រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
យើងខ្ញុំជាអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងសហគមន៍ដែលមានរាយនាមដូចខាងក្រោម សូមអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) ទម្លាក់ចោលនូវសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដែលមានលក្ខណៈគាបសង្កត់ និងសូមឱ្យគោរពទៅតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះមានបទប្បញ្ញត្តិជាច្រើនដែលមានវិសាលភាពទូលំទូលាយក្នុងការកំណត់បទល្មើសចំពោះសកម្មភាពស្របច្បាប់ប្រចាំថ្ងៃជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) ហើយដែលនឹងរំលោភលើសិទ្ធិសេរីភាពខាងការបញ្ចេញមតិ ខាងសមាគម ខាងការជួបប្រជុំនិងសិទ្ធិមនុស្សផ្សេងៗទៀត។ ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត ច្បាប់នេះនឹងក្លាយជាច្បាប់ដែលមានលក្ខណៈគាបសង្កត់មួយផ្សេងទៀតនៅក្នុងក្របខ័ណ្ឌច្បាប់ដែលប៉ះពាល់សិទ្ធិមនុស្សធ្ងន់ធ្ងរ។
សេចក្តីព្រាងច្បាប់នេះត្រូវបានតាក់តែងឡើងក្នុងគោលបំណងបញ្ញត្តអំពីការប្រើប្រាស់ទីកន្លែងសាធារណៈ និងការបង្ហាញឥរិយាបទជាសាធារណៈនៅទីកន្លែងសាធារណៈទាំងនោះ។ សេចក្តីព្រាងច្បាប់នេះចែងអំពីសោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ និងតម្លៃសង្គម ដែលទាំងអស់នេះស្ថិតក្នុងគោលបំណងទូលំទូលាយក្នុងការរក្សា “សណ្តាប់ធ្នាប់សាធារណៈ”។ សេចក្តីព្រាងច្បាប់នេះព្យាយាមកំណត់ការហាមឃាត់នូវសកម្មភាពជាក់លាក់មួយចំនួនដែលរៀបរាប់អំពីប្រភេទនៃការកំណត់ទោសទណ្ឌផ្សេងៗប្រសិនបើមិនគោរពតាម និងផ្តល់អំណាចដល់ អាជ្ញាធរកម្ពុជានៅគ្រប់លំដាប់ថ្នាក់ដើម្បីអនុវត្តដោយពុំផ្អែកលើមូលដ្ឋានគតិយុត្តិ ក្រោមហេតុផលធ្វើឱ្យ “សង្គមកាន់តែមានភាពស៊ីវិល័យ”។ យើងខ្ញុំមានក្តីបារម្ភយ៉ាងខ្លាំងចំពោះបទប្បញ្ញត្តិដែលមានអត្ថន័យទូលំទូលាយ និងមាន លក្ខណៈបំពានជាច្រើនក្នុងសេចក្តីព្រាងច្បាប់នេះ ដែលរំលោភលើកិច្ចការពារសិទ្ធិមនុស្សជាច្រើនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា(“រដ្ឋធម្មនុញ្ញ”) និងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នក្នុងនោះរួមទាំងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (“ក.អ.ស.ព.ន”) និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.អ.ស.ស.ស.វ)។ យើងខ្ញុំសូមគូសបញ្ជាក់នូវក្តីបារម្ភចម្បងៗដូចខាងក្រោម។ ទោះជាយ៉ាងនេះក្តី ការទម្លាក់ចោលទាំងស្រុងនូវសេចក្តីព្រាងច្បាប់ដែលពុំចាំបាច់នេះគឺជាការប្រសើរ។
១. វិសាលភាពនិងគោលបំណង៖ សេចក្តីព្រាងច្បាប់នេះមានវិសាលភាពទូលំទូលាយ ហើយការបញ្ចូលបញ្ញត្តិហាមឃាត់ដែលមានន័យទូលំទូលាយលើសកម្មភាពមួយចំនួននោះ ស្ទើរតែពុំអាចអនុវត្តបានជាទូទៅដែលផ្ទុយទៅនឹងគោលការណ៍នីតិរដ្ឋជាសកលដែលមានជាយូរមកហើយ។ មាត្រា ១ នៃសេចក្តីព្រាងច្បាប់នេះចែងអំពីគោលបំណង «ធានាដល់ការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ឱ្យមានរបៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិនិងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ»។ វាក្យសព្ទនិងនិយមន័យជាច្រើននៅពុំទាន់ត្រូវបានពន្យល់ឱ្យបានច្បាស់លាស់ និងដោយអាស្រ័យថាដើម្បីតម្លៃសង្គម ដែលអាចបកស្រាយផ្សេងៗគ្នា គ្មានមូលដ្ឋានគតិយុត្តិ និងអាចផ្លាស់ប្តូរជាបន្តបន្ទាប់។ កង្វះភាពច្បាស់លាស់នេះជាបច្ច័យមួយនាំឱ្យមានការបកស្រាយផ្សេងៗក្នុងការអនុវត្តច្បាប់នេះ ដែលធ្វើឱ្យសាធារណជនពិបាកយល់ឱ្យបានច្បាស់លាស់ ដោយពុំដឹងជាមុនថាតើសកម្មភាពណាខ្លះដែលផ្ទុយឬស្របនឹងច្បាប់នេះ។ ទោះបីជាសណ្តាប់ធ្នាប់សាធារណៈគឺជាគោលបំណងស្របតាមផ្លូវច្បាប់ដែលត្រូវបានអនុញ្ញាតក្រោម ក.អ.ស.ព.ន និង ក.អ.ស.ស.ស.វ ក៏ដោយក្តី ប៉ុន្តែអត្ថន័យនៃពាក្យសណ្តាប់ធ្នាប់សាធារណៈនេះអាចត្រូវបានគេលើកយកជាសម្អាងដើម្បីរឹតត្បិតសិទ្ធិមនុស្សក្នុងស្ថានភាពចង្អៀតណាមួយ។ ការរឹតត្បិតណាមួយក្រោមហេតុផលសណ្តាប់ធ្នាប់សាធារណៈ អាចធ្វើឡើងតែក្នុងករណីចាំបាច់ សមាមាត្រនិងជាជម្រើសចុងក្រោយតែប៉ុណ្ណោះ។
២. ការរើសអើង៖ សេចក្តីព្រាងច្បាប់នេះប៉ះពាល់យ៉ាងខ្លាំងលើក្រុមបុគ្គលដែលងាយរងគ្រោះ ដែលផ្ទុយទៅនឹងការធានាអំពីការមិនរើសអើងដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ក.អ.ស.ព.ន ក.អ.ស.ស.ស.វ និងលិខិតូបករណ៍សិទ្ធិមនុស្សដែលត្រូវអនុវត្តដទៃទៀត។ សេចក្តីព្រាងច្បាប់នេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រជាពលរដ្ឋដែលមានភាពលំបាកផ្នែកសេដ្ឋកិច្ចនិងអ្នកធ្វើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើននៃអ្នកទាំងនោះពឹងផ្អែកលើសកម្មភាពនានាដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ដែលចំណុចនេះត្រូវបានហាមឃាត់នៅក្នុងសេចក្តីព្រាងច្បាប់នេះ ។ ឧទាហរណ៍ មាត្រា ១១ ហាមឃាត់ “ការតាំង ឬការលក់ដូរទំនិញបំពានលើទីសាធារណៈគ្មានសណ្តាប់ធ្នាប់” ដែលជាប្រភពចំណូលមួយផ្នែកនៅប្រទេសកម្ពុជា ចំណែកមាត្រា៣៧ (ឈ) ហាមឃាត់ “ការសុំទានតាមគ្រប់រូបភាព”។ មាត្រា ១១ ហាមឃាត់ការយកទីសាធារណៈជា “ទីស្នាក់អាស្រ័យនៅបណ្តោះអាសន្ន” ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ បុគ្គលគ្រប់រូបមានសិទ្ធិរស់នៅក្នុងជីវភាពសមរម្យហើយប្រទេសកម្ពុជានៅកំពុងប្រឈមកង្វះប្រព័ន្ធកិច្ចគាំពារសង្គមដែលអាចធានាសិទ្ធិនេះដល់ប្រជាពលរដ្ឋដែលប្រឈមហានិភ័យក្នុងសង្គមនៅឡើយ។ បន្ថែមលើកង្វះការគាំទ្រដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះនេះ សេចក្តីព្រាងច្បាប់នេះមានឥទ្ធិពលកាន់តែធ្វើឱ្យមានភាពក្រីក្រ និងវិសមភាពសេដ្ឋកិច្ចកើនឡើងថែមទៀត។
សេចក្តីព្រាងច្បាប់នេះមានបទប្បញ្ញត្តិមួយចំនួន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់បុគ្គលដែលមានបញ្ហាសុខភាពផ្លូវចិត្ត ព្រមទាំងជាបច្ច័យឱ្យមានការរើសអើងនិងការប្រមាថមាក់ងាយផងដែរ។ សេចក្តីព្រាងច្បាប់នេះបញ្ញត្តអំពីការរឹតត្បិតតាមអំពើចិត្តនិងគ្មានមូលដ្ឋានច្បាស់លាស់លើបុគ្គល “វិបល្លាសស្មារតី” ដែលពន្យល់អត្ថន័យមិនច្បាស់លាស់ថា “សំដៅដល់ការប្រែប្រួលស្មារតីដែលនាំឱ្យបាត់បង់ការដឹងខុសត្រូវ” ។ និយមន័យនេះខ្វះមូលដ្ឋានផ្លូវច្បាប់និងវិទ្យាសាស្ត្រ និងពុំមានតម្រូវឱ្យធ្វើរោគវិនិច្ឆយពីអ្នកជំនាញដែលប្រការនេះហាក់ដូចជាសន្មតលើស្ថានភាពសុខភាពផ្លូវចិត្តរបស់បុគ្គលទាក់ទងនឹងលទ្ធភាពនៃការវិនិច្ឆយដឹងខុសត្រូវ ហើយដោយមិនថ្លឹងថ្លែងដល់ស្ថានភាពធ្ងន់ធ្ងរនៃជំងឺ “វិបល្លាសស្មារតី” ផងនោះ។ ហេតុដូច្នោះច្បាប់នេះពុំស្របជាមួយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ព្រោះពុំបានកំណត់ថាតើអាការៈជំងឺបែបណាដែលអាចរាប់ថាជាប្រភេទជំងឺ “វិបល្លាសស្មារតី” ដោយអនុលោមតាមស្តង់ដារវេជ្ជសាស្រ្តដែលមានការទទួលស្គាល់ជាអន្តរជាតិនោះឡើយ។ សេចក្តីព្រាងច្បាប់នេះ ហាមឃាត់បុគ្គលទាំងនេះពី “ការដើររហេត រហូតតាមទីសាធារណៈ”(មាត្រា២៥)។ ការរឹតត្បិតទៅលើការធ្វើដំណើរចំពោះក្រុមបុគ្គលនេះ ដោយពុំតម្រូវឱ្យមានការកំណត់ថាតើការរឹតត្បិតនោះធ្វើឡើងក្នុងករណីចាំបាច់ ផ្អែកតាមស្ថានភាពបុគ្គលជាក់ស្តែងឬយ៉ាងណានោះនឹងបង្កផលប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការធ្វើដំណើរដែលធានាក្នុងនៅមាត្រា៩នៃក.អ.ស.ព.ន និង រំលោភសិទ្ធិដែលត្រូវការពារក្រោមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិនៃជនមានពិការភាព ដែលកម្ពុជាបាន ផ្តល់សច្ចាប័ន។ សេចក្តីព្រាងច្បាប់នេះនឹងបង្កក្តីបារម្ភជាខ្លាំង ពីព្រោះនឹងរារាំងប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពផ្លូវចិត្តក្នុងការទទួលបានសេរីភាពមូលដ្ឋានរបស់ខ្លួន ព្រមទាំងអនុញ្ញាតឱ្យមានការរើសអើងដោយផ្អែកលើពិការភាពដោយពុំសមហេតុផល។
បន្ថែមលើក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះខាងលើ សេចក្តីព្រាងច្បាប់ដែលមានបទប្បញ្ញត្តិគួរឱ្យព្រួយបារម្ភនេះ អាចនាំឱ្យមានការរើសអើងលើស្ត្រីកាន់តែខ្លាំងថែមទៀត(មាត្រា៣៧ ដូចការវិភាគខាងក្រោម)។
៣. សេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងចងក្រងសមាគម៖ សេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈបង្កក្តីបារម្ភយ៉ាងខ្លាំងចំពោះការអនុវត្តសេរីភាពខាងការជួបប្រជុំនិងសេរីភាពចងក្រងសមាគមនៅកម្ពុជា។ មាត្រា៦ និង មាត្រា៣០ តម្រូវឱ្យមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន ទើប អាច“ប្រើប្រាស់ទីសាធារណៈ” បាន និងអនុញ្ញាតឱ្យអាជ្ញាធរបញ្ឈប់ព្រឹត្តិការណ៍ ប្រសិនបើពុំមានការអនុញ្ញាតពីសំណាក់អាជ្ញាធរ។ ស្របគ្នាជាមួយមាត្រា៤៨ ដែលទុកជានិរាករណ៍នូវបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីព្រាងច្បាប់នេះ កែប្រែនូវគោលការណ៍ជូនដំណឹងជាមុនដែលមានចែងក្នុងមាត្រា៥ និងមាត្រា៧ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដោយដាក់ជំនួសវិញនូវការតម្រូវឱ្យស្នើសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុន ដែលផ្ទុយទាំងស្រុងជាមួយច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក្នុងនោះរួមទាំងមាត្រា២១ នៃ ក.អ.ស.ព.ន។ បទប្បញ្ញត្តិទាំងនេះ ផ្តល់មូលដ្ឋានសម្រាប់ធ្វើការជ្រៀតជ្រែកតាមអំពើចិត្ត ដែលបុគ្គលនិងសមាគមជាច្រើនបានជួបប្រទះរួចហើយនៅពេលរៀបចំព្រឹត្តិការណ៍នានា។ ម្យ៉ាងវិញទៀត មាត្រា៣១ នៃសេចក្តីព្រាងច្បាប់នេះអនុញ្ញាតឱ្យអាជ្ញាធរអាចបដិសេធ ឬបញ្ឈប់ព្រឹត្តិការណ៍នានាដោយផ្អែកលើមូលហេតុដែលមានអត្ថន័យទូលំទូលាយ ៦ យ៉ាងនេះ ក្នុងនោះមានដូចជា ប្រសិនបើព្រឹត្តិការណ៍នោះបង្ក“ការប្រទូសរាយជាមួយកងកម្លាំងសមត្ថកិច្ច” ឬ “បង្កការប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ” ជាដើមដែលចំណុចនេះមានន័យទូលំទូលាយខ្លាំង និងអាចត្រូវបានប្រើប្រាស់ដើម្បីហាមឃាត់ការជួបប្រជុំ ឬព្រឹត្តិការណ៍នានាតាមឆន្ទានុសិទ្ធិដែលអាជ្ញាធរមានសមត្ថកិច្ចជាអ្នកកំណត់ដោយពុំមានការព្យាករណ៍ពីលទ្ធភាពអាចធ្វើទៅបាន ឬភាពច្បាស់លាស់ក្នុងការអនុវត្តនិងពុំមានការថ្លឹងថ្លែងឱ្យបានត្រឹមត្រូវដល់ការអនុវត្តសេរីភាពមូលដ្ឋាន។ ម្យ៉ាងទៀត មាត្រា ៣៣ កំណត់លើបរិមាណនៃចំនួនអ្នកចូលរួមក្នុងព្រឹត្តិការណ៍ជួបប្រជុំមិនឱ្យលើសពីចំនួន “២ (ពីរ) នាក់ ក្នុង១,២ ម៉ែត្រក្រឡា”។ បញ្ញត្តិដែលមានលក្ខណៈបំពាននេះ ផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការរឹតត្បិតដោយស្របច្បាប់លើសកម្មភាពនៃការជួបប្រជុំដោយសន្តិវិធីនិងចងក្រងសមាគម តាមរយៈការកំណត់នូវចំនួនអ្នកចូលរួមដោយពុំតម្រូវឱ្យអាជ្ញាធរវាយតម្លៃឱ្យបានច្បាស់ថា ការកម្រិតនោះចាំបាច់ក្នុងកាលៈទេសៈជាក់លាក់ណាមួយដែរឬយ៉ាងណា។ សហគមន៍ជនជាតិដើមភាគតិច អង្គការនៅថ្នាក់មូលដ្ឋាន សហជីព និងសកម្មជននៅថ្នាក់មូលដ្ឋានពឹងផ្អែកលើលទ្ធភាពនេះក្នុងការជួបប្រជុំដើម្បីតស៊ូមតិសម្រាប់សិទ្ធិរបស់ខ្លួន នឹងប៉ះពាល់ធ្ងន់ធ្ងរតាមរយៈបទប្បញ្ញត្តិដែលរឹតត្បិតទាំងនេះ។ តាមរយៈសេចក្តីពន្យល់ទូទៅលេខ៣៧ ថ្មីរបស់គណៈកម្មា ធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិថ្លែងបញ្ជាក់ថា រដ្ឋនានាមិនអាចផ្អែកលើនិយមន័យដែលមានខ្លឹមសារមិនច្បាស់លាស់នៃសណ្តាប់ធ្នាប់សាធារណៈ ដើម្បីផ្តល់យុត្តិកម្មលើការរឹតត្បិតដូចដែលសេចក្តីព្រាងច្បាប់នេះចែងនោះទេ។ គណៈកម្មាធិការសង្កត់ធ្ងន់ថា កុំមានការយល់ច្រឡំរវាងពាក្យ “សណ្តាប់ធ្នាប់សាធារណៈ” និង “ច្បាប់និងរបៀបរៀបរយ” ដោយច្បាប់និងរបៀបរៀបរយតម្រូវឱ្យរដ្ឋរក្សា “ភាពអត់ធ្មត់ខ្លាំង” ចំពោះការរំខានណាមួយដោយសារការជួបប្រជុំដោយសន្តិវិធី។
៤. សេរីភាពក្នុងការបញ្ចេញមតិ៖ សេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ អនុញ្ញាតឱ្យមានការរំលោភដោយបំពានលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ ទីមួយច្បាប់នេះហាមឃាត់ “ការប្រើពាក្យ សម្តីឮខ្លាំងៗ” (មាត្រា ១៦) និងកំណត់រាល់សំឡេងបង្កឱ្យឮខ្លាំងរំខានដល់អ្នកដទៃត្រូវបញ្ឈប់ចាប់ពីម៉ោង១២ (ដប់ពីរ) ថ្ងៃត្រង់ ដល់ម៉ោង១៤ (ដប់បួន) រសៀល និងចាប់ពី ម៉ោង២២ (ម្ភៃពីរ) យប់ ដល់ម៉ោង ៥ (ប្រាំ)ព្រឹក លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច (មាត្រា១៧) ដែលពុំស្របតាមលក្ខខណ្ឌតម្រូវនៃភាពចាំបាច់សម្រាប់ការសម្រេចនូវគោលបំណងនៃសណ្តាប់ធ្នាប់សាធារណៈនេះ ជាការបំពាន ក.អ.ស.ព.ន ។ ជាងនេះទៀត មាត្រា ៣៦ ដែលហាមឃាត់បុរសស្លៀកតែខោអត់ពាក់អាវ ឬស្លៀកតែខោទ្រនាប់បង្ហាញផ្នែកខ្លះនៃកេរភេទ និងហាមឃាត់ស្ត្រីពីការស្លៀកពាក់ខ្លីខើចលើខើចក្រោម ឬ ស្លៀកពាក់ស្តើងមើលឃើញកេរភេទ” ដែល “ប៉ះពាល់ប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរ” នោះ ជាការបំពានលើសេរីភាពក្នុងការបញ្ចេញមតិ ប៉ះពាល់ដល់ស្វ័យភាពរបស់បុគ្គលនិងពុំបានពន្យល់ច្បាស់លាស់អំពីនិយមន័យនៃសេចក្តីថ្លៃថ្នូរ ដូច្នេះជាការទុកចន្លោះប្រហោងឱ្យមានការអនុវត្តពុំស្មើភាពគ្នា។ មាត្រា៣៦ ក៏នឹងកាន់តែនាំឱ្យមានការរើសអើងលើស្ត្រីដែលប្រឈមផ្នត់គំនិតយេនឌ័របែបអវិជ្ជមាន និងទស្សនៈឱ្យតម្លៃបុរសជាង ដែលបានចាក់ឫសក្នុងប្រពៃណីសង្គមជាយូរមកហើយ។ ស្ត្រីនៅកម្ពុជាប្រឈមនឹងការគំរាមកំហែងនិងការដាក់ពន្ធនាគារដោយសារជម្រើសក្នុងការស្លៀកពាក់របស់ខ្លួន ដោយមានស្ត្រីម្នាក់ធ្លាប់ត្រូវបានផ្តន្ទាទោសទាក់ទងនឹងការស្លៀកពាក់របស់នាងរួចហើយក្នុងឆ្នាំ២០២០។ បន្ថែមលើនេះ លោកនាយករដ្ឋមន្ត្រីបានបន្ទោសជាសាធារណៈលើការស្លៀកពាក់របស់ស្ត្រីដែលជាការជំរុញឱ្យមានអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងនោះរួមទាំងបទល្មើសបំពានផ្លូវភេទជាដើម។ មាត្រា ៦ នឹងបន្ថែមនូវវប្បធម៌នៃការ “ស្តីបន្ទោសលើជនរងគ្រោះ” តាមការកំណត់ជាបទល្មើសលើស្ត្រី រួមទំាងជនរងគ្រោះដោយអំពើហិង្សាផងដែរដោយសារតែជម្រើសនៃការស្លៀកពាក់របស់ខ្លួន។
ជាចុងក្រោយ សេចក្តីព្រាងច្បាប់នេះមានឥទ្ធិពលខ្លាំងក្នុងការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិទាំងនៅលើនិងក្រៅបណ្តាញអ៊ីនធឺណិត។ មាត្រា ៣៧ បញ្ញត្តិអំពីហាមឃាត់មានអត្ថន័យពុំច្បាស់លាស់ និងគ្មានមូលដ្ឋានចំពោះការបញ្ចេញមតិដែលប៉ះពាល់ដល់ “ប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរ” ដោយពុំមានការបកស្រាយលម្អិតអំពីបទដ្ឋាននៃសេចក្តីថ្លៃថ្នូរដែលកំណត់ឱ្យសាធារណជនទទួលខុសត្រូវនោះទេ។ ក្នុងនោះមានដូចជា “ការដាក់បង្ហាញ ឬចែកចាយនូវសំណេរ ឬរូបភាពឬប្រើពាក្យសម្តីមានខ្លឹមសារជេរប្រមាថតាមបណ្តាញព័ត៌មានសង្គម” “ការបញ្ចេញអាកប្បកិរិយាច្រងេងច្រង៉ាង” និង “ការចែកចាយ ឬដាក់បង្ហាញនូវសំណេរ សញ្ញាសម្គាល់ ឬរូបភាពដែលតំណាងឱ្យការគំរាមកំហែង”។ វិសាលភាពនៃច្បាប់នេះគ្រប ដណ្តប់រហូតដល់លំហប្រព័ន្ធអ៊ីនធឺណិត ដែលបន្ថែមក្តីបារម្ភថែមទៀត ដោយសារជាការគាបសង្កត់ដ៏ទូលំទូលាយលើសេរីភាពក្នុងការបញ្ចេញមតិនៅលើប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។ នៅឆ្នាំ២០២០ នេះមានករណីចាប់ខ្លួនមនុស្សជាច្រើន ដោយសារការបញ្ចេញគំនិតយោបល់នៅលើបណ្តាញអ៊ីនធឺណិត។
៥-ទោសទណ្ឌនិងការអនុវត្ត៖ សកម្មភាពដែលត្រូវហាមឃាត់ក្នុងសេចក្តីព្រាងច្បាប់នេះគឺប្រឈមទោសទណ្ឌផ្សេងៗរាប់ទាំង “ការព្រមាន” និងការពិន័យផ្នែករដ្ឋបាល” រហូតដល់ “ការដាក់ពន្ធនាគារ និង/ឬ ការពិន័យជាប្រាក់”។ តាមសេចក្តីព្រាងច្បាប់នេះបុគ្គលល្មើសអាចប្រឈមនឹងទោសដាក់ពន្ធនាគាររយៈពេល១ថ្ងៃ ដល់ ៦ថ្ងៃ និងពិន័យជាប្រាក់ចន្លោះ ១០០.០០០ រៀល ដល់ ៥០០.០០០ រៀល ។ សេចក្តីព្រាងច្បាប់នេះពុំបានបញ្ញត្តអំពីការអនុវត្តទោសទណ្ឌទាំងនេះដែលនាំឱ្យអាជ្ញាធរមានឆន្ទានុសិទ្ធិក្នុងការកំណត់ទោសសមស្របចំពោះសកម្មភាពដែលត្រូវហាមឃាត់នីមួយៗ ដែលជាបច្ច័យអាចនាំឱ្យមានការអនុវត្តពុំត្រឹមត្រូវ កង្វះភាពស្របគ្នាក្នុងការអនុវត្ត និងកង្វះការពិចារណាក្នុងការគោរពនិងអនុវត្តតាមច្បាប់។ ដោយសារច្បាប់នេះមានការកំណត់គោលដោយពុំសមាមាត្រ លើក្រុមប្រជាពលរដ្ឋដែលមានការលំបាកផ្នែកសេដ្ឋកិច្ចនោះ ច្បាប់នេះនឹងកំណត់ការពិន័យជាប្រាក់លើបុគ្គលដែលស្ទើតែគ្មានលទ្ធភាពក្នុងការបង់ពិន័យ។ មូលដ្ឋានសម្អាងដែលអាចដាក់ពន្ធនាគារ មានខ្លឹមសារពុំច្បាស់លាស់ដែលពុំអាចទទួលយកបានគឺជាការរំលោភលើគោលការណ៍និត្យានុកូលភាព។ ផ្អែកលើការវិនិច្ឆយតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ការដាក់ពន្ធនាគារគឺពុំមែនជាលក្ខខណ្ឌដែលគួរចាំបាច់ឬជាការឆ្លើយតបសមាមាត្រចំពោះការរំលោភបំពាននៃច្បាប់នេះនោះទេ ដូច្នេះហើយ នេះគឺជាការកំណត់ទោសទណ្ឌដែលពុំសមហេតុផល។
មាត្រា ៦ បង្កក្តីបារម្ភចំពោះការអនុវត្តសេចក្តីព្រាងច្បាប់នេះ ព្រោះច្បាប់នេះផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរមូលដ្ឋានក្នុង “ការរៀបចំមន្ត្រីជាប់កិច្ចសន្យាជួយការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ”។ “កងកម្លាំងសន្តិសុខ” ឬ “កម្លាំងនគរបាល” ជួលដោយអាជ្ញាធរមូលដ្ឋានមានប្រវត្តិជាយូរមកហើយជុំវិញការប្រើអំពើហិង្សាលើបុគ្គលនានា និងអ្នកការពារសិទ្ធិមនុស្សដែលព្យាយាមអនុវត្តសិទ្ធិរបស់ខ្លួន ហើយកម្រនឹងទទួលខុសត្រូវចំពោះអំពើល្មើសនេះណាស់។ កងកម្លាំងសន្តិសុខជាប់កិច្ចសន្យាទាំងនេះបង្កើតឡើងក្រោមឥទ្ធិពលនយោបាយ គ្មានច្បាប់ គ្មានគណនេយ្យភាព និងគ្មានការបណ្តុះបណ្តាល ដូច្នេះហើយពួកគេបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ការអនុវត្តសិទ្ធិមនុស្សដោយសន្តិវិធី។
សេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈនេះត្រូវបានបង្កើតឡើងក្នុងពេលកំពុងមានការបង្ក្រាបលើសេរីភាពមូលដ្ឋាននៅប្រទេសកម្ពុជា។ ច្បាប់នានាជាច្រើនដែលផ្តល់អំណាចដល់រដ្ឋាភិបាលដ៏ទូលំទូលាយនិងគ្មានមូលដ្ឋានគតិយុត្តិនោះ ជារឿយៗត្រូវបានអនុវត្តពុំត្រឹមត្រូវដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស និងមានគោលដៅ បង្ក្រាបលើសេរីភាពបញ្ចេញមតិ។ ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត សេចក្តីព្រាងច្បាប់នេះនឹងកាត់បន្ថយសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋនៅកម្ពុជាថែមទៀតដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិទាំងមូល។អាស្រ័យហេតុដូច្នេះហើយ យើងខ្ញុំសូមអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលទាំងស្រុងនូវសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈនេះ និងសូមឱ្យគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ៕
---ចប់---
អង្គការសង្គមស៊ីវិល សហជីព និងសហគមន៍ដែលគាំទ្រសេចក្តីថ្លែងការណ៍នេះ មានរាយនាមដូចខាងក្រោម៖
១ |
អង្គការអាកសិនអេដ កម្ពុជា |
២ |
វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ |
៣ |
ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) |
៤ |
អង្គការលើកលែងទោសអន្តរជាតិ |
៥ |
អង្គការមាត្រា១៩ |
៦ |
អង្គការសមាជិកអាស៊ានសម្រាប់សិទ្ធិមនុស្ស |
៧ |
អង្គការវេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្សនិងអភិវឌ្ឍន |
៨ |
អង្គការបន្ទាយស្រី |
៩ |
សហគមន៍បឹងទន្លេម្រេច |
១០ |
សហគមន៍បឹងត្របែក |
១១ |
សហគមន៍បុរីកីឡា |
១២ |
សហគមន៍ប៊ូស្រា ខេត្តមណ្ឌលគិរី |
១៣ |
អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV) |
១៤ |
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) |
១៥ |
អង្គការជនជាតិដើមភាគតិចកម្ពុជា |
១៦ |
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) |
១៧ |
សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) |
១៨ |
អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) |
១៩ |
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា |
២០ |
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ |
២១ |
បណ្ដាញយុវជនកម្ពុជា |
២២ |
អង្គការសម្ព័ន្ធសិទិ្ធកុមារកម្ពុជា(ស.ស.ក) |
២៣ |
សម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ |
២៤ |
សម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម (CISA) |
២៥ |
សម្ព័ន្ធសហគមន៍កសិករកម្ពុជា |
២៦ |
បណ្តាញកសាងសន្តិភាពសហគមន៍ (CPN) |
២៧ |
អង្គការសមធម៌កម្ពុជា (EC) |
២៨ |
សហគមន៍អតីតបណ្តាញស្រ្តីបឹងកក់ |
២៩ |
អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា |
៣០ |
អង្គការឃ្លាំមើលសិទ្ធិមនុស្ស |
៣១ |
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ |
៣២ |
សមាគមឥន្ទ្រទេវី (IDA) |
៣៣ |
គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) |
៣៤ |
អង្គការសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស (FIDH) |
៣៥ |
អង្គការអាយហ្វិក (IFEX) |
៣៦ |
សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឌន៍ (KKKHRDA) |
៣៧ |
ខ្មែរថាវរៈ |
៣៨ |
សមាគមយុវជនខ្មែរ (KYA) |
៣៩ |
ក្លាហាន |
៤០ |
សហគមន៍កូនគ្រៀល ខេត្តឧត្តរមានជ័យ |
៤១ |
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល |
៤២ |
សហគមន៍ដីធ្លីភូមិភ្នំក្រិញ ខេត្តម៉ៃលិន |
៤៣ |
សហគមន៍ដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង |
៤៤ |
អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO) |
៤៥ |
មាតាធម្មជាតិកម្ពុជា (MN) |
៤៦ |
សហគមន៍ការពារធនធានធម្មជាតិស្រុកក្រគរ ខេត្តពោធិសាត់ |
៤៧ |
គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NECFEC) |
៤៨ |
Not 1 More (N1M) |
៤៩ |
សហគមន៍ភ្នំបាត |
៥០ |
សហគមន៍ភ្នំំក្រោម ខេត្តសៀមរាប |
៥១ |
សហគមន៍ភូមិ ២៣ |
៥២ |
អង្គការពន្លកខ្មែរ (PKH) |
៥៣ |
សហគមន៍ដីធ្លី ភូមិព្រែកជីក ឃុំជីខក្រោម ខេត្តកោះកុង |
៥៤ |
សហគមន៍ព្រៃពាយ ខេត្តកំពត |
៥៥ |
សហគមន៍ផ្លូវរថភ្លើង ទួលសង្កែ A |
៥៦ |
សមាគមធាងត្នោត |
៥៧ |
សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ |
៥៨ |
សហគមន៍តានី ១៩៧ ឃុំជីខលើ ខេត្តកោះកុង |
៥៩ |
គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងគ្រប់រូបភាពលើស្រ្តី |
៦០ |
សហគមន៍ថ្មដាខេត្តពោធិសាត់ |
៦១ |
អង្គការតម្លាភាពកម្ពុជា (TIC) |
៦២ |
សហគមន៍ត្រពាំងសង្កែ ខេត្តកំពត |
៦៣ |
អង្គការនារីដើម្បីសន្តិភាព (WPM) |
៦៤ |
អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT) |
៦៥ |
ក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) |