(ញូវយក) - ការផ្តន្ទាទោសអតីតមេដឹកនាំខ្មែរក្រហមពីរនាក់ ចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជាការស្វាគមន៍ តែវាមានការយឺតយ៉ាវដ៏យូរ និងមិនបានស្រុះស្រួលគ្នាចំពោះបរាជ័យជាមូលដ្ឋាននៃតុលាការខ្មែរក្រហម ត្រួតត្រាដោយកម្ពុជា និងមានជំនួយរបស់អង្គការសហប្រជាជាតិទេ អង្គការឃ្លាំមើលសិទិ្ធ​មនុស្ស បាននិយាយថ្ងៃនេះ ។ នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៤ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា[2] (អវតក) បានផ្តន្ទាទោស នួន ជា អាយុ ៨៨ ឆ្នាំ និង ខៀវ សំផន អាយុ ៨៣ ឆ្នាំ ឲ្យជាប់គុកមួយជីវិត ។

            ការវិនិច្ឆ័យសេចក្តីបានបន្តធ្វើបន្ទាប់ពីការរារាំងដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអតីតមេបញ្ជាការខ្មែរក្រហមម្នាក់ ។ ខ្មែរក្រហមជាច្រើននាក់ទទួលខុសត្រូវចំពោះអំពើឃោរឃៅទ្រង់ទ្រាយធំក្នុងក្រុមដឹកនាំពីឆ្នាំ ១៩៧៥-៧៩ កំពុងបន្តរស់នៅដោយសេរី មួយចំនួននៅក្នុងសហគមន៍ជាមួយពួកអ្នកដែលពួកគេបានសម្លាប់ដោយទ្រង់ទ្រាយធំ  ការឲ្យធ្វើការងារដោយបង្ខំ និងការរំលោភដទៃទៀត។​ លោក ហ៊ុន សែន ធ្លាប់បាននិយាយថាគាត់ចង់ឃើញតុលាការនេះបរាជ័យជាជាងចាត់ការលើករណីច្រើនថែមទៀត ដែលលើកឡើងអំពីការព្រួយបារម្ភថារូបគាត់កំពុងការពារអតីតអ្នកប្រយុទ្ធដែលសព្វថ្ងៃស្ថិតនៅក្នុងគណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា (គបក) ។

            “ការផ្តន្ទាទោស នួន ជា និង ខៀវ​ សំផន គឺតិចពេក និងយឺតពេក ដើម្បីជួយសង្គ្រោះតុលាការខ្មែរក្រហមពីការមើលឃើញថាជាការបរាជ័យមួយ” លោក ប្រាដ អាដាំ[3] នាយកផ្នែកអាស៊ីបាននិយាយ ។ “គោលបំណងនៃយុត្តិធ៌មសម្រាប់ជនរងគ្រោះរបស់ខ្មែរក្រហម ត្រូវបានធ្វើឲ្យល្អក់កករមិនអាចបដិសេធបាន ដោយការជ្រៀតជ្រែកខាងនយោបាយដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ការបរាជ័យក្នុងការចាត់ការលើករណីជាច្រើនថែមទៀត ការបន្លាយពេលយ៉ាងយូរ និងអំពើពុករលួយដ៏រីករាលដាល ។ អ្វីដែលគួរត្រូវបានប្រារព្វពិធីអបអរសាទរចំពោះយុត្តិធ៌មនោះ ត្រូវបានជំនួសដោយការរំលឹកដល់ឱកាសដែលបានបាត់​បង់ទៅវិញ ។

            ការគ្រប់គ្រងរបស់ខ្មែរក្រហម ក្រោមការដឹកនាំរបស់ ប៉ុល ពត, នួន ជា, ខៀវ​ សំផន និងពួកអ្នកដទៃទៀត បានបណ្តាលឲ្យមានការស្លាប់ប្រជាពលរដ្ឋកម្ពុជាច្រើនរហូតដល់ពីរលាននាក់ ពោលគឺច្រើនជាងមួយភាគបួននៃប្រជាពលរដ្ឋទាំងអស់ ។ ប៉ុល ពត ដែលត្រូវបានគេស្គាល់ថាជា “បងទី ១” នោះ បានស្លាប់នៅក្នុងឆ្នាំ ១៩៩៨ បន្ទាប់ពីត្រូវបានការពារជាច្រើនឆ្នាំដោយប្រទេសថៃ និងចិន មក ។

            នួន ជា អនុរបស់ ប៉ុល ពត និង ខៀវ សំផន ប្រធានគណៈប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យ ជាឈ្មោះប្រទេសក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ត្រូវបានដាក់ឲ្យវិនិច្ឆ័យសេចក្តីក្នុងតុលាការនៅក្នុងឆ្នាំ ២០១១ ដោយជាប់ចោទពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឃាតកម្ម ក្នុងចំណោមបទចោទប្រកាន់ដទៃទៀត ។នៅក្នុងឆ្នាំ ២០១១ នេះដែរ សំណុំរឿសនេះត្រូវបានបំបែកទៅជាផ្នែកៗដោយឡែកពីគ្នា។

            ការផ្តន្ទាទោសជាបឋមថ្មីៗនេះ ទាក់ទិននឹងការរំលោភសិទិ្ធមនុស្សដែលកើតឡើងក្នុង និងដោយ​សារ​ ការជម្លៀសដោយបង្ខំចេញពីភ្នំពេញ រដ្ឋធានី និងពីទីប្រជុំជនដទៃទៀត ក្រោយពីជ័យជំនះដោយយោធារបស់ខ្មែរក្រហមក្នុងឆ្នាំ ១៩៧៥ ។ សំណុំរឿងទី ២ ទាក់ទិនដល់ការសម្លាប់រង្គាល កំពុងប្រព្រឹត្តទៅនៅពេលនេះ តែយោងទៅលើអាយុរបស់ជនជាប់ចោទ និងតម្លៃនៃការកាត់សេចក្តីមនុស្សដែលត្រូវបាន  ផ្តន្ទាទោសឲ្យជាប់គុកមួយជីវិតហើយៗ បានលើកឡើងនូវបញ្ហាថាតើការវិនិច្ឆ័យសេចក្តីទី ២ នឹងអាចបញ្ចប់បានដែរឬទេ ។

            “កម្ពុជាជាប្រទេសដែលវាក្យសព្ទ “វាលពិឃាដ” ត្រូវបានប្រឌិតឡើង តែការវិនិច្ឆ័យសេចក្តីនេះមិនបាននិយាយដល់អំពីថាតើខ្មែរក្រហមសម្លាប់មនុស្សដែលពួកគេកំណត់ថាជាខ្មាំង រួចទម្លាក់ចោលទៅក្នុង រណ្តៅរួម ជាប្រព័ន្ធយ៉ាងដូចម្តេច” លោក ប្រាដ អាដាំ បាននិយាយ ។ “ការវិនិច្ឆ័យសេចក្តីគ្រាន់តែជាការអេះដោយសើរៗលើឧក្រិដ្ឋកម្មប្រព្រឹត្តឡើងដោយខ្មែរក្រហមប៉ុណ្ណោះ” ។

            តាមការចង្អុលទិសរបស់លោក​ ហ៊ុន សែន, ចៅក្រម ព្រះរាជអាជ្ញា និងបុគ្គលិកខ្មែរ នៃតុលាការដទៃទៀត បន្តុបដោយរដ្ឋាភិបាល បានធ្វើឲ្យរាំងស្ទះដល់ការស៊ើបអង្កេត និងការវិនិច្ឆ័យសេចក្តី ។ រដ្ឋាភិបាល​មិនបានតម្រូវឲ្យសមាជិករបស់ខ្លួនផ្តល់ភស្តុតាង ដល់ការស៊ើបអង្កេត និងនីតិវិធីនៃការវិនិច្ឆ័យសេចក្តីរបស់តុលាការទេ ។ ការចោទប្រកាន់អំពីអំពើពុករលួយដ៏ធ្ងន់ធ្ងរដែលប៉ះពាល់ដល់នីតិវិធី មិនត្រូវបានស៊ើបអង្កេតដោយត្រឹមត្រូវទេ” ។

            ចៅក្រមនិងព្រះរាជអាជ្ញាខ្មែរ បានរាំងខ្ទប់ដោយប្រសិទ្ធភាព នូវការចាប់ខ្លួន និងការបញ្ជូនទៅជំនុំជម្រះនូវជនសង្ស័យ ៥ រូបបន្ថែមទៀត ដែលព្រះរាជអាជ្ញា អសប បានបង្ហាញឈ្មោះថាជាអ្នកទទួលខុសត្រូវចំ​ពោះ​ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ក្នុងរយៈកាលនៃរបបខ្មែរក្រហម ។ លោក ហ៊ុន សែន បាននិយាយជាសាធារណៈក្នុងឱកាសជាច្រើន ថានឹងមិនមានការកាត់ទោសបន្ថែមទៀតទេ ។ ឧទាហរណ៍ ក្នុងសុន្ទរកថាមួយកាលពីខែមីនាឆ្នាំ ២០០៩ គាត់បានប្រកាសថា បើមានការប៉ុនប៉ងណាមួយដើម្បីពង្រីកចំនួនជនសង្ស័យលើសពីពួកអ្នកដែលគាត់ចង់ឲ្យផ្តន្ទាទោសនោះ គាត់សុខចិត្តឲ្យតុលាការបរាជ័យ ។ គាត់ក៏បាននិយាយផងដែរថា បើការខិតខំពង្រីកវិសាលភាពនៃការយកមកកាត់ទោសនៅតែព្យាយាមធ្វើតទៅទៀតនោះ គាត់នឹង “បន់ឲ្យតុលាការនេះអស់លុយ” ដែលជាលទ្ធផលនៃការមិនសប្បាយចិត្តរបស់ប្រទេសផ្តល់ជំនួយ ហើយសុខចិត្តឲ្យព្រះរាជអាជ្ញា និងចៅក្រមអន្តរជាតិដែលចង់កាត់សេចក្តីជនសង្ស័យបន្ថែមទៀតនោះ ចាកចេញទៅវិញចោះ ។

            “ជាការគួរឲ្យសោកស្តាយដែលយើងត្រូវផ្តន្ទាទោសតុលាការខ្មែរក្រហម ដែល ក្រោយពីចំណាយពេលវេលាអស់ ៧  និងចំណាយអស់ប្រាក់ជាង ២០០ លានដុល្លារសហរដ្ឋអាមេរិកមក ឥឡូវជនកម្ពុជាប្រឈមមុខនឹងសេចក្តីរំពឹងថា មានតែមនុស្ស ៣ នាក់ប៉ុណ្ណោះ ដែលនឹងត្រូវជាប់គណនេយ្យភាពផ្លូវច្បាប់ ចំពោះការបំផ្លិចបំផ្លាញប្រទេសរបស់ពួកគេ” លោក អាដាំ បាននិយាយ ។ “អ្នកដែលបានបញ្ជាឲ្យសម្លាប់មនុស្សរាប់សិបពាន់នាក់ ត្រូវបានលោក ហ៊ុន សែន អនុញ្ញាតនិងដោយភាពព្រងើយកន្តើយនៃសហគមន៍អន្តរជាតិ ឲ្យរស់នៅដោយសេរី ជាទូទៅនៅក្នុងភូមិជាមួយ ឬនៅតាមដងវិថីតែមួយ ជាមួយជនរងគ្រោះរបស់ពួកគេទៀតផង ។”

            អង្គការឃ្លាំមើលសិទិ្ធមនុស្សបានសំដែងសេចក្តីព្រួយបារម្ភថា ប្រទេសផ្តល់ជំនួយ និងរដ្ឋាភិបាលគន្លឹះដទៃទៀត មានការខកខានមិនបន្តការគាំទ្រដល់តុលាការ លុះត្រាតែបញ្ចប់ការជ្រៀតជ្រែកខាងនយោ​បាយ​ មានកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាលកម្ពុជាឲ្យធ្វើការស៊ើបអង្កេតបន្ថែម និងអនុញ្ញាតឲ្យមានសំណុំរឿងបន្ថែមទៀតដាក់ប្តឹងដោយឈរលើមូលដ្ឋាននៃភស្តុតាង និងការវិនិច្ឆ័យសេចក្តីអាជីពដោយចៅ​ក្រម និងព្រះរាជអាជ្ញាឯករាជ្យ ។

            “ជាជាងការគ្រាន់តែចេញនូវសេចក្តីថ្លែងការណ៍ សំដែងនូវសេចក្តីសរសើរដល់តុលាការខ្មែរក្រ​-ហម​​អំពីការប្រកាសសាលក្រមដែលមានការយឺតយ៉ាវដ៏យូរនោះ ប្រទេសជប៉ុន សហភាពអឺរ៉ុប ប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត គួរតែតម្រង់ទិសឆ្ពោះទៅលើយុត្តិធ៌មសម្រាប់ជនរង្គ្រោះវិញ” លោក​ អាដាំ បាននិយាយ ។ “តើពួកគេគឺជាសហភាគីស្ងៀមស្ងាត់ឬ នៅពេលលោក ហ៊ុន សែន ចាត់​ចែងលើតុលាការ ឬតើពួកគេធ្វើការប្រយុទ្ធសម្រាប់ជនរងគ្រោះ និងពួកអ្នករួចជីវិតពីស្លាប់ ដើម្បីទទួលបានកិច្ចដំណើរការយុត្តិធ៌មគួរឲ្យជឿទុកចិត្តបាននោះ?” ។  

សាវតារស្តីពីការប៉ុនប៉ងដើម្បីនាំខ្លួនមេដឹកនាំខ្មែរក្រហមមកកាន់តុលាការ

          ខ្មែរក្រហមបានឡើងកាន់អំណាចនៅខែមេសា ឆ្នាំ ១៩៧៥ នៅទីបញ្ចប់នៃសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅឥណ្ឌូចិន ។ ដឹកនាំដោយ ប៉ុល ពត និង នួន ជា ពួកគេបានគ្រប់គ្រងប្រទេសរហូតដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ នៅពេលវៀតណាមបណ្តេញពួកគេចេញ ។ តាមការប៉ាន់ប្រមាណ ប្រជា​ជនកម្ពុជាច្រើនរហូតដល់ពីរលាននាក់ក្នុងចំណោមប្រជាជនប្រាំបីលាននាក់ ត្រូវបានសម្លាប់ ឬស្លាប់ដោយជម្ងឺ ដោយអត់បាយ ឬដោយការបង្ខំឲ្យធ្វើការ ក្នុងរយៈពេលនោះ ។

            មេដឹកនាំខ្មែរក្រហម គួរត្រូវចាប់ខ្លួនក្រោយបរាជ័យរបស់ពួកគេជាមួយវៀតណាម តែប្រទេសចិន និងប្រទេសថៃ បានបំពាក់អាវុធ និងផ្តល់ថវិកា ឲ្យកងកម្លាំងខ្មែរក្រហម ដែលបានរត់គេចឆ្លងព្រំដែនទៅប្រទេសថៃ ដើម្បីព្យាយាមបង្ខំឲ្យកងទ័ពវៀតណាមបញ្ចប់ការកាន់កាប់ប្រទេសកម្ពុជា ។

            ជាផ្នែកមួយនៃនយោបាយសង្គ្រាមត្រជាក់របស់ពួកគេ រដ្ឋបាលលោកខាតធ័រ (Carter) និង(Reagan) នៃសហរដ្ឋអាមេរិក និងរដ្ឋាភិបាលលោកស្រី ថាត់ឆឺរ (Thatcher) នៃចក្រភពអង់គ្លេស ព្រមជា មួយប្រទេសម៉ាឡេស្យា និង សឹង្ហបូរី ផង បានគាំទ្រនយោបាយនេះ និងបានការពារខ្មែរក្រហមពីការខិតខំណាមួយឆ្ពោះទៅរកយុត្តិធ៌ម ឬគណនេយ្យភាព ។ ជាបន្តបន្ទាប់ក្រោយមក ខ្មែរក្រហមបានសម្លាប់ជន  កម្ពុជារាប់សិបពាន់ថែមទៀត និងបានបន្តធ្វើសង្គ្រាមឈ្លបអស់រយៈពេលស្ទើរតែពីរទសវត្ស៍ថែមទៀត ។

            នៅឆ្នាំ ១៩៩៦ លោក ហ៊ុន សែន បានប្រកាសធ្វើការដោះដូរនយោបាយជាមួយមន្ត្រីជាន់ខ្ពស់ខ្មែរក្រហម អៀង សារី ដើម្បីផ្តល់ឲ្យរូបគេនូវការលើកលែងទោសស្របតាមច្បាប់ក្នុងស្រុក ។ នៅឆ្នាំ ១៩៩៧ លោក ហ៉ុន សែន បានចុះហត្ថលេខាលើលិខិតមួយច្បាប់ផ្ញើជូនលោកអគ្គលេខាធិការ អសប នាពេលនោះ លោក ខូហ្វី អាណាន់ (Kofi Annan) សុំឲ្យមានតុលាការអន្តរជាតិសម្រាប់កាត់ទោសខ្មែរក្រហម ។ នៅពេលខ្មែរក្រហមរលំដួលដោយការវាយប្រហារគ្នាផ្ទៃក្នុងក្នុងឆ្នាំ ១៩៩៨ លោក ហ៊ុន សែន បានដកពាក្យថយវិញ ។ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ១៩៩៨ គាត់បានធ្វើអធិបតីនៃការលើកកែវស្រាសាំប៉ាញប្រសិទិ្ធ​ពរគ្នានៅក្នុងវិមានរបស់គាត់ ជាមួយ នួន ជា និង ខៀវ សំផន ដោយនិយាយថាជនកម្ពុជាទាំងឡាយ “ត្រូវជីក​រណ្តៅ និងកប់អតីតកាលចោល”  ។  សាធារណៈមតិក្នុងប្រទេសកម្ពុជា បានប្រឆាំងសេចក្តីប្រកាសនេះ  ភ្លាមៗ បង្ខំឲ្យ លោក ហ៊ុន សែន ធ្វើការចរចាជាមួយអង្គការសហប្រជាជាតិដើម្បីបង្កើតយន្តការនៃគណ​​ -នេយ្យភាពមួយស្របតាមបទដ្ឋានអន្តរជាតិ ។

            នៅក្នុងឆ្នាំ ១៩៩៩ ក្រុមអ្នកជំនាញការមួយក្រុមរបស់ អសប បានផ្តល់អនុសាសន៍ឲ្យបង្កើតតុលា​ការអន្តរជាតិមួយ ដោយលើកឡើងការព្រួយបារម្ភថានឹងមានការជ្រៀតជ្រែកខាងនយោបាយ អំពើពុករលួយ និងការខ្វះសមត្ថភាព ក្នុងប្រព័ន្ធតុលាការកម្ពុជា ។ តែ លោក ហ៊ុន សែន បានបដិសេធសេចក្តីស្នើនេះ ដោយចង់រក្សាការត្រួត​ត្រា​លើកិច្ចដំណើរការនេះ។ គាត់ក៏បានបដិសេធផងដែរនូវសេវចក្តិស្នើរបស់ អសប ឲ្យមានតុលាការចម្រុះ​មួយដែលមានចៅក្រមអន្តរជាតិភាគច្រើន និងព្រះរាជអាជ្ញាអន្តរជាតិឯករាជ្យម្នាក់ ។

            ល្បឿនដ៏យឺតនៃការបង្កើតតុលាការនេះ បានឆ្លុះបញ្ចាំងឲ្យឃើញគោលនយោបាយដ៏យូរអង្វែងមួយឡាំប៉ាដោយលោក ហ៊ុន សែន ក្នុងពេលពិភាក្សាផ្ទៃក្នុងជាមួយអតីតសមាជិកខ្មែរក្រហមដទៃទៀត នៅថ្នាក់ខ្ពស់បំផុតក្នុងគណបក្សប្រជាជនដែលកាន់អំណាចរបស់គាត់ ។ ជាឧទាហរណ៍ លោក ហ៊ុន សែន បានពន្យល់ក្នុងអង្គមីទីងគណកម្មាធិការមជ្ឈិមបក្សមួយ ក្នុងខែកុម្ភៈ ឆ្នាំ ២០០០ ថា ការបន្លាយពេលគឺជាយុទ្ធវិធីរបស់គាត់ ដើម្បីបញ្ច្រៀតចូលការត្រួតត្រាលើ អសប និងតុលាការ​ ។ ការណ៍នេះបានផ្តល់ឲ្យរដ្ឋាភិបាលដើរតួនូវអ្វីដែលអ្នកវិភាគខ្មែរមួយរូប លោក ឡៅ ម៉ុងហៃ បានទស្សន៍ទាយដោយត្រឹមត្រូវ នៅក្នុងឆ្នាំ ២០០០ ថាជា “ល្បែងឆ្មា និងកណ្តុរ” ដ៏យូរអង្វែងមួយ ដើម្បីធ្វើឲ្យ អសប អស់អំណត់” ។

            ក្នុងឆ្នាំ ២០០២ អសប បានប្រកាសថាដកខ្លួនចេញពីការចរចាជាមួយលោក ហ៊ុន សែន ដើម្បីតុលា​ការទៀតហើយ ។ លោក អាណាន់ បានសន្និដ្ឋានថា “ការជ្រៀតជ្រែកដោយនីតិប្រតិបត្តិលើឯករាជ្យភាពរបស់តុលាការ” ក្នុងប្រទេសកម្ពុជា មានន័យថា “ដោយហេតុនេះ ការបង្កើតបទដ្ឋានអន្តរជាតិនៃភាពយុត្តិ-ធ៌ម ភាពត្រឹមត្រូវ និងកិច្ចដំណើរការត្រឹមត្រូវ អាចនឹងមិនត្រូវបានធានាទេ” ។ អសប បានដឹងយ៉ាងច្បាស់ថា រដ្ឋាភិបាលនឹងប្រើយុទ្ធវិធីពន្យារពេលនៃការចរចា ដើម្បីទទួលបានតុលាការមួយដែលខ្លួនអាចត្រួតត្រាបាន ។

            នៅខែកុម្ភៈ ឆ្នាំ ២០០២ លោក ហាន់ ខូរ៉ែល (Hans Corell) មេក្រុមអ្នកចរចា អសប បានព្រមាន​ថាការជ្រុំជើង និងនីតិវិធីធ្វើការសម្រេចរបស់តុលាការដ៏ស្មុគ្រស្មាញ មានន័យថាតុលាការនេះនឹងជា “តុលាការអសុរកាយមួយ ... មិនមានលទ្ធភាពផលិតនូវការវិនិច្ឆ័យផ្តាច់ព្រាត់មួយបានទេ” ដោយសារថាតួអង្គគន្លឹះនានាក្នុងចំណោមជនជាប់ចោទនឹងស្លាប់មុនវាកើតឡើង ដោយពួកគេមានអាយុច្រើនណាស់​ហើយ ។ លោកក៏បានមើលឃើញជាមុនថា ការណ៍នេះនឹងធ្វើឲ្យជៀសមិនផុតដែលតុលាការនេះនឹង “មានតម្លៃច្រើនជាអតិបរមា” បានទេ ។

            យ៉ាងណាក៏ដោយ ប្រទេសសមាជិក អសប នាំមុខដោយ សហរដ្ឋអាមេរិក ជប៉ុន បារាំង និង អូស្ត្រាលី បានបង្ខំឲ្យអង្គការសហប្រជាជាតិធ្វើការចរចាឡើងវិញ ។ ការណ៍នេះនាំទៅឲ្យមានកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតតុលាការដែលភាគច្រើននៃចៅក្រមចាត់តាំង និងត្រួតត្រា ដោយលោក ហ៊ុន សែន និងចំនួនភាគតិចនៃមន្រ្តីតុលាការស្នើឈ្មោះដោយលោកអគ្គលេខាធិការ អសប ។ ចៅក្រមនឹងធ្វើសេចក្តីសម្រេចខ្លះស្របតាមរូបមន្តនៃ “មតិភាគច្រើនលើសលប់” ដ៏ស្មុគ្រស្មាញមួយ ដែលបានទទួលស្គាល់ តែស្វែងរកការបន្ធូរដោយការជ្រៀតជ្រែកដោយរដ្ឋាភិបាលទៅលើតុលាការដោយជៀសមិនរួច ។

យុត្តិធ៌មដែលត្រូវបានបដិសេធ

          ក្រៅពី នួន ជា និង ខៀវ សំផន មានតែការវិនិច្ឆ័យសេចក្តីតែមួយទៀតប៉ុណ្ណោះដែលបានធ្វើចប់ នោះគឺ កាំង ហ្កិចអ៊ាវ ហៅ ឌុច ប្រធានមន្ទីរសន្តិសុខខ្មែរក្រហម ស-២១ ក្នុងទីក្រុងភ្នំពេញ ដែលត្រូវបានគេស្គាល់ថាទួលស្លែងនោះ។ ឌុច បានសារភាពថាខ្លួនបានត្រួតត្រាលើការសម្លាប់រង្គាលនិងការធ្វើទារុណ​​កម្មនៅទួលស្លែង និងត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ។ មនុស្សប្រមាណ ១៤,០០០ នាក់ ត្រូវបានធ្វើទារុណកម្ម និងសម្លាប់នៅ ស-២១ ។ ឌុច ត្រូវបានផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។ រូបគេត្រូវបានកាត់ទោសឲ្យជាប់គុកមួយជីវិត នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១២ ។

            មនុស្សពីរនាក់ទៀតត្រូវបានចោទប្រកាន់ តែមិនត្រូវបានផ្តន្ទាទោស ។ អតីតរដ្ឋមន្ត្រីក្រសួងការបរទេស អៀង សារី បានស្លាប់នៅខែមីនា ឆ្នាំ២០១៣ នៅពេលកំពុងវិនិច្ឆ័យសេចក្តីជាមួយ នួន ជា និង ខៀវ សំផន ។ ការទទួលខុសត្រូវរបស់ អៀង សារី ចំពោះឧក្រិដ្ឋកម្មនៃរបបនោះ គឺដោយសារតួនាទីរបស់គាត់ជាសមា​ជិកអចិន្ត្រៃយ៍នៃគណកម្មាធិការអចិន្ត្រៃយ៍ខ្មែរក្រហម  ដែលកំណត់ម៌គានយោបាយ និងត្រួត​ត្រាលើការអនុវត្តវានៅទូទាំងប្រទេស ។ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេស គាត់ក៏បានទទួលខុសត្រូវក្នុងការបោសសំអាតមន្ត្រីរបស់ក្រសួង បញ្ជូនជនជាប់ចោទពីបទក្បត់ជាច្រើននាក់ ដើម្បីធ្វើទារុណកម្ម និងសម្លាប់ ផងដែរ ។

            អៀង ធិរិទ្ធ ប្រពន្ធរបស់ អៀង សារី និងអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចខ្មែរក្រហម ត្រូវបានសម្រេចថាមិនមានសមត្ថភាពដើម្បីធ្វើការវិនិច្ឆ័យសេចក្តី កាលពីខែវិច្ឆិកា ឆ្នាំ ២០១១ បណ្តាលមកពីជម្ងឺបាត់បង់ការចងចាំធ្ងន់ធ្ងរ ។ ក្នុងពេលបន្ទាប់មក គាត់ត្រូវបានដោះលែងពីការឃុំខ្លួន ក្រោមការត្រួតពិនិត្យផ្លូវតុលា​ការ ។

            “ក្នុងឆ្នាំ ១៩៩៧ លោក ហ៊ុន សែន បានសុំជំនួយរបស់ អសប ក្នុងការចាប់មេដឹកនាំខ្មែរក្រហមឲ្យទទួលគណនេយ្យភាព តែបន្ទាប់ពីពេលនោះមក គាត់បានធ្វើអ្វីៗទាំងអស់ក្នុងអំណាចរបស់គាត់ដើម្បីឲ្យរាំងស្ទះយុត្តិធ៌ម និងការងាររបស់តុលាការ” លោក អាដាំ បាននិយាយ ។  លោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវសំខាន់បំផុត ក្នុងការបដិសេធយុត្តិធ៌មចំពោះជនរងគ្រោះនៃអំពើឃោរឃៅរបស់ខ្មែរក្រហម ។ ប្រវត្តិសាស្ត្រនឹងវិនិច្ឆ័យរូបគាត់យ៉ាងខ្លាំងក្លាបំផុត” ៕