(ទីក្រុងបាងកក, ប្រទេសថៃ) – នៅថ្ងៃគម្រប់ខួប៣ឆ្នាំ នៃឃាតកម្មទៅលើអ្នកអត្ថាធិប្បាយនយោបាយនិងអ្នកការពារសិទ្ធិមនុស្ស បណ្ឌិត កែម ឡី អង្គការមិនមែនរដ្ឋាភិបាលចំនួន ២៤ ដែល​មាន​ឈ្មោះដូចខាងក្រោម អំពាវនាវឡើងវិញឱ្យរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យនិងមិនលម្អៀង ដើម្បីស៊ើបអង្កេតឱ្យ​បានហ្មត់ចត់និងមានប្រសិទ្ធភាពចំពោះឃាតកម្ម​លើ​រូបលោក។

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ខណៈពេលដែលលោកកំពុងទទួលទានកាហ្វេពេលព្រឹកនៅស្ថានីយ៍ប្រេងឥន្ធនៈដែលមានទីតាំងនៅលើមហាវិថីព្រះមុន្នីវង្សនៅកណ្តាលរាជធានីភ្នំពេញ។ ឃាតកម្មនេះបានកើតឡើងចំពេលដែលមានការវាយប្រហារទៅលើអ្នកការពារសិទ្ធិមនុស្សនិងសមាជិកគណបក្សជំទាស់និងកំណត់ត្រានៃឃាតកម្មទៅលើអ្នកការពារសិទិ្ធមនុស្សជាច្រើនកន្លងមកដោយបន្សល់នៅនិទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៧ បន្ទាប់ពីសវនាការកាត់ក្តីរយៈពេលកន្លះថ្ងៃ សាលាដំបូងរាជធានីភ្នំពេញបានរកឃើញថាជនជាប់ចោទឈ្មោះ អឿត អាង ជនសង្ស័យត្រូវបានចាប់ខ្លួនដោយអាជ្ញាធរដែលបានកំណត់អត្តសញ្ញាណខ្លួនឯងថាឈ្មោះ "ជួប សម្លាប់" មានពិរុទ្ធពីបទឃាតកម្មទៅលើ លោក កែម ឡី និងបានកាត់ទោសគាត់ដាក់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ តុលាការកំពូលរបស់ប្រទេសកម្ពុជាបានបដិសេធចំពោះការប្តឹងឧទ្ធរណ៍របស់ លោក អឿត អាង ដែលសុំឱ្យកាត់បន្ថយទោស និងបានរក្សាការដាក់ពន្ធនាគារអស់មួយជីវិត។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ អង្គការគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ), អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានគូសបញ្ជាក់ពីបញ្ហាជាក់លាក់ចំនួនប្រាំបីដែលត្រូវបានស៊ើបអង្កេតមិនគ្រប់គ្រាន់ក្នុងអំឡុងពេលជំនុំជម្រះលោក អឿត អាង ហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេតស្របតាមបទដ្ឋានអន្តរជាតិដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ  (International Covenant on Civil and Political Rights) និងពិធីសារមីនីសូតាកែតម្រូវស្តីពីការស៊ើបអង្កេតលើការស្លាប់ក្រៅច្បាប់ដែលមានសក្តានុពលភាព (២០១៦)។

លោក Frederick Rawski នាយកនៃអង្គការអង្គការគណៈកម្មការអ្នកច្បាប់អន្តរជាតិប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកបានថ្លែងថា៖ "អស់​​រយៈពេលបីឆ្នាំហើយចាប់តាំងពីភាពចន្លោះប្រហោងសំខាន់ៗត្រូវបានលើកឡើងនៅក្នុងការស៊ើបអង្កេតនិងការកាត់ក្តីករណីលោក កែម ឡី ដែលចាំបាច់ត្រូវដោះស្រាយតាមរយៈការស៊ើបអង្កេតឯករាជ្យមិនលម្អៀងនិងប្រកបដោយប្រសិទ្ធភាព។ កង្វះនៃវឌ្ឍនភាពឆ្លុះបញ្ចាំងពីការខ្វះឆន្ទៈនយោបាយជាក់ស្តែងរបស់រដ្ឋាភិបាលកម្ពុជាដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្ដរជាតិដើម្បីស៊ើបអង្កេតឱ្យបានពេញលេញនិងមិនលម្អៀងដើម្បីស៊ើបអង្កេតពីការស្លាប់ក្រៅច្បាប់និងការពារសិទ្ធិរស់រានមានជីវិតនិងដំណោះស្រាយដែលមានប្រសិទ្ធិភាព។

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧, អង្គការមិនមែនរដ្ឋាភិបាលចំនួន ១៦៤ បានចុះហត្ថលេខាលើលិខិតរួមគ្នាមួយផ្ញើទៅឧបនាយករដ្ឋមន្រ្តីកម្ពុជា ឯកឧត្តម ស ខេង ដោយអំពាវនាវឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយដើម្បីស៊ើបសួរករណីលោក​កែម​ឡី​ នៅពេលដែលមាន "ការស៊ើបអង្កេតមិនត្រឹមត្រូវចំពោះករណីឃាតកម្ម ទៅលើលោក កែម ឡី និងកង្វះវឌ្ឍនភាពក្នុងការស៊ើបអង្កេតជាបន្តបន្ទាប់ទៅលើជនសង្ស័យដទៃទៀតដែលពាក់ព័ន្ធនឹងឃាតកម្មនេះ។"

លោក ហ្វីល រូប៊ឺតសុន នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំទ្វីបអាស៊ី​ បាន​មាន​ប្រសាសន៍ថា៖ "សវនាការកាត់ក្តី ដោយ​មិនសមហេតុផល លោក អឿត អាង មិនបានគោរពតាមស្តង់ដារអន្ដរជាតិនៃការជំនុំជម្រះដោយយុត្តិធម៌ឡើយ ហើយបានបង្កើតជាសំណួរជាច្រើនទៀតជាជាងចម្លើយដែលថាតើនរណាជាអ្នកនៅពីក្រោយឃាតកម្មទៅលើអ្នកវិភាគនយោបាយរូបនេះ ដែលហ៊ានរិះគន់ខ្លាំងៗចំពោះលោកនាយករដ្ឋមន្រ្តី    ហ៊ុន សែន។"  លោកបានបន្តថា៖ "អ្វីដែលគេដឹងគឺគ្រួសាររបស់លោក កែម ឡី ត្រូវភៀសខ្លួនចេញពីប្រទេសកម្ពុជាដោយការភ័យខ្លាចហើយសព្វថ្ងៃនេះជនណាដែលចោទប្រកាន់រដ្ឋាភិបាលពាក់ព័ន្ធក្នុងឃាតកម្មនោះប្រឈមនឹងរុកកួននិងសងសឹកវិញ​ភ្លាមៗ។"

អគ្គលេខាធិការ FIDH, Debbie Stothard បានមានប្រសាសន៍ថា៖ "ការកាត់ទោសឃាតកដែលសម្លាប់ លោក កែម ឡី នៅតែបង្ហាញ​​​ពីការបិទបាំង។ ការខកខានជាបន្តបន្ទាប់របស់អាជ្ញាធរកម្ពុជាក្នុងការកំណត់អត្តសញ្ញាណនិងកាត់ទោសមេគំនិតនៅពីក្រោយឃាតក​សម្លាប់ លោក កែម​ ឡី បង្ហាញពីតម្រូវការជាបន្ទាន់នូវការស៊ើបអង្កេតឯករាជ្យមួយដើម្បីផ្តល់យុត្តិធម៌ជូនគ្រួសាររបស់គាត់និងដើម្បីឈានទៅរកវឌ្ឍនភាពដើម្បីបញ្ចប់និទណ្ឌភាពចំពោះឃាតកម្មទៅលើអ្នកការពារសិទិ្ធមនុស្សនៅកម្ពុជា។"

ការខកខានរបស់រដ្ឋាភិបាលកម្ពុជាក្នុងការស៊ើបអង្កេតដោយហ្មត់ចត់និងមិនលម្អៀងចំពោះឃាតកម្មទៅលើ លោក កែម ឡី រាំងស្ទះដល់សិទ្ធិរបស់សមាជិកគ្រួសាររបស់លោក​កែម​ឡី​ និងសាធារណជនដើម្បីទទួលបានការពិត។ នេះក៏បង្ហាញផងដែរថាប្រទេសកម្ពុជាបានខកខានក្នុងការគោរពសិទិ្ធរបស់ លោក អឿត អាង ក្នុងការទទួលបានការជំនុំជម្រះដោយតុលាការដែល​មានសមត្ថភាពឯករាជ្យនិងមិនលម្អៀង ដោយបានរំលោភបំពាន កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ ដែលកម្ពុជាជារដ្ឋភាគី។

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៦ ភ្លាមៗបន្ទាប់ពីឃាតកម្ម អង្គការ ICJ បានផ្តល់អនុសាសន៍ចំនួនប្រាំ ដល់អាជ្ញាធរកម្ពុជាដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្ដរជាតិក្នុងការស៊ើបអង្កេតឯករាជ្យ, មិនលម្អៀងនិងប្រកបដោយប្រសិទ្ធភាពចំពោះឃាតកម្មនេះ។ អនុសាសន៍ទាំងនេះរួមបញ្ចូលទាំងការធានាថា៖

  • ចៅក្រមស៊ើបសួរនិងអ្នកស៊ើបអង្កេតមានឯករាជ្យភាព
  • ដំណើរការស៊ើបអង្កេតមានតម្លាភាពនិងបើកចំហរចំពោះការត្រួតពិនិត្យជាសាធារណៈ
  • សិទ្ធិរបស់សមាជិកគ្រួសារជនរងគ្រោះត្រូវបានការពារជាពិសេសប្រឆាំងនឹងការបំភិតបំភ័យឬការសងសឹកដោយសារការចូលរួមរបស់ពួកគេនៅក្នុងការស៊ើបអង្កេត
  • សិទ្ធិរបស់បុគ្គលណាម្នាក់ដែលផ្តល់ព័ត៌មានដល់ការស៊ើបអង្កេតត្រូវបានការពារ
  • ស្វែងរកនិងទទួលការផ្តល់ជំនួយពីរដ្ឋនិងអង្គការអន្ដរជាតិដែលទាក់ទងនឹងការវិភាគខាងច្បាប់ឬការប្រមូលទិន្នន័យ។

រហូតមកដល់ពេលនេះអាជ្ញាធរកម្ពុជាមិនបានអនុវត្តអនុសាសន៍ទាំងនេះឡើយ។

លោក Nicholas Bequelin នាយកអង្គការលើកលែងទោសអន្តរជាតិ ប្រចាំតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា៖ "ភាពព្រងើយកន្តើយរបស់អាជ្ញាធរកម្ពុជាអាចត្រូវបានគេមើលថាដើម្បីការពារមេក្លោងនៃឃាតកម្ម។ សកម្មជនដ៏ក្លាហានដូចជាលោក កែម ឡី គ្រាន់តែចង់ធ្វើឱ្យប្រទេសរបស់គាត់ប្រសើរប៉ុណ្ណោះ។ ពួកគេសមនឹងទទួលបានយុត្តិធម៌ពីរដ្ឋាភិបាលរបស់ខ្លួនមិនមែនការមិនអើពើដោយ​ឥតអៀនខ្មាស់នោះឡើយ។"

ការរក្សាការកាត់ទោស លោក អឿត អាង ដោយតុលាការកំពូលកម្ពុជានៅខែឧសភាឆ្នាំ ២០១៩ ទោះបីជាតុលាការជាន់ទាបខកខានក្នុងការដោះស្រាយបញ្ហាខ្វះខាតក្នុងការជំនុំជម្រះក្តីក៏បង្កើតឱ្យមានការព្រួយបារម្ភខ្លាំងផងដែរចំពោះកង្វះឯករាជ្យភាពនៃប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា។ តុលាការជាន់ទាបដែលកាត់ក្តីករណីនេះគឺសាលាដំបូងរាជធានីភ្នំពេញហើយបន្ទាប់មកសាលាឧទ្ធរណ៍ដែលបានច្រានចោលការប្តឹងឧទ្ធរណ៍ដំបូងរបស់លោក អឿត អាង មុនពេលលោកប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលដែលការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសលោកក៏ត្រូវបានបដិសេធផងដែរ។ តុលាការទាំងនេះមិនបានដោះស្រាយភាពខ្វះចន្លោះជាក់ស្តែងដែលបានធ្វើឱ្យខូចដល់ការស៊ើបអង្កេតនិងការកាត់ក្តីដើមនៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ។

នៅខែ​តុលា ឆ្នាំ២០១៧ របាយការណ៍របស់ ICJ បានរកឃើញថាការខ្វះខាតចៅក្រមនិងព្រះរាជអាជ្ញាឯករាជ្យគឺជាបញ្ហាធំជាងគេតែមួយគត់ដែលប្រព័ន្ធយុតិ្តធម៌កម្ពុជាកំពុងជួបប្រទះដែល​ "នីតិរដ្ឋមានតែរូប" និងការជ្រៀតជ្រែកផ្នែកនយោបាយនិងអំពើពុករលួយក្នុងរឿងក្តីកើតមានជាប្រចាំ។

ដោយសារតែការខ្វះទំនុកចិត្តនិងជំនឿលើភាពមិនលម្អៀង, ឯករាជ្យភាពនិងសមត្ថភាពរបស់បុគ្គលនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជាដើម្បីដឹកនាំគណៈកម្មការស៊ើបអង្កេតករណីរបស់លោក កែម ឡី, អង្គការសង្គមស៊ីវិលសូមអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យមានស្ថាប័នសមស្របមួយជាមួយនឹង​អ្នកជំនាញឯករាជ្យដោយ​ត្រូវបង្កើតឡើងក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។

លោកស្រី ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) បានមានប្រសាសន៍ថា៖ "ឃាតកម្មទៅលើ​លោក កែម ឡី គឺជាសោកនាដកម្មមួយដោយបង្ហាញពីការវិលត្រឡប់មកវិញចំពោះឃាតកម្មទៅលើអ្នកការពារសិទិ្ធមនុស្សនៅក្នុងប្រទេសកម្ពុជា។ ត្រូវបង្កើតស្ថាប័នឯករាជ្យមួយដើម្បីធ្វើការស៊ើបអង្កេតដោយយុត្តិធម៌និងមិនលម្អៀងដើម្បីធានាថាក្រុមគ្រួសារលោក កែម ឡី បានដឹងពីការពិតអំពីឃាតកម្ម​លើរូបលោក។"

ឃាតកម្មលើលោក កែម ឡី នៅតែជាការរំលឹកដ៏គួរឱ្យភ័យខ្លាចមួយនៃវប្បធម៌និទណ្ឌភាពនៅកម្ពុជាក្នុងករណីមានការបាត់ខ្លួនដោយការ​បង្ខិត​បង្ខំ​​ ឃាតកម្ម និងទម្រង់នៃការយារយីផ្នែករាងកាយនិងផ្លូវច្បាប់ផ្សេងៗទៀតទៅលើអ្នកការពារសិទិ្ធមនុស្ស មេដឹកនាំ​  កម្មករ ព្រះសង្ឃ អ្នកកាសែត សមាជិកគណបក្សជំទាស់និងបុគ្គលដទៃទៀតដែលរិះគន់របបគ្រប់គ្រងចាប់តាំងពីសន្ធិសញ្ញា​សន្តិភាពទីក្រុង​   ប៉ារីសឆ្នាំ១៩៩១។ ការស្លាប់របស់លោក កែម ឡីក៏កើតឡើងផងដែរនៅចំពេលមានការបង្រ្កាបលើក្រុមអ្នកជំទាស់និងការរឹតបន្តឹងប្រព័ន្ធផ្សព្វ​ផ្សាយឯករាជ្យដែលរិះគន់រដ្ឋាភិបាល។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃម.ស.ម.ក មានប្រសាសន៍ថា៖ «លោកបណ្ឌិត កែម ឡី គឺជាមនុស្សគំរូពិតប្រាកដម្នាក់។ លោកមិនភ័យខ្លាចក្នុងការបង្ហាញការពិត និងតែងតែនិយាយលើកឡើងប្រឆាំងនឹងអំពើពុករលួយ និងភាពអយុត្តិធម៌ដែលបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់។ ទោះបីលោកបានចែកឋានទៅអស់ ៣ឆ្នាំមកហើយ តែកេរដំណែលរបស់លោកនៅតែដក់ជាប់ក្នុងបេះដូងរបស់ប្រជាពលរដ្ឋខ្មែរ»។ «នៅថ្ងៃគម្រប់ខួប ៣ឆ្នាំនៃឃាតកម្ម លើរូបលោក យើងជាអង្គការ សមាគម សូមអំពាវនាវសារជាថ្មីឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាពទៅលើព្រឹត្តិការណ៍ទាំងអស់ជុំវិញឃាតកម្មលើលោកបណ្ឌិត កែម ឡី ដើម្បីផ្តល់ការពិត និងយុត្តិធម៌ជូនដល់ក្រុមគ្រួសាររបស់លោកនិងសាធារណជនទូទៅ»។

ក្រុមគ្រួសារនិងមិត្តភក្តិរបស់លោក កែម ឡី រួមជាមួយអង្គការសិទិ្ធមនុស្សនិងអង្គការអភិវឌ្ឍន៍ជាតិ ប្រចាំតំបន់ និងអន្តរជាតិ បន្តអំពាវនាវឱ្យមានការស៊ើបអង្កេតប្រកដោយឯករាជ្យភាព មិនលម្អៀង និងហ្មត់ចត់ចំពោះឃាតកម្មលើរូបលោក រហូតដល់អ្នកដែលទទួលខុសត្រូវចំពោះការស្លាប់របស់គាត់ត្រូវបាននាំយកទៅកាត់ទោសប្រកបដោយយុត្តិធម៌។

បទដ្ឋានច្បាប់អន្តរជាតិពាក់ព័ន្ធ

ដោយអនុលោមទៅតាមច្បាប់អន្តរជាតិដែលកម្ពុជាត្រូវគោរព រួមទាំង កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ ដែលប្រទេសកម្ពុជាគឺជារដ្ឋភាគី កម្ពុជាមានកាតព្វកិច្ចស៊ើបអង្កេតយ៉ាងឆាប់រហ័សដោយឯករាជ្យ មិនលម្អៀង និងប្រកបដោយប្រសិទ្ធភាពចំពោះឃាតកម្មក្រៅច្បាប់ទាំងអស់។ ការស៊ើបអង្កេតត្រូវតែស្វែងរកអត្តសញ្ញាណមិនត្រឹមតែជនល្មើសដោយផ្ទាល់តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអ្នកផ្សេងទៀតដែលអាចទទួលខុសត្រូវ​ចំពោះការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទាក់ទងនឹងការស្លាប់ផងដែរ។

មាត្រា ១៤ នៃ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ បង្កើតសិទ្ធិក្នុងការទទួលបានការកាត់ក្តីជាសាធារណៈ និងយុត្តិធម៌ដោយតុលាការមានសមត្ថភាព ឯករាជ្យភាពនិងមិនលម្អៀងដែលត្រូវបានបង្កើតឡើងតាមច្បាប់។

គោលការណ៍ទី១១ នៃគោលការណ៍របស់អង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់និងការស៊ើបអង្កេតប្រកដោយប្រសិទ្ធភាពលើការកាត់ទោសក្រៅប្រព័ន្ធតុលាការ តាមអំពើចិត្ត និងផ្តន្ទាទោសដោយសង្ខេបអំពាវនាវឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតនៅពេលដែលនីតិវិធីស៊ើបអង្កេតដែលបានបង្កើតឡើងមិនគ្រប់គ្រាន់ដោយសារតែខ្វះអ្នកជំនាញ ឬមានភាពលម្អៀងដោយសារតែសារៈសំខាន់នៃបញ្ហាឬដោយសារតែមានអត្ថិភាពនៃគំរូនៃការរំលោភបំពាន និងនៅក្នុងករណីដែលមានពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះអំពីភាពខ្វះខាតទាំងនេះ។

ពិធីសារមីនីសូតាកែតម្រូវស្តីពីការស៊ើបអង្កេតលើឃាតកម្មក្រៅច្បាប់ដែលមានសក្តានុពល (២០១៦) បញ្ជាក់ថាកាតព្វកិច្ចដើម្បីស៊ើបអង្កេត​ឃាតកម្ម​ក្រៅច្បាប់ដែលមានសក្តានុពលបានកើតចេញមកពីកាតព្វកិច្ចការពារសិទ្ធិចំពោះការរស់រានមានជីវិតដែលរួមមានកាតព្វកិច្ចវិជ្ជមានដើម្បីទប់ស្កាត់ការបំពានលើជីវិតតាមអំពើចិត្ត។ កាតព្វកិច្ចនេះក៏រួមបញ្ចូលផងដែរនូវការធានាគណនេយ្យភាពនិងការដោះស្រាយចំពោះការរំលោភបំពាននានាដែលរួមបញ្ចូលទាំងការទទួលបានយុត្តិធម៌ស្មើភាពគ្នានិងមានប្រសិទ្ធភាពនិងផ្តល់សំណង​ប្រកបដោយប្រសិទ្ធភាពនិងមានភាពឆាប់រហ័ស។

គាំទ្រដោយ

1. អង្គការលើកលែងទោសអន្តរជាតិ

2. មាត្រា ១៩

3. សភាអាស៊ានដើម្បីសិទ្ធិមនុស្ស

4. វេទិកាអាស៊ីដើម្បីសិទ្ធិមនុស្សនិងការអភិវឌ្ឍ

5. បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី

6. សម្ព័ន្ធសហជីពកម្ពុជា

7. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

8. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា

9. សមាគមការពារសិទិ្ធមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)

10. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្សលីកាដូ (លីកាដូ)

11. បណ្តាញយុវជនកម្ពុជា

12. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស

13. អ្នកការពារសិទ្ធិពលរដ្ឋ

14. សម្ព័ន្ធសហគមន៍កសិករកម្ពុជា

15. អង្គការសមធម៌កម្ពុជា

16. អង្គការឃ្លាំមើលសិទ្ធិមនុស្ស

17. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

18. គណៈកម្មការអ្នកច្បាប់អន្តរជាតិ

19. សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស

20. អង្គការផ្លាស់ប្តូរសេរីភាពនៃ​ការ​បញ្ចេញមតិអន្តរជាតិ

21. សិទ្ធិការងារបានគាំទ្រសហជីពកម្មករខ្មែរនៅណាហ្គាវើល

22. អង្គការឃ្លាំមើលសិទិ្ធមេធាវីកាណាដា

23. អង្គការ N1M

24. សម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