Skip to main content

កម្ពុជា៖ ដកចេញច្បាប់ស្តីពីតុលាការដែលពោរពេញទៅដោយគុណវិបត្តិ

ប្រទេសផ្តល់ជំនួយគួរសុំឲ្យមានការកែទម្រង់ពិតប្រាកដសម្រាប់ឯករាជ្យភាពរបស់តុលាការ

(ញូវយក-ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៤)-រដ្ឋាភិបាលកម្ពុជា គួរដកចេញសេចក្តីព្រាងច្បាប់ចំនួន ៣ ស្តីពីតុលាការដែលបានធ្វើឲ្យអន្តរាយដល់ឯករាជ្យភាពរបស់តុលាការ ការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថ្ងៃនេះ ។ ប្រទេសផ្តល់ជំនួយដល់កម្ពុជា គួរប្រឆាំងជាសាធារណៈសេចក្តីព្រាងច្បាប់ទាំងនេះ ដែលនឹងចាក់ប្ញសកាន់តែខ្លាំងថែមទៀតដល់ការត្រួតត្រារបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ហ៊ុន សែន ទៅលើតុលាការកម្ពុជា ។ ច្បាប់ទាំងនេះអាចនឹងត្រូវរដ្ឋសភាទទួលយកនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៤ នេះ ។

សេចក្តីស្នើច្បាប់ទាំងនេះ បានដាក់រដ្ឋមន្ត្រីក្រសួងយុត្តិធ៌មជាចំណុចប្រសព្វនៃសេចក្តីសម្រេចជាគន្លឹះទាំងអស់របស់តុលាការ និងរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម (ឧបអច) ដែលជាអង្គការទទួលបន្ទុក ក្នុងការតែងតាំង ការដាក់ទ័ណ្ឌកម្មវិន័យ និងការត្រួតត្រាលើប្រព័ន្ធតុលាការទូទាំងប្រទេស ។

ការណ៍នេះផ្តល់ដល់រដ្ឋាភិបាលនូវការត្រួតត្រាប្រកបដោយប្រសិទ្ធភាពលើវិស័យតុលាការ ដោយបង្អត់មិនឲ្យវាមានឯករាជ្យភាព ។ រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ ដែលស្របទៅនឹងច្បាប់អន្តរជាតិ ធានាថាតុលាការ “គឺជាអំណាចឯករាជ្យ” និងថា “អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ត្រូវនៅដាច់ពីគ្នា” ។

“រដ្ឋាភិបាលកម្ពុជា បានធ្វើសេចក្តីសន្យាជារៀងរាល់ឆ្នាំ ចំពោះប្រជាពលរដ្ឋកម្ពុជានិងប្រទេសផ្តល់ជំនួយ ថានឹងចាត់ជំហានដើម្បីបង្កើតតុលាការមួយឯករាជ្យ តែមែនទែនទៅមិនបានគោរពតាមពាក្យសន្យានេះទេ” លោក ប្រាដ អាដាំ នាយកផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធមនុស្ស បាននិយាយ ។ “ដោយអនុម័តច្បាប់ផ្តល់អំណាចដល់រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម លើអង្គការគ្រប់គ្រងយុត្តិធ៌ម លោក ហ៊ុន​​ សែន អាចប្រើអំណាចជាក់ស្តែងរបស់ខ្លួនទៅលើតុលាការ ។ បើសិនជាច្បាប់ទាំងនេះត្រូវបានអនុម័ត វាជាការលាគ្នានៃសេចក្តីសង្ឃឹមណាមួយនៃការកែទម្រង់តុលាការ” ។

រដ្ឋាភិបាលរបស់គណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា (គបក) បានប្រើអស់រយៈពេលជាងពីរទសវត្ស៍មកហើយ​​ នូវការត្រួតត្រារបស់ខ្លួនលើតុលាការកម្ពុជា ជាឧបករណ៍សម្រាប់គោលបំណងនយោបាយ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ។ តុលាការមានការល្បីល្បាញអំពីអំពើពុករលួយ ការខ្វះសមត្ថភាព និងជាញឹកញាប់បានវិនិច្ឆ័យសេចក្តី និងផ្តន្ទាទោសសកម្មជន អ្នកកាសែត និងពួកអ្នកប្រឆាំងខាងនយោបាយ បន្ទាប់ពីការវិនិច្ឆ័យសេចក្តីមិនត្រឹមត្រូវ ដែលត្រូវបានទិតៀនដោយពួកមេធាវីកម្ពុជា ពួកអ្នកជំនាញការសិទិ្ធមនុស្សអង្គការសហប្រជាជាតិ អង្គការនានាក្នុងស្រុក និងអន្តរជាតិ និងប្រទេសផ្តល់ជំនួយបរទេស ។

សេចក្តីព្រាងច្បាប់ដែលបានផ្ញើទៅរដ្ឋសភាមាន ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម (ច្បាប់ ឧបអច), ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ។ ច្បាប់ស្តីពី ឧបអច នឹងជំនួសច្បាប់ឆ្នាំ ១៩៩៤ ដែលខកខានមិនបានការពារឯករាជ្យភាពរបស់តុលាការ ពីការត្រួតត្រារបស់រដ្ឋាភិបាល និង គបក លើតុលាការ ។ ច្បាប់ពីរចុងក្រោយគួរតែដាក់ទៅឲ្យរដ្ឋសភាតែនៅក្រោយការអនុម័តនូវច្បាប់ស្តីពី ឧបអច ត្រឹមត្រូវប៉ុណ្ណោះ ។

ច្បាប់ស្តីពី ឧបអច ឆ្នាំ ១៩៩៤ បានអនុញ្ញាតឲ្យព្រះមហាក្សត្រ ដែលតាមរដ្ឋធម្មនុញ្ញជាប្រធាននៃ ឧបអច ដែលមានសមាសភាពចំនួន ១០ នាក់ ដែលទ្រង់ចាត់តំណាងជាប្រធានទៅឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម ។ ការសម្របសម្រួលនេះ ដែលបានទទួលការទិតៀនយ៉ាងខ្លាំងនាពេលនោះ បានអនុញ្ញាតឲ្យ គបក រក្សាការត្រួតត្រាលើតុលាការ ។ សមាជិក ឧបអច រួមមាន សមាជិកជាន់ខ្ពស់ គបក ដូចជាប្រធានតុលា​ការកំពូល ឌិត មុន្ទី ដែលជាមនុស្សទី ៦ ក្នុងចំណោមថ្នាក់ដឹកនាំ គបក ។ ដូចសមាជិកជាន់ខ្ពស់ គបក ទាំងអស់ដែរ លោក ឌិត មន្ទី បានដាក់ការស្មោះត្រង់ជាមួយគណបក្ស លើការទទួលខុសត្រូវផ្លូវការរបស់ខ្លួន ។

“អស់រយៈពេលជាច្រើនឆ្នាំ នៃការជ្រុំជើងហួសហេតុមក រដ្ឋាភិបាលស្រាប់តែចង់ជម្រុញដោយប្រញិបប្រញាប់តាមរយៈការធ្វើច្បាប់ទាបជាងបទដ្ឋានយ៉ាងធ្ងន់ធ្ងរ ដោយប្រកាសថានេះជាភស្តុតាងនៃការសន្យារបស់ខ្លួន ចំពោះ‛ការកែទម្រង់ស៊ីជម្រៅ′” លោក អាដាំ បាននិយាយ ។ “ពុំមានអ្វីក្រៅពីទៅកាន់តែឆ្ងាយពីការពិតនោះទេ” ។  

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជានិច្ចកាល តែងតែខកខានមិនបានការពារចៅក្រម ពីការជ្រៀតជ្រែកលើឯករាជ្យភាពតុលាការ ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម ឬមន្ត្រីនៃក្រសួងដទៃទៀត ដោយគណរដ្ឋ មន្ត្រី និងសមាជិករដ្ឋាភិបាលដទៃទៀត ដោយកងកម្លាំងប្រដាប់អាវុធ កងអាវុធហត្ថ ឬកងនគរបាល ។ សូម្បីតែក្នុងពេលខ្លះ ចៅក្រមបានត្អូញត្អែរជាចំហ អំពីការគាបសង្កត់ ឬការគម្រាមកំហែង ពីមន្ត្រីមានអំណាចទាំងឡាយ ពួកគេតែងតែលើកឡើងច្រើនអំពីការគាបសង្កត់ដែលពួកគេប្រឈមមុខ និងការខ្វះនូវឯករាជ្យភាព នៅក្នុងកិច្ចសន្ទនាជាឯកជនរបស់ពួកគេជាមួយអង្គការឃ្លាំមើលសិទិ្ធមនុស្ស​ និងអ្នកដទៃទៀត ។

ច្បាប់ទាំងបីនេះ គួរត្រូវដកចេញ យ៉ាងហោចណាស់រហូតដល់ពេលវាអាចជាកម្មវត្ថុដ៏គ្រប់គ្រាន់ នៃការផ្តល់យោបល់ជាសាធារណៈសិន ។

អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថា រដ្ឋាភិបាលកម្ពុជាគួរសន្យាថាខ្លួននឹងបញ្ចប់ការអនុវត្តរបស់ខ្លួន ក្នុងការធ្វើសេចក្តីព្រាងច្បាប់ដោយសម្ងាត់ ដែលធ្វើឲ្យវាមិនអាចឲ្យប្រជាពលរដ្ឋកម្ពុជា ប្រទេស ផ្តល់ជំនួយ និងអ្នកដទែទៀត ផ្តល់យោបល់ មុនច្បាប់ត្រូវបានអនុម័តដោយគណរដ្ឋមន្ត្រី និងរដ្ឋសភា ។ ជាផ្នែកនៃកិច្ចដំណើរការពិនិត្យដោយហ្មត់ចត់ឡើងវិញនៃសេចក្តីព្រាងច្បាប់តុលា​ការ រដ្ឋាភិបាលគួរដាក់ជាសាធារណៈនូវសេចក្តីព្រាងជាផ្លូវការនៃច្បាប់និមួយៗ និងផ្តល់រយៈពេលគ្រប់គ្រាន់សម្រាប់ការធ្វើការ ផ្តល់យោបល់ជាសាធារណៈ ។ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៤ នាយករដ្ឋមន្ត្រីបានប្រកាសថា គណរដ្ឋមន្ត្រីមិនមានការចាំបាច់សាកសួរយោបល់សង្គមស៊ីវិលអំពីច្បាប់ណាមួយទេ ដោយនិយាយថា សេចក្តីព្រាងច្បាប់មិនមែនជាបញ្ហាសម្រាប់ធ្វើការពិភាក្សានៅ “តាមចិញ្ចើមថ្នល់”ទេ​ ។

អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានទទួលអត្ថបទជាភាសាខ្មែរនៃសេចក្តីព្រាងច្បាប់តុលាការ ដែលខ្លឹមសាររបស់វាមួយចំនួនក៏ត្រូវបានពិព័ណនាក្នុងសេចក្តីរាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយជាភាសាខែ្មរផងដែរ ។

“ការសម្ងាត់ជុំវិញសេចក្តីព្រាងច្បាប់ មិនត្រូវបានលាក់បំបាំងនូវការជាក់ស្តែងដែលថា វានឹងអនុញ្ញាតឲ្យរដ្ឋាភិបាល និង គបក កាន់កាប់តុលាការដោយសក្តិសិទិ្ធនោះទេ “ លោក អាដាំ បាននិយាយ។ ការសន្យាជាមួយប្រទេសផ្តល់ជំនួយអំពីការកែទម្រង់តុលាការ ស្ថិតនៅជាការកំផ្លែងដែលមានចេតនាអាក្រក់ បើកាលណារដ្ឋាភិបាលមិនទាន់បានរៀបចំឲ្យមានអង្គការឯករាជ្យពិតប្រាកដមួយ ដើម្បីតែងតាំង និងត្រួត​ត្រាតុលាការ” ។
 

បញ្ហារបស់សេចក្តីព្រាងច្បាប់ស្តីពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

សេចក្តីព្រាងច្បាប់ស្តីពី ឧបអច ដែលបានដាក់ជូនរដ្ឋសភា បានរក្សាទុកព្រះមហាក្សត្រជាប្រធានជាផ្លូវការនៃ ឧបអច តែអនុញ្ញាតឲ្យព្រះអង្គតែងតាំងរដ្ឋមន្រ្តីក្រសួងយុត្តិធ៌ម ដែលសេចក្តីព្រាងនិយាយថា ត្រូវតែជាសមាជិក ឧបអច ជាព្រះរាជតំណាងធ្វើជាប្រធាន ឧបអច ។ បន្ថែមពីលើរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម សេចក្តីព្រាងចែងអំពីសមាជិកភាព របស់ ឧបអច ថាជាស្វ័យប្រវត្តិ គឺជាប្រធានតុលាការកំពូល និងជាអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ។ រីឯសមាជិក ឧបអច ៦ នាក់ដែលនៅសេសសល់ ពីរនាក់ត្រូវចាត់តាំងដោយផ្អែកលើមូលដ្ឋាននយោបាយ ដោយព្រឹទ្ធសភាម្នាក់ និងរដ្ឋសភាម្នាក់ ។

តាមសេចក្តីព្រាងច្បាប់នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម មានអំណាចចេញសេចក្តីប្រកាសកំណត់នីតិវិធីសម្រាប់ការបោះឆ្នោតសមាជិក ឧបអច ។ ក្នុងឋានៈជាប្រធាន ឧបអច រដ្ឋមន្រ្តីក្រសួងយុត្តិធ៌ម កោះប្រជុំ ឧបអច និងមានអំណាចចូលរួមក្នុងក្រុមប្រឹក្សាធ្វើសេចក្តីសម្រេចនានា ។ រដ្ឋមន្រ្តីអាចសុំតែងតាំង ផ្លាស់ប្តូរ ព្យួរ និងដកដំណែង ពីដំណែងចៅក្រម និងព្រះរាជអាជ្ញា ។ រដ្ឋមន្រ្តីអាចតែងតាំងក្រុមអធិការកិច្ចមួយដើម្បីស៊ើបអង្កេតការចោទប្រកាន់ពីបទល្មើសវិន័យតុលាការ ត្រួតមើលការបង្កើតសំណុំរឿងអំពីករណីវិន័យ និងតែងតាំងអគ្គលេខាធិការ និងអគ្គលេខាធិការរង នៃបុគ្គលិកជំនួយការរបស់​ ឧបអច ។ រដ្ឋមន្រ្តីជាអ្នកដាក់ជូនសេចក្តីព្រាងព្រះរាជក្រិត្យថ្វាយព្រះមហាក្សត្រ ក្នុងនាម ឧបអច ជាតំណាង ឧបអច ក្នុងការទាក់ទងរបស់វាជាមួយបុគ្គលឯកជន ឬបុគ្គលសាធារណៈ និងជាអ្នកអនុញ្ញាតផ្ទេរសិទិ្ធនៃថវិការបស់ ឧបអច ។

ការខិតខំមួយដ៏ហ្មត់ចត់ក្នុងការកែទម្រង់តុលាការ គឺត្រូវដករដ្ឋមន្ត្រីក្រសួងយុត្តិធ៌មចេញពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយជាជំនួស ធានាថាសមាជិកទាំងអស់មានឯករាជ្យភាព ដោយពុំមានជាប់ខ្សែគណបក្សនយោបាយណាមួយ និងជាមនុស្សមានសមត្ថភាពវិជ្ជាជីវៈក្នុងការបំពេញភារកិច្ចរបស់ពួកគេ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយ​ ។

ការអនុវត្តអន្តរជាតិល្អបំផុត

ការអនុវត្តអន្តរជាតិល្អបំផុតទាក់ទិននឹងក្រុមប្រឹក្សាតុលាការ ដូចជា ឧបអច ត្រូវបានកំណត់ដោយអង្គការនានា ដូចជា ក្រុមប្រឹក្សាជួយពិនិត្យនៃចៅក្រមអឺរ៉ុប (កជចអ) ។ ទស្សនៈរបស់ កជចអ រួមមានសមាជិកក្រុមប្រឹក្សាតុលាការមកពី អឺរ៉ុបខាងលិច កណ្តាល និងខាងកើត និងទាក់​ទងជាពិសេសជាមួយការបង្កើតតុលាការឯករាជ្យនិងមិនលំអៀង នៅទីកន្លែងដែលជាប្រវត្តិសាស្ត្រមិនធ្លាប់មាន ។ ទោះជារដ្ឋាភិបាលកម្ពុជាអះអាងថា​ សេចក្តីស្នើច្បាប់ស្តីពី ឧបអច ត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិ ពីព្រោះវាត្រូវបានព្រាងដោយមានជំនួយរបស់រដ្ឋាភិបាលបារាំងក៏ដោយ ក៏វាមិនបានឆ្លុះបញ្ចាំងពីការអនុវត្តល្អបំផុតអន្តរជាតិមានពាក់ព័ន្ធទេ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយ ។

មតិរបស់ កជចអ ឆ្នាំ២០០៧ បានចែងថាក្រុមប្រឹក្សាតុលាការត្រូវមានសមត្ថភាពការពារមិនឲ្យច​ង​​សេរីភាពរបស់ចៅក្រម ក្នុងការសម្រេចសេចក្តីដោយមិនលំអៀង ស្របតាមសម្បជញ្ញៈ និងការបកស្រាយរបស់ពួកគេ នូវអង្គហេតុ ដោយគ្មានការគាបសង្កត់ ឬភាពលំអៀងខាងនយោបាយ មនោគមវិជ្ជា ឬលក្ខណៈ​សម្បត្តិដទែទៀត ហើយ អាស្រ័យដូចនេះ លើកតម្កើង និងការពារសិទិ្ធមនុស្ស សមាជិកភាពដូច​ដែលតម្រូវឲ្យមាន ដូចចែងខាងក្រោមនេះ គឺ៖

  • គ្មានរដ្ឋមន្ត្រី ឬសមាជិកដទែទៀតនៃអង្គការនីតិប្រតិបត្តិ ឬរដ្ឋបាល គ្មានអ្នកនយោបាយសកម្ម និងគ្មានសមាជិកអង្គការនីតិបញ្ញត្តិ ធ្វើជាសមាជិកក្រុមប្រឹក្សាតុលាការ,
  • ប្រធានក្រុមប្រឹក្សាតុលាការគួរជាប្រមុខរដ្ឋ តែក្នុងករណីដែលប្រមុខរដ្ឋមានអំណាចពិធីការប៉ុណ្ណោះ ឬមួយប្រធានគួរជ្រើសរើសដោយក្រុមប្រឹក្សាតុលាការផ្ទាល់ និងជាចៅក្រមដែលមិនជិតដិតនឹងគណបក្សនយោ​បាយ និងត្រូវបានអ្នកផងដឹងឮថាមិនលំអៀងខាងនយោបាយ,
  • ក្រុមប្រឹក្សាចៅក្រមទាំងមូលអាចមានសមាសភាពជាចៅក្រមសុទ្ធ ឬមានភាគច្រើនជាចៅក្រមបញ្ចូលគ្នាជាមួយអ្នកមិនមែនជាចៅក្រម,
  • សមាជិកក្រុមប្រឹក្សាតុលាការទាំងអស់ គួរជ្រើសរើសដោយឈរលើមូលដ្ឋាននៃសមត្ថភាព បទពិសោធ ការយល់ដឹងអំពីជីវិតតុលាការ របស់ពួគេ មានសមត្ថភាពក្នុងការពិភាក្សា និងមានវប្ប ធ៌មខាងឯករាជ្យភាព,
  • សមាជិកចៅក្រមទាំងអស់ គួរជ្រើសរើសដោយអ្នកជាចៅក្រមដូចគ្នា តាមវិធីធានាឲ្យមានតំណាងយ៉ាងទូលំទូលាយបំផុតនៃប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់,
  • មិនត្រូវមានការជ្រៀតជ្រែកពីប្រព័ន្ធណាមួយនៃឋានានុក្រមតុលាការទេ និងមិនត្រូវមានអ្នកណាមើលឃើញថាពួកចៅក្រមឈរលើផលប្រយោជន៍របស់ខ្លួន ការការការពារគ្នាឯង ឬបក្សពួកនិយម ក្នុងការជ្រើសរើសចៅក្រមចូលជាសមាជិកនៃក្រុមប្រឹក្សាតុលាការទេ, និង
  • អ្នកមិនមែនជាចៅក្រម ត្រូវជ្រើសរើសចេញពីក្រុមនានា ដូចជាអ្នកច្បាប់ល្អបំផុតផ្សេងទៀត មនុស្សមានវិជ្ជាជ្រៅជ្រះ ឬប្រជាពលរដ្ឋមានគេទទួលស្គាល់ ហើយការជ្រើសរើសត្រូវធ្វើដោយអង្គការដែលគេអាចនឹងទទួលស្គាល់បានថាមិនជាប់ពាក់ព័ន្ធនឹងនយោបាយ ធ្វើសកម្មភាពមិននៅក្រោមបង្គាប់នៃការពិនិត្យពិច្ច័យនៃគណបក្សនយោបាយ ។

 

កជចអ ក៏អំពាវនាវផងដែរ ដល់ក្រុមប្រឹក្សាតុលាការទាំងអស់ ឲ្យមាន៖

  • លេខាធិការដ្ឋានផ្ទាល់របស់ខ្លួន និងសេរីភាពក្នុងការរៀបចំចាត់ចែងដោយខ្លួនឯងផ្ទាល់ ដោយពុំទទួលខុសត្រូវអំពីសកម្មភាពរបស់ខ្លួន ចំពោះអាជ្ញាធរនយោបាយ ឬដទែទៀត, និង
  • អំណាច និងសមត្ថភាព ធ្វើការចរចា និងរៀបចំថវិការបស់ខ្លួនផ្ទាល់ប្រកបដោយប្រសិទ្ធភាព ។

កជចអ ផ្តល់អនុសាសន៍ថា សេចក្តីព្រាងច្បាប់តុលាការទាំងឡាយ ទាក់ទងនឹងឋានៈជាចៅ​ក្រម រដ្ឋបាលយុត្តិធ៌ម ឬអ្វីផ្សេងពីនេះ ដែលគង់តែមានឥទ្ធិពលទៅលើតុលាការ គួរតម្រូវឲ្យមានមតិពីក្រុមប្រឹក្សាតុលាការ មុនបានទទួលការពិចារណាដោយរដ្ឋសភា ៕ 

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed