Skip to main content

ប្រទេសកម្ពុជា៖ សកម្មជនប្រឈមការគាបសង្កត់ជានិរន្តរ៍

រដ្ឋាភិបាលបរទេសគួរតែបន្លឺសំឡេងបន្ថែម និងថ្កោលទោសវិបត្តិសិទ្ធិមនុស្សនៅកម្ពុជា

Cambodian prisoners, including Rong Chhun, president of the Cambodian Confederation of Unions, arrive by prison truck at the Municipal Court in Phnom Penh, Cambodia, August 18, 2021. © 2021 AP Photo/Heng Sinith

(ទីក្រុងញូយ៉ក) — រដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ ២០២១ បានអនុម័តច្បាប់ថ្មីដែលរំលោភសិទ្ធិមនុស្ស តាមរយៈការពង្រីកការឈ្លបយកការណ៍ និងលួចស្តាប់ការទំនាក់ទំនងតាមប្រព័ន្ធអិនធើណិត នេះជាការលើកឡើងដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅថ្ងៃនេះ ក្នុងរបាយការណ៍ពិភពលោកប្រចាំឆ្នាំ ២០២២ របស់ខ្លួន។ រដ្ឋាភិបាលផ្តាច់ការ របស់ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តបង្ក្រាបទៅលើសកម្មជន អ្នកការពារសិទ្ធិមនុស្ស អ្នកនយោបាយបក្សប្រឆាំង និងបណ្តាញព័ត៌មានឯករាជ្យ។

“លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចគ្នានឹងអ្នកដឹកនាំផ្តាច់ការជាច្រើនទៀត បានប្រើប្រាស់ ការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ ដើម្បីរឹតបន្តឹងការ​ដឹកនាំប្រកបដោយការសង្កត់​សង្កិនរបស់គាត់” នេះជាការលើកឡើងរបស់លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស។ “បើទោះជាមានការចាប់ខ្លួនដោយបំពាន និងការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយជាច្រើនរូបក៏ដោយរដ្ឋាភិបាល​បរ​ទេស និងបុគ្គលិកអង្គការសហប្រជាជាតិនៅក្នុងប្រទេសត្រូវបានគេកត់សំគាល់ថា នៅតែរក្សាភាពស្ងាត់ស្ងៀម ដោយមិនបានធ្វើអ្វីមួយដើម្បីអោយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្ត្រីរំលោភ​​សិទ្ធិ​មនុស្សផ្សេងទៀតរបស់លោក ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនទេ។”

នៅក្នុងរបាយការណ៍ពិភពលោកកម្រាស់ 752 ទំព័រ ដែលជារបាយការណ៍ប្រចាំឆ្នាំទី ៣២ របស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានពិនិត្យមើលការអនុវត្តសិទ្ធិមនុស្សលើជិត ១០០ ប្រទេស​ នៅជុំវិញពិភព​លោក។ លោកនាយកប្រតិបត្តិ Kenneth Roth បានលើកឡើងពីមតិជំទាស់របស់គាត់ ចំពោះគតិបណ្ឌិតធម្មតាដែលថាអំណាចផ្តាច់ការកំពុងកើនឡើង។ អស់ពីប្រទេសមួយ ទៅប្រទេសផ្សេងទៀត ប្រជាពលរដ្ឋជាច្រើន នាពេលថ្មីៗនេះ បាននាំគ្នាចេញក្រៅធ្វើបាតុកម្ម ប្រឆាំងតវ៉ា បើទោះត្រូវជួបហានិភ័យពីការចាប់ខ្លួន ឬត្រូវបង្រ្កាបដោយការបាញ់ប្រហារក៏ដោយ ដែលនេះបានបង្ហាញថា ការទាមទារសម្រាប់លទ្ធិប្រជាធិបតេយ្យនៅតែមានសន្ទុះមួយខ្លាំងក្លានៅឡើយ។ ខណៈពេលនេះ អ្នកដឹកនាំផ្តាច់ការ មានការលំបាកក្នុងការរៀបចំការបោះឆ្នោត ដែលលំអៀងដល់ពួកគេ។ លោកបានមានប្រសាសន៍បន្តថា អ្នកដឹកនាំតាមបែបប្រជាធិបតេយ្យ ត្រូវតែបំពេញការងារអោយបានប្រសើរជាងនេះ ដើម្បីដោះស្រាយការប្រឈមថ្នាក់ជាតិ និងពិភពលោក និងត្រូវធានាថារបបប្រជាធិបតេយ្យត្រូវបានអនុវត្តដូចដែលខ្លួនបានសន្យា។

ការផ្ទុះរាលដាលនៃជំងឺកូវីដ ១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពន្ធនាគារនៅកម្ពុជា ដោយហេតុថា រដ្ឋាភិបាលបានខកខាន មិនបានចាត់វិធានការគ្រប់គ្រាន់ ក្នុងការឆ្លើយតបចំពោះការព្រមានទុកជាមុន។ ការបិទខ្ទប់កាលពីខែកុម្ភៈ បណ្តាលអោយមានកង្វះស្បៀងជាបន្ទាន់ និងវិបត្តិសុខភាព នៅតាមតំបន់ដែលប៉ះពាល់ដោយជំងឺ កូវីដ ១៩​​ ដែលនាំអោយមានការប៉ះពាល់ដោយមិនសមាមាត្រចំពោះប្រជាជនដែលមានចំណូលទាប។ នៅខែ មិនារដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់កូវីដ ១៩​ ដែលរំលោភសិទ្ធិមនុស្ស ដែលច្បាប់នេះ មានចែងអំពីការដាក់ទោសជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ និងការដាក់ពិន័យមិនសមាមាត្រផ្សេងៗទៀត ចំពោះការបំពានវិធានការកូវីដ ១៩។

មុនការបោះឆ្នោត ដែលគ្រោងធ្វើនៅឆ្នាំ ២០២២ និង ២០២៣ ខាងមុខ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់អតីតសមាជិកគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ជាគោលដៅដើម្បីធ្វើទុក្ខបុកម្នេញ និងចោទប្រកាន់ចាប់ចង ដែលបង្ខំអោយអ្នកទាំងនោះជាច្រើនបានរត់ភៀសខ្លួនទៅក្រៅប្រទេស។ ការចោទប្រកាន់មានចរិតនយោបាយ ពីបទសនិ្នដ្ឋិភាពជាមួយបរទេសប្រឆាំងប្រធានគណបក្សប្រឆាំង លោក កឹម សុខា នៅជាធរមាននៅឡើយ ខណៈដែលមេដឹកនាំគណបក្សដែលនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្ស ៨ រូបទៀត ប្រឈមជាប់ពន្ធនាគាររហូត ២៥​ ឆ្នាំពីបទចោទប្រកាន់ក្លែងក្លាយទាំងនេះ។

នៅឆ្នាំ ២០២១ រដ្ឋាភិបាលបានបង្កើនការបង្ក្រាបទៅលើសកម្មជន និងយុវជនបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្សជាច្រើននាក់។ ពេលនេះ កម្ពុជាមានអ្នកទោសនយោបាយចំនួន ៦០ នាក់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារដែលចង្អៀតណែន។

នៅខែ កុម្ភៈ រដ្ឋសភាជាតិបានអនុម័តច្បាប់ស្តីពី ច្រកទ្វារអិនធើណិតជាតិ ដែលនឹងផ្តល់សិទ្ធិដល់រដ្ឋាភិបាលនូវអំណាចផ្លូវច្បាប់ក្នុងការឃ្លាំមើលគ្រប់សកម្មភាពទាំងឡាយក្នុងប្រព័ន្ធអិនធើណិត និងអាចរាំងខ្ទប់ និងកាត់ផ្តាច់ការទំនាក់ទំនងតាមប្រព័ន្ធអិនធើណិត។ ការបញ្ចេញមតិបែបរិះគន់នៅលើបណ្តាញសង្គម និងការរាយការណ៍ព័ត៌មានឯករាជ្យត្រូវបានរងនូវការគាបសង្កត់បន្តទៀតនៅឆ្នាំ ២០២១ ក្រោមបទផ្សព្វផ្សាយ “ព័ត៌មានក្លែងក្លាយ”​ រដ្ឋាភិបាលបានហាមឃាត់យ៉ាងមានប្រសិទ្ធភាពនូវការរាយការណ៍ព័ត៌មានឯករាជ្យ ហើយបានគំរាម និងចាត់វិធានការផ្លូវច្បាប់សំដៅការពាររាល់សកម្មភាពទាំងឡាយរបស់ ប៉ូលីស និងរដ្ឋាភិបាល។

លោក​ Robertson បានលើកឡើងថា “រាជរដ្ឋាភិបាលកម្ពុជា គួរបញ្ឈប់ ការប្រើប្រាស់វិធានការគាបសង្កត់ ដើម្បីបំបិទការបញ្ចេញមតិរបស់ពលរដ្ឋអំពីបញ្ហា សង្គម នយោបាយ និងបញ្ហា បរិស្ថាន”។

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed