Skip to main content

កម្ពុជា៖ ទម្លាក់ការស៊ើបអង្កេតគ្មានហេតុផលលើអ្នកការពារសិទិ្ធមនុស្ស

ក្រុមអង្គការសិទិ្ធមនុស្សល្បីៗតវ៉ាប្រឆាំងនឹងលំនាំនៃការបំភិតបំភ័យ


(ភ្នំពេញ) - អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អង្គការអ្នកការពារសិទ្ធិជនស៊ីវិល (Civil Rights Defenders) អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ (Human Rights Watch) និងគណៈកម្មាធិការក្រុមអ្នកច្បាប់អន្តរជាតិ (International Commission of Jurists) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃនេះថា អាជ្ញាធរកម្ពុជាគួរទម្លាក់ចោលជាបន្ទាន់នូវការស៊ើបអង្កេតព្រហ្មទណ្ឌដែលមានលក្ខណៈនយោបាយ ទៅលើអ្នកការពារសិទិ្ធមនុស្ស គឺលោក អំ សំអាត និងលោក ចាន់ ពុទ្ធិស័ក្ត ។

មន្ត្រី​កម្ពុជា​បាន​ចោទប្រកាន់​លោក សំអាត ដែលជា​អ្នកឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ដ៏​ល្បីល្បាញ​ម្នាក់​នៃ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិ​ទិ្ធ​មនុស្ស លីកាដូ (អង្គការ LICADHO) អស់​រយៈពេល​ជិត ២០ ឆ្នាំ​មកហើយ និង​លោក ពុទ្ធិ​ស័​ក្ត សកម្មជន​សិទ្ធិ​ដីធ្លី​មកពី​តំបន់​បឹងកក់ និង​ជា​អតីត​អ្នកទោស​មនសិការ ពីបទ​ញុះញង់​ឲ្យ​មាន​អំពើហិង្សា​នៅក្នុង​អំឡុង​បាតុកម្ម​កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។ កងកម្លាំង​សន្តិសុខ​ដែល​ត្រូវបាន​គេ​ប្រើ​ដើម្បី​បង្ក្រាប​បាតុកម្ម​ជាប្រចាំ បាន​ចូល​វាយ​បំបែក​ដោយ​ហិង្សា​លើ​ក្រុមអ្នកតវ៉ា​ដោយ​សន្តិវិធី​នៅក្នុង​រាជធានី​ភ្នំពេញ។ យោងតាម​វី​ឌី​អូ​អំពី​ឧបទ្ទវ​ហេតុនេះ​បាន​បង្ហាញថា នៅពេលដែល​លោក ពុទ្ធិ​ស័​ក្ត ព្យាយាម​រារាំង​នគរបាល​មិន​ឲ្យ​រឹបអូស​ស្គរ​របស់​បាតុករ កងកម្លាំង​សន្តិសុខ​បួន​ប្រាំ​នាក់​បានធ្វើការ​វាយប្រហា​រ​ទៅលើ​គាត់​ម្តង​ហើយ​ម្តងទៀត ដោយ​ក្តាប់ដៃ​វាយ​ក្បាល​របស់គាត់។ នៅពេលដែល​លោក សំអាត ព្យាយាម​បញ្ឈប់​ការវាយប្រហារ​នេះ កងកម្លាំង​សន្តិសុខ​ក៏បាន​បើក​ការវាយប្រហារ​មកលើ​គាត់ ហើយក៏​បាន​វាយ​ក្បាល​គាត់​ផងដែរ។ បុរស​ទាំង​ពីរបានរ​ងរ​បួស​ដែល​ចាំបាច់​ត្រូវ​ទទួល​ការព្យាបាល។

លោកស្រី ចម្ប៉ា ប៉ា​តេ​ល (Champa Patel) នាយក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​និង​ប៉ាស៊ីហ្វិក​នៃ​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​មានប្រសាសន៍ថា “ការស៊ើបអង្កេត​លើ​លោក សំអាត និង​លោក ពុទ្ធិ​ស័​ក្ត ដោយ​អាជ្ញាធរ​កម្ពុជា គឺជា​រឿង​មិនគួរ​ឲ្យ​ជឿ​ទាល់តែសោះ ហើយ​វា​គឺជា​ករណី​ជាក់ស្តែង​នៃ​ការយាយី​ខាង​ផ្លូវ​តុលាការ។ តាម​ធម្មតា ការប្រើប្រាស់​កម្លាំង​ជ្រុល​ហួស​មិនចាំបាច់​ដោយ​កងកម្លាំង​សន្តិសុខ​គឺ​មិនដែល​ទទួល​ការដាក់ទោស​អ្វី​ទេ ហើយ​អ្នក​ដែល​លើកកម្ពស់​និង​ការពារ​សិទ្ធិមនុស្ស​តែងតែ​ប្រឈម​នឹង​ដំណើរការ​រឿងក្តី​ព្រហ្មទណ្ឌ​នៅ​តុលាកា​រ‍។

កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា កងកម្លាំង​សន្តិសុខ​ពីរ​នាក់​បានដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​ចោទប្រកាន់ថា ពួកគេ​បាន​រងរបួស​ក្នុងអំឡុងពេល​បំបែក​បាតុកម្ម។ អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​លោក សំអាត និង​លោក ពុទ្ធិ​ស័​ក្ត ពីបទ​ញុះញង់​ឲ្យ​មាន​អំពើហិង្សា​ដោយ​ចេតនា ក្រោម​មាត្រា​ទី២៧ និង២១៧ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ដែល​អាច​នឹង​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រហូតដល់ ៣ឆ្នាំ។ បុរស​ទាំងពីរ​នាក់​នេះ​នឹងត្រូវ​សាកសួរ​នៅ​ថ្ងៃទី៨ ខែកុម្ភៈ ដោយ​លោក ងិន ពេជ្រ ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ។ មិនមាន​សញ្ញា​ណាមួយ​បង្ហាញថា ពាក្យបណ្តឹង​ដែល​លោក សំអាត និង​លោក ពុទ្ធិ​ស័​ក្ត ប្តឹង​កងកម្លាំង​សន្តិសុខ​នៅក្រោយ​ហេតុការណ៍​ថ្ងៃទី១០ ខែតុលា ​ឆ្នាំ២០១៦ នោះ កំពុង​ត្រូវបាន​តុលាការ​ស៊ើបអង្កេត​នោះទេ។

បាតុកម្ម​ថ្ងៃទី១០ ខែតុលា មាន​អ្នកចូលរួម​ប្រហែល ១៥០នាក់​បាន​អំពាវនាវ​ដោយ​សន្តិវិធី​ឲ្យ​មានការ​គោរព​សិទ្ធិ​លំនៅដ្ឋាន និង​សិទ្ធិ​ដីធ្លី​នៅក្នុង​ទីលាន​ប្រជាធិបតេយ្យ​ដែលជា​កន្លែង​សម្រាប់ធ្វើ​បាតុកម្ម។ នៅពេល​ហេតុការណ៍​នេះ​កើតឡើង ក្រុមអ្នកតវ៉ា​កំពុង​ដើរ​ដង្ហែរ​ក្បួន​តាម​ដងផ្លូវ​មួយ​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ វី​ឌី​អូ​ឧបទ្ទវ​ហេតុនេះ​បាន​បង្ហាញថា បាតុកម្ម​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី ហើយ​លោក សំអាត កំពុង​ពាក់អាវ​អ្នកតាមដាន​សិទ្ធិមនុស្ស​ពណ៌​ខៀវ នៅពេលដែល​កម្លាំង​សន្តិសុខ​បើក​ការវាយប្រហារ​ទៅលើ​រូបគាត់។

ការស៊ើបអង្កេត​ករណី​របស់លោក​ទាំងពីរ​ស្ថិតក្នុង​លំនាំ​នៃ​ការបំភិតបំភ័យ​តាម​ប្រព័ន្ធ​យុ​តិ្ត​ធម៌​នៅក្នុង​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន មាន​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ​រហូត​ដល់​ទៅ ២៦នាក់​កំពុង​ស្ថិតនៅក្នុង​ពន្ធនាគារ​ពីបទ​ចោទប្រកាន់​ដែល​សុទ្ធ​តែមាន​សញ្ញា​បង្ហាញថា​មាន​លក្ខណៈ​នយោបាយ។ ក្នុងនោះ​ក៏មាន​សកម្មជន​នយោបាយ ១៤នាក់​ដែល​ជាប់ពន្ធនាគារ​នៅក្រោយ​បាតុកម្ម​ក្នុង​ខែកក្កដា ឆ្នាំ២០១៤ នៅពេលដែល​កងកម្លាំង​សន្តិសុខ​បាន​ប៉ះទង្គិច​យ៉ាង​ហិង្សា​ជាមួយ​អ្នកចូលរួម​បាតុកម្ម។ គ្មាន​ការខិតខំ​ប្រឹងប្រែង​ណាមួយ​ត្រូវបាន​រាយការណ៍​ថា អាជ្ញាធរ​កំពុង​ខិតខំ​នាំខ្លួន​កងកម្លាំង​សន្តិសុខ​ដែល​ទទួលខុសត្រូវ​លើ​ការប្រើ​កម្លាំង​ខុសច្បាប់​ដើម្បី​ឡើង​តុលាការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​នោះទេ។

លោក ហ្វីល រ៉ូ​ប៊ឺ​ត​សុន (Phil Robertson) នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី​បាន​បញ្ជាក់ថា “សំណុំរឿង​ប្រឆាំងនឹង​លោក សំអាត និង​លោក ពុទ្ធិ​ស័​ក្ត គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​ធំ​របស់​អាជ្ញាធរ​កម្ពុជា ដើម្បី​ទម្លាក់​តម្លៃ​នៃ​ការងារ​ស្របច្បាប់​របស់​អង្គការសិទ្ធិមនុស្ស និង​ដើម្បី​បង្ហាញ​យ៉ាងច្បាស់​ពី​ការគំរាមកំហែង​ដាក់គុក ដល់​អ្នក​ដែល​ធ្វើការ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា។ យុទ្ធនាការ​គំរាមកំហែង​អ្នកការពារ​សិទ្ធិ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​នៅពេលនេះ” 

កងកម្លាំង​សន្តិសុខ​ដែល​គេ​ហៅ​ជា​ញឹកញាប់​ថា “ឆ្មាំសន្តិសុខ​ខណ្ឌ” គឺជា​កងកម្លាំង​សន្ដិសុខ​បម្រុង ដែល​គេ​ប្រើ​ជាប្រចាំ​ដើម្បី​ធ្វើការ​បង្ក្រាប​យ៉ាង​ហិង្សា​ទៅលើ​បាតុកម្ម​នៅ​ប្រទេស​កម្ពុជា។ គ្មាន​ឯកសារ​ផ្លូវច្បាប់​ណាមួយ​ចែង​ពី​វិធាន​គ្រប់គ្រង​តួនាទី និង​អំណាច​របស់​ពួកគេ​ឡើយ។ ផ្ទុយទៅវិញ មូលដ្ឋាន​ច្បាប់​របស់​ពួកគេ និង​វិធាន​គ្រប់គ្រង​សកម្មភាព​របស់​ពួកគេ​ត្រូវ​បានកំណត់​ក្នុង​លក្ខណៈ​រួមបញ្ចូល​គ្នា​នៃ​សេចក្តីថ្លែងការណ៍ និង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល និង​សេចក្តីណែនាំ​ពី​ក្រសួងមហាផ្ទៃ ដែល​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ។ ពួកគេ​ធ្វើការ​ជាមួយ​នគរបាល​ក្រោម​សមត្ថកិច្ច​របស់​អភិបាលខណ្ឌ។

លោក ឃី​ង​ស្លី អា​បុ​ត (Kingsley Abbott) ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​នៃ​គណៈកម្មាធិការ​ក្រុមអ្នកច្បាប់​អន្តរជាតិ បាន​បញ្ជាក់ថា “រដ្ឋាភិបាល​កម្ពុជា​គួរតែ​សរសើរ​ដល់​មនុស្ស ដូចជា​លោក សំអាត និង​លោក ពុទ្ធិ​ស័​ក្ត ដែល​បានធ្វើ​ការងារ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស ជាជាង​ព្យាយាម​បំភិតបំភ័យ​ពួកគាត់។ សំណុំ​រឿងនេះ​ត្រូវតែ​បញ្ចប់​ជា​ផ្លូវការ​និង​ជាបន្ទាន់ និង​ត្រូវមាន​ការស៊ើបអង្កេត​ដោយ​ពិតប្រាកដ​ពាក់ព័ន្ធ​នឹង​ការប្រើ​កម្លាំង​ជ្រុល​ហួស​របស់​ក្រុម​សន្តិ​សុ​ខ‍។

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed