មួង​ ស្រី​មុំ ជន​រងគ្រោះ​ក្នុង​អំពើវាយ​ប្រហារ​ដោយ​អាស៊ីដ​មួយ​ដែលបាន​​កើត​ឡើង​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

© 2017 រក្សាសិទ្ធិដោយ យា ខន្តី

(​ភ្នំពេញ​ ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩) – ជន​រស់​រានមាន​ជីវិត​ពី​អំពើហិង្សា​​ដោយ​​អាស៊ីដ​​នៅកម្ពុជា​​ ត្រូវ​បាន​បដិសេធ​មិន​ផ្ដល់ជូន​នូវ​ការព្យាបាលដោយ​គ្មាន​បង់​ប្រាក់ ផ្ទុយ​ពី​ច្បាប់​ដែល​បាន​ចែង ហើយ​ពួកគេ​​ក៏​ប្រឈម​នឹង​សម្ពាធ​ដែលធ្វើ​ឲ្យ​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ទទួល​យក​ដំណោះស្រាយ​ដែល​មិន​យុត្តិ​ធម៌ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​​យូ​មែនរ៉ៃត៍​​វច្ឆ (Human Rights Watch) ក្នុង​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ។ រដ្ឋាភិបាល​កម្ពុជា​គួរ​អនុវត្ត​ច្បាប់​របស់​ខ្លួន​ដែល​តម្រូវ​ឲ្យ​មាន​ការ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ សង្គមកិច្ច និង​សុខាភិបាល​ដល់​ជន​រស់​រានមាន​ជីវិត​ពី​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ។

របាយការណ៍​កម្រាស់​៤២​ទំព័រ​ ក្រោម​ចំណង​ជើង​ថា «ដូច​រស់​ក្នុង​ឋាន​នរក»៖ អំពើ​វាយ​ប្រហារដោយ​​អាស៊ីដ​នៅ​កម្ពុជា​ រៀបរាប់​ពី​ការ​ប្រើប្រាស់​អាស៊ីដ​នីទ្រិក​ ឬ​ អាស៊ីដ​ស៊ុលហ្វួរិក ដោយ​បុគ្គល​ឯកជន​ ដើម្បី​បង្ក​ការ​ឈឺចាប់​ និង​បង្ក​ស្លាកស្នាញ​ជា​រៀង​រហូតទៅ​​លើ​ជន​រងគ្រោះ​ ព្រម​ទាំងរៀបរាប់​ពី​​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ជន​រស់​រាន​មាន​ជីវិត​ពី​ការ​វាយ​ប្រហារ​ ក្នុង​ការ​ស្វះ​ស្វែង​រក​យុត្តិធម៌ និង ការ​ថែទាំ​ព្យាបាលសុខភាព​។ បន្ទាប់​ពី​មាន​ករណី​វាយ​ប្រហារ​ជា​ច្រើន​ត្រូវបាន​​ផ្សព្វ​ផ្សាយ​​​យ៉ាង​​ផុលផុស​ដល់​សាធារណជន​​នៅ​កម្ពុជា​​មក​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ច្បាប់​​ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង នៅ​​ឆ្នាំ​២០១២  ក្នុង​បំណង​ទប់ស្កាត់​ការ​ចរាចរ​អាស៊ីដនៅ​លើ​​ទីផ្សារ​​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​អំពើ​វាយ​ប្រហារ​ និង​ក្នុង​បំណង​​​​ផ្ដល់​ជំនួយ​ផ្នែក​សុខាភិបាល​ និង ​ផ្នែក​ច្បាប់​ដល់​ជន​រងគ្រោះ។ ចាប់​តាំង​ពី​ច្បាប់​នោះ​ត្រូវ​បាន​អនុម័ត​រួច​មក អំពើ​វាយ​ប្រហារ​ដោយ​អាស៊ីដ​បាន​ធ្លាក់​ចុះ ហើយ​​វត្តមាន​អាស៊ីដ​​លើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​កាត់​បន្ថយ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ យូ​មែនរ៉ៃត៍​​វច្ឆ (Human Rights Watch) ​រក​ឃើញ​ថា​ ជន​រស់រាន​មាន​ជីវិត​ពី​អំពើ​វាយ​ប្រហារ​ជា​ច្រើន​ មិន​​ទទួល​បាន​សេវា​ថែទាំ​សុខាភិបាល​ឲ្យ​បាន​គ្រប់គ្រាន់​ និង​សំណង​សមរម្យ​ដែល​ធានា​ដោយ​​ច្បាប់​នោះ​ទេ ហើយ​ជន​ប្រព្រឹត្តអំពើ​វាយ​ប្រហារកម្រ​នឹង​ត្រូវ​បាន​យក​មក​ផ្តន្ទាទោ​ស​តាម​ច្បាប់​ណាស់។

លោក ប្រ៊ែដ អាដាមស៍ (Brad Adams) នាយក​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ យូ​មែនរ៉ៃត៍​​វច្ឆ (Human Rights Watch) លើក​ឡើង​ថា៖ «រដ្ឋាភិបាល​កម្ពុជា​បាន​បោះ​​ជំហាន​ដ៏​សំខាន់​មួយ តាម​រយៈ​ការ​បង្កើត​ច្បាប់​ស្ដី​ពីអាស៊ីដ ដោយ​បាន​ធ្វើ​ការ​សន្យា​យ៉ាង​ច្បាស់​ដល់​ជន​រស់រាន​មាន​ជីវិត​ពី​អំពើ​ហិង្សា​ដោយ​ការ​ប្រើ​អាស៊ីដ។ លោក​បន្ត​​ថា៖ «ការ​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​​តាម​បណ្ដា​ខេត្ត​ក្រៅ​ពីរាជធានី​ភ្នំពេញ​ ការ​បរាជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​ជន​ល្មើស​​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ពួកគេ​ ឬ បរាជ័យ​ក្នុង​ការ​ធានា​ផ្ដល់​ការ​ព្យាបាល​ និង​​សំណង​គ្រប់គ្រាន់​ដល់​ជន​រងគ្រោះ​ បាន​ធ្វើ​ឲ្យ​ការ​សន្យា​ទាំង​នោះ​​ក្លាយ​ជា​ការ​សន្យា​ទទេ ដោយ​បណ្ដាល​​​ឲ្យ​ជន​រងគ្រោះ​រង​​ផល​វិបាក​​​អស់​មួយ​ជីវិត​។»

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ យូ​មែនរ៉ៃត៍​​វច្ឆ (Human Rights Watch) បាន​ជួប​សម្ភាសន៍​មនុស្ស​ចំនួន​​៨១​នាក់​ រួម​មាន​ជន​រស់​រាន​មាន​ជីវិត​ពី​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ​ចំនួន​១៧​នាក់​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កំពង់​ចាម​ សាច់​ញាតិ​របស់ពួកគេ​​ មេធាវី អ្នក​ជំនាញ​ដែល​ធ្វើ​ការងារ​ផ្ដោត​លើ​បញ្ហា​អំពើ​ហិង្សា​ដោយ​អាស៊ីដ និង​អាជីវករ​លក់​អាគុយ​ម៉ូតូ​តាម​ផ្លូវ​ ព្រម​ទាំង​អ្នក​លក់អាស៊ីដ​ដទៃ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ ​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ។

ទោះ​ជា​​ច្បាប់​ស្ដី​ពី​អាស៊ីដ​របស់​កម្ពុជា​តម្រូវ​ឲ្យ​មន្ទីរ​សុខាភិបាល​រដ្ឋ​ទាំងអស់​​ផ្ដល់​ការ​ព្យាបាល ​និង ​ថែទាំ​ដោយ​មិន​ចាំ​បាច់បង់​ប្រាក់ដល់​ជនរងគ្រោះ​ក្នុង​​អំពើ​វាយ​ប្រហារដោយ​ការ​ប្រើ​អាស៊ីដ​​ក៏​ដោយ ​​គ្មាន​​ជនរងគ្រោះ​ណា​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​អស់​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​យូ​​មែន រ៉ៃត៍​​វច្ឆ (Human Rights Watch) បាន​ជួប​សម្ភាសន៍ ​ទទួល​បាន​ការ​​​ព្យាបាល​ដោយ​មិន​ចាំ​បាច់បង់​ប្រាក់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ ជន​រងគ្រោះ​ទាំង​នោះ​​បាន​រៀបរាប់​ថា ពួកគេ​ត្រូវ​បានគ្រូពេទ្យ​បដិសេធ​មិន​ព្យាបាល​ឲ្យ​ លុះ​ត្រា​តែ​​ពួកគេ​អាច​រ៉ាប់រង​ថ្លៃ​ព្យាបាល​បាន​ដោយ​ខ្លួន​ឯង​ ឬ លុះ​ត្រា​តែ​មាន​​ភស្ដុតាង​បញ្ជាក់ថា ពួកគេ​​មាន​លទ្ធភាព​​បង់​ប្រាក់ ទើប​គ្រូពេទ្យ​យល់​ព្រម​ផ្ដល់​ការ​ព្យាបាលជូន​ពួកគេ។ សូម្បី​តែ​បុគ្គលិក​នៅ​មន្ទីរពេទ្យ​ដែល​ធំ​បំផុត​នៅ​កម្ពុជា​ ដែល​ជា​មន្ទីរពេទ្យ​តែ​មួយ​គត់​មាន​អង្គភាព​ជំនាញ​ខាង​ព្យាបាល​ការ​រលាក ក៏​មិន​បាន​ដឹង​ថា ច្បាប់​តម្រូវ​ឲ្យ​ផ្ដល់​ការ​ព្យាបាល​ដល់​ជន​រងគ្រោះ​ដោយ​មិន​ចាំ​បាច់បង់​ប្រាក់នោះដែរ។

ជន​រង​គ្រោះ​ដែល​រង​ការ​ឈឺចាប់​ខ្លាំង​ដោយ​សារ​ការ​រលាក​អាស៊ីដ ​ត្រូវ​ប្រឈម​នឹង​បទ​ប្បញ្ញត្តិ​បែប​រឹតត្បិត​ខ្លាំង​ពេក​របស់​កម្ពុជាស្ដី​ពី​​​​ការ​ប្រើ​ឱសថ​​បំបាត់​ការ​ឈឺចាប់​កម្រិតពី​​មធ្យម​ទៅ​ខ្លាំង (opioid analgesics) រួម​ទាំងបទ​ប្បញ្ញតិ្ត​ដែល​​ដាក់​កំហិត​ថា វេជ្ជ​បញ្ជា​ឲ្យ​អ្នក​ជំងឺ​ប្រើ​ថ្នាំ​បន្ថយ​ការ​ឈឺចាប់​ប្រភេទ​ម័រហ្វីន (morphine) មាន​សុពលភាព​ត្រឹម​តែ​៧​ថ្ងៃ​។ គ្មាន​មន្ទីរពេទ្យ​រដ្ឋ​ណាមួយ​ដែល​ស្ថិត​នៅ​ក្រៅ​រាជធានី​ភ្នំពេញ មាន​ថ្នាំគ្រាប់​ម័រហ្វីន​ទុក​ក្នុង​មន្ទីរពេទ្យ​ឡើយ។ ជា​លទ្ធផល លទ្ធភាព​របស់ពលរដ្ឋ​ក្រីក្រ​នៅ​តាម​ទីជនបទ​​ក្នុង​ការ​ទទួល​បាន​ថ្នាំ​បន្ថយ​ការ​ឈឺចាប់ត្រូវ​បាន​រាំងស្ទះ​ដោយ​សារ​ថ្លៃ​ចំណាយ​ខ្ពស់។ សូម្បី​តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ថ្នាំ​ម័រហ្វីន រួម​ទាំង​ថ្នាំ​គ្រាប់​ម័រហ្វីន​ផង​ នៅ​តែខ្វះខាត​នៅ​ឡើយ។

ករណី​អំពើ​ហិង្សា​ដោយ​ការ​ប្រើ​អាស៊ីដ​ ដែល​ល្បី​ខ្ទរខ្ទារ​បំផុត​នៅ​កម្ពុជា ទំនង​ជា​ករណី​វាយ​ប្រហារ​លើ​អ្នកស្រី តាត ម៉ារីណា ក្នុង​ឆ្នាំ​១៩៩៩ ដែល​កាល​ណោះ​នាង​មាន​វ័យ​១៦ឆ្នាំ​នៅ​ឡើយ។ លោក ស្វាយ​ ស៊ីថា ដែល​កាល​ណោះមាន​អាយុ​៤០​ឆ្នាំកាន់​​​តំណែង​​ជា​អនុរដ្ឋលេខាធិការ​​នៃ​ទីស្ដី​ការគណៈរដ្ឋមន្ត្រី​ និង​ជា​មនុស្ស​ជំនិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានកុហក​ម៉ារីណា​ថា ខ្លួន​​ជា​អ្នក​ជំនួញ​មក​ពី​សហរដ្ឋ​អាមេរិក​ និង បាន​គំរាម​កំហែង​នាង​តាម​ផ្លូវ​វាចា​​ និង​ ផ្លូវ​កាយ​​ បង្ខំ​ឲ្យនាង​​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​ខ្លួន នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ម៉ារីណា។  នៅពេលភរិយារបស់​លោក​​ស្វាយ ស៊ីថា ដែលមានឈ្មោះ ឃួន សុផល បានដឹងពីទំនាក់ទំនងរវាងអ្នកទាំងពីរ នាង​បាន​ជួល​បុរស​មួយ​ក្រុម​ឲ្យ​មក​វាយ​ធ្វើ​បាប​ម៉ារីណា​រហូតដល់បាត់បង់ស្មារតី ហើយ​​ស្រោច​អាស៊ីដ​នីទ្រិក​​លើមុខរបស់នាង។ គ្មាន​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​តុលាការ​យក​មក​កាត់​ទោស​ចំពោះ​អំពើ​វាយប្រហារ​លើ​ម៉ារីណា​ឡើយ — ទោះ​បី​ជា​អំពើ​វាយ​ប្រហារ​នោះ​បាន​កើត​ឡើង​ទាំង​កណ្ដាល​ថ្ងៃ ​​​នៅ​​​​ផ្សារ​​​ដែល​មាន​មនុស្ស​ម្នាយ៉ាង​ច្រើន​​កុះករ​ ហើយ​​ក្រុម​ជន​ល្មើស​​បាន​បន្សល់​ទុក​នូវ​ភស្ដុតាង​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ពួកគេ​នៅ​កន្លែង​កើត​ហេតុ​ក៏​ដោយ — ហើយ​ម៉ារីណា​មិន​ទទួល​បាន​សំណង​ជំងឺ​ចិត្ត​អ្វី​ទាល់​តែ​សោះ។ ចំណែក​ ស្វាយ​ ស៊ីថា ត្រូវ​បាន​​លោក ហ៊ុន សែន តំឡើង​តំណែងឲ្យ​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ​​ជា​​រដ្ឋមន្ត្រី​អម​នាយករដ្ឋ​មន្រ្តី​ និង​ជា​ទីប្រឹក្សា​​​នាយក​រដ្ឋមន្ត្រីដែលជា​​តំណែង​កំពូល​​ក្នុង​ជួរ​រដ្ឋាភិបាល។

ជន​រង​​គ្រោះ​ភាគ​ច្រើន​ដែល​ត្រូវ​បាន​សម្ភាសន៍​ សម្រាប់​របាយការណ៍​នេះនៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​​នៅ​ឡើយ។ ជន​រងគ្រោះ​ជាច្រើន​បាន​និយាយ​ថា មន្ត្រី​រដ្ឋាភិបាល​បាន​ដាក់​សម្ពាធ​លើ​ពួកគេ​ឲ្យ​យល់​ព្រម​ទទួល​យក​ដំណោះ​ស្រាយដែល​មាន​លក្ខណៈ​​មិន​គ្រប់គ្រាន់​ក្រៅ​ផ្លូវ​តុលាការ។ ក្នុង​ចំណោម​ករណី​មួយ​ចំនួន​តូច​ដែល​បាន​ប្ដឹង​ទៅ​តុលាការ មាន​ករណី​តិច​តួច​ប៉ុណ្ណោះ​ដែល​បាន​ឈាន​ដល់​ដំណាក់​កាល​តុលាការ​ផ្ដន្ទាទោស​ជន​ល្មើស ហើយ​កាន់​តែ​តិចតួច​ទៅ​ទៀត​ដែល​បាន​ឈាន​ដល់​ដំណាក់​កាល​ជន​ល្មើស​អនុវត្ត​ទោស។ គ្មាន​ជន​រងគ្រោះ​អ្នក​ណា​ម្នាក់​ដែល​​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​យូ​​មែនរ៉ៃត៍​​វច្ឆ (Human Rights Watch)​ បាន​សម្ភាសន៍ ទទួល​បាន​សំណង​តាម​​ផ្លូវ​​តុលាការ​ឡើយ ទោះ​បី​ជា​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ និង​ ក្រម​រដ្ឋប្បវេណី​របស់​កម្ពុជា​ចែង​ពី​សិទ្ធិ​របស់​ជន​រងគ្រោះ​ក្នុង​ការ​ទទួល​បាន​សំណង​ផល​ប៉ះពាល់​យ៉ាង​ណា​ក៏​ដោយ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​យូ​​មែនរ៉ៃត៍​​វច្ឆ (Human Rights Watch) លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ហាម​ឃាត់​រាល់​ការ​ទូទាត់​សំណងក្រៅ​ផ្លូវ​ការ​​​​ក្នុង​ករណី​បទ​ល្មើស​​ព្រហ្មទណ្ឌ ហើយ​​ធ្វើ​ឲ្យ​​​អំពើ​រារាំង​ដល់ដំណើរ​​ការ​អនុវត្ត​ច្បាប់ ក្លាយ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ។ ​ការ​រារាំង​ដល់ដំណើរ​​ការ​អនុវត្ត​ច្បាប់​គួរ​តែ​រួម​បញ្ចូល​​​ការ​អន្តរាគមន៍​ដោយ​មិន​ត្រឹមត្រូ​វ​ពី​សំណាក់​​នគរបាល​ មន្ត្រី ចៅក្រម​ ឬ​ ព្រះ​រាជ​អាជ្ញា។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ក្រសួង​យុត្តិធម៌​​កម្ពុជា​គួរ​តែ​រួសរាន់​ធ្វើ​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​ការពារជន​រងគ្រោះ និង​សាក្សី ​ ដែល​បាន​សន្យា​ជា​យូរ​មក​ហើយ​នោះ​ ​ក្លាយ​ជា​ច្បាប់។

លោក ប្រ៊ែដ អាដាមស៍ (Brad Adams) ថ្លែង​ថា៖ «រដ្ឋាភិបាល​កម្ពុជា​គួរ​តែទំនាក់ទំនង​ឲ្យ​បាន​ច្បាស់​ជាមួយ​មន្ទីរ​ពេទ្យ​រដ្ឋ​ទាំងអស់ ​អំពី​ប្បញ្ញត្តិ​នៃ​ច្បាប់​ដែល​តម្រូវ​ឲ្យ​​​​ផ្ដល់​ការ​ព្យាបាល​​ដល់​ជន​រងគ្រោះ​ដោយ​សារ​អាស៊ីដ​ខ្លាំង ដោយ​ឥត​គិត​ថ្លៃ និង​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទូទាត់​ថ្លៃ​ចំណាយ​ដល់​មន្ទីរពេទ្យ។» លោក​បន្ត​ថា៖ «រដ្ឋាភិបាល​គួរ​តែ​ធ្វើ​បច្ចុប្បន្នភាព​ចំពោះ បទប្បញ្ញត្តិ​ស្ដី​ពី​​​​ថ្នាំ​បំបាត់​ការ​ឈឺចាប់ (opioid analgesics) ដើម្បី​ធានា​ថា ថ្នាំកាត់​បន្ថយ​ការ​ឈឺចាប់​ប្រភេទ​នេះ​មាន​គ្រប់គ្រាន់​ និង​អាច​ឲ្យ​​ជន​ទាំង​ឡាយ​ដែល​ត្រូវ​ការ​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ​​​​មាន​លទ្ធភាព​ទទួល​បាន​នៅ​ពេល​ពួក​គេ​ត្រូវ​ការ​ ដើម្បី​ជួយ​ឲ្យ​ជន​រស់​មាន​ជីវិត​ពី​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ​ អាច​រួច​​ផុត​ពី​ជីវិតដែល​​​​​ពោរពេញដោយ​ក្ដី​ឈឺចាប់​​៕»