(ញ៉ីវ យក)-បុគ្គលិកសន្តិសុខកម្ពុជា បានប្រើកម្លាំងហូសហេតុប្រឆាំងពួកអ្នកតវ៉ាសិទ្ធិលំនៅដ្ឋាន ដែលបានចូលកាន់កាប់អគារសង់មិនទាន់ហើយមួយ ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៤ អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថ្ងៃនេះ ។ កម្លាំងសន្តិសុខ បានវាយដំ និង បានរំលោភឈ្លានពានផ្សេងៗទៀត ទៅលើអ្នកតវ៉ារស់នៅម្តុំបូរីកីឡា ធ្វើឲ្យរបួសយ៉ាងតិចប្រាំនាក់ រួមមានស្រ្តីមានផ្ទៃពោះម្នាក់ និងក្មេងជំទង់ពីរនាក់ ។ អ្នករស់នៅទាំងនោះម្នាក់ទៀតត្រូវបានរាយការណ៍មកថា បានទទួលរងការគប់ដោយដុំថ្មមកលើ ។ អ្នករបួសបីនាក់ តម្រូវឲ្យព្យាបាលនៅមន្ទីរពេទ្យ ។
“ការប្រើកម្លាំងឃោរឃៅចុងក្រោយនេះដោយនគរបាលប្រឆាំងពួកអ្នកតវ៉ា បង្ហាញថាអាជ្ញាធរកម្ពុជានៅឆ្ងាយដល់កម្រិតណា ពីការបំពេញកិច្ចសន្យានៃការកែទម្រង់របស់គេ,” លោក ប្រាដ អាដាំ[2] នាយកផ្នែកអាស៊ី បាននិយាយ ។ “ប្រទេសផ្តល់ជំនួយ គួរប្រាប់រដ្ឋាភិបាលកម្ពុជាថា ពួកគេនឹងពិចារណាការផ្តល់ហិរញ្ញប្បទានដល់រដ្ឋាភិបាលកម្ពុជា សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ឬការគាំទ្រថវិកាដោយផ្ទាល់ លុះត្រាតែ រដ្ឋាភិបាលនេះ បានអនុវត្តការកែទម្រង់ដែលមានអត្ថន័យ រួមមានការបញ្ចប់ការបង្រ្កាបសង្គមស៊ីវិល និងបញ្ឈប់ការប្រើការបណ្តេញចេញដោយបង្ខំ” ។
នៅថ្ងៃទី ១២ ខែកុម្ភៈ គ្រួសារទ៌ុគតរាប់សិបនាក់ បានចូលទៅកាន់កាប់ផ្នែកខ្លះនៃការដ្ឋានសំណង់មួយក្នុងបូរីកីឡា ។ នៅម្តុំនោះគឺជាទីកន្លែងនៃជម្លោះដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០០៧ រវាងអ្នករស់នៅក្នុងតំបន់នាពេលនោះ និងក្រុមហ៊ុនអភិវឌ្ឍន៍ភាពីម៉ិច ដែលមានស្រ្តីអ្នកជំនួញឈ្មោះ ស៊ុយ សូផាន់ ជាម្ចាស់ ដែលជិតដិតជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា[3] និងភរិយារបស់គាត់ ប៊ុន រានី និងដែលមានចំណងយ៉ាងខ្លាំងផងដែរ ជាមួយអ្នកវិនិយោគចិននៅកម្ពុជា ។ រដ្ឋាភិបាលបានផ្តល់ឲ្យភាពីម៉ិច នូវដីបូរីកីឡាទំហំ ២.៦ ហិកតា ជាផ្នូរនឹងការសន្យារបស់ក្រុមហ៊ុនថា សាងសង់អគារផ្ទះល្វែងចំនួន ១០ អគារ សម្រាប់អ្នករស់នៅដែលត្រូវចាកចេញពីលំនៅដ្ឋានចាស់របស់ពួកគេ ។ ក៏ប៉ុន្តែ មានតែអគារចំនួន ៨ ខ្នងប៉ុណ្ណោះ ត្រូវបានសង់ និងចែកទៅឲ្យគ្រួសារផ្លាស់ប្តូរទីកន្លែង ។ ពួកអ្នកដែលបានចាកចេញ បានទៅរស់នៅលើគំនរសម្រាមក្នុងបូរីកីឡា ។
អាជ្ញាធរភ្នំពេញបានផ្តល់ឲ្យគ្រួសារទាំងឡាយដែលមិនបានទទួលផ្ទះថ្មី នូវដីទំហំតូចៗ ដើម្បីស្ថាបនាកន្លែងរស់នៅបណ្តោះអាសន្ន ។ បន្ទាប់ពីបានបដិសេធការផ្តល់ឲ្យនេះ គ្រួសារតវ៉ាបានហែករបង និងទៅនៅក្នុងអគារទី ៩ ដែលសង់មិនទាន់ហើយ ។
នៅពេលព្រលឹមស្រាងៗ ថ្ងៃទី ១៤ ខែកុម្ភៈ ប្រតិបត្តិការ “វាយបំបែក” ដើម្បីបណ្តេញក្រុមគ្រួសារទាំងនោះ ត្រូវបានធ្វើឡើងដោយ “កម្លាំងចម្រុះ” ប្រមាណ ១៥០ នាក់ ក្រោមបញ្ជាការខាងយុទ្ធវិធីរបស់ កងឯកភាពខ័ណ្ឌ ៧ មករា នៃទីក្រុងភ្នំពេញ ដែលមានអភិបាលខ័ណ្ឌជាប្រធាន ។ ពួកអ្នកទាំងនេះរួមមាន កម្លាំង “សណ្តាប់ធ្នាប់សាធារណៈ” ខណ្ឌដែលធ្វើការជាប់ជាមួយនគរបាល, នគរបាលនៃ “អង្គភាពអន្តរាគមន៍ប្រឆាំងបាតុកម្ម”, នគរបាលខណ្ឌធម្មតា, និងកងអាវុធហត្ថ ។ មនុស្សទាំងនេះបំពាក់ដោយអាវុធផ្សេងៗ មានដំបង ដំបងឆក់ ឬ កាំភ្លើងដៃ ។
សាក្សីបានប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សថា បុគ្គលិកសណ្តាប់ធ្នាប់សាធារណៈ បានបង្កឲ្យមានជម្លោះជាមួយអ្នករស់នៅដែលបានកាន់កាប់កន្លែងនោះ និងអ្នកដទៃទៀត ដោយប្រើកម្លាំងប្រឆាំងប្រជាពលរដ្ឋដែលចាត់ទុកថាមិនចាកចេញពីតំបន់នៃអាគារទី ៩ ដោយឆាប់រហ័សសមល្មមទេនោះ ។ បន្ទាប់មក កម្លាំងសន្តិសុខបានដេញចាប់ប្រជាពលរដ្ឋតាមច្រកតូចៗចន្លោះអាគារ ស្ថិតនៅក្រោយការដ្ឋានសំណង់អាគារទី ៩ ។ នៅពេលឮថាមានអ្នករបួស ការប្រឈមមុខគ្នាជាមួយអ្នករស់នៅដទៃទៀតបានផ្ទុះឡើង ដោយអ្នកខ្លះបានគប់ដុំថ្ម ទាំងខាងកម្លាំងសន្តិសុខ និងពួកយុវជននៅនឹងកន្លែង ។ ការប្រឈមមុខគ្នាបានបន្ត នៅពេលកម្លាំងសន្តិសុខបានកាន់កាប់តំបន់នោះ ដើម្បីយាមឲ្យការស្ថាបនារបងថ្មីមួយនៅជុំវិញការដ្ឋានសំណង់នៃអាគារទី ៩ ។
ការប្រើកម្លាំងមិនចាំបាច់ ឬហួសហេតុដោយអាជ្ញាធរ គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋានអង្គការសហប្រជាជាតិស្តីពីការប្រើកម្លាំង និងកាំភ្លើង ដោយមន្ត្រីអនុវត្តច្បាប់ ។ តាមគោលការណ៍ជាមូលដ្ឋាននេះ មន្ត្រីអនុវត្តច្បាប់គួរ តាមដែលអាចធ្វើបាន “អនុវត្តមធ្យោបាយអហឹង្សា មុននឹងបែរមកការប្រើកម្លាំង” ។ នៅពេលការប្រើកម្លាំងដោយស្របច្បាប់ជៀសមិនរួច មន្ត្រីអនុវត្តច្បាប់ត្រូវ “[ប្រើ]ការអត់ធ្មត់ ក្នុងការប្រើបែបនេះ និងប្រព្រឹត្តឲ្យសមមាត្រទៅនឹងសភាពធ្ងន់ធ្ងរនៃបទល្មើស និងទិសដៅស្របច្បាប់ ដែលចង់សម្រេចបាន” ។ អាជ្ញាធរក៏បានខកខានផងដែរ ដើម្បីផ្តល់ជំនួយខាងវេជ្ជសាស្ត្រដល់ពួកអ្នករបួស ជាការផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននៃ អ.ស.ប. ដែលតម្រូវឲ្យមន្ត្រីអនុវត្តច្បាប់ “[ធានា] ថាជំនួយ និងជំនួយផ្នែកវេជ្ជសាស្រ្ត ត្រូវបានផ្តល់ឲ្យដល់អ្នករបួស ឬមនុស្សដែលត្រូវប៉ះពាល់ ឲ្យបានយ៉ាងឆាប់រហ័សដែលអាចធ្វើបាន” ។
កម្លាំងសន្តិសុខ មានបំណងចង់ទប់ស្កាត់មិនឲ្យមានការតាមដានការបង្ក្រាប ដោយពួកអ្នកសង្កេតការណ៍ឯករាជ្យទេ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយ ។ នាយកម្លាំងសន្តិសុខនៅនឹងកន្លែង ត្រូវបានឮថា បានរអ៊ូរទាំថា ពួកអ្នកតាមដានសិទិ្ធមនុស្ស ពួកអ្នកកាសែត និងពួកអ្នកសង្កេតការណ៍ដទៃទៀតដែលមានវត្តមាននៅទីនោះ បានថត ឬបើពុំដូច្នោះទេ បានចងក្រងជាឯកសារពីការរំលោភនេះ ។ ពួកគេបានចេញបញ្ជាពួកអ្នកក្រោមបង្គាប់ពួកគេ ឲ្យដកហូតយកម៉ាស៊ីនថត តែបទបញ្ជាទាំងនេះមិនអាចអនុវត្តបានទេ ដោយពួកអ្នកថតរូបភាពមានចំនួនច្រើនពេក ។ មេដឹកនាំក្រុមអ្នកធ្វើការមកពីប្រទេសចិន នៅជិតការដ្ឋានសំណង់នោះ ពាក់អាវយឺតមានសញ្ញាក្រុមហ៊ុនអភិវឌ្ឈន៍ភាពីម៉ិច ក៏ត្រូវបានឭនិយាយថា រូបគេសង្ឃឹមថាកម្លាំងសន្តិសុខនឹង “សម្លាប់” ពួកអ្នកកាន់កាប់ ដើម្បីមិនឲ្យពួកគេ “ពន្យឺតការអភិវឌ្ឈន៍” តទៅទៀតបានទេ ។
ឧបទ្ទវហេតុបូរីកីឡា ឆ្លុះបញ្ចាំងនូវបញ្ហាធំទូលាយនៃការបណ្តេញចេញដោយបង្ខំក្នុងទីក្រុងភ្នំពេញ និងកន្លែងដទៃទៀតនៃកម្ពុជា ។ ដោយពុំមានតុលាការឯករាជ្យ និងមិនលំអៀង ក្នុងប្រទេសកម្ពុជាទេនោះ ការទទួលបានភាពយុត្តិធ៌មសម្រាប់ពួកអ្នកប្រឈមមុខនឹងការបណ្តេញចេញពីផ្ទះ និងដីធ្លី ពុំមានមធ្យោ-បាយច្បាប់មានប្រសិទ្ធភាព ដើម្បីតវ៉ាជាមួយការរឹបអូសយកដី និងការបណ្តេញចេញមានទាក់ទងទេ ។ នៅបូរីកីឡា និងកន្លៃងដទៃទៀតយ៉ាងច្រើន រដ្ឋាភិបាលបានប្រព្រឹត្តផ្ទុយនឹងគោលការណ៍ និងការណែនាំរបស់អង្គការសហប្រជាជាតិ ស្តីពីការអភិវឌ្ឈន៍លើមូលដ្ឋាននៃការបណ្តេញចេញ និងការផ្លាស់ប្តូរទីកន្លៃង ដោយការដកពួកគេចេញដោយបង្ខំពីផ្ទះរបស់ពួកគេ ដោយពុំមានការទូទាត់ដោយពេញលេញ និងត្រឹមត្រូវ ។
“លោក ហ៊ុន សែន គួរទទួលស្គាល់ថា ការតវ៉ាអំពីផ្ទះសម្បែង គឺជាលទ្ធផលផ្ទាល់នៃការអនុវត្តរបស់រដ្ឋាភិបាលគាត់ ក្នុងការទាត់ប្រជាពលរដ្ឋចេញពីផ្ទះ និងដីរបស់ពួកគេ ដោយពុំមានកិច្ចដំណើរការត្រឹមត្រូវ និងដោយចំហ និងការទូទាត់ត្រឹមត្រូវ”, លោក ប្រាដ អាដាំ បាននិយាយ ។ “ប្រទេសផ្តល់ជំនួយ គួរមើលការនេះថាជាការទទួលខុសត្រូវរបស់ពួកគេ ដើម្បីធ្វើអ្វីៗទាំងអស់ដែលពួកគេអាចធ្វើបាន ដើម្បីឲ្យសភាពការណ៍នេះបែរទិសទៅតាមផ្លូវដែលត្រឹមត្រូវវិញ” ៕