(ទីក្រុងញូយ៉ក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១១) – អង្គការឃ្លាំមើលសិទ្ឋិមនុស្សបានមានប្រសាសន៍នៅថ្ងៃ នេះថា ចៅក្រមស៊ើបអង្កេតពីររូបរបស់តុលាការកូនកាត់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ហៅកាត់ថា អ៊ីស៊ីស៊ីស៊ី) ដែលបង្កើតឡើង ដើម្បីកាត់ទោសបទឧក្រិដ្ឋកម្មសម្លាប់រង្គាលក្នុងរបបខ្មែរក្រហម និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋកម្ពុជា បានរំលោភយ៉ាងជាក់ស្តែងលើករណីយកិច្ចខាងផ្លូវច្បាប់និងករណីយកិច្ចជាចៅក្រម។
អង្គការឃ្លាំមើលសិទិ្ធមនុស្សមានប្រសាសន៍ថា សហចៅក្រមស៊ើបអង្កេត លោក យូ ប៊ុនឡេង (ចៅក្រមជនជាតិកម្ពុជា) និង លោក ស៊ៀហ្គហ្វ្រាយ ប្លាំង (ចៅក្រមជនជាតិអាឡឺម៉ង់) ដែលតែងតាំងដោយអង្គការសហប្រជាជាតិ បានខកខានដឹកនាំឲ្យមានការស៊ើបអង្កេតពិតប្រាកដ មិនលំអៀង និងមានប្រសិទិ្ធភាព ក្នុងសំណុំរឿង០០៣ និង០០៤ ។ វាទំនងដូចជាថា ពួកគេបាន ទម្លាក់ចោលសំណុំរឿងទាំងពីរ ដោយមិនបានដឹកនាំធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ឡើយ។
មានជនសង្ស័យចំនួន ៥ រូប ជាប់ពាក់ព័ន្ធនឹងសំណុំរឿងទាំងពីរនេះ ហើយសហព្រះរាជអាជ្ញាអន្តរជាតិ បានដាក់ជូនសំណុំរឿងទាំងពីរនេះ ទៅការិយាល័យរបស់សហចៅក្រមស៊ើបអង្កេតក្នុងឆ្នាំ២០០៩ ។ ក្នុងខែមេសា ឆ្នាំ២០១១ សហចៅក្រមស៊ើបអង្កេតប្រកាសថា ពួកគេបានដឹកនាំស៊ើបអង្កេតសំណុំរឿង០០៣។ ”ដីការដំណោះស្រាយ” ជាផ្លូវការមិនបញ្ជូនជនសង្ស័យទៅវិនិច្ឆ័យទោសនឹងត្រូវចេញនៅពេលឆាប់ៗនេះ។ អតីតបុគ្គលិក និងបុគ្គលិកកំពុងបម្រើការងារ បានចោទប្រកាន់ថា ចៅក្រមទាំងនេះមានផែនការបិទនិងទាត់ចោលសំណុំរឿង ០០៤ ដោយមិនធ្វើការស៊ើបអង្កេតពិតប្រាកដ ឥតលំអៀង និងប្រកបដោយប្រសិទិ្ធភាពនោះទេ។
លោកប្រាដ អាដាំ នាយកអង្គការឃ្លាំមើលសិទិ្ធមនុស្សប្រចាំទ្វីបអាស៊ី មានប្រសាសន៍ថា “ចៅក្រមស៊ើបអង្កេតបានធ្វើសេចក្តីសន្និដ្ឋានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនលើសំណុំរឿង ០០៣ ដោយមិនធ្វើសេចក្តីជូនដំណឹងអំពីជនសង្ស័យ មិនធ្វើការសម្ភាសន៍សាក្សីសំខាន់ៗ ឬមិនដឹកនាំធ្វើការស៊ើបអង្កេតដល់ទីកន្លែងដែលបទឧក្រិដ្ឋត្រូវបានប្រព្រឹត្ត។ “ការប្រព្រឹត្តបែបនេះបង្ករនូវក្តីរន្ឋត់តក់ស្លុត សម្រាប់បទឧក្រិដ្ឋកម្មដ៏សាមញ្ញមួយ ប៉ុន្តែវារឹតតែមិនគួរឲ្យជឿទៅទៀតដែលការប្រព្រឹត្តបែបនេះ កើតឡើងចំពោះបទឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើសាហាវយង់ឃ្នងបំផុតមួយនៃអំពើសាហាវយង់ឃ្នង បំផុតជាច្រើនក្នុងសតវត្សរ៍ទី២០។ ប្រជាពលរដ្ឋកម្ពុជា គ្មានសង្ឃឹមបានឃើញយុត្តិធម៌ទេចំពោះ ការកាប់សម្លាប់មហារង្គាល ល្គិកណាចៅក្រមទាំងនេះនៅតែពាក់ព័ន្ធ។”
ចាប់តាំងពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាមក តុលាការនេះបានទទួលរងការជ្រៀតជ្រែក ដោយមានការជំរុញខាងនយោបាយជាញឹកញាប់ពីគណបក្សប្រជាជនកម្ពុជា ដែល កំពុងតែគ្រប់គ្រងអំណាច។ មេដឹកនាំបច្ចុប្បន្នជាច្រើននាក់របស់រដ្ឋាភិបាល គឺជាអតីតមន្រ្តី ខ្មែរក្រហម។ នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រួតត្រាប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលនៅក្នុងនោះ មានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផងដែរ បាននិយាយច្រំដែលៗថា គាត់ជំទាស់នឹង កិច្ចដំណើការនីតិវិធី សំណុំរឿង ០០៣ និង ០០៤ ។ ប្រភពពីអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា ការជ្រៀតជ្រែកខាងនយោបាយ បណ្តាលអោយមានការខកខានរបស់ចៅក្រមក្នុងការស៊ើបអង្កេតសំណុំរឿងឲ្យបានត្រឹមត្រូវ ហើយ វាបាននាំឲ្យមានការលាលែងចេញពីតំណែងរបស់បុគ្គលិកការិយាល័យសហចៅក្រមស៊ើបអង្កេត។
លោកប្រាដ អាដាំ មានប្រសាសន៍ថា “យើងបានសម្តែងកង្វល់ជាយូរមកហើយថា ចៅក្រមកម្ពុជាសម្រាប់សាលាក្តីខ្មែរក្រហម មិនមានជម្រើសអ្វីក្រៅពីធ្វើតាមអ្វីៗដែល លោក ហ៊ុន សែន និងមន្រ្តី ជាន់ខ្ពស់ដទៃទៀតចង់ឲ្យធ្វើនោះទេ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានប្រព្រឹត្តទៅ ដូចជាមានភាពខ្លាំងក្លាដោយសារតែភាពកម្សោយខាងចំណងអន្តរជាតិ។ ចៅក្រម ប្លាំង គឺជា ចំណងដ៏កម្សោយនោះឯង។
ប្រសិនបើសហចៅក្រមស៊ើបអង្កេត ចេញដីកាដំណោះស្រាយម្រាប់សំណុំរឿងណាមួយ នោះសហព្រះរាជអាជ្ញាអន្តរជាតិអាចប្តឹងឧទ្ធរណ៍ទៅអង្គបុរេជុំនុំជម្រះ។ ក៏ប៉ុន្តែ បើតាមចរិតលក្ខណៈនយោបាយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សំណុំរឿងទាំងនេះនឹងត្រូវគេទាត់ចោលជាក់ជាមិនខានឡើយ។
ច្បាប់បង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាចែងថា សាលាក្តីនេះបង្កើតឡើង “ដើម្បីនាំមេដឹកនាំជាន់ខ្ពស់របស់របបកម្ពុជាប្រជាធិបតេយ្យ [របបខ្មែរក្រហម]មកកាត់ទោស រួមទាំងជនទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្ម និងការរំលោភដ៏ធ្ងន់ធ្ងរលើក្រម ព្រហ្មទណ្ឌកម្ពុជា ច្បាប់និងទម្លាប់មនុស្សធម៌អន្តរជាតិ និងអនុសញ្ញាអន្តរជាតិដែលទទួលស្គាល់ ដោយប្រទេសកម្ពុជា ដែលអំពើទាំងនេះបានប្រព្រឹត្តក្នុងអំឡុងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។” ប្រជាពលរដ្ឋប្រមាណពីរលាននាក់ក្នុងប្រទេសកម្ពុជាត្រូវបាន គេសម្លាប់ ឬស្លាប់ដោយជំងឺ ឬការអត់ឃ្លាន ក្នុងអំឡុងពេលដែលខ្មែរក្រហមកាន់អំណាច។
ទោះជាដូច្នេះក្តីតាំងពីដើមមក អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាត់ទោសបានតែ មនុស្សម្នាក់ប៉ុណ្ណោះគឺ កាំង ហ្កេកអ៊ាវ (ហៅ ឌុច) ដែលជាប្រធានមណ្ឌលទារុណ្ឌកម្ម ស២១ (ទួលស្លែង) ដ៏ល្បីល្បាញ។ គាត់ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទ ឧក្រិដ្ឋកម្មសង្រ្គាម ក្នុងសំណុំរឿង ០០១ និងត្រូវជាប់គុករយៈពេល ៣៥ ឆ្នាំ ដែលរយៈពេលនេះ ថយមកត្រឹម ១៩ឆ្នាំវិញ ដោយរយៈពេលដែលគាត់បានជាប់គុកមុនរួចហើយ និងដោយសារ រយៈពេលនៃការបន្ធូរបន្ថយទោស។ សំណុំរឿងនិងការកំណត់ទោសនេះ ត្រូវបានប្តឹងឧទ្ធរណ៍ទៅ តុលាការកំពូលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ សំណុំរឿង០០២ ដែលរួមមាន មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមវ័យចំណាស់ដូចជា នួន ជា, ខៀវ សំផន, អៀង សារី, និង អៀង ធារិទ្ធ ត្រូវបានចោទប្រកាន់អំពីបទប្រល័យពូជសាសន៍ បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និង បទឧក្រិដ្ឋ កម្មសង្រ្គាម ដែលសំណុំរឿងនេះនឹងចាប់ផ្តើមធ្វើសវនាការក្នុងឆ្នាំ ២០១២។
អង្គការឃ្លាំមើលសិទិ្ធមនុស្សមានប្រសាសន៍ថា ការខកខានរបស់ចៅក្រម ប្លាំង និង ប៊ុនឡេង ក្នុងការស៊ើបអង្កេតឲ្យបានត្រឹមត្រូវនិងគួរជាទីទុកចិត្តនោះ រំលោភលើការទទួលខុសត្រូវក្នុងការ ប្រព្រឹត្តដោយឥតលំអៀងរបស់ខ្លួន។ ក្រោមច្បាប់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គឺវិធានផ្ទៃក្នុងរបស់តុលាការនេះ សហចៅក្រមស៊ើបអង្កេតមានកាតព្វកិច្ចស៊ើបអង្កេតរកការពិត លើសំណុំរឿងដែលបានដាក់ជូនដោយព្រះរាជអាជ្ញា។ ក្នុងចំណោមតម្រូវការផ្សេងពីនេះ តាមច្បាប់អន្តរជាតិ តម្រូវឲ្យការស៊ើបអង្កេតទាំងនេះធ្វើទៅដោយឯករាជ្យ ជាបន្ទាន់ និងមានប្រសិទិ្ធភាព ដើម្បីកំណត់និងដាក់ទោសជនទាំងឡាយដែលទទួលខុសត្រូវ និងបើកឲ្យមានការពិនិត្យពិច័យជាសាធារណៈ។
ក្នុងអំឡុងពេលបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលកាលនោះលោក កូហ្វី អាណាន់ ជាអគ្គលេខាធិការរបស់អង្កការសហប្រជាជាតិ លោកបានទទួលស្គាល់តួនាទីគ្រប់គ្រងចាំបាច់របស់អង្គការសហប្រជាជាតិ ក្នុងការធានាថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានកាត់ទោសបទឧក្រិដ្ឋកម្មសម្លាប់រង្គាលរបស់ខ្មែរក្រហមប្រកបដោយជោគជ័យ ប៉ុន្តែមន្រ្តីអង្គការ សហប្រជាជាតិបច្ចុប្បន្នបានខកខានមិនបំពេញការទទួលខុសត្រូវបែបនោះឡើយ។ ការិយាល័យទទួលបន្ទុកកិច្ចការច្បាប់ ត្រូវផ្តើមគំនិតស៊ើបអង្កេតឯករាជ្យមួយលើអាកប្បកិរិយារបស់សហចៅក្រមស៊ើបអង្កេត និងការមើលការខុសត្រូវរបស់អង្គការសហប្រជាជាតិ លើអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីឲ្យគេឯងអាចរៀនសូត្រពីមេរៀនដែលស្រង់ចេញពីបទពិសោធន៍នេះ។
អង្គការឃ្លាំមើលសិទិ្ធមនុស្សបានមានប្រសាសន៍ថា ភាសានៅក្នុងកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិនិងកម្ពុជា ក្នុងការអំពាវនាវឲ្យមានការកាត់ទោសជនទាំងឡាយដែល “ទទួលខុសត្រូវខ្ពស់បំផុត” សម្រាប់បទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម បានសរសេរយ៉ាងច្បាស់ណាស់សម្រាប់ប្រភេទមនុស្សដែលត្រូវប្រឈមការចោទប្រកាន់ក្នុងសំណុំរឿង ០០៣ និង ០០៤ ។ ប្រសិនបើតុលាការ គ្រាន់តែស៊ើបអង្កេតសំណុំរឿងដែលពាក់ព័ន្ធនឹងមេដឹកនាំកំពូលរបស់របបខ្មែរក្រហម នោះពួកឃាតករសម្លាប់រង្គាលដែលមានឋានៈទាបជាងនេះ នឹងបន្តរស់នៅដ៏មានសេរីភាព ក្នុងភូមិជាមួយគ្រួសារជនរងគ្រោះ។
លោក ប្រាដអាដាំ មានប្រសាសន៍ថា “អង្គការសហប្រជាជាតិ ធ្វើមិនដឹងមិនឮដោយមិនធ្វើការ ឆ្លើយតបចំពោះការចោទប្រកាន់ ដែលគួរឲ្យទុកចិត្តជាច្រើន អំពីអាកប្បកិរិយាមិនល្អរបស់ ចៅក្រម។ ប្រសិនបើអង្គការសហប្រជាជាតិ មិនចាត់ការឲ្យបានរហ័ស ដើម្បីធានាថាមានការ ស៊ើបអង្កេតសំណុំរឿងទាំងនេះពេញលេញទេនោះ សាលាក្តីនេះនឹងបាត់បង់ជំនឿដែលមានសេស សល់តិចតួចចុងក្រោយរបស់ខ្លួនជាមិនខាន ហើយអង្គការសហប្រជាជាតិ នឹងប្រឈមនឹងសំណួរ ដែលពិបាកឆ្លើយ ចំពោះសកម្មភាពរបស់ខ្លួន។”
ព័ត៌មានពិស្តារ៍បន្ថែមស្តីពីការខកខាន(របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា) លើការកាត់ក្តីមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿង០០៣និង០០៤រួមទាំង សេចក្តីសង្ខេបនៃការចោទប្រកាន់ប្រឆាំងនឹងជនសង្ស័យក្នុងសំណុំរឿងទាំងនោះមានជាបន្តបន្ទាប់ដូចតទៅនេះ។
ការខាកខានស៊ើបអង្កេតសំណុំរឿង ០០៣ និង ០០៤ ឲ្យបានត្រឹមត្រូវ
សំណុំរឿង ០០៣ និង ០០៤ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មិនសំដៅតែមេដឹកនាំកំពូលបំផុតរបស់ខ្មែរក្រហម ដែលជាប់ក្នុងសំណុំរឿង ០០២ ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាសំដៅលើមេដឹកនាំដទៃទៀត ដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងអំឡុងសម័យខ្មែរ ក្រហម។ ក្នុងឆ្នាំ២០០៨ សហព្រះរាជអាជ្ញាអន្តរជាតិបានចោទប្រកាន់មេបញ្ជាការទ័ពអាកាស ខ្មែរក្រហម លោក ស៊ូ ម៉េត និងមេបញ្ជាការកងទ័ពជើងទឹក លោក មាស មុត ចំពោះការប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទឧក្រិដ្ឋកម្មសង្រ្គាមក្នុងសំណុំរឿង ០០៣។ សហព្រះរាជ អាជ្ញាអន្តរជាតិ បានចោទប្រកាន់មន្រ្តីភូមិភាគរបស់ខ្មែរក្រហមចំនួនបីរូប មានលោក ឱម អាន, យិម ទិត្យ និង អ៊ឹម ចែម អំពីបទប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងសំណុំរឿង ០០៤ ។ ឯកសារត្រូវបានដាក់ក្នុងសំណុំរឿងពីរដែលចោទលើមូលដ្ឋាន បទឧក្រិដ្ឋកម្មចំនួន ៤០ ផ្សេងៗគ្នា។ (សូមមើលសេចក្តីសង្ខេបខាងក្រោមអំពីការចោទប្រកាន់ ប្រឆាំងនឹងជនសង្ស័យទាំងប្រាំ។
អង្គការឃ្លាំមើលសិទិ្ធមនុស្សនិយាយថា លោក ហ៊ុន សែន បានធ្វើសេចក្តីថ្លែងការជាច្រើនប្រឆាំងនឹងសំណុំរឿង ០០៣ និង ០០៤ ។ ក្នុងឆ្នាំ ១៩៩៩ មុនការបង្កើតសាលាក្តី លោកថ្លែងថាលោកមិនចង់កាត់ទោសជនសង្ស័យខ្មែរក្រហមលើសពីបួន ឬប្រាំនាក់នោះទេ។ បន្ទាប់ពីកិច្ចប្រជុំមួយនៅប្រទេសកម្ពុជាក្នុងខែតុលា ឆ្នាំ២០១០ រវាងលោក ហ៊ុន សែន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន, រដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង បានប្រកាសថានាយករដ្ឋមន្រ្តី “បានអះអាងយ៉ាងច្បាស់លាស់” ថាមិនមានបន្តទៅសំណុំរឿង ផ្សេងទៀតទេ។ នាយករដ្ឋមន្រ្តី មិនមានអំណាចស្របច្បាប់ក្នុងការធ្វើសេចក្តីសម្រចចិត្តបែបនេះ សម្រាប់តុលាការទេ ប៉ុន្តែរឿងនេះមិនបានបញ្ឈប់លោកហ៊ុន សែន និងមន្រ្តីដទៃទៀត ពីការ ផ្តល់ការណែនាំដល់បុគ្គលិកកម្ពុជានៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានោះឡើយ។
សេចក្តីសម្រេចចិត្តស៊ើបអង្កេតសំណុំរឿង ០០៣ និង ០០៤ ត្រូវបានផុងជ្រៅទៅក្នុងការជជែកយកឈ្នះយកចាញ់តាំងតែពីដើមដំបូងមក។ សហព្រះរាជអាជ្ញាទីមួយ លោក រ៉ូបឺត ពឺទីត បានដឹកនាំ ការស៊ើបអង្កេតមួយ និងបានសម្រេចចិត្តថា មានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជូនសំណុំរឿងនេះទៅសហចៅក្រមស៊ើបអង្កេត។ ក្នុងសេចក្តីសម្រេចចិត្តដែលមានការជំរុញខាងនយោបាយ ដែលឆ្លុះបញ្ចាំងទស្សនរបស់លោក ហ៊ុន សែន សហព្រះរាជអាជ្ញាកម្ពុជាលោកស្រី ជា លាង បានព្យាយាមរារាំងការដាក់ការចោទប្រកាន់នេះ ដោយអះអាងថាជនសង្ស័យមិនស្របតាមនិយមន័យនៃពាក្យ ថា “ទទួលខុសត្រូវខ្ពស់បំផុត” ក្រោមវិធានច្បាប់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នោះទេ។ ក៏ប៉ុន្តែ ក្នុងសំណុំរឿងរបស់ឌុច អង្គជំនុំជម្រះបានសន្និដ្ឋានថាថ្វីបើឌុចមិនមែនជាមេដឹកនាំជាន់ខ្ពស់ក៏ដោយ គាត់គឺជា “ជនមួយរូបក្នុងចំណោមជនទាំងឡាយដែលមានការទទួលខុសត្រូវខ្ពស់បំផុត” - នេះមានន័យសំដៅដល់ជនទាំងឡាយដែលនៅកម្រិតទាប ដែលជាប់ពាក់ព័ន្ធក្នុងអំពើដ៏សហាវយង់ឃ្នងធ្ងន់ធ្ងរបំផុត - សម្រាប់បទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម។
អង្គបុរេជំនុំជម្រះរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបង្កើតចេញពីចៅក្រមកម្ពុជាបីរូបនិងចៅក្រមអន្តរជាតិពីររូប បានសម្រេចថាមានភស្តុតាងគ្រប់គ្រាន់ដើម្បីបន្តសំណុំរឿងនោះ។ ខណៈពេលនោះ ចៅក្រមកម្ពុជាទាំងបីរូបបានបោះឆ្នោតរារាំងសំណុំរឿង ចំណែកឯចៅក្រមអន្តរជាតិបានបោះឆ្នោតគាំទ្រដល់ការបញ្ជូនសំណុំរឿងទៅសហចៅក្រមស៊ើបអង្កេត។ ការបោះឆ្នោតគាំទ្រដោយចៅក្រមបួនរូបក្នុងចំណោមចៅក្រមប្រាំរូបនៅអង្គបុរេជំនុំជម្រះ អាចរារាំងដល់ សំណុំរឿងមួយបាននៅកម្រិតនេះ តាមរូបមន្តមតិភាគច្រើនលើសលុបរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា។ រូបមន្តនេះ បង្កើតនូវកង្វល់ពីសាធារណជនកម្ពុជា អង្គការសហប្រជាជាតិ និងម្ចាស់ជំនួយអន្តរជាតិ នៅត្រង់ថា រដ្ឋាភិបាលនឹងផ្តល់ការណែនាំខាងនយោបាយដល់ ចៅក្រមកម្ពុជា។ ពីព្រោះមានតែចៅក្រមកម្ពុជាបីរូបបោះឆ្នោតរារាំងសំណុំរឿង វានាំឲ្យសំណុំរឿង នោះអាចបន្តទៅសហចៅក្រមស៊ើបអង្កេត។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០៩ សហព្រះរាជអាជ្ញាអន្តរជាតិ បានដាក់ជូនសំណុំរឿងរបស់ ជនសង្ស័យចំនួនប្រាំរូបទៅសហចៅក្រមស៊ើបអង្កេត។ “ដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរ” របស់ព្រះរាជអាជ្ញាខាងអង្គការសហប្រជាជាតិដែល បង្ហាញនូវភស្តុតាងប្រឆាំងនឹងជនទាំងប្រាំរូប មានរហូតដល់ទៅជាង ២០០ ទំព័រ ជាមួយនឹងព័ត៌មានគាំទ្រជាច្រើនពាន់ទំព័រ។ មិនមានការ ចាត់វិធានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ត្រឹមត្រូវទេ មុនពេលដែលសហចៅក្រមស៊ើបអង្កេតដាក់ សេចក្តីប្រកាសរបស់ខ្លួននៅថ្ងៃទី២៩ មេសា ២០១១ ថាពួកគេបានបញ្ចប់ការស៊ើបអង្កេតរបស់ ខ្លួនក្នុងសំណុំរឿង ០០៣ ។ សហចៅក្រមស៊ើបអង្កេតមិនបានផ្តល់ការពន្យល់ណាមួយទេ ហើយ បានអះអាងថាពួកគេមិនចាំបាច់ផ្តល់ការពន្យល់អ្វីណាមួយនោះឡើយ។
មួយសប្តាហ៍ក្រោយមក ស្តិហ្វិន ហេតដឺ ជាអ្នកជំនាញនាំមុខគេអំពីរឿងខ្មែរក្រហម បានសរសេរ ទៅលោក ប្លាំង មានសេចក្តីថា គាត់លាលែងពីតំណែងជាទីប្រឹក្សាការិយាល័យសហចៅក្រមស៊ើបអង្កេត ពីព្រោះតែ “សេចក្តីសម្រេចរបស់ចៅក្រមបញ្ចប់ការស៊ើបអង្កេតក្នុងសំណុំរឿង ០០៣ ជាស្ថាពរ ដោយមិនបានធ្វើការស៊ើបអង្កេតសំណុំរឿង០០៣ ដែលរូបខ្ញុំក៏ដូចអ្នកឯទៀត ជឿថាវា មិនមានហេតុផលទាល់តែសោះ។” ក្រុមអ្នកច្បាប់អង្គការសហប្រជាជាតិទាំងមូលរបស់ សហ ចៅក្រមស៊ើបអង្កេត និងបុគ្កលិកអង្គការសហប្រជាជាតិជាច្រើនរូបដទៃទៀតបានលាលែងចេញពី តំណែងរបស់ពួកគេផងដែរ។
