នៅក្នុង ទិវាអន្តរជាតិបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន យើងខ្ញុំជាអង្គការសង្គមស៊ីវិល និងសហគមន៍ ដែលមានរាយនាមខាងក្រោម សូមសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះនិទណ្ឌភាពដែលបន្តរីករាលដាលដែលធ្វើឱ្យអ្នកប្រព្រឹត្តបទល្មើសទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ពុំសូវត្រូវបានយកមកផ្តន្ទាទោស និងសូមទទូចឱ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់ដើម្បីធានាឲ្យមានការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យភាព និងតម្លាភាពទៅលើគ្រប់ករណីបទល្មើសទាំងអស់។
ចាប់តាំងពីឆ្នាំ១៩៩៤ មក យ៉ាងតិចណាស់មានអ្នកសារព័ត៌មានចំនួន ១៣នាក់ ត្រូវបានសម្លាប់នៅកម្ពុជាដែលមានដូចជា ធូ ចា មង្គល, នួន ច័ន្ទ, ច័ន្ទ ដារា, ធន់ ប៊ុនលី, ចិត្រ ដួង ដារ៉ាវុទ្ធ, ពេជ្រ ឯម, ដុក សុខាន់, អ៊ូ សារឿន ជួ ជេដ្ឋារិទ្ធ, ឃឹម សំបូរ, ហង្ស សេរីឧត្តម, សួន ចាន់ និង តាំង ទ្រី។ ករណីទាំងអស់នេះ ជនរងគ្រោះត្រូវបានសម្លាប់ដោយសារតែការងាររបស់ពួកគេ។ លើសពីនេះទៅទៀត ការស្លាប់របស់ជនរងគ្រោះចំនួន ១២នាក់គឺកើតឡើងក្នុងខណៈពួកគេធ្វើសកម្មភាពរាយការណ៍ព័ត៌មាន ដែលបង្កជាហានិភ័យដោយផ្ទាល់ដល់បុគ្គលមានអំណាចនៅកម្ពុជា។ ក្នុងចំណោមនោះ មានអ្នកសារព័ត៌មាន ៥នាក់ដែលធ្វើការឱ្យកាសែតដែលរិះគន់បក្សកាន់អំណាច ចំណែកឯ ៧នាក់ ផ្សេងទៀតធ្វើការស៊ើបអង្កេត និងរាយការណ៍អំពើពុករលួយពាក់ព័ន្ធនឹងបុគ្គលជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនិងស្ថាប័នយោធា។
ក្នុងចំណោមករណីទាំង១៣ មាន ១១ករណី ដែលពុំមានជនណាម្នាក់ត្រូវបានកាត់ទោសពីបទឃាតកម្មលើអ្នកសារព័ត៌មានទាំងអស់នោះទេ[1] ហើយករណីចំនួន៧ ក្នុងចំណោម១៣ ករណី ដែលគ្មានជនសង្ស័យណាមួយត្រូវចាប់ខ្លួននិងហៅមកសួរចម្លើយ។[2] ឧទាហរណ៍ ធូ ចា មង្គល និពន្ធនាយកនៃកាសែតអន្តរាគមន៍ដែលត្រូវបានឃើញដួលស្លាប់ដោយបែកលលាដ៏ក្បាល នៅលើដងផ្លូវនៅខែមិថុនា ឆ្នាំ១៩៩៤ បន្ទាប់ពីបានចេញផ្សាយអត្ថបទមួយចំនួនចោទប្រកាន់រដ្ឋាភិបាលនិងមន្រ្តីយោធាពីអំពើពុករលួយ ប៉ុន្តែអ្នកសម្លាប់លោកមិនត្រូវបានកំណត់អត្តសញ្ញាណនោះទេ។ ផ្ទុយមកវិញ លោកត្រូវបានគេលើកថាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ស្រដៀងគ្នានោះ ថ្វីបើលោក ដុក សុខាន់ ត្រូវបានទាហានពីរនាក់បាញ់សម្លាប់នៅខែកក្កដា ឆ្នាំ១៩៩៧ បន្ទាប់ពីបានផ្ដិតយករូបភាពក្រុមទាហានទាំងនោះដែលកំពុងតែលួចយករបស់របរនៅក្នុងផ្សារមួយ ក៏ពុំមាននរណាម្នាក់ត្រូវបានចាប់ខ្លួនឬចោទប្រកាន់នោះទេ។ ឧទាហរណ៍ករណីមួយទៀតគឺករណីរបស់លោក ឃឹម សំបូរ អ្នកសារព័ត៌មាននៃកាសែតមនសិការខ្មែរ ជាកាសែតចេញផ្សាយប្រចាំថ្ងៃគាំទ្រគណបក្សជំទាស់ដែលត្រូវបានបុរសពីរនាក់ជិះម៉ូតូបាញ់សម្លាប់នៅខែកក្កដា ឆ្នាំ២០០៨។ អស់រយៈពេល ១០ឆ្នាំក្រោយមក ការអំពាវនាវឲ្យបង្កើតគណៈកម្មាធិការឯករាជ្យ ដើម្បីស៊ើបអង្កេតលើករណីឃាតកម្មរបស់លោកត្រូវបានព្រងើយកន្តើយ ហើយអ្នកដែលពាក់ព័ន្ធនឹងឃាតកម្មនេះក៏ពុំត្រូវបានយកមកផ្តន្ទាទោសនោះទេ។
ក្នុងករណីចំនួនពីរ ដែលមានការបើកសវនាការ ប៉ុន្តែក៏នៅមានក្ដីព្រួយបារម្ភជាច្រើនផងដែរ។ លោក សួន ចាន់ ដែលបានរាយការណ៍ពីបទល្មើសនេសាទខុសច្បាប់ ត្រូវបានអ្នកនេសាទមួយក្រុមវាយសម្លាប់ ក្នុងខែមករា ឆ្នាំ២០១៤។ ក្នុងករណីនេះ មានជនល្មើសតែម្នាក់ប៉ុណ្ណោះត្រូវបានចាប់ខ្លួន និងកាត់ទោស រីឯជនសង្ស័យប្រាំនាក់ផ្សេងទៀត ត្រូវបានកាត់ទោសកំបាំងមុខ និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ១៣ ឆ្នាំ។ ប៉ុន្តែ ពួកគេមិនដែលត្រូវចាប់ខ្លួនឡើយ។ រីឯករណីមួយទៀតគឺករណីលោក តាំង ទ្រី ដែលត្រូវបានគេរកឃើញថាស្លាប់ដោយមានគ្រាប់កាំភ្លើងនៅចំថ្ងាសកាលពីខែតុលា ឆ្នាំ២០១៤ ពេលនោះ ជនល្មើសពីរនាក់ក្នុងចំណោមបីនាក់ ដែលបានសារភាពថាបានប្រព្រឹត្តអំពើឃាតកម្មនេះត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីជនទីបីសារភាពថាខ្លួនជាអ្នកប្រព្រឹត្តទង្វើនេះតែម្នាក់ឯង។
ឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននាំមកជាមួយនូវការគំរាមកំហែងពិតប្រាកដ។ អ្នកសារព័ត៌មានអនុវត្តនូវភារកិច្ចដ៏សំខាន់នៅក្នុងសង្គមដែលពួកគេធ្វើការ ពួកគេគឺជាភ្នែក ត្រចៀក និងជាសំឡេងរបស់ពលរដ្ឋ។ អ្នកសារព័ត៌មានទទួលខុសត្រូវក្នុងការរាយការណ៍ហេតុការណ៍ដែលបានកើតឡើង សរសេរបទវិភាគ និងអត្ថបទអត្ថាធិប្បាយ ដើម្បីគាំទ្រឱ្យមានការបញ្ចេញមតិ និងជជែកពិភាក្សាយ៉ាងរស់រវើក។ អ្នកសារព័ត៌មានឯករាជ្យ ដើរតួយ៉ាងសំខាន់ក្នុងការទាមទារឲ្យអ្នកមានអំណាចមានទំនួលខុសត្រូវ និងរួមចំណែកយ៉ាងសំខាន់ទៅក្នុងសង្គមដែលមានយុត្តិធម៌។ នៅពេលដែលអ្នកសារព័ត៌មានគឺជាមុខសញ្ញានៃអំពើហិង្សា ដោយសារតែអ្វីដែលគេបានសរសេរ ឬបានរាយការណ៍ នោះសេរីភាពបញ្ចេញមតិត្រូវបានរារាំង ហើយជំនួសដោយការរឹតត្បិតសេរីភាពខ្លួនឯងនិងការភ័យខ្លាច សាធារណជននឹងពុំមានព័ត៌មាន ហើយអ្នកមានអំណាចនឹងមិនត្រូវបានដាក់ឱ្យទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននោះទេ។ នៅពេលរដ្ឋខកខានក្នុងការស៊ើបអង្កេត និងដាក់ទណ្ឌកម្មចំពោះអំពើហិង្សាលើអ្នកសារព័ត៌មាន នេះជាសារបង្ហាញថាឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មានគឺត្រូវបានអនុញ្ញាតិ។
ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយ ខណៈដែលពុំមានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានសម្លាប់ ពួកគេនៅតែជាមុខសញ្ញានៃការយាយីផ្នែកច្បាប់ រួមទាំងការចោទប្រកាន់លើបទល្មើសមួយចំនួន ខណៈដែលភ្នាក់ងារសារព័ត៌មានសំខាន់ៗមួយចំនួនត្រូវបានបង្ខំចិត្តបិទទ្វារ។
និទណ្ឌភាពនៅកម្ពុជាមិនមែនមានតែត្រឹមតែការវាយប្រហារទៅលើអ្នកសារព័ត៌មាននោះទេ។ ការខ្វះខាតនូវការស៊ើបអង្កេតហ្មត់ចត់ តម្លាភាព ឯករាជ្យ និងមិនលម្អៀងទៅក្នុងការស្លាប់របស់សកម្មជនបរិស្ថានលោក ឈុត វុទ្ធី សកម្មជនសហជីពលោក ជា វិជ្ជា និងលោក រស់ សុវណ្ណារ៉េត និងអ្នកវិភាគនយោបាយលោក កែម ឡី បង្ហាញពីការដក់ជាប់នូវវប្បធម៌និទណ្ឌភាពដែលកំពុងតែកើតមាននៅកម្ពុជា។ ករណីដែលបានរៀបរាប់ខាងលើ គ្រាន់តែជាឧទាហរណ៍មួយចំនួននៃការរំលោភបំពានជាច្រើនផ្សេងទៀតដែលបានប្រព្រឹត្តទៅលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស អ្នកនយោបាយជំទាស់ សហជីព សកម្មជន និងបុគ្គលជាច្រើនទៀត ដែលមិនបានដោះស្រាយដោយស្ថាប័នមានកាតព្វកិច្ចការពារសិទ្ធិរបស់ពលរដ្ឋនៅកម្ពុជា។
យើងខ្ញុំសូមថ្កោលទោសចំពោះនិទណ្ឌភាពដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ និងសង្គមកម្ពុជា និងទាមទារយុត្តិធម៌ដល់ពលរដ្ឋដែលសិទ្ធិរបស់ពួកគេមិនត្រូវបានអើពើ។ យើងសូមអំពាវនាវដល់អាជ្ញាធរឱ្យផ្តន្ទាទោសជនល្មើសនៃឧក្រិដ្ឋកម្មប្រព្រឹត្តមកលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ដោយការស៊ើបអង្កេត និងកាត់ទោសដោយមានអត្ថន័យ ឯករាជ្យ និងតម្លាភាពស្របទៅនឹងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ រួមទាំង កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ផែនការសកម្មភាពនៃអង្គការសហប្រជាជាតិ ស្ដីពីសុវត្ថិភាពរបស់អ្នកសារព័ត៌មាន និងបញ្ហានៃនិទណ្ឌភាព និងគោលការណ៍សម្រាប់ការការពារ និងលើកកម្ពស់សិទ្ធិមនុស្សតាមរយៈសកម្មភាពប្រយុទ្ធប្រឆាំងនិទណ្ឌភាពដែលត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយ របស់ក្រុមប្រឹក្សាសិទ្ធិសង្គម និងសេដ្ឋកិច្ច របស់អង្គការសហប្រជាជាតិ និងដើម្បីស្ដារឡើងវិញនូវសុចរិតភាពនៃប្រព័ន្ធយុត្តិធម៌កម្ពុជា។
សេចក្ដីថ្លែងការណ៍រួមនេះចូលរួមដោយ៖
- អង្គការលើកលែងទោសអន្តរជាតិ (AI)
- អង្គការមាត្រា ១៩
- សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR)
- បណ្ដាញលទ្ធិប្រជាធិបតេយ្យអាស៊ី (ADN)
- វេទិកាអាស៊ីដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ (Forum Asia)
- សហគមន៍បឹងឈូក
- សហគមន៍បឹងកក់
- សហគមន៍បឹងត្របែក
- អនាគតយុវជនកម្ពុជាអាស៊ាន
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
- មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
- សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា
- សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស
- សហគមន៍ជ្រោយចង្វា
- សម្ព័ន្ធពិភពលោកដើម្បីការចូលរួមរបស់ប្រជាពលរដ្ឋ (CIVICUS)
- អ្នកការពារសិទ្ធិពលរដ្ឋ
- សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម
- សម្ព័ន្ធសហគមន៍កសិករកម្ពុជា
- គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា
- អង្គការសមធម៌កម្ពុជា
- អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា
- អង្គការឃ្លាំមើលសិទ្ធិមនុស្ស
- សមាគមឥន្ទ្រទេវី
- សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) ក្នុងក្របខ័ណ្ឌអង្កេតដើម្បីកិច្ចការពារដល់អ្នកការពារសិទ្ធិមនុស្ស
- IFEX
- សហគមន៍ជនជាតិដើមភាគតិចគួយ ភូមិប្រមេរ ខេត្តព្រះវិហារ
- សហគមន៍ដីធ្លី ភូមិមួយ ខេត្តព្រះសីហនុ
- សហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង
- អង្គការការពារសិទ្ធិជនជាតិភាគតិច
- សហគមន៍លេខ ៩២
- សហគមន៍ភ្នំបាត
- អង្គការពន្លកខ្មែរ
- សហគមន៍ផ្លូវរថភ្លើង ទួលសង្កែ A
- សមាគមធាងធ្នោត
- សីលការ
- សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិ
- សម្ពន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ (SEAPA)
- អង្គការស្តារកម្ពុជា
- សហគមន៍ស្រ្តីឃ្លាំងសាំង
- ក្រុមការងារដើម្បីដោះស្រាយទំនាស់
- អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT) ក្នុងក្របខ័ណ្ឌអង្កេតដើម្បីកិច្ចការពារដល់អ្នកការពារសិទ្ធិមនុស្ស