Skip to main content

ប្រទេសផ្តល់ជំនួយគួរជម្រុញការលើកតម្កើងលទិ្ធប្រជាធិបតេយ្យ, សិទ្ធមនុស្ស

ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៥

(ញូវយក) - ខួបទី ៣០ នៃការគ្រប់គ្រងរបស់លោក ហ៊ុន សែន ក្នុងប្រទេស​កម្ពុជាបានលើក​ឡើង​នូវសេចក្តីត្រូវការឲ្យរដ្ឋាភិបាល និងប្រទេសផ្តល់ជំនួយ ដែលមានឥទ្ធិពលនានា ពង្រឹង​ការខិតខំធ្វើឲ្យមានការកែទម្រង់សិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ អង្គការឃ្លាំមើលសិទិ្ធ​មនុស្ស បាននិយាយក្នុងរបាយការណ៍ថ្មីមួយនៅថ្ងៃនេះ ។ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ គឺជា ខួបទី ៣០ ចាប់តាំងពីលោក ហ៊ុន សែន បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ១៩៨៥ ។

សព្វថ្ងៃ លោក ហ៊ុន សែន ជាមេដឹកនាំនយោបាយកាន់អំណាចយូរជាងគេបង្អស់ទី ៦ ក្នុងពិភព​លោក ពោលគឺតិចជាងលោក មូហ្កាបេ នៃប្រទេស ហ្សីមបាបវេ និងយូរជាងលោក យ៉ូវេរី មូស៊ីវីនី នៃប្រទេស អ៊ូហ្កង់ដា តែបន្តិចប៉ុណ្ណោះ ។

“ក្នុងរយៈពេល ៣០ ឆ្នាំ លោក ហ៊ុន សែន បានប្រើស្រំដែលៗ នូវហឹង្សា ការបង្ក្រាប នយោបាយ និងអំពើពុករលួយ ដើម្បីបានស្ថិតនៅក្នុងអំណាច” លោក ប្រាដ អាដាំ នាយក ផ្នែកអាស៊ី និងជាអ្នកសរសេររបាយការណ៍នេះ បាននិយាយ ។ “ប្រទេសកម្ពុជា ត្រូវការធ្វើការ​កែ​ទម្រង់ជា​បន្ទាន់ ដើម្បីឲ្យប្រជាពលរដ្ឋប្រទេសនេះ នៅទីបំផុត អាចប្រើប្រាសសិទិ្ធមនុស្សជា​មូល​ដ្ឋានរបស់​ខ្លួន ដោយពុំមានការភ័យខ្លាចការចាប់ខ្លួន ទារុណកម្ម និងការសម្លាប់ ។ តួនាទី​របស់ប្រទេសផ្តល់ជំនួយអន្តរជាតិ គឺមានសារសំខាន់ជាអាយុជីវិតដើម្បីធ្វើឲ្យការណ៍ទាំងនេះ កើតមានឡើងបាន” ។

របាយករណ៍ ៦៧ ទំព័រនេះ, “៣០ ឆ្នាំ នៃអំពើហឹង្សា ការបង្ក្រាប និងអំពើពុករលួយ” សរសេរអំពីមុខដំណែងរបស់លោក ហ៊ុន សែន ពីមេបញ្ជាការខ្មែរក្រហមក្នុងទសវត្ស ១៩៧០ រហូតដល់តួនាទីបច្ចុប្បន្នរបស់គាត់ជានាយករដ្ឋមន្ត្រី និងជាប្រមុខនៃគណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា (គបក) ។ របាយការណ៍ បាននិយាយលំអិតអំពីហឹង្សា ការបង្ក្រាប និងអំពើពុករលួយ ដែលជាលក្ខណៈសម្បត្តិនៃការគ្រប់គ្រងរបស់គាត់ក្នុងរដ្ឋាភិបាលបន្តបន្ទាប់ ចាប់ពីឆ្នាំ ១៩៨៥ មក ។

លោក ហ៊ុន សែន បានគ្រប់គ្រងតាមរយៈហឹង្សា និងការភ័យខ្លាច ។ គាត់តែងតែ​បាន រៀបរាប់អំពីនយោបាយថាជាការតស៊ូស្លាប់រស់ រវាងរូបគាត់ និងពួកអ្នកទាំងអស់ដែល​ហ៊ានមិន ចុះញ៉មគាត់ ។ ឧទាហរណ៍ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០០៥ គាត់បានព្រមានពួកប្រឆាំង នយោបាយដែលគាត់បានចោទថាជា “ពួកឧទ្ទាម” ថា “ពួកគេត្រូវរៀបចំក្តារ​ម្ឈូស និងផ្តែរផ្តាំ ប្រពន្ធឲ្យហើយទៅ” ។ ការណ៍នេះ បានកើតមានឡើងភ្លាមៗបន្ទាប់ពីអតីតព្រះ​មហា​ក្សត្រនៃ កម្ពុជា សម្តេច ព្រះនរោត្តម សីហនុ ដែលបានប្រកាសដាក់រាជ្យសម្បត្តិ ដើម្បីសំដែង ការ​ប្រឆាំងរបស់ព្រះអង្គ ចំពោះវិធីគ្រប់គ្រងរបស់លោក ហ៊ុន សែន ថាស៊ូស្លាប់ប្រសើរជាង ។

ក្នុងសុន្ទរកថាមួយនាថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០០៩ គាត់បានធ្វើត្រាប់ជាកេះកៃកាំភ្លើង នៅពេលគាត់ព្រមានពួកអ្នករិះគន់ថាកុំប្រើពាក្យ “ផ្តច់ការ” ដើម្បីពិព័ណនាការគ្រប់គ្រងរបស់​គាត់ ។ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១១ ឆ្លើយតបទៅនឹងការស្នើថាគាត់គួរព្រួយបារម្ភអំពីការ​ទម្លាក់អ្នកផ្តាច់ការម្នាក់នៅប្រទេសទុយណេហ្ស៊ី ក្នុងពេល “និទាឃរដូវអារ៉ាប” លោក ហ៊ុន សែន បានចំអកថា៖ “ខ្ញុំមិនត្រឹមតែធ្វើឲ្យការប្រឆាំងខ្សោយប៉ុណ្ណោះទេ ខ្ញុំនឹងធ្វើឲ្យពួកគេស្លាប់​តែម្តង ... ហើយបើអ្នកណាខ្លាំងហ៊ានធ្វើបាតុកម្ម ខ្ញុំនឹងវ៉ៃពួកឆ្កែទាំងអស់នោះ រួចចាប់ពួកវាដាក់ ទ្រុង” ។

ភ្លាមៗបន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់គាត់ ទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងការបោះឆ្នោតជាតិថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ទោះបីជាមានការលួចបន្លំជាប្រព័ន្ធ និង ភាពមិនប្រក្រតីដ៏រាលដាល រៀបចំឡើងដោយរដ្ឋាភិបាលគាត់ក៏ដោយ ក៏គាត់បានប្រកាសថា “មានតែគាត់ស្លាប់ ឬពិការរហូតដល់ធ្វើការតមិនកើត” ប៉ុណ្ណោះទេ ទើបអាចទម្លាក់គាត់ពីកំពូល​នៃអំណាចបាន ។

“ទោះបីជាក្នុងទសវត្សថ្មីៗនេះ គាត់បានទុកលំហដ៏មានកម្រិតសម្រាប់ការប្រឆាំង​នយោ​បាយ និងសង្គមស៊ីវិល ក៏ដោយ ក៏ស្នឹមនៃការបើកចំហបានបិទបាំងនូវការពិតជាមូល​ដ្ឋាននៃការបង្ក្រាប និងរដ្ឋាភិបាលរបស់គាត់បានរឹតបន្តឹងពួកអ្នកគម្រាមកំហែងដល់ការគ្រប់​គ្រង​របស់​គាត់” លោក អាដាំ បាននិយាយ ។

អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានពិនិត្យការកត់ត្រាអំពីសិទិ្ធមនុស្សរបស់លោក ហ៊ុន សែន ក្នុងរដ្ឋាភិបាលផ្សេងៗនៃកម្ពុជាចាប់តាំងពីឆ្នាំ ១៩៧៩​ មក និងជាពិសេសក្នុងរាជរដ្ឋាភិ​បាលកម្ពុជាបច្ចុប្បន្ន ដែលបានស្ថិតនៅនឹងកន្លែងនេះចាប់តាំងពីជាង ២០ ឆ្នាំ មក ។ ចាប់តាំង​ពី​លោក ហ៊ុន សែន បានប្រើល្បិចដើម្បីស្ថិតនៅក្នុងដំណែង បន្ទាប់ពីបដិសេធលទ្ធផលនៃការ​បោះឆ្នោតរៀបចំដោយរដ្ឋបាលអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៩៣ មក​ រូបគាត់នឹង គបក បានស្ថិត​នៅ​ក្នុង​អំណាច ដោយការបន្លឹមបន្លំការបោះឆ្នោតដែលបានរៀបចំធ្វើជារៀងរាល់ ៥ ឆ្នាំម្តង ចាប់​តាំងពីពេលនោះមក ។  

របាយការណ៍ បានឈរលើមូលដ្ឋាននៃឯកសារជាភាសាខ្មែរ អង់គ្លេស វៀតណាម និងចិន ក្នុងនេះរួមមានឯកសារផ្លូវការ និងជាភាសាខ្មែរដទៃទៀត បទសម្ភាសន៍ជាមួយមន្ត្រី​កម្ពុជា និងជនកម្ពុជាដទៃទៀត បទសម្ភាសន៍ជាមួយអ្នកកាសែត ពួកអ្នកសិក្សាស្រាវជ្រាវ និង អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងការកត់ត្រារបស់ អសប របាយការណ៍នានារបស់រដ្ឋាភិបាល បរទេស និងការកត់ត្រារបស់តុលាការកម្ពុជា ។

របាយការណ៍ រៀបរាប់អំពី៖

  • ជីវិតពីដំបូងៗរបស់លោក ហ៊ុន សែន នៅខេត្តកំពង់ចាម,
  • សេចក្តីសម្រេចរបស់គាត់ចូលជាមួយខ្មែរក្រហមបន្ទាប់ពីការទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ក្នុងឆ្នាំ ១៩៧០,
  • តួនាទីរបស់គាត់ជាមេបញ្ជាការខ្មែរក្រហមក្នុងទសវត្ស ១៩៧០ ក្នុងតំបន់ដែល ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ត្រូវបានប្រព្រឹត្តឡើង,
  • ការទទួលខុសត្រូវរបស់គាត់ក្នុងទសវត្ស ១៩៨០ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ចំពោះកម្មវិធីដាក់ឲ្យធ្វើការដោយបង្ខំដ៏ល្បីល្បាញ និងការដាក់គុកជាប្រព័ន្ធពួក ប្រឆាំង និងក្រុមអត្តឃាតក្នុងពេលប្រតិបត្តិការរក្សាសន្តិភាពរបស់ អសប ក្នុងឆ្នាំ ១៩៩២-៩៣,
  • តួនាទីរបស់អង្គភាពអង្គរក្សផ្ទាល់ខ្លួនរបស់គាត់ក្នុងការវាយប្រហារដោយគ្រាប់ បែកធ្វើឲ្យមនុស្សស្លាប់ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ១៩៩៧ លើមេដឹកនាំប្រឆាំង សម រង្ស៊ី,
  • រដ្ឋប្រហារបង្ហូរឈាមថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ ១៩៩៧ និងបច្ច័យរបស់វា ក្នុងនោះ​មនុស្សជាង ១០០ នាក់ ភាគច្រើនជាពួករាជានិយមសមាជិកគណបក្សប្រឆាំង ត្រូវបានសម្លាប់ក្រៅប្រព័ន្ធតុលាការ, និង
  • ការបង្ក្រាប និងអំពើពុករលួយ ក្នុងទសវត្សកន្លងមក ដែលក្នុងពេលនោះសកម្ម ជននយោបាយ និងសង្គម, មេដឹកនាំសហជីពកម្មករ និងអ្នកកាសែត ត្រូវបាន​សម្លាប់ទាក់ទិនទៅនឹងការប្រឆាំងរបស់ពួកគេ ចំពោះគោលនយោបាយ និងការ​អនុវត្តរបស់ គបក ។

ក្នុងឆ្នាំថ្មីៗកន្លងទៅ វិបត្តិដីធ្លីបង្កើតឡើងដោយរដ្ឋាភិបាល ប៉ះពាល់ដល់ពួកអ្នកក្រក្នុងទី ក្រុង និងជនបទ បានប៉ះពាល់មិនល្អចំពោះជនកម្ពុជារាប់រយពាន់នាក់ ព្រមជាមួយការដែល​លោក ហ៊ុន សែន បានធ្វើឲ្យរាំងស្ទះជាចំហនូវគណនេយ្យភាពនៃឧក្រិដ្ឋកម្មអន្តរជាតិ ប្រព្រឹត្ត ឡើងក្នុងឆ្នាំ ១៩៧៥-១៩៧៩ ដោយខ្មែរក្រហម ដោយការត្រួតត្រារបស់គាត់លើប្រព័ន្ធតុលា​ការកម្ពុជា ដែលធានាផងដែរដល់ការបន្តនូវនិទណ្ឌភាពចំពោះការរំលោភនានា ។

អង្គការឃ្លាំមើលសិទិ្ធមនុស្ស សូមអំពាវនាវ ដល់រដ្ឋាភិបាល និងប្រទេសផ្តល់ជំនួយ ដ៏ មានឥទ្ធិពល ឲ្យបញ្ចប់នូវចម្លើយជាអវិជ្ជមានរបស់ពួកគេចំពោះការរំលោភសិទិ្ធមនុស្ស ការ​បង្ក្រាប និងអំពើពុករលួយដ៏ធំមហិមា អស់រយៈពេលជាច្រើនទសវត្សទាំងនេះ និងចូលពាក់​ព័ន្ធជាថ្មី​ឡើងវិញក្នុងការគាំទ្រជនកម្ពុជា ដែលតស៊ូដើម្បីឲ្យមានការបោះឆ្នោតដោយសេរី និង​ត្រឹមត្រូវ, នីតិរដ្ឋ និងបញ្ចប់អំពើពុករលួយ និងការរឹបអូសដីធ្លី និងការគោរពសិទិ្ធមនុស្សជា​មូល​ដ្ឋាន ដូចជាសេរីភាពក្នុងការសំដែងមតិ ការធ្វើសមាគម និងការជួបជុំគ្នា ។

“បន្ទាប់ពីបទពិសោធ ៣០ ឆ្នាំ ពុំមានហេតុផលអីត្រូវជឿថាលោក ហ៊ុន សែន នឹង ក់ខ្លួននៅថ្ងៃណាមួយ និងសម្រេចថាគ្រប់គ្រងប្រទេសកម្ពុជាតាមបែប ចំហ, រួបរួមគ្នា, ចេះ​អត់ឱនគ្នា និងគោរពសិទិ្ធមនុស្ស នោះ” លោក អាដាំ បាននិយាយ ។ “សហគមន៍​អន្តរជាតិ គួរចាប់ផ្តើមស្តាប់ជនកម្ពុជាទាំងនោះ ដែលបានសុំកាន់ខ្លាំងឡើងៗឲ្យមានកា​រការ​ពារ និងការ​លើកតម្កើងសិទ្ធិមនុស្សជាមូលដ្នានរបស់ពួកគេនោះ” ។

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed