លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សំឡឹងមើល​ហឹប​ឆ្នោត ក្រោយពី​បាន​បោះឆ្នោត​រួច​ក្នុងអំឡុង​ការបោះឆ្នោត​ឃុំ-សង្កាត់ នៅក្នុង​ខេត្តកណ្តាល ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។

© 2017 Reuters

(ទីក្រុងញូវយ៉ក) - អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានអះអាងនៅថ្ងៃនេះថា ការបោះឆ្នោតឃុំ-សង្កាត់នៅប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ បានប្រព្រឹត្តទៅក្នុងបរិយាកាសគំរាមកំហែងទៅដល់សិទ្ធិបញ្ចេញមតិ និងការចូលរួមក្នុងនយោបាយដែលអាចចាត់ទុកការបោះឆ្នោតនេះថា មិនបានធ្វើឡើងដោយសេរី និងយុត្តិធម៌នោះទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈថា លោកមានឆន្ទៈ “កម្ចាត់មនុស្ស ១០០នាក់ ឬ ២០០នាក់” ប្រសិនបើបក្សកាន់អំណាចរបស់លោក (គណបក្សប្រជាជនកម្ពុជា - CPP) “មិនឈ្នះការបោះឆ្នោតនៅគ្រប់ដំណាក់កាលទេនោះ” ដែលការណ៍នេះកាន់តែបង្កឲ្យមានបរិយាកាសគំរាមកំហែង និងភាពភ័យខ្លាចទៅដល់អ្នកសារព័ត៌មាន សកម្មជននយោបាយ និងពលរដ្ឋផងដែរ។

ការបោះឆ្នោត​នេះ​បានធ្វើ​ឡើង​ស្រប​ពេលដែល​សមាជិក និង​សកម្មជន​គណបក្សប្រឆាំង​រាប់សិប​នាក់​កំពុង​ជាប់ពន្ធនាគារ ក្នុងនោះ​រួមមាន​ទាំង​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ផងដែរ បន្ទាប់ពី​ពួកគេ​ត្រូវ​ចោទប្រកាន់​ក្រោម​ហេតុផល​នយោបាយ​ដោយ​តុលាការ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ មាន​មនុស្ស​ជាច្រើន​ទៀត កំពុង​រង​ការគំរាមកំហែង​ពីបទ​ចោទប្រកាន់​ដូចគ្នានេះ ខណៈដែល​លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង (គណបក្ស​សង្គ្រោះ​ជាតិ - CNRP) នៅតែ​និរទេស​ខ្លួន​ឲ្យ​នៅក្រៅ​ប្រទេស បន្ទាប់ពី​បាន​រង​ការចោទប្រកាន់​ជាច្រើន​ករណី។

 នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រ៊ែ​ដ អាដាម (Brad Adams) បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ “វា​មិនមែនជា​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ឡើយ ប្រសិនបើ​គណបក្សកាន់អំណាច​គ្រប់គ្រង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ទាំងអស់ ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ថិតក្រោម​គ្រប់គ្រង​ដោយ​គណបក្សកាន់អំណាច ហើយ​សមាជិក​គណបក្ស​ប្រឆាំង​ជាច្រើន ត្រូវ​ប្រឈម​នឹង​ការគំរាមកំហែង​ដល់​អាយុជីវិត​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី។ ដូច្នោះ វា​គ្មាន​ស្តង់ដារ​ទាល់តែសោះ ដែល​អាច​កំណត់ថា ការបោះឆ្នោត​នោះ​ធ្វើឡើង​ដោយ​សេរី ត្រឹមត្រូវ ឬ​យុត្តិធម៌ បើ​បញ្ហា​ទាំងអស់នេះ​នៅតែ​បន្ត​កើតមាន។

បើទោះជា​ថ្ងៃ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី​យ៉ាងណាក្ដី  អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​រកឃើញថា ដំណើរការ​បោះឆ្នោត​មានបញ្ហាសំខាន់ៗ ដូចជា គណបក្សប្រឆាំង​ពុំមាន​សិទ្ធិ​ស្មើ​គណបក្សកាន់អំណាច​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​និង​ក្នុងស្រុក​លំអៀង​ទៅរក​គណបក្សកាន់អំណាច ព្រមទាំង​កង្វះខាត​យន្ត​ការដោះស្រាយ​ជម្លោះ​ដោយ​ឯករាជ្យ និង​អព្យាក្រឹត។

ដោយឡែក​ការគំរាមកំហែង និង​ការបំភិតបំភ័យ​ពី​សំណាក់​អាជ្ញាធរ​ទៅលើ​គណបក្សប្រឆាំង និង​អ្នកគាំទ្រ​គណបក្សប្រឆាំង បានកើត​មាន​ជា​ហូរហែ។ នៅក្នុង​ការសារភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ មន្ត្រី​ក្រសួងមហាផ្ទៃ បាន​ទទួលស្គាល់ថា ការគំរាមកំហែង​មុន​ការបោះឆ្នោត​ទៅលើ​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ខាង​សិទ្ធិមនុស្ស និង​សមាជិក​សង្គម​ស៊ីវិល​ដទៃទៀត គឺជា​ផ្នែក​មួយ​នៃ​គម្រោងការ​ដ៏​ច្បាស់លាស់​មួយ​ដើម្បី​បំភិតបំភ័យ​ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ​មិន​ឲ្យ​តាមដាន​ការបោះឆ្នោត។ លោក​បាន​ថ្លែងថា “ខ្ញុំ​គ្រាន់តែ​និយាយថា ក្រសួងមហាផ្ទៃ​បានចាប់ផ្តើម​ដំណើរការ​ស៊ើបអង្កេត​មួយ ពីព្រោះ​យើង​ចង់​គំរាម​អង្គការ​ទាំងនោះ​ឲ្យ​ភិតភ័យ។

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​កងកម្លាំង​សន្តិសុខ​បាន​ក្រើនរំលឹកជារឿយៗពីសារ “សង្គ្រាម” ប្រសិន​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត ហើយ​សមាជិក​ជាន់ខ្ពស់​នៃ​កងកម្លាំង​សន្តិសុខ​បានចេញ​ធ្វើ​យុទ្ធនា​ការឃោសនា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​គគ្រឹកគគ្រេង។ មន្ត្រី​រដ្ឋ​ជាច្រើន​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចូលរួម​ជាមួយ​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស ដែលជា​អគ្គបញ្ជាការ​នគរបាល និង​កងទ័ព ដើម្បី​ចេញ​ធ្វើ​យុទ្ធនា​ការឃោសនា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​បើកចំហ។

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ដែលមាន​អ្នកសង្កេតការណ៍​ផ្ទាល់​រាប់រយ​នាក់ បាន​រាយការណ៍​ថា ទីតាំង​ការិយាល័យ​បោះឆ្នោត​ចំនួន ២៥ ភាគរយ មាន​វត្តមាន​បុគ្គល​ដែល​ពុំមាន​សមត្ថកិច្ច​ខាង​ការងារ​បោះឆ្នោត នៅក្បែរ​ទីតាំង​បោះឆ្នោត​ទាំងនោះ ហើយ​អ្នក​ទាំងនោះ​គឺជា​មេភូមិ​តែងតាំង​ដោយ​រដ្ឋាភិបាល និង​មន្ត្រីប៉ូលិស ដែល​សុទ្ធសឹងតែ​ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ សាក្សី​ជាច្រើន​នៅ​ទីតាំង​បោះឆ្នោត​មួយចំនួន​នៅ​ភ្នំពេញ​បាន​រាយការណ៍​ប្រាប់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ថា មាន​ទាហាន​ចេញពី​អង្គភាព​ឆត្រយោង​កងពល​លេខ ៩១១ និង ៧០ បាន​ឈរ​តម្រង់​ជួរ​គ្នា​នៅតាម​ការិយាល័យ​បោះឆ្នោត ដែល​ត្រួតត្រា​ដោយ​ប្រធាន​អង្គភាព​របស់​ពួកគេ ហើយ​ទាហាន​ទាំងនោះ​មួយចំនួន គឺ​ស្ថិតក្នុង​ឯកសណ្ឋាន​ជា​យោធា​ទៅទៀត។

ចំណែកឯ​ការរំលោភច្បាប់​ស្ដីពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​វិញ គណបក្សនយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នេះ មិនមាន​សិទ្ធិ​ស្មើគ្នា​ក្នុងការ​ប្រើប្រាស់​វិទ្យុ និង​ទូរទស្សន៍ ដែលជា​ប្រភពព័ត៌មាន​ដ៏​សំខាន់បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​ភាគច្រើន​នោះទេ។ គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ទើរ​ផ្ដាច់មុខ ដែល​ធ្វើ​ឲ្យ​មាន​ភាពអយុត្តិធម៌​ជាខ្លាំង​សម្រាប់​គណបក្សនយោបាយ​ដទៃទៀត និង​កំហិត​សិទ្ធិ​ទទួលបាន​ព័ត៌មាន​សម្រាប់​ម្ចាស់ឆ្នោត ដែល​ភាគច្រើន​ពឹងផ្អែក​ទៅលើ​ព័ត៌មាន​ផ្សាយ​ចេញពី​ទូរទស្សន៍ និង​វិទ្យុ។ ទូរទស្សន៍​ជាតិ​កម្ពុជា (ទ.ទ.ក) របស់​រដ្ឋ និង​ស្ថានីយ​ឯកជន​ជាច្រើន​ទៀត បាននាំគ្នា​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​និង​ការឃោសនា​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​បានធ្វើ​ការរិះគន់ ឬ​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ។

បើទោះបីជា​ធ្លាប់​ទទួលរង​ការចោទប្រកាន់​ដែល​គួរ​ឲ្យ​ជឿជាក់​បាន​ថា ការបោះឆ្នោតជាតិ​ឆ្នាំ ២០១៣ បាន​ជួប​បញ្ហា​បោះពុម្ព​សន្លឹកឆ្នោត​លើស​តម្រូវការ​ដ៏​ច្រើនក្តី  គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅតែ​បោះពុម្ព​សន្លឹកឆ្នោត​ច្រើនជាង​តួលេខ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សរុប​រហូតដល់ ១,៥លាន​សន្លឹក។ ស្ថាប័ន គ.ជ.ប នៅតែ​ទិញ​ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ដៃ​ម៉ាក​ដដែល​សម្រាប់​សម្គាល់​អ្នក​បាន​បោះឆ្នោត​រួច  ទោះបីជា​លទ្ធផល​នៃ​ការធ្វើ​តេស្ត​បាន​បង្ហាញថា គេ​អាច​លាងជម្រះ​ទឹក​ថ្នាំ​ខ្មៅ​នោះបាន​ដោយ​ការប្រើ​ផលិតផល​ថែទាំ​សក់ ដែល​ធ្វើ​ឲ្យ​មានឱកាស​កើតមាន​បញ្ហា​មិន​ប្រក្រតី​ជា​បន្តទៀត។ ទឹក​ថ្នាំ​ខ្មៅ​នោះ​ក៏បាន​បង្ក​ឲ្យ​មាន​បញ្ហា​ស្រដៀង​គ្នា​នេះដែរ​កាលពី​ឆ្នាំ២០១៣។

យោងតាម​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឲ្យ​ដឹងថា ប្រជាជន​កម្ពុជា​បាន​ចេញទៅ​បោះឆ្នោត​ក្នុង​ចំនួន​កំណត់ត្រា ៨៩,៥ ភាគរយ​នៃ​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​សរុប ៧,៨៦ លាន​នាក់ សម្រាប់​គណបក្សនយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​អាសនៈ ១១.៥៧២ នៅក្នុង​ឃុំ-សង្កាត់ ១.៦៤៦ ទូទាំងប្រទេស​កម្ពុជា។ ស្ថាប័ន គ.ជ.ប បានដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចុះឈ្មោះ​អ្នកបោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ទើបបាន​កែលម្អ​កាលពីពេលថ្មីៗនេះ និង​បាន​អនុវត្ត​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១៥ ដែល​ណែនាំ​ពី​នីតិវិធី​បោះឆ្នោត  ដែល​ចំណុច​ទាំងពីរ​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ឆ្លើយតប​នឹង​ការរិះគន់​នៅក្រោយ​ការបោះឆ្នោត​សកល​ឆ្នាំ ២០១៣ ដែល​ពោរពេញ​ដោយ​បញ្ហាចម្បង។

ទោះបីជា​នីតិវិធី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ហាក់​មាន​ប្រសិទ្ធភាព​សម្រាប់​ការចុះឈ្មោះ​អ្នកបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​ក្តី ក៏ប៉ុន្តែ​នីតិវិធី​នេះ​មិនអាច​ឲ្យ​ពលករ​ចំណាកស្រុក​ក្នុង​ចំនួន​ដ៏​ច្រើន​នៅក្រៅ​ប្រទេស ដូចជា​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ចុះឈ្មោះ​បោះឆ្នោត​បានទេ។ កម្មករ​កាត់ដេរ​ជាច្រើន ដែលមាន​ប្រវត្តិ​ធ្លាប់​បង្ហាញ​សមានចិត្ត​ចំពោះ​គណបក្សប្រឆាំង និង​ជា​អ្នកបោះឆ្នោត​ភាគច្រើន​នៅតាម​ឃុំ-សង្កាត់​ជាច្រើន មិនត្រូវ​បានផ្ដល់​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ ដើម្បី​ទៅ​បោះឆ្នោត​នោះទេ រហូត​ធ្វើ​ឲ្យ​កម្មករ​ទាំងនេះ ត្រូវ​បង្ខំចិត្ត​ជ្រើសរើស​រវាង​ការរក​ប្រាក់កម្រៃ​ដែលជា​តម្រូវ​ការចាំបាច់ និង​ការ​ចេញទៅ​បោះឆ្នោត។

ទោះ​ជាមាន​ភាពមិនប្រក្រតី​កើតឡើង​ច្រើន​យ៉ាងនេះ​ក្ដី សំឡេងឆ្នោត​មាន​ភាព​ប្រកៀក​ប្រកិត​គ្នា​ខ្លាំង​រវាង​គណបក្សធំៗទាំងពីរ។ លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​បានបង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេង ៥១,៣៩ភាគរយ ទល់នឹង ៤៤,២២ ភាគរយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ។ តួលេខ​នេះ​បាន​បង្ហាញថា គណបក្សកាន់អំណាច​បា​ត់​បង់​សំឡេង​ដ៏​ច្រើន​សម្បើម​ទៅ​គណបក្សប្រឆាំង បើ​ប្រៀបធៀប​ទៅនឹង​ការបោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ២០១២ ។

ក្នុងនាម​ប្រទេស​កម្ពុជា​គឺជា​រដ្ឋ​ភាគី​មួយ​នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ ដូច្នេះ​កម្ពុជា​ត្រូវ​ធានាថា ប្រជាពលរដ្ឋ​គ្រប់រូប​មានឱកាស​ចូលរួម​បោះឆ្នោត​ដោយ​សេរី​យ៉ាងពិត​ប្រាកដ និង​ដោយ​គ្មាន​ការរើសអើង​ដោយសារ​និន្នាការ​នយោបាយ​ឡើយ។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​បាន​លើកឡើងថា ខណៈដែល​អាចមាន​បទ​បញ្ញត្តិ​សមស្រប​ហើយ “អ្នក​ដែលមាន​សិទ្ធិ​បោះឆ្នោត ត្រូវតែមាន​សេរីភាព​ក្នុងការ​បោះឆ្នោត​ជូន​បេក្ខជន​ដែល​ខ្លួន​ពេញចិត្ត ...និង​សេរីភាព​ក្នុងការ​គាំទ្រ ឬ​ជំទាស់​នឹង​រដ្ឋាភិបាល ដោយ​មិន​ទទួលរង​សម្ពាធ​មិន​សមស្រប ឬ​ការបង្ខិតបង្ខំ​គ្រប់​ប្រភេទ ដែល​រំខាន​ឬ​ប​ន្ទុ​ច​បង្អាក់​សិទ្ធិ​បញ្ចេញ​ឆន្ទៈ​ដោយ​សេរី​របស់​ម្ចាស់ឆ្នោត។ អ្នកបោះឆ្នោត​ត្រូវមាន​សិទ្ធិ​បញ្ចេញមតិ​ដោយ​ឯករាជ្យ គ្មាន​អំពើហិង្សា ឬ​ការ​គំរាម​ប្រើ​ហិង្សា ការបង្ខិតបង្ខំ ការជំរុញ​ទឹកចិត្ត ឬ​ការជ្រៀតជ្រែក​គ្រប់​ប្រភេទ”  

លោក អាដាម បាន​អះអាងថា “លទ្ធផល​នៃ​ការបោះឆ្នោត​ឃុំ-សង្កាត់​នេះ បង្ហាញ​យ៉ាងច្បាស់​ថា ការបោះឆ្នោតជាតិ​ឆ្នាំ២០១៨ ខាងមុខ នឹងមាន​ការប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ និង​ធ្វើ​ឲ្យ​ការបោះឆ្នោត​លើក​ក្រោយនេះ​សំខាន់​ជាងពេលណាៗទាំងអស់ ដើម្បី​អនុវត្ត​កំណែទម្រង់​ចាំបាច់​ជាបន្ទាន់។ អង្គការសហប្រជាជាតិ និង​ប្រទេស​ម្ចាស់ជំនួយ​របស់​កម្ពុជា​ទាំងអស់ ជាពិសេស​ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប ដែល​ធ្វើ​ការងារ​ដោយផ្ទាល់​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គួរតែ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ថា ប្រសិនបើ​ការបោះឆ្នោតជាតិ​ឆ្នាំ​ក្រោយនេះ ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ដូចគ្នានេះ នោះ​ការបោះឆ្នោត​នោះ​នឹងមិន​ត្រូវបាន​ចាត់ទុក​ថា​សេរី និង​យុត្តិធម៌​ឡើយ”