Skip to main content

ប្រទេសកម្ពុជា: បញ្ចប់ការនិរទេសមេដឹកនាំគណបក្សប្រឆាំង

ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានប្រាប់ថាមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ត្រឡប់មកវិញទេ

លោក សម រង្ស៊ី នៅក្នុង​បទសម្ភាសន៍​មួយ​នៅ​ទីក្រុង​ម៉ានីល នៃ​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ © 2016 Reuters

(ទីក្រុងញូវយ៉ក) - អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយនៅថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជាគួរតែលុបចោលជាបន្ទាន់នូវបញ្ជារបស់ខ្លួនដែលហាមឃាត់មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី មិនឲ្យវិលត្រឡប់មកកាន់កម្ពុជាវិញ។ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលធ្វើដំណើរទៅប្រទេសកម្ពុជា មិនឱ្យលោក រង្ស៊ី ចូលក្នុងប្រទេសវិញឡើយ។

លោក ប្រ៊ែ​ដ អាដាម (Brad Adams) នាយក​ប្រចាំ​តំបន់​អាស៊ី​បាន​និយាយថា "ការ​និរទេស​ជា​ផ្លូវការ​របស់​មេដឹកនាំ​គណបក្សប្រឆាំង សម រង្ស៊ី គឺ​គ្រាន់តែ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយ​បំផុត​របស់​គណបក្សកាន់អំណាច​ដើម្បី​ឈ្នះ​ការបោះឆ្នោតជាតិ​លើក​ក្រោយ​ប៉ុណ្ណោះ ដោយ​ធានាថា​ពួកគេ​មិនមាន​ការប្រកួតប្រជែង​ពិតប្រាកដ"។ ម្ចាស់ជំនួយ​នៃ​ប្រទេស​កម្ពុជា និង​សមាជិក​អាស៊ាន គួរតែ​អំពាវនាវ​ជាបន្ទាន់​និង​ជា​សាធារណៈ ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​បញ្ចប់​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​របស់គាត់​ប្រឆាំងនឹង​គណបក្សប្រឆាំង។

សេចក្តី​បង្គាប់​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​រដ្ឋ បាន​ចែងថា៖

  • ក្រុមហ៊ុន​អាកាសចរណ៍​ទាំងឡាយ​មិនគួរ​អនុញ្ញាតឱ្យ​លោក សម រង្ស៊ី ឡើង​ជិះ​មក​ប្រទេស​កម្ពុជា​នោះទេ។
  • ប្រសិនបើ​លោក សម រង្ស៊ី កំពុង​ហោះហើរ​ទៅកាន់​ប្រទេស​កម្ពុជា យន្តហោះ​នឹងត្រូវ​បាន​បញ្ជា​ឱ្យ​ត្រលប់​ទៅ​ចំណុចដើម​វិញ។
  • ប្រសិនបើ​លោក សម រង្ស៊ី កំពុង​ហោះហើរ​មកកាន់​ប្រទេស​កម្ពុជា ហើយ​មកដល់​ក្រុងភ្នំពេញ ឬ​សៀមរាប នោះ​យន្តហោះ​នឹង​ត្រលប់​ទៅ​ចំណុចដើម​វិញ។ និង
  • ប្រសិនបើ​លោក សម រង្ស៊ី ទទួលបាន​ជោគជ័យ​ក្នុងការ​ហោះហើរ និង​មកដល់​ទីក្រុង​ភ្នំពេញ ឬ​សៀមរាប ហើយ​ចាក​ចេញពី​យន្តហោះ ប៉ូលីស​អន្តោប្រវេសន៍​ត្រូវ​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ចាប់ខ្លួន​គាត់។

រដ្ឋាភិបាល​ក៏បាន​បញ្ជា​ផងដែរ​ដល់​មន្ត្រី “ឱ្យ​ប្រុងប្រៀប និង​ត្រួត​ពិនិត្យមើល​នៅ​ស្ថានីយ ឬ​ច្រកព្រំដែន​ដទៃទៀត ដើម្បី​រាយការណ៍​ប្រសិនបើ​លោក សម រង្ស៊ី បាន​ឆ្លងកាត់។ បន្ទាប់មក ចាត់វិធានការ​តាម​នីតិវិធី​ដើម្បី​រារាំង​គាត់​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា។ សកម្មភាព​ទាំងនេះ​ត្រូវអនុវត្ត​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់"

បទបញ្ជា​នេះ​រំលោភ​លើ​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា ក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ព្រមទាំង​ប្រឆាំងនឹង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។ កម្ពុជា​ជា​ភាគី​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ដែល​ធានា​សិទ្ធិសេរីភាព​ក្នុងការ​ធ្វើដំណើរ។ មាត្រា​ទី១២ (៤) ចែងថា "គ្មាន​នរណាម្នាក់​អាច​ត្រូវបាន​ដកហូត​តាម​អំពើ​ចិត្ត​នូវ​សិទ្ធិ​ចូលក្នុង​ប្រទេស​របស់ខ្លួន​ឡើយ" ។ មាត្រា​ទី១៣ (២) នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស ចែងថា "មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ចាក​ចេញពី​ប្រទេស​ណាមួយ រួមទាំង​ប្រទេស​របស់ខ្លួន, និង​ត្រឡប់មក​ប្រទេស​របស់គាត់​វិញ” ។ មាត្រា​ទី៣៣ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែងថា "ប្រជាពលរដ្ឋ​ខ្មែរ​មិនគួរ​ត្រូវបាន​ដកហូត​សញ្ជាតិ និរទេស ឬ​ចាប់ខ្លួន​និង​បញ្ជូនទៅ​ប្រទេសក្រៅ​ទេ លុះត្រា​តែមាន​កិច្ចព្រមព្រៀង​លើ​ការធ្វើ​បត្យាប័ន" ។

លោក អាដាម បាន​និយាយថា "សកម្មភាព​ប្រឆាំងនឹង​លោក សម រង្ស៊ី បង្ហាញ​ពី​ចេតនា​របស់លោក ហ៊ុន សែន ជាថ្មី​ម្តងទៀត​ក្នុងការ​ផ្លាស់ប្តូរ​ប្រទេស​កម្ពុជា​ឲ្យ​ត្រឡប់​ទៅជា​រដ្ឋ​ឯក​បក្ស ដោយ​ផ្តល់ឱកាស​តិចតួច​សម្រាប់​សំឡេង​រិះគន់​ឬ​សំឡេង​ប្រឆាំង" ។

បទបញ្ជា​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​ព្រហ្មទណ្ឌ​ជាច្រើន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដែល​ប្រឆាំងនឹង​លោក សម រង្ស៊ី ដែលជា​មេដឹកនាំ​យូរអង្វែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​នាំ​គាត់​ឱ្យ​ចាក​ចេញពី​ប្រទេស​ដើម្បី​គេច​ពី​ការដាក់​គុក។ រដ្ឋាភិបាល​ក៏បាន​អនុវត្ត​ផងដែរ​នូវ​ការចាប់ខ្លួន​និង​ការឃុំខ្លួន​ដោយ​បង្ខំ​ទៅលើ​សមាជិក​របស់​គណ​បក្សប្រឆាំង​នៃ​រដ្ឋសភា​និង​ព្រឹទ្ធសភា សកម្មជន​បក្សប្រឆាំង និង​សមាជិក​នៃ​ក្រុម​សង្គម​ស៊ីវិល រួមទាំង​បុគ្គលិក​នៃ​សមាគម​អាដហុក​ដែលមាន​គោរព​ជា​អន្តរជាតិ​ផង​នោះ។

ក្នុង​រយៈពេល ១២ខែ​កន្លងមកនេះ ដោយ​ប្រតិកម្ម​ទៅនឹង​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​ជា​បន្តបន្ទាប់​ដែល​ធ្វើឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ថា​គណបក្ស​នេះ​នឹង​ឈ្នះ​ការបោះឆ្នោតជាតិ​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ឆ្នាំ២០១៨នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​ដទៃទៀត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) រួមទាំង​កងកម្លាំងប្រដាប់អាវុធ​និង​នគរបាល បានធ្វើការ​គំរាមកំហែង​ជា​សាធារណៈ​កាន់តែច្រើនឡើងៗ ប្រឆាំងនឹង​បក្សប្រឆាំង។ ការគំរាមកំហែង​ទាំងនេះ​បាន​ធ្វើឡើង​បន្ទាប់ពី​យុទ្ធនាការ​សាធារណៈ​មួយ​ដើម្បី​ដក​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធានរដ្ឋសភា ពី​តំណែង​របស់លោក។ នៅ​ខែតុលា ឆ្នាំ២០១៥ ក្រុមមនុស្ស​ដែល​រៀបចំឡើង​ដោយ​គណបក្ស​ប្រជាជន បានធ្វើ​ការវាយដំ​យ៉ាង​ឃោរឃៅ​ទៅលើ​សមាជិកសភា​គណបក្ស​ប្រឆាំង​ពីររូប។ បន្ទាប់មក​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​ទម្លាក់​លោក សុខា ពី​តំណែង​ដឹកនាំ​នៅក្នុង​រដ្ឋសភា។ ឥឡូវនេះ​គាត់​កំពុង​ប្រឈម​នឹង​ការដាក់​ពន្ធនាគា​ក្រោម​ការចោទប្រកាន់​ដោយ​ហេតុផល​នយោបាយ​ដែល​គាត់​ត្រូវបាន​ផ្តន្ទាទោស​នៅ​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ។

លោក អាដាម បាន​និយាយថា "ការ​និរទេស​អ្នកដឹកនាំ​គណបក្សប្រឆាំង​ក្នុងអំឡុង​ខួប​លើក​ទី២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​ត្រូវបាន​រំពឹងថា​បញ្ចប់​ការគ្រប់គ្រង​តាមបែប​គណបក្ស​តែមួយ គឺ​ពិតជា​គួរ​ឲ្យ​អាម៉ាស់​ខ្លាំងណាស់។ ប្រជាជន​កម្ពុជា​ជាច្រើន​សង្ឃឹមថា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នឹង​នាំមក​នូវ​ប្រជាធិបតេយ្យ​បែប​ពហុបក្ស ប៉ុន្ដែ​លោក ហ៊ុន សែន ហាក់ដូចជា​មានបំណង​ត្រឡប់​ទៅក្រោយ​វិញ​នូវ​ការទទួលបាន​ទាំងឡាយ​ក្នុង​រយៈពេល ២៥ឆ្នាំ​ចុង​ក្រោយនេះ” ។

 

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country