Skip to main content
Donate Now

សេចក្ដីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលសូមអំពាវនាវឱ្យអាជ្ញាធរបង្កើនការប្រយុទ្ធប្រឆាំងទៅនឹង និទណ្ឌភាពនៅកម្ពុជា

នៅ​ក្នុង​ ទិវា​អន្តរជាតិ​​បញ្ចប់​​និទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន យើង​ខ្ញុំ​​ជា​អង្គការ​សង្គមស៊ីវិល និង​សហគមន៍ ដែល​មាន​រាយ​នាម​ខាង​ក្រោម សូម​សម្ដែង​នូវ​ការ​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​​និទណ្ឌភាព​ដែល​​បន្ត​​រីករាលដាលដែល​​ធ្វើ​ឱ្យ​អ្នក​ប្រព្រឹត្តបទល្មើសទៅ​លើ​អ្នក​សារព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​​កម្ពុជា ពុំសូវត្រូវ​បាន​យក​មក​ផ្តន្ទា​ទោស​ ​និងសូម​​ទទូច​​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​ជា​​បន្ទាន់​ដើម្បី​ធានាឲ្យ​មាន​​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​​​ប្រសិទ្ធ​ភាព ឯករាជ្យភាព​ និង​​តម្លាភាពទៅលើ​គ្រប់​​ករណី​បទល្មើស​​ទាំង​អស់។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​ មក យ៉ាងតិច​ណាស់​មាន​អ្នក​សារព័ត៌មាន​ចំនួន​ ​១៣​នាក់ ​ត្រូវ​​បាន​សម្លាប់​នៅ​កម្ពុជា​ដែល​មាន​ដូចជា​ ធូ ចា មង្គល, នួន​ ច័ន្ទ​, ច័ន្ទ ដារា, ធន់ ប៊ុនលី, ចិត្រ ដួង ​ដារ៉ា​វុទ្ធ​, ពេជ្រ ឯម, ដុក សុខាន់, អ៊ូ សារឿន ជួ ជេដ្ឋារិទ្ធ, ឃឹម សំបូរ, ហង្ស សេរី​ឧត្តម​, សួន ចាន់ និង ​តាំង ទ្រី​។ ករណី​ទាំង​អស់​នេះ ជន​រង​គ្រោះ​ត្រូវ​បាន​សម្លាប់​​ដោយ​សារតែ​​ការ​ងារ​របស់​ពួក​គេ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ស្លាប់របស់​ជន​រង​គ្រោះ​ចំនួន ១២នាក់គឺកើត​ឡើង​​ក្នុង​ខណៈ​​​ពួកគេ​ធ្វើ​​​សកម្មភាព​​រា​យការណ៍ព័ត៌មាន ​ដែល​បង្កជា​ហានិភ័យ​ដោយ​​ផ្ទាល់ដល់​​បុគ្គល​មាន​អំណាច​នៅ​កម្ពុជា។ ​ក្នុង​ចំណោម​នោះ​ មាន​អ្នកសារព័ត៌មាន​​ ៥នាក់ដែល​​ធ្វើ​ការ​ឱ្យ​កាសែត​ដែល​រិះគន់​​បក្ស​កាន់​អំណាច ​ចំណែក​ឯ​ ៧នាក់ ​ផ្សេង​ទៀតធ្វើ​ការ​ស៊ើប​អង្កេត​ និង​រាយការណ៍​​អំពើ​ពុក​រលួយ​ពាក់​ព័ន្ធ​នឹង​បុគ្គល​​​ជាន់​ខ្ពស់​ក្នុង​ជួរ​​រដ្ឋាភិបាលនិងស្ថាប័នយោធា។

​ក្នុង​ចំណោម​ករណី​ទាំង​១៣ មាន ១១ករណី ដែល​ពុំមាន​ជនណា​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ឃាតកម្ម​លើ​អ្នក​សារព័ត៌​មានទាំងអស់​​នោះ​​ទេ[1] ហើយ​ករណីចំនួន៧ ក្នុង​​ចំណោម១៣ ​ករណី​ ដែល​គ្មាន​ជន​សង្ស័យ​ណាមួយ​ត្រូវ​ចាប់ខ្លួននិង​ហៅ​​មក​​សួរ​ចម្លើយ។[2] ឧទាហរណ៍ ធូ ចា មង្គល និពន្ធនាយក​នៃកាសែត​​អន្តរាគមន៍ដែល​ត្រូវបាន​ឃើញ​ដួល​ស្លាប់​ដោយ​បែកលលាដ៏ក្បាល នៅ​លើ​ដង​ផ្លូវ​នៅខែមិថុនា ឆ្នាំ​១៩៩៤ បន្ទាប់​ពី​បាន​ចេញ​​ផ្សាយ​អត្ថបទ​មួយចំនួន​ចោទប្រកាន់​រដ្ឋាភិបាលនិង​មន្រ្តី​យោធាពី​អំពើ​ពុករលួយ ប៉ុន្តែ​អ្នក​សម្លាប់លោក​​មិន​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​នោះ​ទេ។ ផ្ទុយ​មក​វិញ លោកត្រូវ​បាន​គេ​លើក​ថាស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​។ ស្រ​ដៀង​គ្នា​នោះ ថ្វី​បើ​លោក ដុក សុខាន់ ត្រូ​វ​បាន​ទាហាន​ពីរ​នាក់​បាញ់​សម្លាប់នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៧ បន្ទាប់​ពី​បាន​ផ្ដិតយក​រូបភាព​ក្រុម​ទាហាន​ទាំង​នោះដែល​​កំពុង​តែ​​លួច​យក​របស់របរ​នៅ​ក្នុង​ផ្សារ​មួយ​ ក៏​ពុំ​មាន​នរណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួនឬ​ចោទ​ប្រកាន់​​នោះ​ទេ។ ឧទាហរណ៍​ករណីមួយទៀតគឺករណី​​របស់​លោក ឃឹម សំបូរ អ្នកសារព័ត៌មាន​​​នៃ​កាសែត​មនសិការ​ខ្មែរ ​​ជា​កាសែតចេញផ្សាយ​ប្រចាំថ្ងៃគាំទ្រ​គណបក្សជំទាស់ដែលត្រូវ​បានបុរស​ពីរនាក់ជិះម៉ូតូ​​បាញ់​សម្លាប់នៅ​​ខែ​កក្កដា ឆ្នាំ​២០០៨។ អស់​រយៈពេល ១០ឆ្នាំ​ក្រោយ​មក ការ​អំពាវនាវ​ឲ្យ​បង្កើត​គណៈកម្មាធិការ​ឯករាជ្យ​ ដើម្បី​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​របស់​លោកត្រូវ​បាន​ព្រងើយ​កន្តើយ​ ហើយ​អ្នកដែល​ពាក់ព័ន្ធ​នឹង​ឃាត​កម្ម​នេះក៏ពុំត្រូវ​បាន​យក​មក​ផ្តន្ទា​ទោស​នោះ​ទេ។  ​​

ក្នុង​ករណី​ចំនួនពីរ ដែល​មានការ​បើក​​​សវនាការ ប៉ុន្តែ​ក៏​នៅ​មាន​​ក្ដីព្រួយ​បារម្ភ​​ជា​ច្រើនផងដែរ​។ លោក សួន ចាន់ ដែល​បាន​រាយការណ៍​ពី​បទល្មើស​នេសាទ​ខុសច្បាប់ ត្រូវ​បាន​អ្នក​នេសាទមួយ​ក្រុម​​វាយសម្លាប់​ ក្នុង​ខែ​មករា ឆ្នាំ​២០១៤។ ​ក្នុង​​​ករណី​នេះ ​មាន​ជន​ល្មើសតែ​​ម្នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​ចាប់​ខ្លួន ​និង​កាត់​ទោស រីឯ​​ជន​សង្ស័យ​ប្រាំ​នាក់​​ផ្សេង​​ទៀត ​ត្រូវ​បានកាត់​ទោស​​កំបាំង​មុខ និង​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៣ ឆ្នាំ។ ប៉ុន្តែ ពួកគេ​​មិន​ដែល​ត្រូវចាប់​ខ្លួនឡើយ​។ រី​ឯករណីមួយទៀតគឺ​ករណី​លោក​ តាំង ទ្រី​ ដែលត្រូវ​បាន​គេរក​ឃើញ​ថា​ស្លាប់​ដោយ​មាន​គ្រាប់​កាំភ្លើង​នៅ​ចំថ្ងាស​កាលពី​ខែ​តុលា ឆ្នាំ២០១៤ ពេលនោះ ជន​ល្មើស​ពីរនាក់​ក្នុង​ចំណោម​បីនាក់​ ​ដែល​​បាន​សារភាព​ថាបាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​​នេះ​ត្រូ​វ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់​​ពី​​ជន​​ទី​បី​សារភាព​ថា​​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​ទង្វើ​នេះ​​តែ​ម្នាក់​ឯង។

ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាននាំ​មក​​​​ជាមួយ​នូវ​ការ​គំរាម​​កំហែង​​ពិតប្រាកដ​​។ អ្នក​សារព័ត៌មាន​​​អនុវត្ត​នូវ​​​ភារកិច្ច​ដ៏សំខាន់​នៅ​ក្នុង​សង្គម​ដែល​ពួក​គេ​ធ្វើ​ការ​ ​​ពួក​គេ​​គឺ​​ជាភ្នែក ត្រចៀក និង​ជា​សំឡេង​របស់​ពលរដ្ឋ។ អ្នក​សារព័ត៌មាន​ទទួល​ខុសត្រូវ​ក្នុង​ការ​រាយការណ៍​ហេតុការណ៍​ដែល​បាន​កើត​ឡើង សរសេរបទ​វិភាគ និង​អត្ថបទ​អត្ថាធិប្បាយ ដើម្បី​គាំទ្រ​ឱ្យ​មាន​ការ​​បញ្ចេញ​មតិ និង​ជជែក​ពិភាក្សា​យ៉ាង​រស់​រវើក​។ អ្នកសារព័ត៌មាន​ឯករាជ្យ​ ​ដើរ​តួ​យ៉ាង​សំខាន់​​ក្នុង​ការ​ទាមទារ​ឲ្យ​អ្នក​មាន​អំណាច​មានទំនួល​ខុស​ត្រូវ និង​រួមចំណែក​យ៉ាង​សំខាន់​ទៅ​ក្នុង​សង្គម​​ដែលមាន​​​យុត្តិធម៌។​ នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​​គឺ​ជា​​មុខ​សញ្ញា​នៃ​អំពើ​ហិង្សា ដោយ​សារ​តែអ្វី​ដែល​គេបានសរសេរ​​ ឬបាន​រាយការណ៍​ នោះ​សេរីភាព​​បញ្ចេញ​មតិ​ត្រូវ​បាន​រារាំង ហើយ​ជំនួស​ដោយ​ការ​រឹ​ត​ត្បិត​សេរីភាព​​​ខ្លួន​ឯងនិង​ការ​ភ័យ​ខ្លាច សាធារណជន​នឹង​ពុំមាន​ព័ត៌មាន ហើយ​អ្នក​មានអំណាច​នឹង​មិន​ត្រូវ​បាន​ដាក់​ឱ្យ​ទទួលខុស​ត្រូវ​ចំពោះ​​ទង្វើ​របស់​ខ្លួន​នោះទេ។ នៅ​ពេល​​រដ្ឋ​ខកខាន​ក្នុង​ការ​ស៊ើប​អង្កេត និង​ដាក់​ទណ្ឌកម្ម​​ចំពោះ​អំពើ​ហិង្សា​លើ​អ្នកសារព័ត៌មាន​ នេះ​​ជា​​សារបង្ហាញ​ថាឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌​មាន​គឺ​​ត្រូវ​បាន​អនុញ្ញាតិ។

ក្នុង​រយៈពេល ២ឆ្នាំ​ ចុងក្រោយ​ ខណៈ​ដែល​ពុំមាន​អ្នកសារព័ត៌មានណាម្នាក់ត្រូវ​បាន​សម្លាប់ ពួក​គេ​នៅ​តែ​ជា​មុខ​សញ្ញា​នៃ​ការយាយី​ផ្នែក​ច្បាប់ រួម​ទាំង​ការ​ចោទ​ប្រកាន់លើ​បទល្មើស​មួយចំនួន​​ ខណៈដែល​​ភ្នាក់ងារ​សារព័ត៌មានសំខាន់ៗ​មួយ​ចំនួនត្រូវបាន​បង្ខំចិត្ត​​បិទ​ទ្វារ។ 

និទណ្ឌភាព​នៅ​កម្ពុជាមិន​មែន​មាន​តែ​ត្រឹមតែ​​ការ​វាយ​ប្រហារទៅ​​លើ​អ្នក​សារព័ត៌មាន​នោះទេ។ ការ​ខ្វះខាត​នូវការស៊ើប​អង្កេត​ហ្មត់​ចត់ ​តម្លាភាព ឯករាជ្យ​ និង​​មិន​លម្អៀង​​​ទៅ​ក្នុង​​ការ​ស្លាប់​របស់​សកម្មជន​បរិស្ថាន​លោក ឈុត វុទ្ធី សកម្មជន​សហជីព​លោក ជា វិជ្ជា និងលោក រស់ សុវណ្ណារ៉េត និង​អ្នក​វិភាគ​នយោបាយ​លោក កែម ឡី បង្ហាញ​ពីការ​ដក់​ជាប់​នូវ​​វប្បធម៌និទណ្ឌភាព​ដែលកំពុងតែ​​កើត​មាន​នៅ​​កម្ពុជា។ ករណី​ដែល​បាន​រៀបរាប់ខាង​លើ​ គ្រាន់តែ​ជា​ឧទាហរណ៍មួយចំនួន​នៃ​​ការ​រំលោភបំពាន​ជាច្រើន​ផ្សេងទៀតដែលបាន​ប្រព្រឹត្តទៅលើ​អ្នក​សារព័ត៌មាន អ្នក​ការពារ​សិទ្ធិមនុស្ស អ្នក​នយោបាយ​ជំទាស់ សហជីព សកម្មជន និង​បុគ្គល​ជា​ច្រើន​ទៀត​ ដែល​​​មិន​បាន​ដោះស្រាយ​​ដោយ​ស្ថាប័ន​​មាន​កាតព្វកិច្ច​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​នៅ​​កម្ពុជា។

យើង​ខ្ញុំសូម​ថ្កោល​ទោស​​​​ចំពោះ​និទណ្ឌភាពដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​​ និង​សង្គម​កម្ពុជា និង​​ទាមទារ​យុត្តិធម៌​ដល់​​ពលរដ្ឋ​ដែលសិទ្ធិ​របស់​ពួក​គេ​មិន​ត្រូវ​បានអើពើ។ យើង​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​​ផ្តន្ទាទោស​ជន​ល្មើសនៃ​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​មក​លើ​អ្នក​សារព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស ដោយ​ការ​ស៊ើប​អង្កេត និង​កាត់​ទោស​ដោយ​មានអត្ថន័យ ​ឯករាជ្យ និង​តម្លាភាព​​ស្រប​ទៅ​នឹងបទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ រួម​ទាំង កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ ផែនការសកម្មភាព​នៃអង្គការ​សហប្រជាជាតិ ស្ដីពីសុវត្ថិភាព​របស់​អ្នកសារព័ត៌មាន និង​បញ្ហា​នៃ​និទណ្ឌភាព និង​​គោលការណ៍​​សម្រាប់​ការការ​ពារ ​និង​លើក​កម្ពស់​សិទ្ធិមនុស្ស​​តាម​រយៈ​​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​និទណ្ឌភាពដែលត្រូវ​បានធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​ របស់ក្រុមប្រឹក្សា​សិទ្ធិ​សង្គម និង​សេដ្ឋកិច្ច​ របស់​អង្គការ​សហប្រជាជាតិ និង​ដើម្បីស្ដារ​ឡើង​វិញ​នូវ​សុចរិតភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។

សេចក្ដី​​ថ្លែង​ការណ៍​រួម​​​នេះ​ចូលរួម​ដោយ៖

 

  1. អង្គការ​លើក​លែង​ទោស​អន្តរជាតិ (AI)
  2. អង្គការ​មាត្រា ១៩
  3. សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR)
  4. បណ្ដាញ​លទ្ធិប្រជាធិបតេយ្យ​អាស៊ី (ADN)
  5. វេទិកា​អាស៊ីដើម្បី​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍន៍ (Forum Asia)
  6. សហគមន៍បឹងឈូក
  7. សហគមន៍​បឹងកក់
  8. សហគមន៍​បឹងត្របែក
  9. អនាគតយុវជនកម្ពុជាអាស៊ាន
  10. មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​​កម្ពុជា​
  11. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
  12. សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា
  13. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
  14. សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិមនុស្ស​ លីកាដូ
  15. មជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស​
  16. សហគមន៍​ជ្រោយ​ចង្វា​
  17. សម្ព័ន្ធ​ពិភព​លោក​ដើម្បីការ​ចូលរួម​របស់​ប្រជាពលរដ្ឋ (CIVICUS) 
  18. អ្នក​ការពារ​សិទ្ធិពលរដ្ឋ
  19. សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម
  20. សម្ព័ន្ធសហគមន៍កសិករកម្ពុជា
  21. គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា
  22. អង្គការសមធម៌កម្ពុជា
  23. អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា
  24. អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​
  25. សមាគមឥន្ទ្រទេវី
  26. សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស (FIDH) ក្នុង​ក្របខ័ណ្ឌ​អង្កេត​ដើម្បី​កិច្ចការពារ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស 
  27. IFEX
  28. សហគមន៍​ជនជាតិ​ដើមភាគតិច​គួយ ភូមិ​ប្រមេរ ខេត្ត​ព្រះវិហារ
  29. សហគមន៍​ដីធ្លី ភូមិមួយ​ ខេត្ត​ព្រះសីហនុ
  30. សហគមន៍​ឡពាង ខេត្ត​កំពង់​ឆ្នាំង
  31. អង្គការការពារសិទ្ធិជនជាតិភាគតិច
  32. សហគមន៍​លេខ ៩២
  33. សហគមន៍​ភ្នំបាត
  34. អង្គការពន្លកខ្មែរ
  35. សហគមន៍​ផ្លូវ​រថភ្លើង​ ទួលសង្កែ A
  36. សមាគមធាងធ្នោត
  37. សីលការ
  38. សហគមន៍ SOS ព្រលាន​យន្តហោះអន្តរជាតិ
  39. សម្ពន្ធ​សារព័ត៌មានអាស៊ីអាគ្នេយ៍ (SEAPA)
  40. អង្គការ​ស្តារ​កម្ពុជា​
  41. សហគមន៍​ស្រ្តី​ឃ្លាំងសាំង​
  42. ក្រុមការងារដើម្បីដោះស្រាយទំនាស់
  43. អង្គការ​ពិភព​លោក​ប្រឆាំង​នឹង​ទារុណកម្ម (OMCT) ក្នុង​ក្របខ័ណ្ឌ​អង្កេត​ដើម្បី​កិច្ចការពារ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស 

[1] ធូ ចា មង្គល, នួន​ ច័ន្ទ​, ច័ន្ទ ដារា, ធន់ ប៊ុនលី, ចិត្រ ដួង ​ដារ៉ា​វុទ្ធ​, ពេជ្រ ឯម, ដុក សុខាន់, អ៊ូ សារឿន, ជួ ជេដ្ឋារិទ្ធ, ឃឹម សំបូរ, ហង្ស សេរី​ឧត្តម​

[2] ធូ ចា មង្គល, ធន់ ប៊ុនលី, ចិត្រ ដួង ​ដារ៉ា​វុទ្ធ​, ពេជ្រ ឯម, ដុក សុខាន់, ជួ ជេដ្ឋារិទ្ធ, ឃឹម សំបូរ

Every piece on our website is resource intensive. If you donate whatever you can today, we will use it to continue investigating abuses and advocate for change in 100+ countries.

Region / Country

Most Viewed