Skip to main content

អូស្ត្រាលី/កម្ពុជា៖ ការដោះដូររបស់អូស្ត្រាលីជាមួយកម្ពុជា ដាក់ជនភៀសខ្លួនក្នុងហានិភ័យ

ភ្នំពេញ មានការកត់ត្រាមិនល្អអំពីកិច្ចការពារជនភៀសខ្លួន, សិទិ្ធជាមូលដ្ឋាន ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៤

(ស៊ីដនី) - កិច្ចព្រមព្រៀងថ្មីមួយស្តីពីជនភៀសខ្លួន រវាងប្រទេសអូស្ត្រាលី[2] និងប្រទេសកម្ពុជា[3] មិនបានបំពេញកិច្ចសន្យារបស់ប្រទេសអូស្ត្រាលី ដើម្បីបញ្ជូនជនភៀសខ្លួនទៅកាន់ “ប្រទេសទី ៣ ដែលមានសុវត្ថិភាព” ទេ និងនឹងធ្វើឲ្យអន្តរាយដល់កិច្ចការពារជនភៀសខ្លួនក្នុងតំបន់ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថ្ងៃនេះ ។ សេចក្តីប្រកាសព័ត៌មាន[4]របស់រដ្ឋាភិបាលកម្ពុជា ចែងថាលោករដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នឹងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការតាំងលំនៅជនភៀសខ្លួនក្នុងប្រទេសកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ស ខេង ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៤ ។

ប្រទេសអូស្ត្រាលី និងកម្ពុជា មិនបានប្រកាសខ្លឹមសារនៃកិច្ចព្រមព្រៀងនោះទេ ។ ក៏ប៉ុន្តែមុននេះ[5] លោក ម៉ូរីសុន បាននិយាយថា ពួកអ្នកស្វែងរកសិទិ្ធជ្រកកោនរហូតដល់ចំនួន ១,០០០ នាក់ ដែលប្រទេសអូស្ត្រាលីបានបញ្ជូនទៅកោះ ណូរូ ដែលនៅទីនោះពួកគេត្រូវបានទទួលស្គាល់ថាជាជនភៀសខ្លួន អាចនឹង​ត្រូវផ្ទេរទៅកាន់ប្រទេសកម្ពុជាលើ “មូលដ្ឋាននៃការស្មគ្រចិត្ត” ។ ទោះបីជាប្រទេសកម្ពុជាជាភាគីនៃអនុ សញ្ញាស្តីពីជនភៀសខ្លួនក៏ដោយ ក៏ប្រទេសនេះខកខានមិនបានការពារជនភៀសខ្លួន និងពួកអ្នកស្វែងរកសិទិ្ធជ្រកកោនទេ ដោយការបញ្ជូនពួកគេឲ្យត្រឡប់ទៅប្រទេសដែលពួកគេប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ ។

ការដោះដូររបស់អូស្ត្រាលីជាមួយកម្ពុជា នឹងបញ្ជូនមនុស្សទៅកាន់ប្រទេសមួយ ដែលមានការកត់ត្រាសែនអាក្រក់អាក្រីក្នុងការការពារជនភៀសខ្លួន និងជាប់ផុងវ័ណ្ណកជាមួយការរំលោភសិទិ្ធមនុស្សធ្ងន់​ធ្ងរ” ។ លោកស្រី អេឡែន ភាសិន (Elaine Pearson)[6] នាយកប្រចាំប្រទេសអូស្រ្តាលីបាននិយាយ ។ “ប្រទេស​អូស្រ្តាលី គួរតែបានពិនិត្យសេចក្តីអះអាងរបស់ជនភៀសខ្លួនទាំងនេះដោយផ្ទាល់ ជាជាងបង្វែរពួកអ្នកស្វែងរកសិទិ្ធជ្រកកោនទៅកាន់កោះ ណូរូ តែយ៉ាងហោចណាស់ប្រទេសនេះគួរទទួលយកពួកអ្នកដែលត្រូវបានរកឃើញថាជាជនភៀសខ្លួន ជាជាងដឹកពួកគេចេញទៅកាន់ប្រទេសកម្ពុជា ។ ទោះបីជាមានការអះ​អាងរបស់ទីក្រុងខាន់ប៊ែរ៉ាក៏ដោយ ក៏ជាក់ស្តែងប្រទេសកម្ពុជាមិនមានសុវត្ថិភាព និងខ្វះមធ្យោបាយ ដើម្បីទទួលជនភៀសខ្លួនចំនួនច្រើន ដែលនឹងត្រូវបានផ្តល់ឲ្យនូវសំបុត្រធ្វើដំណើរឯកទិសទៅកាន់ទីក្រុងភ្នំពេញ” ។

ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១២ មក ប្រទេសអូស្រ្តាលីធ្លាប់បានបញ្ជូនពួកអ្នកស្វែងរកសិទិ្ធជ្រកកោនដែលបានមកដល់តាមកប៉ាល់ ទៅកាន់កោះ ណូរូ (Nauru) និងប្រទេស ប៉ាពួ ញូវហ្គីណេ (Papua New guinea) ដើម្បីពិនិត្យពិច្ច័យពីឋានៈជាជនភៀសខ្លួនរបស់ពួកគេ នៅទីនោះ ។ ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងមួយជាមួយកោះ ណូរូ, ប្រទេសអូស្ត្រាលីបានសន្យាថានឹងជួយការតាំងលំនៅរបស់ជនភៀសខ្លួននៅ “ប្រទេសទី ៣ ដែលមានសុវត្ថិភាព”[7] ។ ប្រទេសអូស្ត្រាលី បានបដិ​សេធមិនទទួលឲ្យត្រឡប់ទៅកាន់ប្រទេសអូស្រ្តាលីវិញទេ ពួកអ្នកត្រូវបានរកឃើញថាជាជនភៀសខ្លួនហើយនោះ ដោយអះអាងលើមូលដ្ឋានថាខ្លួនកំពុងស្វៃងរកដំណោះស្រាយមួយក្នុងការបែងចែកបន្ទុកក្នុងតំបន់[8] ។ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៤ ពួកអ្នកស្វែងរកសិទិ្ធជ្រកកោនចំនួន ១,២៣៣ នាក់ ត្រូវបានដាក់ឃុំខ្លួននៅកោះ ណូរូ ។ រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៤ រដ្ឋាភិបាលកោះ ណូរូ បានបញ្ចប់ការកំណត់ឋានៈជាជនភៀសខ្លួនលើមនុស្ស ២៥០ នាក់ ក្នុងនេះមាន ២០៦ នាក់ត្រូវបានទទួលស្គាល់ថាជាជនភៀសខ្លួន ។  

ប្រទេសអូស្ត្រាលី បានខកខានមិនបានបំពេញខ្លឹមសារនៃកិច្ចព្រមព្រៀងរបស់ខ្លួនទេ ពីព្រោះប្រទេសកម្ពុជាមិនមែនជាប្រទេសទី ៣ មានសុវត្ថិភាពទេ ។

រដ្ឋាភិបាលអូស្រ្តាលី បានយោងទៅលើការផ្ទេរទៅប្រទេសកម្ពុជា ដើម្បីធ្វើការតាំងលំនៅថ្មី។យ៉ាង​ណាក៏ដោយ អ្នកនាំពាក្យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានពិព៌ណនាថា[9] ការតាំងលំនៅថ្មីក្នុងប្រទេសកម្ពុជា មិនមែនជាដំណោះស្រាយ ”យូរអង្វែង” ទេ។ “វាមិនមែនជាក្នុងស្មារតីនៃការតាំងលំនៅថ្មីទេ” អ្នកនាំពាក្យបាននិយាយ ។

ប្រទេសកម្ពុជាមិនបានបង្ហាញឲ្យឃើញនូវឆន្ទៈ ឬសម្បទា ក្នុងការផ្តល់ដល់ជនភៀសខ្លួន នូវកិច្ចការពារគ្រប់គ្រាន់ទេ។ អ្នកដែលត្រូវបានទទួលស្គាល់ជាជនភៀសខ្លួនមួយចំនួន ដែលបានតាំងលំនៅ​ថ្មីក្នុងប្រទេសកម្ពុជា រស់នៅក្នុងការភ័យខ្លាច និងស្វ័យឯកោ ពីព្រោះរដ្ឋាភិបាលកម្ពុជាបានបង្ហាញឲ្យឃើញនូវឆន្ទស៊ុំគ្រលុំជាមួយប្រទេសដើមរបស់ពួកគេ ដើម្បីឲ្យជនភៀសខ្លួនវិលត្រឡប់ទៅវិញ ទោះបីជាពួកគេមានឋានៈជាជនភៀសខ្លួនក៏ដោយ ។ ជាលទ្ធផល ជនភៀសខ្លួនអាចនឹងមានការភ័យខ្លាចនឹងចេញពីទីលំនៅដ្ឋានពួកគេ ទប់ស្កាត់ពួកគេមិនឲ្យធ្វើការងារ និងធ្វើឲ្យពួកគេកាន់តែក្រខ្លាំងថែមទៀត ។

ក្នុងឆ្នាំថ្មីៗ កន្លងទៅ រដ្ឋាភិបាលបានបញ្ជូនមនុស្សងាយរងការឈឺចាប់ឲ្យត្រឡប់ទៅប្រទេសពួកគេវិញ ដែលនៅទីនោះពួកគេបានប្រឈមមុខនឹងការរំលោភ ដូចជាប្រទេសចិន និងវៀតណាម ជាដើម។ ក្នុងខែធ្នូ ឆ្នាំ ២០០៩ កម្ពុជាបានប្រគល់ជាតិពន្ធុអ៊ុយហ្គួរ (Uighurs) ជាង ២០ នាក់ ដែលឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនកំណត់ថាជាមនុស្សនៃការយកចិត្តទុកដាក់[10] ទៅឲ្យមន្ត្រី រដ្ឋាភិបាលចិន ដែលក្រោយមកបានបញ្ជូនពួកគេទៅកាន់ប្រទេសចិនវិញ ដើម្បីធើ្វការកាត់ទោសជាសម្ងាត់ និងផ្តន្ទាទោសឲ្យជាប់គុករយៈពេលយូរ ។

មានសេចក្តីព្រួយបារម្ភចំពោះជនភៀសខ្លួន បន្ទាប់ពីពួកគេបានមកដល់ប្រទេសកម្ពុជា ។ រដ្ឋាភិ បាលអូស្ត្រាលី និងកម្ពុជា មិនបានផ្តល់ព័ត៌មានស្តីពីការទទួលបាននៃជនភៀសខ្លួននូវ ផ្ទះសម្បែង ការអប់​រំសម្រាប់កូនៗ ការទទួលបានការព្យាបាលផ្នែកពេទ្យ និងជីវភាពរស់នៅជាមូលដ្ឋាន ទេ ។ រដ្ឋាភិបាល​អូ​-ស្រ្តាលី មិនបានចែកចាយព័ត៌មានលម្អិតស្តីពីលក្ខខ័ណ្ឌនៃកិច្ចចរចា និងខ្លឹមសារនៃកិច្ចព្រមព្រៀង ហើយ​ប្រទេសទាំងពីរមិនបានសុំឲ្យសាធារណៈជនបញ្ចូលយោបល់អំពីការស្នើនេះទេ ។

ស្ថានភាពសិទិ្ធមនុស្សដ៏អាក្រក់ជាទូទៅ[11]នៅក្នុងប្រទេសកម្ពុជា បានលើកឡើងនូវសេចក្តីព្រួយបារម្ភបន្ថែមទៀត ស្តីពីសន្តិសុខរបស់ជនភៀសខ្លួនដែលបានផ្ទេរទៅកាន់ទីនោះ ។ រដ្ឋាភិបាល ហ៊ុន សែន បានកំហិតយ៉ាងខ្លាំងនូវសិទិ្ធនៃសេរីភាពក្នុងការសំដែងមតិ ការជួបជុំគ្នា និងការធ្វើសមាគម ហើយកម្លាំងសន្តិសុខរដ្ឋជាប្រចាំ តែងតែប្រព្រឹត្តការសម្លាប់ ការធ្វើទារុណកម្ម និងការរំលោភដទៃទៀតប្រកបដោយនិទណ្ឌភាព ។ ពួកអ្នករស់នៅគ្មានទីពឹងក្នុងសង្គម - ក្នុងនេះរួមមាន ជនភៀសខ្លួន និងពួកអ្នកស្វែងរកការជ្រកកោន ដែលគ្មានការងារធ្វើ មិនចេះនិយាយភាសាខ្មែរ និងបណ្តាញសង្គម - គឺមានហានិភ័យជាពិសេស ។ ជាឧទាហរណ៍ អង្គការឃ្លាំមើលសិទិ្ធមនុស្សបានស្រាវជ្រាវចងក្រងជាឯកសារ[12] អំពីការចាប់ខ្លួនដោយមិនឈរលើច្បាប់ ការឃុំខ្លួន និងប្រព្រឹត្តកម្មយង់ឃ្នង នូវ “មនុស្សគេមិនចង់បាន” ឲ្យរស់នៅក្នុងមន្ទីរឃុំឃាំងស្មោកគ្រោក គ្រប់គ្រងដោយក្រសួងសង្គមកិច្ច ដែលនៅទីនោះ ពួកគេទទួលរងការវាយដំ ធ្វើទារុណកម្ម និងការរំលោភផ្លូវភេទ ដោយពួកអ្នកយាមដែលពុំទទួលការផ្តន្ទាទោស ។

“ជាជំនួសការឆ្លើយនឹងសំណួរស្តីពីប្រព្រឹត្តកម្មលើជនភៀសខ្លួនក្នុងប្រទេសកម្ពុជា រដ្ឋាភិបាល អូស្ត្រាលី បានបំបិទការពិភាក្សាជាសាធារណៈណាមួយអំពីបញ្ហាទាំងនេះ” លោកស្រី ភាសិន បាននិយាយ ។ “ប្រទេសអូស្ត្រាលី បានស្វះស្វែងរកលេសថ្មីមួយ ដើម្បីធ្វើព្រងើយចំពោះបញ្ហាជនភៀសខ្លួន ជាជាងការរិះរកដំណោះស្រាយពិតប្រាកដក្នុងតំបន់មួយ ដែលនឹងធ្វើឲ្យប្រទេស​អូស្រ្តាលីរួមចំណែកដ៏សក្តិសមក្នុងរឿងនេះ​” ៕

 

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed