មន្ត្រីនគរបាល​ម្នាក់​ឈរ​យាម​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុងអំឡុងពេល​ជំនុំជម្រះ​ក្តី ជួប​សម្លាប់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់​លោក កែម ឡី អ្នក​អត្ថាធិប្បាយ​នយោបាយ​និង​អ្នក​រិះគន់​ដ៏​លេចធ្លោ​លើ​រដ្ឋាភិបាល,  នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។

© 2017 Reuters

រាជធានីភ្នំពេញ ៖ គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃនេះថា ប្រទេសកម្ពុជាគួរបន្តការស៊ើបអង្កេតករណីឃាតកម្មលោកបណ្ឌិត កែម ឡី អ្នកអត្ថាធិប្បាយនយោបាយដ៏ល្បីល្បាញបន្ថែមទៀត ដើម្បីដោះស្រាយទិដ្ឋភាពសំខាន់ៗនៃករណីឃាតកម្ម ដែលទំនងជាគ្មានការស៊ើបអង្កេតឲ្យបានគ្រប់គ្រាន់។

នៅ​ថ្ងៃទី២៣ ខែ​មិនា ឆ្នាំ២០១៧ តុលាការក្រុង​ភ្នំពេញ​បាន​រកឃើញថា ឈ្មោះ អឿ​ត អាង មានទោស​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន ប្រព្រឹត្ត​លើ​លោក កែម ឡី កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ និង​បាន​ផ្តន្ទាទោស​ឲ្យ​ជនល្មើស​ជាប់ពន្ធនាគារ​អស់​មួយជីវិត។ នៅមុន​សវនាការ​រយៈ​ពេល​កន្លះ​ថ្ងៃ​កាលពី​ថ្ងៃទី១ ខែ​មិនា ឆ្នាំ២០១៧ អាជ្ញាធរ​សឹងតែ​មិនបាន​បញ្ចេញ​ព័ត៌មាន​អ្វី​ទាល់តែសោះ​អំពី​ការស៊ើបអង្កេត​កន្លងមក។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​អន្តរជាតិ​របស់​គណៈកម្មកា​រ​អ្នកច្បាប់​អន្តរជាតិ លោក ឃី​ង​ស្លី អា​បុ​ត (Kingsley Abbott) ដែល​បាន​ឃ្លាំមើល​ដំណើរការ​កាត់ក្តី​នេះ បាន​ថ្លែងថា៖ “ដំណើរការ​កាត់ក្តី​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា ដំណើរការ​ស៊ើបអង្កេត​ហាក់បីដូច​ជាមាន​កង្វះខាត​លើ​ទិដ្ឋភាព​សំខាន់ៗ​ជាច្រើន​ចំណុច។ ជនរងគ្រោះ​ពីបទ​ឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​នេះ រួមមាន​ភរិយា និងកូនៗរបស់លោក កែម ឡី នឹងមិន​ទទួលបាន​យុត្តិធម៌​ពិតប្រាកដ​នោះទេ លុះត្រាតែ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ មិន​លម្អៀង និង​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​កំណត់ថា តើ​មាន​ជន​ដទៃទៀត​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះដែរ​ឬទេ?”

សូម្បីតែ​អត្តសញ្ញាណ​របស់​ចុងចោទ​ក៏​ជា​បញ្ហា​ចោទ​មួយ​ផងដែរ។ នៅក្នុង​សវនាការ អឿ​ត អាង បាន​អះអាងថា ខ្លួន​មាន​អាយុ ៣៩ឆ្នាំ មិនមាន​ប្រពន្ធ និង​មានឈ្មោះ “ជួប​សម្លាប់” ដែល​បក​ប្រែជា​ភាសា​អង់គ្លេស​ថា “Meet to Kill” មកពី​ខេត្តបន្ទាយមានជ័យ។ ទោះជា​យ៉ាងណាក៏ដោយ ព្រះរាជអាជ្ញា​បានលើកឡើង​ថា ដោយ​ផ្អែកលើ​ស្នាម​ម្រាមដៃ​នៅលើ​អត្តសញ្ញាណប័ណ្ណ​របស់ អឿ​ត អាង លោក​ពិតជា​យល់ឃើញថា ចុងចោទ​គឺ​ពិតជា​មានឈ្មោះ អឿ​ត អាង ស្ថានភាព​គ្រួសារ “មាន​ប្រពន្ធ” កើត​នៅ​ឆ្នាំ១៩៧២ មកពី​ខេត្តសៀមរាប។

លោកស្រី ចម្ប៉ា ប៉ា​តេ​ល (Champa Patel) នាយក​អង្គការ​លើកលែងទោស​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ថ្លែងថា៖ “សវនាការ​អាច​កំណត់​បាន​ថា អឿ​ត អាង ជា​អ្នក​ទាញ​កៃកាំភ្លើង ប៉ុន្តែ​ការស៊ើបអង្កេត​ហាក់ដូចជា​មិនបាន​ពិចារណា​ថា​តើ​មាន​ជន​ផ្សេងទៀត​ជា​អ្នក​ដាក់​គ្រាប់​បញ្ចូល​ទៅក្នុង​កាំភ្លើង​នោះដែរ​ឬ​យ៉ាងណា​នោះទេ។ វា​ច្បាស់​ណាស់​ថា អាជ្ញាធរ​កម្ពុ​ជាមាន​ចេតនា​ចង់​បិទ​បញ្ចប់​សំណុំ​រឿងនេះ និង​ដំណើរ​ក្តី​ទៅមុខ ក៏ប៉ុន្តែ​ការបរាជ័យ​ក្នុងការ​ស៊ើបអង្កេត​លើ​បទល្មើស​ដ៏​សាហាវ​មួយ​នេះ នឹង​រិត​តែ​បន្ថែម​នូវ​ភាពអយុត្តិធម៌​ដល់​ក្រុមគ្រួសារ​លោក​ កែម ឡី ”។

សវនាការ​បានចាប់ផ្តើម​នៅ​ម៉ោង ៨:៤០នាទី​ព្រឹក និង​បានបញ្ចប់​នៅ​ម៉ោង ១៣:០០រសៀល។ បន្ទាប់ពី​ អឿ​ត អាង បានផ្តល់​សក្ខីកម្ម​រួច សាក្សី ១០នាក់​បានផ្តល់​សក្ខីកម្ម​ផ្ទាល់មាត់ ក្នុងនោះ​រួមមាន​បុគ្គលិក​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ២នាក់ មន្ត្រី ៧រូប​ដែល​បាន​ចូលរួម​ក្នុងការ​ស៊ើប​អ​ង្កេ​តក្នុ​ង​សមត្ថកិច្ចខុសៗគ្នា និង​វេជ្ជបណ្ឌិត​មួយរូប​ដែល​បាន​ពិនិត្យ​សាកសព​លោក​ កែម ឡី នៅ​កន្លែងកើតហេតុ។ សេចក្តីរាយការណ៍​ផ្លូវការ និង​សេចក្តីថ្លែងការណ៍​របស់​សាក្សី​ជាច្រើន​នាក់​ក៏ត្រូវ​បាន​អាន​ជា​សក្ខីកម្ម​ផងដែរ ហើយ​ព្រះរាជអាជ្ញា​បានបញ្ចាំង​វី​ឌី​អូ​ចំនួន​ប្រាំបី​ ពី​ទីតាំងផ្សេងៗគ្នា ដែល​ក្នុងនោះ​វីដេអូ​មួយ​ថត​ពី​កាមេរ៉ា​សុវត្ថិភាព (CCTV) នៅ​ខាងក្នុង​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ជាទី​ដែល​លោក​ កែម ឡី ត្រូវបាន​បាញ់សម្លាប់។ ភរិយា​របស់​សព​លោក​ កែម ឡី ដែល​ជាដើម​បណ្តឹង​រដ្ឋប្បវេណី មិនមាន​វត្តមាន​នៅក្នុង​សវនាការ​នោះទេ ប៉ុន្តែ​សេចក្តីថ្លែងការណ៍​ដើម​បណ្តឹងរដ្ឋប្បវេណី​របស់​​លោកស្រី ត្រូវបាន​អាន​ជា​សក្ខីកម្ម​ផងដែរ។

ដោយឡែក​លោក ហ្វីល រ៉ូ​ប៊ឺ​ត​សុន (Phil Robertson) នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី បាន​ថ្លែងថា “ការដែល​អាជ្ញាធរ​មិន​ស៊ើបអង្កេត​លើ​ចំណុច​ចន្លោះប្រហោង​ជាក់ស្ដែង​ជាច្រើន​នៅក្នុង​ដំណើររឿង​សារភាព​របស់​ចុង​ចម្លើយ និង​តុលាការ​មិនមាន​ឆន្ទៈ​ក្នុងការ​ពិនិត្យមើល​ចំណុច​ទាំងនោះ បាន​ស្ដែង​ឲ្យ​ឃើញថា ដំណើរការ​កាត់ក្តី​តាមបែប​ឆក់កណ្ដៀត ជាជាង​ការ​លាតត្រដាង​អ្នក​ជាប់​ពាក់ព័ន្ធ​នានា ក្នុង​រឿងក្តី​នេះ គឺជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ជាខ្លាំង។ ក្រុមគ្រួសារ​របស់លោក​ កែម ឡី ធ្លាប់បាន​ថ្លែង​ជា​សាធារណៈ​ជាច្រើនលើក​ច្រើនសា​រួចមកហើយ​អំពី​ការមិន​មាន​ជំនឿ​របស់​ពួកគេ​ដែលថា អឿ​ត អាង គឺជា​មនុស្ស​ដែល​ទទួលខុសត្រូវ​តែម្នាក់ឯង​គត់​ចំពោះ​ករណី​ឃាត​កម្មនេះ ហើយ​ដំណើរការ​សវនាការ​នេះ​កាន់តែ​ធ្វើ​ឲ្យ​គេ​ជឿជាក់​លើ​ភាពមន្ទិលសង្ស័យ​របស់​ពួកគេ [គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី]” ។

ក្តី​មន្ទិលសង្ស័យ​ចំនួន ៨ចំណុច​ដែល​តុលាការ​ខកខាន​មិនបាន​លើក​យកមក​ដោះស្រាយ​ឲ្យ​បាន​គ្រប់គ្រាន់​នៅក្នុង​ដំណើរការ​កាត់ក្តី​នេះ

ខណៈ​នៅក្នុង​សវនាការ ចុងចោទ អឿ​ត អាង បានផ្តល់​សក្ខីកម្ម​ថា ខ្លួន​បានសម្លាប់​លោក កែម ឡី ដោយសារ​រឿង​បំណុល​ចំនួន ៣ពាន់​ដុល្លារ និង​បានធ្វើ​សកម្មភាព​តែម្នាក់ឯង​គត់ ការលើកឡើង​របស់​ព្រះរាជអាជ្ញារដែលជា​កំណត់ត្រា​អំពី​ការស៊ើបអង្កេត​តែមួយគត់​ដែល​បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ ហាក់ដូចជា​បង្ហាញ​នូវ​ចន្លោះប្រហោងសំខាន់ៗនៅក្នុង​ការព្យាយាម​ស៊ើបអង្កេត​ដើម្បី​កំណត់​ការពិត ក្នុងនោះ​រួមមាន ៖

អឿ​ត អាង បាន​អះអាងថា ខ្លួន​មាន​មធ្យោបាយ​ឲ្យ​លោក កែម ឡី ខ្ចីប្រាក់​ចំនួន ៣ពាន់​ដុល្លារ​ដោយសារតែ​បាន​លក់​ដី​មួយកន្លែង​ដែល​ខ្លួន​បាន​កាន់កាប់​តាំងពី​នៅ​ក្មេង ក៏ប៉ុន្តែ​ព្រះរាជអាជ្ញារ​មិនបាន​ព្យាយាម​ស៊ើបអង្កេត​លើ​ការអះអាង​របស់ អឿ​ត អាង ដូចជា​ស្វែងរក​ទីតាំង​ដី ស្វែងរក​ឯកសារ​ជា​ភស្តុតាង​បង្ហាញ​ពី​ការកាន់កាប់ ឬ​ការលក់​ដី ឬ​សម្ភាស​អ្នកទិញ​ដី​ដើម្បី​បញ្ជាក់ថា ការលក់​ដី​នោះ​ពិតជា​បានកើត​មានពិត​ប្រាកដ​មែន។ មិនមាន​ការថ្លែង​ពី​អ្នកទិញ ​ត្រូវបានបង្ហាញ​នៅក្នុង​ដំណើរការ​កាត់ក្តី​នោះទេ ហើយ​គ្មាន​នរណាម្នាក់​បានបង្ហាញ​ខ្លួន​ជា​សាក្សី​នៅក្នុង​ចំណុច​មន្ទិលសង្ស័យ​នេះដែរ។ លទ្ធផល​នៃ​ការស៊ើបអង្កេត​ផ្នែក​ហិរញ្ញវត្ថុ​ឬ​ទូរគមនាគមន៍​អំពី​ចំណុច​មន្ទិលសង្ស័យ​នេះ ក៏​មិន​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ដំណើរការ​កាត់ក្តី​នេះដែរ។

អឿ​ត អាង បាន​អះអាងថា ខ្លួន​បាន​ជួប​លោក កែម ឡី តែម្ដង​គត់​នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​តាមរយៈ​បុគ្គល​ម្នាក់​ឈ្មោះ “ពូ លិ​ស” ។ នៅក្នុង​ជំនួប​នោះ ខ្លួន​បាន​អះអាងថា ខ្លួន​បាន​ផ្តល់ប្រាក់ ៣ពាន់​ដុល្លារ​ឲ្យ​លោក កែម ឡី ជា​ថ្នូរ​នឹង​ការសន្យា​សង់ផ្ទះ​និង​ផ្តល់​ការងារ​ឲ្យ​ធ្វើ។ ក៏ប៉ុន្តែ ព្រះរាជអាជ្ញារ​មិនបាន​បញ្ជាក់​ពី​ការព្យាយាម​ណាមួយ​របស់​អ្នកស៊ើប​អង្កេត​ក្នុងការ​កំណត់​អត្តសញ្ញាណ ទីកន្លែង និង​សម្ភាស​ជន​ឈ្មោះ ពូ លិ​ស នោះទេ។ គ្មាន​ការថ្លែង​របស់​ជន​ឈ្មោះ ពូ លិ​ស ត្រូវបាន​បង្ហាញ​នៅក្នុង​ដំណើរការ​កាត់ក្តី ហើយ​បុគ្គល​រូបនេះ​មិនបាន​បង្ហាញខ្លួន​ជា​សាក្សី​នោះដែរ។

ព្រះរាជអាជ្ញា​បាន​បញ្ចាំង​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​តែមួយ​ពី​ក្នុង​ស្ថានីយ៍​កាល់​តិច ជាទី​កន្លែង​ដែល​លោក កែម ឡី ត្រូវបាន​សម្លាប់។ ព្រះរាជអាជ្ញា​បាន​អះអាងថា វីដេអូ​នោះបាន​បង្ហាញថា អឿ​ត អាង​បាន​ចូលក្នុង​ស្ថានីយ​ប្រេង​មុននឹង​សម្លាប់​លោក កែម ឡី។ លោក កែម ឡី មិនត្រូវ​បាន​គេ​មើលឃើញ​នៅក្នុង​ប្លង់​វីដេអូ​នោះទេ។ ខណៈដែល​ស្ថានីយ៍​កាល់​តិច​ហាក់ដូច​ជាមាន​ប្រព័ន្ធ​កាមេរ៉ាសុវត្ថិភាព​ជាច្រើន​កន្លែង រួមទាំង​នៅខាងមុខ​អគារ​ផង​នោះ ព្រះរាជអាជ្ញា​មិនបាន​បញ្ជាក់ថា​តើ​វីដេអូ​ណាខ្លះ​ដែល​អ្នកស៊ើប​អង្កេត​បាន​ទទួល​ពី​កាមេរ៉ាខុសៗគ្នា​នោះទេ ហើយ​មិនបាន​ផ្តល់​ការ​ពន្យល់ថា​ហេតុអ្វី​បានជា​បញ្ចាំង​វីដេអូ​ពី​កាមេរ៉ា​តែមួយ​គ្រាប់​ដូច្នេះ។ ព័ត៌មាន​នេះ​អាច​នឹងមាន​ជាប់ទាក់ទង​ទៅនឹង​បញ្ហា​ជាច្រើន​ទៀត, រួមមាន​ថា​តើ អឿ​ត អាង ធ្វើ​សកម្មភាព​តែម្នាក់ឯង​មែន​ឬទេ, តាមរយៈ​ការបង្ហាញ​តម្រុយ​អំពី​ការផ្លាស់​ទី​របស់គាត់​នៅមុន​ពេល អំឡុងពេល និង​ក្រោយពេល​សម្លាប់​នេះ។

វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​របស់​ស្ថានីយ៍​កាល់​តិច បានបង្ហាញ​ឱ្យឃើញ​ពី​បុរស​ម្នាក់​ដែល​ពាក់អាវ​ពណ៌​ស អង្គុយ​ជាមួយ​លោក កែម ឡី មុនពេល​គាត់​ត្រូវបាន​គេ​បាញ់សម្លាប់​បន្តិច។ មិនមាន​ភស្តុតាង​ណា​បង្ហាញថា​អ្នកស៊ើប​អង្កេត​បាន​ព្យាយាម​កំណត់​អត្តសញ្ញាណ​បុរស​ម្នាក់​នោះទេ ហើយ​គាត់​មិនត្រូវ​បាន​គេ​ហៅ​មក​ធ្វើជា​សាក្សី​ក្នុងអំឡុង​សវនាការ​ឡើយ។

អឿ​ត អាង បាន​អះអាងថា​មាន​មនុស្ស​ម្នាក់​ដែល​គាត់​មិនបាន​ឃើញ បាន​បាញ់កាំភ្លើង​សំដៅ​គាត់​នៅពេលដែល​គាត់​កំពុង​រត់គេច​ខ្លួនពី​កន្លែងកើតហេតុ​។  ព្រះរាជអាជ្ញា​មិនបានដោះស្រាយ​ពី​បញ្ហា​នេះ​ឱ្យបាន​គ្រប់គ្រាន់​នោះទេ រួមទាំង​ថា​តើ​មានការ​ព្យាយាម​កំណត់​អត្តសញ្ញាណ​ដើម្បី​សម្ភាស​ជន​បាញ់ប្រហារ​នោះដែរ​ឬ​អត់។ គ្មាន​ការ​ថ្លែង​ណាមួយ​របស់​ជន​ដែល​ត្រូវបាន​ចោទថា​បាញ់​នោះ​នៅក្នុង​ការជំនុំជម្រះ​ទេ ហើយ​ពួកគេ​មិនបាន​បង្ហាញខ្លួន​ជា​សាក្សី​ដែរ។

អឿ​ត អាង បាន​អះអាងថា​ខ្លួន​បាន​ទិញ​កាំភ្លើងខ្លី​មួយគ្រឿង​ដែល​គាត់​និយាយថា​បាន​ប្រើ​ក្នុងការ​សម្លាប់​លោក កែម ឡី​នោះ ពី​អ្នក​ស្គាល់គ្នា​ម្នា​ក់នៅ​ប្រទេស​ថៃ ដែលមាន​ឈ្មោះថា “ឆក។ ព្រះរាជអាជ្ញា​មិនបាន​បញ្ជាក់​ពី​កិច្ចប្រឹងប្រែង​ណាមួយ, ប្រសិន​បានធ្វើ, ក្នុងការ​កំណត់​អត្តសញ្ញាណ ស្វែងរក​ទីតាំង និង​សម្ភាស​ជន​ឈ្មោះ ឆក នោះទេ។ គ្មាន​ការ​ថ្លែង​ណាមួយ​របស់ ឆក ត្រូវបាន​បង្ហាញ​នៅក្នុង​ការជំនុំជម្រះ​ទេ ហើយ​គាត់​មិនបាន​បង្ហាញខ្លួន​ជា​សាក្សី​ឡើយ។

វា​មិន​ច្បាស់​ទេ​ថា​តើ​ជំហាន​អ្វីខ្លះ​ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុងពេល​ស៊ើបអង្កេត​ដើម្បី​បញ្ជាក់​អំពី​ផ្នែកសំខាន់ៗនៃ​ប្រវត្តិ​របស់លោក​អឿ​ត អាង រួមទាំង​ការពាក់ព័ន្ធ​នឹង​តួនាទី​យោធា​ឬ​តួនាទី​ផ្លូវ​ការដែល​លោក​ធ្លាប់​កាន់​កាលពីមុន។ យោងតាម​ការ​ថ្លែង​របស់​ភរិយា​នៃ​ចុងចោទ ដែល​មិនមាន​វត្តមាន​នៅក្នុង​សវនាការ​នោះ បាន​អះអាងថា​លោក អឿ​ត អាង គឺជា​អតីត​ទាហាន​ខ្មែរក្រហម។ តាម​សម្តី​នៃ​ម្តាយ​របស់គាត់ដែល​មិនមាន​វត្តមាន​នៅក្នុង​ដំណើរការ​នីតិវិធី​ផងដែរ​នោះ បាន​លើកឡើងថា អឿ​ត អាង ធ្លាប់​ធ្វើការ​នៅ “នាយកដ្ឋាន​បរិស្ថាន” ។ នៅឯ​សវនាការ អឿ​ត អាង បាន​និយាយថា​គាត់​ធ្លាប់បាន​ធ្វើជា​ចុងភៅ​របស់​ទាហាន ប៉ុន្តែ​បដិសេធថា​គាត់​មិនមែនជា​ទាហាន​ទេ។ គាត់​ក៏​នៅតែ​អះអាង​ដែរ​ថា គាត់​មានឈ្មោះ “ជួប​សម្លាប់"  ហើយ​មិន​ត្រូវបាន​គេ​ស្គាល់​ដោយ​ឈ្មោះ​ផ្សេងទៀត​ទេ។

នៅពេល​កាត់ក្តី ព្រះរាជអាជ្ញា​បាន​បញ្ចាំង​វី​ឌី​អូ​ចំនួន ៨ ពី​ចំណុចផ្សេងៗគ្នា​ដែល​បង្ហាញ​ពី​បុរស​ម្នាក់​ដែល​ត្រូវបាន​ចោទថា​ជា អឿ​ត អាង កំពុង​ភៀសខ្លួន​ពី​កន្លែងកើតហេតុ ហើយ​រត់​ឆ្ពោះទៅ​ទិសខាងកើត​លើ​មហាវិថី​ម៉ៅ​សេទុង។ នៅ​ថ្ងៃ​ជំនុំជម្រះ វីដេអូ​ទាំងនេះ​ដែល​ត្រូវបាន​គេ​បង្ហាញ​នៅលើ​គេហទំព័រ​ព័ត៌មាន​ដែល​ស្របតាម​រដ្ឋាភិបាល​ផងដែរ​នោះ បានបង្ហាញ​ឲ្យ​ឃើញ​យានយន្ត​មួយចំនួន ហើយ​ក្នុងនោះ​មាន​រថយន្ត SUV ពណ៌​ស​មួយគ្រឿង និង​ម៉ូតូ​ពីរ​គ្រឿង មើលទៅ​ដូចជា​កំពុងបើក​តាម​បុរស​ដែល​រត់គេចខ្លួន​នោះ។ បុរស​ម្នាក់​ដែល​អង្គុយ​កែប​ក្រោយ​នៃ​ម៉ូតូ​មួយគ្រឿង មើលទៅ​ដូចជា​កំពុងកាន់​កាំភ្លើង​វែង​មួយ​ដើម។  អត្តសញ្ញាណ​នៃ​យានយន្ត​និង​បុរស​ទាំងនេះ មិនត្រូវ​បាន​គេ​លើកឡើង​ក្នុងអំឡុងពេល​ជំនុំជម្រះ​ទេ ហើយ​គ្មាន​នរណាម្នាក់​ក្នុងចំណោម​ពួកគេ​ត្រូវបាន​ហៅ​មក​ធ្វើជា​សាក្សី​ឡើយ។

ព្រឹត្តិការណ៍​ពាក់ព័ន្ធ

ក្នុងពេល​ព្រឹក​នៃ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោក កែម ឡី ត្រូវបាន​បាញ់សម្លាប់​នៅឯ​ហាង​កាហ្វេ​នៃ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​នៅតាម​បណ្តោយ​មហាវិថី​ព្រះមុន្នីវង្ស។ ប៉ូលីស​បាន​ឃាត់ខ្លួន អឿ​ត អាង នៅពេល​រត់​ចេញពី​កន្លែងកើតហេតុ​បាន​បន្តិច។ យោងតាម​នគរបាល គាត់​បាន “សារភាព” ពី​ការសម្លាប់​នេះ ដោយ​អះអាងថា​អ្វីដែល​ជំរុញ​ចិត្ត​របស់គាត់​គឺ​បំណុល ៣០០០ដុល្លារ ដែល​លោក កែម ឡី ជំពាក់​គាត់​មិន​សង, ដែល​ការអះអាង​នេះ​ត្រូវបាន​ជំទាស់​ដោយ​ប្រពន្ធ​លោក កែម ឡី និង​ប្រពន្ធ​របស់ អឿ​ត អាង។

ការសម្លាប់​លោក កែម ឡី កើតមានឡើង​នៅ​ពីក្រោយ​នៃ​ការវាយប្រហារ​កាន់តែខ្លាំង​ឡើង​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស​និង​អ្នកប្រឆាំង​ផ្នែក​នយោបាយ ព្រមទាំង​ប្រវត្តិសាស្ត្រ​នៃ​ការសម្លាប់​ដែល​ត្រូវបាន​កត់ត្រា​ទុក​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ការសម្លាប់​នេះ​ត្រូវបាន​ចោទថា​មានការ​ពាក់ព័ន្ធ​ជាមួយ​រដ្ឋ។

នៅ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ មិនយូរប៉ុន្មាន​បន្ទាប់​ពី​ការសម្លាប់​នោះ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បានផ្តល់​អនុសាសន៍​ជាក់ស្តែង​ចំនួន ៥ ដល់​អាជ្ញាធរ​កម្ពុជា​ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​អន្តរជាតិ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ជាបន្ទាន់​លើ​ឃាតកម្ម​នេះ ប្រកបដោយ​ភាព​ឯករាជ្យ មិន​លំអៀង និង​ប្រសិទ្ធិភាព។

នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​រកឃើញថា អឿ​ត អាង មាន​ពិរុទ្ធ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន (មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា) និង​ការកាន់កាប់​ដោយ​គ្មាន​ការអនុញ្ញាត​ឬ​ការដឹកជញ្ជូន​អាវុធ (មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា) ។

នៅថ្ងៃនេះ មាន​របាយការណ៍​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា បន្ទាប់ពី​សាលក្រម​តុលាការ មេធាវី​របស់ អឿ​ត អាង បាន​ប្រាប់​អ្នកកាសែត​ថា​តុលាការ​បាន​បង្កើត​សំណុំ​ឯកសារ​ថ្មី​ដើម្បី​ស៊ើបអង្កេត​បុរស​ពីរ​នាក់​ដែលមាន​ឈ្មោះថា ពូ ​លី​ស និង​ចក់ ដែល​ពាក់ព័ន្ធ​នឹង​ការសម្លាប់​លោក កែម ឡី។ ការ​ថ្លែង​នេះ​មិនទាន់​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​ទេ ហើយ​គ្មាន​ព័ត៌មាន​លម្អិត​បន្ថែមទៀត​បង្ហាញ​ឲ្យ​ដឹង​ទេ អំពី​អត្តសញ្ញាណ​របស់​បុរស​ទាំងពីរ ឬថា​តើ​ពួកគេ​អាចពាក់ព័ន្ធ​នឹង​ករណីនេះ​ដោយ​របៀប​ណា​នោះ។

ដោយ​អនុលោម​ទៅតាម​ច្បាប់​អន្តរជាតិ​ដែល​រួមបញ្ចូល​ទាំង​ប្រទេស​កម្ពុជា រួមទាំង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ (ICCPR) ដែល​ប្រទេស​កម្ពុជា​គឺជា​រដ្ឋ​ភាគី​មួយ​ក្នុងនោះ, កម្ពុ​ជាមាន​កាតព្វកិច្ច​ស៊ើបអង្កេត​យ៉ាង​ឆាប់រហ័ស ដោយ​ឯករាជ្យ មិន​លំអៀង និង​ប្រកបដោយ​ប្រសិទ្ធិភាព ទៅលើ​ការស្លាប់​ទាំងអស់​ដែល​សង្ស័យថា​បានធ្វើ​ឡើយ​ដោយ​ខុសច្បាប់។ ការស៊ើបអង្កេត​ត្រូវតែ​ស្វែងរក​អត្តសញ្ញាណ​មិន​ត្រឹមតែ​ជនល្មើស​ដោយផ្ទាល់​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជន​ទាំងឡាយ​ផ្សេងទៀត​ដែល​អាច​ទទួលខុសត្រូវ​ចំពោះ​ការប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​ការស្លាប់​នោះ។