នៅថ្ងៃទី៩ ខែឧសភា សហព្រះរាជអាជ្ញាអន្តរជាតិ អែនឌ្រូ ខេលី បានបង្ហាញផែនទីផ្លូវដែលត្រូវដើរឆ្ពោះទៅរកការស៊ើបអង្កេតមួយដ៏ហ្មត់ចត់និងប្រកបដោយប្រសិទិ្ធភាព ដោយបានស្នើសុំឲ្យលោក ប៊ុន ឡេង និងលោកប្លាំង ៖
- កោះហៅនិងសាកសួរជនសង្ស័យដែលមានឈ្មោះក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរនៃសំណុំរឿង០០៣ និងជូនដំណឹងទៅពួកគេថា ពួកគេស្ថិតនៅក្រោមការស៊ើបអង្កេត
- សម្ភាសន៍បុគ្គលមួយចំនួនបន្ថែមទៀត ដែលបានកត់សម្គាល់ថាជាសាក្សីដ៏សំខាន់
- សម្ភាសន៍ ឬសម្ភាសន៍ឡើងវិញនូវសាក្សីទាំងឡាយ ដែលបានកត់សម្គាល់ក្នុងសំណុំរឿង០០២ ដោយផ្តោតលើការចោទប្រកាន់ជាក់លាក់ ដែលមានក្នុងសំណុំរឿង០០៣ ។
- ពិនិត្យបន្ថែមលើទីកន្លែងប្រព្រឹត្តបទឧក្រិដ្ឋកម្ម (រួមទាំងការស្រាវជ្រាវរកទីតាំងរណ្តៅកប់ មនុស្សដែលគេសម្លាប់យ៉ាងរង្គាល)
- ដាក់ភស្តុតាងបន្ថែមទៅក្នុងសំណុំរឿង រួមទាំងការផ្ទេរភស្តុតាងបន្ថែមទៀតពីសំណុំរឿង ០០២ ទៅក្នុងសំណុំរឿង ០០៣ និង
- ស៊ើបអង្កេតបន្ថែមទៀតលើការពាក់ព័ន្ធរបស់ជនសង្ស័យក្នុងសំណុំរឿង០០៣ ក្នុងបទឧក្រិដ្ឋ រួមទាំងការផ្ទេរអ្នកទោសក្រោមការត្រួតត្រារបស់ពួកគេទៅកាន់ ស-២១, ការទទួល”ចម្លើយសារភាព” របស់ពួកគេបានមកពីអ្នកទោសដែលគេបានសម្លាប់នៅឯគុក ស-២១ និងការពាក់ព័ន្ធរបស់ពួកគេនៅក្នុងការចាប់ខ្លួនជាច្រើនបន្ថែមទៀត។
យោងតាម ដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរដំបូងទៅចៅក្រមស៊ើបអង្កេត លោក ខេលី បានកំណត់ទីកន្លែងប្រព្រឹត្តបទឧក្រិដ្ឋកម្ម និងហេតុការណ៍ឧក្រិដ្ឋនានា រួមទាំងមណ្ឌលទារុណកម្ម ស-២១ ដែលគ្រប់គ្រងដោយឌុច, ទីតាំងស្ថាបនាព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំង ជាទីកន្លែង ដែលគេរាយការណ៍ថា ពលកម្មដោយបង្ខំក្នុងទំរង់ដ៏ធ្ងន់ធ្ងរនិងស្លាប់រង្គាលបានកើតមានឡើង ការធ្វើវិសុទ្ឋកម្មក្នុងចំនោមកម្មាភិបាលខ្មែរក្រហម ការលុកលុយរបស់ខ្មែរក្រហមទៅក្នុងប្រទេស វៀតណាម។ ខេលីបានស្នើសុំឲ្យមានការស៊ើបអង្កេតទីតាំងបទឧក្រិដ្ឋកម្ម និងហេតុការណ៍ ដទៃទៀតរួមមាន ៖
- មណ្ឌលសន្តិសុខ ស-២១ ក្នុងតំបន់ក្រុងភ្នំពេញ
- មណ្ឌលសន្តិសុខវត្តអង្គតាញានក្នុងខេត្តកំពង់សោម
- ទីតាំងការងារបង្ខិតបង្ខំនៃតំបន់គាស់ថ្មស្ទឹងហាវ
- ការចាប់ខ្លួនជនជាតិបរទេសចេញពីឆ្នេរសមុទ្រកម្ពុជា និងការដាក់គុកពួកគេដោយខុស ច្បាប់ ការបញ្ជូនទៅ ស-២១ ឬសម្លាប់ចោល និង
- មណ្ឌលសន្តិសុខដែលបានប្រត្តិបត្តិការក្នុងខេត្តរតនគីរី
លោក ខេលី បានពន្យល់អំពីសេចក្តីស្នើរបស់គាត់ ដោយមានប្រសាសន៍ថា ៖
សហព្រះរាជអាជ្ញាអន្តរជាតិ នឹងស្នើសុំឲ្យមានវិធានការទាំងនេះ ដែលតាមទស្សនរបស់គាត់ថា បទឧក្រិដ្ឋកម្មដែលបានចោទប្រកាន់នៅក្នុងដីកាបញ្ជូនរឿងអោយស៊ើបសួរ នោះ មិនមានការស៊ើបអង្កេតពេញលេញទេ។ លោក [ខេលី] មានកាតព្វកិច្ចស្របច្បាប់ក្រោមវិធានផ្ទៃក្នុង និងក្រោមច្បាប់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកំណត់ និងស្នើសុំឲ្យមានការចាត់វិធានការស៊ើបអង្កេតសមស្រប ធ្វើឡើងដោយសហចៅក្រម ស៊ើបអង្កេត មុនពេលធ្វើសេចក្តីសម្រេចចិត្តថាតើត្រូវ ឬមិនត្រូវ ចោទនិងបញ្ជូនបុគ្គល ទាំងឡាយនោះទៅជំនុំជម្រះ។
លោក ប្លាំង និង លោក ប៊ុនឡេង មិនបានធ្វើអ្វីទេចំពោះព័ត៌មាននេះ ផ្ទុយទៅវិញនៅថ្ងៃទី៧ ខែមិថុនាពួកគេបានច្រានចោលសំណើររបស់ លោក ខេលី។ ពួកគេបានទាមទារឲ្យ លោក ខេលី ដកការស្នើសុំរបស់គាត់ចេញវិញ ហើយក្នុងជំហានដ៏ចម្លែកអស្ចារ្យមួយនោះ ពួកគេបានស្នើសុំឲ្យ មានការដាក់រូបគាត់ក្នុងបទមិនស្មោះត្រង់នឹងតុលាការដោយការធ្វើការងារដែលគ្មានការអនុញ្ញាត ដោយពួកគេបានកំណត់ចេញនូវជំហានចាំបាច់នានាដើម្បីដឹកនាំការស៊ើបអង្កេតដ៏ស៊ីជម្រៅមួយ លើការដែលលោក ខេលី រំលោភការសម្ងាត់របស់តុលាការ។ ខេលីបានច្រានចោល។
ង្គការឃ្លាំមើលសិទិ្ធមនុស្សនិយាយថា ការប៉ុនប៉ងរបស់លោក ប្លាំង និង លោក ប៊ុនឡេង ដើម្បី តាមរកចាប់កំហុសព្រះរាជអាជ្ញា និងដើម្បីគំរាមកំហែងគាត់ជាមួយនឹងវិធានការខាងផ្លូវច្បាប់ បង្ហាញពីការរៀបចំដើម្បីរារាំងមិនឲ្យមានការស៊ើបអង្កេតសំណុំរឿង។
មន្រ្តីតុលាការដែលតែងតាំងដោយរដ្ឋាភិបាល បានធ្វើឲ្យឃើញយ៉ាងច្បាស់ទាំងជាសាធារណៈ និង ជាឯកជនថា សំណុំរឿង០០៣ និង០០៤ នឹងមិនត្រូវបានអនុញ្ញាតឲ្យបន្តធ្វើទេ។ នៅថ្ងៃទី១៧ ខែមីនា លោក ចាន់ ដារារស្មី សហព្រះរាជអាជ្ញារងជាតិកម្ពុជានៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជាបាននិយាយនៅក្នុងសន្និសីទមួយស្តីពីការចូលរួមរបស់ជនរងគ្រោះក្នុងអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាថា នឹងមិនមានការនាំខ្លួនមកកាត់ទោសបន្ថែមទៀតទេ។ គាត់ និយាយថា “នឹងមិនមានសំណុំរឿង ០០៣ និង០០៤ ទេ។”
នៅថ្ងៃទី៨ ខែសីហា លោក ប្លាំង និង លោក ប៊ុនឡេង បានប្រកាសជាសាធារណៈថាពួកគេមាន “ការសង្ស័យយ៉ាងខ្លាំង” ថាតើជនសង្ស័យក្នុងសំណុំរឿង០០៤ណាខ្លះ ដែលត្រូវបញ្ជូនឡើង សវនាការ ដោយពួកគេអះអាងថា គ្មានជនមួយណាដែលស្ថិតក្រោមយុត្តាធិការរបស់តុលាការ ជាជន “ដែលមានការទទួលខុសត្រូវខ្ពស់បំផុត” នោះទេ។ មូលដ្ឋានសម្រាប់ការសង្ស័យទាំងនេះ មិនច្បាស់លាស់ទេ ដោយហេតុថាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសាលក្រម ប្រឆាំងនឹងឌុច ដែលមិនមែនជាមន្រ្តីជាន់ខ្ពស់របស់ខ្មែរក្រហម បានបង្ហាញថាជនទាំងឡាយដែល “ទទួលខុសត្រូវខ្ពស់បំផុត” មានរាប់បញ្ចូលជនឋានៈទាបទាំងឡាយដែលពាក់ព័ន្ធនឹងអំពើដ៏មហា សាហាវយង់ឃ្នងបំផុតទាំងនេះផងដែរ។ ដីការដំណោះស្រាយចុងក្រោយ ដែលច្រានចោលសំណុំ រឿង០០៣ ត្រូវបានគេរំពឹងគិតថានឹងចេញនៅពេលឆាប់ៗនេះដោយឈរលើមូលដ្ឋានតែមួយ។ ប៉ុន្តែតាមសេចក្តីសង្ខេបរបស់សំណុំរឿងដែលបង្ហាញខាងក្រោម ភស្តុតាងដែលអាចមានប្រឆាំង នឹងជនសង្ស័យទាំងអស់មានក្នុងសំណុំរឿង០០៣ និង ០០៤ ចង្អុលពីការពាក់ព័ន្ធក្នុងអំពើប្រល័យ ពូជសាសន៍ បទឧក្រិដ្ឋសង្រ្គាម និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលពាក់ព័ន្ធនឹងការស្លាប់ មនុស្សដែលមានចំនួនយ៉ាងច្រើនបំផុត។
ទោះបីជា លោក ខេលី អាចប្តឹងឧទ្ធរណ៍ទៅអង្គបុរេជំនុំជម្រះក៏ដោយ ប្រសិនបើសហចៅក្រម ស៊ើបអង្កេតចេញដីការដំណោះស្រាយសម្រាប់សំណុំរឿងមួយណានោះ វាមុខជានឹងត្រូវគេទាត់ចោលមិនចាត់ការសំណុំរឿងនោះឡើយ យោលទៅលើចរិតនយោបាយនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា។ ចំពោះការប្តឹងឧទ្ធរណ៍នេះ វិធានស្តីពីមតិភាគច្រើនលើសលុបមិនអាចអនុវត្ត បានទេ មានន័យថាសេចក្តីសម្រេចរបស់ចៅក្រមកម្ពុជា ដែលមានមតិបីទល់នឹងពីរក្នុងអង្គ ជំនុំជម្រះ នឹងនៅតែមិនដំណើរការទៅមុខបានដដែល។ ចាប់តាំងពីអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជាបានបង្កើតឡើង ចៅក្រមកម្ពុជានៅក្នុងអង្គបុរេជំនុំជម្រះដែលមានសមាជិកចំនួន ប្រាំរូប តែងតែធ្វើតាមបញ្ជារបស់រដ្ឋាភិបាលគ្រប់ពេលវេលា។
ការប្រព្រឹត្តមិនត្រឹមត្រូវទៅលើភាគីដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះ
អង្គការឃ្លាំមើសិទិ្ធមនុស្សមានកង្វល់ផងដែរ អំពីការប្រព្រឹត្តប្រមាថធ្ងន់ៗរបស់សហចៅក្រមស៊ើប អង្កេតលើភាគីដើមបណ្តឹងរដ្ឋប្បវេណី។ ច្បាប់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានផ្តល់មូលដ្ឋានគ្រឹះថ្មីមួយដោយអនុញ្ញាតឲ្យជនរងគ្រោះនៃបទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមនិងគ្រួសារ របស់ពួកគេចូលរួមនៅក្នុងរឿងក្តី ដើម្បីបង្ហាញភស្តុតាង, ស្នើសុំការស៊ើបអង្កេត និងស្វែងរក សំណង។ ប៉ុន្តែក្នុងកិច្ចប្រឹងប្រែងឥតលាក់លៀមមួយ ដើម្បីបិទនិងច្រានចោលសំណុំរឿងដោយ ការមិនរាប់បញ្ចូលនូវភស្តុតាងដែលបានដាក់តាមរយៈការចូលរួមរបស់ជនរងគ្រោះ សហចៅក្រម ស៊ើបអង្កេតបានច្រានចោលពាក្យសុំរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី ដោយសំអាងលើមូលដ្ឋាន ដែលស្រាលៗមិនគួរឲ្យជឿ ដែលផ្ទុយទៅនឹងច្បាប់កម្ពុជា និងយុត្តិសាស្រ្តអន្តរជាតិ រួមទាំង ច្បាប់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាខ្លួនឯងក្នុងសំណុំរឿង០០១ និង ០០២។
ចាប់ផ្តើមពីអ្វីៗគ្រប់យ៉ាងដែលអង្គការឃ្លាំមើលសិទិ្ធមនុស្សបានស្រាវជ្រាវរកឃើញ មិនមានពាក្យសុំណាមួយក្នុងចំណោមពាក្យសុំរាប់រយរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង០០៣ និង ០០៤ ត្រូវបានសហចៅក្រមស៊ើបអង្កេតទាំងនេះទទួលយកនោះទេ ពួកគេបានច្រានចោលជា ស្ថាពរនូវសិទិ្ធចូលរួមរបស់ជនរងគ្រោះ និងរាំងស្ទះការស៊ើបអង្កេត។ ចៅក្រមបានច្រានចោល ញ្ញត្តិ សុំចូលរួមជាជនរងគ្រោះពីមនុស្សយ៉ាងហោចណាស់បីនាក់ដែរ។ មួយនាក់នោះគឺជាស្រ្តីកម្ពុជា ដែលប្តីរបស់នាងត្រូវបានបង្ខិតបង្ខំឲ្យធ្វើការងារជាទម្ងន់ ហើយត្រូវបានខ្មែរក្រហមសម្លាប់គាត់នា ពេលក្រោយមក។ ចៅក្រមនិយាយថា ព្យសនកម្មខាងផ្លូវចិត្តដែលនាងបានអះអាងនោះគឺ “មិនទំនងដូចជាពិតទាល់តែសោះ។” ពួកគេបានកំណត់លក្ខខ័ណ្ឌតម្រូវអំពី ព្យសនកម្ម “ដោយផ្ទាល់” ក្នុងន័យចង្អៀតហួសហេតុពេក ដែលនាំឲ្យមានការផាត់ចេញមនុស្សគ្រប់រូប លើកលែងតែអ្នករងគ្រោះផ្ទាល់ ដែលមានន័យថាមិនមានសមាជិកគ្រួសារដែលនៅរស់រានមាន ជីវិតណាមួយរបស់ជនរងគ្រោះ អាចដាក់ពាក្យប្តឹងបានឡើយ។
អង្គការសហប្រជាជាតិខកខានឆ្លើយតប
អង្គការឃ្លាំមើលសិទិ្ធមនុស្សនិយាយថា ខណៈពេលដែលអង្គការសហប្រជាជាតិ បញ្ជូនក្រុមស្វែងរកការពិតចំនួនពីរក្រុមមករាជធានីភ្នំពេញ វាជាសកម្មភាពអត់មានន័យអ្វីទាល់តែសោះ ក្នុងការឆ្លើយតបនឹងការខកខានរបស់សហចៅក្រមស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និង០០៤។ វាគឺជាការ គួររំខានខ្លាំងណាស់ក្នុងការខកខានទាំងនេះ ព្រោះថា ការពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិនៅ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គឺក្នុងគោលបំណងសម្រាប់មូលដ្ឋាននៃភាពជោគជ័យ របស់សាលាក្តីនេះ ក្នុងការកាត់ទោសបទឧក្រិដ្ឋកម្មសម្លាប់រង្គាលអំឡុងការគ្រប់គ្រងរបស់របប ខ្មែរក្រហម។ ក្នុងឆ្នាំ២០០២ អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក អាណាន់ និងលោក ហានស៍ កូរ៉ែល ដែលជាប្រធានការិយាល័យទទួលបន្ទុកកិច្ចការច្បាប់នាពេលនោះ បានដកថយពីការចរចារជាមួយប្រទេសកម្ពុជា ដើម្បីបង្កើតសាលាក្តីខ្មែរក្រហម ដោយបារម្ភអំពី កង្វះខាតឯករាជ្យភាពរបស់តុលាការ សមត្ថភាព និងអំពើពុករលួយ។ មន្រ្តីអង្គការសហប្រជាជាតិ បានទទូចសុំឲ្យមានព្រះរាជអាជ្ញាអន្តរជាតិដែលឯករាជ្យមួយរូប ជំនួសឲ្យសហព្រះរាជអាជ្ញា និងឲ្យ មានចៅក្រមអន្តរជាតិភាគច្រើន ដើម្បីញែកតុលាការឲ្យដាច់ពីការជ្រៀតជ្រែកពីរដ្ឋាភិបាលកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ មហាសន្និបាតរបស់អង្គការសហប្រជាជាតិ តាមការបង្គាប់របស់ប្រទេសជប៉ុន អូស្រ្តាលី បារាំង និងសហរដ្ឋអាមេរិក បន្ទាប់មកបានអនុម័តសេចក្តីសម្រេចចិត្តមួយ អំពាវឲ្យលោកអគ្គលេខាធិការបញ្ចប់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជា។ ប្រការនេះហើយ ដែលនាំឲ្យទម្រង់បច្ចុប្បន្នរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មានសហព្រះរាជអាជ្ញា ចៅក្រមកម្ពុជាភាគច្រើន និងរូបមន្តមតិភាគច្រើនលើសលុប ដើម្បីដោះស្រាយជម្លោះខាងផ្លូវច្បាប់ មួយចំនួន។ លោក អាណាន់ បានធ្វើតាម ប៉ុន្តែលោកបានចេញផងដែរនូវហេតុផលខ្លាំងៗអំពីរចនាសម្ព័នរបស់តុលាការ និងតួនាទីរបស់ប្រទេសម្ចាស់ជំនួយក្នុងការធ្វើឲ្យខូចដល់បទដ្ឋានអន្តរជាតិ។ នៅក្នុងរបាយការណ៍ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ដាក់ជូនទៅមហាសន្និបាត លោក អាណាន់ បានថ្លែងថា៖
ខ្ញុំមិនអាចទេ ប៉ុន្តែខ្ញុំសូមរំឭកអំពីរបាយការណ៍របស់តំណាងពិសេសទទួលបន្ទុកសិទិ្ធមនុស្សរបស់ខ្ញុំក្នុងប្រទេសកម្ពុជា ដែលតែងតែរកឃើញរាល់ពេលថា តុលាការកម្ពុជាមាន ការគោរពតិចតួចចំពោះសិទិ្ធជាមូលដ្ឋានបំផុតក្នុងការទទួលបានការកាត់សេចក្តីដោយ យុត្តិធម៌។ ខ្ញុំនៅតែមានកង្វល់ជានិច្ចថា បញ្ញាត្តិនានានៃសេចក្តីព្រាងកិច្ចព្រមព្រៀងដ៏ សំខាន់ទាំងនេះ នឹងមិនត្រូវបានអង្គជំនុំជម្រះវិសាមញ្ញ គោរពយ៉ាងពេញលេញនោះទេ ហើយខ្ញុំមានកង្វល់ថា បទដ្ឋានយុត្តិធម៌អន្តរជាតិដែលបានបង្កើតឡើង ភាពត្រឹមត្រូវ និងដំណើរការត្រឹមត្រូវ អាចនឹងមិនត្រូវបានគេធានានោះទេ។ បន្ថែមលើសនេះទៀត តាមទស្សនយល់ឃើញច្បាស់លាស់របស់មហាសន្និបាត... គឺថាមានបញ្ហាបន្តទាក់ទងទៅនឹងនីតិរដ្ឋ និងកិច្ចដំណើការនៃប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា ដែលរងការជ្រៀតជ្រែក ពីរអង្គនីតិប្រតិបត្តិក្នុងឯករាជ្យភាពរបស់តុលាការ ខ្ញុំពេញចិត្តច្រើនជាង ក្នុងការមានសេចក្តីព្រាងកិច្ចព្រមព្រៀងមួយ ដែលផ្តល់ឲ្យអង្គជំនុំជម្រះវិសាមញ្ញមានចៅក្រមអន្តរជាតិភាគច្រើន។
ការចូលរួមនិងការត្រួតត្រារបស់អង្គការសហប្រជាជាតិ ត្រូវបានគេមើលឃើញថាមានសារសំខាន់ ណាស់ក្នុងការធ្វើឲ្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជាសាលាក្តីមួយដែលយុត្តិធម៌ និង មានសមត្ថភាព ពីព្រោះតែលទ្ឋភាពរបស់អង្គការសហប្រជាតិក្នុងការនាំយកវិជ្ជាជីវៈ និងភាពឯករាជ្យ ចូលមកក្នុងកិច្ចដំណើរការកាត់សេចក្តី។ ការសន្មត់នេះ ឥឡូវនេះស្ថិតក្នុងបញ្ហាហើយ។
ដោយទទួលស្គាល់ការលំបាកដែលសាលាក្តីនឹងជួបប្រទះក្នុងការធានានូវយុត្តិធម៌ដ៏ត្រឹមត្រូវ លោក អាណាន់ នៅក្នុងរបាយការណ៍របស់លោក ឆ្នាំ ២០០៣ បានបញ្ចេញយោបល់ថា អង្គការ សហប្រជាជាតិ ថ្ងៃណាមួយអាចនឹងដកខ្លួនចេញពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ៖
ការងាកចេញដោយមិនសមស្របណាមួយរបស់រដ្ឋាភិបាល ពីកាតព្វកិច្ចដែលបានសន្យា អាចនាំឲ្យអង្គការសហប្រជាជាតិ ដកកិច្ចសហប្រតិបត្តិការនិងជំនួយរបស់ខ្លួន ចេញពីកិច្ចដំណើរការក្តី។
អង្គការឃ្លាំមើលសិទិ្ធមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលដទៃទៀតបាននិយាយថា មិនដូចគ្នានឹងអគ្គលេខាធិកាមុនៗនោះទេ អគ្គលេខាធិការបច្ចុប្បន្ន លោក បាន គីមូន និងការិយាល័យទទួល បន្ទុកផ្នែកច្បាប់ បានបង្ហាញសេចក្តីយល់ព្រមបន្តិចបន្ទួចប៉ុណ្ណោះ ក្នុងការធានាឲ្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបំពេញការទទួលខុសត្រូវរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ និងច្បាប់កម្ពុជា។ មន្រ្តីអង្គការសហប្រជាជាតិ មិនបានស្ម័គ្រចិត្តទទួលយកការស៊ើបអង្កេតហ្មត់ចត់ ដើម្បីធានាឲ្យ លោក ប្លាំង មានការប្រព្រឹត្តក្នុងនាមជាចៅក្រមត្រឹមត្រូវ ដែលតែងតាំងដោយអង្គការសហប្រជាជាតិនោះទេ ទោះជាមានរឿងរ៉ាវលើកឡើងម្តងហើយម្តងទៀត ដោយមន្រ្តីនៃអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជាក៏ដោយ។
ជំនួសឲ្យការចាត់វិធានការ ដើម្បីការពារអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងទី១៤ ខែមិថុនា លោកអគ្គលេខាធិការ បានចេញសេចក្តីថ្លែងការណ៍មួយអះអាងថា អង្គការសហប្រជាជាតិ មិនមានការទទួលខុសត្រូវដោះស្រាយរឿងអាស្រូវ ដែលហ៊ុំព័ទ្ធជុំវិញអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានោះទេ ហើយបានធ្វើការអះអាងថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជា “ដំណើរការតុលាការមួយដែលឯករាជ្យ។” សេចក្តីថ្លែងការនោះនិយាយថា ៖
សេចក្តីប្រកាសដែលធ្វើឡើងដោយសហចៅក្រមស៊ើបអង្កេត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១១ ដែលថាពួកគេបានសម្រេចបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនក្នុងសំណុំរឿង០០៣នោះ គឺជាជំហាននីតិវិធីបណ្តោះអាសន្នមួយ។ រឿងរ៉ាវដែលទាក់ទងទៅនឹងសេចក្តីសម្រេចនោះ នឹងមិនមែនជាកម្មវត្ថុសម្រាប់ពិចារណាបន្តទៅមុខដោយសហចៅក្រមស៊ើបអង្កេត សហព្រះរាជអាជ្ញា និងអង្គបុរេជំនុំជម្រះនោះទេ។ នីតិវិធីណាមួយដែល អាចផ្តើមចេញដោយសហចៅក្រមស៊ើបអង្កេត នឹងស្ថិតនៅក្រោមកិច្ចដំណើរការឯករាជ្យរបស់តុលាការ។
អង្គការឃ្លាំមើលសិទិ្ធមនុស្សនិយាយថា សេចក្តីថ្លែងរបស់អគ្គេលខាធិការ មិនបានអើពើនឹងការជ្រៀតជ្រែកដោយឥតលាក់លាម និងដ៏យូរលង់របស់រដ្ឋាភិបាលកម្ពុជា ទៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានោះទេ ហើយក៏មិនអើពើទៅនឹងការស្រុះស្រួលរបស់សហចៅក្រមស៊ើបអង្កេតនៅក្នុងការជ្រៀតជ្រែកនោះដែរ។
សេចក្តីសង្ខេបសំណុំរឿង០០៣ និង០០៤
ព័ត៌មាននៅក្នុងផ្នែកនេះ ជាបឋមជាឯកសារក្នុងសំណុំរឿង០០៣និង០០៤ ដែលឥឡូវនេះមានជាសាធារណៈ ដោយមានឯកសារបន្ថែមពីរប្រភពសាធារណៈនិងឯកជនដទៃៗទៀត រួមទាំងការស្រាវជ្រាវរបស់អង្គការឃ្លាំមើលសិទិ្ធមនុស្សផងដែរ។ ការចោទប្រកាន់ នៅក្នុងសេចក្តីសង្ខេបទាំងនេះ ធ្វើឲ្យកាន់តែច្បាស់ថា ជនសង្ស័យនៅក្នុងសំណុំរឿងទាំងនេះស្ថិតក្នុងប្រភេទជន “ដែលទទួលខុសត្រូវខ្ពស់បំផុត” តាមច្បាប់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
លោក ស៊ូម៉េត ហៅថា ស៊ូ សាម៉េត ជាជនសង្ស័យក្នុងសំណុំរឿង០០៣
ព្រះរាជអាជ្ញាអន្តរជាតិ បានចោទលោក ស៊ូម៉េត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋ កម្មកម្មសង្រ្គាម។
លោកម៉េត កូនប្រុសរបស់មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលបានស្លាប់នៅចុងទស្សវត្សរ៍១៩៦០ គឺជាទាហានជើងចាស់បម្រើចលនាដ៏យូរលង់ម្នាក់។ ក្នុងអំឡុងសង្រ្គាមឆ្នាំ១៩៧០-១៩៧៥ រវាងខ្មែរក្រហម និងសាធារណរដ្ឋខ្មែរ លោកម៉េតធ្លាប់ជាសមមិត្តដឹកនាំកងពលធំលេខ១ ភូមិភាគនិរតី ដែលវាយប្រយុទ្ធនៅក្នុងតំបន់នានាក្នុងខែត្រ កំពង់ឆ្នាំង និង កំពង់ស្ពឺ។ កងពលតូច ឬអង្គភាព នានាដែលចំណុះឲ្យកងពលធំនេះ មានជាប់ពាក់ព័ន្ធក្នុងការវាយរឹបអូសយកទីក្រុងភ្នំពេញ និង ទីរួមខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ រួមដោយការបណ្តេញអ្នកស្រុកក្នុងក្រុង និងទីប្រជុំជនចេញដោយបង្ខំទៅកាន់តំបន់ជនបទ និងបានកាប់សម្លាប់ដ៏រង្គាលក្រៅប្រព័ន្ធ តុលាការនូវនាយទាហាននិងមន្រ្តីរបស់របបសាធារណរដ្ឋខ្មែរដែលចុះចាញ់។
បន្ទាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ម៉េត បានក្លាយជាលេខារបស់កងពលមជ្ឈឹមរបស់ខ្មែរក្រហមមួយ (កម្លាំងស្រួច) លេខ៥០២ ដែលមានការច្របាច់បញ្ចូលទ័ពអាកាសដែលទើបបង្កើតថ្មីនិងកងឯកទេសពាក់ព័ន្ធនានា។ កងពលមជ្ឈឹមនេះមានទីបញ្ជាការនៅពោធិចិតុង ព្រលានយន្តហោះទីក្រុងភ្នំពេញ។ គាត់បានក្លាយជាអ្នកជំនួយការឲ្យគណៈកម្មាធិការមជ្ឈឹម។ កងពលលេខ ៥០២ មានតួនាទីរាយការណ៍ទៅឲ្យអគ្គសេនាធិការខ្មែរក្រហម និងគណកម្មាធិការយោធា ដែលដឹកនាំដោយសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ សមមិត្ត សុន សេន និង លេខាបក្សសមមិត្ត ប៉ុលពត (ទាំងពីរនាក់បានស្លាប់ហើយ)។ កងពលធំនេះ មានកងវរសេនាធំចម្រុះ និងអង្គភាពក្រោមបង្គាប់ដទៃទៀត ដែលសារុបមានយុទ្ធជនពី ៥,០០០ ទៅ៦,០០០ នាក់ ដែលកងទ័ពយុវជនត្រូវបានគេដាក់រាយគ្រប់ពេលនៅទូទាំងប្រទេស រួមទាំងទិសពាយ័ព្យ ទិសឧត្តរ បស្ចឹម និរតី បូព៌ា និងទិសឦសាន។ ម៉េត ទទួលបានការហ្វឹកហ្វឺននយោបាយនៅកម្រិតគណកម្មាធិការមជ្ឈឹម។
ម៉េត បានចូលរួមសកម្មភាពអង្គមិទិញជាញឹកញាប់ ក្រោមការឧត្ថម្ភរបស់អគ្គសេនាធិការ ជាមួយ លេខាធិការកងពលធំមជ្ឈឹមដទៃទៀត ហើយនិងកងឯកភាពទ័ពមជ្ឈឹម ជាកន្លែងដែលពួកគេបាន រាយការណ៍អំពីសកម្មភាពរបស់កងឯកភាពរបស់ពួកគេ បានទទួលការណែនាំរបស់បក្ស និងបានអនុម័តគោលនយោបាយបក្ស។ កិច្ចប្រជុំទាំងនេះ ជាប់ពាក់ព័ន្ធជាមួយនឹងគោលនយោបាយនិងការអនុវត្តរបស់ខ្មែរក្រហម ទាក់ទងនឹងការលុបបំបាត់ចោលខ្មាំងផ្ទៃក្នុងនិងខ្មាំងពីក្រៅ តាមការអះអាងរបស់ខ្មែរក្រហម ដែលមានលក្ខណៈជា “ការងារការពារជាតិ” និងរាប់បញ្ចូលទាំងការប្រហារជីវិតខ្មាំងផ្ទៃក្នុង និងការវាយប្រហារឆ្លងកាត់ព្រំដែនលើភូមិនានាក្នុងប្រទេសវៀតណាម។
លោក ម៉េត នៅតែទទួលបន្ទុកការងាររបស់កងពលធំលេខ ៥០២ រហូតដល់ចុងឆ្នាំ១៩៧៨ ជាពេលដែលគាត់ត្រូវបានតម្លើងឋាន្តរសក្កិ និងទទួលបានករណីកិច្ចបន្ថែម។ គាត់បានក្លាយជាសមាជិកមួយរូបនៃអគ្គសេនាធិការ ដែលតាមការរាយការណ៍មកថា ក្លាយជាអនុប្រធានរបស់មេរបស់គាត់ឈ្មោះ សុន សេន ដែលគេជឿថាគាត់ត្រូវបានគេតម្លើងបុណ្យសក្តិពេញសិទិ្ធជាសមាជិកគណៈកម្មាធិការមជ្ឈឹម និងត្រូវបានគេប្រគល់ការទទួលខុសត្រូវផ្នែកខ្លះលើបញ្ជាការសមរភូមិសំខាន់មួយស្ថិតនៅព្រំដែនកម្ពុជានិងវៀតណាម។
មិនខុសនឹងកងឯកភាពយោធាដទៃទៀត នៅគ្រប់កម្រិតទាំងអស់ទូទាំងប្រទេស កងពល ៥០២ មានការទទួលខុសត្រូវចំពោះសន្តិសុខជុំវិញបរិវេណដែលជាកន្លែងដែលពួកគេដាក់ពង្រាយ និងបានដឹកនាំចាប់ខ្លួនប្រជាជនសាមញ្ញដែលគេសង្ស័យ ដូចជានៅក្នុងបរិវេណព្រលានយន្តហោះពោធិចិនតុង ហើយឃុំអ្នកទាំងនោះទុកសួរចម្លើយនិងប្រហាជីវិតពួកគេ ឬក៏បញ្ជូនពួកគេប្រគល់ឲ្យទៅមណ្ឌលសួរចម្លើយ ស-២១ ដើម្បីចាត់ចែង។ កងពលនេះមានការទទួលខុសត្រូវបឋមក្នុងការកំណត់ “ខ្មាំង” ដែលគេបានចោទប្រកាន់ តាមការទទួលខុសត្រូវរបស់កងពលនេះ ដោយបញ្ជូនខ្មាំងទៅមន្ទីរសន្តិសុខ ស-២២ របស់កងពលនេះប្រចាំពោធិចិនតុង-ភ្នំពេញ ដែលជាកន្លែងសួរ ចម្លើយមួយទៀត ឬបញ្ចូនទៅ ស-២១ ។ ជាកងឯកភាពយោធាមជ្ឈឹម កងពលធំលេខ ៥០២ បានសហការយ៉ាងជិតស្និតជាមួយ ស-២១ ក្នុងការចាប់ខ្លួនមិត្តសមាជិកកងពល និងយុទ្ធជនដែល ស-២១ បានកំណត់សម្គាល់ថាជា “ខ្មាំង” ។ ការចាប់ខ្លួនបែបនេះ បានចាប់ផ្តើមក្នុងឆ្នាំ១៩៧៥ ហើយបន្តរហូតដល់ឆ្នាំ១៩៧៨ ដែលមានការពាក់ព័ន្ធជាមួយលោក ម៉េត ក្នុងអំពើទារុណកម្ម និង ការកាប់សម្លាប់យ៉ាងរង្គាលដែលប្រព្រឹត្តនៅឯ ស-២១។
ចាប់ផ្តើមយ៉ាងហោចណាស់ពីឆ្នាំ១៩៧៦ កងពលធំ៥០២ ទទួលបន្ទុកមើលការខុសត្រូវលើទីតាំងការងារបង្ខិតបង្ខំ ក្នុងខេត្តកំពង់ឆ្នាំង សម្រាប់ការស្ថាបនាព្រលានយន្តហោះគាំទ្រយោធាប្រកប ដោយយុទ្ធសាស្រ្តមួយ ដែលត្រូវបានគេប្រើជាទីតាំងអប់រំកែប្រែ សម្រាប់ឃុំខ្លួន និងដាក់ទណ្ឌកម្ម យោធានិងប្រជាជនដទៃទៀតដែលគេជម្រះចេញពីកងឯកភាពរបស់ពួកគេ តាមការចោទប្រកាន់ ថា “សមាសភាពមិនល្អ” ឬម្យ៉ាងទៀតត្រូវបានគេសន្មត់ជានយោបាយថាជាបញ្ហា ។ មនុស្សមួយ ចំនួនធំត្រូវបានគេបញ្ជូនទៅការដ្ឋានកំពង់ឆ្នាំង ក្នុងឆ្នាំ១៩៧៨ ពាក់ព័ន្ឋនឹងការបោសសំអាតដ៏ធំ មួយរបស់ខ្មែរក្រហម និងរបស់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងភូមិភាគបូព៌ា។ ខណៈពេល ដែលប្រជាជនមួយចំនួនដែលគេបញ្ជូនតាមអំពើចិត្ត ឲ្យទៅទទួលរងនូវការងារនិងទណ្ឌកម្មធ្ងន់ធ្ងរ ក្រោមលក្ខខណ្ឌដ៏មហាអមនុស្សធម៌ វាមានការចាត់ថាពួកគេបានទទួលការកែប្រែបានគ្រប់គ្រាន់ ហើយ និងអាចបញ្ជូនត្រឡប់ទៅកាន់អង្គភាពរបស់ពួកគេវិញ តែប្រជាជនជាច្រើននាក់ផ្សេងទៀត បានស្លាប់ ដោយសារស្ថានភាពដែលពួកគេបានជួបប្រទះ ដោយកងពលធំ៥០២ ប្រហារជីវិត ពួកគេនៅតាមតំបន់ ឬការប្រហាជីវិតតាមបញ្ជារបស់កងពលធំ៥០២ នៅមន្ទីរសន្តិសុខជនស៊ីវិល ដែលនៅក្បែរៗនោះ ចំពោះបទល្មើសផ្សេងៗដែលគេបានសន្មត់ ឬក៏បញ្ជូនទៅ ស-២១ តាមការ ផ្តួចផ្តើមរបស់កងពលធំ ឬតាមការស្នើសុំរបស់ស-២១។ ការប្រហារជីវិតនៅតាមតំបន់បានធ្វើខ្លាំង ឡើងៗនៅរវាងចុងឆ្នាំ១៩៧៨ ដើមឆ្នាំ១៩៧៩ ។
ចុងក្រោយមក នៅចុងឆ្នាំ១៩៧៨ លោក ម៉េត ដែលទើបតម្លើងឋាន្តរសក្តិថ្មីៗ ត្រូវបានបញ្ជូនទៅសមរភូមិមុខរបស់ភូមិភាគ៥០៥ នៅព្រំដែនជាប់នឹងប្រទេសវៀតណាម ដែលនៅទីនោះគាត់ត្រូវ បានគេចោទថាបានជាប់ពាក់ព័ន្ធនឹងរលកថ្មីមួយនៃការបោសសំអាត ដែលធ្វើឲ្យប៉ះពាល់ដល់ យោធាមជ្ឈឹម និងកម្មាភិបាលរដ្ឋបាលមូលដ្ឋាននៅក្នុងតំបន់ ដែលពួកគេមួយចំនួនត្រូវបានបញ្ជូន ទៅកាន់ ស-២១ ពីបទចោទប្រកាន់ថាបានអនុញ្ញាតឲ្យមានការចូលក្នុងដែនដីប្រទេសកម្ពុជារបស់ វៀតណាម។
មាស មុត ហៅថា អាចារ្យ នេន ជាជនសង្ស័យក្នុងសំណុំរឿង ០០៣
សហព្រះរាជអាជ្ញអន្តរជាតិ បានចោទប្រកាន់ មាស មុត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទឧក្រិដ្ឋកម្មសង្រ្គាម។
មុត ជាប់ពាក់ព័ន្ធក្នុងចលនាកុមុយនីស្តកម្ពុជា យ៉ាងហោចណាស់ពីទស្សវត្សរ៍១៩៦០ ខណៈពេលដែលគាត់ជាផ្នែកមួយនៃបណ្តាញបដិវត្តរបស់ព្រះសង្ឃតាមបណ្តាវត្តនានានៅទីក្រុងភ្នំពេញ។ ភាគច្រើននៃពួកគេមានប្រភពពីភូមិនភាគនិរតី និងភ្ជាប់ជាមួយខ្មោចលោក ឈិត ជឿន ដែលគេស្គាល់ឈ្មោះថា តា ម៉ុក។ ម៉ុកបានក្លាយជាលេខាភូមិភាគនិរតីនៅចុងទស្សវត្សរ៍ ១៩៦០។ គាត់ជាសមាជិកអង្គការដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហម សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងបានក្លាយជាលេខារងរបស់គណៈកម្មាធិការមជ្ឈឹមបក្សរបស់ខ្មែរក្រហម ដែលមានលំដាប់ថ្នាក់ទីបីនៅក្នុងបក្ស។
បន្ទាប់ពីសង្គ្រាមស៊ីវិលរវាងខ្មែរក្រហមនិងសាធារណៈរដ្ឋខ្មែរ ចាប់ផ្តើមក្នុងឆ្នាំ១៩៧០ មុត បានក្លាយជាលេខារងនៃភូមិភាគនិរតី ដែលរាប់បញ្ចូលខេត្តតាកែវ ដែលជាខេត្តលំនៅដ្ឋានរបស់ម៉ុក ផងដែរ។ នៅពេលនោះ មុត បានរៀបការជាមួយកូនស្រីរបស់ ម៉ុក ឈ្មោះខុម ដែលជា កម្មភិបាលបក្សក្នុងស្រុកត្រាំកក់ ជាទីកន្លែងកំណើតរបស់ ម៉ុក។ ក្នុងឆ្នាំ១៩៧៣ មុត ក្លាយជាលេខារបស់កងពលលេខ៣ ប្រចាំភូមិភាគនិរតី ដែលវាយកំចាត់កម្លាំងកងទ័ពសាធារណៈរដ្ឋខ្មែរក្នុងខេត្តតាកែវ ខេត្តកំពត និងកំពង់ស្ពឺ។ ពលទាហានមួយចំនួនរបស់កងពល បានចូលទីក្រុងភ្នំពេញ ចំណែកឯពលទាហានដទៃទៀតវាយឈ្ពោះទៅកាន់ទីក្រុងកំពុងផែកំពង់សោម។ កងពលធំលេខ ៣ ជាប់ពាក់ព័ន្ធក្នុងការបណ្តេញចេញអ្នកក្រុងភ្នំពេញនិងកំពង់សោម ទៅកាន់តំបន់ជនបទ និង ការកាប់សម្លាប់យ៉ាងរង្គាលក្រៅប្រព័ន្ធតុលាការលើនាយទាហាននិងមន្រ្តីសាធារណរដ្ឋខ្មែរ។
បន្ទាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ មុត បានក្លាយជាលេខារបស់កងពលធំមជ្ឈឹមលេខ១៦៤ ដោយច្របាច់បញ្ចូលកងទ័ពជើងទឹកដែលទើបបង្កើតថ្មី និងកងឯកទេសពាក់ព័ន្ធផ្សេងទៀត។ កងពលធំនេះបោះទីបញ្ជាការនៅកំពង់សោម ដែលមានមូលដ្ឋាននៅតាមកំពង់ផែមួយចំនួន តាមបណ្តោយ ឆ្នេរសមុទ្រ និងកោះក្នុងឈូងសមុទ្រសៀម។ មុត បញ្ជាការលើកងកម្លាំងលើសពី ៨,០០០ ទៅ ១០,០០០ នាក់។ គាត់បានក្លាយជាលេខាក្រុងកំពង់សោមផងដែរ ដែលបន្ទាប់ពីការបណ្តេញចេញដោយបង្ខំនូវអ្នករស់នៅក្នុងក្រុងពីមុនៗមក ក្រុងនេះមួយផ្នែកបានបំពេញមកវិញដោយកម្មករ ស៊ីវិលបីបួនពាន់នាក់ធ្វើការនៅកំពង់ផែ រួមទាំងកម្មករស៊ីវិលដទៃទៀតដែលធ្វើការក្នុងរោងចក្រនៅក្នុងក្រុង និងជុំវិញក្រុង។ តាមរបាយការណ៍មកថា មុត ចែករំលែកអំណាចជាមួយក្រសួងនានា លើការគ្រប់គ្រងប្រជាជនថ្មីនេះ ប៉ុន្តែមានការទទួលខុសត្រូវជាចម្បងលើសន្តិសុខកំពង់សោម។ គាត់ក៏ជាប់ចោទថាបានទទួលខុសត្រូវលើផ្នែកខ្លះនៃតំបន់៣៧ ដែលជាតំបន់ជិតខាងក្នុងភូមិភាគបស្ចិមក្រោយសង្រ្គាម ដែលក្នុងតំបន់នោះមានអ្នករស់នៅក្នុងក្រុងកំពង់សោមពីមុន ត្រូវបានគេបញ្ជូនចេញឲ្យទៅរស់នៅទីនោះជា “ប្រជាជនថ្មី” ក្រោមលក្ខខណ្ឌអមនុស្សធម៌ដ៏អាក្រក់បំផុតដូចគ្នានឹងកន្លែងដទៃទៀតក្នុងប្រទេសកម្ពុជា។ ដូចគ្នានឹង ស៊ូ ម៉េត ដែរ មុត ជាជំនួយការឲ្យគណៈកម្មធិការមជ្ឈឹម។
កងពលធំលេខ ១៦៤ បានរាយការណ៍ឲ្យអគ្គសេនាធិការ និងគណៈកម្មាធិការយោធា ដឹកនាំដោយសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ សុន សេន និងលេខាបក្ស ប៉ុល ពត រៀងៗខ្លួន។ មុត ទទួល រ៉ាប់រងការហ្វឹកហ្វឺននយោបាយនៅកម្រិតគណៈកម្មាធិការមជ្ឈឹម។គាត់ចូលរួមការប្រជុំជាញឹកញាប់ ក្រោមការឧបត្ថម្ភរបស់អគ្គសេនាធិការ ជាមួយនឹងកងពលធំមជ្ឈឹម និងលេខារបស់កងឯកភាព យោធាមជ្ឈឹមដទៃទៀត ដែលពួកគេទាំងនេះត្រូវរាយការណ៍អំពីសកម្មភាពរបស់កងឯកភាព ទទួលការណែនាំពីបក្ស និងអនុម័តគោលនយោបាយបក្ស។ ការប្រជុំទាំងនេះទាក់ទងយ៉ាងជាក់លាក់ទៅនឹងគោលនយោបាយ និងការអនុវត្តរបស់ខ្មែរក្រហមស្តីពីការលុបបំបាត់ចោលខ្មាំងផ្ទៃក្នុងនិងខ្មាំងពីខាងក្រៅ ដែលអះអាងដោយខ្មែរក្រហម ដែលមានលក្ខណៈជា “កិច្ចការការពារជាតិ។” រឿងនេះមានរាប់បញ្ចូលការប្រហារជីវិតខ្មាំងផ្ទៃក្នុង និងការវាយប្រហារលើភូមិនានា ក្នុងប្រទេសវៀតណាមផងដែរ។
មុត នៅតែទទួលបន្ទុកការងារកងពលធំលេខ១៦៤ រហូតចុងឆ្នាំ១៩៧៨ គឺជាពេលដែលគាត់ត្រូវ បានតម្លើងឋានន្តរសក្កិនិងប្រគល់ករណីយកិច្ចថ្មី។ គាត់បានក្លាយជាសមាជិករបស់អគ្គសេនាធិការ ដែលគេជឿថាត្រូវបានគេតម្លើងឲ្យទៅជាសមាជិកពេញសិទ្ធរបស់គណៈកម្មាធិការមជ្ឈឹម និងត្រូវបានគេប្រគល់អំណាចយោធានិងនយោបាយពេញលេញលើ “តំបន់៥០៥” នៃព្រំដែនកម្ពុជាជាមួយនឹងប្រទេសវៀតណាម និងបញ្ជាការលើកងឯកភាពមជ្ឈឹមដែលដាក់រាយនៅទីនោះ។
ដូចគ្នានឹងកងឯកភាពទ័ពខ្មែរក្រហមដទៃទៀត នៅគ្រប់កម្រិតទាំងអស់ទូទាំងប្រទេស កងពលធំលេខ១៦៤ មានការទទួលខុសត្រូវយ៉ាងហោចណាស់ចំពោះសន្តិសុខនៅជុំវិញបរិវេណដែលមាន ការដាក់ពង្រាយកងទ័ពក្នុងតំបន់កំពង់សោម។ កងពលធំនេះ បានចាប់កម្មករដែលគេចោទប្រកាន់ថាជា “ខ្មាំង” នៅក្នុងនិងនៅជុំវិញក្រុងកំពង់សោម និងតាមការចោទប្រកាន់ផងដែរថា បានចាប់ប្រជាជនសាមញ្ញដែលគេសង្ស័យ នៅក្នុងតំបន់ជិតៗតំបន់៣៧ ដោយបានឃុំឃាំងពួកគេដើម្បីសួរចម្លើយនិងប្រហារជីវិត ឬប្រគល់ពួកគេទៅឲ្យមន្ទីរសន្តិសុខមូលដ្ឋាន ដើម្បីចាត់ចែងបន្ត។ តាមសេចក្តីរាយការណ៍មកថា កងពលធំនេះទទួលខុសត្រូវផ្ទាល់លើសន្តិសុខ ពាក់ព័ន្ធនឹងប្រជាជនស៊ីវិលនៅកំពង់សោមក្នុងឆ្នាំ១៩៧៧ បន្ទាប់ពីការបោសសំអាតពួកខ្មែរក្រហម ដែលមិនមែនជារបស់កងពលធំ១៦៤ ដែល មុត បានជួយ។ កងពលធំនេះ មានការទទួលខុសត្រូវចម្បងផងដែរ ក្នុងការកំណត់មុខសញ្ញា “ខ្មាំង” ដែលគេបានចោទ តាមកម្រិតទទួលខុសត្រូវផ្ទាល់របស់កងពល ដោយការបញ្ជូនពួកគេ ទៅកាន់មន្ទីរសន្តិសុខផ្ទាល់របស់កងពលស្ថិតនៅវត្តអង្គតាញ្ញានក្នុងខេត្តកំពង់សោម ទៅមូលដ្ឋានអប់រំកែប្រែឲ្យធ្វើការងារបង្ខំនៅឯស្ទឹងហាវ ទៅតំបន់ដាក់ទណ្ឌកម្មដទៃៗទៀត ក្រោមអំណាចផ្ទាល់របស់កងពលធំ ឬបញ្ជូនទៅ ស-២១។
មុត ឬអ្នកក្រោមបង្គាប់ដែលនៅគៀកនឹងគាត់ តាមការចោទប្រកាន់មកថា បានបញ្ជាឲ្យមានការសម្លាប់នៅមូលដ្ឋានតែម្តង គឺសម្លាប់ទាំងបុគ្គលិកកងពលធំ និងប្រជាជនសាមញ្ញ ដោយមិន ទាក់ទងទៅសមត្ថកិច្ចមានអំណាចខ្ពស់ជាងនោះទេ។ លក្ខខណ្ឌការងារដ៏អមនុស្សធម៌ ដែល ប្រតិបត្តិនៅកន្លែងអប់រំកែប្រែនៅឯស្ទឹងហាវ បាននាំឲ្យមានការស្លាប់ដោយសារភាពអត់ឃ្លាន និង ជំងឺ ក្នុងចំណោមកម្មករទាំងឡាយ។ កងពលធំលេខ១៦៤ បានសហការយ៉ាងជិតស្និតជាមួយនឹង ស-២១ ក្នុងការចាប់ខ្លួនកម្មាភិបាលកងពល និងយុទ្ធជន ដែល ស-២១ កំណត់ថាជា “ខ្មាំង” ។ ការចាប់ខ្លួនបែបនេះបានចាប់ផ្តើមនៅដើមឆ្នាំ១៩៧៦ និងបន្តរហូតដល់ឆ្នាំ១៩៧៨។ ជនរងគ្រោះ ជាច្រើននាក់ពីការបោសសំអាតពីដំបូង ដែលគេបញ្ជូនទៅ ស-២១ គឺជាកម្មាភិបាល និងយុទ្ធជន កងពលធំ១៦៤ ដែលមានដើមកំណើតមកពីភូមិភាគបូព៌ា។ ចាប់ផ្តើមក្នុងឆ្នាំ១៩៧៦ កម្មាភិបាល របស់កងពល១៦៤ ត្រូវបានគេបញ្ជូនទៅកងឯកភាពមជ្ឈឹមដទៃៗទៀត ដើម្បីជួយធ្វើការបោស សំអាតខ្មាំង ឬដាក់ជំនួសកម្មាភិបាលដែលត្រូវបានគេបោសសំអាតរួច ។ មុត បានចូលរួមប្រជុំ នៅ អគ្គសេនាធិការ ដែលក្នុងកិច្ចប្រជុំនោះដំណើរការនៃការបោសសំអាតនៅក្នុងតំបន់ដទៃៗទៀតនៃ ប្រទេសកម្ពុជាត្រូវបានគេលើកមកពិភាក្សា ។
ជាអ្នកកាន់អំណាចយោធាខ្មែរក្រហមជាន់ខ្ពស់បំផុត ដែលពាក់ព័ន្ធក្នុងប្រតិបត្តិការក្នុងខេត្តជាប់មាត់សមុទ្រ បន្ទាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មុត ទទួលបន្ទុកផ្ទាល់លើពលសេនានៃកងពលធំ១៦៤ ដែលបានល្បាតលើផ្នែកដ៏ធំនៃឈូងសមុទ្រសៀម ជាកន្លែងដែលពួកគេពាក់ព័ន្ធនឹង ចរាចរណ៍នៃនាវាថៃ ឬវៀតណាម និងជាញឹញាប់បានវាយប្រហារទៅលើទូកនេសាទស៊ីវិលរបស់ ថៃនិងវៀតណាម និងទូកដែលដឹកជនស៊ីវិលវៀតណាមដែលព្យាយាមភៀសខ្លួនទៅក្រៅប្រទេស។ ជនស៊ីវិលថៃ និងវៀតណាមត្រូវបានសម្លាប់ក្នុងអំឡុងពេលវាយប្រហារទាំងនេះ។ បុគ្គលិកយោធានិងជនស៊ីវិលវៀតណាមដែលគេចាប់បាន ត្រូវបានគេបញ្ជូនទៅកាន់ ស-២១ ដើម្បីប្រហារជីវិត ជាពិសេសបន្ទាប់ពីខ្មែរក្រហមចាប់ផ្តើមវាយប្រហារប្រឆាំងនឹងវៀតណាម។ ជនជាតិថៃដែលគេចាប់បាន និងពួកបស្ចឹមប្រទេសមួយចំនួនតូច ដែលស្ទាក់ចាប់បានដោយកងពលធំលេខ១៦៤ ចេញពីឆ្នេរសមុទ្រ ត្រូវបានសម្លាប់ផងដែរនៅ ស-២១។
នៅចុងឆ្នាំ១៩៧៨ មុត បានប្រើប្រាស់អំណាចគណៈកម្មាធិការមជ្ឈឹម និងអគ្គសេនាធិការ ដឹកនាំ ការបោសសំអាតកម្មាភិបាលខ្មែរក្រហម និងប្រជាជនមូលដ្ឋាននៅទីនោះ ដែលអ្នករងគ្រោះមួយ ចំនួនត្រូវបានគេបញ្ជូនទៅកាន់ ស-២១ និងអ្នកដទៃទៀតត្រូវបានរាយការណ៍មកថាត្រូវបាន ប្រហារជីវិតនៅមូលដ្ឋានតែម្តង ស្របពេលនោះ មុត បានតែងតាំងក្រុមកម្មាភិបាលថ្មីអោយកាន់ តំណែងក្នុងតំបន់៥០៥ និងកងពលមជ្ឈឹមដែលដាក់ពង្រាយក្នុងតំបន់ប្រតិបត្តិការក្រោមបញ្ជាការ របស់គាត់។
ឱម អាន ហៅថា ថូ អាន ជាជនសង្ស័យក្នុងសំណុំរឿង ០០៤
សហព្រះរាជអាជ្ញាអន្តរជាតិ បានចោទប្រកាន់ឱម អាន ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងប្រល័យពូជសាសន៍។
អាន បានចូលរួមជាមួយខ្មែរក្រហម បន្ទាប់ពីបួសជាព្រះសង្ឃនៅក្នុងវត្តមួយ ក្រោមឥទ្ធិពលចលនានៅភូមិភាគនិរតីរបស់ខ្មែរក្រហម។ បន្ទាប់ពីជ័យជំនះរបស់ខ្មែរក្រហមនៅថ្ងៃ១៧ មេសា ១៩៧៥ អាន ត្រូវបានតែងតាំងជាលេខាស្រុកកណ្តាលស្ទឹងតំបន់២៥ របស់ភូមិភាគនិរតី ក្រោមអំណាច លេខាភូមិភាគ តាម៉ុក។ តំបន់២៥ គ្រប់គ្រងលើដែនដីនានានៅទិសទក្សិណ និងបូព៌ានៃទីក្រុង ភ្នំពេញ ជាតំបន់ដែលប្រជាពលរដ្ឋត្រូវបានគេបញ្ជូនចេញដោយបង្ខំ ទៅកាន់តំបន់នានា ដែល ត្រួតត្រាពីដំបូងដោយខ្មែរក្រហម បន្ទាប់ពីថ្ងៃ១៧ មេសា។
មួយភាគធំនៃប្រជាពលរដ្ឋក្រុងភ្នំពេញ ត្រូវបានគេបញ្ជូនចេញជា “ប្រជាជនថ្មី” ទៅកាន់ស្រុកកណ្តាលស្ទឹង និងបណ្តាស្រុកដទៃៗទៀតក្នុងតំបន់២៥ ដែលជាកន្លែងដែលមនុស្សជាច្រើននាក់ដែលគេចោទថាជានាយទាហាន ឬមន្រ្តីសាធារណរដ្ឋខ្មែរ ត្រូវបានគេសម្លាប់ភ្លាមៗនៅក្នុងមន្ទីរសន្តិសុខនានានៅមូលដ្ឋាន។ ប្រជាពលរដ្ឋដទៃទៀតត្រូវបានគេបង្ខំឲ្យធ្វើការ និងស្ថិតក្នុងស្ថានភាពការងារអមនុស្សធម៌ ដែលលទ្ធផលបន្តបន្ទាប់មកពួកគេបានស្លាប់ដោយភាពអត់ឃ្លាន និងជំងឺ។ ប្រជាជនថ្មីជាច្រើននាក់ និងអ្នកស្រុកដទៃទៀតនៅតំបន់២៥ នៅពេលនោះបានទទួលរងនៅរលកទីពីរនៃការបញ្ជូនចេញដោយបង្ខំនៅចុងឆ្នាំ ១៩៧៥ ជាពេលដែលមានការបញ្ជូនចេញនូវ ចំនួនដ៏ច្រើនយ៉ាងអមនុស្សធម៌ទៅកាន់ផ្នែកនានានៃប្រទេសកម្ពុជា ដែលប្រជាជនជាច្រើនបានស្លាប់នៅពេលធ្វើដំណើរ ឬនៅពេលទៅដល់។
នៅឆ្នាំ១៩៧៦ អាន ត្រូវបានគេបញ្ជូនទៅតំបន់៣៥ ជាកន្លែងដែលគាត់ក្លាយជាសមាជិកមួយរូប នៃគណៈកម្មាធិការភូមិភាគ។ ក្នុងតំណែងនេះ គាត់មើលការខុសត្រូវលើពលកម្មដោយបង្ខិតបង្ខំ រួមមានការសាងសង់ប្រព័ន្ធស្រោចស្រពទឹក និងការងារត្រួតត្រាផ្លូវទឹកផ្សេងៗទៀតនៅកម្រិតតំបន់ និងស្រុក កន្លែងដែលមានការបង្ខំឲ្យធ្វើការងារក្រោមលក្ខខណ្ឌការងារអមនុស្សធម៌ ដែលនាំឲ្យមានមនុស្សស្លាប់ជាច្រើនដោយការអត់ឃ្លាននិងជំងឺ។ គាត់ត្រូវបានគេជឿផងដែរថា បានចែករំលែកអំណាចជាមួយមន្រ្តីតំបន់៣៥ ដទៃទៀត លើមន្ទីរសន្តិសុខតំបន់ និងមន្ទីរសន្តិសុខស្រុកជាច្រើនរបស់តំបន់៣៥នេះ និងមណ្ឌលឃុំឃាំងកម្រិតទាបនានា មិនខុសគ្នានឹងមណ្ឌលដទៃៗទៀតក្នុងប្រទេសកម្ពុជានោះទេ។ គាត់ទទួលខុសត្រូវលើការកាប់សម្លាប់ក្រៅប្រព័ន្ធតុលាការមួយចំនួនដ៏ធំ រួមទាំងអំពើទារុណ្ឌកម្ម និងប្រព្រឹត្តកម្មដ៏អមនុស្សធម៌ដទៃទៀត លើប្រជាជនទាំងឡាយដែលទទួលរងនូវការឃុំឃាំងតាមអំពើចិត្ត ដោយចាត់ថាជា “ពួកក្បត់” “ខ្មាំង” ឬ “សមាសភាពមិនល្អ”។
ថ្វីបើភាគច្រើននៃជនទាំងឡាយដែលគេចោទប្រកាន់បែបនេះ នៅក្នុងតំបន់៣៥ ក្នុងអំឡុងពេលនោះ ត្រូវបានគេចោទថាមានជាប់ទាក់ទងនឹងនយោបាយ សង្គម ឬតាមរយៈចំណងគ្រួសារជាមួយពួកសាធារណរដ្ឋខ្មែរដែលបានចុះចាញ់ក៏ដោយ ក៏ចាប់ពីឆ្នាំ១៩៧៦បន្តបន្ទាប់មក ពួកគេក៏រាប់បញ្ចូលជនទាំងឡាយមកពីក្នុងជួរខ្មែរក្រហម ជួររដ្ឋបាលរបស់ខ្មែរក្រហម និងកងទ័ពខ្មែរក្រហមផងដែរ។ ពួកគេត្រូវបានគេចាប់ខ្លួនដោយមានអំណាចថ្នាក់ស្រុក តំបន់ ឬភូមិភាគ ដោយចោទថាមានជាប់ពាក់ព័ន្ធនឹងពួកសាធារណរដ្ឋខ្មែរ ជាប់ទាក់ទងជាមួយវៀតណាម ឬពីព្រោះតែ “និន្នាការក្បត់”ដោយគ្មានភស្តុតាងចង្អុលបង្ហាញដទៃៗទៀត។ ពួកគេក៏រាប់បញ្ចូលសមាជិកសហ គមន៍ចាមនៅមូលដ្ឋាន ជនជាតិភាគតិចឥស្លាមដែលគេដៅសម្រាប់ការបង្រ្កាប ជាពិសេសបន្ទាប់ពី ប្រជាជនចាមមានប្រតិកម្មចំពោះការធ្វើទុកបុកម្នេញ ជាមួយនឹងការកើតឡើងនូវការបះបោរ។
ពេលខ្លះនៅចន្លោះខែមីនា និងឧសភា ១៩៧៧ អាន ត្រូវបានគេផ្ទេរ និងតម្លើងឋានន្តរសក្តិ។ គាត់បានក្លាយជាលេខាតំបន់៤១ ដែលជាតំបន់ភូមិភាគឧត្តររបស់ខ្មែរក្រហមពីមុន និងត្រូវបានគេកំណត់ឡើងវិញជាតំបន់មជ្ឈឹម ដែលគាត់បានក្លាយជាលេខារងចំណុះឲ្យលោក កែ ពក ដែលជាសមាជិករបស់គណៈកម្មាធិការមជ្ឈឹមខ្មែរក្រហម។ ក្នុងនាមជាលេខារងប្រចាំតំបន់ អាន ត្រូវបានគេជឿថា បានចូលរួមជាមួយ ពក លេខាតំបន់ ទទួលបន្ទុកគណៈកម្មាធិការមជ្ឈឹម ដែលជាមេដឹកនាំខ្ពស់បំផុតទីពីររបស់ខ្មែរក្រហម ដែលមានអំណាចទូទាំងប្រទេស និងស្ថិតក្រោមតែគណៈកម្មាធិការអចិន្រ្តៃមួយប៉ណ្ណោះ។ គណៈកម្មាធិការនេះប្រជុំយ៉ាងហោចណាស់មួយលើក រៀងរាល់ប្រាំមួយខែម្តងនៅទីក្រុងភ្នំពេញ ដើម្បីរាយការណ៍ដល់គណៈកម្មាធិការអចិន្រ្តៃយ៍ និងទទួលការណែនាំរបស់គណៈកម្មាធិការ។
អាន បានមកនៅក្នុងតំបន់៤១ នៅពាក់កណ្តាលនៃការបោសសំអាតដ៏ធំក្នុងជួរខ្មែរក្រហមមូលដ្ឋាន និងការកញ្ជ្រោលឡើងមួយក្នុងការបោសសម្អាតទាំង “ប្រជាជនថ្មី” ដែលតាំងទីមកពីតំបន់អតីត សាធារណរដ្ឋខ្មែរ និង “ទាហានជើងចាស់” ។ ការបោសសម្អាតទាំងអស់ធ្វើតាមការណែនាំ ពីគណៈកម្មាធិការអចិន្រ្តៃយ៍ និងដឹកនាំដោយ ពក ចំណែកឯ អាន មានតួនាទីសំខាន់ ហើយសាក្សីជាច្រើនចោទប្រកាន់គាត់ថា គាត់ចេញការណែនាំផ្ទាល់ខ្លួនឲ្យមានការស្វែងរក “ខ្មាំង” និងសមាសភាពមិនល្អដទៃទៀត។
ជនរងគ្រោះជាច្រើនពីការបោសសំអាតក្នុងបក្ស ក្នុងភូមិភាគមជ្ឈឹម/ភូមិភាគឧត្តរ ត្រូវបានគេបញ្ជូន ទៅកាន់ ស-២១ ក្នុងទីក្រុងភ្នំពេញ ជាកន្លែងដែលពួកគេទទួលរងការសួរចម្លើយជាមួយទារុណ្ឌកម្ម និងក្រោយមកសម្លាប់ចោល។ កម្មាភិបាលខ្មែរក្រហមថ្នាក់ទាប ប្រជាជនថ្មីនិងសមាជិកដទៃទៀតនៃប្រជាជនសាមញ្ញមូលដ្ឋាន ត្រូវគេប្រហារជីវិតក្រៅប្រព័ន្ធតុលាការ ឬត្រូវបានគេឃុំឃាំងគ្មាន កំណត់ក្នុងស្ថានភាពការងារអមនុស្សធម៌ក្រៃលែង នៅមូលដ្ឋាន ដែលភាគច្រើនស្ថិតនៅកម្រិត ស្រុក ឬកម្រិតទាបជាងនេះ និងមន្ទីរសន្តិសុខតំបន់ ក្នុងតំបន់៤១ និងកន្លែងដទៃទៀត។ ជាលេខាតំបន់៤១ អាន មានអំណាចផ្ទាល់លើស្រុកចំណុះរបស់តំបន់ និងរដ្ឋបាលថ្នាក់ទាប គ្រប់គ្រងលើដែនដីដែលដាក់បង្ខំឲ្យអនុវត្តន៍បែបអមនុស្សធម៌យ៉ាងច្រើនលើប្រជាពលរដ្ឋទាំងមូល និងក្នុងឋានៈជាលេខារងភូមិភាគ គាត់យ៉ាងហោចណាស់មានអំណាចមួយចំនួនក្នុងផ្នែកនៃដែនដីរបស់ភូមិភាគ លើសពីតំបន់៤១។
អាន ជាប្រធានស្រុកកងមាស ជាកន្លែងដែលគេចោទប្រកាន់ថាមានការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិចាម ចាប់ពីពាក់កណ្តាលឆ្នាំ១៩៧៧ និងបន្តពាសពេញប្រទេសរហូតដល់ឆ្នាំ១៩៧៨។ អាន ជាប់ពាក់ព័ន្ធយ៉ាងច្រើនក្នុងឆ្នាំ១៩៧៨ តាមការចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងភូមិភាគមជ្ឈឹម និងជាពិសេសតំបន់៤១ ដែលមានជនរងគ្រោះជាច្រើន ដែលក្នុងនោះមានប្រជាជនមកពីគ្រប់ផ្នែក រួមទាំងសមាជិកខ្មែរក្រហមផងដែរ។ ជាលេខាធិការរងភូមិភាគ គាត់មានវត្តមានជារដ្ឋអំណាចមួយនៅឯការដ្ឋានពលកម្មបង្ខិតបង្ខំប្រចាំភូមិភាគដ៏សំខាន់មួយ ដើម្បីដឹកនាំកសាង “ទំនប់១មករា” និងការងារពាក់ព័ន្ធនឹងការស្រោចស្រពទឹក គម្រោងគ្រប់គ្រងទឹកសម្រាប់តំបន់៤២ និង៤៣ ដែលបានចាប់ធ្វើមុនពេលមកដល់របស់គាត់ ប៉ុន្តែបានបញ្ចប់នៅពេលដែលគាត់បានមកនៅកន្លែងនោះ និងជាកន្លែងដែលកម្មករជាច្រើនត្រូវបានគេប្រហារជីវិតក្រៅប្រព័ន្ធតុលាការ ឬបានស្លាប់ដោយសារភាពអត់ឃ្លាន ឬជំងឺ។
យិម ទិត្យ ជាជនសង្ស័យក្នុងសំណុំរឿង០០៤
សហព្រះរាជអាជ្ញាអន្តរជាតិបានចោទ យិម ទិត្យ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ទិត្យ ជាអ្នកមានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។ ទិត្យសកម្មណាស់ក្នុងចលនាកុំមុយនីស្ត យ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ១៩៦០ គាត់ធ្លាប់បានបួសជាព្រះសង្ឃដំបូងឡើយនៅក្នុងខេត្តតាកែវ និងបន្ទាប់មកនៅក្នុងទីក្រុងភ្នំពេញ។ ជាយថាហេតុ គាត់បានរៀបការជាមួយបងប្អូនស្រីរបស់ ម៉ុក។ ក្នុងអំឡុងសង្រ្គាមឆ្នាំ១៩៧០-១៩៧៥ រវាងខ្មែរក្រហមនិងរបបសាធារណរដ្ឋខ្មែរ ទិត្យបានក្លាយជាកម្មាភិបាលដឹកនាំស្រុកគីរីវង្ស ក្នុងតំបន់១៣ របស់ភូមិភាគនិរតី ដែលជាមូលដ្ឋាន ដ៏អំណាចរបស់ម៉ុក។ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ទិត្យ ជាលេខាបក្សស្រុកគីរីវង្ស ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម។ តាមសេចក្តីរាយការណ៍នៅចំណុចខ្លះមកថា យ៉ាងហោច ណាស់ ទិត្យ បានក្លាយជាសមាជិកគណៈកម្មាធិការតំបន់១៣ ដែលគេជឿថា គាត់ត្រូវបានគេ ប្រគល់យ៉ាងហោចណាស់នូវអំណាចមួយចំនួនលើតំបន់ទាំងមូល។
ជាលេខាបក្សគីរីវង្ស ទិត្យ បានប្រើប្រាស់អំណាចផ្ទាល់លើប្រជាជនស្រុក ដែលគិតពីឆ្នាំ១៩៧៥មក មានរាប់ទាំង “ប្រជាជនថ្មី” ដែលគេបណ្តញចេញទាំងបង្ខំពីតំបន់នានាក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមពីមុនមក។ គាត់មានអំណាចលើមន្ទីរសន្តិសុខស្រុក ដែលមានទីតាំងនៅក្នុងវត្តព្រះធាតុ និងប្រតិបត្តិការសន្តិសុខកម្រិតទាប ដែលទទួលខុសត្រូវក្នុងការកំណត់ និងធានាដល់ការប្រហារជីវិតក្រៅប្រព័ន្ធតុលាការ ចំពោះអ្នកដែលគេចោទថាជាអតីតនាយទាហាន និងមន្រ្តីសាធារណរដ្ឋខ្មែរ និងអ្នកឯទៀត រួមទាំងប្រជាជនមូលដ្ឋាន ដែលរស់នៅយូមកហើយ ដោយចោទប្រកាន់ថា “ក្បត់” ឬ “ខ្មាំង”។ ប្រជាជនដទៃទៀត “ប្រជាជនថ្មី” និងអ្នកស្រុកដែលរស់នៅយូរមកហើយ ដែលគេចោទថាជា “សមាសភាពមិនល្អ” ឬអ្នកដែលមាន “និន្នាការ” នយោបាយមិនល្អ ត្រូវបានគេចាប់ ខ្លួន និងឃុំខ្លួននៅមន្ទីរសន្តិសុខ ឬមន្ទីរឃុំឃាំងនៅទូទាំងស្រុក ដើម្បីអប់រំកែប្រែដោយបង្ខំឲ្យ ធ្វើការងារ។ មនុស្សជាច្រើននាក់បានស្លាប់។ ទិត្យ គ្រប់គ្រងរដ្ឋបាលស្រុកគីរីវង្ស ដែលរដ្ឋបាលនេះ បានដាក់បង្ខំឲ្យមានស្ថានភាពរស់នៅដ៏មហាអមនុស្សធម៌ ដែលនាំឲ្យមានការស្លាប់មនុស្សយ៉ាង ច្រើន។
នៅពាក់កណ្តាលឆ្នាំ១៩៧៨ ទិត្យ ត្រូវបានគេចាត់តាំង ដោយមានការតម្លើងឋានន្តរសក្តិសំខាន់ មួយទៅភូមិភាគពាយ័ព្យ ជាកន្លែងដែលគាត់បានក្លាយជាលេខាតំបន់១ ។ គាត់បានក្លាយជា សមាជិកដ៏សំខាន់មួយរូបរបស់គណៈកម្មាធិការភូមិភាគ ដែលនៅក្នុងនោះ តាម៉ុក ជាលេខា ដែល ស្របគ្នានោះដែរមានតំណែងមេដឹកនាំដទៃទៀតជាច្រើន ដែលក្រោយពេលបោសសំអាតសម្លាប់ បានធ្វើឲ្យបាត់បង់ក្រុមកម្មាភិបាលជំនាន់មុនរបស់ភូមិភាគពាយ័ព្យ។ យ៉ាងហោចណាស់ ទិត្យ ត្រួតត្រាតំបន់១ ដោយផ្ទាល់ និងស្រុក និងកងឯកភាពចំណុះឲ្យតំបន់១ នេះ ហើយគាត់ត្រូវបាន គេជឿថា មានអំណាចយ៉ាងហោចណាស់លើផ្នែកដទៃទៀតនៃភូមិភាគពាយ័ព្យ។ តាម ស្ថានការណ៍នេះ គាត់ត្រូវបានគេចោទប្រកាន់ថា បានដឹកនាំការបោសសំអាតកម្មាភិបាលជា ទាហានជើងចាស់នៅកម្រិតមូលដ្ឋាន និង “បោសសម្អាតប្រជាជន” ច្រើនឡើងៗ ដែលអំឡុង ពេលនោះមានមនុស្សជាច្រើននាក់ ត្រូវបានគេនាំទៅប្រហារជីវិតក្រៅប្រព័ន្ធតុលាការនៅឯមន្ទីរ សន្តិសុខតំបន់ និងស្រុក ឬនាំយកទៅសម្លាប់នៅកន្លែងដទៃទៀត។
ក្រុមជាក់លាក់ខ្លះ ជាពិសេសសហគមន៍ខ្មែរក្រោម និងអ្នកតាំងទីលំនៅជនជាតិវៀតណាមដែលនៅសេសសល់ចុងក្រោយ និងជនទាំងឡាយដែលគេចាត់ថាជាជនជាតិវៀតណាម ត្រូវបានគេដៅជាពិសេសសម្រាប់ការកំទេចចោល ដែលពេលនោះមានប្រជាជនមួយចំនួនធំ ត្រូវបានគេផ្ទេរចេញដោយបង្ខំពីភូមិភាគពូព៌ា ជាផ្នែកមួយក្នុងការបោសសំអាតក្នុងពាក់កណ្តាលឆ្នាំ១៩៧៨ ក៏ត្រូវ បានគេសម្លាប់ផងដែរ។ ស្ថានភាពរស់នៅក្នុងភូមិភាគពាយ័ព្យ មានសភាពកាន់តែអាក្រក់ នាំឲ្យមានការផ្ទុះខ្លាំងឡើងនៃកំណើននៃការស្លាប់ពីការអត់ឃ្លាននិងជំងឺ។
អ៊ីម ចែម ហៅថា ស្រី ចែម ជាជនសង្ស័យក្នុងសំណុំរឿង០០៤
សហព្រះរាជអាជ្ញាអន្តរជាតិបានចោទប្រកាន់ អ៊ឹម ចែម ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ចែម ជាអ្នកមានដើមកំណើតនៅក្នុងស្រុកនៅត្រាំកក់ដែលជាស្រុកកំណើតរបស់ ម៉ុក ជាកន្លែង ដែលពួកខ្មែរក្រហមបានដាក់ជាតំបន់១៣ របស់ភូមិភាគនិរតី។ គ្រួសាររបស់គាត់ជាប់ពាក់ព័ន្ធនឹង ចលនាកុំមុយនីស្តកម្ពុជា យ៉ាងហោចណាស់ចាប់តាំងពីទស្សវត្សរ៍១៩៦០ ហើយអ្នកស្រីបានសកម្ម ក្នុងនាមជាកម្មាភិបាលមួយរូប ក្នុងចលនាបំផុសសង្រ្គាមស៊ីវិលក្នុងឆ្នាំ១៩៧០។
ក្នុងឆ្នាំ១៩៧៦ ចែម បានក្លាយជាតំណាងកសិករភូមិភាគនិរតីក្នុងមហាសន្និបាតប្រជាជន ដែល ចាត់តាំងដោយខ្មែរក្រហម ចំណែកឯប្តីរបស់គាត់ឈ្មោះ ណុបញេន ជាលេខាស្រុកក្នុងភូមិភាគ ជាកន្លែងអ្នកស្រីបានក្លាយជាលេខាស្រុកព្រះនេត្រព្រះ ហើយប្តីរបស់គាត់ជាលេខាស្រុកស៊ីសូផុន។ គាត់ស្ថិតនៅក្នុងតំណែងនេះរហូតដល់ចុងឆ្នាំ១៩៧៨។
ការបញ្ជូន ចែម និងប្តីរបស់គាត់ទៅភូមិភាគពាយ័ព្យ មានការគាប់ជួននឹងការចាប់ផ្តើមនូវកំណើននៃរលកនៃការបោសសំអាតកម្មាភិបាលខ្មែរក្រហមជំនាន់មុនៗនៅទីនោះ និងគាប់ជួនផងដែរនូវ ការមកដល់ថ្មីក្នុងភូមិភាគពាយ័ព្យនូវមន្រ្តីខ្មែរក្រហមថ្មីៗជាច្រើន ពីភូមិភាគដទៃទៀត មកជំនួសអ្នកដែលត្រូវបានគេបោសសំអាតទាំងនោះ។ ចែម និងកម្មាភិបាលថ្មីដទៃទៀត ត្រូវបានគេចោទ ថាបានចូលរួមក្នុងការបោសសំអាតជាច្រើន រហូតដល់ដើមឆ្នាំ១៩៧៩។
ប្រជាជនមួយចំនួនដែលទទួលរងការបោសសំអាត ក្នុងស្រុកព្រះនេត្រព្រះ និងផ្នែកជិតខាងក្នុងតំបន់៥ បន្ទាប់ពីគេដាក់ ចែម ក្នុងតំណែងដ៏មានអំណាច ត្រូវបានគេនាំទៅប្រហារជីវិតក្រៅប្រព័ន្ធតុលាការនៅឯ ស-២១ ចំណែកឯប្រជាជនដទៃទៀតត្រូវបានគេសម្លាប់ ឬឃុំខ្លួនសម្រាប់ទណ្ឌកម្មការងារដោយបង្ខំ និងអប់រំកែប្រែឡើងវិញនៅនឹងមូលដ្ឋានតែម្តង រួមទាំងនៅឯមូលដ្ឋានមួយចំនួនក្នុងស្រុកព្រះនេត្រព្រះ ដែលកាលនោះ ចែម ដឹកនាំផ្ទាល់ ឬយ៉ាងហោចណាស់មានឥទ្ធិពលខ្លះ ដូចជាលើភ្នំត្រយូងជាដើម។ ទំហំនៃការបោសសំអាតមានកំណើនច្រើនឡើងៗ នៅពាក់កណ្តាលឆ្នាំ១៩៧៨ និងបានកើនច្រើនឡើងទៀត ដោយការប្រយុទ្ធផ្ទៃក្នុងប្រឆាំងគ្នាឯងដ៏ហិង្សានៅចុងឆ្នាំក្នុងចំណោមបណ្តាញខ្មែរក្រហមដ៏មានអំណាច។
ចែម ត្រូវបានគេចោទផងដែរថា គាត់គ្រប់គ្រងលើពលកម្មដោយបង្ខិតបង្ខំ ដើម្បីស្ថាបនាប្រព័ន្ធចែក ចាយទឹកភ្ជាប់ទៅទំនប់ត្រពាំងថ្មរបស់តំបន់៥ និងគម្រោងស្រោចស្រពទឹក។ ការកសាងបាន ចាប់ផ្តើមធ្វើមុនពេលគាត់បានមកដល់ ប៉ុន្តែការស្ថាបនានោះបានបញ្ចប់ ក្រោយពីគេបានដាក់គាត់ឲ្យទទួលខុសត្រូវលើស្រុកព្រះនេត្រព្រះ។ ស្ថានភាពដ៏អាក្រក់បំផុតដែលគេបានដាក់លើកម្មករ ដែលគេចោទថាស្ថិតនៅក្រោមការត្រួតត្រារបស់គាត់ បាននាំឲ្យមានមនុស្សស្លាប់ជាច្រើន។ កម្មករ មួយចំនួនត្រូវបានគេប្រហារជីវិតនៅឯមូលដ្ឋានសាងសង់ប្រព័ន្ធគ្រប់គ្រងទឹក ដោយសារពួកគេតវ៉ា នឹងលក្ខខណ្ឌការងារ ឬមិនអាចធ្វើទៅតាមសេចក្តីត្រូវការ។ ម្យ៉ាងទៀត ស្ថានភាពទូទៅដែលបាន ដាក់បង្ខំលើប្រជាពលរដ្ឋទាំងអស់របស់ស្រុកព្រះនេត្រព្រះ មានលក្ខណៈដ៏មហាពិបាក និងដ៏សែន មហាអាក្រក់បំផុត ក្នុងផ្នែកជាច្រើនរបស់ស្រុក អំឡុងពេលដែល ចែម គ្រប់គ្រង ដែលនាំឲ្យមាន អ្នកស្លាប់ដ៏ច្រើនលើសលុបដោយការអត់ឃ្លាន និងជំងឺ។ ជនទាំងឡាយណាដែលតវ៉ា ឬត្រូវបាន គេចាត់ថា “ខ្ជិល” ចំពោះការខកខានមិនបានបំពេញការងារចាំបាច់ ត្រូវទទួលរងការប្រហាជីវិត ឬ ដាក់ឃុំឃាំងនៅឯកន្លែងអប់រំកែប្រែ និងដាក់ទណ្ឌកម្មឲ្យបំពេញការងារដោយបង្ខិតបង្ខំនៅទូទាំង ស្រុក។
ចែម ត្រូវបានគេចោទប្រកាន់ថា ដឹកនាំសម្លាប់រង្គាលចុងក្រោយ ដូចជានៅឯភ្នំត្រយូង លើប្រជាជន ណាដែលគេសង្ស័យ នាំអោយមានគំនិតប្រឆាំងនឹងរបបខ្មែរក្រហម ដែលការគ្រប់គ្រងរបស់របប នេះត្រូវបានគេធ្វើឲ្យបែកខ្ញែកនៅចុងឆ្នាំ១៩៧៨ ដើមឆ្នាំ១៩៧៩ ដោយការរុលចូលមករបស់កងទ័ពវៀតណាម។ ក្នុងរយៈពេលនៃការកាន់តំណែងរបស់ចែម ជាលេខាស្រុកព្រះនេត្រព្រះ ការប្រហារ ជីវិត និងទណ្ឌកម្មការងារដោយបង្ខំ ត្រូវបានផ្តោតជាពិសេសទៅលើ ប្រជាជនដែលគេអះអាង ថាពាក់ព័ន្ធនឹងសាធារណរដ្ឋខ្មែរដែលចុះចាញ់ ជនដែលពាក់ព័ន្ធនឹងកម្មាភិបាលមូលដ្ឋានដែលគេ បានបោសសំអាត និងជនទាំងឡាយដែលគេចាត់ថាជា “វៀតណាម” ។