Skip to main content

កម្ពុជា៖ អ.ស.ប. គួរថ្កោលទោសការវាយប្រហារសិទិ្ធ

(ហ្សឺណែវ ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៤) - ប្រទេសសមាជិកអង្គការសហប្រជាជាតិ គួរគាបសង្កត់រដ្ឋាភិបាលកម្ពុជា ចំពោះការខកខានមិនបានរក្សាកិច្ចសន្យារបស់ខ្លួនកន្លងមក និងស្នើសុំឲ្យបំពេញកិច្ចសន្យាអំពីសិទិ្ធជាថ្មីទៀត អង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយថ្ងៃនេះ ។ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៤​ នេះ ប្រ​ទេសកម្ពុជានឹងបង្ហាញខ្លួននៅចំពោះមុខការពិនិត្យឡើងវិញតាមកាលកំណត់នៃក្រុមប្រឹក្សាសិទិ្ធ​មនុស្ស អ.ស.ប (UPR) នៅទីក្រុងហ្សឺណែវ ។

“រដ្ឋាភិបាល ហ៊ុន សែន រំលោភសិទិ្ធមនុស្សដោយហឹង្សារាល់ថ្ងៃ ទប់ស្កាត់មិនឲ្យពួកអ្នកប្រឆាំង សហជីពកម្មករ សកម្មជន និងអ្នកដទៃទៀត ធ្វើការប្រមូលផ្តុំគ្នា ដើម្បីឲ្យមានការផ្លាស់ប្តូរនយោ​បាយ” អ្នកស្រី ជូលីយ៉ែត ដឺ រីវ៉ើរ៉ូ (Juliette de Rivero) នាយកប្រចាំទីក្រុងហ្សឺណែវ នៃអង្គការឃ្លាំមើលសិទិ្ធ​មនុស្ស បាននិយាយ ។ “ប្រទេសនានានៅក្រុមប្រឹក្សាសិទិ្ធមនុស្ស គួរផ្តន្ទាទោសការបង្ក្រាបដោយឃោរឃៅនេះ និងទទូចឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការកែទម្រង់ដោយប្រាកដប្រជា” ។

ឧទាហរណ៍ ក្នុងការបង្ក្រាបរបស់រដ្ឋាភិបាលថ្មីបំផុតនេះ បុគ្គលិកកម្លាំងសន្តិសុខប្រដាប់អាវុធ និងសមាជិកសេនាជនឯកជនស្លៀកពាក់ស៊ីវិល នៅថ្ងៃទី ២៦ ខែមករា បានអនុវត្តបញ្ជារបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការប្រមូលផ្តុំគ្នាមួយរបស់សហជីពករកម្មករ នៅក្នុងសួនប្រជាធិបតរយ្យក្នុងទីក្រុងភ្នំពេញ ។ បុគ្គលិកកម្លាំងសន្តិសុខ និងពួកសេនាជន ប្រដាប់ដោយកាំភ្លើង និងពាក់អាវកាក់ បានបាញ់ដោយចំពាមកៅស៊ូ គប់ដុំថ្ម និងវាយនឹងដំបង ដើម្បីបំបែកពួកអ្នកតវ៉ា និងអ្នកដទៃទៀត ក្នុងនេះរួមមានអ្នកមុខអ្នកការគណបក្សប្រឆាំង ពួកអ្នកសង្កេតការណ៍សិទិ្ធមនុស្ស និងអ្នកកាសែត ។ មនុស្សជាច្រើននាក់បានរងរបួស រួមមានពួកបាតុករ ពួកអ្នកតស៊ូ និងពួកអ្នកត្រូវចោទថាជាភ្នាក់ងារស៊ើបការណ៍របស់រដ្ឋាភិបាល ។

នៅថ្ងៃទី ២៦ មករា នេះដែរ ទាហាន និងកងរាជអាវុធហត្ថ ដឹកនាំដោយសកម្មជនគណបក្សប្រជាជនកម្ពុជា បានបន្ទុចបង្អាក់ការប៉ុនប៉ងធ្វើការប្រមូលផ្តុំមួយរបស់គណបក្សប្រឆាំងក្នុងទីរួមខេត្តកំពង់ចាម ឡោមព័ទ្ធមេដឹកនាំគណបក្សប្រឆាំងនៅសណ្ឋាគារដែលគាត់ស្នាក់នៅ និងបង្ខំឲ្យលុបចោលការជួបជុំគ្នានេះ ។ ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលបានព្រមានម្ចាស់ស្ថានីយវិទ្យុឯករាជ្យដែលត្រូវអ្នកផងស្គាល់បំផុតមួយក្នុងប្រទេសកម្ពុជា ប្រ​ឆាំងការចរចេសធ្វើតាមផែនការរបស់ខ្លួន ក្នុងធ្វើការប្រមូលផ្តុំគ្នាមួយនៅក្នុងទីក្រុងភ្នំពេញ ។

ការប្រជុំនៅទីក្រុងហ្សឺណែវ គឺជាផ្នែកមួយនៃការពិនិត្យឡើងវិញជាទៀងទាត់របស់ក្រុមប្រឹក្សា នូវការកត់ត្រាសិទិ្ធមនុស្សក្នុងប្រទេសកម្ពុជា​ ។ ក្នុងសម័យប្រជុំនេះ ដែលមានតំណាងរបស់រដ្ឋាភិបាលកម្ពុជាចូលរួមដែរនោះ ប្រទេសសមាជិក អ.ស.ប.ទាំងអស់ អាចផ្តល់អនុសាសន៍អំពីផ្លូវដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសិទិ្ធមនុស្សនៅទីនោះ ។ ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ គឺជាកិច្ចដំណើរការមួយដែលសមាជិក អ.ស.ប. ទាំងអស់ត្រូវធ្វើការវាយតម្លៃរាល់ ៤ ឆ្នាំ ម្តង នូវស្ថានភាពសិទិ្ធមនុស្សនៃប្រទេសនិមួយៗ ។

ក្នុងការដាក់ជូនក្រុមប្រឹក្សា នូវកិច្ចដំណើរការការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ គ្របដណ្តប់ព្រឹត្តការណ៍នានាក្នុងប្រទេសកម្ពុជា រហូតដល់ចុងឆ្នាំ ២០១៣ អង្គការឃ្លាំមើលសិទិ្ធមនុស្សបានរកឃើញថា ស្ថានភាពសិទិ្ធមនុស្សក្នុងប្រទេសនេះ បានធ្លាក់ចុះដុនដាបគួរឲ្យកត់សំគាល់ ចាប់តាំងពីការពិ-និត្យចុងក្រោរបស់ខ្លួននាឆ្នាំ ២០០៩ ។

កម្ពុជា មិនដូចរដ្ឋាភិបាលជាច្រើនដទៃទៀតទេ មិនបានបញ្ជូនតំណាងថ្នាក់ខ្ពស់ទៅចូលរួមការពិ​និត្យឡើងវិញរបស់ខ្លួនទេ ដែលនាំឲ្យយល់ថាប្រទេសនេះមិនបានចាត់ទុកកិច្ចដំណើរការនេះដោយហ្មត់​ចត់ទេ អង្គការឃ្លាំមើលសិទ្ធមនុស្សបាននិយាយ ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ គណប្រតិភូប្រទេសនេះ នឹងត្រូវដឹកនាំដោយអនុប្រធានគណកម្មាធិការសិទិ្ធមនុស្សកម្ពុជាត្រួតត្រាដោយរដ្ឋាភិបាល ដែលតាំងពីបង្កើតមក ត្រូវបានប្រើជាអ្នកនាំពាក្សសម្រាប់លោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ។ គណកម្មាធិការនេះ មិនត្រូវបានទទួលស្គាល់ដោយគណកម្មាធិការសម្របសម្រួលអន្តរជាតិនៃស្ថាប័ន​ជាតិសម្រាប់ការលើកដម្កើង និងការការពារសិទិ្ធមនុស្ស ដែលជាអង្គការឯករាជ្យដែលតាមដាននូវការប្រកាន់ខ្ជាប់គោលការណ៍ទីក្រុងប៉ារីស៍ស្តីពីស្ថាប័នសិទិ្ធមនុស្សជាតិ ដែលតម្រូវ ក្នុងចំណោមអ្វីៗផ្សេងទៀត ឲ្យអង្គការបែបនេះមានភាពឯករាជ្យ ។

“រដ្ឋាភិបាលកម្ពុជា មិនខ្វល់សូម្បីតែបញ្ជូនមន្ត្រីថ្នាក់ខ្ពស់ម្នាក់ទៅចូលរួមជាមួយការពិនិត្យឡើងវិញរបស់ អ.ស.ប.នូវការកត់ត្រាអំពីសិទិ្ធ​មនុស្សរបស់ខ្លួនផង” លោកស្រី ដឺ រីវ៉ើរ៉ា បាននិយាយ ។ “នេះបង្ហាញឲ្យឃើញអំពីការមើលងាយរបស់លោក ហ៊ុន សែន មិនត្រឹមតែចំពោះកិច្ចដំណើរការរបស់ អ.ស.ប. ប៉ុណ្ណោះទេ តែចំពោះសិទិ្ធរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ ។ ប្រទេសសមាជិក អ.ស.ប. គួរព្រមានរដ្ឋាភិបាលកម្ពុជា ថាគេនឹងមិនអនុគ្រោះឲ្យបន្តអំពើអាក្រក់តទៅទៀតបានទេ” ។

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed