Skip to main content

ចំណុចមន្ទិលសង្ស័យសំខាន់ៗនៅមិនទាន់ដោះស្រាយបន្ទាប់ពីសាលក្រមផ្តន្ទាទោស

មន្ត្រីនគរបាល​ម្នាក់​ឈរ​យាម​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុងអំឡុងពេល​ជំនុំជម្រះ​ក្តី ជួប​សម្លាប់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់​លោក កែម ឡី អ្នក​អត្ថាធិប្បាយ​នយោបាយ​និង​អ្នក​រិះគន់​ដ៏​លេចធ្លោ​លើ​រដ្ឋាភិបាល, នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។ © 2017 Reuters

រាជធានីភ្នំពេញ ៖ គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃនេះថា ប្រទេសកម្ពុជាគួរបន្តការស៊ើបអង្កេតករណីឃាតកម្មលោកបណ្ឌិត កែម ឡី អ្នកអត្ថាធិប្បាយនយោបាយដ៏ល្បីល្បាញបន្ថែមទៀត ដើម្បីដោះស្រាយទិដ្ឋភាពសំខាន់ៗនៃករណីឃាតកម្ម ដែលទំនងជាគ្មានការស៊ើបអង្កេតឲ្យបានគ្រប់គ្រាន់។

នៅ​ថ្ងៃទី២៣ ខែ​មិនា ឆ្នាំ២០១៧ តុលាការក្រុង​ភ្នំពេញ​បាន​រកឃើញថា ឈ្មោះ អឿ​ត អាង មានទោស​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន ប្រព្រឹត្ត​លើ​លោក កែម ឡី កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ និង​បាន​ផ្តន្ទាទោស​ឲ្យ​ជនល្មើស​ជាប់ពន្ធនាគារ​អស់​មួយជីវិត។ នៅមុន​សវនាការ​រយៈ​ពេល​កន្លះ​ថ្ងៃ​កាលពី​ថ្ងៃទី១ ខែ​មិនា ឆ្នាំ២០១៧ អាជ្ញាធរ​សឹងតែ​មិនបាន​បញ្ចេញ​ព័ត៌មាន​អ្វី​ទាល់តែសោះ​អំពី​ការស៊ើបអង្កេត​កន្លងមក។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​អន្តរជាតិ​របស់​គណៈកម្មកា​រ​អ្នកច្បាប់​អន្តរជាតិ លោក ឃី​ង​ស្លី អា​បុ​ត (Kingsley Abbott) ដែល​បាន​ឃ្លាំមើល​ដំណើរការ​កាត់ក្តី​នេះ បាន​ថ្លែងថា៖ “ដំណើរការ​កាត់ក្តី​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា ដំណើរការ​ស៊ើបអង្កេត​ហាក់បីដូច​ជាមាន​កង្វះខាត​លើ​ទិដ្ឋភាព​សំខាន់ៗ​ជាច្រើន​ចំណុច។ ជនរងគ្រោះ​ពីបទ​ឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​នេះ រួមមាន​ភរិយា និងកូនៗរបស់លោក កែម ឡី នឹងមិន​ទទួលបាន​យុត្តិធម៌​ពិតប្រាកដ​នោះទេ លុះត្រាតែ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ មិន​លម្អៀង និង​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​កំណត់ថា តើ​មាន​ជន​ដទៃទៀត​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះដែរ​ឬទេ?”

សូម្បីតែ​អត្តសញ្ញាណ​របស់​ចុងចោទ​ក៏​ជា​បញ្ហា​ចោទ​មួយ​ផងដែរ។ នៅក្នុង​សវនាការ អឿ​ត អាង បាន​អះអាងថា ខ្លួន​មាន​អាយុ ៣៩ឆ្នាំ មិនមាន​ប្រពន្ធ និង​មានឈ្មោះ “ជួប​សម្លាប់” ដែល​បក​ប្រែជា​ភាសា​អង់គ្លេស​ថា “Meet to Kill” មកពី​ខេត្តបន្ទាយមានជ័យ។ ទោះជា​យ៉ាងណាក៏ដោយ ព្រះរាជអាជ្ញា​បានលើកឡើង​ថា ដោយ​ផ្អែកលើ​ស្នាម​ម្រាមដៃ​នៅលើ​អត្តសញ្ញាណប័ណ្ណ​របស់ អឿ​ត អាង លោក​ពិតជា​យល់ឃើញថា ចុងចោទ​គឺ​ពិតជា​មានឈ្មោះ អឿ​ត អាង ស្ថានភាព​គ្រួសារ “មាន​ប្រពន្ធ” កើត​នៅ​ឆ្នាំ១៩៧២ មកពី​ខេត្តសៀមរាប។

លោកស្រី ចម្ប៉ា ប៉ា​តេ​ល (Champa Patel) នាយក​អង្គការ​លើកលែងទោស​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ថ្លែងថា៖ “សវនាការ​អាច​កំណត់​បាន​ថា អឿ​ត អាង ជា​អ្នក​ទាញ​កៃកាំភ្លើង ប៉ុន្តែ​ការស៊ើបអង្កេត​ហាក់ដូចជា​មិនបាន​ពិចារណា​ថា​តើ​មាន​ជន​ផ្សេងទៀត​ជា​អ្នក​ដាក់​គ្រាប់​បញ្ចូល​ទៅក្នុង​កាំភ្លើង​នោះដែរ​ឬ​យ៉ាងណា​នោះទេ។ វា​ច្បាស់​ណាស់​ថា អាជ្ញាធរ​កម្ពុ​ជាមាន​ចេតនា​ចង់​បិទ​បញ្ចប់​សំណុំ​រឿងនេះ និង​ដំណើរ​ក្តី​ទៅមុខ ក៏ប៉ុន្តែ​ការបរាជ័យ​ក្នុងការ​ស៊ើបអង្កេត​លើ​បទល្មើស​ដ៏​សាហាវ​មួយ​នេះ នឹង​រិត​តែ​បន្ថែម​នូវ​ភាពអយុត្តិធម៌​ដល់​ក្រុមគ្រួសារ​លោក​ កែម ឡី ”។

សវនាការ​បានចាប់ផ្តើម​នៅ​ម៉ោង ៨:៤០នាទី​ព្រឹក និង​បានបញ្ចប់​នៅ​ម៉ោង ១៣:០០រសៀល។ បន្ទាប់ពី​ អឿ​ត អាង បានផ្តល់​សក្ខីកម្ម​រួច សាក្សី ១០នាក់​បានផ្តល់​សក្ខីកម្ម​ផ្ទាល់មាត់ ក្នុងនោះ​រួមមាន​បុគ្គលិក​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ២នាក់ មន្ត្រី ៧រូប​ដែល​បាន​ចូលរួម​ក្នុងការ​ស៊ើប​អ​ង្កេ​តក្នុ​ង​សមត្ថកិច្ចខុសៗគ្នា និង​វេជ្ជបណ្ឌិត​មួយរូប​ដែល​បាន​ពិនិត្យ​សាកសព​លោក​ កែម ឡី នៅ​កន្លែងកើតហេតុ។ សេចក្តីរាយការណ៍​ផ្លូវការ និង​សេចក្តីថ្លែងការណ៍​របស់​សាក្សី​ជាច្រើន​នាក់​ក៏ត្រូវ​បាន​អាន​ជា​សក្ខីកម្ម​ផងដែរ ហើយ​ព្រះរាជអាជ្ញា​បានបញ្ចាំង​វី​ឌី​អូ​ចំនួន​ប្រាំបី​ ពី​ទីតាំងផ្សេងៗគ្នា ដែល​ក្នុងនោះ​វីដេអូ​មួយ​ថត​ពី​កាមេរ៉ា​សុវត្ថិភាព (CCTV) នៅ​ខាងក្នុង​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ជាទី​ដែល​លោក​ កែម ឡី ត្រូវបាន​បាញ់សម្លាប់។ ភរិយា​របស់​សព​លោក​ កែម ឡី ដែល​ជាដើម​បណ្តឹង​រដ្ឋប្បវេណី មិនមាន​វត្តមាន​នៅក្នុង​សវនាការ​នោះទេ ប៉ុន្តែ​សេចក្តីថ្លែងការណ៍​ដើម​បណ្តឹងរដ្ឋប្បវេណី​របស់​​លោកស្រី ត្រូវបាន​អាន​ជា​សក្ខីកម្ម​ផងដែរ។

ដោយឡែក​លោក ហ្វីល រ៉ូ​ប៊ឺ​ត​សុន (Phil Robertson) នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី បាន​ថ្លែងថា “ការដែល​អាជ្ញាធរ​មិន​ស៊ើបអង្កេត​លើ​ចំណុច​ចន្លោះប្រហោង​ជាក់ស្ដែង​ជាច្រើន​នៅក្នុង​ដំណើររឿង​សារភាព​របស់​ចុង​ចម្លើយ និង​តុលាការ​មិនមាន​ឆន្ទៈ​ក្នុងការ​ពិនិត្យមើល​ចំណុច​ទាំងនោះ បាន​ស្ដែង​ឲ្យ​ឃើញថា ដំណើរការ​កាត់ក្តី​តាមបែប​ឆក់កណ្ដៀត ជាជាង​ការ​លាតត្រដាង​អ្នក​ជាប់​ពាក់ព័ន្ធ​នានា ក្នុង​រឿងក្តី​នេះ គឺជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ជាខ្លាំង។ ក្រុមគ្រួសារ​របស់លោក​ កែម ឡី ធ្លាប់បាន​ថ្លែង​ជា​សាធារណៈ​ជាច្រើនលើក​ច្រើនសា​រួចមកហើយ​អំពី​ការមិន​មាន​ជំនឿ​របស់​ពួកគេ​ដែលថា អឿ​ត អាង គឺជា​មនុស្ស​ដែល​ទទួលខុសត្រូវ​តែម្នាក់ឯង​គត់​ចំពោះ​ករណី​ឃាត​កម្មនេះ ហើយ​ដំណើរការ​សវនាការ​នេះ​កាន់តែ​ធ្វើ​ឲ្យ​គេ​ជឿជាក់​លើ​ភាពមន្ទិលសង្ស័យ​របស់​ពួកគេ [គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី]” ។

ក្តី​មន្ទិលសង្ស័យ​ចំនួន ៨ចំណុច​ដែល​តុលាការ​ខកខាន​មិនបាន​លើក​យកមក​ដោះស្រាយ​ឲ្យ​បាន​គ្រប់គ្រាន់​នៅក្នុង​ដំណើរការ​កាត់ក្តី​នេះ

ខណៈ​នៅក្នុង​សវនាការ ចុងចោទ អឿ​ត អាង បានផ្តល់​សក្ខីកម្ម​ថា ខ្លួន​បានសម្លាប់​លោក កែម ឡី ដោយសារ​រឿង​បំណុល​ចំនួន ៣ពាន់​ដុល្លារ និង​បានធ្វើ​សកម្មភាព​តែម្នាក់ឯង​គត់ ការលើកឡើង​របស់​ព្រះរាជអាជ្ញារដែលជា​កំណត់ត្រា​អំពី​ការស៊ើបអង្កេត​តែមួយគត់​ដែល​បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ ហាក់ដូចជា​បង្ហាញ​នូវ​ចន្លោះប្រហោងសំខាន់ៗនៅក្នុង​ការព្យាយាម​ស៊ើបអង្កេត​ដើម្បី​កំណត់​ការពិត ក្នុងនោះ​រួមមាន ៖

អឿ​ត អាង បាន​អះអាងថា ខ្លួន​មាន​មធ្យោបាយ​ឲ្យ​លោក កែម ឡី ខ្ចីប្រាក់​ចំនួន ៣ពាន់​ដុល្លារ​ដោយសារតែ​បាន​លក់​ដី​មួយកន្លែង​ដែល​ខ្លួន​បាន​កាន់កាប់​តាំងពី​នៅ​ក្មេង ក៏ប៉ុន្តែ​ព្រះរាជអាជ្ញារ​មិនបាន​ព្យាយាម​ស៊ើបអង្កេត​លើ​ការអះអាង​របស់ អឿ​ត អាង ដូចជា​ស្វែងរក​ទីតាំង​ដី ស្វែងរក​ឯកសារ​ជា​ភស្តុតាង​បង្ហាញ​ពី​ការកាន់កាប់ ឬ​ការលក់​ដី ឬ​សម្ភាស​អ្នកទិញ​ដី​ដើម្បី​បញ្ជាក់ថា ការលក់​ដី​នោះ​ពិតជា​បានកើត​មានពិត​ប្រាកដ​មែន។ មិនមាន​ការថ្លែង​ពី​អ្នកទិញ ​ត្រូវបានបង្ហាញ​នៅក្នុង​ដំណើរការ​កាត់ក្តី​នោះទេ ហើយ​គ្មាន​នរណាម្នាក់​បានបង្ហាញ​ខ្លួន​ជា​សាក្សី​នៅក្នុង​ចំណុច​មន្ទិលសង្ស័យ​នេះដែរ។ លទ្ធផល​នៃ​ការស៊ើបអង្កេត​ផ្នែក​ហិរញ្ញវត្ថុ​ឬ​ទូរគមនាគមន៍​អំពី​ចំណុច​មន្ទិលសង្ស័យ​នេះ ក៏​មិន​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ដំណើរការ​កាត់ក្តី​នេះដែរ។

អឿ​ត អាង បាន​អះអាងថា ខ្លួន​បាន​ជួប​លោក កែម ឡី តែម្ដង​គត់​នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​តាមរយៈ​បុគ្គល​ម្នាក់​ឈ្មោះ “ពូ លិ​ស” ។ នៅក្នុង​ជំនួប​នោះ ខ្លួន​បាន​អះអាងថា ខ្លួន​បាន​ផ្តល់ប្រាក់ ៣ពាន់​ដុល្លារ​ឲ្យ​លោក កែម ឡី ជា​ថ្នូរ​នឹង​ការសន្យា​សង់ផ្ទះ​និង​ផ្តល់​ការងារ​ឲ្យ​ធ្វើ។ ក៏ប៉ុន្តែ ព្រះរាជអាជ្ញារ​មិនបាន​បញ្ជាក់​ពី​ការព្យាយាម​ណាមួយ​របស់​អ្នកស៊ើប​អង្កេត​ក្នុងការ​កំណត់​អត្តសញ្ញាណ ទីកន្លែង និង​សម្ភាស​ជន​ឈ្មោះ ពូ លិ​ស នោះទេ។ គ្មាន​ការថ្លែង​របស់​ជន​ឈ្មោះ ពូ លិ​ស ត្រូវបាន​បង្ហាញ​នៅក្នុង​ដំណើរការ​កាត់ក្តី ហើយ​បុគ្គល​រូបនេះ​មិនបាន​បង្ហាញខ្លួន​ជា​សាក្សី​នោះដែរ។

ព្រះរាជអាជ្ញា​បាន​បញ្ចាំង​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​តែមួយ​ពី​ក្នុង​ស្ថានីយ៍​កាល់​តិច ជាទី​កន្លែង​ដែល​លោក កែម ឡី ត្រូវបាន​សម្លាប់។ ព្រះរាជអាជ្ញា​បាន​អះអាងថា វីដេអូ​នោះបាន​បង្ហាញថា អឿ​ត អាង​បាន​ចូលក្នុង​ស្ថានីយ​ប្រេង​មុននឹង​សម្លាប់​លោក កែម ឡី។ លោក កែម ឡី មិនត្រូវ​បាន​គេ​មើលឃើញ​នៅក្នុង​ប្លង់​វីដេអូ​នោះទេ។ ខណៈដែល​ស្ថានីយ៍​កាល់​តិច​ហាក់ដូច​ជាមាន​ប្រព័ន្ធ​កាមេរ៉ាសុវត្ថិភាព​ជាច្រើន​កន្លែង រួមទាំង​នៅខាងមុខ​អគារ​ផង​នោះ ព្រះរាជអាជ្ញា​មិនបាន​បញ្ជាក់ថា​តើ​វីដេអូ​ណាខ្លះ​ដែល​អ្នកស៊ើប​អង្កេត​បាន​ទទួល​ពី​កាមេរ៉ាខុសៗគ្នា​នោះទេ ហើយ​មិនបាន​ផ្តល់​ការ​ពន្យល់ថា​ហេតុអ្វី​បានជា​បញ្ចាំង​វីដេអូ​ពី​កាមេរ៉ា​តែមួយ​គ្រាប់​ដូច្នេះ។ ព័ត៌មាន​នេះ​អាច​នឹងមាន​ជាប់ទាក់ទង​ទៅនឹង​បញ្ហា​ជាច្រើន​ទៀត, រួមមាន​ថា​តើ អឿ​ត អាង ធ្វើ​សកម្មភាព​តែម្នាក់ឯង​មែន​ឬទេ, តាមរយៈ​ការបង្ហាញ​តម្រុយ​អំពី​ការផ្លាស់​ទី​របស់គាត់​នៅមុន​ពេល អំឡុងពេល និង​ក្រោយពេល​សម្លាប់​នេះ។

វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​របស់​ស្ថានីយ៍​កាល់​តិច បានបង្ហាញ​ឱ្យឃើញ​ពី​បុរស​ម្នាក់​ដែល​ពាក់អាវ​ពណ៌​ស អង្គុយ​ជាមួយ​លោក កែម ឡី មុនពេល​គាត់​ត្រូវបាន​គេ​បាញ់សម្លាប់​បន្តិច។ មិនមាន​ភស្តុតាង​ណា​បង្ហាញថា​អ្នកស៊ើប​អង្កេត​បាន​ព្យាយាម​កំណត់​អត្តសញ្ញាណ​បុរស​ម្នាក់​នោះទេ ហើយ​គាត់​មិនត្រូវ​បាន​គេ​ហៅ​មក​ធ្វើជា​សាក្សី​ក្នុងអំឡុង​សវនាការ​ឡើយ។

អឿ​ត អាង បាន​អះអាងថា​មាន​មនុស្ស​ម្នាក់​ដែល​គាត់​មិនបាន​ឃើញ បាន​បាញ់កាំភ្លើង​សំដៅ​គាត់​នៅពេលដែល​គាត់​កំពុង​រត់គេច​ខ្លួនពី​កន្លែងកើតហេតុ​។ ព្រះរាជអាជ្ញា​មិនបានដោះស្រាយ​ពី​បញ្ហា​នេះ​ឱ្យបាន​គ្រប់គ្រាន់​នោះទេ រួមទាំង​ថា​តើ​មានការ​ព្យាយាម​កំណត់​អត្តសញ្ញាណ​ដើម្បី​សម្ភាស​ជន​បាញ់ប្រហារ​នោះដែរ​ឬ​អត់។ គ្មាន​ការ​ថ្លែង​ណាមួយ​របស់​ជន​ដែល​ត្រូវបាន​ចោទថា​បាញ់​នោះ​នៅក្នុង​ការជំនុំជម្រះ​ទេ ហើយ​ពួកគេ​មិនបាន​បង្ហាញខ្លួន​ជា​សាក្សី​ដែរ។

អឿ​ត អាង បាន​អះអាងថា​ខ្លួន​បាន​ទិញ​កាំភ្លើងខ្លី​មួយគ្រឿង​ដែល​គាត់​និយាយថា​បាន​ប្រើ​ក្នុងការ​សម្លាប់​លោក កែម ឡី​នោះ ពី​អ្នក​ស្គាល់គ្នា​ម្នា​ក់នៅ​ប្រទេស​ថៃ ដែលមាន​ឈ្មោះថា “ឆក។ ព្រះរាជអាជ្ញា​មិនបាន​បញ្ជាក់​ពី​កិច្ចប្រឹងប្រែង​ណាមួយ, ប្រសិន​បានធ្វើ, ក្នុងការ​កំណត់​អត្តសញ្ញាណ ស្វែងរក​ទីតាំង និង​សម្ភាស​ជន​ឈ្មោះ ឆក នោះទេ។ គ្មាន​ការ​ថ្លែង​ណាមួយ​របស់ ឆក ត្រូវបាន​បង្ហាញ​នៅក្នុង​ការជំនុំជម្រះ​ទេ ហើយ​គាត់​មិនបាន​បង្ហាញខ្លួន​ជា​សាក្សី​ឡើយ។

វា​មិន​ច្បាស់​ទេ​ថា​តើ​ជំហាន​អ្វីខ្លះ​ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុងពេល​ស៊ើបអង្កេត​ដើម្បី​បញ្ជាក់​អំពី​ផ្នែកសំខាន់ៗនៃ​ប្រវត្តិ​របស់លោក​អឿ​ត អាង រួមទាំង​ការពាក់ព័ន្ធ​នឹង​តួនាទី​យោធា​ឬ​តួនាទី​ផ្លូវ​ការដែល​លោក​ធ្លាប់​កាន់​កាលពីមុន។ យោងតាម​ការ​ថ្លែង​របស់​ភរិយា​នៃ​ចុងចោទ ដែល​មិនមាន​វត្តមាន​នៅក្នុង​សវនាការ​នោះ បាន​អះអាងថា​លោក អឿ​ត អាង គឺជា​អតីត​ទាហាន​ខ្មែរក្រហម។ តាម​សម្តី​នៃ​ម្តាយ​របស់គាត់ដែល​មិនមាន​វត្តមាន​នៅក្នុង​ដំណើរការ​នីតិវិធី​ផងដែរ​នោះ បាន​លើកឡើងថា អឿ​ត អាង ធ្លាប់​ធ្វើការ​នៅ “នាយកដ្ឋាន​បរិស្ថាន” ។ នៅឯ​សវនាការ អឿ​ត អាង បាន​និយាយថា​គាត់​ធ្លាប់បាន​ធ្វើជា​ចុងភៅ​របស់​ទាហាន ប៉ុន្តែ​បដិសេធថា​គាត់​មិនមែនជា​ទាហាន​ទេ។ គាត់​ក៏​នៅតែ​អះអាង​ដែរ​ថា គាត់​មានឈ្មោះ “ជួប​សម្លាប់" ហើយ​មិន​ត្រូវបាន​គេ​ស្គាល់​ដោយ​ឈ្មោះ​ផ្សេងទៀត​ទេ។

នៅពេល​កាត់ក្តី ព្រះរាជអាជ្ញា​បាន​បញ្ចាំង​វី​ឌី​អូ​ចំនួន ៨ ពី​ចំណុចផ្សេងៗគ្នា​ដែល​បង្ហាញ​ពី​បុរស​ម្នាក់​ដែល​ត្រូវបាន​ចោទថា​ជា អឿ​ត អាង កំពុង​ភៀសខ្លួន​ពី​កន្លែងកើតហេតុ ហើយ​រត់​ឆ្ពោះទៅ​ទិសខាងកើត​លើ​មហាវិថី​ម៉ៅ​សេទុង។ នៅ​ថ្ងៃ​ជំនុំជម្រះ វីដេអូ​ទាំងនេះ​ដែល​ត្រូវបាន​គេ​បង្ហាញ​នៅលើ​គេហទំព័រ​ព័ត៌មាន​ដែល​ស្របតាម​រដ្ឋាភិបាល​ផងដែរ​នោះ បានបង្ហាញ​ឲ្យ​ឃើញ​យានយន្ត​មួយចំនួន ហើយ​ក្នុងនោះ​មាន​រថយន្ត SUV ពណ៌​ស​មួយគ្រឿង និង​ម៉ូតូ​ពីរ​គ្រឿង មើលទៅ​ដូចជា​កំពុងបើក​តាម​បុរស​ដែល​រត់គេចខ្លួន​នោះ។ បុរស​ម្នាក់​ដែល​អង្គុយ​កែប​ក្រោយ​នៃ​ម៉ូតូ​មួយគ្រឿង មើលទៅ​ដូចជា​កំពុងកាន់​កាំភ្លើង​វែង​មួយ​ដើម។ អត្តសញ្ញាណ​នៃ​យានយន្ត​និង​បុរស​ទាំងនេះ មិនត្រូវ​បាន​គេ​លើកឡើង​ក្នុងអំឡុងពេល​ជំនុំជម្រះ​ទេ ហើយ​គ្មាន​នរណាម្នាក់​ក្នុងចំណោម​ពួកគេ​ត្រូវបាន​ហៅ​មក​ធ្វើជា​សាក្សី​ឡើយ។

ព្រឹត្តិការណ៍​ពាក់ព័ន្ធ

ក្នុងពេល​ព្រឹក​នៃ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោក កែម ឡី ត្រូវបាន​បាញ់សម្លាប់​នៅឯ​ហាង​កាហ្វេ​នៃ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​នៅតាម​បណ្តោយ​មហាវិថី​ព្រះមុន្នីវង្ស។ ប៉ូលីស​បាន​ឃាត់ខ្លួន អឿ​ត អាង នៅពេល​រត់​ចេញពី​កន្លែងកើតហេតុ​បាន​បន្តិច។ យោងតាម​នគរបាល គាត់​បាន “សារភាព” ពី​ការសម្លាប់​នេះ ដោយ​អះអាងថា​អ្វីដែល​ជំរុញ​ចិត្ត​របស់គាត់​គឺ​បំណុល ៣០០០ដុល្លារ ដែល​លោក កែម ឡី ជំពាក់​គាត់​មិន​សង, ដែល​ការអះអាង​នេះ​ត្រូវបាន​ជំទាស់​ដោយ​ប្រពន្ធ​លោក កែម ឡី និង​ប្រពន្ធ​របស់ អឿ​ត អាង។

ការសម្លាប់​លោក កែម ឡី កើតមានឡើង​នៅ​ពីក្រោយ​នៃ​ការវាយប្រហារ​កាន់តែខ្លាំង​ឡើង​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស​និង​អ្នកប្រឆាំង​ផ្នែក​នយោបាយ ព្រមទាំង​ប្រវត្តិសាស្ត្រ​នៃ​ការសម្លាប់​ដែល​ត្រូវបាន​កត់ត្រា​ទុក​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ការសម្លាប់​នេះ​ត្រូវបាន​ចោទថា​មានការ​ពាក់ព័ន្ធ​ជាមួយ​រដ្ឋ។

នៅ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ មិនយូរប៉ុន្មាន​បន្ទាប់​ពី​ការសម្លាប់​នោះ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បានផ្តល់​អនុសាសន៍​ជាក់ស្តែង​ចំនួន ៥ ដល់​អាជ្ញាធរ​កម្ពុជា​ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​អន្តរជាតិ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ជាបន្ទាន់​លើ​ឃាតកម្ម​នេះ ប្រកបដោយ​ភាព​ឯករាជ្យ មិន​លំអៀង និង​ប្រសិទ្ធិភាព។

នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​រកឃើញថា អឿ​ត អាង មាន​ពិរុទ្ធ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន (មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា) និង​ការកាន់កាប់​ដោយ​គ្មាន​ការអនុញ្ញាត​ឬ​ការដឹកជញ្ជូន​អាវុធ (មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា) ។

នៅថ្ងៃនេះ មាន​របាយការណ៍​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា បន្ទាប់ពី​សាលក្រម​តុលាការ មេធាវី​របស់ អឿ​ត អាង បាន​ប្រាប់​អ្នកកាសែត​ថា​តុលាការ​បាន​បង្កើត​សំណុំ​ឯកសារ​ថ្មី​ដើម្បី​ស៊ើបអង្កេត​បុរស​ពីរ​នាក់​ដែលមាន​ឈ្មោះថា ពូ ​លី​ស និង​ចក់ ដែល​ពាក់ព័ន្ធ​នឹង​ការសម្លាប់​លោក កែម ឡី។ ការ​ថ្លែង​នេះ​មិនទាន់​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​ទេ ហើយ​គ្មាន​ព័ត៌មាន​លម្អិត​បន្ថែមទៀត​បង្ហាញ​ឲ្យ​ដឹង​ទេ អំពី​អត្តសញ្ញាណ​របស់​បុរស​ទាំងពីរ ឬថា​តើ​ពួកគេ​អាចពាក់ព័ន្ធ​នឹង​ករណីនេះ​ដោយ​របៀប​ណា​នោះ។

ដោយ​អនុលោម​ទៅតាម​ច្បាប់​អន្តរជាតិ​ដែល​រួមបញ្ចូល​ទាំង​ប្រទេស​កម្ពុជា រួមទាំង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ (ICCPR) ដែល​ប្រទេស​កម្ពុជា​គឺជា​រដ្ឋ​ភាគី​មួយ​ក្នុងនោះ, កម្ពុ​ជាមាន​កាតព្វកិច្ច​ស៊ើបអង្កេត​យ៉ាង​ឆាប់រហ័ស ដោយ​ឯករាជ្យ មិន​លំអៀង និង​ប្រកបដោយ​ប្រសិទ្ធិភាព ទៅលើ​ការស្លាប់​ទាំងអស់​ដែល​សង្ស័យថា​បានធ្វើ​ឡើយ​ដោយ​ខុសច្បាប់។ ការស៊ើបអង្កេត​ត្រូវតែ​ស្វែងរក​អត្តសញ្ញាណ​មិន​ត្រឹមតែ​ជនល្មើស​ដោយផ្ទាល់​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជន​ទាំងឡាយ​ផ្សេងទៀត​ដែល​អាច​ទទួលខុសត្រូវ​ចំពោះ​ការប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​ការស្លាប់​នោះ។

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed