Skip to main content

អង្គការសង្គមស៊ីវិលខកចិត្តចំពោះការបន្តនីតិវិធីស៊ើបអង្កេតលើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីលោក យាង សុធារិន្ទ និងលោក អួន ឈិន

រាជធានីភ្នំពេញ យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដូច​មាន​រាយ​នាម​ខាង​ក្រោម ​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​ខក​ខាន​របស់​សាលា​ដំបូង​រាជធានីភ្នំពេញ​ក្នុង​ការ​ប្រកាស​សាល​​ក្រម និង​ ចំពោះ​ការ​​បន្តនីតិវិធី​​ស៊ើប​អង្កេត​លើ​ករណី​លោក យាង សុធារិន និង​លោក​ អួន​ ឈិន។ ​អ្នក​ទាំងពីរត្រូវបានចាប់ខ្លួន ឃុំឃាំង និងចោទប្រកាន់ដោយសារតែការអនុវត្តសេរីភាពបញ្ចេញមតិ និងការងាររបស់ពួកគេជាអ្នកសារព័ត៌មានស៊ើបអង្កេតទៅលើបញ្ហាអយុត្តិធ៌មសង្គម។ ការ​ប្រកាសសាលក្រមចាត់របៀប​​កាលពីថ្ងៃម្សិលមិញ​បង្ហាញ​ឱ្យ​ឃើញ​​ពី​កង្វះ​ភស្តុតាង​ដាក់បន្ទុកដល់​បទចោទ ​ដែលនេះបានប៉ះពាល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ ព្រមទាំង​​រំលេច​ឱ្យ​ឃើញ​នូវ​ការ​ធ្លាក់​ចុះ​នៃ​​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ យើងខ្ញុំ​ស្នើ​ឱ្យមានការទម្លាក់ចោលបទចោទប្រឆាំងទៅលើអ្នកទាំងពីរ​ជា​បន្ទាន់។  

លោក យាង សុធារិន្ទ និង​លោក អួន​ ឈិន អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​ឃុំខ្លួននៅ​ពន្ធនាគារ​ព្រៃស។ អ្នកទាំងពីរ​​​ជាប់​ចោទ​ពី​បទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការការពារ​ជាតិ តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា។ សំណើរសុំនៅក្រៅឃុំលើកដំបូងអ្នក​ទាំង​ពីរ​ធ្លាប់​បានធ្វើការ​ឱ្យ​វិទ្យុ​អាស៊ីសេរីដែល​បច្ចុប្បន្ន​បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បដិសេធមុន​ពេល​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​នៅ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ ហើយ​ក្រោយ​មក​មិន​យូរ​​ប៉ុន្មាន​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បានចោទប្រកាន់ពួកគេទាំងពីរពីបទ​ “ផលិត​ ​និង​កាន់កាប់​រូបភាព​អាសអាភាស តាម​មាត្រា ៣៩ នៃ​ច្បាប់​ស្ដីពី ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។ បើ​បទ​ចោទ​ទាំង​នេះ​​បូក​បញ្ចូល​គ្នា​ ពួក​គេ​ម្នាក់ៗ​​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​ ១៦ ឆ្នាំ។ នៅ​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៨ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដោះលែងអោយនៅក្រៅឃុំបន្ទាប់​ពី​ជាប់​ឃុំឃាំង​រយៈពេល​ជាង​ប្រាំបួន​ខែ​ ប៉ុន្តែ​ត្រូវដាក់​ឱ្យ​​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។

ដំបូង​ឡើយ​សាលក្រម​គ្រោង​នឹងប្រកាស​នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៩ ប៉ុន្តែ​ត្រូវបាន​​​ពន្យាពេលវិញ។ បន្ទាប់មកការប្រកាសនេះ​ត្រូវ​បាន​កំណត់​ពេល​ជា​ថ្មី​ថា​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី០៣ ខែ​តុលា ឆ្នាំ​២០១៩ ប៉ុន្តែសាលា​ដំបូង​រាជធានី​ភ្នំពេញ​បានខក​ខាន​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ការ​ប្រកាស​សាលក្រម​សម្រាប់​លោក​ យាង សុធារិន្ទ និង​លោក អួន ឈិន ក្រោមហេតុផល​​​តម្រូវ​ឱ្យ​បន្តនីតិ​វិធី​​ស៊ើប​អង្កេត​បន្ថែម។ ការ​មិន​ចេញ​សាល​ក្រម​នេះ​បង្ហាញ​ពី​ការ​ខ្វះខាត​​ភស្តុតាង​រឹងមាំ​ប្រឆាំង​អ្នក​ទាំង​ពីរ និងជា​តឹកតាង​បញ្ជាក់​ថា​​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ដាក់​​ទោស​ពួកគេទៅ​តាម​បទដ្ឋានបន្ទុក​នៃ​ការ​បង្ហាញ​ភស្តុតាង​ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ។ តាម​រយៈ​ដំណើរ​ការ​ទាំង​ឡាយ​ រាប់​ទាំង​​ការ​ចាប់​ខ្លួន ឃុំ​ខ្លួន និង​ការ​បន្ត​នីតិ​វិធី​ជំនុំ​ជម្រះ ​​សិទ្ធិ​​​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ សេរីភាព និង​សន្តិសុខ​ដែល​ការពារ​ដោយ​ច្បាប់​សិទ្ធិមនុស្ស​ជាតិ​និង​អន្តរជាតិរបស់​លោកយាង សុធារិន្ទ និង​លោក អួន​ ឈិនត្រូវបានបំពានយ៉ាងខ្លាំង​។

មាត្រា ៩ (១) នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋនិង​សិទ្ធិ​នយោបាយ (“ក.ស.ព.ស.ន”) ដែលបានដាក់​បញ្ចូល​ជា​ច្បាប់​ជាតិ​ដោយ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (“រដ្ឋធម្មនុញ្ញ”) ចែង​ថា គ្មាន​ជន​ណា​ម្នាក់​ត្រូវ​ដក​ហូត​សេរីភាព​បាន​ឡើយ លើកលែង​តែ​មាន​ហេតុ​ផល និង​ស្រប​តាម​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ច្បាប់។ មាត្រា ១៤ ការ​ពារ​សិទ្ធិ “ឱ្យ​សាលា​ក្ដី​មាន​សមត្ថកិច្ច ឯករាជ្យ និង​មិន​លំអៀង​ដែល​បង្កើត​ឡើង​ដោយ​ច្បាប់​ជំនុំ​ជម្រះ​រឿង​ក្ដី​របស់​ខ្លួន​ដោយ​សមធម៌”និង​ជា​សាធារណៈ’ និង​​ការ​សន្មត​ទុក​ជា​មុន​ថា​គ្មាន​ទោស។ បទ​ចោទ​ប្រឆាំង​នឹង​លោក យាង សុធារិន្ទ និង​លោក អួន ឈិន ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុតាង និង​ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់។ ផ្ទុយ​ទៅ​វិញ​បទ​ចោទ​ទាំង​នោះ​ត្រូវ​បាន​ប្រើប្រាស់​ជា​មធ្យោបាយ​ដាក់​ពិន័យ​ទៅ​លើ​ការ​អនុវត្ត​ដោយ​ត្រឹម​ត្រូវ​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​បំបិទ​សំឡេង​សារព័ត៌មាន​​ដែល​មាន​លក្ខណៈ​រិះគន់​​រដ្ឋាភិបាល។​ អ្នក​ទាំង​ពីរ​បានធ្វើការ​​រាយការណ៍​​ជា​ច្រើន​អំពី​បញ្ហា​សិទ្ធិមនុស្ស។

បន្ថែម​ទៅ​លើ​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន ការ​ឃុំ​ខ្លួន​​​បណ្ដោះ​អាសន្នរបស់​អ្នក​ទាំង​ពីរ​​​ក្នុង​ស្ថានភាព​​មិនត្រឹមត្រូវ​អស់​រយៈពេល​ជាង​ប្រាំបួន​ខែ និងបន្ត​​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​​របស់​តុលាការ​រយៈពេល ១២ ខែនិង​កំពុង​តែ​បន្ត​ ជា​ការ​រំលោភ​សិទ្ធិ​មា​ន​សេរីភាព និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​របស់​ពួក​គេ​ដែល​ធានា​ដោយ​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ។ ច្បាប់​អន្តរជាតិ​ចែង​ថា ជន​​ដែលជាប់​​ចោទ​ពី​បទ​​​ព្រហ្មទណ្ឌ មិន​គួរដាក់​ឱ្យ​នៅ​មន្ទីរ​ឃុំ​ឃាំង​រង់ចាំ​​សវនាការ​ឡើយ។ មិន​មាន​ការ​តម្រូវ​ណា​មួយ​ត្រូវ​បាន​យក​មក​អនុវត្ត​នៅ​ក្នុង​ករណី​របស់​លោក យាង សុធារិន្ទ និង​លោក​ អួន ឈិន​ ឡើយ។ ​

ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៩ ក្រុមការងារ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ឃុំខ្លួន​តាម​អំពើ​ចិត្ត​បាន​ចេញ​សេចក្ដី​សម្រេច​លើ​ករណី​នេះ ដោយ​រក​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ខក​ខាន​ក្នុង​ការ (១) បង្កើត​មូលដ្ឋាន​ច្បាប់​​ចំពោះ​ការ​ចាប់​​និង​ឃុំ​ខ្លួន និង (២) បង្ហាញ​ភស្ដុតាង​ថា​ខ្លួន​បាន​​ជ្រើស​យក​ជម្រើស​ផ្សេង​ទៀត​ក្រៅ​ពី​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។ គណៈកម្មការ​បាន​រក​ឃើញ​ថា​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​លើ​អ្នក​សារព័ត៌មាន​ដោយសារ​​ការ​អនុវត្ត​ដោយ​អហិង្សា​នូវ​សិទ្ធិ​សេរីភាព​​ខាង​សមាគម និង​សេរីភាព​ខាង​ការ​បញ្ចេញ​មតិជា​ការ​ដក​ហូត​សេរីភាព​​តាម​អំពើ​ចិត្ត។

ការ​ដាក់​ទោស​លោក យាង សុធារិន្ទ និង​លោក អួន ឈិន ជាករណីមួយក្នុងរបត់នៃ​ការយាយី​ផ្នែក​ច្បាប់​ទៅ​លើ​សារព័ត៌មាន​​ អ្នកការពារសិទ្ធិមនុស្ស សមាជិកគណបក្សជំទាស់ មេដឹកនាំសហជីព សកម្មជន តំណាងសង្គមស៊ីវិល និងបុគ្គលដែលបញ្ចេញមតិយោបល់ទៅលើបញ្ហាប៉ះពាល់​ប្រយោជន៍សាធារណៈរួមទាំងការបញ្ចេញមតិដែលមានលក្ខណៈរិះគន់។ ខណៈដែល​ស្ថានភាព​សេរីភាព​សារព័ត៌មាន​មានសភាពរឹតត្បឹត តាំងពី​មុន​ឆ្នាំ​២០១៧មកហើយនោះដែល​គេ​មើល​ឃើញ​ថាសារព័ត៌មាន​ឯករាជ្យ​ក្នុង​ស្រុក​របស់​ខ្លួន​ស្ទើ​តែ​ទាំង​អស់​ត្រូវ​បាន​បិទជាបន្តបន្ទាប់។ បណ្ដាញ​ព័ត៌មាន​​ភាសាខ្មែរ​ដែល​មាន​លក្ខណៈ​រិះគន់ត្រូវបានប្រឈម​យ៉ាង​ខ្លាំង​នូវ​សកម្មភាព​របស់​ពួកគេ រួម​ទាំង​ការ​បិទ​ស្ថានី​យ​វិទ្យុ​ចំនួន ៣២ ដែល​ផ្សាយ​បន្តនូវ​កម្មវិធី​វិទ្យុ​អាស៊ីសេរី សំឡេង​សហរដ្ឋ​អាមេរិក (វី.អូ.អេ) និង​សំឡេង​ប្រជាធិបតេយ្យ (វី.អូ.ឌី)។ វិទ្យុ​អាស៊ីសេរី​បាន​បិទ​ការិយាល័យ​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ខ្លួន​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​លើកឡើង​ពី​បរិយាកាស​បែប​គៀប​សង្កត់និង​ការ​បន្ត​យាយី​លើ​អ្នក​សារព័ត៌មាន។ ការ​ផ្លាស់​ប្ដូរ​​ម្ចាស់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៨ ដែលជាសារព័ត៌មាន​ឯករាជ្យ​ចុង​ក្រោយតែ​មួយ​គត់​​នៅ​ប្រទេស​កម្ពុជា​​ដែល​ចេញផ្សាយជា​ភាសាអង់គ្លេសនិង​ភាសា​​ខ្មែរ​ប្រចាំ​ថ្ងៃ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បំបិទ​សេរីភាព​សារព័ត៌មាន​ចុង​ក្រោយ​នៅ​កម្ពុជា។ លំហ​សេរីភាព​បញ្ចេញ​មតិតាមប្រព័ន្ធអិនធឺណេត​ក៏​ត្រូវ​បាន​កត់​សំគាល់​ថា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ការណ៍​នេះ​​ស្ដែង​ឱ្យ​ឃើញ​តាម​រយៈ​ការ​កើនឡើងនូវការ​យាយី​លើ​បុគ្គល​ដែល​គ្រាន់​តែ​បញ្ចេញ​ទស្សនៈ​ឬ​​គំនិត​ផ្ទុយ​ដោយ​ហិង្សា​តាម​រយៈ​​ការ​ចែក​រំលែក បង្ហោះ ចូលចិត្ត (likes) នៅតាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

សិទ្ធិ​មាន​សេរីភាព​បញ្ចេញ​មតិ​ ដែលត្រូវបាន​​ការពារ​ដោយ​មាត្រា ១៩ នៃ ក.ស.អ.ស.ព.ន និង​មាត្រា ៤១ នៃ​រដ្ឋ​ធម្មនុញ្ញ គឺសិទ្ធិមូលដ្ឋានមួយ​ដើម្បី​ធានា​នូវ​ការ​អនុវត្តសិទ្ធិមនុស្សដទៃទៀត រួម​បញ្ចូល​ទាំង​សិទ្ធិ​ប្រកាន់​យក​គំនិត​ សតិស​ម្បជញ្ញៈ និង​សាសនា សេរីភាព​ខាង​ព័ត៌មាន និង​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​និង​ជីវិត​ឯកជន​បុគ្គល​​។ ដូច្នេះ សារៈសំខាន់​នៃ​ការ​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​អ្នក​សារព័ត៌មានឱ្យ​​​មាន​សេរីភាព​ក្នុង​ការ​បំពេញ​ការងារ​របស់​ពួកគេ រួម​ទាំង​ការលាត​ត្រដាង​​អំពើ​ពុក​រលួយ ការ​បង្ហាញ​នូវ​ទស្សនៈផ្សេងៗគ្នា និង​លាត​ត្រដាង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​​មិន​អាច​ត្រូវ​រារាំង​នោះ​ទេ​។

​ ការខកខានក្នុងការទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងលោក យៀងសុធារិន និងលោក អ៊ួនឈិនគឺជាការប៉ះទង្គិចមួយទៀតទៅលើនឹងសេរីភាពបញ្ចេញមតិនិងសេរីភាពសារព័ត៌មានដែលកំពុងនៅមានតិចតួចនៅកម្ពុជា។ករណីនេះបានបង្ហាញការព្រមានយ៉ាងច្បាស់ដល់បុគ្គលដែលហ៊ានអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេចំពោះសេរីភាពនៃការបញ្ចេញមតិនិងបង្កើតបរិយាកាសនៃការបំភិតបំភ័យនិងការតាមដានត្រួតពិនិត្យ។ ការ​ងារ​ស្របច្បាប់​និង​មិន​អាច​កាត់​ថ្លៃ​បាន​របស់​បុគ្គល​ទាំង​នោះ​គួរ​តែ​ទទួល​ស្គាល់​ស្រប​ទៅ​នឹង​កាតព្វកិច្ច​សិទ្ធិមនុស្សរបស់​​កម្ពុជា ហើយ​ពួក​គេ​គួរ​តែ​អាច​អនុវ​ត្តសកម្មភាព​របស់​ខ្លួន​នៅ​ពេល​អនាគតដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ការ​តបតមកវិញ ការ​រារាំង ឬ​ក៏​គំរាម​កំហែង​​ពី​ការ​ដាក់​ទោស។ យើងខ្ញុំ​ស្នើសូម​រាជរដ្ឋាភិបាល​កម្ពុជាបញ្ឈប់នូវការគំរាមកំហែងនិងយាយីដល់បុគ្គលទាំងឡាយដែលគ្រាន់តែ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ​ ។ ជាង​នេះ​ទៅ​ទៀត យើងខ្ញុំ​សូម​ជំរុញ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​បង្កើត​បរិយាកាស​ល្អ​ប្រសើរ​មួយ​សម្រាប់សារព័ត៌មាន​សេរី​និង​ពហុ​និយម និង​សង្គ​ម​ស៊ីវិលមួយដែលអាចចូលរួមបំពេញការងារយ៉ាងពេញស្របតាម​កាតព្វកិច្ច​របស់​ប្រទេសកម្ពុជាដូចមានចែងក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ៕

---ចប់---

អង្គការ​សង្គម​ស៊ីវិល​ដែល​គាំទ្រ​សេចក្តីថ្លែង​ការ​ណ៍រួមនេះ មាន​ ៖

១. អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​ (ACT)

២. អង្គការលើកលែងទោសអន្តរជាតិ (AI)

៣. អង្គការ​មាត្រា ១៩

៤. សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR)

៥. វេទិកាអាស៊ានដើម្បីសិទ្ធិមនុស្សនិងការអភិវឌ្ឍ (Forum Asia)

៦. អង្គការ​បណ្ដាញ​អាស៊ី​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ (ANFREL)

៧. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)

៨. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

៩. មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករជ្យ​ (CCIM)

១០. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

១១. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)

១២. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)

១៣. អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)

១៤. បណ្តាញយុវជនកម្ពុជា (CYN)

១៥. សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព ​និង​គណ​នេយ្យ​ភាព​​​​​​សង្គម (CISA)

១៦. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា (COMFREL)

១៧. មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (CLEC)

១៨. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

១៩. សម្ព័ន្ធពិភពលោកដើម្បីការចូលរួមពលរដ្ឋ​​ (CIVICUS)

២០. អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW)

២១. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

២២. សម្ព័ន្ថ​សហជីព​ឯករាជ្យ​ (INTUFE)

២៣. សមាគមឥន្ទ្រទេវី (IDA)

២៤. គណៈកម្មការក្រុម​​អ្នក​ច្បាប់​អន្តរជាតិ (ICJ)

២៥. អង្គការ​អាយហ្វិក​ (IFEX)

២៦. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)

២៧. អង្គការ​ក្លាហាន (Klahaan)

២៨. សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើល​ដ៏​ (L.R.S.U)

២៩. អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO)

៣០. មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព (PDP-Center)

៣១. អង្គការពន្លកខ្មែរ (PKH)

៣២. អង្គការអ្នក​កាសែត​គ្មាន​ព្រំដែន​ (RSF)

៣៣. សមាគម​ធាង​ត្នោត (STT)

៣៤. អង្គការ​អភិវឌ្ឍន៍​ស្រ្តីក្រី​ក្រ​ក្នុង​ទីក្រុង (UPWD)

៣៥. អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT)

៣៦. អង្គការ​អប់រំ​យុវជន​ដើម្បី​ការ​អភិវឌ្ឍនិង​សន្តិភាព (YEDP)

៣៧. អង្គការ​កម្មវិធីអភិវឌ្ឍន៍ធនធាន​យុវជន (YRDP)

 

 

 

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed