អ្នក​ជាប់ឃុំ​ដែល​ត្រូវបាន​កត់ត្រា​ជា "ដោះលែង​អ្នក​ទាំង​ប្រាំ" (“FreeThe5KH”) ត្រូវបាន​ជាប់​ជា​អ្នកឈ្នះ​ចុងក្រោយ​សម្រាប់​ពានរង្វាន់ Martin Ennals Award សម្រាប់​អ្នកការពារ​សិ​ទិ្ធ​មនុស្ស នៅ​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។

© 2017 Private

(ទីក្រុងញូវយ៉ក) -  អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយនៅថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជាគួរតែដោះលែងអ្នកការពារសិទ្ធិមនុស្ស ៥នាក់ជាបន្ទាន់ ដែលបានចំណាយពេលមួយឆ្នាំនៅក្នុងគុកដោយសារការចោទប្រកាន់ពាក់ព័ន្ធនឹងនយោបាយ។ សមាជិកបច្ចុប្បន្ន ៤រូប និងអតីតសមាជិកមួយរូបនៃសមាគមការពារសិទិ្ធមនុស្សនិងអភិវឌ្ឍន៍កម្ពុជា (អាដហុក) ត្រូវបានឃុំឃាំងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ និងក្រោយមកទៀតត្រូវបានចោទប្រកាន់យ៉ាងខុសឆ្គងពីបទ “សូកប៉ាន់សាក្សី” ។

អ្នក​ជាប់ឃុំ​ដែល​ត្រូវបាន​កត់ត្រា​ជា "ដោះលែង​អ្នក​ទាំង​ប្រាំ" (“FreeThe5KH”) ត្រូវបាន​ជាប់​ជា​អ្នកឈ្នះ​ចុងក្រោយ​សម្រាប់​ពានរង្វាន់ Martin Ennals Award សម្រាប់​អ្នកការពារ​សិ​ទិ្ធ​មនុស្ស នៅ​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។ ពានរង្វាន់​នេះ​នឹងត្រូវ​បង្ហាញ​នៅ​ថ្ងៃទី១០ ខែតុលា នៅ​ទីក្រុង​ហ្សឺ​ណែវ។ អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ម្ចាស់ជំនួយ​នៃ​ប្រទេស​កម្ពុជា និង​សាធារណជន​ទូទៅ ឲ្យ​ចូលរួម​ក្នុង​យុទ្ធនាការ #ដោះលែង​អ្នក​ទាំង​ប្រាំ (#FreeThe5KH) នៅ https://freethe5kh.net/

លោក ប្រ៊ែ​ដ អាដាម (Brad Adams) នាយក​តំបន់​អាស៊ី បាន​និយាយថា "ម្ចាស់ជំនួយ​នៃ​ប្រទេស​កម្ពុជា​គួរ​អំពាវនាវ​ជា​សាធារណៈ​ឱ្យមាន​ការដោះលែង​និង​ទម្លាក់​ការចោទប្រកាន់​ក្លែងក្លាយ​ប្រឆាំងនឹង​សមាជិក​អាដហុក​ប្រាំ​នាក់ (‘ADHOC Five’)  ដែល​ត្រូវបាន​ជំរុញ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បំភិតបំភ័យ និង​កៀបសង្កត់​ការងារ​សិ​ទិ្ធ​មនុស្ស។ អ្នកការពារ​សិ​ទិ្ធ​មនុស្ស​ទាំងនេះ​កំពុងស្ថិត​ក្នុង​ពន្ធនាគារ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដើម្បី​បំផ្លាញ​គណបក្សប្រឆាំង និង​បំភ័យ​បុគ្គលិក​សិ​ទិ្ធ​មនុស្ស​កម្ពុជា​ឲ្យ​បិទមាត់"។

បុគ្គលិក​អាដហុក​ប្រាំ​នាក់ មានឈ្មោះ ណាយ វ៉ាន់ដា, នី សុខា, យី សុខ​សាន, លឹម មុនី, និង​អតីត​បុគ្គលិក​សមាគម​អាដហុក​ម្នាក់​ឈ្មោះ នី ចរិយា ដែលជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

នៅ​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ លោក ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​មួយ​ថា អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ក្នុង​រឿងក្តី​នេះ គួរ​ត្រូវ​ជាប់គុក។ នៅ​ថ្ងៃ​បន្ទាប់ ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ពីបទ “សូកប៉ាន់​សាក្សី” ទៅលើ​ជន​ជាប់ឃុំ ៤នាក់។ លោក នី ចរិយា ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត។ បទ "សូកប៉ាន់​សាក្សី" ត្រូវ​បានចែង​នៅក្នុង​មាត្រា៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ប្រទេស​កម្ពុជា​ថា ជា "ការផ្តល់ជូន​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​នៃ​អំណោយ ការផ្តល់ជូន ការសន្យា ឬ​ផលប្រយោជន៍ ទៅដល់​សាក្សី​ដើម្បី (១) មិនឱ្យ​ធ្វើជា​សាក្សី, (២) ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ” ។ បទល្មើស​នេះ​អាច​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥ ទៅ ១០ ឆ្នាំ។ ជន​សមគំនិត​ដែលមាន​ទោស ត្រូវ​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​ដូចគ្នា។

ដូចដែល​យុទ្ធនាការ #ដោះលែង​អ្នក​ទាំង​ប្រាំ បានបញ្ជាក់, មនុស្ស ៥នាក់​នេះ “ត្រូវបាន​ឃុំឃាំង​ទាក់ទង​នឹង​ការផ្តល់​ដំបូន្មាន និង​ការផ្តល់​សំណង​ស្របច្បាប់​ទៅលើ​ថ្លៃ​ម្ហូបអាហារ​និង​ការដឹកជញ្ជូន​ដែល​ផ្តល់ជូន​ស្ត្រី​ដែល​ត្រូវបាន​ចោទប្រកាន់ថា​មាន​ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​អាពាហ៍ពិពាហ៍ ជាមួយ​អនុប្រធាន​គណបក្សប្រឆាំង។

តុលាការ​រាជធានី​ភ្នំពេញ សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល បាន​បដិសេធ​ការធានា​ឲ្យ​នៅក្រៅ​ឃុំ​ដល់​ជន​ទាំង​ប្រាំ​នាក់។ ការ​ឃុំឃាំង​បណ្តោះអាសន្ន​យ៉ាងយូរ​អង្វែង លើ​សមាជិក​អាដហុក​ទាំ​ង​ប្រាំ​នាក់ គឺ​រំលោភ​លើ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ (ICCPR) ដែល​ប្រទេស​កម្ពុជា​គឺជា​ភាគី​មួយ​ដែរនោះ។ មាត្រា ៩ (៣) ចែងថា “វា​មិនមែនជា​ច្បាប់​ទូទៅ​ទេ​ដែលថា​អ្នក​ដែល​រង់ចាំ​ការជំនុំជម្រះ​នឹងត្រូវ​ឃុំ​នៅក្នុង​មន្ទីរឃុំឃាំង” ។ គណៈកម្មាធិការ​សិ​ទិ្ធ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ដែលជា​អង្គភាព​ជំនាញ​អន្តរជាតិ​ដែល​ឃ្លាំមើល​ការអនុលោម​តាម​រដ្ឋ​ជាមួយនឹង ICCPR បាន​ថ្លែងថា “ការឃុំខ្លួន​បណ្តោះអាសន្ន​គួរតែ​ជា​ករណី​លើកលែង និង​មាន​រយៈពេល​ខ្លី​បំផុត​តាម​ដែល​អាច​ធ្វើបាន” ។ ការឃុំខ្លួន​បណ្តោះអាសន្ន​មិនគួរ​ត្រូវបាន​ប្រើ​ជា​ទំរង់​នៃ​ការដាក់ទណ្ឌកម្ម​ឡើយ។ គណៈកម្មាធិការ​​សិទិ្ធ​​មនុស្ស​បាន​បញ្ជាក់ថា ការ​ឃុំឃាំង​បណ្តោះអាសន្ន​ហួស​កំរិត អាចជា​ការរំលោភ​សិទ្ធិ​សេរីភាព​និង​ការ​សន្មត​ថា​គ្មាន​ទោស។

នៅក្នុង​សេចក្តីសម្រេច​នៅក្រៅ​ឃុំ តុលាការ​កំពូល​បានលើកឡើង​នូវ​មាត្រា២០៥ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដោយ​និយាយថា វា​គឺជា​ការចាំបាច់​ក្នុងការ​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​និង​ទប់ស្កាត់​ការជ្រៀតជ្រែក​ដោយមាន​សាក្សី​និង​ជនរងគ្រោះ។ ទោះជា​យ៉ាងនេះ​ក្តី គេ​មិនបាន​ផ្តល់ព័ត៌មាន​ជាក់លាក់​អំពី​ភាពចាំបាច់​នៃ​ការ​ឃុំឃាំង​បណ្តោះអាសន្ន​យូរអង្វែង​នេះ​ទេ, ហើយក៏​គ្មាន​ការពន្យល់​ឱ្យដឹងថា​តើ​ហេតុអ្វី​បានជា​វិធាន​ការដែល​មិនចាំបាច់​មានការ​ឃុំឃាំង គឺ​មិន​គ្រប់គ្រាន់​ដើម្បី​ធានាថា​ពួកគេ​មាន​វត្តមាន​នៅក្នុង​តុលាការ ឬ​ដើម្បី​ទប់ស្កាត់​ការជ្រៀតជ្រែក​ណាមួយ​ចំពោះ​រដ្ឋបាល​យុត្តិធម៌។

លោក អាដាម និយាយថា “ជាថ្មី​ម្តងទៀត តុលាការ​កម្ពុជា​បាន​ស្តាប់​តាម​បញ្ជា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុងការ​គៀបសង្កត់​លើ​សង្គម​ស៊ីវិល។ "ការហ្វឹកហ្វឺន និង​ការបណ្តុះបណ្តាល​អន្ដរជាតិ រាប់លាន​ដុល្លារ ត្រូវបាន​ខ្ជះខ្ជាយ នៅពេលដែល​តុលាការ​នៅតែ​ជា​ឧបករណ៍​នៃ​ភាពអយុត្តិធម៌" ។

មាត្រា១២ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​អ្នកការពារ​សិ​ទិ្ធ​មនុស្ស បាន​ចែងថា រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការការពារ​សម្រាប់​អ្នកការពារ​សិទ្ធិមនុស្ស​ពី “អំពើហិង្សា, ការគំរាមកំហែង, ការសង​សឹក, ការរើសអើង​បែប​អវិជ្ជមាន​ជា​ជាក់ស្តែង​ឬ​តាមផ្លូវ​ច្បាប់, ការគៀបសង្កត់ ឬ​សកម្មភាព​បំពាន​ណាមួយ​ផ្សេងទៀត" ដែល​ពាក់ព័ន្ធ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ក្នុងការ​ការពារ​និង​លើកកម្ពស់​សិទ្ធិមនុស្ស​និង​សេរី​ភាពជា​មូលដ្ឋាន។ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិ​ទិ្ធ​មនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​ថ្លែងថា ការសាកល្បង​ដ៏​សំខាន់​សម្រាប់​កិច្ចការ​សិ​ទិ្ធ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​គឺថា តើ​វា​មាន​គោលដៅ “ធ្វើការ​គាំទ្រ​ដល់​ជនរងគ្រោះ​ពី​ការរំលោភបំពាន​សិទ្ធិមនុស្ស” ដែរឬទេ ដោយ​រាប់ទាំង​ការផ្តល់​ប្រឹ​ិ​ក្សា​និង​ជំនួយ​ដទៃទៀត ដល់​អ្នក​ដែល​អាចជា​ជនរងគ្រោះ​ពី​ការបំពាន​សិទ្ធិមនុស្ស។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាចរ​បស់​គាត់ បាន​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​ហេតុផល​នយោបាយ ទៅលើ​គណបក្សប្រឆាំង បុគ្គលិក​សិ​ទិ្ធ​មនុស្ស សកម្មជន​សង្គម និង​បញ្ញវន្ត​សាធារណៈ​នៅ​កម្ពុជា ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការប្រឆាំង(ផ្នែក​នយោបាយ)នឹង​រដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ ដែល​អ្នកប្រឆាំង​ទាំងនោះ​អាចជា​ក្រុមប្រឆាំង​ពិតប្រាកដ ឬ​អ្នក​ដែល​យល់ឃើញ​ដោយ​ខ្លួនឯង។ ការរំលោភបំពាន​ទាំងនេះ​មើលទៅ​ដូចជា​មាន​គោលដៅ​ដើម្បី​បង្ការ​ជ័យជម្នះ ឬ​ដើម្បី​បង្កើត​លក្ខខណ្ឌ​សម្រាប់​ត្រឡប់​ជ័យជម្នះ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​និង​ថ្នាក់ជាតិ​នៅ​ឆ្នាំ២០១៧ និង២០១៨ ។

លោក អាដាម បាន​និយាយថា “ឥឡូវនេះ​ប្រទេស​កម្ពុ​ជាមាន​អ្នកទោសនយោបាយ​រាប់សិប​នាក់ ដែល​នេះ​គួរតែ​ជា​ក្តី​អាម៉ាស់​មួយ​ចំពោះ​ប្រទេស​ទាំងឡាយ​ដែល​ជំនួយ​បរទេស​របស់​ពួកគេ ជួយ​ដល់​រដ្ឋាភិបាល​ដែលមាន​អំណាច​ផ្តាច់ការ​និង​អំពើពុករលួយ​ខ្លាំង​ឡើង​ដូចនេះ។ គ្មាន​នរណាម្នាក់​គួរ​យល់ច្រឡំ​ចំពោះ​ការផ្តន្ទាទោស​ទាំងនេះ ថា​ជា​អ្វី​ផ្សេងទៀត​ក្រៅពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក ហ៊ុន សែន ក្នុងការ​លុបបំបាត់​ការងារ​ជាច្រើន​ទសវត្ស​របស់​អ្នកការពារ​សិទ្ធិមនុស្ស​កម្ពុជា​ដ៏​ក្លាហាន​ដើម្បី​លើកកម្ពស់​សិទ្ធិ​និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​របស់​ពួកគេ” ។

ព្រឹ​តិ្ត​ការណ៍ពាក់ព័ន្ធ

ករណី​នៃ​សមាគម​អាដ​ហុ​ទាំង​ប្រាំ​នេះ កើតឡើង​បន្ទាប់ពី​សមាគម​អាដហុក​បានផ្តល់​ដំបូន្មាន​និង​ជំនួយ​ផ្នែក​សិទ្ធិមនុស្ស​ដល់ក​ញ្ញា ខុម ចាន់​ដា​រា​ទី ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ជា​ស្រីមុំ ។ នាង​និង​ក្រុមគ្រួសារ​របស់​នាង បាន​មករក​ជំនួយ​ពី​សមាគម​អាដហុក​នៅ​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពី​គាត់​ត្រូវបាន “អញ្ជើញ” ឱ្យទៅ​ឆ្លើយ​សំណួរ ពី​សំណាក់​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នៃ​អគ្គនាយកដ្ឋាន​សន្តិសុខ​ជាតិ​របស់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ ឌី វិជ្ជា ដែលជា​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ប្រជាជន និង​ជា​កូនប្រសារ​របស់លោក ហ៊ុន សែន ។ ដីកា​កោះហៅ​មិនមាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​ណាមួយ​នោះទេ ប៉ុន្តែ​បានស្នើ​ឲ្យ​ស្រីមុំ​ផ្តល់​ការបញ្ជាក់​អំពី​ខ្សែអាត់​នៃ​ការសន្ទនា​គ្នា​រវាង​នាង​និង​លោក កឹម សុខា  ដែល​ពេលនោះ​ជា​ប្រធានស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ (ឥឡូវនេះ​គាត់​គឺជា​ប្រធាន​ផ្លូវការ បន្ទាប់ពី​ប្រធាន​គណបក្ស​លោក សម រង្ស៊ី បាន​លាលែង​ពី​តំណែង ក្រោយ​ពេលដែល​គណបក្ស​ប្រជាជន​បាន​គំរាមកំហែង​រឹបអូស​គណបក្ស​នេះ​មុនពេល​ការបោះឆ្នោត​មកដល់)។ ខ្សែអាត់​សំឡេង​នេះ​ត្រូវបាន​សន្មត​ថា​នាង​និង​លោក កឹម សុខា មានការ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​អាពាហ៍ពិពាហ៍។ បាន​ចូលរួម​ក្នុង​កិច្ចការ​ក្រៅផ្លូវការ។ នៅ​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នៅពេល​សាកសួរ​ដោយ​មន្ត្រី​ប្រឆាំង​ភេរវកម្ម នាង​បាន​បដិសេធ​ការចោទប្រកាន់​ទាំងអស់។ នៅ​ថ្ងៃទី១៨ ខែមីនា នាង​បានទទួល​ការកោះហៅ​ជា​លើក​ទី​ពីរ, លើក​នេះ​ពី​ព្រះរាជ​អាជ្ញាសាលា​ក្រុងភ្នំពេញ ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់ថា នាង​បាន​កុហក​អង្គភាព​ប្រឆាំង​ភេរវកម្ម និង​ថា​ទំនាក់ទំនង​របស់​នាង​ជាមួយ​លោក កឹម សុខា គឺជា​អំពើ​ពេស្យាចារ។

ស្រីមុំ​បាន​បន្ត​ស្វែងរក​ជំនួយ​ពី​សមាគម​អាដហុក។ យោងតាម​កំណត់​ហេតុដែល​បានចេញ​ផ្សាយ​ដោយ​សមាគម​នេះ នាង​បាន​និយាយថា​ខ្សែអាត់​សំឡេង​ទាំងនេះ​គឺ​ក្លែងក្លាយ​ទេ, ហើយ​មិនមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​លោក កឹម សុខា ទេ, នាង​ត្រូវបាន​បំភិតបំភ័យ​ដោយ​អាជ្ញាធរ, ហើយ​រង​ភាពលំបាក​ក្នុងការ​រស់នៅ។ ដូចដែល​បានធ្វើ​ជាប្រចាំ​ចំពោះ​ជនរងគ្រោះ​នៃ​ពី​ការរំលោភបំពាន អាដហុក​បានផ្តល់​ឱ្យ​ស្រីមុំ នូវ​ប្រាក់ឧបត្ថម្ភ​បន្តិចបន្តួច​សម្រាប់​ការចំណាយ រួមទាំង​ជួយ​ឱ្យ​គាត់​ចូលរួម​ក្នុង​ដំណើរការ​តុលាការ និង​ផ្តល់​មេធាវី​ឱ្យ​គាត់។ នៅ​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ពេលដែល​នាង​បង្ហាញខ្លួន​ជាមួយ​មេធាវី​របស់​នាង​នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា នាង​បាន​ប្តូរ​ការបដិសេដ​របស់​នាង​ក្នុងការ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​លោក កឹម សុខា។ នៅ​ថ្ងៃទី២២ ខែមេសា នាង​បានចេញ​លិខិត​បើកចំហ​មួយ​ដោយ​ចោទប្រកាន់ថា​បុគ្គលិក​សមាគម​អាដហុក​ចំនួន ៤ នាក់ និង​បុគ្គលិក​អង្គការសហប្រជាជាតិ​លោក សុន សាលី បាន​លួង​លោមនាង​ឱ្យ​កុហក​អាជ្ញាធរ ដោយ​ប្រកាន់យក​សាច់រឿង​ដើម​របស់​នាង ហើយ​បាន​ស្នើថា​នាង​គួរតែ​ចាក​ចេញពី​កម្ពុជា។

នៅ​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ក្រសួងយុត្តិធម៌​ដែលមាន​ឥទ្ធិពល​គ្រប់គ្រង​លើ​ប្រព័ន្ធតុលាការ​កម្ពុជា បានលើកឡើង​ពី​លិខិត​របស់​ស្រីមុំ និង “បាន​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​នូវ​ទង្វើ​រំលោភ​លើ​ច្បាប់” នៃ​សមាគម​អាដហុក និង​អង្គការសហប្រជាជាតិ, ហើយ​បាន​អំពាវនាវ​ឱ្យ “អាជ្ញា​ធរមាន​សមត្ថកិច្ច” “ចាត់វិធានការ​ផ្លូវច្បាប់​ខ្លាំងក្លា​បំផុត” ប្រឆាំងនឹង​ពួកគេ។ សមាគម​អាដហុក​បាន​បដិសេធ​ជា​សាធារណៈ​នូវ​កំហុស​ណាមួយ ហើយ​បាន​ចែកចាយ​កំណត់ត្រា​ផ្ទៃក្នុង​ដែល​គាំទ្រ​ការអះអាង​របស់ខ្លួន​ដែលថា​បានធ្វើ​ឡើង​ដោយ​ស្របតាម​ទាំងស្រុង​ទៅនឹង​ស្តង់ដារ​ច្បាប់​និង​វិជ្ជាជីវៈ​សម្រាប់​កិច្ចការ​សិទ្ធិមនុស្ស។

នៅ​ថ្ងៃទី២៥ ខែមេសា បុគ្គលិក​បច្ចុប្បន្ន​និង​អតីត​របស់​សមាគម​អាដហុក​ចំនួន ៥ នាក់​ត្រូវបាន​កោះហៅ​ដើម្បី​បង្ហាញខ្លួន​នៅ​ថ្ងៃទី២៧ និង ២៨ ខែមេសា ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋា​​ភិ​បាល ដែលមាន​សមត្ថកិច្ច​នគ​របាល​យុត្តិធម៌​ក្នុងការ​ស៊ើបអង្កេត​ការចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី។ អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវបាន​ដឹកនាំ​ដោយ​លោក ឱម យិនទៀង ដែលជា​សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិម​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាម​នុស្ស​ជំនិត​ដ៏​យូរអង្វែង​របស់លោក ហ៊ុន សែន។ នៅ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឃុំខ្លួន​អ្នក​ទាំង៥ ហើយ​នៅ​ថ្ងៃទី១ ខែឧសភា តុលាការ​បាន​នាំ​ពួកគេ​ទៅ​តុលាការក្រុង​ភ្នំពេញ។ ក្នុងអំឡុងពេល​ឃុំខ្លួន​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពួកគេ​មិនបាន​ទទួល​ការប្រឹក្សា​ផ្លូវច្បាប់​ឡើយ។