Skip to main content

សេចក្តីប្រកាសរួមជាសាធារណៈ

រដ្ឋាភិបាលកម្ពុជា និងប្រទេសផ្តល់ជំនួយ ត្រូវចាត់វិធានការដើម្បីទប់ស្កាត់ការតម្លើងថ្នាក់នៃហឹង្សា

ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣

ដោយសេចក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រើជាបន្តបន្ទាប់ដោយអាជ្ញាធរកម្ពុជា នូវកម្លាំងហួសហេតុ ដើម្បីទប់ស្កាត់ និងបង្ក្រាបការប្រើរបស់ប្រជាពលរដ្ឋ នូវសិទិ្ធនៃសេរីភាពក្នុងការជួបជុំគ្នាដោយសន្តិវិធី និងការសំដែងមតិ អង្គការមិនមែនរដ្ឋាភិបាលនានាដែលបានចុះហត្ថលេខាខាងក្រោមនេះ សូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបរទេស ឲ្យចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យស្ថានភាពសិទិ្ធមនុស្សកាន់តែចុះដុនដាបថែមទៀត ។

ម្សិលមិញ ថ្ងៃទី ២៣ ខែកញ្ញា ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ទ្រង់បានកោះប្រជុំរដ្ឋសភា នៅក្នុងរាជធានីភ្នំពេញ ទោះបីជាគណបក្សសង្គ្រោះជាតិ (គសជ) ដែលជាគណបក្សប្រឆាំងដ៏ធំធ្វើ ពហិការ ព្រមទាំងញត្តិ និងការតវ៉ា ជាសាធារណៈ បានអំពាវនាវសុំឲ្យព្រះមហាក្សត្រលើកពេលការបើកសម័យប្រជុំសភាយ៉ាងណាក៏ដោយ ។ អង្គការត្រួតពិនិត្យឯករាជ្យលើការបោះឆ្នោត និងអង្គការសង្គមស៊ីវិលដទៃទៀត បានចោទអំពីភាពមិនត្រឹមត្រូវជាប្រព័ន្ធ និងភាពមិនប្រក្រតីដ៏ធំធេង នៃការបោះឆ្នោតជាតិថ្ងៃទី ២៨ ខែកក្កដា ប្រជែងនឹងលទ្ធផលផ្លូវការ ដែលបានផ្តល់ឲ្យនូវជ័យជំនះដ៏ស្តួចស្តើងដល់គណបក្សកាន់អំណាចតាំងពីយូរយារមកហើយគឺគណបក្សប្រជាជនកម្ពុជា (គបក) ជាលទ្ធផលដែលត្រូវបានបដិសេធដោយ គសជ ផងដែរ ។

ចន្លោះថ្ងៃទី ៧ និងទី ១៧ ខែកញ្ញា គសជ បានដឹកនាំធ្វើបាតុកម្មអហឹង្សាមួយចំនួន នៅក្នុងទីក្រុងភ្នំពេញ ទាក់ទិនទៅនឹងលទ្ធផលនៃការបោះឆ្នោត ។ ក៏ប៉ុន្តែ អាជ្ញាធរបានដាក់របាំងបិទផ្លូវលួសបន្លា ព្រមទាំងកម្លាំងសន្តិសុខច្រើនប្រភេទ ដែលបានដាក់កំហិតមិនឲ្យជនកម្ពុជាដើរហើរក្នុងទីក្រុង និងបាននាំទៅឲ្យមានការប៉ះទង្គិចគ្នាដោយហឹង្សាក្នុងរាត្រីថ្ងៃទី ១៥ ខែកញ្ញា ។ នារាត្រីនោះ កងកម្លាំងសន្តិសុខបានបាញ់ដោយមិនរើសមុខ សម្លាប់មនុស្សម្នាក់ និងធ្វើឲ្យបួសមួយចំនួនផ្សេងទៀត ។

ការបិទផ្លូវ និងកងកម្លាំងសន្តិសុខ ត្រូវបានដាក់ជាថ្មីឡើងវិញមួយថ្ងៃមុនការបើកប្រជុំរដ្ឋសភា និងបានស្ថិតនៅដដែលនៅកន្លែងជាច្រើន ។ ទាំងនេះបានទប់ស្កាត់ប្រជាពលរដ្ឋមិនឲ្យចូលទៅជិតសភារបស់ពួកគេ និងបានបង្កើតឲ្យមានការប្រឈមមុខដោយកំហឹងតែអហឹង្សាជាច្រើន រវាងកងកម្លាំងសន្តិសុខ និងប្រជាពលរដ្ឋដែលបានតវ៉ាអំពីការបិតផ្លូវនេះទេ ។

លើសពីនេះទៅទៀត ក្នុងឱកាសពីរលើកក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរបានបញ្ជាឲ្យ “វាយបំបែក” ការជួបជុំគ្នាតូចៗ​និងដោយសន្តិវិធីទាំងស្រុង នៅវត្តភ្នំ ស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ដើម្បីសុំនូវអ្វីដែលអ្នកចូលរួមរៀបរាប់ថា ភាពយុត្តិធ៌មនៃការបោះឆ្នោត ។ អំពើទាំងនេះបានដាក់បង្ហាញជាចំហនូវការមិនអើពើនូវសិទ្ធនៃសេរីភាពក្នុងការជួបជុំគ្នាដោយសន្តិវិធី និងបានធ្វើឲ្យសាធារណមតិមានការក្តៅក្រហាយយ៉ាងខ្លាំង ។

ក្នុងឧបទ្ទវហេតុទី ១ នារាត្រីទី ២០ ខែកញ្ញា កម្លាំងសន្តិសុខប្រដាប់អាវុធរាប់រយនាក់ មានកងរាជអាវុធហត្ថជាសំខាន់ បានវាយកំចាយការប្រមូលផ្តុំគ្នាដោយសន្តិវិធីដឹកនាំដោយមន្ត្រី គសជ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មកោ ដែលបានធ្វើកូដកម្មអត់អាហារនៅវត្តភ្នំ រូបព្រះអង្គម្ចាស់ត្រូវបានកំដរដោយព្រះសង្ឃមួយក្រុម និងអ្នកគាំទ្រផ្សេងទៀត ។

ឧបទ្ទវហេតុទី ២ និងហឹង្សា បានកើតឡើងនៅរាត្រីថ្ងៃទី ២២​ ខែកញ្ញា “កងកម្លាំងចម្រុះ” ក្នុងនេះរួមមាននគរបាល និងកងរាជអាវុធហត្ថ បំពាក់ដោយកាំភ្លើង និងដោយមានជំនួយពីកងកម្លាំងប្រដាប់អាវុធស្លៀកពាក់ជាជនស៊ីវិលបំពាក់ដោយដំបងឆក់ និងចម្ពាមកៅស៊ូ បានបំបែកដោយហឹង្សាពួកអ្នកកំដរដោយសន្តិវិធីនៅវត្តភ្នំ ដោយតំណាងប្រជាពលរដ្ឋបណ្តេញចេញពីផ្ទះពួកគេនៅតំបន់បឹងកក់ នៃទីក្រុងភ្នំពេញ ។ ពួកអ្នកចូលរួម បានទាមទារឡើងវិញសំណូមពរឲ្យមានភាពយុត្តធ៌មនៃការបោះឆ្នោត និងអំពាវនាវឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា សកម្មជនសិទិ្ធលំនៅដ្ឋានបឹងកក់ ដែលត្រូវបានជាប់គុក ។ ក្រុមនេះរួមមានស្រ្តី និងកុមារជាច្រើននាក់ ហើយការប្រមូលផ្តុំពួកគេនេះត្រូវបានតាមដានដោយអ្នកសង្កេតការណ៍សិទ្ធិមនុស្សមួយចំនួន ។

ចាប់ពីម៉ោងប្រមាណ ១០កន្លះ យប់ កម្លាំងសន្តិសុខ និងជនស៊ីវិលមកជាមួយ រាប់សិបនាក់ ប្រតិ​​ បត្តិការជាមួយគ្នា បានបង្ក្រាបក្រុមអ្នកតវ៉ាប្រមាណ ២០ នាក់ និងសមាជិកគ្រួសារពួកគេ ដោយប្រើដំបងឆក់ ចម្ពាមកៅស៊ូ និងដំបងដែក ។ ពួកអ្នកតាមដានក្នុងស្រុក និងបរទេស និងអ្នកកាសែត ដែលស្ថិតនៅកន្លែងកើតហេតុក៏ជាទិសដៅនៃការវាយប្រហារផងដែរ ហើយពួកគេម្នាក់ត្រូវកម្លាំងសន្តិសុខគម្រាម មុនអំពើហឹង្សាបានកើតមានឡើង បើរូបគាត់មិនចាកចេញពីតំបន់នោះ រូបគេអាចត្រូវសម្លាប់នៅពេលដំណាក់កាលវាយសម្រុកនៃប្រតិបត្តិការត្រូវបានចាប់ផ្តើម ។ យោងតាមសាក្សីបានឃើញផ្ទាល់ភ្នែក ដំបូងបុគ្គលិកកងកម្លាំងសន្តិសុខបានឈរមើលធ្វើព្រងើយពេលហឹង្សាបានកើត កាន់តែខ្លាំងឡើងៗ បន្ទាប់មកបានចូលរួមរំលោភលើរូបរាងកាយនោះ ។ អ្នកតំណាងសហគមន៍យ៉ាងតិច ១០ នាក់ បានរងរបួស ក្នុងនេះរួមមានស្ត្រី​អាយុ ៧២ ម្នាក់ និងស្ត្រី ៣ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដែរ ។ អ្នកតាមដានសិទិ្ធមនុស្សម្នាក់ត្រូវរបួសដើមទ្រូង ។ ពួកអ្នកកាសែតមួយចំនួនទទួលរងការវាយដោយដំបងឆក់ ដោយមានម្នាក់កាមេរ៉ារបស់គាត់ត្រូវបានវាយកម្ទេច ។

អង្គការនានាចុះហត្ថលេខាខាងក្រោម ផ្កោលទោសការប្រើកម្លាំងមិនចាំបាច់និងហួសហេតុ ទោះ​បីជាកាលពីថ្ងៃទី ១៦ ខែកញ្ញា គបក និងគសជ បាននាំគ្នាសន្យាថាមេដឹកនាំកំពូលគណបក្សទាំងពីរ មិនប្រហឹង្សា ឬអាវុធ គ្រប់ប្រភេទដែលអាចបង្កឲ្យរបួស និងស្លាប់ក៏ដោយ។​ឧបទ្ទវហេតុនាពេលថ្មីៗ នេះបាន​លើកឡើងនូវសំណួរធ្ងន់ធ្ងរស្តីអំពីឆន្ទៈ ឬសមត្ថភាពរបស់អាជ្ញាធររដ្ឋាភិបាល និងកម្លាំងសន្តិសុខ ក្នុងការគោរព និងការការពារសិទិ្ធជាមូលដ្ឋាន របស់អ្នកដែលស្វែងរកការសំដែងមតិរបស់ពួកគេដោយសន្តវិធី ។

ជាថ្មីម្តងទៀត យើងសូមអំពាវនាវដល់រដ្ឋាភិបាលឲ្យធើ្វការធានាជាសាធារណៈថា ប្រកាន់នូវសិទិ្ធនៃសេរីភាពក្នុងការជួបជុំគ្នាដោយសន្តិវិធី និងសិទិ្ធមានពាក់ព័ន្ធដទៃទៀត ដោយបញ្ជាក់ថាកម្លាំងសន្តិសុខ និងមន្ត្រីទាំងអស់ ត្រូវសម្រួលដល់ការប្រើប្រាសនូវសិទិ្ធទាំងនេះ ។ រដ្ឋាភិបាលគួរធានាយ៉ាងច្បាស់លាស់ផងដែរ ថាគោរពសិទិ្ធរបស់អ្នកការពារសិទិ្ធមនុស្ស និងពួកអ្នកធ្វើការងារសារព័ត៌មាន​ ដោយអ្នកទាំងពីរប្រភេទនេះមានតួនាទីស្របច្បាប់នៅក្នុងសង្គមនិងចាត់ឲ្យមានជំហានដើម្បីធានាដល់ការការពារពួកគេ ។ យើងក៏សូមអំពាវនាវផងដែរឲ្យចាត់ឲ្យមានការស៊ើបអង្កេតជាបន្ទាន់ មិនលំអៀង ដោយតម្លាភាព និងដោយហ្មត់ចត់ ករណីនៃការប្រើកម្លាំងខុសច្បាប់​ ។ អ្នកណាដែលត្រូវបានរកឃើញថាទទួលខុសត្រូវ មិនថាអ្នកនៅក្នុងជួរ ឬតួនាទីអ្វីទេ គួរតែត្រូវផ្តន្ទាទោសក្នុងការវិនិច្ឆ័យសេចក្តីដោយត្រឹមត្រូវមួយ ។

រដ្ឋាភិបាលបរទេស និងអង្គការសហប្រជាជាតិ ត្រូវបន្លើសម្លេងឡើង និងផ្តន្ទាទោសការរំលោភ សិទិ្ធក្នុងការជួបជុំគ្នាដោយសន្តិវិធី និងសិទិ្ធដទៃទៀត ។ ដូចដែលយើងធ្លាប់បានសុំនាពេលកន្លងមក ដោយចាត់ទុកថាជាបញ្ហាបន្ទាន់ រដ្ឋាភិបាលបរទេសគួរតែធ្វើសេចក្តីថ្លែងការណ៍ ជាសាធារណៈនឹងខ្លាំង ដោយសុំឲ្យរដ្ឋាភិបាល និងកម្លាំងសន្តិសុខ គោរពដោយពេញលេញ ក្នុងការការពារ និងការលើកតម្កើងសិទិ្ធរបស់ពលរដ្ឋកម្ពុជា នៃសេរីភាពក្នុងការជួបជុំគ្នាដោយសន្តិវិធី និងសិទិ្ធដទៃទៀត ដោយមិនគិតពី ទស្សនៈនយោបាយ ឬខ្សែរយៈរបស់ពួកគេ ឡើយ ។ ពួកគេក៏គួរតែធានាថា ពួកអ្នកការពារសិទិ្ធមនុស្ស និងពួកអ្នកធ្វើការងារសារព័ត៌មាន អាចបំពេញការងារដ៏មានសារសំខាន់របស់ពួកគេ ដោយសុវត្ថិភាពពីអំពើហឹង្សា ការគម្រាមកំហែង និងការបំភិតបំភ័យ ។

ហត្ថលេខី៖

អង្គការលើកលែងទោសអន្តរជាតិ

មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ

សហភាពកម្ពុជាដើម្បីការលើកតម្កើងនិងការការពារសិទិ្ធមនុស្ស (លីកាដូ)

អង្គការឃ្លាំមើលសិទិ្ធមនុស្ស  

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed