Skip to main content

កងពលតូច ៩១១ មានប្រវត្តិឃោរឃៅជាមួយកូដកម្មរោងចក្រកាត់ដេរ

Published in: The Cambodia Daily

បានជួបឧត្តមសេនីយ ចាប ភក្តី ជាលើកទីមួយ និងតែមួយលើកនេះគត់ នៅក្នុងខែកក្កដា ឆ្នាំ ១៩៩៧ ។ នោះគឺប្រហែលមួយអាទិត្យ បន្ទាប់ពីរដ្ឋប្រហាររបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រឆាំងពួក ហ្វុនស៊ីនប៉ិច ។ ពេលនោះ ខ្ញុំធ្វើការនៅការិយាល័យសិទិ្ធមនុស្សអង្គការសហប្រជាជាតិ ហើយយើងបានធ្វើការ ២៤ ម៉ោងលើ ២៤ ដើម្បីស៊ើបអង្កេតករណីដ៏រីករាលដាលនៃការសម្លាប់ក្រៅប្រព័ន្ធតុលា​ការ ការបាត់ខ្លួនដោយបង្ខំ និងទារុណកម្ម ។ សាកសពត្រូវបានរកឃើញនៅគ្រប់ទីកន្លែង ។ សាកសពរបស់បុរសម្នាក់ដែលខ្ញុំបានជួយជីកយកចេញមក មានស្លៀកតែខោស្លីបមួយប៉ុណ្ណោះ ។ រូបគេត្រូវជាប់ខ្នោះដៃទៅក្រោយ និងមានស្នាមគ្រាប់កាំភ្លើងនៅក្បាល ។

ខែកក្កដា ឆ្នាំ ១៩៩៧ ជាខែនៃសាកសព ក្នុងចំនួនគ្រប់គ្រាន់សម្រាប់ធ្វើឲ្យយើងតក់ស្លុត ។

រដ្ឋប្រហារត្រូវបានជំទាស់ដោយមន្ត្រីជាន់ខ្ពស់ កបក ដូច្នេះវាជាកិច្ចការា​a la carte affiare ដែលលោក ហ៊ុន សែន ប្រើពួកសមាសភាពមានបំណងធ្វើនៃកងទ័ព នគរបាល និងកងរាជអាវុធហត្ថ ។

ក្នុងចំណោមពួកទាហានដែលសុខចិត្តធ្វើគឺ ចាប​ ភក្តី មេបញ្ជាការកងពលតូចឆ័ត្រយោងលេខ ៩១១ ហ្វឹនហ្វឺនដោយឥណ្ឌូណេស៊ី ដែលជាប់ពាក់ព័ន្ធក្នុងការបង្ក្រាបដោយហឹង្សា ពួកអ្នកតវ៉ាជាកម្មករនៃរោងចក្រកាត់ដេរកាលពីអាទិត្យមុន ។

ក្រោយរដ្ឋប្រហារ អសប បានទទួលរបាយការណ៍ថាមានប្រជាពលរដ្ឋរាប់សិបនាក់ ត្រូវបានដាក់ឃុំដោយខុសច្បាប់និងធ្វើទារុណកម្ម នៅក្នុងមូលដ្ឋាន៩១១ ស្ថិតនៅខាងលិចព្រលានយន្តហោះភ្នំពេញ ។ ពួកអ្នកជាប់ឃុំជាច្រើននាក់ត្រូវបានបង្ខំឲ្យផឹកទឹកភក់ដដែលដែលពួកគេនោម និងបត់ជើងធំដាក់ ។

យោងតាមរបាយការណ៍អំពីការរំលោភសិទិ្ធមនុស្ស និងកងពលតូច ៩១១ បន្ទាប់ពីរដ្ឋប្រហារ៖ “ការធ្វើទារុណកម្ម មានការវាយនឹងខ្សែក្រវ៉ាត់ ឈើជើងតុ បន្ទះក្តារ ទាត់នឹងស្បែកជើងក្រំប៉ុង និងជង្គង់ ដាល់លើមុខនិងខ្លួនប្រាណ ។ វាក៏មានពាក់ព័ន្ធផងដែរដល់ការគម្រាមកំហែងដល់អាយុជីវិត ដោយភ្ជង់នឹងចុងកាំភ្លើងតម្រង់ក្បាល និងគម្រាមថាបាញ់ឥឡូវ ។ ដង្កាប់ដែកក៏ត្រូវបានប្រើលើអ្នកជាប់ឃុំមួយចំនួន ដើម្បីដកកញ្ចកពួកគេ ឬគៀបរហូតដល់ពួកគេឆ្លើយបានពេញចិត្ត ។ ពួកគេបានធ្វើទារុណកម្មដើម្បីទទួលបានព័ត៌មាន ទាញយកចម្លើយសារភាព និងឲ្យពួកគេចុះហត្ថលេខាសេចក្តីប្រកាសទទួលកំហុស ដែលត្រូវបានរៀបចំតាមគំរូស្តង់ដារមួយ ។ ពួកគេត្រូវបង្ខំឲ្យទទួលស្គាល់ថាមានផែនការណ៍កំពុងប្រព្រឹត្តទៅរបស់ ហ្វុនស៊ីនប៉ិច ដើម្បីរួមគំនិតក្បត់ប្រឆាំង គបក ឲ្យសារភាពថាពួកគេជាទាហានខ្មែរក្រហមនាំមកពីប៉ៃលិន ឬអន្លង់វែង  និងឲ្យសារភាពថាពួកគេត្រូវនាំមកភ្នំពេញដើម្បីប្រយុទ្ធប្រឆាំង ហ៊ុន សែន” ។

ពួកអ្នកជាប់ឃុំបានដឹងខ្លួនភ្លាមថា ពួកអ្នកសួរចម្លើយពួកគេ មិនបានយកចិត្តទុកដាក់ក្នុងការស្វែងរកការពិតទេ ប៉ុន្តែចង់បានត្រឹមតែចម្លើយខ្លះប៉ុណ្ណោះ ។ ដូចពួកគេម្នាក់បានពន្យល់ ក្នុងពាក្យពេចន៍ដែលបន្ទរដោយអ្នកឯទៀតថា៖ “ពួកគេបានសួរខ្ញុំថា តើខ្ញុំជាខ្មែរក្រហមពីប៉ៃលិន អន្លង់វែង មែនទេ ។ បើខ្ញុំឆ្លើយថាខ្ញុំមិនមែនខ្មែរក្រហម នោះពួកគេនឹងវាយខ្ញុំ ។ ដូច្នេះ ខ្ញុំត្រូវតែទទួលដើម្បីកុំឲ្យពួកគេវាយ ។ ពួកគេក៏សួរខ្ញុំដែរថា អ្វីទៅជាទិសដៅនៃសង្គ្រាមដែលយើងធ្វើ និងអ្នកណាដែលយើងចង់សម្លាប់ ។ សម្លើយ ដែលចង់បានគឺ “ហ៊ុន សែន” ។ បើយើងទប់ទល់កាន់តែខ្លាំង នោះពួកគេធ្វើទារុណកម្មកាន់តែខ្លាំងដែរ” ។

អ្នកជាប់ឃុំម្នាក់ណៅពេលកំពុងត្រូវសួរចម្លើយ បានឃើញអ្នកជាប់ឃុំម្នាក់ទៀតកំពុងត្រូវសួរចម្លើយនៅក្នុងបន្ទប់ជាប់នឹងបន្ទប់របស់ខ្លួន ។ ពួកអ្នកសួរចម្លើយ បានចាប់បង្ខំដាក់ក្បាលអ្នកនោះក្នុងថាំងទឹករហូតដល់គេសន្លប់ និងលេចអាចម៍ ។ ១០ ថ្ងៃក្រោយដោះលែង ពួកអ្នកជាប់ឃុំមួយចំនួននៅឃើញមានស្នាកវាយដំយ៉ាងច្បាស់លើខ្នង លើស្មា និងដៃ ។

បន្ទាប់ពីធ្វើសម្ភាសន៍ពួកអ្នកត្រូវដោះលែងខ្លះមក សហការីខ្មែរ ៤ នាក់ និងខ្ញុំ នៃការិយាល័យសិទ្ធិមនុស្ស អសប បានទៅមូលដ្ឋាន ៩១១ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត ។ ពេលនោះ ខ្ញុំបានជួប ចាប ភក្តី ។ ពេលខ្ញុំសួរគេអំពីការចោទប្រកាន់ទាំងនេះ ដំបូង ចាប ភក្តី បានបដិសេធដាច់អហំការ ថាពុំមានអ្នកណាម្នាក់ត្រូវបានជាប់ឃុំនៅ ៩១១ ទេ ។ ប៉ុន្តែ ប៉ុន្មាននាទីក្រោយមក គេបានប្តូរសាច់រឿងរបស់គេ ដោយទទួលស្គាល់ថាមានមួយចំនួនត្រូវបានជាប់ឃុំនៅទីនោះមែន តែបដិសេធការដឹងឮអំពីអ្វីដែលបានកើតឡើងចំពោះពួកគេ ឬនៅពេលណាពួកគេត្រូវបានដោះលែង ទេ ។

បន្ទាប់មក ឆាកកំផ្លែងមួយបានកើតឡើង ។ ម្នាក់ក្នុងក្រុមរបស់ អសប បានឃើញខ្ទមឈើសម្រាប់ផ្ទុក​ឥវ៉ាន់មួយដែលស៊ីគ្នាទៅនឹងការរៀបរាប់ដែលយើងទទួលបានពីពួកអ្នកជាប់ឃុំ ។ យើងបានដើរសំដៅទៅខ្ទមនោះ ហើយគោះទ្វារ ។ មនុស្សម្នាក់ចាក់សោជាប់ក្នុងនោះបានឆ្លើយ ។  យើងទាំងអស់គ្នាបានឮ សម្លេងរបស់គេ តែ ចាប ភក្តី នៅតែទទូចថាគ្មាននរណានៅក្នុងនោះទេ ។ យើងបានប្រាប់គេថា យើងនឹងមិនចាកចេញពីទីនោះទេ រហូតទាល់តែមនុស្សនោះត្រូវយកចេញមក ។ បន្ទាប់មក ចាប ភក្តី បាននិយាយថា បាទ មានមនុស្សម្នាក់នៅក្នុងនោះ តែអ្នកកាន់សោបានទៅបាត់ហើយ ហើយយើងត្រូវត្រឡប់មកវិញនៅថ្ងៃស្អែក ។ ដោយបារម្ភពីជីវិតរបស់មនុស្សនោះ យើងបាននិយាយថា ទេ ។

ពេលនោះមានការនៅទ្រឹងអស់រយៈពេលបីម៉ោង ។ មេឃងងឹតហើយ ។ កម្លាំងរបស់ ចាប ភក្តី បាននិយាយឮៗ នូវភាសាខ្មែរ ដោយយោងលើបុគ្គលិក អសប តាមអាយកូមរបស់ពួកគេ សួរថា “តើយើងធ្វើត្រីទាំងនេះស៊ីឬ?” ចម្លើយគឺ “ត្រីទាំងនេះធំពេកសម្រាប់ធ្វើស៊ី” ។ បុគ្គលិកខ្មែររបស់ខ្ញុំ បានប្រាប់ខ្ញុំអំពីការសន្ទនានេះនៅពេលក្រោយមក តាមផ្លូវត្រឡប់មកផ្ទះវិញ ដោយនិយាយថាពួកគេមិនចង់ឲ្យខ្ញុំបារម្ភ។

ខ្ញុំឆ្ងល់នឹងសេចក្តីក្លាហានរបស់ពួកគេ ដោយស្ថិតនៅនឹងកន្លែងនោះ ដោយដឹងថារាល់នាទីបញ្ជាអាចមកដល់ ពួកគេអាចត្រូវសម្លាប់ ។ លុះត្រាតែមេកងរាជអាវុធហត្ថមកដល់ទើបអ្នកជាប់ឃុំនោះត្រូវបានដោះលែង និងត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព ។

កងពលតូច ៩១១ ត្រូវបានចោទប្រកាន់អំពីការរំលោភដូចសូត្រធ៌ម ក្នុងឆ្នាំបន្តបន្ទាប់តាំងពីពេលនោះមក។ តែជាជាងដក ចាប ភក្តី ចេញពីកងទ័ពឬកាត់ទោស និងពួកអ្នកនៅក្រោមបញ្ជារបស់គេ ចាប  ភក្តី ថែមទាំងត្រូវបានតម្លើងសក្តិថែមទៀតផង ។ រូបគេថែមទាំងឡើងជាសមាជិកគណកម្មាធិការមជ្ឈឹម គបក ទៀតផង។ រង្វាន់បែបនេះ គឺសម្រាប់អ្នកណាជាមេបញ្ជាការស្មោះត្រង់នឹងហ៊ុន សែន ជាងគេបំផុត។ ដូច្នេះ ខ្ញុំមិនមានការភ្ញាក់ផ្អើលទេ នៅពេលខ្ញុំបានដឹងថា កងពលតូច ៩១១ បានវាយប្រហារទៅលើពួកអ្នកតវ៉ានោះ ។ ចាប ភក្តី និង ៩១១ បានសំញ៉ែងខ្លួនគេថា មានបំណងប្រើហឹង្សាសម្រាប់គោលបំណងនយោបាយ ។

សាធារណៈជនមានសិទិ្ធដឹងថាអ្នកណាជាអ្នកបញ្ជាកងពលតូច ៩១១ ឲ្យបញ្ចេញកងទ័ពកាលពីអាទិត្យមុន ។

តើ ចាប ភក្តី ធ្វើសេចក្តីសម្រេចនេះដោយខ្លួនឯងឬ? នេះហាក់បីដូចជាមិនសម នេះគឺជាបញ្ហាដែលគួរត្រូវដោះស្រាយ ជាផ្នែកមួយនៃការស៊ើបអង្កេតឯករាជ្យដ៏ទូលំទូលាយមួយ ទៅលើព្រឹត្តិការណ៍កាលពីអាទិត្យមុននេះ ។ ការស៊ើបអង្កេតនោះ គួរត្រូវពិនិត្យផងដែរថា ហេតុអ្វីបានជាកងរាជអាវុធហត្ថបាញ់ទៅលើហ្វូងមនុស្ស  អ្នកណាជាអ្នកឲ្យបញ្ជានោះ និងហេតុអ្វីបានជាមនុស្ស ២៣ នាក់ ត្រូវចាប់ឃុំជាច្រើនថ្ងៃដោយពុំមានដំណឹងអំពីតើពួកគេត្រូវដាក់ឃុំនៅទីណា  ឬមានមេធាវីឬទេ ឬតើពួកគេទទួលបានការព្យាបាលផ្នែកពេទ្យឬទេ ។

មានបញ្ហាជាច្រើនបានចោទឡើង ។ អង្គភាពយោធានៅកម្ពុជា និងនៅកន្លែងដទៃទៀត មិនត្រូវបានហាត់រៀនដើម្បីដោះស្រាយជាមួយអ្នកតវ៉ាទេ ហើយគួរមិនត្រូវបញ្ចេញវាមកទេសម្រាប់ត្រួតត្រាហ្វូងមនុស្ស ។ ប្រទេសផ្តល់ជំនួយ និងប្រទេសដូចជាសហរដ្ឋអាមេរិកជាដើម ដែលមានការទាក់ទងជាមួយកងយោធាកម្ពុជា គួរសុំឲ្យបញ្ចប់ការប្រើកងទ័ពសម្រាប់ហេតុផលនយោបាយទៅ ។

ជាជាងការហាមមិនឲ្យធ្វើបាតុកម្ម ប្រទេសផ្តល់ជំនួយគួរសង្កត់ឲ្យរដ្ឋាភិបាលគោរពសិទិ្ធរបស់កម្មករ ឬនយោបាយប្រឆាំង ឲ្យទទួលបានសេរីភាពក្នុងការជួបជុំគ្នា ធ្វើសមាគម និងសំដែងមតិ រួមទាំងការបោះជំរុំនៅក្នុងសួនសេរីភាពផង ។

បើសិនជាវិធានការត្រួតត្រាហ្វូងមនុស្សមានការចាំបាច់ ការនេះគួរតែជាការងាររបស់នគរបាល មិនជាកម្លាំងរបស់កងទ័ព ឬយោធាប្រតិព័ទ្ធ ដូចជាកងរាជអាវុធហត្ថ ទេ ។

តើរដ្ឋាភិបាលនឹងអនុញ្ញាតឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីតាមដានការទទួលខុសត្រូវនៅទីណាផ្លូវនាំទៅ ទោះបីជាវាចង្អុលទៅថ្នាក់ដឹកនាំកងទ័ព ឬរដ្ឋាភិបាលក៏ដោយនោះ? ជាអកុសល ការនេះមិនទំនង ។ នៅពេលនិទណ្ឌភាពមានការលូតលាស់ក្នុងចំណោមថ្នាក់ដឹកនាំកម្ពុជា សុច្ឆន្ទៈក្នុងការដោះស្រាយពុំមានពន្លឺទេ ៕

លោក ប្រាដ អាដាំ​ គឺជានាយកអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស        

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country