Skip to main content

ប្រទេសចិនត្រូវទទួលខុសត្រូវចំពោះជនភៀសខ្លួនអ៊ូហ្គ័រ ដែលត្រូវបានចាប់បញ្ជូនដោយបង្ខំទៅកាន់ប្រទេសចិន

ជនភៀសខ្លួនបានពិពណ៌នាអំពីទារុណ្ឌកម្មពីអតីតមុនពេលវិលត្រឡប់ទៅវិញ

(ញូយក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០) - អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយនៅថ្ងៃនេះថា រដ្ឋាភិបាលចិនគួរតែបញ្ចេញព័ត៌មានអំពីទីកន្លែង សុខភាព និងសុវត្ថិភាពរបស់ជាតិពន្ធអ៊ូហ្គ័រ ដែលត្រូវបានគេធ្វើមាតុភូមិនិវត្តពីប្រទេសកម្ពុជា ប្រឆាំងនិងឆន្ទះរបស់ពួកគេ និងគួរអនុញ្ញាតឲ្យអង្គការសហប្រជាជាតិ មេធាវី និងសមាជិកគ្រួសារជួបជាមួយពួកគេ។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៩ រដ្ឋាភិបាលកម្ពុជា ក្រោមការគាបសង្កត់ពីប្រទេសចិន បានធ្វើមាតុភូមិនិវត្តដោយបង្ខំនូវជនជាតិអ៊ូហ្គ័រ រួមទាំងកុមារពីរនាក់ ដោយរំលោភលើអនុសញ្ញា ជនភៀសខ្លួន និងអនុសញ្ញាប្រឆាំងទារុណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលប្រទេសកម្ពុជាជាភាគីនៃអនុសញ្ញាទាំងនេះ។

លោកសូហ្វី រីឆាតសាន់ ពីអង្គការឃ្លាំមើលសិទិ្ធមនុស្ស បានមានប្រសាសន៍ថា "អ្នកស្វែងរកសិទិ្ធជ្រកកោនជនជាតិអ៊ូហ្គ័រ ដែលប្រទេសកម្ពុជាបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញនោះបានបាត់ខ្លួនដោយមិនមានដានអ្វីសោះឡើយ។ មិនមានព័ត៌មានអំពីទីកន្លែងរស់នៅរបស់ពួកគេទេ មិនមានការជូនដំណឹងអំពីការចោទប្រកាន់តាមផ្លូវច្បាប់ប្រឆាំងនឹងពួកគេទេ ហើយក៏មិនមានការធានាថាពួកគេរួចផុតពីការធ្វើទារុណ្ឌកម្ម និងការធ្វើបាបឡើយ។"

កំណត់ហេតុនៃការធ្វើទារុណ្ឌកម្មរបស់ប្រទេសចិន ការបាត់ខ្លួន និងការឃុំឃាំងតាមអំពើចិត្ត នៃជនជាតិអ៊ូហ្គ័រ និងចរិតដាក់នីតិវិធីតុលាការក្រោមនយោបាយក្នុងករណីមាតុភូមិនិវត្តពី អតីតកាល បង្ករជាកង្វល់ធ្ងន់ធ្ងរនៅត្រង់ថា បច្ចុប្បន្នបុគ្គលទាំងនេះប្រឈមនឹងទារុណ្ឌកម្ម និងការធ្វើបាប។

នៅពាក់កណ្តាលខែមករា អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានទទួលរបាយការណ៍ក្រៅផ្លូវការមួយដែលថា ជនជាតិអ៊ូហ្គ័រខ្លះដែលត្រូវបានគេដឹកបញ្ជូនដោយបង្ខំពីប្រទេសកម្ពុជាពីខែមុនត្រូវបានវិនិច្ឆ័យទោសរួចហើយដោយតុលាការមួយក្នុងតំបន់ស្វ័យគ្រប់គ្រងជិនជាំងអ៊ូហ្គ័ររបស់ប្រទេសចិន ដែលចុងចោទខ្លះត្រូវបានគេកាត់ទោសប្រហារជីវិត។ ទោះជាការវិនិច្ឆ័យទោសយ៉ាងឆាប់រហ័សបែបនេះ ហាក់ដូចជាមិនធម្មតាក៏ដោយ ការខកខានរបស់រដ្ឋាភិបាលចិនក្នុងការផ្តល់ព័ត៌មានណាមួយអំពីផលកម្មរបស់ក្រុមនេះ ធ្វើឲ្យវាមិនអាចដឹងបានថាតើរបាយការណ៌នេះពិតត្រឹមត្រូវឬក៏មិនមិនត្រឹមត្រូវ។

លោករីឆាតសាន់បានមានប្រសាសន៍ថា "រដ្ឋាភិបាលចិនគួរតែចេញសេចក្តីថ្លែងការណ៍ជាសាធារណៈមួយប្រាប់ពីទីកន្លែងសំចតនិងស្ថានភាពរបស់ជនជាតិអ៊ូហ្គ័រ ដែលត្រូវបានគេធ្វើមាតុភូមិនិវត្តពីប្រទេសកម្ពុជា និងអនុញ្ញាតឲ្យអង្គការសហប្រជាជាតិនិងសមាជិកគ្រួសារជួបជាមួយពួកគេ។ សមាជិកគ្រួសារមានសិទិ្ធដឹងអំពីអ្វីដែលបានកើតឡើង ចំពោះសមាជិកជាទីស្រឡាញ់របស់ពួកគេ។"

អាជ្ញាធរចិនមានប្រវត្តិប្រហារជីវិត ឬកាត់ទោសជនជាតិអ៊ូហ្គ័រយ៉ាងសហាវព្រៃផ្សៃ បន្ទាប់ពីត្រូវបានគេធ្វើមាតុភូមិនិវត្តដោយបង្ខំពីបណ្តាប្រទេសជិតខាង មានជាអាទិ៍ ៖

* ក្នុងខែកុម្ភៈ ឆ្នាំ២០០៧ អ៊ីស្មេលស៊ីមេត ដែលជនជាតិអ៊ូហ្គ័រមួយរូបដែលត្រូវបានគេធ្វើមាតុភូមិនិវត្តដោយបង្ខំពីប្រទេសប៉ាគីស្ថានទៅប្រទេសចិន ត្រូវបានគេកាត់ទោសប្រហារជីវិតក្រោមការចោទប្រកាន់ពីបទបំបែករដ្ឋនិងភេរវកម្ម។

* ក្នុងខែតុលា ឆ្នាំ២០០៣ សាហៀរ អាលី ត្រូវបានគេប្រហារជីវិតផងដែរក្រោមការចោទប្រកាន់ពីបទភេរវកម្ម បន្ទាប់ពីអាជ្ញាធរប្រទេសណេប៉ាល់បានចាប់បញ្ជូនគាត់មកវិញក្នុងខែ មករា ឆ្នាំ២០០២។ គាត់បានបន្សល់នូវសក្ខីភាពពិស្តារ៍នៃការទទួលរងទារុណ្ឌកម្មរបស់គាត់ ក្នុងប្រទេសចិន អំឡុងពេលដែលគាត់ជាប់ឃុំឃាំងក្នុងឆ្នាំ២០០១។

* មានការចោទប្រកាន់ពីអំពើទារុណ្ឌកម្មដែលអាចជឿបានផងដែរ ក្នុងករណីរបស់ហ៊ូសេន សេលីល ជាជនភៀសខ្លួនជាតិអ៊ូហ្គ័រមួយរូបដែលមានសញ្ជាតិកាណាដា និងដែលត្រូវបានគេចាប់បញ្ជូនតាមការស្នើសុំរបស់អាជ្ញាធរអ៊ូបេកក្នុងខែមិថុនា ឆ្នាំ២០០៦។ រដ្ឋាភិបាលចិនបានច្រានចោលការទទួលស្គាល់សញ្ជាតិកាណាដារបស់សេសីល ឬអនុញ្ញាតឲ្យអ្នកការទូត ចូលសួរសុខទុក្ខរូបគាត់ ឬចូលស្តាប់សវនាការរបស់គាត់។ គាត់ត្រូវបានគេវិនិច្ឆ័យទោសក្នុងខែមេសា ឆ្នាំ២០០៧ ឲ្យជាប់គុកអស់មួយជីវិតលើការចោទប្រកាន់ពីបទភេរវកម្ម បន្ទាប់ពីគាត់ដែលយោងតាមក្រុមគ្រួសាររបស់គាត់មកថា ត្រូវបានគេបង្ខំឲ្យចុះហត្ថលេខាលើចម្លើយសារភាពមួយ។

ក្នុងខែធ្នូ២០០៩ អាជ្ញាធរចិនបានលាបមុខឲ្យក្រុមស្វែងរកសិទិ្ធជ្រកកោនជាតិអ៊ូហ្គ័រក្នុងប្រទេសកម្ពុជាថាជា "ឧក្រិដ្ឋជន" និងចង្អុលបង្ហាញថាពួកគេច្រើននាក់ស្ថិតក្រោមការតាមប្រមាញ់ ពីព្រោះតែការចូលរួមក្នុងការបង្ករចលាចលជាតិពន្ធក្នុងតំបន់អ៊ូរាំគីក្នុងខែកក្កដា ឆ្នាំ២០០៩ និងក្នុងការចូលរួមក្នុងឧប្បត្តិហេតុដទៃទៀត។ មិនមានការផ្តល់ភស្តុតាងគាំទ្រដល់ការចោទប្រកាន់ទាំងនេះទេ។

ក្នុងអំឡុងពេលដាក់ពាក្យសុំឋានៈជាជនភៀសខ្លួនក្នុងប្រទេសកម្ពុជា មួយចំនួននៃអ្នកទាំងនេះបានផ្តល់ព័ត៌មានពិស្តារ៍ពីការធ្វើទារុណកម្ម និងការធ្វើទុក្ខមុកម្នេញពីអតីតកាល ដែលប្រព្រឹត្តដោយកងកម្លាំងសន្តិសុខរបស់ប្រទេសចិន រួមទាំងការគំរាមកំហែងនិងអំពើសងសឹកប្រឆាំងនឹងគ្រួសាររបស់ពួកគេ ប្រសិនបើគ្រួសារពួកគេមិនបានប្រគល់ពួកគេមកវិញទេនោះ។

បុរសម្នាក់បានពិពណ៌នាពីការឃុំឃាំងនិងវាយដុំក្នុងមន្ទីរឃុំឃាំងរបស់នគរបាល បន្ទាប់ពីបាតុកម្មសន្តិវិធីក្នុងតំបន់ជីងជាំង។ សមាជិកដទៃទៀតរបស់ក្រុមបានផ្តល់រឿងរ៉ាវយ៉ាងពិស្តារ៍អំពីការធ្វើទារុណ្ឌកម្មនិងការធ្វើបាបលើរូបគាត់ក្នុងកន្លែងឃុំឃាំងដោយបង្ខំក្នុងតំបន់អ៊ូរាំគីក្នុងឆ្នាំ២០០៧ ដែលរួមមានការទះ ការទាត់ក្បាលនិងពោះ ការវាយក្បាលជាមួយនិងដំបងឈើដោយឆ្មាំគុក ដែលអនុញ្ញាតឲ្យអ្នកជាប់គុកជាមួយគ្នាវាយគាត់រហូតដល់សន្លប់។

បុរសទីបីម្នាក់ដែលបានប្រាប់ពីការចាប់ខ្លួនគាត់ក្នុងឆ្នាំ២០០៨ ព្រោះតែការបង្រៀនប្រជាជនអំពីការប្រតិបត្តិសាសនាឥស្លាម។ នគរបាលបានវាយដុំគាត់ជាមួយប៉ែលនិងចងព្យួរគាត់ទៅនឹងរបារបង្អួចជាមួយនិងដៃជាប់ខ្នោះអស់ពេលជាច្រើនម៉ោង។

បុរសទីបួនបានពិពណ៌នាពីការចាប់ខ្លួនដោយនគរបាលនិងទះគាត់ខណៈពេលដែលគាត់ជាក្មេងជំទង់កំពុងបួងសួងនៅក្នុងផ្ទះរបស់គាត់ និងការធ្វើទុក្ខបុកម្នេញដល់គ្រួសាររបស់គាត់ រួមទាំងការរឹបអូសដីចំការរបស់ពួកគេ បន្ទាប់ពីមិនព្រមធ្វើតាមកម្មវិធីមួយ ដែលរៀបចំដើម្បី បញ្ជូនយុវជនដែលមិនទាន់រៀបការឲ្យទៅធ្វើការនៅក្នុងរោងចក្រក្នុងភាគបូព៌ាប្រទេសចិន។

សមាជិកមួយចំនួនរបស់ក្រុម បានសម្តែងភាពភ័យខ្លាចយ៉ាងខ្លាំងអំពីសន្តិសុខរបស់ពួកគេ ប្រសិនបើពួកគេត្រូវបានគេបញ្ជូនឲ្យវិលត្រឡប់ទៅប្រទេសចិនវិញ ពីព្រោះពួកគេបានឃើញនូវអំពើហិង្សាក្នុងតំបន់អ៊ូរាំគីនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០០៩។

អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថា ការតវ៉ារថ្ងៃទី៥-៧ ខែកក្កដា ឆ្នាំ២០០៩ ក្នុងរដ្ឋធានីអ៊ូរាំគីរបស់ខែត្រជីងជាំង គឺជាហេតុការណ៍ដ៏អាក្រក់បំផុតមួយចំណាមហេតុការណ៍ដ៏អាក្រក់បំផុតជាច្រើននៃអំពើហិង្សាលើជនជាតិពន្ធក្នុងប្រទេសចិន ប៉ុន្មានទសវត្សកន្លងមកនេះ។ ភាពចលាចលហាក់ដូចជាត្រូវបានគេធ្វើឲ្យបែកផ្កាភ្លើងដោយការវាយប្រហារលើជនជាតិអ៊ូហ្គ័រក្នុងផ្នែកបូព៌ានៃប្រទេស ដែលបង្ករជាសម្រែកប្រមូលផ្តុំកំហឹងជនជាតិអ៊ូហ្គ័រលើគោលនយោបាយរើសអើងដ៏យូរអង្វែងក្នុងតំបន់ជីងជាំង។ បាតុកម្មសន្តិវិធីពីខាងដើមរបស់ជនជាតិអ៊ូហ្គ័រ បានប្រែក្លាយភ្លាមៗទៅជាការវាយប្រហារដោយហឹង្សាប្រឆាំងនឹងជនជាតិហាន ដែលធ្វើមានអ្នកស្លាប់និងរបួសមួយចំនួន។

ជំនួសឲ្យការចាប់ផ្តើមស៊ើបអង្កេតដោយមិនលំអៀង ចំពោះឧប្បត្តិហេតុខែកក្កដា២០០៩ ស្របតាមបទដ្ឋានអន្តរជាតិនិងជាតិ ភ្នាក់ងារប្រតិបត្តិច្បាប់របស់ចិន បានអនុវត្តយុទ្ធនាការចាប់ខ្លួនទ្រង់ទ្រាយធំក្នុងតំបន់អ៊ូរាំគីរបស់ជនជាតិអ៊ូហ្គ័រ។ តួលេខជាផ្លូវការបង្ហាញថាចំនួនប្រជាពលរដ្ឋដែលចាប់ឃុំឃាំងដោយកងកម្លាំងសន្តិសុខទាក់ទងនិងការតវ៉ា បានកើនឡើងដល់ទៅជាងមួយពាន់នាក់។ មនុស្សដប់បួននាក់ មានជាអាទិ៍ជនជាតិហាននិងជនជាតិអ៊ូហ្គ័រ តាំងពីដើមមកត្រូវបានគេកាត់ទោសប្រហារជីវិត។ សវនាការទាក់ទងនឹងហិង្សាខែកក្កដា ដូចគ្នានិងសវនាការជាច្រើនក្នុងប្រទេសចិនដែរ មិនស្របតាមបទដ្ឋានអប្បរមាស្តីពីការគ្រប់គ្រងយុត្តិធម៌ រួមជាមួយនិងការដាក់កំហិតលើតំណាងខាងផ្លូវច្បាប់ សាលក្រមសម្រេចជាមុន និងការខកខានប្រកាសជាសាធារណៈ ឬធ្វើសវានាការជាសាធារណៈ ដូចបានកំណត់ដោយច្បាប់។

អង្គការឃ្លាំមើលសិទិ្ធមនុស្សបានសម្តែងកង្វល់ផងដែរចំពោះរបាយការណ៍ដែលថា ក្រុមអ៊ូហ្គ័រដែលមានគ្នា ១៧ នាក់ ត្រូវបានចាប់បញ្ជូនទៅប្រទេសចិនវិញពីខែត្រសាន្តភាគខាងជើងនៃប្រទេសភូមានៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១០។

លោករីឆាតសាន់ បានមានប្រសាសន៍ថា "រដ្ឋាភិបាលចិនត្រូវតែប្រព្រឹត្តចំពោះអ្នកដែលគេចាប់បញ្ជូនទៅវិញទាំងអស់ប្រកបដោយមនុស្សធម៌ ត្រូវធានាឲ្យមានសវនាការយុត្តិធម៌ និងមិនត្រូវធ្វើទុក្ខបុកម្នេញបុគ្គលទាំងឡាយចំពោះសកម្មភាពនិងសន្ទរកថា ដែលត្រូវបានការពារក្រោមច្បាប់អន្តរជាតិ។ យើងជំរុញឲ្យរដ្ឋាភិបាលដទៃទៀតបញ្ឈប់ការចាប់បញ្ជូនជនជាតិអ៊ូហ្គ័រទាំងអស់ទៅកាន់ប្រទេសចិន រហូតទាល់តែប្រទេសចិនអនុវត្តតាមបទដ្ឋានទាំងនេះ។"

Make Your Gift Go Even Further

Make your year-end gift today and it will be multiplied to power Human Rights Watch’s investigations and advocacy as we head into 2026. Our exclusive match is only available until December 31.

Region / Country

Most Viewed