Skip to main content

អង្គការឃ្លាំមើលសិទិ្ធ៖ ទារុណកម្មជា ‛ការឈឺចាប់ដែលកំពុងតែរីករាលដាល′

Published in: DW

ក្នុងប្រទេសមួយចំនួន ទូទាំងអាស៊ី ទារុណកម្មត្រូវបានប្រើជាប្រចាំ ។ គេដឹងគ្រប់គ្នាថា ការនាំខ្លួនពួកអ្នកប្រព្រឹត្តទៅកាន់តុលាការ ជារឿងមួយលំបាក ជាពិសេសក្នុងប្រទេសដែលការអនុវត្តទារុណកម្ម បានទទួលការយល់ព្រមពីសំណាក់រដ្ឋ លោក ហ្វីល រ៉ូបឺតសុន នៃអង្គការសិទិ្ធមនុស្ស បាននិយាយប្រាប់ DW ។

ការធ្វើឲ្យមានការឈឺចាប់ដោយប្រើកម្លាំងបាយ ការបំបាក់ឆន្ទៈរបស់មនុស្ស ការប៉ុនប៉ងកម្ទេចបុគ្គលិកលក្ខណៈរបស់ពួកគេ - នេះជាទ្រង់ទ្រាយបីនៃប្រព្រឹត្តកម្មយង់ឃ្នង ដែលធ្លាក់ចូលទៅក្នុងនិយមន័យនៃទារុណកម្ម ។ តាមច្បាប់អន្តរជាតិ ទារុណកម្មគឺជាឧក្រិដ្ឋកម្មមួយ ។ យ៉ាងណាក៏ដោយ ក្នុងប្រទេសមួយចំនួនទូទាំងពិភពលោក ការអនុវត្តអំពើនេះ មិនទាន់ត្រូវបានលុបបំបាត់ទេ ។ ផ្ទុយទៅវិញ រដ្ឋាភិបាលខ្លះបានប្រើវាជាប្រព័ន្ធជាមធ្យោបាយមួយដើម្បីបង្ក្រាបសូម្បីអ្នកខ្វែងយោបល់បន្តិបន្តួច ។

ដើម្បីទាក់ទាញការយកចិត្តទុកដាក់ជាសកលលើបញ្ហានេះ មហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី ២៦ ខែមិថុនា ជាទិវាអន្តរជាតិគាំទ្រជនរងគ្រោះនៃទារុណកម្ម ។ តែ ១៥ ឆ្នាំ ក្រោយមក សហគមអន្តរជាតិនៅតែត្រូវធ្វើដំណើរដ៏វែងទៀត ដើម្បីសម្រេចគោលបំណងទីចុងបំផុតរបស់ខ្លួន នៃការលប់បំបាត់ទារុណកម្មទាំងអស់តែម្តង ។

នៅពាសពេញទ្វីបអាស៊ី អង្គការសិទិ្ធមនុស្ស បានចោទប្រកាន់ប្រទេសមួយចំនួនអំពីការធ្វើទារុណ​កម្ម ។ ក្នុងចំណោមប្រទេសចុះក្នុងបញ្ជី មិនត្រឹមតែជាប្រទេសអាជ្ញាធរនិយម ឬជារដ្ឋដឹកនាំដោយបក្សតែមួយ ដូចជាប្រទេសកូរ៉េខាងជើង ឬចិន ប៉ុណ្ណោះទេ តែក៏មានប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស្យ៉ា មៀនម៉ា ហ្វីលីពីន និងជប៉ុន ផងដែរ ។ ក្នុងបទសម្ភាសន៍មួយរបស់ DW លោក ហ្វីល រ៉ូបឺតសុន នាយករងផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស និយាយថាក្នុងប្រទេសជាច្រើននៃប្រទេសទាំងនេះ មន្ត្រីរដ្ឋាភិបាលដែលប្រើទារុណកម្ម ហាក់ដូចជាទទួលបានអភ័យឯកសិទិ្ធដ៏ទូលំទូលាយ ។

DW: តើប្រទេសអាស៊ីណាខ្លះដែលប្រើទារុណកម្មយ៉ាងទៀងទាត់?

ហ្វីល រ៉ូបឺតសុន៖ ជាការគួរឲ្យក្រៀមក្រំ ដែលកម្លាំងនគរបាលនៅទូទាំងអាស៊ីអគ្នេយ៍ និងអាស៊ីខាងត្បូង ក៏ដូចជានៅអាស៊ីបូព៌ា តែងតែប្រើទារុណកម្មជាប្រចាំ ធ្វើជាផ្នែកធម្មតាមួយនៃបច្ចេកទេសសួរចម្លើយដើម្បីចម្រាញ់យកសេចក្តីសារភាព ។​ នៅអាស៊ីអគ្នេយ៍ យើងបានឃើញការណ៍នេះនៅប្រទេសវៀតណាម កម្ពុជា ឡាវ ថៃ មៀមម៉ា ម៉ាឡេស្យ៉ា ឥណ្ឌូណេស្យ៉ា និងប្រទេសដទៃទៀត និងនៅគ្រប់ប្រទេសនៃអាស៊ីខាងត្បូង ។

ជាក់ស្តែង ដោយសារបញ្ហានេះមានស្ទើរតែគ្រប់កន្លែង យើងការលំបាកនឹងដឹងថា តើចាប់ផ្តើមពីចំណុចណាដើម្បីប្រយុទ្ធប្រឆាំងការប្រើទារុណកម្មរបស់នគរបាល តែយើងបានកត់សំគាល់ឃើញថាផ្ទៃរឿងជាបន្តមួយនៃការងាររបស់យើង គឺពិនិត្យទារុណកម្មធ្វើឡើងដោយនគរបាល ។ ជាឧទាហរណ៍ ក្នុងប្រទេសម៉ាឡេស្យ៉ា យើងបានរកឃើញការធ្វើទារុណកម្មមនុស្សជាប្រព័ន្ធក្នុងមន្ទីរឃុំឃាំងរបស់នគរបាល ជារឿយៗ តែងបណ្តាលឲ្យស្លាប់ក្នុងមន្ទីរឃុំឃាំង គឺជាការពិតចំបងជាច្រើនឆ្នាំមកហើយ ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏បានរកឃើញផងដែរថា ទារុណកម្មតែងកើតមានជាទៀងទាត់នៅក្នុងមន្ទីរឃុំឃាំង “ព្យាបាល” គ្រឿងញៀន ក្នុងប្រទេសចិន ឡាវ កម្ពុជា និងវៀតណាម ដូច្នេះសូម្បីតែក្នុងករណីដែលមនុស្សគួរតែត្រូវបានទទួលជំនួយក៏ដោយ ក៏ពួកគេទទួលបានការវាយវាត់នឹងរំពាត់ ឬធ្ងន់ជាងនេះ ។ ទៅបីនៅក្នុងប្រទេសដូចជា សឹង្ហបូរី និង ម៉ាឡេស្យ៉ា ការវាយនឹងរំពាត់គឺជាផ្នែកជាប្រចាំនៃប្រព័ន្ធតុលាការ ការអនុវត្ត ដែលអង្គការឃ្លាំមើលសិទិ្ធមននុស្សកំណត់ថាជាទ័ណ្ឌកម្មឃោរឃៅ និងមិនធម្មតា ។

ហើយច្បាស់ណាស់ ក្នុងករណីនៃ “អ្នកទោសនយោបាយ” លេចធ្លោរ ដែលយើងតែងតែនឹកឃើញក៏ជាផ្នែកសំខាន់មួយនៃកិច្ចពិភាក្សាអំពីបញ្ហានេះ នៅទីកន្លែងដូចជា វៀតណាម ឡាវ ភូមា និងរដ្ឋផ្តាច់ការលើគ្រប់វិស័យដទៃទៀត-ដែលច្បាស់ហើយ នៅក្នុងនោះ មានប្រទេសកូរ៉េខាងជើង ជាអ្នកនាំមុខគេក្នុងផ្លូវនេះ។

អ្វីដែលនាំឲ្យមានកង្វល់ជាជម្រៅអំពីទារុណកម្មទាំងអស់នេះគឺថា កម្រមានអ្នកប្រព្រឹត្តដែលត្រូវបានចាប់ឲ្យទទួលគណនេយ្យភាពចំពោះអំពើទាំងនេះ ។ ក្នុងប្រទេសទាំងនេះជាច្រើន មន្ត្រីរដ្ឋាភិបាលដែលប្រើទារុណកម្ម ហាក់ដូចជាមានអភ័យឯកសិទិ្ធយ៉ាងទូលំទូលាយ​ ។ ដូចអ្នកទេសន្តរប្រវេសន៍ម្នាក់ បាននិយាយប្រាប់ខ្ញុំថា៖ “នៅក្នុងប្រទេសថៃ ជនថៃអាចវាយយើងខ្ញុំបានដោយសេរី” ។

តើការអនុវត្តទារុណកម្មផ្សេងៗ បែបណាខ្លះ ដែលត្រូវបានប្រើប្រាសជាងគេ?

ការប្រើជើង និងកណ្តាប់ដៃ វាយមនុស្សរហូតដល់សុខចិត្តចុះចាញ់ តែងត្រូវបានប្រើញឹកញាប់ណាស់ ក៏ដូចជាការឆក់នឹងខ្សែភ្លើង ចងព្យួរមនុស្សតាមគ្រប់សណ្ឋាន អុជនឹងបារី និងភ្លើងដទៃទៀត ការរំលោភផ្លូវភេទ និងការចាប់រំលោភ ទាំងចំពោះមនុស្សប្រុសនិងស្រី ការប្រើនូវស្ថានធ្វើឲ្យតានតឹងក្នុងខ្លួននិងការវាយនឹងរំពាត់ផ្សេងៗ ។

តើមានការវិវឌ្ឍន៍ជាវិជ្ជមានណាមួយ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វីក ក្នុងឆ្នាំកន្លងទៅដែរឬទេ?  

ប្រាកដណាស់ ការងាររបស់គណកម្មការស៊ើបអង្កេត អសប (COI) អំពីការរំលោភសិទិ្ធមនុស្សនៅប្រទេសកូរ៉េខាងជើង ដឹកនាំដោយចៅក្រម ម៉ៃខិល ខឺប៊ី (Michael Kirby) គឺជាការវិវឌ្ឍន៍ជាវិជ្ជមាមួយក្នុងតំបន់ ។

ដោយលាតត្រដាងទារុណកម្មជាប្រព័ន្ធដែលកើតមាននៅក្នុងជំរុំពន្ធនាគារ ក្នុងប្រទេសកូរ៉េខាងជើង និងទាមទារនូវគណនេយ្យភាពអន្តរជាតិ ចំពោះការណ៍នេះ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដទែទៀត ដែលព្យុងយ៉ាងបានប្រព្រឹត្ត គណកម្មការស៊ើបអង្កេត អសប បានជួយជំរុញសកម្មភាពហួសកំណត់ជាយូរមកហើយ នៃការរំលោភសិទិ្ធមនុស្សដ៏អាក្រក់អាក្រីបំផុត របស់រដ្ឋាភិបាលមួយក្នុងប្រទេសអាស៊ី ។

ការដោះលែងអ្នកទោសនយោបាយចំនួនច្រើនគួរឲ្យកត់សំគាល់ ចេញពីព័ន្ធនាគារល្បីថាអាក្រក់នៃប្រទេសភូមា ជាដំណឹងដ៏ល្អមួយយ៉ាងពិតប្រាកដផងដែរ ជាពិសេសដោយសារកម្រិតខ្ពស់ នៃការប្រើទារុណកម្មប្រឆាំងអ្នកទោសបែបនេះ របស់រដ្ឋាភិបាលយោធាពីមុនមក ។ ទោះបីយ៉ាងណាក៏ដោយ យើងត្រូវរង់ចាំមើលថា តើប្រទេសភូមានឹងបន្តធ្វើដំណើរតាមផ្លូវនៃការកែទម្រង់ដែលគោរពសិទិ្ធមនុស្សឬទេ ហើយឆ្នាំនេះ និងឆ្នាំមន្ទាប់ គឺជារយៈពេលស្លាប់រស់ក្នុងការកំណត់អនាគតសម្រាប់ប្រទេសនេះ ។

ជាក់ស្តែង តើមានការលំបាកបែបណា ដើម្បីនាំខ្លួនពួកអ្នកទទួលខុសត្រូវក្នុងការធ្វើទារុណកម្មទៅកាន់តុលាការ នាពេលបច្ចុប្បន្ននេះ ?

ក្នុងប្រទេសជាទូទៅនៅប្រទេសអាស៊ី គេដឹងគ្រប់គ្នាថា​ ការនាំខ្លួនពួកអ្នកប្រព្រឹត្តទារុណកម្មទៅកាន់តុលាការ គឺមានការលំបាក ។ នៅទីណាដែលទារុណកម្មត្រូវបានអនុញ្ញាតដោយរដ្ឋ ក្នុងប្រទេសដូចជា កូរ៉េខាងជើង វៀតណាម និងប្រទេសដទៃទៀត មានពន្លឺតិចតួចសម្រាប់ការកើតមានយុត្តិធ៌មនោះ ។ ការដែលទារុណកម្ម តែងតែកើតមាននៅក្នុងប្រព័ន្ធពន្ធនាគារគ្មានតម្លាភាពដែលក្នុងប្រតិបត្តិការរបស់វា និងមានការលំបាកចូលទៅដល់នោះ ធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង ។

ឧទាហរណ៍ មនុស្សជាច្រើន បានសង្ស័យថាជាប្រទេសមួយដែលមានប្រព័ន្ធតុលាការអាក្រក់បំផុតក្នុងចំណោមប្រទេសអាស៊ានគឺនៅក្នុងប្រទេសឡាវ និងដែលទារុណកម្មនិងប្រព្រឹត្តិកម្មយង់ឃ្នងលើអ្នកទោស គឺជារឿងធម្មតា ។ តែមានការលំបាកណាស់ដើម្បីបញ្ជាក់ដោយសព្វមុខ ក្នុងសភាពការណ៍មួយ ដែលអ្នកតាមដានមកពីក្រៅ ស្ទើរតែមិនអាចទទួលបានដោយប្រការណាមួយ នូវការចូលក្នុងពន្ធនា​គារ និងជួបអ្នកទោសជាប់សោនៅទីនោះ ។

ទោះបីជាមានសមត្ថភាពដើម្បីកាត់ទោសមនុស្ស ចំពោះការប្រព្រឹត្តិទារុណកម្ម និងមានភស្តុតាងក៏ដោយ ក៏ការចាប់ឲ្យប្រទេស ដើម្បីប្រមូលផ្តុំនូវឆន្ទៈនយោបាយ ដើម្បីកាត់ទោសនាយនគរបាលថ្នាក់លើ ឬនាយទាហានថ្នាក់កំពូល ដែលអនុញ្ញាតឲ្យកើតមានអំពើទារុណកម្ម គឺជាការលំបាកខ្លាំងណាស់។ យ៉ាងច្រើន នៅពេលខ្លះមានលទ្ធភាពទទួលបានមន្ត្រីថ្នាក់ក្រោមទៅកាន់តុលាការចំពោះឧក្រិដ្ឋកម្ម តែជារឿយ​ៗ ការកាត់ទោសទាំងនោះត្រូវធ្វើឡើងដោយចំពោះកិច្ច និងកម្រិតជាពិសេសត្រឹមករណីដែលលេចឮខ្ទរខ្ទារប៉ុណ្ណោះ ។

តើយ៉ាងដូចម្តេចទៅអំពីការដាក់ទ័ណ្ឌកម្ម-តើទារុណកម្មមានវិសាលភាពប៉ុណ្ណា ទើបអាចកាត់ទោសបាន នៅក្នុងប្រទេសអាស៊ីនានា​?

នៅក្នុងប្រទេសជាច្រើន ទារុណកម្មគឺជាបទល្មើសត្រូវផ្តន្ទាទោស និងបើមិនដូច្នោះទេ បទចោទប្រកាន់ដទៃទៀតទាក់ទិនទៅនឹងការនាំឲ្យអន្តរាយដល់រូបរាងកាយ អាចត្រូវយកមកប្រើចាប់មនុស្សឲ្យទទួលខុសត្រូវ ។ តែជាក់ស្តែង គឺមានតែមនុស្សតិចតួចប៉ុណ្ណោះត្រូវបានកាត់ទោសចំពោះការប្រព្រឹត្តិទារុណកម្ម ពីព្រោះការផ្តន្ទាទោសតែម្នាក់គឺជាការអាចនាំឲ្យគម្រាមកំហែងដល់ការរំលាយប្រព័ន្ធនៃការស៊ើបអង្កេតរបស់នគរបាលដែលតែងតែប្រើទារុណកម្មជាប្រចាំ ឬលាតត្រដាងនូវប្រព័ន្ធពន្ធនាគារ ដែលទារុណកម្មត្រូវបានប្រើជាទូទៅ -ហើយការពិតជាក់ស្តែងសាមញ្ញ គឺថារដ្ឋាភិបាលភាគច្រើនមិនចង់ឲ្យបញ្ហាទាំងនោះត្រូវបានលាតត្រដាងទេ ។ ដូច្នេះ ជាជំនួសគេឃើញមានវោហាសាស្ត្រខ្លាំងៗ ប្រឆាំងទា​- រុណកម្ម ចេញមកពីរដ្ឋាភិបាលនានា ប៉ន្តែបន្ទាប់មកមានការអនុវត្តខ្សោយ ឬពុំមានទាល់​តែសោះ ។

តើមានប្រវត្តិផ្ទាល់របស់អ្នកណាម្នាក់ និយាយដោយអ្នករងគ្រោះដោយទារុណកម្ម មានបំណងចង់ចែករំលែកជាមួយយើងដែរឬទេ?

ជាច្រើនឆ្នាំហើយដែលខ្ញុំបានធ្វើការដើម្បីសិទិ្ធមនុស្ស ខ្ញុំបានធ្វើសម្ភាសន៍ជាមួយមនុស្សជាច្រើននាក់ ដែលបានឈឺចាប់ដោយទារុណកម្ម ។ អ្វីដែលខ្ញុំអាចនិយាយបាន នោះគឺពួកគេជាច្រើននាក់នៅតែមានស្លាកស្នាមផ្លូវកាយ និងផ្លូវចិត្ត ដោយពិសោធនោះ និងដោយអ្វីដែលម្នាក់បាននិយាយប្រាប់ខ្ញុំថា “ជាការបាត់ទាំងស្រុងនូវភាពម្ចាស់ការលើជីវិតរបស់ខ្លួន” ដែលរូបគេមានជាប់ក្នុងអារម្មណ៍ ។

មានហេតុផលល្អដែលការហាមឃាត់ប្រឆាំងទារុណកម្ម គឺជាសិទិ្ធមនុស្សមួយ ដែលរដ្ឋាភិបាល​នានាមិនអាចលប់ចោលបានទេ ពីព្រោះវាញាំញីបំផ្លិចបំផ្លាញជីវិតមនុស្ស និងគ្រួសារពួកគេ ឲ្យបែកខ្ញែកពីគ្នា ក្នុងភាពឃោរឃៅបំផុតដែលអាចមាន ។ ទោះបីយ៉ាងនេះក៏ដោយ ក៏ទារុណកម្មនៅតែជាការឈឺចាប់មួយ ដែលកំពុងតែរីករាលដាលនៅអាស៊ី ដែលយើងត្រូវបង្កើនការខិតខំទ្វេរឡើងរបស់យើង ប្រយុទ្ធដើម្បីបញ្ចប់ទារុណ​កម្មជាដាច់ខាត និងផ្តន្ទាទោសក្នុងតុលាការ ពួកអ្នកប្រើវាណាម្នាក់ និងទាំងអស់ ។

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed