Skip to main content

កម្ពុជា ៖ សវនាការលោកសម រង្សី មេដឹកនាំប្រឆាំងជារឿងគួរឲ្យខ្មាសអៀន

ការកាត់ទោសបង្ហាញពីការបន្តធ្វើទុក្ខលើការរិះគន់ និងការត្រួតត្រាខាងនយោបាយលើប្រព័ន្ធតុលាការ

(ញូវយក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១០) - អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយនៅថ្ងៃនេះថា ការកាត់ទោសរបស់តុលាការកម្ពុជាចំពោះលោកសមរង្សី មេដឹកនាំបក្សប្រឆាំង និងអ្នកស្រុកពីរនាក់ផ្សេងទៀត បង្ហាញឲ្យឃើញពីការធ្វើទុក្ខបុកម្នេញរបស់នាយករដ្ឋមន្រ្តីហ៊ុនសែនទៅលើអ្នករិះគន់ ហើយវាក៏បង្ហាញឲ្យឃើញពីការត្រួតត្រារបស់រដ្ឋាភិបាលទៅលើប្រព័ន្ធតុលាការ។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ តុលាការខែត្រស្វាយរៀង បានកាត់ទោសលោកសម រង្សី និងអ្នកភូមិពីរនាក់ឈ្មោះ មាស ស្រី និងព្រហ្ម ជា ពីបទចោទថាបានញុះញង់ឲ្យស្អប់ពូជ សាសន៍ និងបំផ្លិចបំផ្លាញបង្គោលសីមាព្រំដែន ដែលស្ថិតនៅតាមព្រំដែនកម្ពុជាវៀតណាម។ លោកសមរង្សី ដែលស្ថិតនៅទីក្រុងប៉ារីស ត្រូវបានតុលាការធ្វើសវនាការកំបាំងមុខ និងកាត់ឲ្យជាប់ទោសដាក់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨ លានរៀល។ មាស ស្រី និង ព្រហ្ម ជា ត្រូវបានគេកាត់ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេលមួយឆ្នាំ ពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ តុលាការបានបញ្ជាឲ្យអ្នកទាំងបីបង់ប្រាក់ចំនួន ៥៥ លានរៀល ជាសំណងចំពោះការដកបំផ្លាញបង្គោលព្រំដែនជាប់ប្រទេសវៀតណាម។

លោកប្រាដអាដាំ នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានមានប្រសាសន៍ថា "ការចាត់វិធាន ការបោសសម្អាតឥតឈប់ឈររបស់រដ្ឋាភិបាលលើអ្នករិះគន់ បន្តមានយ៉ាងខ្លាំងក្លានៅក្នុងឆ្នាំ ២០១០ នេះ។ លោកហ៊ុនសែន ហាក់ដូចជាមានបំណងប្តូរក្រឡប់នយោបាយពហុបក្សដែល បានបង្កើតឡើងអស់រយៈពេលពីរទស្សវត្សកន្លងមកនេះ។"

ករណីទាំងនេះត្រូវបានគេលើកឡើងបន្ទាប់ពីលោកសមរង្សី និងអ្នកភូមិ បានដកបង្គោលសីមាព្រំដែនពីផ្ទៃដី ដែលស្ថិតក្នុងស្រុកចន្រ្ទារ ខែត្រស្វាយរៀង។ អ្នកភូមិបានចោទប្រកាន់ថា បង្គោលសីមាព្រំដែននោះ គឺជាការប៉ុនប៉ងទន្រ្ទានចូលក្នុងទឹកដីកម្ពុជាពីសំណាក់ប្រទេសវៀតណាម ដែលនេះជាការតវ៉ាជាយូរមកហើយរបស់លោកសមរង្សី និងគណបក្សរបស់លោក។

អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថា សវនាការនេះមិនស្របទៅតាមបទដ្ឋានអន្តរជាតិស្តីពីសវនាការយុត្តិធម៌ទេ។ មេធាវីរបស់មាស ស្រី និងព្រហ្ម ជា បានមានប្រសាសន៍ថា តុលាការបានច្រានចោលការពិចារណាលើភស្តុតាងការពារក្តី។ តាមរយៈសវានាការលោកសមរង្សីដោយកំបាំងមុខ តុលាការបានបដិសេធមិនឲ្យលោកប្រើប្រាស់សិទិ្ធការពារខ្លួន និង ពិនិត្យមើលភស្តុតាងប្រឆាំងនឹងរូបលោកឡើយ។ សវនាការបានធ្វើឡើងដោយបិទទ្វារមិន ឲ្យអ្នកកាសែត អង្គការសិទិ្ធមនុស្ស និងសាធារណជនចូលទេ។

តុលាការត្រូវបានហ៊ុមព័ទ្ធដោយវត្តមាននគរបាលដ៏សន្ធឹកសន្ធាប់ ដែលអ្នកសង្កេតនិយាយថាដើម្បីបំភិតបំភ័យស្មាក្តី និងប្រើឥទ្ធិពលលើសេចក្តីសម្រេចរបស់តុលាការ - ដែលជាចរិត ទូទៅនៃសវនាការនយោបាយក្នុងប្រទេសកម្ពុជា។

នៅថ្ងៃទី៦ខែមករា ហ៊ុនសែន ដែលបានអនុវត្តកណ្តាប់ដៃដែកដ៏យូរលើប្រព័ន្ធតុលាការ បានសម្តែងឲ្យឃើញលទ្ធផលពីសវនាការយ៉ាងច្បាស់។ លោកបានប្រកាសថា លោកនឹងមិនស្នើសុំការលើកលែងទោសឲ្យសមរង្សីឡើយ ប្រសិនបើតុលាការរកឃើញកំហុស។ ហ៊ុនសែន បាននិយាយនៅក្នុងពិធីសម្ពោធក្នុងខែត្រកណ្តាលថា "នៅពេលនេះ ខ្ញុំសូមប្រកាស ... គ្មាន [ការលើកលែងទោស ] ទេ បន្ទាប់ពីតុលាការកាត់ទោស ឲ្យវាទៅជាយ៉ាងម៉េចក៏ទៅៗ។"

លោកអាដាំបានមានប្រសាសន៍ថា "ម្ចាស់ជំនួយអន្តរជាតិរបស់ប្រទេសកម្ពុជាគួរតែជំរុញ ហ៊ុនសែន ឲ្យបញ្ឈប់ការបង្រ្កាបអ្នកប្រឆាំងខាងនយោបាយ។ សវនាការនយោបាយនេះ គួរតែបានធ្វើឲ្យម្ចាស់ជំនួយទទួលស្គាល់ពីទម្ងន់នៃស្ថានភាពហើយ។

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បាននាំយកករណីដែលមានការជំរុញខាងនយោបាយ ម្តងហើយម្តងទៀត ប្រឆាំងនឹងលោកសមរង្សីក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ។ អភ័យឯកសិទិ្ធរបស់លោកជាសមាជិកសភា ត្រូវបានគេដកហូតនៅក្នុងខែកុម្ភៈ ឆ្នាំ២០០៩ បន្ទាប់ពីហ៊ុនសែនដាក់ពាក្យបណ្តឹងពីបទបរិហាកេរ្តិ៍ប្រឆាំងនឹងរូបលោក ចំពោះអ្វីដែលលោកបានចោទប្រកាន់លោកហ៊ុនសែនពីអំពើពុករលួយ។ អភ័យឯកសិទិ្ធរបស់លោកសមរង្សី ត្រូវបានគេប្រគល់ឲ្យវិញក្រោយពីគណបក្សរបស់លោក បង់ប្រាក់ពិន័យចំនួន២៥០០ដុល្លារ។ នៅថ្ងៃទី១៩ ខែវិច្ឆិកា អភ័យឯកសិទិ្ធរបស់លោក ត្រូវបានគេដកហូតម្តងទៀត ទាក់ទងនឹងករណីបង្គោលព្រំដែន។

លោកសមរង្សី នៅប្រឈមមុខនឹងបណ្តឹងពីបទបរិហាកេរ្តិ៍ក្នុងឆ្នាំ២០០៩ ដែលប្តឹងដោយលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បន្ទាប់ពីលោកសមរង្សីនិយាយដោយគ្មាន ភស្តុតាងថាលោកកែប ជុតិមា ពាក់ព័ន្ធនឹងការទិញសន្លឹកឆ្នោត។

ការប៉ុនប៉ងថ្មីៗបំផុតដើម្បីដាក់គុកលោកសមរង្សីបានចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០០៥ នៅពេល ដែលលោកត្រូវបានគេកាត់ឲ្យជាប់ទោសក្នុងពន្ធនាគាររយៈពេល ១៨ ខែ លើបទចោទប្រកាន់ទាក់ទងនឹងនយោបាយយ៉ាងច្បាស់ក្រឡែត។ លោកសមរង្សីបានចេញក្រៅប្រទេស នៅពេលនោះ។ ដោយមានការគាបសង្កត់ពីអន្តរជាតិ ហ៊ុនសែនយល់ព្រមឲ្យមានព្រះរាជលើកលែងទោសក្នុងខែកុម្ភៈ ឆ្នាំ២០០៦។

ចាប់តាំងពីពេលដែលលោកបង្កើតគណបក្សនយោបាយក្នុងឆ្នាំ១៩៩៥មក លោកសមរង្សី  បានទទួលរងនូវការប៉ុនប៉ងធ្វើឃាត ការគំរាមកំហែង ការបំភិតបំភ័យ ករណីព្រហ្មទណ្ទ និង ករណីរដ្ឋប្បវេណី។ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ ការវាយប្រហារដោយគ្រាប់បែកលើការប្រជុំខាងនយោបាយដែលលោកបានរៀបចំ បានសម្លាប់យ៉ាងហោចណាស់មនុស្ស ១៦ នាក់ និង ១៥០នាក់រងរបួស។ ជីវិតលោកសមរង្សីត្រូវបានសង្រ្គោះ ខណៈពេលដែលគ្រាប់ផ្ទុះ ពេញទំហឹងសំដៅរូបលោក បានស្រោចត្រូវអង្គរក្សមួយរូបនៃអង្គរក្សច្រើនរូបរបស់លោក។ កងអង្គរក្សរបស់ហ៊ុនសែនបានជាប់ជំពាក់ទាក់ទងក្នុងការវាយប្រហារនោះ។

យ៉ាងហោចណាស់អ្នករិះគន់រដ្ឋាភិបាលចំនួន១០នាក់ ត្រូវបានគេនាំទៅកាត់ទោសពីបទ បរិហាកេរ្តិ៍និងការផ្សាយព័ត៌មានមិនពិត ផ្អែកតាមបណ្តឹងរបស់រដ្ឋាភិបាលនិងមន្រ្តីយោធា អំឡុងឆ្នាំ២០០៩។ បណ្តឹងពីបទបរិហាកេរ្តិ៍ ការផ្សាយព័ត៌មានមិនពិត និងញុះញង់ ត្រូវបាន គេធ្វើប្រឆាំងសមាជិកសភាពីររូបពីគណបក្សសមរង្សី គឺលោកជំទាវមូសុខហួរ និងលោក ហូវណ្ណ និងសកម្មជនយុវជនមួយរូបគឺលោក សួង សុភ័ន្ត។

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country