន ប្រក្រតី ជា ប្រព័ន្ធ ហើយ ក៏ មិន សេរី និង យុត្តិធម៌ ដែរ។ គណបក្ស ប្រជាជន កម្ពុជា អះអាង ពី ជ័យជម្នះ បន្តិចបន្តួច (ប្រកៀកប្រកិត គ្នា) ដែល ធ្វើ ឲ្យ លោក ហ៊ុន សែន នៅ កាន់ អំណាច ដដែល។

 

កំណែទម្រង់ កង កម្លាំង សន្តិសុខ ដែល មាន និន្នាការ នយោបាយ ពិតជាទៅមិនរួច

លោក ហ៊ុន សែន និង គណបក្ស ប្រជាជន កម្ពុជា រឹត តែ ពឹង ផ្អែក លើ មេបញ្ជាការ ទាំង ១២ រូប និង មេ បញ្ជាការ ជាន់ខ្ពស់ផ្សេង ទៀត នៅ ក្នុង កង កម្លាំង យោធា រាជអាវុធហត្ថ និង នគរបាល ដែល ជា ប្រធាន បទ នៃ របាយការណ៍ នេះ។ និន្នាការ នេះ ត្រូវ បាន គូស បញ្ជាក់យ៉ាងច្បាស់ ក្នុង មហាសន្និបាត របស់ គណបក្ស ប្រជាជន កម្ពុជា នៅ ឆ្នាំ ២០១៥ ជាពិសេស ការ កើនឡើង ចំនួន មេបញ្ជាការ កងកម្លាំង សន្តិសុខ ឬកងប្រដាប់អាវុធ និង មន្ត្រី រដ្ឋាភិបាល ផ្សេង ទៀត ដែល ទទួល បន្ទុក ផ្នែក សន្តិសុខ នៅ ក្នុង គណៈកម្មាធិការ កណ្ដាល របស់ គណបក្ស ប្រជាជន កម្ពុជា (សូម មើល ឧបសម្ព័ន្ធ ទី ១)។ តាម ការ គណនា របស់ អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស (Human Rights Watch) យ៉ាង ហោច ណាស់ មាន មន្ត្រី ៨០ រូប ត្រូវ បាន គេ បញ្ចូល បន្ថែម។ នៅ មហាសន្និបាត បក្ស ក្នុង ខែ មករា ឆ្នាំ ២០១៨ ដែល ត្រូវ អនុម័ត ផែនការ បក្ស សម្រាប់ ការ បោះ ឆ្នោត ជាតិ ឆ្នាំ ២០១៨ ក៏ មាន បញ្ចូល បុគ្គលិក នៃ កងកម្លាំង សន្តិសុខ សន្ធឹក សន្ធាប់ ដែរ។ [៤] ក្នុង នោះ គឺ មាន មន្ត្រី យោធា ៦៤ នាក់ ភាគ ច្រើន ជា ថ្នាក់ ឧត្ដមសេនីយ៍ ទោ នេះ បើ តាម ឯកសារ ដែល អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស បាន ឃើញ។ [៥]

លោក ហ៊ុន សែន បាន ប្រកាស "ការ ប្ដេជ្ញាចិត្ត ដាច់ ខាត" រក្សា ស្ថិរភាព សណ្ដាប់ ធ្នាប់ នយោបាយ នៅ កម្ពុជា ដើម្បី ឲ្យ គាត់ អាច ក្លាយ ជា នាយករដ្ឋមន្ត្រី បន្តទៀត នៅ បន្ទាប់ ពី ការ បោះឆ្នោត ដែល កំណត់ ធ្វើ នៅ ឆ្នាំ ២០១៨។ [៦] យោងតាម ប្រវត្តិ ពីអតីតកាល និង តួនាទី បច្ចុប្បន្នកាលរបស់ ពួកគេ គឺ ថា លោក ហ៊ុន សែន ពឹង ផ្អែក លើ មេបញ្ជាការ ទាំង ១២រូប នេះ និង កូនចៅ របស់ ពួក គេ ដើម្បី ប្រព្រឹត្ត អំពើ រំលោភ សិទ្ធិមនុស្ស នៅ ពេល ណា ចាំបាច់ សម្រាប់ តែ អំណាច និង ផលប្រយោជន៍ សេដ្ឋកិច្ច របស់ ពួក គេ។ ភាព គ្រោះថ្នាក់ នេះ គឺ បាន ឆ្លុះ បញ្ចាំង ទាំង តាម រយៈ កំណត់ត្រា សកម្មភាព រំលោភ បំពាន សិទ្ធិមនុស្ស របស់ ពួក គេ យូរ មក ហើយ ក៏ ដូច ជា ក្នុង បរិបទ នៃ ការ បោះ ឆ្នោត ឆ្នាំ ២០១៣ និង ការ បោះឆ្នោត ដែល កំណត់ ធ្វើ នៅ ឆ្នាំ ២០១៨ ដែរ។ មហា បាតុកម្ម ដោយ សន្តិវិធី បាន កើត មាន ក្រោយ ការ បោះឆ្នោត ឆ្នាំ ២០១៣ ប្រឆាំង ការ បន្លំ សន្លឹក ឆ្នោត ដោយ គណបក្ស ប្រជាជន កម្ពុជា ហើយ ការ ធ្វើ កូដកម្ម ទ្រង់ទ្រាយ ធំ ថ្មី ទាមទារ ឲ្យ ដំឡើង ប្រាក់ ឈ្នួល ក៏ បាន កើត ឡើង ដែរ។ ការ ប៉ុនប៉ង ទាំង កំរោល របស់ កងកម្លាំង សន្តិសុខ ដើម្បី ទប់ស្កាត់ និង បង្ក្រាប ការ ប្រមូល ផ្ដុំ ទាំង នេះ ជួនកាលបង្ក ឲ្យ សង្គម វឹកវរ ដែល ធ្វើឲ្យ កង សន្តិសុខ លើកយកជាមូលហេតុ ដើម្បីឆ្លើយតប ភាព វឹកវរ នោះ ដោយ អំពើ ហិង្សា ហួសហេតុ រួម មាន ទាំង ការ ប្រើ កម្លាំង មិន ចាំបាច់ ដែល បណ្ដាល បាត់បង់ ជីវិត មនុស្ស។ ជា លទ្ធផល មាន មនុស្ស ស្លាប់ ចំនួន ៧ នាក់ នៅ ដើម ឆ្នាំ ២០១៤។ គណបក្ស ប្រជាជន កម្ពុជា ថ្កោល ទោស ការ តវ៉ា និង កូដកម្ម ទាំង នោះ ថា ជា ផែនការ របស់ គណបក្ស សង្គ្រោះ ជាតិ (CNRP) ញុះញង់ ឲ្យ មាន "បដិវត្ត ពណ៌"។ តាំង ពី ពេល នោះ មក លោក ហ៊ុន សែន និង គណបក្ស ប្រជាជន កម្ពុជា ចាប់ ផ្ដើម យុទ្ធនាការ រំលោភ សិទ្ធិ មនុស្ស ដោយ ដៅ មុខ សញ្ញា ទៅ រក គណបក្ស សង្គ្រោះ ជាតិ និង ប្រព័ន្ធ ផ្សព្វផ្សាយ ព្រម ទាំង សង្គម ស៊ីវិល ដោយ អះអាង ថា នេះ ជា វិធានការ ចាំបាច់ ក្នុង ការ បង្ការ កុំ ឲ្យ មាន "បដិវត្ត ពណ៌) ដែល ថា បើ មិន តប់ ស្កាត់ ទេ បដិវត្ត ពណ៌ នឹង អាច កើត ឡើង ពាក់ព័ន្ធនឹង ការ បោះឆ្នោត នៅ ឆ្នាំ ២០១៨ រាប់ ទាំង ការ តវ៉ា ប្រឆាំង នឹង ការ លួច បន្លំ សន្លឹក ឆ្នោតផង។

របាយការណ៍ នេះ ចាប់ ផ្ដើម ឡើង ដោយ មាន ប្រវត្តិ លម្អិត អំពី កម្លាំង សន្តិសុខ បី ផ្នែក សំខាន់ ដែល មាន នៅ រហូត មក ដល់ សព្វថ្ងៃ នេះ គឺ កងទ័ព កងរាជអាវុធហត្ថ និង នគរបាល។ ការ វិវឌ្ឍ នៃ ខ្សែ បញ្ជា របស់ ពួក គេ សូម មើល ក្នុង ឧបសម្ព័ន្ធ ទី ២, ៣, និង ទី ៤។ ឧបសម្ព័ន្ធ នេះ បន្ត ដោយ ប្រវត្តិ បុគ្គល ទាំង ១២ រូប។ របាយការណ៍ នេះ គឺ បញ្ចប់ ដោយ ការ ផ្ដល់ អនុសាសន៍ សម្រាប់ ធ្វើ កំណែទម្រង់ ផ្នែក កងកម្លាំង សន្តិសុខ ដែល បាន លើក ឡើង ជាមួយ រាជរដ្ឋាភិបាល កម្ពុជា, អង្គការ សហប្រជាជាតិ, ម្ចាស់ ជំនួយ និង រដ្ឋាភិបាល ផ្សេងៗ ទៀត។ អនុសាសន៍ ទាំង នេះ ត្រូវ បាន ធ្វើ ឡើង តាម ការ បង្ហាញ ពី ភាព បរាជ័យ នៃ កិច្ច ប្រឹងប្រែង របស់ សហគមន៍ អន្តរជាតិ នៅ ក្នុង វិស័យ នេះ។ ប៉ុន្តែ ដោយ ទទួល ស្គាល់ ថា ការ កែ ទម្រង់ ផ្នែក សន្តិសុខ គឺ មាន សារសំខាន់ បំផុត សម្រាប់ ការ លើកស្ទួយ និង ការពារ សិទ្ធិមនុស្ស នៅ ប្រទេស កម្ពុជា។ ប្រសិន បើ មិន ធ្វើ ឲ្យ កង កម្លាំង សន្តិសុខ មាន វិជ្ជាជីវៈ ហើយ ជន រំលោភ បំពាន សំខាន់ៗ មិន បាន ទទួល ខុសត្រូវ សមស្រប ទេ នោះ លទ្ធភាព កែ ទម្រង់ លទ្ធិ ប្រជាធិបតេយ្យ មាន តិចតួច ឬ ការ កែ ទម្រង់ រចនាសម្ព័ន្ធ ណាមួយនៅ ប្រទេស កម្ពុជា ពិតជាមិនអាទៅរួចទេ។

សូម មើល ជំពូក 14 សម្រាប់ អនុសាសន៍ ពេញលេញ ទាំង ស្រុង៕

 

៚៚៚៚៚៚៚៚៚៚៚៚៚៚

 

XIII.អនុសាសន៍
 

ក្នុង រយៈ ពេល ២៥ ឆ្នាំ មាន ការចេញសេចក្ដី សម្រេច ចិត្ត និង របាយការណ៍ ជន់ជោរ ជា ច្រើន រាប់ មិន អស់ ពី មហាសន្និបាត អង្គការ សហប្រជាជាតិ គណៈកម្មការ សិទ្ធិមនុស្ស តំណាង ពិសេស អង្គការ សហប្រជាជាតិ អ្នករាយការណ៍ ពិសេស និង ឧត្ដមស្នងការ អង្គការ សហប្រជាជាតិ ទទួល បន្ទុក សិទ្ធិ

មនុស្ស ផង បាន អំពាវនាវ ឲ្យ ចាត់ វិធានការ ដោះស្រាយ បញ្ហា និទណ្ឌភាព រៀបចំ កងយោធា កងរាជ អាវុធហត្ថ និង នគរបាល ឲ្យ មាន វិជ្ជាជីវៈ និង ផ្ដាច់ ចេញ ពី នយោបាយ។ ម្ចាស់ ជំនួយ និង អង្គការ សង្គម ស៊ីវិល នានា ក៏ បាន អំពាវនាវ ដូច គ្នា ជា បន្តបន្ទាប់ទៀត។

មាន អ្នក ការពារ សិទ្ធិមនុស្ស និង សកម្មជន អង្គការ សង្គម ស៊ីវិល ជា ច្រើន នាក់ បាន ប្រថុយប្រថាន ជីវិត ដើម្បី ជួយ កែ ទម្រង់ កម្ពុជា ឲ្យ ដើរ ទៅ រក មាគ៌ា លទ្ធិ ប្រជាធិបតេយ្យ គោរព សិទ្ធិមនុស្ស ដូច ដែល បាន សន្យា នៅ ក្នុង កិច្ចព្រមព្រៀង សន្តិភាព ទីក្រុង ប៉ារីស និង រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រ កម្ពុជា។ ពួក គេ មិន ត្រឹម តែ មិន បាន ជោគជ័យ ទេ គឺ ត្រូវ រដ្ឋាភិបាល ឆ្លើយតប វិញ ដោយ ការ វាយប្រហារ លើ រាងកាយ ការ ចាប់ ខ្លួន និង កាត់ ទោស ដាក់ គុក ច្រើន ឆ្នាំ ទៀត ផង។ ខណៈ ដែល ពួក គេ ធ្វើការ ជា គំរូ ពួក គេ មិន បាន ទទួល ការ គាំទ្រ ពី ក្រោយ ដោយ សហគមន៍ អន្តរជាតិ ទេ ដែល មើល ទៅ ហាក់ ដូច ជា មិន បាន ខិតខំ ជួយ ដុត ដៃ ដុត ជើង បំបាត់ និទណ្ឌភាព និងតម្រូវការ ចាំបាច់ដើម្បីការ ផ្លាស់ប្ដូរ ដល់ បុគ្គលិក ដឹកនាំ គេ ក្នុង កង កម្លាំង សន្តិសុខ របស់ កម្ពុជា ឡើយ។

ជា ពិសេស រដ្ឋាភិបាល អន្តរជាតិ និង ម្ចាស់ ជំនួយ មើល ទៅ ហាក់ ដូច ជា មិន ពេញ ចិត្ត នឹង សកម្មភាព ចូល រួមធ្វើនយោបាយរបស់ថ្នាក់ ដឹក នាំ កងកម្លាំង សន្តិសុខដែលមានកាន់តែខ្លាំងឡើង។ ពួក គេ ក៏ មិន សប្បាយ ចិត្ត ដែរ នៅពេលឃើញនិទណ្ឌភាពគ្របដណ្តប់ ឬញាំញីលើរាល់ទិដ្ឋភាព គ្រប់គ្រង រដ្ឋ និង លើ កិច្ច ប្រឹងប្រែង ពង្រឹង ស្ថាប័ន នីតិរដ្ឋ និង ការ ប្រយុទ្ធ ប្រឆាំង នឹង អំពើ ពុករលួយ។ ហេតុផល មួយ ផ្នែក នៃបញ្ហា នេះ គឺ ដោយសារការកសាង ស្ថាប័ន ដែល ជា ការ ទាមទារ ពួក គេ ចង់ បាន ហើយ ថែមទាំង បាន ផ្ដល់ ជំនួយ ឧបត្ថម្ភ ក្នុង រយៈ ពេល ២៥ ឆ្នាំ តាំង ពី សម័យ អ៊ុនតាក់ (UNTAC) មក នោះ ប្រទេស ម្ចាស់ ជំនួយ ទាំង នោះ បាន បរាជ័យ យ៉ាង ធំ ហើយ ក៏ បាន បន្សល់ ទុក ស្លាកស្នាម សោកនាដកម្ម ដែរ នៅ ក្រោយ អំឡុង ពេល នៃ កិច្ច ព្រមព្រៀង ទីក្រុង ប៉ារីស។

វប្បធម៌ និទណ្ឌភាព ឬទម្លាប់ឲ្យជនល្មើសច្បាប់រួចទោសនេះ គឺ ត្រូវ ការ ឲ្យ មាន ដំណោះស្រាយ ទៅ មុខ ជាប់ ជានិច្ច មិនមែនទុកបណ្តោយឲ្យកើតមានដោយមិនអើពើ ឬមើលស្រាល ដូច រដ្ឋាភិបាល បរទេស និង ម្ចាស់ ជំនួយ ដែល បាន ធ្វើ ក្នុង រយៈ ពេល ២៥ ឆ្នាំ កន្លង មក នេះ ទេ។ រដ្ឋាភិបាល និង ម្ចាស់ ជំនួយគួរ តែ បញ្ឈប់ វប្បធម៌ និយាយច្បល់ៗ មិនច្បាស់លាស់ មិនម៉ឹងម៉ាត់របស់ ខ្លួន ហើយ គេច វេះពី ការ ប្រឈម ជាមួយ មន្ត្រី រដ្ឋាភិបាល មន្ត្រី គណបក្ស ប្រជាជនកម្ពុជា និង មន្ត្រី កងកម្លាំង សន្តិសុខ ទាំង អស់ នោះ ទៀត ទៅ។

មាន ឯកសារ ដ៏ ច្រើន សន្ធឹកសន្ធាប់ ដែល កត់ ត្រា អំពី បុគ្គល មាន ឋានន្តរសក្ដិ ខ្ពស់ ម្នាក់ៗ ដែល មាន តួនាទី ផ្លូវការ នៅ កម្ពុជា។ មាន កំណត់ ត្រាស្តីអំពីមន្ត្រីជាន់ខ្ពស់ កម្ពុជាច្រើនណាស់។ ប្រសិនបើ រដ្ឋាភិបាលនៃប្រទេសនានា អង្គទូត និង ម្ចាស់ ជំនួយទាំងឡាយ គ្រាន់តែចំណាយពេលល្មមបង្គួរ សិក្សាអំពីសកម្មភាព ឬទង្វើរបស់មន្ត្រីថ្នាក់ដឹកនាំកម្ពុជា ដែលត្រូវបានគេចងក្រងកត់ត្រាទុកនោះ ពួកគេ ពោលគឺអង្គទូត ឬប្រទេសម្ចាស់ជំនួយទាំងនោះ អាចចាប់ផ្តើមដាក់សម្ពាធលើ រដ្ឋាភិបាល កម្ពុជា ដើម្បីឲ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហានិទណ្ឌភាពបានហើយ។ ការកត់ត្រាទុកនូវអំពើ និទណ្ឌភាពវាជារឿងសំខាន់ណាស់ ពីព្រោះថា ប្រសិនបើ «មិនមានការចងចាំទេ យុត្តិធម៌ក៏អាចមិន មានដែរ»។

ចំណុច ល្អ ដែល ត្រូវ ចាប់ ផ្ដើម គឺ ការ ពិនិត្យ មើល កំណត់ត្រា របស់ បុគ្គល ម្នាក់ៗ ដែល មាន ឈ្មោះ នៅ ក្នុង របាយការណ៍ នេះ និង មន្ត្រី ដែល មាន ឈ្មោះ ល្បី អសោច ផ្សេងៗ ទៀត។ បុគ្គល ដែល ប្រឈម និង ការ ចោទ ប្រកាន់ ច្បាស់លាស់ ត្រូវតែបានស៊ើបអង្កេត ហើយ កន្លែង ណា ដែល ត្រឹមត្រូវ ហើយ ត្រូវ ផ្ដន្ទាទោស ដក ចេញ ពី តំណែង ហើយ ដាក់ ជំនួស មក វិញ នូវ អ្នក ទាំង ឡាយ ណា ដែល មាន វិជ្ជាជីវៈ មិន ពាក់ព័ន្ធ នឹង នយោបាយ ហើយ មាន ភាពស្មោះស្ម័គ្រភក្ដីចំពោះរដ្ឋ និង សាធារណជន – គឺ មិន មែន ស្មោះស្ម័គ្រ នឹងលោក ហ៊ុន សែន និង គណបក្ស ប្រជាជននោះ ឡើយ។

ជំហាន ត ទៅ នេះ ជា ចំណុច ដែល ត្រូវ ចាប់ ផ្ដើម មួយ ផ្នែក ធំ នៃ ការ កែទម្រង់ ផ្នែក សន្តិសុខ ដែល មាន សារ សំខាន់ បំផុត ដើម្បី បញ្ចប់ ការ រំលោភ សិទ្ធិមនុស្ស ធ្ងន់ធ្ងរ ជា ប្រព័ន្ធ ហើយ បង្កើត បាន ស្ថាប័ន លទ្ធិ ប្រជាធិបតេយ្យ ពិត ប្រាកដ មួយ។ បើ មិន បាន កែទម្រង់ ដូច្នេះ ទេ អនាគត ប្រទេស កម្ពុជា នឹង ងងឹត សូន្យឈឹង តែ ម្ដង។

ខណៈ ដែល ការ ទទួល ខុសត្រូវ ជា ចម្បង សម្រាប់ ការ កែ ទម្រង់ ទាំង នេះ ពឹង ផ្អែក លើ រដ្ឋសភា និង រដ្ឋាភិបាល កម្ពុជា សហគមន៍ ម្ចាស់ ជំនួយ នៅ តែ មានឥទ្ធិពល យ៉ាង សំខាន់ ក្នុង ការ ទាមទារ ថា ការ កែ ទម្រង់ នេះ ត្រូវ តែ ធ្វើ ឡើង ឲ្យ បាន ទូលំទូលាយ តាម គោលការណ៍ សិទ្ធិមនុស្ស ដែល បាន ប្ដេជ្ញា ចិត្ត នៅ ក្នុង កិច្ច ព្រមព្រៀង ទីក្រុង ប៉ារីស ច្បាប់ និង បទដ្ឋាន សិទ្ធិមនុស្ស អន្តរជាតិ ព្រម ទាំង គោលការណ៍ អង្គការ សហប្រជាជាតិ ដែល ត្រូវ បាន គោរព និង កសាង ឡើង ចុង ក្រោយ បំផុត នៅ កម្ពុជា។
 

រដ្ឋាភិបាល ដែល ពាក់ព័ន្ធ ម្ចាស់ ជំនួយ មក កម្ពុជា អង្គការ សហប្រជាជាតិ និង តួអង្គ ដែល មាន ឥទ្ធិពល ផ្សេងៗ ទៀត គួរតែ៖
 

  • គាំទ្រ ដល់ ការ ស៊ើបអង្កេត លើ បុគ្គល ដែល មាន ឈ្មោះ នៅ ក្នុង របាយការណ៍ នេះ ដើម្បី ឲ្យ អាច កាត់ ទោស តាម ច្បាប់ និង យុត្តាធិការ ជាតិ។ គឺ យុត្តាធិការ ទាំង ឡាយ ណា ដែល អនុញ្ញាត ឲ្យ កាត់ ទោស ចំពោះ បទ រំលោភ សិទ្ធិមនុស្ស ធ្ងន់ធ្ងរ បទ ឧក្រិដ្ឋ ប្រឆាំង មនុស្ស ជាតិ ឧក្រិដ្ឋកម្ម សង្គ្រាម ឬ អំពើ ទារុណកម្ម ដែល មាន ចែង ក្នុង ច្បាប់ "ឋិត ក្នុង យុត្តាធិការ សកល"  គួរ តែ យក មក ពិចារណា ដើម្បី ស៊ើបអង្កេត និង កាត់ ទោស ទៅ តាម ភាព សមស្រប។
     
  • ដាក់ទណ្ឌកម្ម តាម គោលដៅ លើ បុគ្គល ដែល រំលោភ សិទ្ធិមនុស្ស ធ្ងន់ធ្ងរ ឬ មន្ត្រី ទាំង ឡាយ ដែល ជា ប្រធានបទ នៅ ក្នុង របាយការណ៍ នេះ ដូច ជា ការ ហាមប្រាម លើ ការ ធ្វើ ដំណើរ ការ បង្កកទ្រព្យសម្បត្តិ (ដូច ជា តាម ច្បាប់ សកល របស់ សហរដ្ឋ អាមេរិក ស្ដីពី ក្លូបល ម៉ាកនីតស្គី (Global Magnitsky Act) ឬ ច្បាប់ បញ្ញត្តិ ដទៃ ទៀត ដែល ស្រដៀង គ្នា)។
     
  • បន្ត ជួយ គាំទ្រ ពេញលេញ ដល់ ការងារ របស់ អង្គការ សិទ្ធិមនុស្ស និង អ្នក ការពារ សិទ្ធិមនុស្ស នៅ កម្ពុជា។
     
  • បន្ត ជួយ គាំទ្រ ដល់ ការងារ របស់ ការិយាល័យ ឧត្ដមស្នងការ អង្គការ សហប្រជាជាតិ អ្នក រាយការណ៍ ពិសេស របស់ អង្គការ សហប្រជាជាតិ ស្ដីពី ស្ថានភាព សិទ្ធិមនុស្ស នៅ កម្ពុជា នីតិវិធី របស់ អង្គការ សហប្រជាជាតិ និង គាំទ្រដល់អង្គភាព សន្ធិសញ្ញា ទាំង ឡាយ របស់ អង្គការ សហប្រជាជាតិ។
     
  • គាប សង្កត់ រដ្ឋាភិបាល កម្ពុជា ឲ្យ សហការ ពេញលេញ ជា មួយ គ្រប់ យន្តការ អង្គការ សហប្រជា ជាតិ និង អនុញ្ញាត ឲ្យ ចេញចូល ដោយ គ្មាន ការ រារាំង ច្រងេងច្រងាង ឡើយ។ ជួយ គាំទ្រ ដល់ ក្រុម ការងារ អង្គការ សហប្រជាជាតិ ប្រចាំ ប្រទេស ឲ្យ បាន បំពេញ ការងារ សកម្ម តាម ការ ទទួល ខុសត្រូវ របស់ ពួក គេ ស្រប តាម អាណត្តិ ជួរ មុខ នៃ ការងារ សិទ្ធិមនុស្ស ក្នុង ទស្សនៈ វិស័យ ពង្រឹង សកម្មភាព របស់ អង្គការ សហប្រជាជាតិ ដើម្បី លើកស្ទួយ និង ការពារ សិទ្ធិមនុស្ស ព្រមទាំង ឆ្លើយតប ចំពោះ ការ រំលោភ សិទ្ធិមនុស្ស ដែលរួមទាំង ការ រិះគន់ លើ គោលនយោបាយ និង ការ អនុវត្ត ទាំង ឡាយ ណា ដែល មិន ស្រប ច្បាប់ ហើយ ផ្ដល់ អនុសាសន៍ ជាក់ស្ដែង នានា ដើម្បី ដោះ ស្រាយ កែ លម្អ បញ្ហា ទាំង នោះ។
     
  • ជួយ គាំទ្រ ដល់ ក្រុម អង្គការ សង្គម ស៊ីវិល ដែល ជួយ ជន រងគ្រោះ ពី ការ រំលោភ បំពាន ដោយ កង កម្លាំង សន្តិសុខ។
     

ទាក់ទង នឹង ការ ធ្វើ នយោបាយ របស់ កង កម្លាំង សន្តិសុខ របស់ កម្ពុជា វិញ គឺ រដ្ឋាភិបាល ដែល ពាក់ព័ន្ធ និង ម្ចាស់ ជំនួយ មក កម្ពុជា អង្គការ សហប្រជាជាតិ និង តួអង្គ ដែល មាន ឥទ្ធិពល នានា គួរ តែ៖
 

  • អំពាវនាវ ឲ្យ បង្កើត ឲ្យ បាន សេវា យោធា អាវុធហត្ថ និង នគរបាល មួយ ដែល មាន វិជ្ជាជីវៈ មិន ជាប់ ជំពាក់នយោបាយ និង មាន ឯករាជ ភាព ដាច់ ពី ការ ត្រួតត្រា របស់ គណបក្ស កាន់ អំណាច ហើយ ថ្នាក់ដឹកនាំ របស់ កងកម្លាំង ទាំង នេះ ត្រូវ តែ បាន តែងតាំង ដោយ គណៈកម្មការ ឯករាជ្យ មួយ ដែល មាន អំណាច ត្រួតពិនិត្យ (ជម្រះ បញ្ជី Audit) ក្នុង សេវា នីមួយៗ, ស៊ើបអង្កេត បណ្ដឹង និង មាន អំណាច បណ្ដេញ មន្ត្រី ណា ដែល រំលោភ បំពាន ក្រម ប្រតិបត្តិ វិជ្ជាជីវៈ (ក្រមសីលធម៌ វិជ្ជាជីវៈ)។
     
  • គាប សង្កត់ ឲ្យ មាន ការ ហាមប្រាម ដល់មន្ត្រី ជាន់ ខ្ពស់ យោធា កងរាជអាវុធហត្ថ និង នគរបាល ដែល កំពុង កាន់ តួនាទី ថ្នាក់ ដឹកនាំ ទាំង ផ្លូវការ ឬ មិន ផ្លូវការ នៅ ក្នុង គណបក្ស នយោបាយ។
     
  • នៅ បន្ត ទទូច ឲ្យ មាន ការ គោរព មាត្រា ៩ នៃ ច្បាប់ ស្ដីពី លក្ខន្តិកៈ ទូទៅ ចំពោះ យោធិន នៃ កង យោធពល ខេមរៈ ភូមិន្ទ ឆ្នាំ ១៩៩៧ ដែល ចែង ថា "យោធិន ត្រូវ មាន អព្យាក្រឹតភាព ក្នុង មុខ នាទី ក្នុង សកម្មភាព ការងារ និង ហាមឃាត់ ការ ប្រើ មុខងារ និង សម្ភារៈ របស់ រដ្ឋ ដើម្បី សកម្មភាព នយោបាយ ណា មួយ។"
     
  • គាំទ្រ ការ បង្កើត ឲ្យ មាន គណៈកម្មការ ឯករាជ្យ ដើម្បី ឃ្លាំមើល កំណត់ត្រា សិទ្ធិមនុស្ស និង ការ បំពេញ មុខងារ តាម វិជ្ជាជីវៈ និង ឯករាជ្យ ដាច់ ពី នយោបាយរបស់ យោធា កងរាជអាវុធហត្ថ និង នគរបាល ហើយ អង្កេតវាយតម្លៃឲ្យ ពេញលេញ លើ ករណី មន្ត្រី ជាន់ ខ្ពស់ ផ្នែក កម្លាំង សន្តិសុខ ទាំង ឡាយ និង អ្នក មាន អំណាចបញ្ជាដ៏ទៃទៀត ដើម្បីស្វែងរកបុគ្គលណាទាំងឡាយណា ដែល រំលោភ បំពាន សិទ្ធិមនុស្ស ធ្ងន់ធ្ងរ។ សមាសភាព គណៈកម្មការ ឯករាជ្យ នេះ ត្រូវ៖
  • មាន សមាជិក ដែល ទទួល បាន ការ គោរព (បុគ្គល ដែល គេ គោរព ខ្លាំង) ពី អតីត អង្គភាព ប្រតិបត្តិ ច្បាប់ ចៅក្រម ចូល និវត្តន៍ និង សមាជិក សហគមន៍ សិទ្ធិមនុស្ស កម្ពុជា ដែល គាំទ្រ ដោយ អង្គការ សហប្រជាជាតិ ដែល ដាច់ ស្រឡះ ពី ឥទ្ធិពល គណបក្ស នយោបាយ ដាច់ ពី ខ្សែ សង្វាក់ បញ្ជា នៃ កង កម្លាំង សន្តិសុខ និង ស្ថាប័ន រដ្ឋាភិបាល ទាំង អស់។
     
  • មាន សិទ្ធិពេញលេញ ចូល ពិនិត្យ រាល់ ឯកសារ ពាក់ព័ន្ធ, មាន អំណាច ចេញ ដីកា កោះ និង បង្គាប់ ឲ្យ សាក្សី ចូល មក ផ្ដល់ សក្ខីកម្ម, មាន មធ្យោបាយ មាន ប្រសិទ្ធភាព ផ្ដល់ ការ ការពារ សាក្សី តាម ការ ចាំបាច់ និង មាន អាជ្ញា (អំណាច) និង ឆន្ទានុសិទ្ធិ ពេញលេញ ក្នុង ការ ចេញ សេចក្ដី ថ្លែងការណ៍ ជា សាធារណៈ ក្នុង កំឡុង ពេល នៃ ការ ស៊ើប អង្កេត របស់ ខ្លួន ហើយ
     
  • ត្រូវ ព្យួរ ការងារ បុគ្គល ទាំង ឡាយ ណា ដែល ឋិត នៅ ក្រោម ការ ស៊ើបអង្កេត ពី ភារកិច្ច សកម្ម និង ដែល ត្រូវ បាន ផ្ដល់ អំណាច ឲ្យ ដើម្បី ផ្ដល់ អនុសាសន៍ ដល់ ប្រព័ន្ធ តុលាការ សម្រាប់ ការ ស៊ើបអង្កេត និង ជំនុំជម្រះ ក្ដី សមស្រប។
     
  • ធ្វើ ឲ្យ ច្បាស់លាស់ ថា ទំនាក់ទំនង អនាគត ជា មួយ យោធា កងរាជអាវុធហត្ថ និង នគរបាល រាប់ ទាំង ការ ចូលរួម លំហាត់ សម យុទ្ធ យោធា រួម គ្នា ផង និង ទាំង ការ ផ្ដល់ ការ ហ្វឹកហ្វឺន ព្រមទាំង ជំនួយ គាំទ្រ ផ្សេងៗ ផង ត្រូវ ធ្វើ ឡើង តាម ការ ណែនាំ ពី ការ រក ឃើញ (របក គំហើញ) របស់ គណៈកម្មការ ឃ្លាំមើល ហើយ នឹង ត្រូវ ព្យួរ ជំនួយ ផ្នែក សន្តិសុខ ដល់ កម្ពុជា ទាំងអស់នោះ ក្នុង ករណី ដែល មិន មាន ការ កែទម្រង់ ផ្នែក សន្តិសុខ ដោយ សុទ្ធចិត្ត ពិតប្រាកដ។
     
  • បង្ហាញ ការ គាំទ្រ ជា សាធារណៈ និង ផ្ដល់ ជំនួយ ការ គាំទ្រ ដល់ កម្ពុជា ដែល ធ្វើ ការ កែទម្រង់ ផ្នែក សន្តិសុខ ដោយ ពេញលេញ និង ពិត ប្រាកដ ដោយ អនុវត្ត តាម គោលការណ៍ និង វត្ថុបំណង ដែល មាន ចែង នៅ ក្នុង របាយការណ៍ របស់ មហាសន្និបាត អង្គការ សហប្រជាជាតិ ឆ្នាំ ២០០៣ និង ឆ្នាំ ២០១៣ និង សេចក្ដី សម្រេច ចិត្ត របស់ ក្រុមប្រឹក្សា សន្តិសុខ លេខ ២១៥១  (ឆ្នាំ ២០១៤) ដែល កិច្ច ដំណើរ ការ ទាំង នេះ ត្រូវ រាប់ ចូល ទាំង យន្តការ ឃ្លាំមើល ផង និង វាយ តម្លៃ ផង រាប់ ចូល ទាំង សន្ទស្សន៍ ចង្អុល បង្ហាញ  (Indicator) គំនូស សម្គាល់  (Benchmark) គោលដៅ  (Target) និង វត្ថុបំណង (Objective) នានា ដែល បាន វាយ តម្លៃ យ៉ាង ច្បាស់ អំពី ឥទ្ធិពល ប៉ះពាល់ (Impact) លើ ការ កែទម្រង់ ផ្នែក សន្តិសុខ ហើយ ត្រូវ ទាក់ទង នឹង សន្និសីទ ជា សាធារណៈ នៅ ក្នុង ប្រទេស កម្ពុជា ឬ នៅ កន្លែង ណា មួយ ស្ដីពី អនុសាសន៍ របស់ អង្គការ សហប្រជាជាតិ។
     
  • ត្រូវបញ្ជាក់ឲ្យ ច្បាស់លាស់ ទៅ រដ្ឋាភិបាល កម្ពុជា ថា ការ បន្ត បរាជ័យ ក្នុង ការ ធ្វើ ឲ្យ កងកម្លាំង សន្តិសុខ មាន វិជ្ជាជីវៈ និង មាន ឯករាជ្យ ដាច់ ស្រឡះ ពី ការ ត្រួតត្រា របស់ គណបក្ស កាន់ អំណាច គឺ នឹង ផ្ដល់ លទ្ធផល មក វិញ នូវ កាត់ បន្ថយ ជំនួយ ដល់ រដ្ឋាភិបាល ហើយ រដ្ឋ ទាំង នោះ ត្រូវតែ បញ្ចេញ សំឡេង របស់ គេ និង បោះឆ្នោត ដោយ អំណាច លើ ស្ថាប័ន ហិរញ្ញវត្ថុ អន្តរជាតិ ដូច ជា ធនាគារ ពិភពលោក ជាដើម ដើម្បី ឲ្យ ដាក់ បញ្ចូល លក្ខខណ្ឌ នានា ទៅ ក្នុង ជំនួយ ឬ កម្ចី ដល់ រដ្ឋាភិបាល កម្ពុជា ថា ត្រូវ តែ មាន ការ វិវឌ្ឍ រីកចម្រើន ចំពោះ ការ ដោះស្រាយ កែ លម្អ ស្ថានភាព នៃ បញ្ហា សិទ្ធិមនុស្ស របស់ កម្ពុជា ចំពោះ ការ បង្ក្រាប របស់ ខ្លួន លើ សិទ្ធិ សេរីភាព ជា មូលដ្ឋាន និង ត្រូវ តែ មាន ការ វិវឌ្ឍ រីកចម្រើន អំពី គោលការណ៍ ប្រជាធិបតេយ្យ។

 

៚៚៚៚៚៚៚៚៚៚

លេខយោងឯកសារ៖

[1] Hun Sen became prime minister on January 14, 1985 following a short period as acting prime minister after the death of prime minister Chan Si in December 1984.

[2] United Nations Transitional Authority in Cambodia (UNTAC), “Human Rights Component Final Report,” September 1993.

[3] Cambodia Office of the United Nations High Commissioner for Human Rights (COHCHR), “Memorandum to the Royal Government of Cambodia: Evidence of Summary Executions, torture and missing persons since 2-7 July 1997,” August 21, 1997, p.2, http://cambodia.ohchr.org/WebDOCs/DocStatements/1997/Statement_21081997E.pdf,accessed October 31, 2012.

[4] CPP inner circle expands, dwarfing China’s and Vietnam’s, Mech Dara and Ananth Baliga, January 22, 2018.

[5] Provided on condition of confidentiality, copies on file with Human Rights Watch.

[6] “Samdech Techo Hun Sen Proclaims His Determination to Act Absolutely in Order to Defend Peace, Political Stability and Development; Samdech Techo Says Having Development Is Better Than Having the Outbreak of Turmoil”