Skip to main content

កម្ពុជា៖ បញ្ចប់ការផ្តន្ទាទោសដោយហតុផលនយោបាយ លើសហជីពករ ៦ នាក់

ប្រទេសផ្តល់ជំនួយគួរគាបសង្កត់រដ្ឋាភិបាលឲ្យទម្លាក់ចោលសំណុំរឿងទាំងនេះ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៤

(ញូវយក) - អាជ្ញាធរកម្ពុជា[2] គួរបញ្ចប់ការផ្តន្ទាទោសដោយហេតុផលនយោបាយលើសហជីពករកម្មករប្រាំមួយនាក់ ដែលត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុហឹង្សាក្នុងខែមករា ឆ្នាំ ២០១៤ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយ ថ្ងៃនេះ ។ កាលបរិច្ឆេតនៃការកោះហៅរបស់តុលាការឲ្យចូលខ្លួននៅថ្ងៃទី ១២ ខែកញ្ញា គឺ ៥ ថ្ងៃមុនសហជីពបានគ្រោងថានឹងចាប់ផ្តើមធ្វើយុទ្ធនាការថ្មីមួយ ដើម្បីទាម​ទារការដំឡើងប្រាក់ខែអប្បរមា ។

ព្រះរាជអាជ្ញាបានចោទប្រកាន់សកម្មជនដែលលេចមុខ ប៉ាវ ស៊ីណា, ជា មុនី, អាត់ ធន់, រ៉ុង ឈុន, ម៉ម ញឹម និង យ៉ាង សុភ័ណ្ឌ ពីបទប្រព្រឹត្តហឹង្សា និងធ្វើឲ្យមានការខូចខាត មានស្ថានទម្ងន់ទោស គម្រាមធ្វើការខូចខាត និងធ្វើឲ្យស្ទះចរាចរ ក្នុងពេលប៉ះទង្គិចគ្នាដោយហឹង្សារវាងកម្មករតវ៉ា និងកម្លាំងសន្តិសុខរបស់រោងចក្រនិងរដ្ឋាភិបាល ក្នុងតំបន់ផ្លូវវ៉េងស្រេងនៃទីក្រុងភ្នំពេញ ពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៣ ដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៤ ។ ជនត្រូចចោទប្រឈមមុខនឹងការជាប់គុករហូតដល់ ១៤ ឆ្នាំ ។

“អាជ្ញាធរកម្ពុជា បានបន្តធ្វើការចោទប្រកាន់ដោយវាយខ្មោះទូងស្គរ ប្រឆាំងសកម្មជនការងារ ក្នុងការប៉ុនប៉ងយ៉ាងច្បាស់មួយ ធ្វើឲ្យពួកគេបោះបង់ចោលការទាមទារដើម្បីទទួលបានប្រាក់ខែ និងលក្ខ​ខណ្ឌការ​ងារ ល្អប្រសើរជាង ។ លោក ប្រាដ អាដាំ[3] នាយកផ្នែកអាស៊ី បាននិយាយ ។ “នេះគ្រាន់តែជាការព្យាយាមចុងក្រោយរបស់រដ្ឋាភិបាល ដើម្បីបន្លាចសកម្មជន និងពួកអ្នកនយោបាយប្រឆាំង ឲ្យបោះបង់ចោលផែនការរបស់ពួកគេក្នុងការប្រើការតវ៉ាដើម្បីធ្វើឲ្យបុព្វហេតុរបស់ពួកគេឈានទៅមុខ” ។

កម្មករកម្ពុជាបានប្រើការដំឡើងប្រាក់ខែធ្វើជាការស្នើសុំសំខាន់បំផុត នៃការពង្រីកជាបន្តបន្ទាប់កូដកម្ម ដែលបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងខែធ្នូ ឆ្នាំ ២០១៣ ។ នៅពេលនោះ រដ្ឋាភិបាលបានព្រមានថាខ្លួននឹងមិនអនុគ្រោះដល់ភាពមិនស្ងប់ឧស្សាហកម្មដ៏រីករាលដាលតទៅទៀតទេ ។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យហាមឃាត់ការធ្វើបាតុកម្មទាំងអស់ រួមទាំងមីទីងរបស់គណបក្សប្រឆាំង គណ​​បក្ស សង្គ្រោះជាតិ និងការជួបជុំគ្នារបស់សង្គមស៊ីវិល ។ នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៤ អង្គភាពកងទ័ព កងនគរបាល និងកងអាវុធហត្ថ ត្រូវបានដាក់ឲ្យប្រតិបត្តិគោលនយោបាយនេះ ដោយការប្រើកម្លាំងបណ្តាលឲ្យស្លាប់ច្រើនហួសហេតុ និងមិនចាំបាច់ ។ ពួកគេបានបាញ់ដោយកាំភ្លើងវាយសម្រុក និងកាំ​ភ្លើងផ្សេងទៀត ទៅលើពួកបាតុករអស់ពីរថ្ងៃ ដោយសម្លាប់ពួកគេយ៉ាងហោចណាស់ ៧ នាក់ និងធ្វើឲ្យរបួសរាប់សិបនាក់ផ្សេងទៀត ។

កន្លងមក រដ្ឋាភិបាលកម្ពុជា បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ប្រឆាំងកម្មករ សកម្មជន និងអ្នកដទៃទៀត ដែលជាប់ពាក់ព័ន្ធក្នុងការតវ៉ា ។

ក្នុងខែឧសភា តុលាការភ្នំពេញមួយបានផ្តន្ទាទោសកម្មករនិងសកម្មជន ២៣ នាក់ និងកាត់ឲ្យមានទោសជាប់គុកដោយព្យួរទោស បន្ទាប់ពីឃុំឃាំងពួកគេក្នុងលក្ខណៈលំបាក អស់រយៈពេលជាងបួនខែ មក។ ពួកគេត្រូវបានចោទប្រកាន់ថាជាអ្នកទទួលខុសត្រូវចំពោះអំពើហឹង្សាកាលពីថ្ងៃទី ២-៣ ខែមករា ទោះបី​ជា​ពុំមានភស្តុតាងដាក់បង្ហាញភ្ជាប់ពួកគេណាម្នាក់ទៅនឹងអំពើឃោរឃៅនោះក៏ដោយ ។

តុលាការកម្ពុជាពុំមានឯករាជ្យភាពទេ និងបម្រើផលប្រយោជន៍គណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ។ ពុំមានបទចោទប្រកាន់ណាត្រូវបានធ្វើឡើង ប្រឆាំងសមាជិកកងសន្តិសុខ ដែលទទួលខុសត្រូវចំពោះការសម្លាប់ និងធ្វើឲ្យរបួស ពួកអ្នកតវ៉ា ក្នុងថ្ងៃទី ២-៣ ខែមករា ទេ ។

“លោក ហ៊ុន សែន ជាថ្មីម្តងទៀត បានសន្យាធ្វើការកែទម្រង់ស៊ីជម្រៅ និងបានប្រកាសមួយរំពេចនោះថាគាត់បានដឹងថាមានសេចក្តីត្រូវការដោះស្រាយជម្លោះសេដ្ឋកិច្ចសង្គមដែលបានធ្វើឲ្យក្តៅក្រហាយតាំងពីយូរយារមកហើយនោះ រីឯតុលាការដែលគាត់ត្រួតត្រានៅតែត្រូវបានប្រើឲ្យកាត់ទោសសកម្មជននៅឡើយ” លោក អាដាំ បាននិយាយ ។ “ប្រទេសផ្តល់ជំនួយដល់កម្ពុជា គួរនិយាយឲ្យច្បាស់ថាពួកគេនឹងមិនទទួលនូវការផ្តន្ទាទោសដោយហេតុផលនយោបាយតទៅទៀតបានទេ និងតម្រូវឲ្យទម្លាក់ចោលសំណុំរឿងទាំងនេះ” ៕

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed