Skip to main content

កម្ពុជា៖ ការតម្រូវឲ្យមានការស៊ើបសួរឯករាជ្យចំពោះការបោះឆ្នោត

ប្រទេសផ្តល់ជំនួយគួរកៀបសង្កត់ដើម្បីឲ្យមានកិច្ចដំណើរការដោះស្រាយជម្លោះពិតប្រាកដ

(ញូវយក)-គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ​(គជប) ត្រួតត្រាដោយរដ្ឋាភិបាល មានការខកខានមិនបានដោះស្រាយការចោទប្រកាន់គួរឲ្យជឿបានអំពីការឆរបោកក្នុងការបោះឆ្នោត និងភាពមិនប្រក្រតី ដទៃទៀត ឬភាពមិនត្រឹមត្រូវជាប្រព័ន្ធ ក្នុងកិច្ចដំណើរការបោះឆ្នោត ។

គជប បានប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការនៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១៣ ។ លទ្ធផលរបស់ គជប បានផ្តល់ដល់គណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា (គបក) នូវអាសនៈចំនួន ៦៨ និងគណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិ (គសជ) ដឹកនាំដោយលោក សម រង្ស៊ី បាន ៥៥ ​អា​សនៈ ។ មុននេះ ក្រុមប្រឹក្សាធម្មនុញ្ញត្រួតត្រាដោយគណបក្សកាន់អំណាច បានបដិសេធពាក្យបណ្តឹង​ដ៏មានខ្លឹមសារទាំងអស់ ស្តីពីការប្រព្រឹត្តទៅនៃការបោះឆ្នោតថ្ងៃទី ២៨ ខែកក្កដា ។

“គណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានពន្លត់សេចក្តីសង្ឃឹមដ៏ស្តួចស្តើងដែលអាចនឹងមានការស៊ើបអង្កេតដោយហ្មត់ចត់ និងមិនលំអៀង ទៅលើភាពមិនប្រក្រតីរាប់ពាន់” លោក ប្រាដ អាដាំ នាយកផ្នែកអាស៊ី នៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ។”គណបក្សកាន់អំណាចបានត្រួតត្រាគ្រប់ទិដ្ឋភាពនៃកិច្ចដំណើរការបោះឆ្នោត និងបង្អត់ប្រជាពលរដ្ឋកម្ពុជាមិនឲ្យទទួលបាននូវការបោះឆ្នោតមួយដោយសេរី និងត្រឹមត្រូវ” ។

ក្នុងចំណោមបញ្ហា ដែលបានចងក្រងជាឯកសារ នៃកិច្ចដំណើរការបោះឆ្នោត មាន៖

· ការទទួលបានប្រព័ន្ធផ្សព្វផ្សាយមិនស្មើភាព សម្រាប់គណបក្សប្រឆាំង ,

· បរិធាននៃការបោះឆ្នោតជាតិ និងមូលដ្ឋាន មានការលំអៀងទៅខាង គបក ,

· ការខ្វះនូវយន្តការដោះស្រាយជម្លោះដោយឯករាជ្យ និងមិនលំអៀង,

· ការរៀបបំភ្លៃបញ្ជីអ្នកបោះឆ្នោត ដើម្បីអនុញ្ញាតឲ្យអ្នកបោះឆ្នោត “ខ្មោច” អាចបោះឆ្នោតបាន និងបដិសេធមិនឲ្យពួកអ្នកបោះឆ្នោតប្រឆាំងអាចបោះឆ្នោតបាន ,

· ការធ្វើយុទ្ធនាការដោយនាយកងកម្លាំងសន្តិសុខថ្នាក់ខ្ពស់ គាំទ្រ គបក នាំទៅឲ្យមានការបំភិតបំភ័យដល់អ្នកបោះឆ្នោត, និង

· ការខកខានរបស់ គជប និងក្រុមប្រឹក្សាធម្មនុញ្ញ មិនបានធ្វើការស៊ើបអង្កេត ដោយហ្មត់ចត់ ឬដោយឯករាជ្យ នូវពាក្យបណ្តឹងដែលគួរឲ្យជឿបានស្តីពីភាពមិនប្រក្រតីនៃការបោះឆ្នោត ។

គបក និងបុព្វការីជនផ្ទាល់របស់វា បានគ្របដណ្តប់លើនយោបាយនៃប្រទេសកម្ពុជា ចាប់តាំងពីការរលំដួលរបស់ខ្មែរក្រហម ក្នុងឆ្នាំ ១៩៧៩ ទោះបីបានចាញ់ឆ្នោតក្នុងការរៀបចំការបោះឆ្នោតដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ១៩៩៣ ក៏ដោយ។ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ឯករាជ្យ បានធ្វើសេចក្តីសនិដ្ឋានថា ការបោះឆ្នោតឆ្នាំ ១៩៩៨, ២០០៣, និង ២០០៨ មានការខ្វះនូវការជឿទុកចិត្ត ។ លោក ហ៊ុន សែន បានកាន់ដំណែងជានាយករដ្ឋមន្ត្រី ២៨ ឆ្នាំ មកហើយ ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ប្រទេសផ្តល់ជំនួយដល់ប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិ គួរគាំទ្រសេចក្តីអំពាវនាវរបស់អង្គការសង្កេតការណ៍ការបោះឆ្នោត និងក្រុមសង្គមស៊ីវិលកម្ពុជា ឲ្យធ្វើការស៊ើបអង្កេតដោយឯករាជ្យ និងមិនលំអៀង ទៅលើកិច្ចដំណើរការទាំងមូលនៃការបោះ ឆ្នោត។ ប្រទេសផ្តល់ជំនួយ គួរតែអត់ធ្មត់កុំធ្វើសេចក្តីផ្លែងការណ៍ដែលបានផ្តល់យោបល់ថា លទ្ធផលនៃការបោះឆ្នោត អាចទទួលយកបាន ឬផ្តាច់ព្រាត់ ទេ ។

“ភាពលំអៀង និងមិនត្រឹមត្រូវ ក្នុងប្រព័ន្ធបោះឆ្នោត បញ្ហារចនាសសម្ព័ន្ធ និងការចោទប្រកាន់អំពីភាពមិនប្រក្រតីដ៏រាលដាល អាចធ្វើឲ្យមានការប្រែប្រួលដល់លទ្ធផលនៃការបោះឆ្នោតមួយដ៏ប្រកៀក ប្រ​កិតគ្នានេះ” លោក អាដាំ បាននិយាយ ។ “លុះត្រាតែមានការស៊ើបអង្កេតដោយឯករាជ្យប៉ុណ្ណោះទេ ទើបអាចដោះស្រាយសេចក្តីព្រួយបារម្ភដ៍ត្រឹមត្រូវបាន យើងនឹងមិនបានដឹងជារៀងរហូតថា តើប្រជាពល​រដ្ឋកម្ពុជាបានបោះឆ្នោតឲ្យអ្នកណាដើម្បីដឹកនាំអនាគតរដ្ឋាភិបាល ឲ្យបោះចោលនូវស្រម៉ោលដ៏ធំដែលគ្របដណ្តប់លើភាពស្របច្បាប់នៃរដ្ឋាភិបាលណាមួយដែល គបក នឹងបង្កើតឡើងនោះ ។ ប្រទេសផ្តល់ជំនួយគួរទទូចឲ្យមានការស៊ើបអង្កេតមួយបែបនេះ ឬ បើមិនដូច្នោះទេ ពួកគេនឹងធ្លាក់ជាថ្មីម្តងទៀតក្នុងការសមគំនិតបង្កើតការស្រម៉ើស្រម៉ៃនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា” ។ 

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed